បណ្ណាល័យ
មេរៀនទី 61 ៖ ម៉ូសាយ 18


មេរៀនទី 61

ម៉ូសាយ 18

សេចក្តីផ្ដើម

ក្រោយពី​អ័ប៊ីណាដៃ​ស្លាប់ អាលម៉ា​បាន​បង្រៀន​ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ​ដោយ​សម្ងាត់​ក្នុង​ចំណោម​ប្រជាជន ។ អ្នកដែល​ជឿ​តាម​គាត់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ទឹក​នៃ​មរមន​ដើម្បី​រៀន​បន្ថែម ។ អាលម៉ា​បាន​ចែកចាយ​សារលិខិត​នៃ « ការប្រែចិត្ត និង សេចក្ដីប្រោសលោះ និង សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ » ( ម៉ូសាយ 18:7 ) ។ អ្នកដែល​បាន​ទទួល​ការបង្រៀន​របស់​គាត់ ហើយ​បាន​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​ពួកគេ​បាន​ចូលទៅក្នុង​សេចក្ដីសញ្ញា​នៃ​ការជ្រមុជទឹក ។ ប្រជាជន​មាន​ជំនឿ​ទៅលើ​សេចក្ដីសញ្ញា​នេះ ហើយ​ពួកគេ​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 18:1–16

អាលម៉ា​បង្រៀន និង ជ្រមុជទឹក​ដល់​ប្រជាជន

សូម​បង្ហាញ​រូបភាព​អ័ប៊ីណាដៃ​នៅ​ចំពោះមុខ​ស្ដេច​ណូអេ ( 62042; សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 75 ) ។ សូម​ចង្អុល​ទៅ​ពួកសង្ឃ​នៅ​ខាងក្រោយ​រូបភាព ។ សូមពន្យល់​ថា ម៉ូសាយ 18 ប្រាប់​ពី​បទពិសោធន៍​របស់​អាលម៉ា ដែល​ជា​សង្ឃ​ម្នាក់​របស់​ស្ដេចណូអេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 18:1, 3–6 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ ក្រោយពី​ស្ដាប់​ឮ​ទីបន្ទាល់​របស់​អ័ប៊ីណាដៃ​ហើយ ។ ក្រោយពី​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ហើយ សូម​ឲ្យ​ពួកគេ​មើល​ទៅ​ឌីយ៉ាក្រាម​របស់​ពួកគេ​ដែល​បង្ហាញ​ពី​សេចក្ដីសង្ខេប​នៃ​ការធ្វើដំណើរ​នៅក្នុង ម៉ូសាយ 7–24 ។ សូម​ណែនាំ​ពួកគេ​ឲ្យ​គូស​ទឹក​នៃ​មរមន​នៅក្នុង​កន្លែង​សមរម្យ ។ ( សម្រាប់​ឌីយ៉ាក្រាម​ពេញលេញ សូម​មើល​សេចក្ដីបន្ថែម​នៅចុងបញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។ )

ការធ្វើដំណើរ​នៅក្នុង ម៉ូសាយ 7–24

សូម​ពន្យល់​ថា អាលម៉ា​មាន​បំណង​ចំពោះ​ការបង្រៀន​របស់​គាត់​ដើម្បី​រៀបចំ​ប្រជាជន​ដល់​ពិធីបុណ្យជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ពិធីបុណ្យជ្រមុជទឹក​របស់​ពួកគេ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពិធីបុណ្យជ្រមុជទឹក​របស់​គេ​មាន​ន័យ​ចំពោះ​គេ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​នៅ​ចាំ​អ្វីខ្លះ​អំពី​បទពិសោធន៍​របស់​អ្នក ?

  • តើ​ឪពុកម្ដាយ គ្រូបង្រៀន និង អ្នកដឹកនាំ​របស់​អ្នក​ជួយ​អ្នក​ឲ្យ​រៀបចំ​ពិធីបុណ្យជ្រមុជទឹក​ដោយ​របៀប​ណា ?

