មេរៀនទី 46
យ៉ាកុប 5:1–51
សេចក្តីផ្ដើម
នៅក្នុងការបង្រៀនប្រជាជនរបស់គាត់ យ៉ាកុបបានដកស្រង់ការប្រៀបធៀបដើមអូលីវស្រុក និង ដើមអូលីវព្រៃ ដែលត្រូវបានប្រាប់ពីដំបូងដោយព្យាការីម្នាក់ឈ្មោះ ស៊ីណូស ហើយត្រូវបានបញ្ចប់នៅក្នុងផ្ទាំងលង្ហិន ។ យ៉ាកុបបានប្រើការប្រៀបធៀបនេះដើម្បីបង្រៀនថា ព្រះអម្ចាស់នឹងស្វែងរកដើម្បីនាំសេចក្ដីសង្គ្រោះមកដល់ប្រជាជនទាំងអស់ —ថ្វីបើអស់អ្នកដែលនៅក្នុងចំណោមរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ដែលបានបែរចេញពីទ្រង់ក៏ដោយ ។ ដោយសារតែដំណើររឿងដ៏វែងនៃយ៉ាកុប ជំពូកទី 5 វាត្រូវបានបែងចែកទៅជាពីរមេរៀន ។
យោបល់សម្រាប់ការបង្រៀន
យ៉ាកុប 5:1–14
យ៉ាកុបដកស្រង់សម្ដីរបស់ស៊ីណូស ដែលបានប្រៀបធៀបវង្សអ៊ីស្រាអែល ទៅនឹងដើមអូលីវស្រុកមួយដើម
សូមគិតអំពីការចាប់ផ្ដើមមេរៀននេះ ដោយការអានឧទាហរណ៍ពីយុវវ័យខាងក្រោមដែលឆ្ងល់ពីបំណងរបស់ព្រះអម្ចាស់ដើម្បីអភ័យទោសដល់អំពើបាបរបស់ពួកគេ ៖
-
អ្នកកាន់បព្វជិតភាពវ័យក្មេងម្នាក់ បានអភិវឌ្ឍទម្លាប់ដ៏មានបាបមួយ ។ គាត់ជឿថា អ្នកផ្សេងទៀតអាចត្រូវបានអភ័យទោស ប៉ុន្ដែគាត់សង្ស័យពីព្រះអម្ចាស់ថានឹងទទួលយកការប្រែចិត្តរបស់គាត់ឬទេ ។
-
យុវនារីម្នាក់ បានរំលងក្រឹត្យវិន័យមួយ ។ នាងមានអារម្មណ៍ថាមានទោស មានអារម្មណ៍មិនល្អចំពោះខ្លួននាង ហើយឆ្ងល់ថាតើព្រះអម្ចាស់នៅតែស្រឡាញ់នាងឬយ៉ាងណា ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមដោយគ្មានចម្លើយជាសំឡេង ៖
-
តើអ្នកមានធ្លាប់ឆ្ងល់អំពីបំណងរបស់ព្រះអម្ចាស់ក្នុងការអភ័យទោសដល់អ្នកចំពោះអំពើបាបរបស់អ្នកដែរឬទេ ?
