មេរៀនទី 65
ម៉ូសាយ 25
សេចក្តីផ្ដើម
ម៉ូសាយ 25ផ្ដល់នូវការបញ្ចប់មួយដល់ដំណើររឿងនៃប្រជាជនរបស់ស៊ីនិព្វ ( សូមមើល ម៉ូសាយ 7–24 ) ។ ប្រជាជនរបស់លិមហៃ និង អ្នកដើរតាមអាលម៉ាបានត្រឡប់ទៅកាន់ដែនដីសារ៉ាហិមឡា ហើយត្រូវបានរូបរួមដោយសុវត្ថិភាពនៅក្រោមការគ្រប់គ្រងរបស់ស្ដេចម៉ូសាយ ។ បន្ទាប់ពីក្រុមទាំងពីរនេះបានមកដល់ នោះលិមហៃ និង ប្រជាជនរបស់គាត់បានទទួលបុណ្យជ្រមុជទឹក ។ ស្ដេចម៉ូសាយបានឲ្យអាលម៉ានូវសិទ្ធិអំណាចដើម្បីស្ថាបនាសាសនាចក្រ ទូទាំងដែនដីហើយគ្រប់គ្រងកិច្ចការនៃសាសនាចក្ររបស់ព្រះក្នុងចំណោមប្រជាជននីហ្វៃ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 25:1–13
អ្នកដែលផ្ដុំគ្នានៅក្នុងដែនដីសារ៉ាហិមឡារួបរួមគ្នា ហើយក្លាយជាសាសន៍នីហ្វៃ
សូមឲ្យសិស្សគិតពីដំណើររឿងដែលពួកគេបានអាន ឬ បានឮ ដែលបង្ហាញពីរបៀប ព្រះអម្ចាស់បានជួយដល់នរណាម្នាក់ដោយការផ្ដល់ការដឹកនាំ កម្លាំង ការការពារ ឬ ការដោះលែង ។ អ្នកស្នើថា ពួកគេគួរគិតពីដំណើររឿងនៅក្នុងព្រះគម្ពីរ ប្រវត្តិនៃសាសនាចក្រ ឬ ជីវិតរបស់សមាជិកគ្រួសារ ឬ មិត្តភក្ដិ ។ ជាឧទាហរណ៍ សូមចែកចាយរឿងដែលបានប្រាប់ដោយយុវនារីម្នាក់ដែលដើរខាងមុខគេនៃក្រុមរបស់នាង ហើយបានដើរចុះភ្នំក្នុងពេលសកម្មភាពទៅក្រៅកំសាន្ដរបស់វួដ ៖
“ សំឡេងព្រមានមួយ ដែលរឹងមាំប៉ុន្ដែស្រទន់ បាននិយាយថា ‹ ត្រឡប់ទៅខាងក្រោយ › ។ ខ្ញុំស្ទើរតែព្រងើយនឹងវា ប៉ុន្ដែវាបានឮមកម្ដងទៀត ។ លើកនេះ ខ្ញុំបានស្ដាប់តាម ហើយត្រឡប់ទៅក្នុងក្រុមវិញ ។ នៅពេលយើងដើរចុះ យើងបានឃើញក្របីដ៏ធំពីរដើរយ៉ាងលឿន យ៉ាងកម្រោលមកលើភ្នំ ។ ក្របីធំជាងគេបានចាប់ផ្ដើមទន្រ្ទាន់ជើងនឹងដី ពេលវាសំឡឹងមកកាន់យើង ។ … អ្នកដឹកនាំបព្វជិតភាពរបស់យើងបានបង្អាក់វា ហើយយើងអាចឡើងលើរបងទៅទីសុវត្ថិភាព ។
“ នៅពេលយើងបានចូលជំរុំម្ដងទៀត ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំមិនបានស្ដាប់តាមការព្រមានពីព្រះវិញ្ញាណនោះទេ ខ្ញុំអាចត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ឬ អាចស្លាប់ផងក៏ថាបាន ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌យកចិត្តទុកដាក់ពីខ្ញុំ ហើយបានការពារខ្ញុំឲ្យមានសុវត្ថិភាព ។ ខ្ញុំពិតជាមានអំណរគុណដល់ព្រះអម្ចាស់សម្រាប់ការព្រមាននោះខ្លាំងណាស់ ។ បទពិសោធន៍នេះបានពង្រឹងទីបន្ទាល់របស់ខ្ញុំ ហើយបានឲ្យខ្ញុំស្រឡាញ់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ” ( “ Turn Back,” New Era, ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 47 ) ។
សូមឲ្យសិស្សម្នាក់ ឬ ពីរនាក់ចែកចាយរឿងមួយដែលពួកគេគិតថាវាបង្ហាញពីសេចក្ដីល្អ និង អំណាចរបស់ព្រះនៅក្នុងជីវិតរបស់នរណាម្នាក់ទៀត ។ សូមសួរសិស្សថា ៖
-
តើវាជួយអ្នកឲ្យស្ដាប់តាមគំរូនៃសេចក្ដីល្អរបស់ព្រះ និង ព្រះចេស្ដាទ្រង់នៅក្នុងជីវិតរបស់អ្នកដទៃដោយរបៀបណា ?
