មេរៀនទី 66
ម៉ូសាយ 26
សេចក្តីផ្ដើម
អំឡុងពេលរជ្ជកាលរបស់ម៉ូសាយ មានមនុស្សជាច្រើននៃជំនាន់ដែលកំពុងពេញវ័យ —អ្នកដែលជាកូនតូចៗនៅពេលស្ដេចប៊េនយ៉ាមីនបានធ្វើសុន្ទរកថាលើកចុងក្រោយរបស់គាត់ —មិនបានជឿតាមការបង្រៀននៃសាសនាចក្រ ហើយបានបដិសេធពុំព្រមស្រែកហៅរកព្រះអម្ចាស់ ។ យុវវ័យដែលមិនជឿទាំងនេះ បានជះឥទ្ធិពលដល់សមាជិកផ្សេងទៀតនៃសាសនាចក្រឲ្យធ្វើអំពើបាបដ៏ធ្ងន់ធ្ងរ ។ អ្នករំលងទាំងនេះជាច្រើនត្រូវបាននាំមកចំពោះមុខអាលម៉ា អ្នកដឹកនាំសាសនាចក្រ ។ អាលម៉ាមិនដឹងថាត្រូវធ្វើអ្វីទេពីដំបូងនោះ ប៉ុន្ដែទីបំផុតគាត់បានសុំឲ្យព្រះអម្ចាស់ដឹកនាំគាត់ពីរបៀបដើម្បីកាត់ទោសសមាជិកដែលមិនគោរពតាមនេះ ។ ព្រះអម្ចាស់បានប្រាប់ពីដំណើរការដែលអាលម៉ាគួរធ្វើតាម ក្នុងការដោះស្រាយនឹងសមាជិកនៃសាសនាចក្រដែលត្រូវទទួលខុសត្រូវចំពោះអំពើបាបរបស់ពួកគេ ។ អាលម៉ាក៏បានរៀនពីសេចក្ដីមេត្តារបស់ព្រះ និង ឆន្ទៈក្នុងការអភ័យទោសដល់អ្នកដែលប្រែចិត្ត ។ អាលម៉ាបានធ្វើតាមការប្រឹក្សារបស់ព្រះអម្ចាស់ ហើយបាននាំការបញ្ជាដល់សាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 26:1–6
មនុស្សជាច្រើននៃជំនាន់ដែលកំពុងពេញវ័យមិនបានជឿតាមដំណឹងល្អទេ ហើយបានដឹកនាំអ្នកដទៃឲ្យធ្វើអំពើបាប
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សឆ្លើយតបនឹងសំណួរទាំងនេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ក្រោយពីមានពេលល្មមហើយ សូមពន្យល់ថា ម៉ូសាយ 26 រួមមានដំណើររឿងមួយអំពីក្រុមប្រជាជនមួយដែលមិនបានធ្វើអ្វីដែលពួកគេត្រូវធ្វើដើម្បីថែទាំទីបន្ទាល់របស់ពួកគេនោះទេ ។ ជាលទ្ធផល សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះមិនបានអភិវឌ្ឍ ហើយពួកគេបានដឹកនាំសមាជិកសាសនាចក្រជាច្រើនទៅក្នុងអំពើបាប និង កំហុសឆ្គង ។ សូមស្នើថា នៅពេលសិស្សសិក្សាពីរឿងនេះ ពួកគេគួរគិតពីអ្វីដែលវាបានបង្រៀនអំពីការអភិវឌ្ឍ និង ការពង្រឹងដល់ទីបន្ទាល់របស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ូសាយ 26:1–3 ឮៗ ។ បន្ទាប់មក សូមសួរសិស្សថា ៖
-
តើជម្រើសអ្វីដែលមនុស្សជាច្រើននៃជំនាន់ដែលកំពុងពេញវ័យបានធ្វើ ? ( ពួកគេជ្រើសរើសមិនជឿលើប្រពៃណីនៃឪពុកម្ដាយរបស់ពួកគេ )
-
តើអ្នកគិតថា ហេតុអ្វីបានជាការឥតជំនឿរបស់មនុស្សរារាំងសមត្ថភាពរបស់ពួកគេក្នុងការ “ យល់ពីព្រះបន្ទូលរបស់ព្រះ” ? ( ម៉ូសាយ 26:3 ) ។