សូមពន្យល់ថា យ៉ាកុបបានព្យាករថា សាសន៍យូដានឹងបដិសេធព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប 4:15 ) ។ គាត់ក៏បានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទនឹងបន្ដធ្វើការដើម្បីឲ្យមានសេចក្ដីសង្គ្រោះដល់ប្រជាជនរបស់ទ្រង់ ទោះបីជាក្រោយពេលពួកគេបានបដិសេធទ្រង់ក្ដី ( សូមមើល យ៉ាកុប 4:17–18 ) ។ ដើម្បីបង្ហាញពីសេចក្ដីពិតនេះ យ៉ាកុបបានដកស្រង់ពីការប្រៀបធៀបមួយដែលផ្ដល់ដោយព្យាការីម្នាក់ឈ្មោះ ស៊ីណូស ។ ការប្រៀបធៀបមួយប្រើជាចរិតតួ វត្ថុ និង សកម្មភាពជាតំណាងជាច្រើនដើម្បីបង្រៀនពីសេចក្ដីពិតទាំងឡាយ ។ នៅពេលសិស្សសិក្សាពីការប្រៀបធៀបនេះ ពួកគេអាចរៀនពីមេរៀនដ៏សំខាន់អំពីបំណងរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីជួយដល់អ្នកទាំងឡាយណាដែលបានបែរចេញពីទ្រង់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប 5:1–2 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលនរណាដែលស៊ីណូសកំពុងនិយាយជាមួយនោះ ( វង្សអ៊ីស្រាអែល ) ។ អ្នកអាចពន្យល់ថា នៅពេលព្យាការីយ៉ាកុបក្នុងព្រះគម្ពីរសញ្ញាចាស់ បានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ នោះព្រះអម្ចាស់បានផ្លាស់ប្ដូរឈ្មោះរបស់គាត់ទៅជាអ៊ីស្រាអែលវិញ ។ ឃ្លា « វង្សនៃអ៊ីស្រាអែល » សំដៅទៅលើកូនចៅរបស់យ៉ាកុប និង ដល់មនុស្សទាំងអស់ដែលបានទទួលបុណ្យជ្រមុជទឹក ហើយបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ។
-
តើនរណាខ្លះនៅក្នុងថ្នាក់នេះ ដែលជាសមាជិកម្នាក់នៃវង្សនៃអ៊ីស្រាអែល ? ( អ្នកអាចពន្យល់ថា សមាជិកសាសនាចក្រដែលបានជ្រមុជទឹកទាំងអស់ គឺជាផ្នែកនៃវង្សនៃអ៊ីស្រាអែល ។ ពួកគេគឺជាផ្នែកនៃការប្រៀបធៀបនេះនៅក្នុង យ៉ាកុបជំពូកទី 5 ) ។
សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប 5:3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលស៊ីណូសបានប្រើនៅក្នុងការប្រៀបធៀបរបស់គាត់ ដើម្បីតំណាងឲ្យវង្សអ៊ីស្រាអែល ។ ក្រោយពីសិស្សបានរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញហើយ សូមពន្យល់ថាដើមអូលីវគឺពិតជាមានតម្លៃខ្លាំងនៅក្នុងជំនាន់អ៊ីស្រាអែលពីបុរាណដែលជាជំនាន់ស៊ីណូសបានរស់នៅនោះ ។ អូលីវត្រូវបានប្រើប្រាស់សម្រាប់អាហារ ហើយប្រេងអូលីវត្រូវបានប្រើសម្រាប់ការចម្អិនម្ហូប និង ជាថ្នាំពេទ្យ និង ជាប្រេងសម្រាប់ចង្កៀង ។ ដើមអូលីវត្រូវការការថែទាំខ្លាំង ហើយធ្វើការខ្លាំងដើម្បីជួយវាឲ្យដុះបានផ្លែល្អ ។ សូមបង្ហាញថា ការប្រៀបធៀបនេះ ដើមអូលីវស្រុកគឺស្ថិតនៅក្នុងចំការអូលីវមួយ ដែលតំណាងឲ្យពិភពលោក ។