  • តើ​អ្នក​កោតសរសើរ​ដល់​អ្វី​ច្រើន​ជាង​គេ​អំពី​ពិធីបុណ្យជ្រមុជទឹក​នាពេល​ឥឡូវនេះ ជាង​ពេល​ដែល​អ្នក​ទទួល​ពិធីបុណ្យជ្រមុជទឹក​នោះ ?

សូម​ពន្យល់​ថា រឿង​នៃ​ការបង្រៀន​របស់​អាលម៉ា និង ការជ្រមុជទឹក​ដល់​ប្រជាជន​នៅ​ឯ​ទឹក​នៃ​មរមន​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ការយល់ដឹង​បន្ថែមទៀត​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ។

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 18:2, 7 ដោយ​ស្ងៀមស្ងាត់ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ដល់​ប្រជាជន នៅពេល​គាត់​បាន​រៀបចំ​ពួកគេ​សម្រាប់​ពិធីបុណ្យជ្រមុជទឹក ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​គោលលទ្ធិ និង គោលការណ៍​មួយ​ណា​ដែល​អាលម៉ា​បាន​សង្កត់ធ្ងន់​លើ​នោះ ?

  • តើ​អ្នក​គិត​ថា ការយល់​ដឹង​ពី​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​មនុស្ស​ខ្លះ​ឲ្យ​រៀបចំ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​របៀបណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង ដើម្បី​ជួយ​ពួកគេ​ឲ្យ​កោតសរសើរ​ដល់​ពរជ័យ​ដែលពួកគេ​នឹង​ទទួល​បាន​ជា​លទ្ធផល សូម​ចម្លង​តារាង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ សូម​កុំ​បញ្ចូល​ប្រយោគ ឬ សេចក្ដីយោង​ព្រះគម្ពីរ​នៅ​ពាក់កណ្ដាល​ខាងក្រោម​នៃ​តារាង​នេះ ។

ខ្ញុំ​នឹង …

ព្រះ​សន្យា …

សូម​ជួយ​ទទួល​បន្ទុកគ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល ។ ( សូមមើល ម៉ូសាយ 18:8 ) ។

សូម​ទួញយំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញយំ ( សូម​មើល ម៉ូសាយ 18:9 ) ។

សូម​កំសាន្ដ​ទុក្ខ​ដល់​អស់អ្នកណា​ដែល​កំពុងត្រូវការ​កំសាន្ដទុក្ខ ( សូមមើល ម៉ូសាយ 18:9 ) ។

ឈរ​ជាសាក្សី​ដល់​ព្រះ​នៅ​គ្រប់ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង ( សូមមើល ម៉ូសាយ 18:9) ។

បម្រើ​ព្រះអង្គ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូមមើល ម៉ូសាយ 18:9 ) ។

ដើម្បី​ឲ្យ​ខ្ញុំ​អាច​បាន​ប្រោសលោះ​ដោយ​ព្រះ ( សូម​មើល ម៉ូសាយ 18:9 ) ។

ហើយ​ខ្ញុំ​បាន​រាប់​ជាមួយ​នឹង​ពួកអ្នក​នៃ​ដំណើររស់ឡើងវិញ​ទីមួយ ( សូម​មើល ម៉ូសាយ 18:9 ) ។

ដើម្បី​ឲ្យ​ខ្ញុំ​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ( សូម​មើល ម៉ូសាយ 18:9 ) ។

