បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 6


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី 2 4–10 ( មេរៀន​ទី 6 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​តាម​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​នៃ​គោលលទ្ធិ និង គោលការណ៍​ខាងក្រោម​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា នីហ្វៃទី 24–10 ( មេរៀន​ទី 6 ) មិន​មែន​មាន​បំណង​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​ទៅលើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​តែ​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ពិចារណា​ពី​តម្រូវការ​សិស្ស​របស់​អ្នក ។

ថ្ងៃ​ទី 1 ( នីហ្វៃទី 2 4–5 )

នៅពេល​សិស្ស​សិក្សា នីហ្វៃទី 2 4 ពួកគេ​បាន​ផោ្ដតលើ​គោលការណ៍​ដែល​ព្រះ​គាំទ្រ​ដល់​អស់​អ្នក​ដែល​បាន​ដាក់​ការទុកចិត្ត​របស់​ពួកគេ​លើ​ទ្រង់ ( សូម​មើល នីហ្វៃទី 2 4:12–35 ) ហើយ​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​របៀប​មួយ​ដែល​ពួកគេ​នឹង​បង្កើន​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះ ។ នៅក្នុង នីហ្វៃទី 2 5 ពួកគេ​បាន​ឃើញ​គំរូ​នៃ​សេចក្ដីពិត​ខាងក្រោម ៖ សុវត្ថិភាព​មាន​មក​តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​វិវរណៈ​នៃ​ព្រះ ( សូម​មើល នីហ្វៃទី 2 5:1–8 ) ។ នៅពេល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ក្លាយជា​ផ្លូវ​នៃ​ជីវិត​របស់​យើង យើង​នឹង​បង្កើន​សុភមង្គល​ហើយ ( សូម​មើល នីហ្វៃទី 2 5:9–18, 26–27 ) ។ សិស្ស​បាន​ពិនិត្យ​មើល​ជីវិត​របស់​ពួកគេ ហើយ​សម្រេច​អ្វី​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​រស់នៅ​ឲ្យ​បាន​ពេញលេញ​ជាង​នេះ « តាម​របៀប​នៃ​សុភមង្គល » ។

ថ្ងៃ​ទី 2 ( នីហ្វៃទី 2 6–8 )

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​មាន​មេត្តា​ករុណា​ដល់​អស់​អ្នក​ណា​ដែល​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ( សូមមើល នីហ្វៃទី 2 6 ) ។ ពួកគេ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួកគេ ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ប្រោសលោះ​ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ហើយ​ទ្រង់​មាន​គ្រប់​ទាំង​ព្រះចេស្ដា​ដើម្បី​ធ្វើ​ដូច្នោះ ( សូម​មើល នីហ្វៃទី 2 7–8 ) ។

ថ្ងៃ​ទី 3 ( នីហ្វៃទី 2 9 )

នៅពេល​សិស្ស​ចាប់ផ្ដើម​ការសិក្សា​របស់​គេ​លើ នីហ្វៃទី 2 9 ពួកគេ​បាន​រៀន​ពី​អ្វី​ដែល​នឹង​កើតឡើង បើសិនជា​គ្មាន​ដង្វាយធួន​ទេ​នោះ ។ ពួកគេ​ក៏​បាន​សិក្សា​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ​ដែរ ៖ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​រំដោះ​មនុស្ស​ជាតិ​ទាំងអស់​ចេញពី​សេចក្ដី​ស្លាប់​ខាង​រូបកាយ និង ខាង​វិញ្ញាណ​ដែល​កើតមក​ដោយសារ​ការធ្លាក់ ( សូមមើល នីហ្វៃទី 2 9:1–22 ) ។ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យក​ឈ្នះ​លើ​លទ្ធផល​នៃ​អំពើបាប​របស់​យើង បើសិនជា​យើង​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ជ្រមុជទឹក ហើយ​តស៊ូ​ដល់​ទីបញ្ចប់ ( សូមមើល នីហ្វៃទី 2 9:14–27 ) ។ សិស្ស​បាន​សរសេរ​កថាខណ្ឌ​មួយ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ អំពី​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ពួកគេ ។

ថ្ងៃ​ទី 4 ( នីហ្វៃទី 2 9–10 )