សូមសង្ខេប ម៉ូសាយ 25:1–6 ដោយការពន្យល់ថា ក្រោយពីប្រជាជនរបស់លិមហៃ និង ប្រជាជនរបស់អាលម៉ា ( អ្នកទាំងនោះជាកូនចៅនៃប្រជាជនរបស់ស៊ីនិព្វ ) បានរត់ចេញពីសេវកភាព ហើយបានរួបរួមជាមួយប្រជាជនដែលកំពុងរស់នៅក្នុងដែនដីសារ៉ាហិមឡា ស្ដេចម៉ូសាយបានអានកំណត់ត្រារបស់ពួកគេដល់ប្រជាជនទាំងអស់ ។ សូមឲ្យសិស្សអាន ម៉ូសាយ 25:7 ដោយស្ងាត់ៗ ដោយរកមើលចម្លើយទូទៅពីប្រជាជនចំពោះដំណើររឿងនៃការទាក់ទងរបស់ព្រះជាមួយនឹងប្រជាជនរបស់ស៊ីនិព្វ ។ សូមឲ្យសិស្សម្នាក់ចែកចាយនូវអ្វីដែលគេបានរកឃើញ ។
សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ។ សូមពន្យល់ថា នៅក្នុង ម៉ូសាយ 25:8–11 យើងរៀនបន្ថែមអំពីរបៀបដែលប្រជាជនបានឆ្លើយតបនឹងដំណើររឿងរបស់ប្រជាជនស៊ីនិព្វ និងប្រជាជនរបស់អាលម៉ា ។ សូមឲ្យសិស្សអានសេចក្ដីយោងព្រះគម្ពីរដើម្បីរកមើលអ្វីដែលប្រជាជនបានឮ និង ពីអារម្មណ៍ដែលពួកគេបានមានអំពីវា ។ ចម្លើយសម្រាប់សេចក្ដីយោងទីមួយ ត្រូវបានផ្ដល់នៅក្នុងវង់ក្រចកជាឧទាហរណ៍ ។
អ្វីដែលប្រជាជនបានឮ |
អារម្មណ៍ដែលប្រជាជនបានមាន | |
---|---|---|
( ពួកគេបានឮពីរបៀបដែលប្រជាជនរបស់លិមហៃត្រូវបានដោះលែងពីសេវកភាព ) |
( វាធ្វើឲ្យពួកគេពោរពេញដោយសេចក្ដីអំណរដ៏ខ្លាំង ) ។ | |
នៅពេលសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាសេចក្ដីយោងព្រះគម្ពីរនេះហើយ សូមឲ្យសិស្សពីរបីនាក់សរសេរនៅលើក្ដារខៀនពីអ្វីដែលពួកគេបានរកឃើញ ។ សូមឲ្យសិស្សសង្ខេបអ្វីដែលពួកគេបានរៀនពី ម៉ូសាយ 25:8–11 ដោយការនិយាយពីគោលការណ៍ពីវគ្គនេះដែលពួកគេអាចអនុវត្តដល់ខ្លួនគេ ។ នៅពេលសិស្សឆ្លើយតប សូមឲ្យពួកគេដឹងថា ដោយការសិក្សាកំណត់ត្រានៃការទាក់ទងរបស់ព្រះជាមួយនឹងអ្នកដទៃ យើងអាចមានអារម្មណ៍រីករាយ និង ដឹងគុណសម្រាប់សេចក្ដីល្អរបស់ព្រះ ។( នៅពេលសិស្សអានខគម្ពីរទាំងនេះ ពួកគេក៏អាចកត់សម្គាល់ពីការសោកសៅ និងការបាត់បង់ដែលជាលទ្ធផលនៃអំពើបាប ) ។