ទ្រង់​ស្រោច​ព្រះវិញ្ញាណ​ទ្រង់​មក​លើ​ខ្ញុំ​យ៉ាងបរិបូរណ៍ ( សូម​មើលម៉ូសាយ 18:10 ) ។

សូម​ពន្យល់​ថា មុនពេល​អញ្ជើញ​ប្រជាជន​ឲ្យ​ជ្រមុជទឹក អាលម៉ា​បាន​និយាយ​ទៅកាន់​ពួកគេ​អំពី​អាកប្បកិរិយា និង សកម្មភាព​ដែល​នឹង​បង្ហាញ​ថា​ពួកគេ​បាន​រួចរាល់​ដើម្បី​ធ្វើ និង កាន់តាម​សេចក្ដីសញ្ញា​នេះ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ ( អ្នក​អាច​ចង់​រំឭក​សិស្ស​ថា សេចក្ដីសញ្ញា​គឺ​ជា​កិច្ចព្រមព្រៀង​មួយ​រវាង​ព្រះ និង មនុស្ស ប៉ុន្ដែ​ថា​ព្រះ និង មនុស្ស « មិន​បាន​ធ្វើ​សកម្មភាព​ស្មើគ្នា​នៅក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ ។ ព្រះ​បាន​ប្រទាន​លក្ខខណ្ឌ​នៃ​សេចក្ដីសញ្ញា ហើយ​មនុស្ស​ទទួល​ព្រម​ធ្វើ​អ្វី​ដែល​ទ្រង់​សុំ​ពួកគេ​ឲ្យ​ធ្វើ ។ បន្ទាប់មក ព្រះ​សន្យា​នឹង​មនុស្ស​ពី​ពរជ័យ​មួយ​ចំនួន​ចំពោះ​ការគោរព​តាម​របស់​ពួកគេ » [Guide to the Scriptures, “Covenant,” scriptures.lds.org] ។ សម្រាប់​ការពន្យល់​នៅ​ថ្ងៃចុងក្រោយ​នៃ​តម្រូវការ​សម្រាប់​ការជ្រមុជទឹក សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា 20:37 ។ )

សូម​ចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទី​មួយ​អាន ម៉ូសាយ 18:8–11 រក​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ថា យើង​ត្រូវ​មាន​ឆន្ទៈ​ធ្វើ​ពេល​យើង​ជ្រមុជទឹក ។ សូម​ឲ្យ​ក្រុម​ទីពីរ​អាន​វគ្គ​ដដែល ហើយ​រក​របៀប​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទានពរ​ដល់​យើង ប្រសិនបើ​យើង​រក្សា​សេចក្ដីសញ្ញា​របស់​យើង ។ ក្រោយពី​សិស្ស​មានពេល​សិក្សា​ខគម្ពីរ​ហើយ សូម​ឲ្យ​ពួកគេ​បី​បួន​នាក់​ឡើង​មក​កាន់​ក្ដារខៀន ហើយ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ក្នុង​កូឡោន​ត្រឹមត្រូវ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​កោតសរសើរ​ដល់​សេចក្ដីសញ្ញា​ជ្រមុជទឹក​របស់​ពួកគេ សូម​សួរ ៖

  • តើ​សកម្មភាព និង អាកប្បកិរិយា​អ្វីខ្លះ​នៅក្នុង​កូឡោន​ទីមួយ​មាន​ន័យ​ដល់​អ្នក ?

  • ហេតុអ្វីបានជា​ការសន្យា​នានា​ដែល​សរសេរ​នៅក្នុង​កូឡោន​ទីពីរ​សំខាន់​ចំពោះ​អ្នក ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 18:12–16 ដោយ​ស្ងាត់ៗ​ដោយ​រកមើល​ពី​របៀប​ដែល​អាលម៉ា និង ប្រជាជន​របស់​គាត់​ត្រូវបាន​ប្រទានពរ នៅពេល​ពួកគេ​ធ្វើសេចក្ដីសញ្ញា​ថា​នឹង​បម្រើ​ដល់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​អាច​បង្ហាញ​ថា អាលម៉ា​ត្រូវបាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នៅពេល​គាត់​បាន​រៀបចំ​ជ្រមុជទឹក​ហេឡាម ហើយ​ថា​ទាំង​អាលម៉ា​និង​ហេឡាម​ត្រូវ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ នៅពេល​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវបាន​បញ្ចប់ ដោយ​បង្ហាញ​ថា​ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បំពេញ​សេចក្ដីសញ្ញា​របស់​ទ្រង់​រួចរាល់​ហើយ ដើម្បី​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​ប្រជាជន ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា យើង​ទទួល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ការសន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដោយ​ការធ្វើ និង ការកាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។

