មេរៀនទី 120
នីហ្វៃទី 3 11:1–17
សេចក្តីផ្ដើម
បន្ទាប់ពីសេចក្តីបំផ្លិចបំផ្លាញ និងភាពងងឹតបីថ្ងៃដែលជាសម្គាល់ពីការសុគតរបស់ព្រះអង្គសង្គ្រោះមក ពួកបុរស ស្ដ្រី និងកូនក្មេងសាសន៍នីហ្វៃប្រហែល 2,500 នាក់ ប្រមូលគ្នានៅជុំវិញព្រះវិហារនៅក្នុងដែនដីបរិបូរណ៍ ( សូមមើល នីហ្វៃទី 3 17:25 ) ។ នៅពេលពួកគេនិយាយជាមួយនឹងគ្នា ពួកគេបានឮសំឡេងរបស់ព្រះវរបិតាសួគ៌ ដែលណែនាំព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ដែលពេលនោះបានលេចចេញមក ។ ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញប្រជាជនឲ្យធ្វើជាសាក្សីផ្ទាល់ខ្លួនថា ទ្រង់ត្រូវគេធ្វើគតដើម្បីអំពើបាបនៃមនុស្សលោក ។ ពួកគេបានមកកាន់ទ្រង់ម្នាក់ម្តងៗ ហើយស្ទាបនូវស្នាមរបួសនៅលើអង្គទ្រង់ និងស្នាមដែកគោលនៅលើព្រះហស្ដ និងព្រះបាតរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 11:1–17
ពួកសាសន៍នីហ្វៃឮសំឡេងរបស់ព្រះវរបិតាប្រកាសពីការប្រាកដឡើងនូវព្រះរាជបុត្រារបស់ទ្រង់
នៅពេលសិស្សចូលមកក្នុងថ្នាក់ សូមចាក់តន្ដ្រីដ៏ពិសិដ្ឋ ឬសន្និសីទទូទៅតិចៗកំដរអារម្មណ៍ —ឮល្មមដែលអាចស្តាប់បានហើយ ។ សូមបិទសំឡេងនៅពេលដល់ពេលអធិស្ឋានបើក និងការចែកចាយគំនិតខាងវិញ្ញាណ ។ បន្ទាប់ពីការអធិស្ឋាន សូមសួរសិស្សថាតើពួកគេបានឮការចាក់នោះទេ ។ ( ប្រសិនបើអ្នកមិនមានអ្វីសម្រាប់ធ្វើសកម្មភាពនេះទេ សូមគិតពីឲ្យសិស្សអាន នីហ្វៃទី3 11 ដោយសំឡេងដ៏ស្រទន់នៅពេលសិស្សដើរចូលមកក្នុងថ្នាក់ ។ ប្រសិនបើអ្នកជ្រើសរើសជម្រើសនេះ វានឹងមានប្រសិទ្ធភាពប្រសិនបើអ្នកដាក់កិច្ចការមួយថ្ងៃមុន ប្រហែលឲ្យសិស្សម្នាក់ដែលជាទៀតទាត់មកលឿនជាងគេ ) ។
-
តើបុគ្គលម្នាក់ត្រូវតែធ្វើអ្វីដើម្បីឮ និងយល់ពីសំឡេងដ៏ស្រទន់នេះ ?
-
តើអ្វីជាសារលិខិតនៃចម្រៀងនេះ ( ឬសុន្ទរកថាសន្និសីទទូទៅ ឬ វគ្គព្រះគម្ពីរ ) ដែលបានចាក់នៅពេលអ្នកចូលមកក្នុងថ្នាក់រៀនថ្ងៃនេះ ?
-
តើវាងាយ ឬពិបាកដើម្បីឮ និងយល់ពីពាក្យសម្ដី នៅពេលគ្រប់គ្នាដើរចូលមកក្នុងថ្នាក់ ? ហេតុអ្វី ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:1–3 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលពួកសាសន៍នីហ្វៃពិបាកនឹងយល់ ។
-
តើអ្វីជាសំឡេងដែលបានរៀបរាប់នៅក្នុង នីហ្វៃទី 3 11:3 ? ( អ្នកអាចណែនាំថា សិស្សគួរគូសចំណាំការរៀបរាប់នៃសំឡេងនោះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើឥទ្ធិពលអ្វីដែលសំឡេងបានមានទៅលើអស់អ្នកណាដែលបានស្ដាប់ឮ ?
