មេរៀនទី 128
នីហ្វៃទី 3 19
សេចក្តីផ្ដើម
ក្រោយពីព្រះអង្គសង្គ្រោះបានបញ្ចប់ការសំណេះសំណាលជាមួយសាសន៍នីហ្វៃនៅថ្ងៃទីមួយរបស់ទ្រង់ ដំណឹងនៃការយាងមករបស់ទ្រង់បានចែកចាយនៅក្នុងចំណោមប្រជាជនពេញមួយយប់នោះ ។ ( ហេតុការណ៍នេះបានកត់ត្រានៅក្នុង នីហ្វៃទី 3 11–18 បានកើតឡើងទាំងស្រុងតែក្នុងមួយថ្ងៃទេ ) ។ នៅពេញមួយយប់ ប្រជាជនបានធ្វើការ « យ៉ាងខិតខំ … ដើម្បីស្អែកឡើងគេអាចទៅកាន់ទីកន្លែង » ដែលព្រះយេស៊ូវទ្រង់នឹងបង្ហាញរូបអង្គទ្រង់ទៀត ( នីហ្វៃទី 3 19:3 ) ។ នាពេលព្រឹក ពួកសាវកដប់ពីរនាក់បានបង្រៀនប្រជាជន និងបានអធិស្ឋានជាមួយនឹងពួកគេ ។ ព្រះយេស៊ូវគ្រីស្ទបានយាងមក និងបានបញ្ជាប្រជាជនឲ្យអធិស្ឋាន ខណៈពេលដែលទ្រង់បានអធិស្ឋានទៅរកព្រះវរបិតាជំនួសពួកគេ ។ ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ពួកសាវកដប់ពីរនាក់ត្រូវបានធ្វើឲ្យបរិសុទ្ធ ។ ព្រះយេស៊ូវបានអធិស្ឋានថា ពួកសាវក និងអស់អ្នកទាំងឡាយណាដែលបានជឿលើពាក្យរបស់ពួកលោកអាចនឹងក្លាយជាតែមួយជាមួយនឹងទ្រង់ និងព្រះបិតារបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 19:1–14
ពួកសាវកទាំងដប់ពីរនាក់បម្រើដល់ប្រជាជន ដូចដែលព្រះអង្គសង្គ្រោះបានបញ្ជា
សូមឲ្យសិស្សស្រមៃពីអ្វីដែលពួកគេអាចធ្វើ ឬរបៀបដែលពួកគេអាចមានអារម្មណ៍ ប្រសិនបើពួកគេបានដឹងថា ថ្ងៃស្អែកព្រះយេស៊ូវគ្រីស្ទនឹងយាងមកនៅឯព្រះវិហារបរិសុទ្ធ ( ឬមជ្ឈមណ្ឌលស្ដេក ឬទីប្រជុំជនក្នុងក្រុង ឬទីតាំងផ្សេងទៀតខ្លះ ដែលនឹងតម្រូវឲ្យសិស្សមានការខិតខំខ្លះដើម្បីធ្វើដំណើរទៅ ) ។
-
តើអ្នកនឹងទៅដល់ទីនោះដោយរបៀបណា ?
-
តើអ្នកណាដែលអ្នកចង់ឲ្យទៅជាមួយនឹងអ្នក ?
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីរៀបចំសម្រាប់ទទួលបទពិសោធន៍នេះ ?