ម៉ូសាយ 18:17–30

អាលម៉ា​បង្កើត​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ចំណោម​ប្រជាជន

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ ៖

« ពី​ថ្ងៃ​នៃ​បុណ្យជ្រមុជទឹក​តាមរយៈ​បង្គោល​ខាងវិញ្ញាណ​នៃ​ជីវិត​របស់​យើង យើង​បាន​ធ្វើ​ការសន្យា​ជាមួយ​នឹង​ព្រះ ហើយ​ទ្រង់​បាន​សន្យា​ជាមួយ​នឹង​យើង ។ ទ្រង់​តែងតែ​រក្សា​ការសន្យា​របស់​ទ្រង់​ដែល​បាន​ផ្ដល់​តាមរយៈ​អ្នកបម្រើ​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ប៉ុន្ដែ​វា​ជា​ការសាកល្បង​យ៉ាង​សំខាន់​នៃ​ជីវិត​របស់​យើង​ដើម្បី​ឃើញ​ថា យើង​នឹង​ធ្វើ ហើយ​កាន់តាម​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់​ឬ​យ៉ាងណា » ( («សាក្សី​នៃព្រះ » Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 30 ) ។

សូម​ឲ្យ​សិស្ស​មើល​ទៅ​តារាង​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា ពួកគេ​នឹង​រៀន​បន្ដិចទៀត​នេះ​អំពី​របៀប​ដែល​ប្រជាជន​របស់​អាលម៉ា​រស់នៅ​តាមរយៈ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង ពី​របៀប​ដែល​ពួកគេ​ត្រូវបាន​ប្រទានពរ​ដោយសារ​ការធ្វើ​ដូច្នោះ ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​ក្រុម​ទីមួយ​សិក្សា ម៉ូសាយ 18:17–23 ហើយ​ក្រុមទីពីរ​សិក្សា ម៉ូសាយ 18:24–30 ។ នៅពេល​ពួកគេ​អាន សូម​ឲ្យ​ក្រុម​ទាំងពីរ​រកមើល​របៀប​ខ្លះ​ដែល​អាលម៉ា​បាន​បង្រៀន​ប្រជាជន​ពី​របៀប​ដែល​ពួកគេ​គួរ​រស់នៅ​ដើម្បី​កាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ពី​ក្រុម​នីមួយៗ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ចែកចាយ​ដល់​ដៃគូ​ដែល​ពួកគេ​បាន​រើស​ពី​ក្រុម​មួយ​ទៀត ។ ឬ សូម​ឲ្យ​មាន​តំណាង​ពី​ក្រុមនីមួយៗ​រាយការណ៍​ពី​អ្វី​ដែល​គេ​បាន​រៀន​ដល់​សិស្ស​ក្នុង​ថា្នក់​ទាំងអស់ ។

  • តើ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក ជះឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​រស់នៅ​រាល់ថ្ងៃ​ដោយ​របៀបណា ? ( សូម​គិត​ពី​ការឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ ដោយ​ការនិយាយ​អំពី​របៀប​ដែល​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​ជះឥទ្ធិពល​ដល់​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ជាមួយ​នឹង​សមាជិក​គ្រួសារ ប្រភេទ​នៃ​ការកំសាន្ដ​ដែល​ពួកគេ​ជ្រើសរើស ឬ របៀប​ដែល​ពួកគេ​ទាក់ទង​នឹង​មិត្តភក្ដិ​របស់​គេ ។ )

សូម​ឲ្យ​សិស្ស​រំឭក ម៉ូសាយ 18:17, 22, 29 ដើម្បី​រក​ពាក្យ និង ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​ប្រជាជន​ត្រូវ​បាន​ប្រទានពរ​ដោយការកាន់តាម​សេចក្ដីសញ្ញា​របស់​ពួកគេ ។ សូម​សរសេរ​នូវ​ពរជ័យ​លើក្ដារខៀន​ពី​ក្រោម​តារាង​នៃ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ ( អ្នក​អាច​ត្រូវ​រំឭក​សិស្ស​ថា ឃ្លា « កូនចៅ​នៃ​ព្រះ » [ម៉ូសាយ 18:22] មាន​សេចក្ដីយោង​ទៅ​ការក្លាយជា​ អ្នកគ្រង​មរតក​នៃ​ជីវិត​ដ៏​អស់កល្បជានិច្ច​របស់​យើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ [ សូមមើល ម៉ូសាយ 5:6–8, 15 ] ។ )