-
យោងតាម យ៉ាកុប 5:3 តើមានអ្វីចាប់ផ្ដើមកើតឡើងចំពោះដើមអូលីវស្រុក ? តើភាពពុកផុយនៃដើមនោះតំណាងឲ្យអ្វី ? ( សូមលើកទឹកចិត្តសិស្សឲ្យប្រើលេខយោង 3 ឃ ដើម្បីឆ្លើយតបនឹងសំណួរនេះ )
-
តើអ្វីជាការក្បត់សាសនា ? ( ការបែរចេញពីព្រះអម្ចាស់ និង ដំណឹងល្អរបស់ទ្រង់ ) ។
សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប 5:4–6 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេគិតថា នរណាជាម្ចាស់ចំការនេះ ហើយតើសកម្មភាពរបស់គាត់ក្នុងការកាត់លួស ការជ្រោយគល់ និង ការដាក់ជីដើមនោះអាចតំណាងឲ្យអ្វី ។ បន្ទាប់មក សូមឲ្យពួកគេពន្យល់ពីអ្វីដែលពួកគេគិតថានិមិត្តរូបទាំងនេះតំណាងឲ្យ ។ ( អ្នកអាចជួយពួកគេឲ្យយល់ថា ម្ចាស់ចំការតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។ ការកាត់លួស ការជ្រោយគល់ និង ការដាក់ជីនោះ តំណាងឲ្យការខិតខំរបស់ព្រះអម្ចាស់ដើម្បីជួយយើងឲ្យទទួលបានពរជ័យទាំងឡាយនៃដង្វាយធួនរបស់ទ្រង់ និង ការខិតខំរបស់ព្យាការីនានាដើម្បីបង្រៀន និង ហៅប្រជាជនទាំងនោះឲ្យប្រែចិត្ត )
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា ៖
« ការប្រៀបធៀបដូចដែលបានដំណាលដោយយ៉ាកុបនេះ គឺមកពីដើមដំបូងដែលមានបំណងបា្រប់អំពីព្រះគ្រីស្ទ ។ … សូម្បីតែព្រះអម្ចាស់នៃចំការ និង អ្នកបម្រើរបស់ទ្រង់ខិតខំដាក់ជី កាត់លួស បន្សុទ្ធ ហើយបើមិនដូច្នេះទេនឹងមិនធ្វើឲ្យមានផ្លែដល់ដើមទាំងនោះតាមទំហំអ្វីសមនឹងរឿងប្រវត្តិសាស្ដ្រខ្លីមួយជំពូកនៃការខ្ចាត់ខ្ចាយ និង ការប្រមូលនៃអ៊ីស្រាអែល នោះអត្ថន័យដ៏ជ្រៅជាងនេះនៃដង្វាយធួនបង្កប់ និង បន្លាយកិច្ចការរបស់ពួកគេ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 165 ) ។
ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលការប្រៀបធៀបនេះបង្ហាញពីកង្វល់របស់ព្រះអម្ចាស់ដល់ពួកគេនោះ សូមបង្រៀនពួកគេថា ពួកគេអាចជំនួសឈ្មោះរបស់ពួកគេនៅក្នុងសេចក្ដីយោងដល់ដើមអូលីវបាន ។ អ្នកអាចបង្ហាញការណ៍នេះ ដោយការឲ្យជាឧទាហរណ៍ខាងក្រោមនេះមកពី យ៉ាកុប 5:7 ៖ « យើងព្រួយចិត្តដែលយើងត្រូវខាតបង់ [ ឈ្មោះរបស់អ្នក ] នេះទៅ » ។ សូមពន្យល់ថា នៅពេលយើងបញ្ចូលឈ្មោះរបស់យើងនៅក្នុង យ៉ាកុប ជំពូកទី 5 នៅក្នុងកន្លែងដែលមានន័យខ្លាំង និង ភាពសមរម្យនោះ យើងអាចដឹងបានច្រើនអំពីការព្រួយរបស់ព្រះអម្ចាស់ចំពោះយើង ។
សូមបង្ហាញតារាងខាងក្រោមនេះ ។ សូមពន្យល់ថា វាមានរាយបញ្ចីនូវអត្ថន័យនៃនិមិត្តរូបនៅក្នុងការប្រៀបធៀបរបស់ស៊ីណូស ។ ( អ្នកអាចថតចម្លងតារាងនេះជាក្រដាសចែកដល់សិស្ស ឬ សូមឲ្យសិស្សចម្លងតារាងនេះដាក់ក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ) ។