សូមរំឭកសិស្សថា នៅពេលនៃការសំណេះសំណាលរបស់ព្រះអង្គសង្រ្គោះជាមួយពួកសាសន៍នីហ្វៃនៅថ្ងៃទីមួយជិតចប់ ទ្រង់បានលើកទឹកចិត្តប្រជាជនឲ្យទៅផ្ទះរបស់ពួកគេ ហើយសញ្ជឹងគិត និងអធិស្ឋានអំពីការបង្រៀនរបស់ទ្រង់ ដើម្បីរៀបចំសម្រាប់ការជួបទ្រង់នៅថ្ងៃបន្ទាប់ទៀត ( សូមមើល នីហ្វៃទី 3 17:3 ) ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 19:1–3 ដោយស្ងាត់ស្ងៀម ដោយរកមើលចម្លើយរបស់ពួកសាសន៍នីហ្វៃចំពោះការសន្យារបស់ព្រះអង្គសង្គ្រោះដែលថា ទ្រង់នឹងត្រឡប់មកវិញនៅថ្ងៃបន្ទាប់នោះ ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញហើយ សូមសង្ខេប នីហ្វៃទី 3 19:4–8 ដោយការពន្យល់ថា ក្រោយពីហ្វូងមនុស្សបានប្រជុំគ្នានៅថ្ងៃបន្ទាប់ នោះពួកសាវកទាំងដប់ពីរនាក់បានបំបែកប្រជាជនទៅជាដប់ពីរក្រុម ហើយចាប់ផ្ដើមបង្រៀនដល់ពួកគេ ។ ក្រោយពីការបង្រៀនដល់ហ្វូងមនុស្សឲ្យលុតជង្គង់ចុះអធិស្ឋានហើយ ពួកសាវកដប់ពីរនាក់ក៏បានអធិស្ឋាន ហើយបន្ទាប់មកបានបង្រៀនប្រជាជននូវសេចក្ដីពិតដូចគ្នាដែលព្រះអង្គសង្គ្រោះបានបង្រៀនរួចហើយកាលពីថ្ងៃមុន ។ បន្ទាប់មក ពួកសាវកបានលុតជង្គង់ចុះអធិស្ឋានម្ដងទៀត ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 19:8–9 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលពួកសាវកបានអធិស្ឋានសុំ ។
-
តើពួកសាវកចង់បានអ្វីបំផុត ?
-
ពួកសាវកដប់ពីរនាក់នឹងចាត់ចែងកិច្ចការសាសនាចក្រនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ក្រោយពីព្រះអង្គសង្គ្រោះបានចាកចេញទៅ ។ តើអ្នកគិតថា ហេតុអ្វីបានជាពួកគេត្រូវការព្រះវិញ្ញាណបរិសុទ្ធនៅក្នុងកិច្ចការបម្រើរបស់ពួកលោក ?
-
នៅក្នុងការអធិស្ឋានដែលអ្នកធ្វើ តើរឿងអ្វីខ្លះដែលអ្នកចង់បានបំផុត ?
-
តើអ្នកបានអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធទេ ? ហេតុអ្វីសុំ ឬហេតុអ្វីបានជាមិនសុំ ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 19:10–12 ឮៗ ។ ក្រោយពីគេអានចប់ហើយ សូមពន្យល់ថា បុណ្យជ្រមុជទឹកលើកទីពីរនេះគឺជាកាលៈទេសៈដ៏ពិសេសមួយ ។ ទោះបីជាពួកសាសន៍នីហ្វៃត្រូវបានជ្រមុជទឹកពីមុនមកសម្រាប់ការផ្ដាច់បាប និងមានភាពសក្តិសមដើម្បីនៅក្នុងវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទក្ដី ក៏ព្រះអង្គសង្គ្រោះបានបញ្ជាពួកគេឲ្យជ្រមុជទឹកម្ដងទៀត ដោយសារទ្រង់បានរៀបចំសាសនាចក្រជាថ្មី ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 19:13–14 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពរជ័យដែលពួកសាវកបានទទួលជាការឆ្លើយតបទៅនឹងបំណងដ៏សុចរិតរបស់ពួកលោក ។ ដើម្បីជួយសិស្សបង្កើនបំណងរបស់គេដើម្បីសុំរកឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់ពួកគេ សូមធ្វើសកម្មភាពដូចខាងក្រោម ៖
សូមបំបែកសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូនីមួយៗធ្វើបញ្ជីនៅក្នុងសៀវភៅសរសេរ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើសម្រាប់អ្នកដែលរស់នៅដោយស្អាតស្អំ ។ បន្ទាប់មក សូមឲ្យសិស្សប្រៀបធៀបបញ្ជីរបស់ពួកគេជាមួយនឹងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ( មុនចាប់ផ្ដើមថ្នាក់ សូមចម្លងប្រយោគនេះ ឬសរសេរវានៅលើក្ដារខៀន ) ។ សូមឲ្យសិស្សបន្ថែមលើបញ្ជីរបស់ពួកគេនូវគំនិតថ្មីៗដែលពួកគេរកឃើញ នៅពេលពួកគេអានសេចក្ដីថ្លែងការណ៍នេះ ។