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ពរជ័យ​ដ៏​អស្ចារ្យ​មក​ដល់​អ្នកដែល​កាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក សូម​ឲ្យ​សិស្ស​មើល​ទៅ​តារាង​លើ​ក្ដារខៀន ហើយ​សួរ ៖

  • តើ​អ្នក​បាន​ឃើញ​មិត្តភក្ដិ សមាជិក​គ្រួសារ ឬ សមាជិក​វួដ​របស់​អ្នក​ត្រូវបាន​ប្រទានពរ​ដោយ​ការកាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​ដោយ​របៀបណា ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក​ដោយ​ការកាន់តាម​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ថ្លែងទីបន្ទាល់​របស់​អ្នក​អំពី​របៀប​នៃ​ការកាន់តាម​សេចក្ដីសញ្ញា​បាន​នាំមកនូវ​ពរជ័យ​ក្នុង​ជីវិត​អ្នក ។

ម៉ូសាយ 18:31–35

អ្នកដែល​នៅ​ក្នុង​សាសនាចក្រ​រត់ចេញ​ពី​ការកាប់សម្លាប់​របស់​ស្ដេច​ណូអេ

សូម​សង្ខេប ម៉ូសាយ 18:31–33 ដោយ​ការពន្យល់​ថា ថ្ងៃមួយ នៅពេល​អាលម៉ា​និង​ប្រជាជន​របស់​គាត់​បាន​រួបរួម​គ្នា​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ អ្នកបម្រើ​របស់​ស្ដេចណូអេ​បាន​រកឃើញ​ពួកគេ ។ បន្ទាប់មក​ស្ដេច​បាន​បញ្ជូន​ទ័ព​របស់​ទ្រង់​ឲ្យ​កម្ចាយ​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 18:34 ឮៗ ។ សូម​ចង្អុល​ទៅ​លេខយោង ដែល​ឲ្យ​អ្នកអាន​បើកទៅ ម៉ូសាយ 23:1 ។ ( អ្នក​អាច​ឲ្យ​សិស្ស​គូស​ចំណាំ​លេខយោង​នោះ ។ ) សូម​ពន្យល់​ថា​ដំណើររឿង​ក្នុង ម៉ូសាយ 18:34 បន្ដ​នៅក្នុង ម៉ូសាយ 23:1 ក្រោយ​ជំពូក 19–22 កត់ត្រា​ពី​បទពិសោធន៍​នៃ​ប្រជាជន​លិមហៃ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 23:1–2 ឮៗ ។

  • តើ​អាលម៉ា « បាន​ប្រាប់​ជាមុន » ពី​គ្រោះថ្នាក់​ដែល​ប្រជាជន​របស់​គាត់​នឹង​ជួប​ដោយ​របៀបណា ?

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បាន​ព្រមាន​ពួកសុចរិត នៅពេល​ពួកគេ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ។( អ្នក​អាច​ឲ្យ​សិស្ស​សរសេរ​គោលការណ៍​នេះ​នៅគែមទំព័រ​ក្បែរ ម៉ូសាយ 18:34 ។ ) ដើម្បី​បង្ហាញ​ពី​សេចក្ដីពិត​នេះ សូម​អាន​រឿង​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« ការធ្វើ​ជា​ភ្នាក់ងារ​ពិសេស​ម្នាក់​របស់ FBI មិត្តភក្ដិ​របស់​ខ្ញុំ​បាន​ស៊ើបសង្កេត​ពី​ក្រុម​បទល្មើស​គិតទុកជាមុន​ក្នុង​ការនាំ​ថ្នាំញៀន​ខុសច្បាប់​ទៅកាន់​សហរដ្ឋអាមេរិក ។

« នៅក្នុង​ឱកាស​មួយ គាត់​និង​ភ្នាក់ងារ​ផ្សេង​ទៀត​បាន​ទៅ​អគារ​មួយ ដែល​ពួកគេ​ជឿ​ថា​ជា​កន្លែង​អ្នកជួញដូរ​ថ្នាំញៀន​ចែកចាយ​ថ្នាំ​កូកាអ៊ីន ។ មិត្តភក្ដិ​របស់​ខ្ញុំ​ប្រាប់​ពី​អ្វី​ដែល​បាន​កើតឡើង ៖

