បណ្ណាល័យ
មេរៀន​ទី 40 ៖ នីហ្វៃទី2 31


មេរៀន​ទី 40

នីហ្វៃទី 2 31

សេចក្តីផ្ដើម

ជាច្រើន​ឆ្នាំ​មុនពេល​ព្រះយេស៊ូវគ្រីស្ទ​ប្រសូត នីហ្វៃ​បាន​ទទួល​វិវរណៈ​មួយ​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​នីហ្វៃ​បាន​ប្រាប់​ប្រជាជន​របស់​គាត់​អំពី​វិវរណៈ​នេះ គាត់​បាន​បង្រៀន​អ្វី​ដែល​គាត់​ហៅ​ថា « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » — ដែល​ថា​ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវ​តែ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង តស៊ូវ​ដល់​ទីបញ្ចប់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ ២ ៣១:១-១៣

នីហ្វៃ​បង្រៀន​ថា នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក យើង​នឹង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​អ្នក ? តើ​អ្នក​បាន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ នៅពេល​អ្នក​បាន​ទទួល​បាន​បុណ្យ​ជ្រមុជទឹក​នោះ ?

សូម​ពន្យល់​ថា នៅពេល​សិស្ស​បាន​ជ្រមុជទឹក ពួកគេ​កំពុង​ធ្វើតាម​គំរូ​មួយ​ដែល​តែងតែ​ជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ នីហ្វៃ​បាន​ប្រើ​ឃ្លា​មួយ​ចំនួន​ដើម្បី​យោង​ទៅ​គំរូ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​រក​ឃ្លា​មួយ​ដែល​មាន​នៅក្នុង នីហ្វៃទី 2 31:2 និង នីហ្វៃទី 2 31:21 ។ ក្រោយពី​ពួកគេ​បាន​រកឃើញ​ឃ្លា​ថា « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ហើយ សូម​សួរ​ថា ៖

  • តើ​ពាក្យ ឬ ឃ្លា​អ្វី​នៅក្នុង នីហ្វៃទី 2 31:2, 21 ដែល​ស្នើ​ពី​សារៈសំខាន់​នៃ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » នេះ ? ( ចម្លើយ​អាច​រួមមាន « ខ្ញុំ​ត្រូវតែ​និយាយ​អំពី » « គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ » និង « គោលលទ្ធិ​តែ​មួយ ហើយ​ពិត » ) ។

សូម​បង្ហាញ​រូបភាព យ៉ូហាន បាទី ស្ទ ជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ ( 62133 ; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 35 ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី 2 31:5–9 ដោយ​ស្ងាត់ស្ងៀម ដោយ​ស្វែងរក​ឃ្លា​ដែល​បញ្ជាក់​ពី​មូលហេតុ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​ជ្រមុជទឹក ។ ( អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​គូសចំណាំ​ឃ្លា​ទាំងនេះ​ទុក ) ។ ក្រោយ​ពីរ​បី​នាទី ​មក សូម​ឲ្យ​សិស្ស​អាន​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ​នោះ ។

យ៉ូហាន បាទី ស្ទ ជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ
  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ​ដើម្បី « បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង » នោះ ? ( ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ អ្នក​អាច​ពន្យល់​ថា វា​មាន​ន័យ​ថា​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បាន​និយាយ​ថា « ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់​យ៉ាង » គឺ​ត្រូវ « បំពេញ​ច្បាប់ » [ នៅក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ 1912 ទំព័រ 9 ] ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 31:10–12 ឮៗ ។

  • តើ​ខគម្ពីរ​ទាំងនេះ​ពន្យល់​ពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​របៀប​ណា ? ( នីហ្វៃ​បង្រៀន​ថា ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ព្រះបញ្ញត្តិ​មួយ​មក​ពី​ព្រះវរបិតាសួគ៌ ដែល​វា​តម្រូវ​ដើម្បី​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ថា​វា​ចាំបាច់​ខំ​ឲ្យ​អស់​ពី​ការខិតខំ​របស់​យើង​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ) ។

សូម​ឲ្យ​សិស្ស​សង្ខេប​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​បាន​រៀន​ពី នីហ្វៃទី 2 31:5–12 ។ នៅពេល​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ សូម​ធានា​ថា ពួកគេ​យល់​ពី​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ជា​គំរូ​ដ៏​ឥតខ្ចោះ​នៃ​ការគោរព​ប្រតិបត្តិ​សម្រាប់​យើង​ឲ្យ​ធ្វើតាម ។