-
តើប្រភពអ្វីដែលយើងអាចត្រឡប់ទៅរៀនពីបទពិសោធន៍របស់អ្នកដទៃជាមួយនឹងសេចក្ដីល្អរបស់ព្រះ ? ( សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ចម្លើយអាចមាន ព្រះគម្ពីរ សុន្ទរកថានាសន្និសីទទូទៅ ទស្សនាវដ្ដីនៃសាសនាចក្រ ជីវប្រវត្តិនៃអ្នកដឹកនាំសាសនាចក្រ និងអ្នកដទៃ និង ពង្សប្រវត្តិ
សូមអញ្ជើញឲ្យសិស្សគិតអំពីពេលដែលពួកគេបានរៀនពីសេចក្ដីល្អរបស់ព្រះដល់អ្នកដទៃពីប្រភពដែលបានសរសេរនៅលើក្ដារខៀននេះ ។
-
តើអ្នកបានទទួលប្រយោជន៍ពីការរៀនពីសេចក្ដីល្អរបស់ព្រះដល់អ្នកដទៃពីប្រភពមួយនៃប្រភពទាំងនេះដោយរបៀបណា ?
-
តើអ្នកគិតថា អ្វីដែលមានឥទ្ធិពលក្នុងរយៈពេលវែងដល់នរណាម្នាក់ដែលរៀនពីសេចក្ដីល្អរបស់ព្រះជាទៀងទាត់នៅក្នុងការទាក់ទងរបស់ទ្រង់ជាមួយនឹងអ្នកដទៃ ?
សូមលើកទឹកចិត្តសិស្សឲ្យមានពេលសម្រាប់ខ្លួនគេដើម្បីជ្រើសរើសប្រភពមួយដែលសរសេរនៅលើក្ដារខៀន ហើយស្រាវជ្រាវរករឿងដែលបំផុសគំនិតនៃសេចក្ដីល្អរបស់ព្រះ ។
ម៉ូសាយ 25:14–24
អាលម៉ាស្ថាបនាសាសនាចក្រនៃព្រះទូទាំងដែនដីនីហ្វៃ
ដើម្បីរៀបចំសិស្សឲ្យសិក្សាពីការរៀបចំ និង ការបង្រៀននៃសាសនាចក្រក្នុងសាសន៍នីហ្វៃ សូមសួរ ៖
-
តើនៅពេលណាដែលអ្នកបានចូលរួមក្នុងវួដ ឬ សាខានៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាជាងវួដ ឬ សាខានៃផ្ទះរបស់អ្នក ? តើភាពស្រដៀងគ្នាអ្វីខ្លះដែលអ្នកបានកត់សម្គាល់រវាងវួដ ឬ សាខានៃផ្ទះរបស់អ្នក និង វួដ ឬ សាខាដែលបានទៅលេង ?
-
តើវាជួយឲ្យឃើញថាការរៀបចំ និង ការបង្រៀននៃសាសនាចក្រដូចគ្នានៅគ្រប់វួដ ឬ សាខានៃសាសនាចក្រយ៉ាងណាខ្លះ ?