« ព្រះវិញ្ញាណបរិសុទ្ធ … គឺជាប្រភពនៃទីបន្ទាល់របស់យើងអំពីព្រះវរបិតា និងព្រះរាជបុត្រា ។ …
« យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើងដើម្បីជួយយើងឲ្យធ្វើការសម្រេចដ៏ល្អប្រសើរដែលយើងជួបជាប្រចាំថ្ងៃ ។ … ដៃគូជាមួយនឹងព្រះវិញ្ញាណនឹងផ្ដល់ដល់ពួកគេ [ យុវជនរបស់យើង ] នូវកម្លាំងដើម្បីប្រឆាំងនឹងអំពើអាក្រក់ ហើយនៅពេលដែលចាំបាច់ ជួយឲ្យប្រែចិត្ត និងត្រឡប់មកកាន់ផ្លូវដ៏ត្រង់ និងតូចចង្អៀតវិញ ។ …យើងទាំងអស់គ្នាត្រូវការការពង្រឹងដែលមានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ … ការមានអំណោយទានព្រះវិញ្ញាណបរិសុទ្ធជួយសមាជិកគ្រួសារឲ្យធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ —ជម្រើសដែលនឹងជួយពួកគេឲ្យត្រឡប់ទៅជាមួយនឹងគ្រួសាររបស់ពួកគេ ទៅរកព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីរស់នៅជាមួយនឹងទ្រង់ដ៏អស់កល្ប » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign, ខែ វិច្ឆិកា ឆ្នាំ 2000, ទំព័រ 8 ) ។
-
តើពរជ័យនៅក្នុងបញ្ជីរបស់អ្នកអាចនឹងជួយដល់យុវជននៅក្នុងសាសនាចក្របានយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សរំឭកបញ្ជីនៃពរជ័យដែលពួកគេបានសរសេរ និងសូមគិតពីអ្វីដែលយើងត្រូវធ្វើដើម្បីសក្តិសមនឹងទទួលពរជ័យទាំងនេះ ។ សូមឲ្យពួកគេអាន នីហ្វៃទី 3 19:9, 13 ដោយស្ងាត់ស្ងៀម ដោយរកមើលគោលការណ៍មួយអំពីការទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមឲ្យសិស្សសរសេរគោលការ៍ដែលពួកគេរកឃើញ ។ សូមឲ្យពួកគេពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។ ( សិស្សអាចចែកចាយអ្វីមួយដូចខាងក្រោម ៖ បំណង និងការអធិស្ឋានដ៏សុចរិតរបស់យើង អាចធ្វើឲ្យយើងសក្តិសមដើម្បីពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើនៅពេលណាខ្លះដែលបំណង និងការអធិស្ឋានដ៏សុចរិតរបស់អ្នកបានជួយអ្នកឲ្យមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណ ?
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន៖ សូមឲ្យសិស្សសរសេរប្រយោគមិនពេញលេញនេះ ហើយបន្ទាប់មកបំពេញវាតាមការយល់ឃើញផ្ទាល់ខ្លួន ។
នីហ្វៃទី 3 19:15–36
ព្រះអង្គសង្គ្រោះយាងមក ហើយអធិស្ឋានសម្រាប់ប្រជាជនដើម្បីឲ្យបានបរិសុទ្ធតាមរយៈសេចក្ដីជំនឿរបស់ពួកគេ
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 19:15–16 ឮៗ ។ សូមបង្ហាញថា ខណៈពេលដែលប្រជាជនកំពុងលុតជង្គង់ចុះ ពួកគេបានធ្វើជាសាក្សីថា ព្រះយេស៊ូវគ្រីស្ទបានធ្វើការអធិស្ឋានបីដាច់ដោយឡែកពីគ្នា សម្រាប់សាវករបស់ទ្រង់ និងសម្រាប់ហ្វូងមនុស្ស ។ ( សូមពន្យល់ថា ចំណុចបន្ទាប់នៅក្នុងមេរៀននេះ សិស្សនឹងសិក្សាពីការអធិស្ឋានទីបីរបស់ព្រះអង្គសង្គ្រោះ ) ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោម និងសំណួរខាងក្រោមនៅលើក្ដារខៀន មុនពេលចាប់ផ្ដើមថ្នាក់ ( ឬរៀបចំវាជាក្រដាសសម្រាប់ចែកដល់សិស្សម្នាក់ៗ ) ៖