យើង​ត្រូវ​តែ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ទទួល​បុណ្យ​ជ្រមុជទឹក និង ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ទោះបីជា​គ្មាន​អំពើបាប​ក្ដី ព្រះយេស៊ូវគ្រីស្ទ​ក៏​នៅតែ​ត្រូវ​ជ្រមុជទឹក​ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាងដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 31:13ឮៗ ។ សូម​ដឹកនាំ​ការយកចិត្ត​ទុកដាក់​របស់​សិស្ស​ទៅលើ​ឃ្លា​ថា « ដោយ​ពេញ​ចិត្ត​ប្រាថ្នា » « ពុំ​មាន​ការលាក់​ពុត ឬ ការបោក​បញ្ឆោត​នៅ​ចំពោះ​ព្រះ​ឡើយ » និង « ដោយ​ស្មោះ​អស់​ពី​ចិត្ត » ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​គូសចំណាំ​ឃ្លា​ទាំងនេះ​ទុក ។

  • តើ​ឃ្លា​ទាំងនេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ? ( អ្នក​អាច​បង្ហាញ​ថា ឃ្លា​ទាំងបី​នេះ​សំដៅ​ទៅលើ​តម្រូវការ​ដើម្បី​ស្មោះត្រង់​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដើម្បី​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​ស្ថានភាព​ជាច្រើន​នោះ សូម​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ឃ្លា​ទាំងនេះ​អាច​អនុវត្ត​ចំពោះ​សកម្មភាព​ដូចជា ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង ការទៅ​ព្រះវិហារ​ដោយ​របៀប​ណា ?

  • តើ​មាន​ភាពខុសគ្នា​អ្វី​រវាង « ការនិយាយ​អធិស្ឋាន » និង ការអធិស្ឋាន « ដោយ​ពេញចិត្ត​ប្រាថ្នា » នោះ ?

  • តើ​មាន​ភាពខុសគ្នា​អ្វី​រវាង​ការទទួល​ទាន​សាក្រាម៉ង់​នំប៉័ង និង ការទទួល​ទាន​សាក្រាម៉ង់​នំប៉័ង « ដោយ​ស្មោះ​អស់​ពី​ចិត្ត » នោះ ?

  • តើ​មាន​ភាពខុសគ្នា​អ្វី​រវាង​ការនិយាយ​ថា​អ្នក​សុំទោស​អំពី​អ្វីមួយ​ដែល​អ្នក​បាន​ធ្វើ និង ការប្រែចិត្ត « ដោយ​ពេញ​ចិត្ត​ប្រាថ្នា » នោះ ?

នីហ្វៃទី 2 31:14–21

នីហ្វៃ​បង្រៀន​ថា ក្រោយពី​ពិធីបុណ្យ​ជ្រមុជទឹក យើង​ត្រូវ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ដ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ពន្យល់​ថា នីហ្វៃ​បាន​និយាយ​អំពី​ទ្វារ​មួយ​ចូល​ទៅ​ផ្លូវ​មួយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 31:17–18 ឲ្យ​ឮៗ ។ នៅពេល​សិស្ស​អាន​ចប់​ហើយ សូម​គូស​រូប​សាមញ្ញ​មួយ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ទ្វារ និង ផ្លូវ
  • ដោយ​ផ្អែកលើ នីហ្វៃទី 2 31:17 តើ​អ្វី​ជា​ទ្វារ​ទៅ ? ( ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​សរសេរ ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជទឹក ពី​ក្រោម​ទ្វារ​នោះ ) ។ តើ​ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជទឹក​ដូចជា​ទ្វារ​មួយ​ដោយ​របៀប​ណា ?

  • ដោយ​យោង​តាម នីហ្វៃទី 2 31:18 តើ​ផ្លូវ​នោះ​នាំ​ទៅ​រក​អ្វី ? ( ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​សរសេរ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅ​ចុងបញ្ចប់​នៃ​ផ្លូវ​នោះ ។ អ្នកគួរតែ​ពន្យល់​ថា​ឃ្លា « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » សំដៅ​ទៅលើ​ការតម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល ) ។

  • នីហ្វៃ​បាន​បង្រៀន​ថា ក្រោយពី​ពិធីបុណ្យ​ជ្រមុជទឹក​ហើយ យើង​នឹង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល នីហ្វៃទី 2 31:13–14 ) ។ ដោយ​យោង​តាម នីហ្វៃទី 2 31:17–18 តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​អ្វី​សម្រាប់​យើង ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា និង ព្រះរាជបុត្រា និង នាំ​មក​នូវ​ការផា្ដច់បាប​មួយ ) ។

  • ហេតុអ្វី​បានជា​វា​ចាំបាច់​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការផ្ដាច់​បាប អ្នក​គួរតែ​ពន្យល់​ឃ្លា « បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( នីហ្វៃទី 2 31:13–14 ; សូម​មើល​ផងដែរខគម្ពីរ​ទី 17 ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្ដាប់​រក​នូវ​អ្វី​ដែល​មាន​អត្ថន័យ ក្នុង​ការជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ទ្វារ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក នាំ​ទៅរក​ផ្លូវ​តូច ហើយ​ចង្អៀត ។ …