សូមពន្យល់ថា ការជឿ ( ឬ ការមានបំណងក្នុងការជឿ ) ដឹកនាំទៅរកសកម្មភាពដែលពង្រឹងដល់ទីបន្ទាល់របស់យើង ។ ផ្ទុយទៅវិញ នៅពេលមនុស្សជ្រើសរើសមិនជឿ ពួកគេក៏ជ្រើសរើសមិនធ្វើនូវរឿងមួយចំនួនដែលនឹងជួយដល់ពួកគេឲ្យអភិវឌ្ឍទីបន្ទាល់ដ៏រឹងមាំដែរ ។ សូមឲ្យសិស្សអាន ម៉ូសាយ 26:3–4, 6 ដោយស្ងាត់ៗ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រកមើលអ្វីដែលពួកជំនាន់ដែលកំពុងពេញវ័យមិនចង់ធ្វើ ដោយសារតែការឥតជំនឿរបស់ពួកគេ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតរកមើលនូវលទ្ធផលនៃការឥតជំនឿនេះ ។
-
តើពួកជំនាន់ដែលកំពុងពេញវ័យបានបដិសេធមិនធ្វើអ្វីខ្លះ ដោយសារតែការឥតជំនឿរបស់ពួកគេ ?
-
តើមានឥទ្ធិពលអ្វីខ្លះនៃការឥតជំនឿរបស់ពួកគេ ?
ក្រោយពីសិស្សបានពិភាក្សាពីសំណួរទាំងនេះហើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ដើម្បីអភិវឌ្ឍ និង រក្សាទីបន្ទាល់មួយ យើងត្រូវ …
សូមឲ្យសិស្សម្នាក់អានឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សស្ដាប់ និង រកនូវរបៀបដើម្បីបំពេញឃ្លានៅលើក្ដារខៀន ។
“ ទីបន្ទាល់ត្រូវការការថែទាំដោយការអធិស្ឋានដោយក្ដីជំនឿ ការស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះក្នុងព្រះគម្ពីរ និង ការគោរពតាមសេចក្ដីពិតដែលយើងបានទទួល ។ មានគ្រោះថ្នាក់នៅក្នុងការមិនបានអធិស្ឋាន ។ មានគ្រោះថ្នាក់ដល់ទីបន្ទាល់របស់យើងនៅក្នុងការគ្រាន់តែសិក្សា និង ការអានព្រះគម្ពីរធម្មតា ។ ពួកវាជាប្រូតេអ៊ីនដ៏ចាំបាច់សម្រាប់ទីបន្ទាល់របស់យើង ។ …
“ ការខ្ជាប់ខ្ជួនទៅនឹងព្រះបន្ទូលនៃព្រះ ការអធិស្ឋានដោយអស់ពីចិត្ត និង ការគោរពតាមព្រះបញ្ញត្តិរបស់ព្រះត្រូវតែបានអនុវត្តរាល់ពេល និង ជាបន្ដបន្ទាប់ដើម្បីឲ្យទីបន្ទាល់របស់អ្នករីកចម្រើន និង ធំធាត់ ” ( “ ទីបន្ទាល់ដ៏រស់រវើក ,” Ensign ឬ លេអាហូណា, ខែ ឧសភា ឆ្នាំ 2011, ទំព័រ 127 ) ។
-
តើការអនុវត្តអ្វីដែលប្រធាន អាវរីង បានបញ្ជាក់ថានឹងជួយដល់យើងឲ្យចិញ្ចឹមដល់ទីបន្ទាល់របស់យើងនោះ ? ( នៅពេលសិស្សរកឃើញការអនុវត្តទាំងនេះហើយ សូមបញ្ចូលវានៅក្នុងប្រយោគនៅលើក្ដារខៀន ៖ ដើម្បីអភិវឌ្ឍ និង ថែទាំទីបន្ទាល់មួយ យើងត្រូវខ្ជាប់ខ្ជួនទៅនឹងព្រះបន្ទូលនៃព្រះ អធិស្ឋានដោយសេចក្ដីជំនឿ និង គោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
-
តើការអនុវត្តទាំងនេះបានជះឥទ្ធិពលដល់ទីបន្ទាល់របស់អ្នកដោយរបៀបណា ?