សូមបំបែកសិស្សជាក្រុមដែលមានសិស្សបីនាក់ក្នុងក្រុមនីមួយៗ ។ ( ប្រសិនបើអ្នកមានសិស្សតិច អ្នកអាចត្រូវបំបែកសិស្សទៅជាក្រុមតូចៗ ) ។ សូមដាក់ឲ្យសិស្សម្នាក់នៅក្នុងក្រុមនីមួយៗអានវគ្គព្រះគម្ពីរមួយដែលបានសរសេរនៅលើក្ដារខៀន ។ សូមប្រាប់សិស្សថា ពួកគេគួររៀបចំឆ្លើយតបនៅក្នុងក្រុមរបស់ពួកគេចំពោះសំណួរនៅលើក្ដារខៀនទាំងអស់ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសមាជិកផ្សេងទៀតនៃក្រុមរបស់ពួកគេ ។ សូមរៀបចំឆ្លើយ ប្រសិនបើសិស្សសួរថាតើហេតុអ្វីបានជាពួកសាវកបានអធិស្ឋានដល់ព្រះអង្គសង្គ្រោះ ( សូមមើល នីហ្វៃទី 3 19:18 ) ។ សូមបង្ហាញថា នៅក្នុងឧទាហរណ៍ដ៏ពិសេសនេះ ពួកសាវកបានអធិស្ឋានទៅដល់ព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់នៅជាមួយនឹងពួកលោកផ្ទាល់ ដូចជាអ្នកតំណាងមួយពីព្រះវរបិតា ( សូមមើល នីហ្វៃទី 3 19:22 ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 19:31–34 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយគិតពីមូលហេតុដែលការអធិស្ឋានរបស់ព្រះអង្គសង្គ្រោះបានជ្រោតជ្រាបដល់ប្រជាជនយ៉ាងខ្លាំង ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ខណៈពេលដែលសិស្សអាចរៀនសេចក្ដីពិតជាច្រើនពីគ្នាទៅវិញទៅមក កាលពួកគេចែកចាយ នោះសកម្មភាពខាងក្រោមនឹងបញ្ជាក់ពីគោលការណ៍ពីរដែលពួកគេអាចរកឃើញនៅក្នុងការសិក្សារបស់ពួកគេ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ …
សូមឲ្យសិស្សរំឭកនីហ្វៃទី 3 28ដោយស្ងាត់ស្ងៀម ដើម្បីរកមើលវិធីដើម្បីបំពេញប្រយោគនៅលើក្ដារខៀន ។ ( សូមឲ្យសិស្សសរសេរចម្លើយរបស់ពួកគេ ។ សិស្សអាចបំពេញប្រយោគតាមរបៀបដូចខាងក្រោមនេះ ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងអាចត្រូវបានបន្សុទ្ធ ) ។
-
តើការដែលបានត្រូវបានបន្សុទ្ធមានន័យដូចម្តេច ?តើអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យបានជ្រះស្អាតដោយរបៀបណា ?
-
តើពួកសាវកបានអនុវត្តសេចក្ដីជំនឿអំឡុងពេលហេតុការណ៍បានកត់ត្រានៅក្នុង នីហ្វៃទី 3 19 តាមរបៀបណា ?
ដើម្បីជួយសិស្សឲ្យយល់ថា យើងត្រូវបានបន្សុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ សូមរំឭកពួកគេថា ពួកសាវកបានទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវ « ពោរពេញដោយភ្លើង » ( នីហ្វៃទី 3 19:13 ) ។ សូមពន្យល់ថាឃ្លា « ពោរពេញដោយភ្លើង » គឺជានិមិត្តសញ្ញាដែលសំដៅលើពរជ័យនៃការត្រូវបានសម្អាតតាមរយៈឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមឲ្យសិស្សអាន នីហ្វៃទី 3 19:23, 29 ដោយស្ងាត់ៗម្ដងទៀត ដោយរកមើលពរជ័យផ្សេងទៀតដែលមកដល់អស់អ្នកដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ស្ថិតនៅជាមួយនឹងពួកគេ ។ ( ក្រោយពីសិស្សអានហើយ អ្នកណែនាំថា ពួកគេគួរគូសចំណាំខគម្ពីរទាំងពីរនូវឃ្លា « ដើម្បីឲ្យយើងអាចទៅជាមួយ » ) ។
-
តើព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាតែមួយដោយរបៀបណា ? ( ពួកទ្រង់ដាច់ពីគ្នា ជាអង្គមានរូបកាយបីផ្សេងគ្នា ប៉ុន្ដែពួកទ្រង់គឺតែមួយក្នុងគោលបំណង និងគោលលទ្ធិ ។ សាមគ្គីគ្នាដ៏ឥតខ្ចោះ ទ្រង់ទាំងបីអង្គនាំមកនូវផែនការសង្គ្រោះដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌ ) ។
-
តើវាមានន័យយ៉ាងណាសម្រាប់យើងដើម្បីក្លាយជាតែមួយជាមួយនឹងព្រះជាព្រះវរបិតា និងព្រះរាជបុត្រា ?