សូមឲ្យសិស្សអាន នីហ្វៃទី 3 11:4–7 ស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលខុសគ្នាដែលពួកសាសន៍នីហ្វៃបានធ្វើដើម្បីអាចយល់ពីសំឡេងនោះ នៅពេលដែលពួកគេឮសំឡេងនោះជាលើកទីបីដែរ ។
-
តើមានអ្វីខ្លះដែលពួកសាសន៍នីហ្វៃបានធ្វើខុសពីមុននៅលើកទីបីពេលពួកគេបានឮសំឡេងនោះ ?
-
ដោយផ្អែកលើអ្វីដែលអ្នកបានអាននៅក្នុង នីហ្វៃទី 3 11:7 តើសំឡេងដែលប្រជាជនបានឮនោះជាសំឡេងរបស់អ្នកណា ? ( ពួកគេបានឮសំឡេងរបស់ព្រះវរបិតាសួគ៌ ដែលបានណែនាំព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ) ។
សូមគិតពីការសុំសិស្សឲ្យអាននៅក្នុង ហេលេមិន 5:30 ដោយរកមើលការរៀបរាប់ផ្សេងទៀតនៃសំឡេងរបស់ព្រះអម្ចាស់ ។
-
តើសំឡេងដែលពួកសាសន៍នីហ្វៃបានឮ ស្រដៀងទៅនឹងការបំផុសគំនិតដែលយើងទទួលបានពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងជាញឹកញាប់តាមរយៈអារម្មណ៍របស់យើង ) ។
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ដើម្បីយកចិត្តទុកដាក់លើការបំផុសគំនិត ដែលយើងទទួលបានពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
សូមឲ្យសិស្សចែកចាយបទពិសោធន៍ដែលពួកគេធ្លាប់មាន នៅពេលពួកគេបានទទួលអារម្មណ៍ពីការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងគំនិត ឬដួងចិត្តរបស់គេ ។ សូមឲ្យពួកគេរៀបរាប់ពីអារម្មណ៍ដែលពួកគេបានមាន ។ អ្នកក៏អាចចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនដែរ ។
សូមឲ្យសិស្សអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីស្ដាប់តាម និងយល់ពីសំឡេងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ៖
« ព្រះវិញ្ញាណមិនឲ្យយើងទទួលចំណាប់អារម្មណ៍ ដោយពាក្យស្រែកនោះទេ ។ ទ្រង់មិនដែលកន្ដ្រាក់យើងដោយដៃធ្ងន់នោះទេ ។ ព្រះវិញ្ញាណខ្សឹប ។ ទ្រង់អង្អែលដោយថ្នមៗ ហើយតាមពិតប្រសិនបើយើងមិនយកចិត្តទុកដាក់ នោះយើងមិនអាចទទួលអារម្មណ៍ពីទ្រង់សោះឡើយ ។
« យូរៗម្ដង ព្រះវិញ្ញាណនឹងបញ្ជាក់ខ្លាំងល្មម ឬជាញឹកញាប់ល្មម ដើម្បីឲ្យយើងយកចិត្តទុកដាក់ ប៉ុន្ដែតាមរយៈបទពិសោធន៍របស់ខ្ញុំ ភាគច្រើនប្រសិនបើយើងមិនគោរពស្ដាប់តាមអារម្មណ៍ដ៏សុភាពរាបសាទេ ប្រសិនបើយើងមិនស្ដាប់ដោយអារម្មណ៍ទាំងនោះទេ នោះព្រះវិញ្ញាណនឹងដកថយ ហើយរង់ចាំរហូតទាល់តែយើងស្វែងរក និងស្ដាប់តាមទ្រង់តាមរបៀបរបស់យើង និងការបង្ហាញរបស់យើង » ( « How Does the Spirit Speak to Us? » New Era, ខែ កុម្ភៈ ឆ្នាំ 2010, ទំព័រ 3 ) ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពី នីហ្វៃទី 3 11:1–7 និងពីប្រធាន ផាកកឺ ? ( សិស្សអាចផ្ដល់ចម្លើយផ្សេងៗគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេរកឃើញនូវសេចក្ដីពិតខាងក្រោម ៖ នៅពេលយើងរៀនពីរបៀបដើម្បីស្ដាប់តាមសំឡេងនៃព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងអាចយល់ពីទំនាក់ទំនងដែលទ្រង់ប្រទានដល់យើងបាន ) ។
-
តើអ្វីដែលជួយអ្នកឲ្យរៀបចំគំនិត និងដួងចិត្តរបស់អ្នក និងយល់ពីសំឡេងខ្សឹបនៃព្រះវិញ្ញាណបរិសុទ្ធ ?