នៅពេល​សិស្ស​បាន​សិក្សា​សំណល់​នៃ នីហ្វៃទី 2 9 ហើយ​បាន​សិក្សា​ពី នីហ្វៃទី 2 10 ពួកគេ​បាន​សញ្ជឹង​គិត​ថា តើ​ជម្រើស​មួយ​ណា​របស់​ពួកគេ​អាច​បំបែក​ពួកគេ​ចេញពី​ព្រះអម្ចាស់ ហើយ​ជម្រើស​មួយណា​ដែល​ជួយ​ពួកគេ​ឲ្យ​មក​កាន់តែ​ជិត​ទ្រង់ ។ ពួកគេ​បាន​រៀន​ថា នៅពេល​យើង​ជ្រើសរើស​ដើម្បី​មក​រក​ព្រះអម្ចាស់ ហើយ​រស់នៅ​ស្របតាម​បំណង​របស់​ទ្រង់ យើង​នឹង​ទទួល​បាន​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដង្វាយធួន ។

សេចក្តី​ផ្ដើម

ក្នុង​ចំណោម​សេចក្ដីពិត​ដ៏​សំខាន់​ជាច្រើន​ដែល​សិស្ស​បាន​សិក្សា​ក្នុង​សប្ដាហ៍​នេះ សូម​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អធិស្ឋាន​សម្រាប់​ការណែនាំ ទាក់ទង​នឹង​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​យល់ និង ទុកចិត្ត​លើ​ដង្វាយធួន​បាន​ល្អ​បំផុត ។ នៅពេល​អ្នក​បង្រៀន សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

កំណត់​ចំណាំ ៖ នៅពេល​អ្នក​រៀបចំ​មេរៀន​ប្រកប​ដោយ​ការអធិស្ឋាន សូម​គិត​ពី​តម្រូវ​ការសិស្ស​របស់​អ្នក —ជាពិសេស​តម្រូវការ​នៃ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​អាច​កំពុង​តែ​ជួប ។ នៅពេល​អ្នក​អធិស្ឋាន​សម្រាប់​សិស្ស​ម្នាក់ៗ និង សម្រាប់​ការណែនាំ​ពី​របៀប​បង្រៀន​ពួកគេ​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​រក​ឃើញ​នៅក្នុង​ព្រះគម្ពីរ​ឲ្យ​បាន​ល្អ​បំផុត​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​ហើយ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 4–5

នីហ្វៃ​បង្ហាញ​ការទុកចិត្ត​របស់​គាត់​ទៅលើ​ព្រះអម្ចាស់ ; ព្រះអម្ចាស់​បំបែក​សាសន៍​នីហ្វៃ​ចេញពី​សាសន៍​លេមិន ; សាសន៍​នីហ្វៃ​រស់នៅ​តាម​របៀប​នៃ​សុភមង្គល

សូម​ចម្លង​ព័ត៌មាន​នៅក្នុង​តារាង​ខាងក្រោម​ដាក់លើ​ក្ដារខៀន ឬ សូម​រៀបចំ​វា​ជា​ក្រដាស​សម្រាប់​ចែក ។

នីហ្វៃទី 2 4

នីហ្វៃទី 2 5

  1. សូម​អាន​ក្បាល​ជំពូក ហើយ​សូម​រៀបចំ​សង្ខេប​ជំពូក​នេះ​ជា​ពាក្យសម្ដី​ខ្លួន​ផ្ទាល់ ។

  2. សូម​អាន នីហ្វៃទី 2 4:19 ហើយ​សូម​ពន្យល់​ពី​អត្ថន័យ​ដែល​អ្នក​គិត​ចំពោះ​ពាក្យ ដើម្បី « ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត » ។

  3. សូម​អាន​ពី​ការចុះ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​សម្រាប់​ថ្ងៃ​ទី 1 កិច្ចការ​ទី 4 ហើយ​សូម​រៀបចំ​ចែកចាយ​របៀប​មួយ​ដែល​អ្នក​នឹង​បង្កើន​ការទុកចិត្ត​របស់​អ្នក​ទៅលើ​ព្រះអម្ចាស់ ។

  1. សូម​អាន​ក្បាល​ជំពូក ហើយ​សូម​រៀបចំ​សង្ខេប​ជំពូក​នេះ​ជា​ពាក្យសម្ដី​ខ្លួន​ផ្ទាល់ ។

  2. សូម​អាន នីហ្វៃទី 2 5:27 ហើយ​សូម​ពន្យល់​ពី​អត្ថន័យ​ដែល​អ្នក​គិត​ចំពោះ​ពាក្យ ដើម្បី​រស់នៅ « តាម​របៀប​នៃ​សុភមង្គល » ។