សូមសង្ខេប ម៉ូសាយ 25:14–17 ដោយការពន្យល់ថា ក្រោយពីម៉ូសាយបាននិយាយ និងអានដល់ប្រជាជន គាត់បានអញ្ជើញអាលម៉ាឲ្យបង្រៀនដល់ពួកគេ ។ បន្ទាប់មក ស្ដេចលិមហៃនិងប្រជាជនរបស់គាត់បានស្នើឲ្យមានការជ្រមុជទឹក ។ អាលម៉ាបានជ្រមុជទឹកឲ្យពួកគេ ហើយបានចាប់ផ្ដើមរៀបចំសាសនាចក្រទូទាំងដែនដី ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី ម៉ូសាយ 25:18–22 ។ សូមឲ្យសិស្សរកមើលពីរបៀបដែលសាសនាចក្រត្រូវបានរៀបចំ និង គ្រប់គ្រងក្នុងចំណោមសាសន៍នីហ្វៃនៅក្នុងជំនាន់របស់អាលម៉ា ។ ដើម្បីជួយសិស្សឲ្យយល់ថា ការរៀបចំនៃសាសនាចក្រធានាថា សមាជិកទាំងអស់អាចទទួលបានសេចក្ដីពិត សូមសួរសំណួរដូចខាងក្រោម ៖
-
តើសាសនាចក្រក្នុងចំណោមសាសន៍នីហ្វៃដូចគ្នានឹងសាសនាចក្រសព្វថ្ងៃនេះដោយរបៀបណា ? ( យើងមានវួដ និង សាខាដែលដូចជា “ ក្រុមផ្សេងៗគ្នា ” ដែលបានលើកឡើងនៅក្នុង ម៉ូសាយ 25:21 ។ ប្រធានសាខា ប៊ីស្សព និង ប្រធានស្ដេកគឺដូចជាពួកសង្ឃ និងគ្រូបង្រៀនដែលគ្រប់គ្រងសាសនាចក្រនៅក្នុងជំនាន់របស់អាលម៉ា ។ )
-
យោងតាម ម៉ូសាយ 25:15–16, 22 តើសេចក្ដីពិតអ្វីខ្លះដែលពួកសង្ឃ និងគ្រូបង្រៀនទាំងឡាយនៃសាសនាចក្របញ្ជាក់នៅក្នុងជំនាន់របស់ម៉ូសាយ ? ( អ្នកអាចបង្ហាញថា ព្រះអម្ចាស់បានប្រទានការណែនាំស្រដៀងគ្នាដល់ឪពុកម្ដាយ អ្នកដឹកនាំសាសនាចក្រ និង អ្នកផ្សព្វផ្សាយសាសនានៅក្នុងថ្ងៃចុងក្រោយ ។ [ សូមមើល គ. & ស. 15:6; 19:31; 68:25។ ] )
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីបន្ដបង្រៀនការប្រែចិត្ត និង សេចក្ដីជំនឿទៅលើព្រះ ?
សូមឲ្យសិស្សអាន ម៉ូសាយ 25:23–24 ដោយរកមើលឃ្លាដែលបង្ហាញពីពរជ័យដែលទទួលដោយអ្នកដែលបានចូលរួមសាសនាចក្រនៃព្រះ ។
-
តើប្រជាជនទាំងនេះត្រូវបានប្រទានពរ ជាលទ្ធផលនៃការជ្រមុជទឹក និងការចូលរួមក្នុងសាសនាចក្រនៃព្រះដោយរបៀបណា ?
-
តើព្រះអម្ចាស់បានប្រទានពរដល់អ្នកតាមរយៈសមាជិកភាពរបស់អ្នកនៅក្នុងសាសនាចក្រដោយរបៀបណា ?
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅស្របតាមនោះ ព្រះអម្ចាស់នឹងស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ។
សូមថ្លែងទីបន្ទាល់ថា ពរជ័យទាំងឡាយដែលពួកគេបានជួបក្នុងនាមជាសមាជិកនៃសាសនាចក្រអាចកើនឡើង នៅពេលពួកគេរក្សាសេចក្ដីសញ្ញារបស់ពួកគេ ហើយទទួលព្រះវិញ្ញាណ ។