នីហ្វៃទី 3 11:8–17
ព្រះយេស៊ូវគ្រីស្ទប្រាកដឡើងចំពោះពួកសាសន៍នីហ្វៃ ហើយអញ្ជើញពួកគេម្នាក់ម្ដងៗឲ្យស្ទាបស្នាមរបួសនៅលើព្រះហស្ដ ព្រះបាត និងព្រះកាយរបស់ទ្រង់
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:8–3 ឮ ។ សូមឲ្យសិស្សមើលតាម ហើយស្រម៉ៃពីអ្វីដែលវាអាចមានសភាពដូចប្រសិនបើពួកគេស្ថិតនៅក្នុងចំណោមសាសន៍នីហ្វៃនាពេលនេះ ។ សូមបង្ហាញរូបភាពនៃព្រះយេស៊ូវកំពុងបង្រៀននៅអឌ្ឍគោលខាងលិច ( លេខកូដ 62380; កញ្ចប់រូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 82 ) ហើយសូមសួរ ៖
-
តើគំនិត និងអារម្មណ៍អ្វីដែលអ្នកគិតថា អ្នកនឹងមាន ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមពួកសាសន៍នីហ្វៃ នៅពេលព្រះអង្គសង្គ្រោះបានទៅជួបនឹងពួកគេ ?
សូមរំឭកសិស្សពីសេចក្តីងងឹត និងសេចក្តីបំផ្លិចបំផ្លាញដែលពួកសាសន៍នីហ្វៃបានជួបពីមុនពេលព្រះអង្គសង្គ្រោះបានបង្ហាញខ្លួន ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់អំពីសារៈសំខាន់នៃការបង្ហាញខ្លួនរបស់ព្រះអង្គសង្គ្រោះចំពោះពួកសាសន៍នីហ្វៃ ៖
« ការបង្ហាញខ្លួននោះ និងការប្រកាសនោះបង្កើតចំណុចប្រសព្វ ពេលដ៏សំខាន់ នៅក្នុងប្រវត្តិសាស្ដ្រទាំងមូលនៃព្រះគម្ពីរមរមន ។ វាគឺជាការសម្ដែង និងការបង្ហាញដែលត្រូវបានប្រាប់ និងបំផុសគំនិតទៅដល់ព្យាការីសាសន៍នីហ្វៃគ្រប់រូប រយៈពេលប្រាំមួយរយឆ្នាំមុន ដើម្បីកុំឲ្យនិយាយអ្វីអំពីពួកអយ្យកោសាសន៍អ៊ីស្រាអែល និងសាសន៍យ៉ារេឌរបស់ពួកគេក្នុងរយៈពេលរាប់ពាន់ឆ្នាំពីមុននោះ ។
« មនុស្សគ្រប់គ្នាបាននិយាយអំពីទ្រង់ ច្រៀងពីទ្រង់ យល់សុបិន្ដអំពីទ្រង់ ហើយបានអធិស្ឋានសម្រាប់ការបង្ហាញខ្លួនរបស់ទ្រង់—ប៉ុន្ដែទ្រង់ពិតជាបានមកមែន ។ ថ្ងៃនៃអស់ទាំងថ្ងៃ ! ព្រះដែលបង្វែរពេលយប់ដ៏ងងឹតរាល់យប់ ទៅជាពន្លឺនៃពេលព្រឹក បានមកដល់ហើយ » ( Christ and the New Covenant:The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 250–51 ) ។
សូមពន្យល់ដល់សិស្សក្នុងថ្នាក់ថា ផ្នែកបន្ទាប់នៃមេរៀននេះគឺត្រូវបានរចនាឡើងដើម្បីឲ្យពួកគេសញ្ជឹងគិតអំពីការយាងមករបស់ព្រះអង្គសង្គ្រោះដោយខ្លួនគេ ។ មុនពេលចាប់ផ្ដើមថ្នាក់ សូមរៀបចំការណែនាំ និងសំណួរខាងក្រោមជាក្រដាសសម្រាប់ចែកដល់សិស្សម្នាក់ៗ ( ឬសរសេរវានៅលើក្ដារខៀន ឬនៅលើបណ្ណប្រកាស ) ។ សូមឲ្យពេលវេលាសិស្សគ្រប់គ្រាន់ដើម្បីអាន នីហ្វៃទី 3 11:11–17 និងធ្វើតាមសេចក្តីណែនាំ ដែលមាននៅលើក្រដាសនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតដោយយកចិត្តទុកដាក់ពីអត្ថន័យនៃខគម្ពីរទាំងនេះ នៅពេលពួកគេសិក្សាវា ។