« យើង​ត្រូវ​បាន​បញ្ជា និង ណែនាំ​ឲ្យ​រស់នៅ​ដូច្នោះ ដើម្បី​ឲ្យ​ស្ថានភាព​ធ្លាក់​របស់​យើង​ត្រូវ​ប្ដូរ​តាមរយៈ​អំណាច​បន្សុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រធាន ម៉ារ៉ុន ជី. រ៉មនី បាន​បង្រៀន​ថា បុណ្យ​ជ្រមុជ​ភ្លើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ‹ បាន​ប្រែចិត្ត [ យើង ] ឲ្យ​ជឿ​ពី​ភាព​ខាង​សាច់ឈាម ទៅ​ភាព​ខាង​វិញ្ញាណ ។ វា​សម្អាត ព្យាបាល និង បន្សុទ្ធ​ព្រលឹង ។ … សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជ​ទឹក ទាំង​អស់​គឺជា​ការដំបូង និង ត្រូវការ​ជាមុន​​ចំពោះ​វា ប៉ុន្ដែ [ បុណ្យ​ជ្រមុជ​ដោយ​ភ្លើង ] គឺជា​ការបំពេញ​មួយ ។ ដើម្បី​ទទួល​បាន [ បុណ្យ​ជ្រមុជ​ដោយ​ភ្លើង​នេះ ] គឺ​ដើម្បី​ឲ្យ​សំលៀក​បំពាក់​របស់​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្អាត​នៅក្នុង​ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ › ( Learning for the Eternities, comp. George J. Romney [ ឆ្នាំ 1977 ] ទំព័រ 133 ; សូម​មើល​ផងដែរនីហ្វៃទី 3 27:19–20 ) ។

« ហេតុដូច្នេះ​ហើយ នៅពេល​យើង​ត្រូវ​បាន​កើត​ម្ដងទៀត ហើយ​តស៊ូ​ដើម្បី​ឲ្យ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជានិច្ច នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បន្សុទ្ធ និង សម្រិត​ព្រលឹង​យើង​ដោយសារ​ភ្លើង ( សូមមើល នីហ្វៃទី 2 31:13–14 , 17 ) ។ ទី បំផុត យើង​ត្រូវ​ឈរ​ដោយ​ស្អាត​នៅ​ចំពោះ​ព្រះ » ( « Clean Hands and a Pure Heart » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 81 ) ។

  • តើ​អែលឌើរ ប៊ែដណា និង ប្រធាន រ៉ូមនី បាន​និយាយ​ថា « បុណ្យ​ជ្រមុជ​ដោយ​ភ្លើង » ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង ?

  • តើ​ពរជ័យ​បន្ថែម​ទាំងឡាយ​អ្វី​ខ្លះ ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អ្នក « តស៊ូ​ដើម្បី​ឲ្យ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ » គង់​នៅ​ជាមួយ​នឹង​អ្នក​ជានិច្ច​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 2 31:18 ពាក្យ តូច មាន​ន័យ​ថា ចង្អៀត តឹងតែង ច្បាស់លាស់ និង មិន​ឲ្យ​មាន​ការវៀចវេរ​ឡើយ ។ នីហ្វៃ​បាន​ប្រើ​ពាក្យ​នេះ​ដើម្បី​រៀបរាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​តែ​ដើរ​តាម ក្រោយពី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ដោយ​ស្ងប់ស្ងាត់​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ក្រោយពី​ជ្រមុជទឹក​ហើយ ដើម្បី​បន្ដ​នៅ​លើ​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ ?

នៅពេល​សិស្សសញ្ជឹង​គិត​អំពី​សំណួរ​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង នីហ្វៃទី 2 31:15–16, 19–21 ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរតែ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​ពន្យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​គូស​ចំណាំ​នោះ ។ នៅពេល​ពួកគេ​ឆ្លើយ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​ដាក់​លើ​ក្ដារខៀន ។ រូប​របស់​អ្នក គួរតែ​មើល​ទៅ​ដូច​នេះ ៖

Eternal Life Steps

សូម​ធានា​ថា សិស្ស​យល់​ថា ប្រសិនបើ​យើង​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ យើង​នឹង​ទទួល​បាន​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 31:20 ឮៗ ។ សូម​បង្ហាញ​ថា នីហ្វៃទី 2 31:19–20 គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​វគ្គ​នេះ​ឲ្យ​ប្លែក​ពី​គេ ដើម្បី​ពួកគេ​អាច​រក​វា​ឃើញ​ដោយ​ងាយស្រួល ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​នឹង​សំណួរ​មួយ​ខាងក្រោម​នេះ នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​ក្នុង​ថ្នាក់​របស់​ពួកគេ ៖

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅក្នុង​មេរៀន​នេះ តើ​អ្វី​ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ថា អ្នក​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ ?