យ៉ាកុប ជំពូកទី 5 ៖ ការប្រៀបធៀបនៃដើមអូលីវស្រុក និង ដើមអូលីវព្រៃ | |
---|---|
និមិត្តរូប |
អត្ថន័យដែលអាចមាន |
ដើមអូលីវស្រុក |
វង្សនៃអ៊ីស្រាអែល រាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះ |
ចំការ |
ពិភពលោក |
ពុក |
អំពើបាប និង ការក្បត់សាសនា |
ព្រះអម្ចាស់ និង ម្ចាស់ចំការ |
ព្រះយេស៊ូវគ្រីស្ទ |
ការកាត់លួស ការជ្រោយគល់ និង ការដាក់ជី |
ការខិតខំរបស់ព្រះអម្ចាស់ដើម្បីជួយមនុស្សឲ្យទទួលបានពរជ័យនៃដង្វាយធួនរបស់ទ្រង់ |
អ្នកបម្រើរបស់ម្ចាស់ចំការ |
ព្យាការីរបស់ព្រះអម្ចាស់ |
មែក |
ក្រុមមនុស្ស |
ដើមអូលីវព្រៃ |
សាសន៍ដទៃ —អ្នកទាំងឡាយណាដែលមិនបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ។ ក្រោយមកនៅក្នុងការប្រៀបធៀបនេះ ដើមអូលីវធម្មជាតិក្លាយជាដើមអូលីវព្រៃ ដែលតំណាងឲ្យចំណែកនៃវង្សនៃអ៊ីស្រាអែលដែលបានធ្លាក់ទៅក្នុងការក្បត់សាសនា ។ |
ការបំបៅជាប់ និង ការបណ្ដុះមែក |
ការខ្ចាត់ខ្ចាយ និង ការប្រមូលផ្ដុំនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ បន្ថែមលើនេះ ការបំបៅមែកអូលីវព្រៃជាប់នឹងដើមអូលីវស្រុក តំណាងឲ្យការប្រែចិត្តជឿនៃអ្នកទាំងឡាយណាដែលក្លាយជាផ្នែកនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ ។ |
មែកដែលឆេះ |
ការកាត់សេចក្ដីរបស់ព្រះដល់ពួកទុច្ចរិត |
ផ្លែ |
ជីវិត ឬកិច្ចការរបស់មនុស្ស |
សូមឲ្យសិស្សម្នាក់អាន យ៉ាកុប 5:7, 9–10 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលម្ចាស់ចំការបានធ្វើបន្ទាប់មកទៀត ដើម្បីសង្គ្រោះដើមអូលីវស្រុក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ ( អ្នកអាចត្រូវការពន្យល់ថា ការបំបៅគឺជាការបញ្ចូលមែកមួយដែលមកពីដើមឈើមួយទៅជាប់នឹងដើមឈើខុសគ្នាមួយទៀត ។ ការបំបៅនៅក្នុងខគម្ពីរទាំងនេះ តំណាងឲ្យការខិតខំរបស់ព្រះអម្ចាស់ដើម្បីជួយដល់សាសន៍ដទៃ ឲ្យក្លាយជាផ្នែកនៃរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់តាមរយៈពិធីបុណ្យជ្រមុជទឹក និង ការប្រែចិត្ត ។ ការដុតមែកខ្លះចោល តំណាងឲ្យការកាត់សេចក្ដីរបស់ព្រះអម្ចាស់ដល់ពួកសមាជិកនៃវង្សនៃអ៊ីស្រាអែលដែលទុច្ចរិតបំផុត ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប 5:11 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលភស្ដុតាងនៃការព្រួយបារម្ភរបស់ម្ចាស់ចំការដល់ឫសនៃដើមអូលីវស្រុក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមរំឭកសិស្សថា យ៉ាកុប 5:6 