« យើង​បាន​គោះ​ទ្វារ​នៃ​អ្នកជួញដូរ​ថ្នាំញៀន ។ ជនសង្ស័យ​បាន​បើក​ទ្វារ ហើយ​ពេល​ឃើញ​យើង គេ​បាន​ព្យាយាម​លាក់​អ្វី​នៅ​ខាងក្រោយ​ខ្នង ។ ប៉ុន្ដែ​វា​យឺតពេល​ទៅហើយ យើង​អាច​ឃើញ​កូកាអ៊ីន​នៅលើ​តុ​គេ ។

« បុរសម្នាក់ និង ស្ដ្រី​ម្នាក់​ដែល​អង្គុយ​នៅ​តុ​នោះ​បាន​យក​កូកាអ៊ីន​ចេញ​ពី​តុ​ភ្លាម ។ យើង​បាន​ឃាត់គេ​មិន​ឲ្យ​បំផ្លាញ​ភស្ដុតាង​នោះ​ទេ ដូច្នេះ​ខ្ញុំ​ក៏​រុញ​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ដែល​ពាំង​ទ្វារ​ទៅ​ម្ខាង​ភ្លាម ។ នៅពេល​ខ្ញុំ​រុញ​គេ ភ្នែកខ្ញុំ​នឹង​ភ្នែកគេ​សម្លឹង​គ្នា ។ ដោយ​ចម្លែក គេ​មិន​បាន​បញ្ចេញ​ថា​គេ​ខឹង ឬ ខ្លាច​នោះ​ទេ ។ គេ​បាន​ញញឹម​មក​កាន់​ខ្ញុំ ។

« ភ្នែក​គេ និង ស្នាម​ញញឹម​ដ៏​ស្រស់​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា គាត់​មិន​អី​ទេ ដូច្នេះ​ខ្ញុំ​ក៏​ដើរ​ទៅកាន់​តុ​នោះ ។ ឥឡូវនេះ ជនសង្ស័យ​នៅពី​ក្រោយខ្ញុំ ។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​ដ៏​ខ្លាំង​ក្នុង​គំនិត​ខ្ញុំ​ថា ៖ “ សូម​ប្រយ័ត្ន​មនុស្ស​អាក្រក់​នៅពីក្រោយ​ភ្នែក​ដែល​ស្រទន់​នោះ” ។

« ‹ ខ្ញុំ​ក៏​បែរក្រោយ​ភ្លាម​ទៅមើល​ជនសង្ស័យ ។ ដៃ​របស់​គាត់​ដាក់ក្នុង​ហោប៉ាវ​ដ៏​ធំ​ខាងមុខ​របស់​គេ ។ តាម​សភាវគតិ​ភ្លាម​នោះ ខ្ញុំ​បាន​ចាប់ដៃគេ ហើយ​ទាញ​ចេញពី​ហោប៉ាវ​របស់​គេ ។ ពេល​នោះ​ទើប​ខ្ញុំ​ឃើញ​ថា គាត់​បាន​លាក់​នៅក្នុង​ដៃ​របស់​គាត់ នូវ​​កាំភ្លើង​ពាក់កណ្ដាល​ស័្វយប្រវត្តិ​រៀប​នឹង​បាញ់ ។ សកម្មភាព​រំជើបរំជួល​មួយ​ប្រាវ​បាន​កើតឡើង ហើយ​ខ្ញុំ​បាន​ដាក់ខ្នោះ​បុរស​នោះ ។ › …

« … ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ព្រមាន​មិត្ត​របស់​ខ្ញុំ​ពី​គ្រោះថ្នាក់​ដល់​រូបកាយ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​នឹង​ព្រមាន​អ្នក​អំពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ដែរ » ( “ Beware of the Evil behind the Smiling Eyes,” Ensignលេអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 46–47 ) ។