  • តើ​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ធ្វើ​នៅពេល​ជ្រមុជទឹក បាន​ជះឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដូចម្ដេច​ខ្លះ ?

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណាន​ខគម្ពីរ—នីហ្វៃទី 2 31:19–20

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

« អំណាច​ដ៏​អស្ចារ្យ អាច​មក​ពី​ការទន្ទេញ​ចាំ​ព្រះគម្ពីរ ។ ដើម្បី​ទន្ទេញ​ចាំ​ព្រះគម្ពីរ​មួយ គឺ​ត្រូវ​បង្កើត​មិត្តភាព​មួយ​ថ្មី ។ វា​ដូចជា​ការរកឃើញ​បុគ្គល​ថ្មី​មួយ​ដែល​អាច​ជួយ​ក្នុង​ពេល​ត្រូវការ ផ្ដល់​ការបំផុស​គំនិត និង ការលួងលោម និង ជា​ប្រភព​មួយ​នៃ​ការជម្រុញ​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ » ( «The Power of Scripture » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 6 ) ។

នៅលើ​បដា​មួយ ( ឬ ក្រដាស​មួយ​សន្លឹក ) សូម​សរសេរ ខ្ញុំ​បាន​ទន្ទេញ​ចាំ នីហ្វៃទី 2 31:19–20 ។សូម​ដាក់​បដា​នោះ​នៅ​កន្លែង​មួយ​ដែល​សិស្ស​គ្រប់គ្នា​មើល​ឃើញ​វា ។ សូម​ប្រជែង​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​នេះ​ដោយ​ខ្លួន​ឯង ឬ ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចុះ​ហត្ថលេខា​លើ​បដា​នោះ​នៅ​ថ្ងៃ​បន្ទាប់ ពេល​ពួកគេ​បាន​ទន្ទេញ​ចាំ​វគ្គ​នេះ​ហើយ ។ ប្រសិន​បើ​ពួកគេ​ធ្វើការ​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ​ដើម្បី​ទន្ទេញ​វា ពួកគេ​ក៏​អាច​សរសេរ​ឈ្មោះ​សមាជិក​គ្រួសារ​របស់​ពួកគេ​ដាក់​លើ​បដា​នោះ​បាន​ដែរ ។ សូម​ចាំ​ថា​ត្រូវ​កែតម្រូវ​ការប្រជែង​នេះ​ដល់​សមត្ថភាព និង កាលៈទេសៈ​របស់​បុគ្គល​ដើម្បី​ឲ្យ​សិស្ស​ម្នាក់ៗ​អាច​បាន​ជោគជ័យ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គុណតម្លៃ​នៃ​ការទន្ទេញ​ចាំ​ព្រះគម្ពីរ ដូចជា នីហ្វៃទី2 31:19–20 ដែល​មាន​ពាក្យ​នៃ​ក្ដី​ សង្ឃឹម​នេះ ។

កំណត់​ចំណាំ ៖ ដោយសារ​តែ​លក្ខណៈ និង ថិរវេលា​នៃ​មេរៀន​ថ្ងៃនេះ អ្នក​អាច​ប្រើ​សកម្មភាព​នេះ​នៅ​ថ្ងៃ​ក្រោយ នៅពេល​ដែល​អ្នក​មាន​ពេល​គ្រប់គ្រាន់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 231:2, 21 ។ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​ក្រុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖

« ‹ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ › ដូច​ដែល​បាន​បង្រៀន​ដោយ​នីហ្វៃ​នៅក្នុង​សេចក្ដី​ថ្លែង​ដ៏​ធំ ដោយ​សង្ខេប​អំពី​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យ​ជ្រមុជ​ដោយ​ការពន្លិច​ទឹក ការទទួល​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការតស៊ូ​ដល់​ទីបញ្ចប់ ។ នៅក្នុង​សេចក្ដី​ប្រកាស​នេះ វា​មិន​មែន​មាន​បំណង​ដើម្បី​គ្រប​ដណ្ដប់​ផែនការ​សង្គ្រោះ​ទាំងមូល​នោះ​ទេ គុណធម៌​ទាំងអស់​នៃ​ជីវិតជា​គ្រីស្ទាន​មួយ ឬក៏​រង្វាន់​ដែល​រង់ចាំ​យើង​នៅក្នុង​កម្រិត​ខុសគ្នា​ទាំងឡាយ​នៃ​សិរីល្អ​ពី​ស្ថានសួគ៌ ។ នៅក្នុង​សេចក្ដី​ប្រកាស​នេះ វា​មិន​មែន​ទាក់ទង​នឹង​តំណែង​ទាំងឡាយ​នៃ​បព្វជិតភាព ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ឬ គោលលទ្ធិ​ពិត​ផ្សេង​ទៀត​ជាច្រើន ។ ទាំងអស់​នេះ​គឺ​សំខាន់ ប៉ុន្ដែ​ដូចដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែរ ‹ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ › គឺ​សាមញ្ញ និង ចំៗ ។ វា​ផ្ដោតទៅលើ​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​ដាច់​ពី​គ្នា រួម​មាន​ការបង្ហាញ​ការលើក​ទឹកចិត្ត​ឲ្យ​តស៊ូ មិន​ចុះចាញ់ ខិតខំ​ទៅ ។ តាម​ពិត​ទៅ វា​ច្បាស់ និង​សាមញ្ញ​អំពី ‹ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ › ដែល​គេ​បាន​ឃើញ​ពី​ឥទ្ធិពល​របស់​វា ។ នីហ្វៃ​បាន​ដឹង​ថា វា​នឹង​ក្លាយជា​ដូច្នេះ ។ គាត់​បាន​សរសេរ​ថា ‹ ខ្ញុំ​នឹង​និយាយ​ទៅកាន់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​លាស់ ស្របតាម​សេចក្ដី​ច្បាស់​លាស់​នៃ​ការព្យាករណ៍​របស់​ខ្ញុំ ›[ នីហ្វៃទី 2 31:2 Christ and the New Covenant: The Messianic Message of the Book of Mormon ឆ្នាំ 1997 ] ទំព័រ 49–50 ) ។

នីហ្វៃទី 2 31:13 ។ « ការធ្វើ​ដោយ​ពុំ​មាន​ការលាក់​ពុត »

អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​និយាយ​អំពី​ការធ្វើ​ដោយ​ពុំ​មាន​ការលាក់​ពុត ៖

« តាម​ពិត​ទៅ តើ​យើង​ពិត​ជា​បាន​រស់នៅ​តាម​ដំណឹងល្អ​ទេ ឬក៏​យើង​គ្រាន់តែ សម្ដែង លក្ខណៈ​ខាងក្រៅ​នៃ​សេចក្ដី​សុចរិត​ដើម្បី​ឲ្យ​អ្នក​នៅ​ជុំវិញ​យើង ស្មាន​ថា យើង​ស្មោះត្រង់ តែ​តាម​ការពិត ចិត្ត និង សកម្មភាព​ដែល​មើល​មិន​ឃើញ​របស់​យើង​នោះ មិន ពិត​ចំពោះ​ការបង្រៀន​របស់​ព្រះអម្ចាស់​ឡើយ ?

« តើ​យើង​គ្រាន់តែ​ពាក់ ‹ ទម្រង់​នៃ​ការដឹកនាំ​ពី​ព្រះ › ខណៈ​ដែល​បដិសេធ ‹ ព្រះចេស្ដា​របស់​ទ្រង់​នោះ ? ›យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:19] ។

« តើ​យើង​ពិត​ជា​សុចរិត​ទេ ឬ​ក៏​យើង​ក្លែង​ធ្វើ​ជា​គោរព តែ​ពេល​ណា​ដែល​យើង​គិត​ថា​អ្នកដទៃ​កំពុង​តែ​មើល​មក​អ្នក​នោះ ?

« ព្រះអម្ចាស់​បាន​បញ្ជាក់​វា​ច្បាស់​ថា ទ្រង់​នឹង​មិន​ចាញ់​បោក​លក្ខណៈ​ខាងក្រៅ​នោះ​ទេ ហើយ​ទ្រង់​បាន​ព្រមាន​យើង​មិន​ឲ្យ​កុហក​ទ្រង់ ឬ អ្នក​ដទៃ​ឡើយ ។ ទ្រង់​បាន​ព្រមាន​យើង​ឲ្យ​ប្រយ័ត្ន​នឹង​អស់​អ្នក​ទាំងឡាយ​ណា​ដែល​គ្រោង​ធ្វើ​ជា​ត្រូវ​ខាង​ក្រៅ ដែល​ដាក់​ការធ្វើ​ពុត​ដ៏ប៉ិន​ប្រសប់​មួយ​ដែល​លាក់បាំង​ការពិត​ដ៏​ខ្មៅ​ងងឹត​ជាង​នោះ » ( « True to the Truth » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 15–16 ) ។

ដោយ​ទូន្មាន​ដល់​សមាជិក​ឲ្យ​ប្រព្រឹត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង មិន​មែន​គ្រាន់តែ​តាមរយៈ​ចលនា​នោះ អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​និយាយ​ថា ៖