និយាយថាដើមអូលីវស្រុកបានចាប់ផ្ដើមបង្កើតមែកទន់ខ្ចីទាំងឡាយ ។ សូមឲ្យសិស្សម្នាក់អាន យ៉ាកុប 5:8, 13–14 ឮៗ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលម្ចាស់ចំការបានធ្វើជាមួយនឹងមែកទាំងនេះ ។ អ្នកក៏អាចសុំឲ្យពួកគេគិតពីរបៀបដែលដំណើរគ្រួសាររបស់លីហៃផ្ដល់ជាគំរូមួយនៃសកម្មភាពរបស់ម្ចាស់ចំការនៅក្នុង យ៉ាកុប 5:8, 13–14 ។
យ៉ាកុប 5:15–40
ម្ចាស់ចំការ និង អ្នកបម្រើរបស់គាត់ធ្វើការដើម្បីជួយចំការឲ្យដាំបានផ្លែល្អ
សូមបំបែកសិស្សក្នុងថ្នាក់ជាពីរក្រុម ។ សូមចាត់តាំងក្រុមទីមួយឲ្យសិក្សាក្នុង យ៉ាកុប 5:15–28 ហើយក្រុមទីពីរសិក្សាក្នុង យ៉ាកុប 5:29–40 ។ សូមឲ្យសិស្សធ្វើតាមអ្វីដែលមានខាងក្រោម នៅពេលពួកគេសិក្សា ( អ្នកអាចសរសេរការណែនាំទាំងនេះនៅលើក្ដារខៀន ) ៖
-
សូមសង្ខេបអ្វីដែលបានកើតឡើងនៅក្នុងចំការ និង អ្វីដែលអាចតំណាងឲ្យវា ។
-
សូមរកឃ្លាដែលបង្ហាញពីការខិតខំរបស់ម្ចាស់ចំការ ដើម្បីការពារដើមអូលីវស្រុក ( ឬ ធម្មជាតិ ) និង មែករបស់វា ។
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាខគម្ពីរដែលបានចាត់តាំងរបស់ពួកគេហើយ សូមឲ្យពួកគេសង្ខេបអ្វីដែលបានកើតឡើងនៅក្នុងចំការ និង ពន្យល់ពីអ្វីដែលវាអាចតំណាងឲ្យ ។ សូមចាប់ផ្ដើមជាមួយនឹងសិស្សដែលបានសិក្សា យ៉ាកុប 5:15–28 ។ ខាងក្រោមនេះ គឺជាគំរូនៃសេចក្ដីសង្ខេប និង ការបកប្រែ ។
យ៉ាកុប 5:15–28 ។ អ្វីដែលបានកើតឡើង ៖ មែកទាំងអស់ដែលបានបំបៅ នាំមកនូវផ្លែល្អ ។ ទោះជាយ៉ាងណាក្ដី មែកមួយ ថ្វីបើបានដាំនៅផ្នែកល្អមួយនៃចំការក្ដី ក៏វានាំមកនូវទាំងផ្លែស្រុក និង ផ្លែព្រៃ ។ អ្វីដែលវាអាចតំណាង ៖ ផ្លែល្អ ឬ ផ្លែស្រុកពេញចំការស្ទើរតែទាំងអស់ តំណាងឲ្យភាពសុចរិតនៅលើផែនដី អំឡុងពេលព្រះគ្រីស្ទ និង សាវករបស់ទ្រង់ ។ មែកដែលបាននាំមកនូវផ្លែល្អខ្លះ និង ផ្លែអូលីវព្រៃខ្លះ តំណាងឲ្យកូនចៅដ៏សុចរិត និង ទុច្ចរិតរបស់លីហៃ ។
យ៉ាកុប 5:29–40 ។ អ្វីដែលបានកើតឡើង ៖ ផ្លែទាំងអស់ពេញមួយចំការ ក្លាយជាខូចរលួយអស់រលីង ។ អ្វីដែលរឿងអាចតំណាង ៖ ភាពរលួយនៃផ្លែទាំងអស់ តំណាងឲ្យការក្បត់សាសនាដ៏ធំ អំឡុងពេលពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលត្រូវបានបាត់បង់ពីផែនដី បន្ទាប់ពីការបម្រើរបស់សាវកព្រះគ្រីស្ទនៅលើផែនដីមក ។
ក្រោយពីក្រុមទាំងពីរបានចែកចាយសេចក្ដីសង្ខេបទាំងនេះហើយ សូមសួរ ៖
-
តើឃ្លាអ្វីដែលបង្ហាញពីការខិតខំរបស់ម្ចាស់ចំការដើម្បីរក្សាដើមអូលីវស្រុក និង មែករបស់វា ? តើនេះបង្ហាញអ្វីអំពីអារម្មណ៍របស់ព្រះអម្ចាស់ចំពោះរាស្ដ្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ?