-
តើយើងរៀនអ្វីខ្លះពី នីហ្វៃទី 3 19:23, 29 អំពីរបៀបដែលយើងអាចក្លាយជាតែមួយជាមួយនឹងពួកទ្រង់ ? ( តាមរយៈសេចក្ដីជំនឿ យើងអាចត្រូវបានបន្សុទ្ធ និងក្លាយជាតែមួយជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ដូចដែលទ្រង់គឺតែមួយជាមួយនឹងព្រះវរបិតា ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សស្ដាប់ពីរបៀបដែលយើងអាចក្លាយជាតែមួយជាមួយនឹងព្រះវរបិតា និងព្រះរាជបុត្រា ៖
« ព្រះយេស៊ូវបានសម្រេចបានភាពសាមគ្គីដ៏ឥតខ្ចោះជាមួយនឹងព្រះវរបិតាដោយការថ្វាយអង្គទ្រង់ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ប្រគល់ជូនតាមព្រះឆន្ទៈរបស់ព្រះបិតា ។ ការបម្រើរបស់ទ្រង់តែងតែផ្ចិតផ្ចង់យ៉ាងច្បាស់ ដោយសារគ្មានការទន់ខ្សោយ ឬការស្ទាក់ស្ទើរបែកគំនិតពីរចំពោះទ្រង់ឡើយ ។ ដោយសំដៅទៅរកព្រះបិតារបស់ទ្រង់ ព្រះយេស៊ូវបានមានបន្ទូលថា ‹ ខ្ញុំចេះតែធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប › ( យ៉ូហាន 8:29 ) ។…
« ពិតណាស់យើងនឹងមិនក្លាយជាតែមួយជាមួយនឹងព្រះ និងព្រះគ្រីស្ទឡើយ រហូតទាល់តែយើងដាក់បំណងដ៏ធំបំផុតរបស់យើងតាមបំណង និងការចាប់អារម្មណ៍របស់ទ្រង់ ។ ការបន្ទាបខ្លួនបែបនោះមិនមែនអាចធ្វើបានភ្លាមៗនោះទេ ប៉ុន្ដែតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់នឹងបង្រៀនយើង ប្រសិនបើយើងមានឆន្ទៈរហូតនោះ តាមដំណើរពេលវេលា វាអាចនិយាយដោយត្រឹមត្រូវថា ទ្រង់គឺនៅក្នុងយើង ដូចជាព្រះបិតានៅក្នុងទ្រង់ដែរ » ( « That They May Be One in Us » Ensign, ខែ វិច្ឆិកា ឆ្នា 2002, ទំព័រ 72, 73 ) ។
សូមឲ្យសិស្សអាន នីហ្វៃទី 3 19:35–36 ដោយស្ងាត់ស្ងៀមហើយសញ្ជឹងគិតពីកម្លាំងនៃការអធិស្ឋានផ្ទាល់ខ្លួនរបស់គេ ។ សូមសន្យានឹងសិស្សថា យើងក៏អាចមានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យ និងរីកចម្រើនទៅកាន់ការក្លាយជាតែមួយជាមួយនឹងព្រះវរបិតា និងព្រះរាជបុត្រាបានដែរ ប្រសិនបើយើងបង្កើនសេចក្ដីជំនឿរបស់យើង និងអធិស្ឋានដោយស្មោះត្រង់សុំដៃគូនៃព្រះវិញ្ញាណនោះ ។