  3. សូម​អាន​ពី​ការចុះ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​សម្រាប់​ថ្ងៃ​ទី 1 កិច្ចការ​ទី 6 ។ សូម​រៀបចំ​ចែកចាយ​សកម្មភាព ឬ ឥរិយាបថ​មួយ​របស់​សាសន៍​នីហ្វៃ និង ពី​របៀប​ដែល​ការធ្វើ​សកម្មភាព​ដដែល ឬ ការមាន​ឥរិយាបថ​ដូចគ្នា​ជះ​ឥទ្ធិពល​មក​លើ​សុភមង្គល​របស់​អ្នក ។

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​រៀបចំ​បង្រៀន​អ្វី​ដែល​នៅក្រោម នីហ្វៃទី 2 4 និង សិស្ស​ផ្សេង​ទៀត​រៀបចំ​បង្រៀន​អ្វី​ដែល​នៅក្រោម​នីហ្វៃទី 2 5 ។

សូម​ចាត់​គូ​សិស្ស​មួយ​ដែល​បាន​ចាត់​តាំង​ក្នុង នីហ្វៃទី 2 4 ជាមួយ​នឹង​សិស្ស​ម្នាក់​ដែល​បាន​ចាត់តាំង​ក្នុង នីហ្វៃទី 2 5 ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ដៃគូ​របស់​ពួកគេ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​រៀបចំ​សម្រាប់​កិច្ចការ​របស់​ពួកគេ ។

នីហ្វៃទី 2 6–8

យ៉ាកុប​បាន​ព្យាករណ៍​អំពី​ការខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល ហើយ​បាន​ដកស្រង់​ការព្យាករណ៍​របស់​អេសាយ​នៃ​ភាពសច្ចៈ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា ។

សូម​រំឭក​សិស្ស​ថា នីហ្វៃទី 2 6–9 គឺជា​ថ្ងៃ​ទីមួយ​នៃ​ទេសនកថា​មួយ​ដែល​យ៉ាកុប​បាន​ធ្វើ​ដល់​ប្រជាជន​របស់​គាត់ ។ ថ្ងៃ​ទីពីរ​នៃ​ការបង្រៀន​របស់​គាត់​បាន​បន្ដ​នៅក្នុង នីហ្វៃទី 2 10 ។ នៅក្នុង នីហ្វៃទី 2 6 យ៉ាកុប​បាន​ព្យាករណ៍​ថា សាសន៍​យូដា​នឹង​បដិសេធ​ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​ខ្ចាត់ខ្ចាយ ។ សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 7:1–2 ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​ឡើងវិញ​នូវ​អ្វី​ដែល​វា​មាន​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់ ។

នីហ្វៃទី 2 9

យ៉ាកុប​បង្រៀន​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​រំដោះ​យើង​ចេញពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង លទ្ធផល​នៃ​អំពើបាប

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

« ដូចជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​ឃ្លាន​អាហារ រហូតដល់​គាត់​ឃ្លាន ដូច្នេះ​គាត់​នឹង​មិន​ចង់​បាន​សេចក្ដី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ​ទេ រហូត​ដល់​គាត់​ដឹង​ពី​មូលហេតុ​ដែល​គាត់​ត្រូវការ​ព្រះគ្រីស្ទ​ជាមុន​សិន ។