-
នៅពេលយើងបានពិភាក្សាពីការប្រៀបធៀបនេះ តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទ ជាម្ចាស់ចំការនោះ ? ( នៅក្នុងចំណោមសេចក្ដីពិតជាច្រើនដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ សិស្សគួរយល់ថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយធ្វើការដោយឧស្សាហ៍ព្យាយាមសម្រាប់សេចក្ដីសង្គ្រោះរបស់យើង ) ។
-
តើការប្រៀបធៀបនេះទាក់ទងនឹងគំរូនៅពេលចាប់ផ្ដើមមេរៀននេះ អំពីយុវជនពីរនាក់ដែលបានឆ្ងល់អំពីបំណងរបស់ព្រះអម្ចាស់ក្នុងការអភ័យទោសដល់អំពើបាបរបស់ពួកគេនោះដោយរបៀបណា ?
យ៉ាកុប 5:41–51
ម្ចាស់ចំការកើតទុក្ខចំពោះចំការរបស់គាត់
សូមអញ្ជើញសិស្សបីបួននាក់ឲ្យប្ដូរវេនគ្នាអានឮៗនៅក្នុង យ៉ាកុប 5:41–42, 46–50 ។ ( អ្នកអាចបង្ហាញថាឃ្លា « ភាពខ្ពស់ពេកនៃដើមឈើនោះ » នៅក្នុង យ៉ាកុប 5:48 អាចសំដៅទៅលើសេចក្ដីឆ្មើងឆ្មៃ ) ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ម្ចាស់ចំការ និង ការព្រួយបារម្ភចំពោះចំការរបស់គាត់ និង ទុក្ខព្រួយរបស់គាត់ នៅពេលដើមឈើនោះមិនផ្ដល់ផ្លែល្អនោះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយឃ្លាមកពីខគម្ពីរទាំងនេះដែលមានអត្ថន័យជាពិសេសដល់ពួកគេ និង ឲ្យគេពន្យល់ពីមូលហេតុដែលឃ្លានេះមានអត្ថន័យដល់ពួកគេ ។ ក្រោយពីសិស្សបានចែកចាយហើយ សូមសួរសិស្សក្នុងថ្នាក់ថា ៖
-
តើការយកចិត្តទុកដាក់របស់ម្ចាស់ចំការដល់ចំការរបស់គាត់ តំណាងឲ្យសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះយើងដោយរបៀបណា ?
-
តើអ្វីខ្លះជាគំរូមកពីព្រះគម្ពីរ ឬ មកពីជីវិតរបស់អ្នក ដែលបង្ហាញថា ព្រះអម្ចាស់បន្ដស្រឡាញ់ និង ថែទាំដល់មនុស្សទាំងអស់ ទោះបីជាក្រោយពីពួកគេបានបែរចេញពីទ្រង់ក្ដីនោះ ?
ដើម្បីបញ្ចប់ សូមរំឭកសិស្សថា ម្ចាស់ចំការបានគិតពីការកាត់ដើមឈើទាំងអស់ចោល ដោយសារផ្លែពីដើមឈើទាំងអស់បានរលួយ ទោះបីជាគាត់បានខំថែទាំយ៉ាងណាក្ដី ( សូមមើល យ៉ាកុប 5:49 ) ។
-
តើអ្នកគិតថា ម្ចាស់ចំការនឹងលះបង់ចំការរបស់គាត់ចោលឬទេ ? ហេតុអ្វីបោះបង់ ឬ ហេតុអ្វីមិនបោះបង់ ?
ក្រោយពីសិស្សបានចែកចាយពីចម្លើយរបស់ពួកគេហើយ សូមអាន យ៉ាកុប 5:51 ដល់សិស្សក្នុងថ្នាក់ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់ទ្រង់ស្រឡាញ់យើង និង បង្ហាញពីសេចក្ដីមេត្តាករុណា និង អណត់អត់ធ្មត់ដ៏អស្ចារ្យ ដោយសារទ្រង់បានធ្វើការដើម្បីជួយយើងឲ្យមករកទ្រង់ និង នាំឲ្យមានកិច្ចការសុចរិតទាំងឡាយ ។ សូមពន្យល់ថា មេរៀនបន្ទាប់នេះ នឹងរួមមានការពិភាក្សាអំពីការខិតខំចុងក្រោយរបស់ម្ចាស់ចំការដើម្បីសង្គ្រោះចំការរបស់គាត់ ។