« ការធ្វើតាម​ការបង្រៀន​ដ៏​សាមញ្ញ​បំផុត​ទាំងនេះ ភាពរុងរឿង​មួយ​នៃ​ទំនាក់ទំនង​ទៅនឹង​ព្រះគ្រីស្ទ​នឹង​បើក​ឡើង​ចំពោះ​យើង​តាម​របៀប​ជាច្រើន ៖ ការអធិស្ឋាន និង ការតម​អាហារ និង ការជញ្ជឹង​គិត​អំពី​បំណង​របស់​ទ្រង់ ដោយ​អាន​ព្រះគម្ពីរ ការបម្រើ​ដល់​អ្នកដទៃ ‹ ការជួយ​អ្នក​ទន់​ខ្សោយ ការលើក​ដៃ​ដែល​រោយ … ការចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ › [គ. និង​ស. 81:5] ។ លើស​អ្វី​ផ្សេង​ទៀត​ទាំងអស់ ការស្រឡាញ់ ‹ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › អំណោយ​នោះ​ដែល ‹ មិន​ដែល​ផុត​រលត់​ឡើយ › អំណោយ​នោះ​ដែល ‹ ទ្រាំទ្រ​ការណ៍​ទាំងអស់ ជឿ​ដល់​ការណ៍​ទាំងអស់ សង្ឃឹម​ដល់​ការណ៍​ទាំងអស់ [ ហើយ ] ស៊ូ​ទ្រាំ​ទ្រ​ការណ៍​ទាំងអស់ › ។ [ សូមមើល មរ៉ូណៃ 7:45–47] ។ មិន​យូរ​ទេ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ប្រភេទ​នោះ យើង​ដឹង​ថា ជំនាន់​របស់​យើង​នឹង​ដាក់​ពិន្ទុ​នៃ​ផ្លូវ​ធ្លា ដែល​នាំ​ទៅរក​លោក​ចៅហ្វាយ ហើយ​ថា​រាល់​ពេល​ដែល​យើង​ទៅ​រក​ទ្រង់ ទោះបី​ជា​ខ្សោយ​ក្ដី យើង​នឹង​រកឃើញ​ថា ទ្រង់​បាន​ព្យាយាម​មក​រក​យើង​ដោយ​អន្ទះសារ ។ …

« បំណងប្រាថ្នា​របស់ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​សម្រាប់​យើង ទាំងអស់​គ្នា ឲ្យ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ទៅមុខ​ជាង​នេះ​ទៀត​ជាមួយ​នឹង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ ពេលខ្លះ យើង​ស្វែងរក​ស្ថានសួគ៌​ដោយ​បញ្ឆិតបញ្ឆៀង​ពេក [ ដោយ​មិន​ចំ​ផ្ទាល់ ] ដោយ​ផ្ដោត​លើ​កម្មវិធី ឬ ប្រវត្តិសាស្ដ្រ ឬ បទពិសោធន៍​របស់​អ្នកដទៃ ។ ទាំងនោះ​គឺ​សំខាន់ ប៉ុន្ដែ​វា​មិន​សំខាន់​ដូចជា​បទពិសោធន៍​ផ្ទាល់ខ្លួន ភាពជា​សិស្ស​ដ៏​ពិត និង កម្លាំង​ដែល​ចេញ​មក​ពី​ការជួប​លើក​ដំបូង​នឹង​ព្រះចេស្ដា​នៃ​ការពាល់​របស់​ទ្រង់​នោះ​ទេ » ( « Broken Things to Mend » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 70 ) ។

នីហ្វៃទី 2 31:13, 17–18 ។ « ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ »

អែលឌើរ ដេវីឌ អេ. បែដណា បាន​បង្រៀន​ថា ៖

« ពិធីបរិសុទ្ធ​នៃ​ការបញ្ជាក់​ពី​សមាជិក​ថ្មី​ម្នាក់​នៃ​សាសនាចក្រ និង ការប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពិធី​ទាំងពីរ​នេះ​សាមញ្ញ និង មាន​ន័យពន់​ពេក ។ អ្នកកាន់​បព្វជិតភាព​មីលគីស្សាដែក​ដែល​ស័ក្ដិសម ដាក់​ដៃ​របស់​ពួកគាត់​លើ​ក្បាល​របស់​បុគ្គល​ម្នាក់ ហើយ​ហៅ​គាត់​ដោយ​ឈ្មោះ​ចំ ។ បន្ទាប់មក ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ និង នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ បុគ្គល​នោះ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ឃ្លា​ដ៏​សំខាន់​នេះ​ត្រូវ​បាន​បន្លឺ​ឡើង​ថា ៖ ‹ ចូរ​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ › ។