« គ្មាន​នរណា​ម្នាក់​ដឹង​បាន​គ្រប់គ្រាន់ និង សមរម្យ​ល្មម​ពី​មូលហេតុ​ដែល​គាត់​ត្រូវការ​ព្រះគ្រីស្ទ​នោះ​ទេ រហូតដល់​គាត់​យល់ និង ទទួល​យក​គោលលទ្ធិ​នៃ​ការធ្លាក់ និង ឥទ្ធិពល​របស់​វា​មក​លើ​មនុស្ស​ជាតិ​ទាំងអស់ ។ ហើយ​គ្មាន​គម្ពីរ​ណា​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក​នេះ ដែល​ពន្យល់​ពី​គោលលទ្ធិ​ដ៏​សំខាន់​នេះ​បាន​ច្បាស់​ល្អ​ដូចជា​ព្រះគម្ពីរ​មរមន​នោះ​ទេ » ( « The Book of Mormon and the Doctrine and Covenants »Ensignខែ ឧសភា ឆ្នាំ 1987 ទំព័រ 85 ) ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​បាន​សួរ​ថា « ហេតុអ្វី​បានជា​យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ? » សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀបចំ​ឆ្លើយ​សំណួរ​នេះ ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង នីហ្វៃទី 2 9 ។ សូម​ឲ្យ​ពួកគេ​រំឭក នីហ្វៃទី 2 9:7–10, 19–22 សម្រាប់​ចម្លើយ​មួយ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​ចម្លើយ​របស់​ពួកគេ​ទៅនឹង​សំណួរ​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ អាច​សង្គ្រោះ​យើង​ចេញពី​លទ្ធផល​នៃ​ការធ្លាក់ សូម​អាន​អ្វី​ដែល​ស្រដៀង​គ្នា​ដោយ​ប្រធាន យ៉ូសែប ហ្វីងឌីង ស្ម៊ីធ នៅក្នុង​សម្ភារ​មេរៀន​សម្រាប់ នីហ្វៃទី 2 9:10–27 នៅក្នុង​មេរៀន​ទី 6 ៖ ថ្ងៃ​ទី 3 នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​សិស្ស ។ អ្នក​អាច​គិត​ពី​ការអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​គូស​នៅលើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ​សន្លឹក​អំពី​អ្វី​ដែល​ប្រធាន​ស៊្មីធ បាន​ពិពណ៌នា ។ បើសិនជា​អ្នក​ជ្រើសរើស​ឲ្យ​មាន​សិស្ស​ម្នាក់​គូស​នៅលើ​ក្ដារខៀន ឬ នៅលើ​ក្រដាស​មួយ​សន្លឹក អ្នក​អាច​អញ្ជើញ​សិស្ស​នោះ​ឲ្យ​ពន្យល់​ពី​ការគូស​នោះ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អារម្មណ៍​ផ្ទាល់​របស់​ពួកគេ​អំពី​ការជាប់​អន្ទាក់​នៅក្នុង​រណ្ដៅ​ដ៏​ជ្រៅ​មួយ ហើយ​ត្រូវ​បែក​ចេញពី​ព្រះ​ដោយសារតែ​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ​នោះ ។ សូម​ពន្យល់​ថា បើសិនជា​វា​មិនមែន​ដោយសារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ វា​នឹង​គ្មាន​ឱកាស​សម្រាប់​ការប្រែចិត្ត នឹង​គ្មាន​សេចក្ដី​សង្ឃឹម ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ចៀសផុត​ពី​លទ្ធផល​នៃ​អំពើបាប​ទាំងនេះ​បាន​ទេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 9:21–23 ហើយ​សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ពន្យល់​ពី​ខគម្ពីរ​នេះ​ជា​ពាក្យសម្ដី​ខ្លួន​ផ្ទាល់ ។ ទោះបីជា​ពួកគេ​អាច​និយាយ​វា​ខុសៗ​គ្នា​ក្ដី ក៏​សូម​ប្រាកដ​ថា​សេចក្ដីពិត​ខាងក្រោម​នេះ​គឺ​ច្បាស់ ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យក​ឈ្នះ​លើ​លទ្ធផល​នៃ​អំពើបាប​របស់​យើង ។

សូម​ពន្យល់​ថា ឱកាស​ដ៏​អស្ចារ្យ​មួយ​មាន​ជាមួយ​នឹង​ការប្រជុំ​ជា​ក្រុម​នេះ គឺ​ជា​ពេល​ដែល​អាច​ចែកចាយ​អារម្មណ៍ និង ទី បន្ទាល់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ និង ទី បន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ ប្រសិនបើ​ពួកគេ​ពិបាក​ចែកចាយ អ្នក​អាច​ឲ្យ​ពួកគេ​អាន​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ទី 3 កិច្ចការ​ទី 4 ។ អ្នក​អាច​បន្ថែម​ទីបន្ទាល់​របស់​អ្នក​ទៅលើ​ទីបន្ទាល់​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្រមៃ​ថា នរណា​ម្នាក់​បាន​កើត​រោគ​ដ៏​ធ្ងន់ធ្ងរ​មួយ ។ បន្ទាប់មក សូម​ពិភាក្សា​សំនួរ​ដូច​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ឲ្យ​មនុស្ស​នេះ​យល់​ពី​តម្រូវការ​ដើម្បី​សុំ​ជំនួយ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ឲ្យ​មនុស្ស​នេះ​ក៏​យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​នោះ​ផងដែរ ?

