បណ្ណាល័យ
ការសិក្សា​នៅផ្ទះ មេរៀនទី 11


មេរៀន​សិក្សា​នៅផ្ទះ

ពាក្យ​សម្ដី​នៃ​មរមន ម៉ូសាយ 6 ( មេរៀនទី 11 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែលសិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា​ពាក្យ​សម្ដី​នៃ​មរមន ម៉ូសាយ 6 ( មេរៀនទី 11 ) មិនមែន​ប្រើ​សម្រាប់​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​ពីរ​បី​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 (ពាក្យ​សម្ដី​នៃ​មរមនម៉ូសាយ 2)

ដោយ​ការសិក្សា​ពី​បទពិសោធន៍​របស់​មរមន​ក្នុង​ការធ្វើតាម​ព្រះវិញ្ញាណ និង ការរួម​បញ្ចូល​ផ្ទាំងចំណារ​តូច​របស់​នីហ្វៃ ជាមួយ​នឹង​កំណត់ត្រា​របស់​គាត់ សិស្ស​បាន​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​ជា្រប​នូវ​គ្រប់ការណ៍​ទាំងអស់ ។ ស្ដេចបេនយ៉ាមីន​បាន​បង្រៀន​ថា ប្រសិនបើ​សាសន៍​នីហ្វៃ​មិន​បាន​មាន​ព្រះគម្ពីរ​នោះ​ទេ ពួកគេ​នឹង​វង្វេង​នៅក្នុង​ការឥតជំនឿ ហើយ​ថា​ការសិក្សា​ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​ដឹង និង កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ទ្រង់​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់​អំពី​គោលការណ៍​ដ៏​សំខាន់​ដូចជា ៖ នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ នោះ​យើង​បម្រើ​ដល់​ព្រះ ។ នៅពេល​យើង​បាន​ជំពាក់​គុណ​ដល់​ព្រះ នោះ​យើង​នឹង​ចង់​បម្រើ​ដល់​អ្នកដទៃ ហើយ​ការដឹងគុណ​របស់​យើង​នឹង​កើនឡើង ។ ប្រសិនបើ​យើង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ទាំងខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។

ថ្ងៃ​ទី 2 (ម៉ូសាយ 3)

ស្ដេចបេនយ៉ាមីន​បាន​រ៉ាយរ៉ាប់​ពី​ពាក្យសម្ដី​របស់​ទេវតា ដែល​បាន​នាំ​មក “ សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ” អំពី​ការយាងមក​នៃ​ព្រះអម្ចាស់​នៅក្នុង​ភាពខាង​សាច់ឈាម ។ សិស្ស​បាន​រៀន​ថា វា​ត្រូវ​បាន​ព្យាករណ៍​យូរជាង 100 ឆ្នាំ​មុនពេល​ព្រឹត្តិការណ៍​បាន​កើតឡើង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង ។ យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត ។ ប្រសិនបើ​យើង​ទោរទន់​ទៅតាម​ការលួងលោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​យកឈ្នះ​ភាពខាង​សាច់ឈាម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃទី 3 (ម៉ូសាយ 4)

សារលិខិត​របស់​ស្ដេចបេនយ៉ាមីន​បាន​បំពេញ​ប្រជាជន​របស់​ទ្រង់​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ សិស្ស​បាន​រៀន​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ដោយ​ស្មោះស យើង​នឹង​ទទួល​បាន​នូវ​ការផ្ដាច់បាប ។ ស្ដេចបេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់​ថា ប្រសិនបើ​យើង​បន្ទាបខ្លួន​ចំពោះ​មុខ​ព្រះ ហើយ​ខិតខំ​អភិវឌ្ឍ​អាកប្បកិរិយា​ឲ្យ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​អាច​ទទួល​ការផ្ដាច់បាប​របស់​យើង ។

ថ្ងៃទី 4 (ម៉ូសាយ 5–6)

នៅពេល​ពួកគេ​អាន​អំពី​ការផ្លាស់ប្ដូរ​ដែល​បាន​មាន​ដល់​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន សិស្ស​បាន​ដឹង​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ទទួល​បាន​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​ដ៏​ធំ ។ ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន​ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​ថា​នឹង​ធ្វើ​តាមព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ បង្ហាញ​ថា យើង​បាន​លើកដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​លើ​ខ្លួនយើង នៅពេល​យើង​ធ្វើ និង រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​នានា ។

សេចក្តី​ផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការបង្រៀន​របស់​ស្ដេចបេនយ៉ាមីន​ទៅដល់​បុត្រា និង ប្រជាជន​របស់​ទ្រង់​បី​ឆ្នាំ មុនពេល​ទ្រង់​សុគត ។ ស្ដេចបេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់ ពី​របៀប​ដើម្បី​ទទួល និង​រក្សា​ការផ្ដាច់បាប​របស់​ពួកគេ​ដោយ​ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