« ភាពសាមញ្ញ​នៃ​ពិធីបរិសុទ្ធ​នេះ អាច​បណ្ដាល​ឲ្យ​យើង​មើល​រំលង​សារៈសំខាន់​របស់​វា ។ ពាក្យ​ទាំង​បី​នេះ—‹ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ›—មិន​មែនជា​ការប្រកាស​អសកម្ម​មួយ​នោះ​ទេ ប៉ុន្ដែ​វា​រួម​ដល់​ការបញ្ជា​បព្វជិតភាព​មួយ — ការទូន្មាន​ដ៏​មាន​សិទ្ធិ​អំណាច​មួយ​ឲ្យ​ធ្វើ​សកម្មភាព ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ ( សូមមើល នីហ្វៃទី 2 2:26). ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ប្រតិបត្តិការ​នៅក្នុង​ជីវិត​របស់​យើង ដោយ​គ្រាន់តែ​ដោយសារ​ដៃ​ដែល​ដាក់​លើ​ក្បាល​របស់​យើង ហើយ​ពាក្យ​ទាំងបី​សំខាន់​នោះ​និយាយ​ចេញ​មក​នោះ​ទេ ។ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នេះ យើង​ម្នាក់ៗ​ទទួល​យក​ទំនួលខុសត្រូវ​ដ៏​ពិសិដ្ឋ និង បន្ដ​ឥត​ដាច់​មួយ​ដើម្បី​មាន​បំណង ស្វែងរក ធ្វើការ និង រស់នៅ​តាម​ដើម្បី​យើង​ពិត​ជា​បាន ‹ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ › និង អំណោយ​ខាង​វិញ្ញាណ​ដែល​មាន​វត្តមាន​របស់​ទ្រង់​នោះ … ។

« ការអធិស្ឋាន ការសិក្សា ការប្រមូល ការថ្វាយបង្គំ ការបម្រើ និង ការគោរព មិន​មែន​ឆ្ងាយពីគ្នា និង ឯករាជ្យ​ពី​រឿង​ដែល​នៅលើ​បញ្ជី​ដែល​ត្រូវ​ធ្វើ​ដ៏​វែង​នៃ​ដំណឹងល្អ​នោះ​ឡើយ ។ ប៉ុន្ដែ ការអនុវត្តន៍​ដ៏​សុចរិត​ទាំងនេះ​មួយៗ​គឺជា​ធាតុ​សំខាន់​នៅក្នុង​ដំណើរ​ស្វែងរក​ខាង​វិញ្ញាណ​ដ៏​កោង​មួយ​ដើម្បី​បំពេញ​តាម​ការបញ្ជា​ឲ្យ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​មក​ពី​ព្រះ​ដែល​យើង​គោរព និង ការទូន្មាន​ដ៏​បំផុស​គំនិត​ដែល​មក​ពី​អ្នកដឹកនាំ​សាសនាចក្រ​ដែល​យើង​ធ្វើតាម​ជាពិសេស​នោះ ផ្ដោតលើ​ការទទួល​បាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។ ជា​មូលដ្ឋាន ការបង្រៀន​ដំណឹងល្អ និង សកម្មភាព​ទាំងអស់​ផ្ដោតលើ​ការចូល​មក​រក​ព្រះគ្រីស្ទ ដោយ​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង » ( « Receive the Holy Ghost » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 95, 97 ) ។

សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ រៀបរាប់​ពី​ពរជ័យ​ខ្លះៗ​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​មាន​ភាពស័ក្ដិសម​ទទួល​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« [ ព្រះវិញ្ញាណ​បរិសុទ្ធ ] អាច​ដឹកនាំ​អ្នក​ក្នុង​ការសម្រេច​ចិត្ត​របស់​អ្នក និង ការពារ​អ្នក​ពី​គ្រោះថ្នាក់​ខាង​រាងកាយ និង ខាង​វិញ្ញាណ ។…

« ទ្រង់​គឺជា​ព្រះ​ដ៏​ជា​ជំនួយ ( យ៉ូហាន 14:26) ។… ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ អាច​រម្ងាប់​ភាពភ័យខ្លាច​របស់​អ្នក បំបាត់​ការបារម្ភ​ដដែល​ក្នុង​ជីវិត​អ្នក ហើយ​លួងលោម​អ្នក នៅពេល​អ្នក​កើតទុក្ខ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំពេញ​អ្នក ‹ ដោយ​សេចក្ដី​សង្ឃឹម និង សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ › និង ‹ បង្រៀន​អ្នក​អំពី ការណ៍​ទាំងឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី សុខសានដ្ដ​នៃ នគរ › ( មរ៉ូណៃ 8:26; គ . និង ស . 36:2 ) ។ …

« សេចក្ដី​អររីករាយ​ពេញលេញ​នៃ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ រួម​មាន​ការទទួល​បាន​វិវរណៈ និង ការលួងលោម ការបម្រើ និង ការប្រទានពរ​ដល់​អ្នកដទៃ​តាមរយៈ​អំណោយទាន​ខាង​វិញ្ញាណ និង ការបាន​ញែកចេញ​ជា​បរិសុទ្ធ​ពី​អំពើបាប និង ធ្វើ​ឲ្យ​សម​នឹង​ការតម្កើង​ឡើង​នៅក្នុង​នគរ​សេឡេស្ទាល » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ សេចក្ដី​យោង​បទគម្ពីរ [ ឆ្នាំ 2004 ] ទំព័រ 82–83 ) ។