សូម​បញ្ជាក់​ថា ព្រះអម្ចាស់​បាន​ព្រមាន​ជាញឹកញាប់​ដល់​ពួកសុចរិត​អំពី​គ្រោះថ្នាក់​ដែល​ជិត​កើតមាន​ឡើង ប៉ុន្ដែ​យើង​មិន​គួរ​ស្មាន​ថា​យើង​ជា​មនុស្ស​មិន​សុចរិត ប្រសិនបើ​យើង​មិន​មាន​អារម្មណ៍​ពី​ការព្រមាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​រាល់ពេល​ដែល​យើង​ជួបប្រទះ​នឹង​កាលៈទេសៈ​ដ៏​គ្រោះថ្នាក់ ។

  • តើ​នៅពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ព្រមាន​អ្នក​ពី​គ្រោះថ្នាក់​ខាង​សាច់ឈាម ឬ ខាង​វិញ្ញាណ ? ( ក្រោយពី​សិស្ស​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ អ្នក​អាច​ចង់​ចែកចាយ​បទពិសោធន៍​មួយ​របស់​អ្នក ។ )

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 18:8–11 ។ ការយល់​ពី​អំណាច​នៃ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

« ខ្ញុំ​បាន​កត់សម្គាល់​តាមរយៈ​ជីវិត​របស់​ខ្ញុំ​ថា នៅពេល​មនុស្ស​បាន​យល់​ច្បាស់​ពី​ពរជ័យ និង អំណាច​នៃ​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ មិន​ថា​គេ​ជា​អ្នកប្រែចិត្តជឿ​ថ្មី ឬ ជា​សមាជិក​នៃ​សាសនាចក្រ​ដ៏​យូរ​នោះ​ទេ សេចក្ដីអំណរ​ដ៏​មហិមា​នឹង​មក​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​ពួកគេ​បំពេញកាតព្វកិច្ច​គេ​នៅក្នុង​នគរ​ដោយ​ការពេញចិត្ត​ដ៏​ខ្លាំង » ( « Alma the Elder: A Role Model for Today » in Heroes from the Book of Mormon [ ឆ្នាំ 1995 ], ទំព័រ 84 ) ។

ម៉ូសាយ 18:12–18 ។ ហេតុអ្វីបានជា​អាលម៉ា​ជ្រមុជ​ខ្លួន​គាត់​ទៅក្នុង​ទឹក នៅពេល​គាត់​ជ្រមុជទឹក​ឲ្យ​ហេឡាម ?

ប្រធាន យ៉ូសែប ហ៊្វីលឌីង ស្ម៊ីធ បាន​បង្ហាញ​ថា « នៅក្នុង​គម្ពីរ​ម៉ូសាយ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​បាន​មាន​អំណាច [ សូមមើល ម៉ូសាយ 18:13 ] » ។ ប្រធាន ស្ម៊ីធ បាន​ប្រាប់​ហេតុផល​ថា « ប្រសិនបើ [ អាលម៉ា ] បាន​មាន​អំណាច​ដើម្បី​ជ្រមុជទឹក​ដែល​ជា​ភស្ដុតាង​ថា គាត់​បាន​ជ្រមុជទឹក [ រួចហើយ ] » ។ ហេតុដូច្នេះហើយ គាត់​បាន​ពន្យល់​បន្ថែម​ទៀត​ថា នៅពេល​អាលម៉ា​បានចុះ​ទៅក្នុង​ទឹក​ជាមួយ​នឹង​ហេឡាម វា « មិនមែន​ជា​ករណី​ដែល​ថា​អាលម៉ា​ជ្រមុជទឹក​ខ្លួនគាត់​នោះ​ទេ ប៉ុន្ដែ​គ្រាន់តែ​ជា​សញ្ញា​មួយ​ដល់​ព្រះអម្ចាស់​អំពី​ការបន្ទាបខ្លួន​របស់​គាត់ និង ការប្រែចិត្ត​ដ៏​ពេញលេញ » ( Answers to Gospel Questions, ចងក្រង​ដោយ Joseph Fielding Smith Jr 5 vols. [1957–66] 3:203 ) ។