ពាក្យសម្ដី​នៃ​មរមន

នីហ្វៃ និង មរមន​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 1 9:2–3 ដើម្បី​រំឭក​សិស្ស​ថា នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្កើត​ផ្ទាំងចំណារ​ពីរ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា នៅក្នុង​វគ្គ​នេះ ឃ្លា “ ផ្ទាំង​ទាំងនេះ” សំដៅ​ទៅលើ​ផ្ទាំង​ចំណារ​តូច​របស់នីហ្វៃ ដែល​រួមមាន​កំណត់ត្រា​អំពី​អ្វីៗ​ដ៏ពិសិដ្ឋ​យ៉ាង​សំខាន់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 1 9:4 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​គោលបំណង​នៃ​ផ្ទាំងចំណារធំ ( ដំណើររឿង​នៃ​រជ្ជកាល​របស់​ស្ដេច និង សង្គ្រាម​របស់​ប្រជាជន ) ។

សូម​រំឭក​សិស្ស​ថា នៅពេល​មរមន​សង្ខេប​ផ្ទាំង​ចំណារ​ធំ​របស់​នីហ្វៃ គាត់​បាន​រកឃើញ​ផ្ទាំងចំណារ​តូច​ក្នុង​ចំណោម​កំណត់ត្រា​ផ្សេង​ទៀត ។ គាត់​ត្រូវ​បាន​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បញ្ចូល​នូវ​អ្វី​ដែល​គាត់​បាន​រកឃើញ​នៅលើ​ផ្ទាំងតូច​ជាមួយ​នឹង​សេចក្ដីសង្ខេប​របស់​គាត់ ទោះបីជា​គាត់​មិន​បាន​ដឹង​ពី​ហេតុផល​ក៏​ដោយ ( សូម​មើល ពាក្យ​សម្ដី​នៃ​មរមន1:7 ) ។

សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ឲ្យ​អាន នីហ្វៃទី 1 9:5–6 ឲ្យ​ដឹង​ពី​ហេតុផល​ដែល​នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ផ្ទាំងតូច ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​អាន ពាក្យ​សម្ដី​នៃ​មរមន 1:6–7 ឲ្យ​ដឹង​ថា​ហេតុអ្វី​មរមន​បាន​សម្រេច​បញ្ចូល​ផ្ទាំងតូច​នៅក្នុង​សេចក្ដីសង្ខេប​របស់​គាត់ ។ ក្រោយពី​សិស្ស​រាយការណ៍​ហើយ សូម​សួរ​ពួកគេ​ថា​វគ្គ​ទាំងនេះ​អំពី​នីហ្វៃ និង មរមន​បង្រៀន​ពួកគេ​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ។ ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្ដែ​សូម​ប្រាកដថា​ពួកគេ​បង្ហាញ​ការយល់ដឹង​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ។

  • តើ​អ្វី​ជា “ គោលបំណង​ដ៏​ឈ្លាសវៃ” នា​ពេល​អនាគត​ដែល​​នីហ្វៃ និង មរមន​សំដៅ​លើ ? ( ព្រះអម្ចាស់​ទ្រង់​បាន​ជ្រាប​ថា នៅ​ឆ្នាំ 1828 ផ្ទាំងតូច​នឹង​ជំនួស​ព្រះគម្ពីរ​មរមន​ដែល​បាត់​ទាំង 116 ទំព័រ​នោះ ។ សូម​មើល មេរៀន​ទី 6 ថ្ងៃ​ទី 1 នៅក្នុង​សៀវភៅណែនាំ​ការសិក្សា​សិស្ស ។ )

  • តើ​ការយល់ដឹង​របស់​អ្នក​ថា​ព្រះអម្ចាស់​ជ្រាប​គ្រប់ការណ៍​ទាំងអស់​នៅក្នុង​ពេល​អនាគត អាច​ផ្ដល់​សេចក្ដីជំនឿ​ឲ្យ​អ្នក​គោរព​តាម​ការបំផុសគំនិត​ខាងវិញ្ញាណ​ដែល​អ្នក​ទទួល​ដោយ​របៀប​ណា ?