ក្រោយពីសិស្សបានមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់សកម្មភាពនេះហើយ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 11:16–17 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលប្រជាជនបានធ្វើ ក្រោយពីពួកគេបានទទួលបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងព្រះអង្គសង្គ្រោះនេះហើយ ។ អ្នកអាចពន្យល់ថា ហូសាណា គឺជាពាក្យនៃភាសាហេព្រើរដែលមានន័យថា « សង្គ្រោះហើយ » ឬ « សូមសង្គ្រោះយើង » ហើយត្រូវបានប្រើពេញទាំងព្រះគម្ពីរជាសម្រែកនៃការសរសើរ និងពាក្យសូមអង្វរ ( សូមមើល Bible Dictionary, “Hosanna”; Guide to the Scriptures, “Hosanna,” scriptures.lds.org ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនបានស្រែក « ហូសាណា » ក្រោយពីពួកគេបានជួបនឹងព្រះអង្គសង្គ្រោះហើយ ?
សូមឲ្យសិស្សពិនិត្យកាន់តែច្បាស់នៅក្នុង នីហ្វៃទី 3 11:15 ។ សូមឲ្យពួកគេរកអ្វីដែលប្រជាជនបានធ្វើ ក្រោយពីពួកគេបានឃើញ និងបានពាល់ស្នាមរបួសរបស់ព្រះអង្គសង្គ្រោះហើយ ។ ( ប្រជាជនបានកត់ត្រា ឬបានថ្លែងទីបន្ទាល់ថា ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ) ។
-
តើយើងចាំបាច់ឲ្យអាចមើលឃើញ និងពាល់ព្រះអង្គសង្គ្រោះដើម្បីដឹងថា ទ្រង់នៅរស់ឬ ? ( សូមមើល មរ៉ូណៃ 10:5 ) ។តើយើងអាច « កត់ត្រា » អំពីព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា ?
-
តើយើងអាចប្រៀបធៀប នីហ្វៃទី 3 11:15 ទៅនឹងខ្លួនយើងដោយរបៀបណា ? តើយើងម្នាក់ៗត្រូវធ្វើអ្វីខ្លះ ក្រោយពីយើងទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទហើយ ? ( នៅពេលយើងទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទហើយ វាគឺជាការទទួលខុសត្រូវរបស់យើងដើម្បីថ្លែងអំពីទ្រង់ ) ។
សូមបញ្ចប់ដោយការអញ្ជើញឲ្យសិស្សប្រាប់អំពីពេលដែលពួកគេបានចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងអ្នកដទៃ ។ បើមានពេល សូមឲ្យសិស្សទាំងអស់ណាដែលចង់ធ្វើដូច្នោះ ដើម្បីចែកចាយទីបន្ទាល់ខ្លីមួយអំពីព្រះអង្គសង្គ្រោះ ហើយប្រហែលសូមប្រាប់អ្វីដែលពួកគេត្រូវធ្វើដើម្បីទទួលបានទីបន្ទាល់របស់ពួកគេ ។ ប្រសិនបើមានពេល អ្នកក៏អាចសុំឲ្យពួកគេចែកចាយខ្លះៗពីអ្វីដែលពួកគេបានសរសេរ ឬមានអារម្មណ៍អំឡុងពេល ពួកគេសិក្សានីហ្វៃទី 3 11 នាថ្ងៃនេះ ។