  • តើ​អ្វី​នឹង​ជា​លទ្ធផល បើសិនជា​មនុស្ស​នេះ​យល់​ពី​តម្រូវការ​ដើម្បី​រក​ជំនួយ ប៉ុន្ដែ​មិន​យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ជំនួយ​នោះ ?

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​ដែរ​ទេ ។ សូម​រំឭក​ពួកគេ​ថា ពួកគេ​បាន​សិក្សា នីហ្វៃទី 2 9:23, 42–52 ហើយ​បាន​ស្គាល់​សកម្មភាព និង ឥរិយាបថ​ជាច្រើន​ដែល​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​អញ្ជើញ​ព្រះចេស្ដា​នៃ​ការពលិកម្មដ៏ធួន​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង ។ សូម​ឲ្យ​ពួកគេ​រំឭក​ពី​ព្រះគម្ពីរ​ដែល​ពួកគេ​បាន​គូស​ចំណាំ និង បញ្ជី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​រឿង​ទាំងនោះ ដែល​នាំ​យើង​ទៅរក​ព្រះអង្គ​សង្គ្រោះ ( ថ្ងៃ​ទី 4 កិច្ចការ​ទី 1 ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​សកម្មភាព និង ឥរិយាបថ​ទាំងនេះ​មួយ ឬ ច្រើន​បាន​នាំ​ឲ្យ​ពួកគេ​ខិត​កាន់តែ​ជិត​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា គោលការណ៍​ខាងក្រោម​ដែល​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ នឹង​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដង្វាយធួន ។

នីហ្វៃទី 2 10

យ៉ាកុប​លើកទឹកចិត្ត​ប្រជាជន​របស់​គាត់​ឲ្យ​អររីករាយ ហើយ​មក​រក​ព្រះអម្ចាស់

សូម​អាន នីហ្វៃទី 2 10:23–24ជាមួយ​នឹង​សិស្ស ។ សូម​រំឭក​សិស្ស​ថា នៅ​ថ្ងៃ​ទី 3 កិច្ចការ​ទី 6 ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្រេច​ពី​អ្វី​មួយ​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​សម្រុះសម្រួល​ខ្លួនគេ​ទៅតាម​បំណង​នៃ​ព្រះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ការអញ្ជើញ​នេះ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ទស្សន​វិស័យ​បន្ថែម​ដែល​ពួកគេ​បាន​ទទួល​ពី​ជំពូក​ទាំងឡាយ​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​សប្ដាហ៍​នេះ ។ បើ​មាន​ពេលវេលា សូម​បញ្ចប់​មេរៀន​ក្នុង​សប្ដាហ៍​នេះ​ដោយ​ការច្រៀង ឬ ការអាន​ពាក្យ​ក្នុង​ទំនុក​តម្កើង​ជាមួយ​គ្នា​ក្នុង​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( ទំនុក​តម្កើង ទំព័រ 22 ) ឬ ទំនុក​តម្កើង​ផ្សេង​ទៀត​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការមក​រក​ព្រះអង្គ​សង្គ្រោះ និង ភាពពិត​នៃ​ពរជ័យ​នៃ​ដង្វាយធួន ។

មេរៀន​បន្ទាប់ ( នីហ្វៃទី 2 11–25 )

នៅពេល​សិស្ស​សិក្សា​ពី នីហ្វៃទី 2 11–25 នៅ​សប្ដាហ៍​បន្ទាប់​នេះ ពួកគេ​នឹង​ស្គាល់​ពាក្យ​ពាក្យសម្ដី​ខ្លះ​របស់​អេសាយ និង របៀប​ដែល​គាត់​បាន​ឃើញ​ជំនាន់​របស់​យើង ហើយ​បាន​ព្រមាន​យើង​ដោយ​ផ្អែកលើ​អ្វី​ដែល​គាត់​បាន​ឃើញ ។ ការព្រមាន​របស់​គាត់​ខ្លះ ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ របៀប​រស់នៅ និង ឥរិយាបថ​របស់​យើង ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន ហើយ​ប្រមូល​យក​អ្វី​ដែល​ពួកគេ​អាច​ពី​ក្នុង នីហ្វៃទី 2 11–25 ទោះបីជា​ពួកគេ​មិន​យល់​គ្រប់​ពាក្យ​ក្ដី ។