ប្រសិនបើ​អ្នក​គិត​ថា​អ្នក​ត្រូវការ​ពេល​ច្រើន​លើ​ផ្នែក​នៃ​មេរៀន​នេះ សូមសួរ​សិស្ស​ថា​តើ​ពួកគេ​អាច​ចែកចាយ​នូវ​បទពិសោធន៍​ពេល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​បំផុស​ដោយ​ព្រះវិញ្ញាណ​ដើម្បី​ធ្វើ​អ្វី​មួយ ហើយ​មិន​បាន​ដឹង​ពី​គោលបំណង​នៃ​ការបំផុស​គំនិត​នោះ​រហូត​ដល់​ពេលក្រោយមក​ទេ ។

ម៉ូសាយ 1

សេ្ដចបេនយ៉ាមីន​ហៅ​ប្រជាជន​ឲ្យ​ជួបជុំ​គ្នា

សូម​ពន្យល់​ថា ផ្ទាំង​នីហ្វៃ​តូច​រួម​មាន​នូវ​ប្រវត្តិសាស្ដ្រ​នៃ​សាសន៍​នីហ្វៃ​ពី​ការបម្រើ​របស់​លីហៃ​រហូតដល់​ពេល​ដែល​ស្ដេច​ម៉ូសាយ​បាន​រួបរួម​ប្រជាជន​នីហ្វៃ និង សារ៉ាហិមឡា​ចូលគ្នា និង ពេល​ដែល​បុត្រា​របស់​ម៉ូសាយ បេនយ៉ាមីន គ្រងរាជ្យ​លើ​នគរ​ក្នុង​សេចក្ដី​សុចរិត ។ ស្ដេច​បេនយ៉ាមីន​ត្រូវ​ទទួល​បន្ទុក​លើ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ ( សូម​មើល អោមណៃ 1:23, 25 ។ )

នៅជិត​ពេល​បញ្ចប់​ជីវិត​របស់​ស្ដេច​បេនយ៉ាមីន ទ្រង់​បាន​សុំ​ឲ្យបុត្រា​របស់​ទ្រង់ ម៉ូសាយ ប្រមូល​ប្រជាជន​ឲ្យ​ជួបជុំ​គ្នា ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 1:10–11 ហើយ​រកមើល​មូលហេតុ​ដែល​ស្ដេចបេនយ៉ាមីន​ចង់​និយាយ​ទៅកាន់​ប្រជាជន ។ ( ទ្រង់​ចង់​ប្រកាស​ថា ម៉ូសាយ​នឹង​គ្រងរាជ្យ​ជាស្ដេច​បន្ដ ហើយ​ដើម្បី​ដាក់​ឈ្មោះ​ដល់​ប្រជាជន ។ )

ម៉ូសាយ 2–6

ស្ដេចបេនយ៉ាមីន​បង្រៀន​ប្រជាជន​របស់​ទ្រង់​អំពី​ដង្វាយធួន​នៃ​ព្រះអង្គ​សង្គ្រោះ

សូម​បង្ហាញ​ដល់​សិស្ស​នូវ​រូបភាព​ស្ដេច​បេនយ៉ាមីន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជន​របស់​ទ្រង់ ( 62298; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 74 ) ។ សូម​អាន ម៉ូសាយ 2:12–19 ទៅកាន់​សិស្ស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​លើកដៃ នៅពេល​ពួកគេ​រកឃើញ​ឃ្លា​ដែល​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​ស្ដេចបេនយ៉ាមីន ។ នៅពេល​សិស្ស​លើកដៃ សូម​ឈប់​អាន​សិន ហើយ​សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង ពី​របៀប​ដែល​វា​លាតត្រដាង​ពី​ចរិតលក្ខណៈ​របស់​ស្ដេចបេនយ៉ាមីន ។

អ្នក​អាច​សួរ​សិស្ស​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការបម្រើ​នៅក្នុង ម៉ូសាយ 2:17 ។ ( ចម្លើយ​របស់​សិស្ស​គួរ​ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង​ថា នៅពេល​យើង​បម្រើ​ដល់​អ្នកដទៃ យើង​បម្រើ​ដល់​ព្រះ )។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​សូត្រ ម៉ូសាយ 2:17 ដែល​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​បម្រើ​ព្រះ​ដោយ​ការបម្រើ​ដល់​អ្នកដទៃ​នា​ពេល​ថ្មីៗ​នេះ ។

សូម​សរសេរ​វគ្គ​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ ។ សូម​កុំ​សរសេរ​ចម្លើយ​នៅក្នុង​វង់ក្រចក ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​រំឭក​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ សូម​រំឭក​ពួកគេ​ថា ការបង្រៀន​របស់​ស្ដេច​បេនយ៉ាមីន​ផ្ដោតទៅលើ​ប្រធានបទ ៖ “ សេចក្ដីសង្គ្រោះ​មក​ដល់​កូនចៅ មានតែ​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​ដោយ​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា” ( ម៉ូសាយ 3:17 ) ។ វគ្គ​ព្រះគម្ពីរ​នីមួយៗ​បង្រៀន​អ្វី​មួយ​អំពី​ប្រធានបទ​នេះ ។