នីហ្វៃទី 2 31:15–16 ។ « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត »

ឃ្លា​ថា « កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ជាញឹកញាប់​ត្រូវ​បាន​ប្រើ​ដើម្បី​ស្នើ​ពី​តម្រូវការ​ដើម្បី​រង​នឹង​ទុក្ខ​លំបាក​ដោយ​ការអត់ធ្មត់​ពេញ​មួយ​ជីវិត​របស់យើង ។ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន បាន​ពន្យល់​ថា​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ក៏​មាន​ន័យ​ថា​ត្រូវ​បន្ដ​នៅក្នុង​ភាពស្មោះត្រង់​ទៅលើ​ព្រះគ្រីស្ទ ៖

« ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត គឺជា​គោលលទ្ធិ​នៃ​ការបន្ដ​នៅលើ​ផ្លូវ ដែល​នាំ​ទៅរក​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បន្ទាប់​ពី​មនុស្ស​ម្នាក់​បាន​ចូល​ទៅកាន់​ផ្លូវ​នោះ តាមរយៈ​សេចក្ដី​ជំនឿ ការប្រែចិត្ត បុណ្យ​ជ្រមុជទឹក និង ការទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ត្រូវការ​ដួងចិត្ត​យើង​ទាំងមូល ឬ ដូចជា​ព្យាការី​ព្រះគម្ពីរ​មរមន អាម៉ាលេកៃ​បាន​បង្រៀន​ថា យើង​ត្រូវ​តែ ‹ មក​រក​ទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់ ហើយ​ចូរ​បន្ដ​ការតម​អាហារ និង ការអធិស្ឋាន ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ហើយ​ប្រាកដ​ដូចជា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ នោះ [ យើង ] នឹង​បាន​សង្គ្រោះ › [អោមណៃ 1:26] ។

« ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មាន​ន័យ​ថា​យើង​បាន​បណ្ដុះ​ជីវិត​យើង​យ៉ាង​រឹងមាំ​នៅលើ​ដី​នៃ​ដំណឹងល្អ ដោយ​ការនៅ​ក្នុង​អំណាច​នៃ​សាសនាចក្រ ដោយ​ការបម្រើ​មនុស្ស​ជាតិ​យើង​ដោយ​រាបសា ការចិញ្ចឹម​ជីវិត​ឲ្យ​ដូចជា​ព្រះគ្រីស្ទ និង ការកាន់​តាម​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​យើង ។ អ្នក​ទាំងឡាយ​ណា​ដែល​បាន​កាន់ខ្ជាប់​គឺ​មាន​តុល្យភាព មិន​ផ្លាស់ប្ដូរ បន្ទាបខ្លួន រីកចម្រើន​ជា​លំដាប់ និង ដោយ​គ្មាន​ឧបាយកល​ឡើយ ។ ទី បន្ទាល់​របស់​ពួកគេ​មិន​ពឹងផ្អែក​ទៅលើ​មូលហេតុ​នៃ​លោកិយ​ឡើយ —វា​ផ្អែកលើ​សេចក្ដីពិត ចំណេះដឹង បទពិសោធន៍ និង ព្រះវិញ្ញាណ » ( « Press On » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 101 ) ។

នីហ្វៃទី 2 31–33 ។ ព្រះវិញ្ញាណ​បរិសុទ្ធ

ការបង្រៀន​ចុងក្រោយ​របស់​នីហ្វៃ​នៅក្នុង​ព្រះគម្ពីរ​មរមន រួម​មាន​សេចក្ដីពិត​ជាច្រើន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឧទាហរណ៍ ៖

  1. ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​អ្នក​ឲ្យ​និយាយ​ដោយ « ភាសា​នៃ​ពួកទេវតា » ( សូមមើល នីហ្វៃទី 2 31:13 ) ។

  2. ការផ្ដាច់​បាប​មក​បាន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី 2 31:17 ) ។

  3. ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​ព្រះវរបិតា និង អំពី​ព្រះរាជបុត្រា ( សូមមើល នីហ្វៃទី 2 31:18 ) ។

  4. ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ ( សូមមើល នីហ្វៃទី 2 32:5 ) ។

  5. ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន ( សូមមើល នីហ្វៃទី 2 32:8 ) ។

  6. នៅពេល​មនុស្ស​ម្នាក់​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​សារ​នោះ​ទៅ​ដល់​ដួងចិត្ត​របស់​អ្នកដទៃ ( សូមមើល នីហ្វៃទី 2 33:1 ) ។