  1. ម៉ូសាយ 2:20–25, 34 ។ ( នៅពេល​យើង​ទទួលស្គាល់​ការជំពាក់​គុណ​របស់​យើង​ចំពោះ​ព្រះ ការដឹងគុណ​របស់​យើង​នឹង​កើនឡើង ។ )

  2. ម៉ូសាយ 3:7–11, 17–18 ។ ( ព្រះយេស៊ូវគ្រីស្ទ​រងទុក្ខ​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើបាប​របស់​យើង ។ ប្រសិនបើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការប្រែចិត្ត យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​អំពើបាប​របស់​យើង ) 

  3. ម៉ូសាយ 3:12–16, 19–21 ។ ( ប្រសិនបើ​យើង​ទោរទន់​ទៅតាម​ការលួងលោម​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យកឈ្នះ​លើ​ភាពខាងសាច់ឈាម ហើយ​ក្លាយជា​អ្នកបរិសុទ្ធ 

  4. ម៉ូសាយ 4:5–8, 19–21, 26 ។ ( ប្រសិនបើ​យើង​បន្ទាបខ្លួន​នៅចំពោះ​មុខ​ព្រះ ហើយ​ខិតខំ​អភិវឌ្ឍ​អាកប្បកិរិយា​ឲ្យ​ដូចជា​ព្រះគ្រីស្ទ យើង​អាច​ទទួល​បាន​ការផ្ដាច់បាប ។ )

ក្រោយពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ឬ នៅក្នុង​ក្រុម​តូច ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ជ្រើសរើស​គោលការណ៍​មួយ ហើយ​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 4:1–3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​តាមដាន​ស្ដាប់ ដោយ​រកមើល​ពី​របៀប​ដែល​ប្រជាជន​ឆ្លើយតប​ទៅនឹង​ពាក្យ​របស់​ស្ដេច​បេនយ៉ាមីន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ផ្សេងទៀត​ឲ្យ​អាន ម៉ូសាយ 5:1–2, 5–8 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​ពី​របៀប​ដែល​យើង​លើកដាក់​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់​មកលើ​ខ្លួន​យើង ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ពី​គោលការណ៍​នេះ ៖ យើង​លើកដាក់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មកលើ​ខ្លួន​យើង នៅពេល​យើង​ធ្វើ និង រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ។អ្នក​អាច​រំឭក​សិស្ស​ថា មូលហេតុ​មួយ​ដែល​ស្ដេចបេនយ៉ាមីន​បាន​ប្រមូល​ផ្ដុំ​ប្រជាជន​រួមគ្នា គឺ​ដើម្បី​បង្រៀន​ពួកគេ​អំពី​ការធ្វើ​សេចក្ដីសញ្ញា ។ ទ្រង់​ក៏​បាន​តែងតាំង​បុត្រា​របស់​ទ្រង់ ម៉ូសាយ ទៅជា​ស្ដេច​លើ​ប្រជាជន​ដែរ ( សូម​មើល ម៉ូសាយ 6:3 ) ។

ដើម្បី​បញ្ចប់ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​ចង់​ចែកចាយ​ពី​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​ការលើកដាក់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មកលើ​ខ្លួន​គេ​នៅពេល​ជ្រមុជទឹក​ទេ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​អាច​អនុវត្ត​គោលការណ៍​ទាំងឡាយ​ពី​ការនិយាយ​របស់​ស្ដេចបេនយ៉ាមីន​ដោយ​ផ្ទាល់ខ្លួន​យ៉ាងដូចម្ដេច ?

  • តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ក្នុង​ការលើកដាក់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មកលើ​ខ្លួន​អ្នក ?

អ្នក​ក៏​អាច​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីអំណរ​ដែលមាន​តាមរយៈ​ការជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង ការពឹងផ្អែក​លើ​ដង្វាយធួន​របស់​ទ្រង់ ។

មេរៀន​បន្ទាប់ ( ម៉ូសាយ 7–17 )

សូម​សួរ​សិស្ស​ថា ៖ តើ​អ្នក​នឹង​ក្រោកឈរ​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ទោះបីជា​ការធ្វើ​ដូច្នោះ​មាន​ន័យ​ថា អ្នកនឹង​ត្រូវ​ស្លាប់​ទេ ? សូម​ប្រាប់​សិស្ស​ថា សប្ដាហ៍​ក្រោយ​ពួកគេ​នឹង​សិក្សា​ពី​ការបង្រៀន​របស់​ព្យាការី​អ័ប៊ីណាដៃ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​សារលិខិត​ដែល​អ័ប៊ីណាដៃ​ចង់​ប្រាប់​ដល់​សាសន៍​នីហ្វៃ ទោះបីជា​គាត់​ដឹង​ថា គាត់​ត្រូវ​ស្លាប់​ក៏​ដោយ ។