សូមឲ្យសិស្សអាន ម៉ូសាយ 26:5–6 ដោយស្ងាត់ៗ ដោយរកមើលពីរបៀបដែលយុវវ័យឥតជំនឿបានជះឥទ្ធិពលដល់សមាជិកនៃសាសនាចក្រខ្លះ ។
-
សូមគិតពីប្រយោគខាងក្រោម ៖ “ វាជាការចាំបាច់ថា អស់អ្នកណាដែលនៅក្នុងសាសនាចក្រដែលប្រព្រឹត្តអំពើបាបនោះសាសនាចក្រត្រូវព្រមានដាស់តឿន ” ( ម៉ូសាយ 26:6 ) ។ តើអ្នកគិតថា វាមានន័យយ៉ាងណា ? ( វាចាំបាច់សម្រាប់សមាជិកសាសនាចក្រ ដែលបានប្រព្រឹត្តអំពើបាបដើម្បីត្រូវបានព្រមាន និង ទទួលខុសត្រូវ
ម៉ូសាយ 26:7–14
អាលម៉ាសុំការណែនាំពីព្រះអម្ចាស់ពីរបៀបដើម្បីកាត់ទោសដល់អ្នកណាដែលធ្វើអំពើបាប
សូមឲ្យសិស្សស្រមៃមើលថាតើវាមានសភាពបែបណា ក្នុងការធ្វើជាប៊ីស្សពនៃវួដមួយដែលមានសមាជិក ធ្វើអំពើបាបធ្ងន់ធ្ងរ ហើយមិនបានប្រែចិត្តនោះ ។ សូមឲ្យសិស្សសញ្ជឹងគិតដោយស្ងៀមស្ងាត់ ពីអ្វីដែលពួកគេនឹងធ្វើនៅក្នុងស្ថានភាពនេះ ។ តើពួកគាត់នឹងបំពេញការទទួលខុសត្រូវរបស់ពួកគេដើម្បីដោះស្រាយនឹងសមាជិកដែលត្រូវទទួលខុសត្រូវចំពោះអំពើបាបរបស់ពួកគេ និង ដើម្បីជួយពួកគេឲ្យប្រែចិត្តដោយរបៀបណា ? សូមពន្យល់ថា អាលម៉ា ជាអ្នកដឹកនាំនៃសាសនាចក្រ បានជួបនឹងឧបសគ្គដូចគ្នានេះ ។
សូមសង្ខេប ម៉ូសាយ 26:7–12 ដោយការពន្យល់ថា អ្នកដែលបានធ្វើបាបត្រូវបាននាំមកជួបនឹងអាលម៉ា ។ គ្មានអ្វីដូចនេះ បានកើតឡើងពីមុនមកទេនៅក្នុងសាសនាចក្រ ហើយអាលម៉ាមិនដឹងពីអ្វីដែលត្រូវធ្វើនោះទេ ។ គាត់បានសម្រេចចិត្តបញ្ជូនអ្នករំលងទាំងឡាយទៅកាន់ស្ដេចម៉ូសាយឲ្យកាត់ទោស ។ ស្ដេចម៉ូសាយបានបញ្ជូនពួកគេឲ្យទៅអាលម៉ាវិញ ដែលបានកាន់សិទ្ធិអំណាចមកពីព្រះ ក្នុងការកាត់ទោសសមាជិកសាសនាចក្រណាដែលបានធ្វើអំពើបាប ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 26:13–14 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីអារម្មណ៍ដែលអាលម៉ាមានអំពីការទទួលខុសត្រូវរបស់គាត់ក្នុងការកាត់សេចក្ដីដល់អ្នកដែលបានធ្វើអំពើបាប ។
-
នៅពេលដែលអាលម៉ាមានអារម្មណ៍ថាជួបបញ្ហាក្នុងកាតព្វកិច្ចរបស់គាត់ក្នុងការកាត់សេចក្ដីអ្នករំលងទាំងឡាយ តើគាត់បានធ្វើអ្វីខ្លះ ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា ប៊ីស្សព និង ប្រធានសាខាស្វែងរក និង ទទួលនូវការដឹកនាំពីព្រះអម្ចាស់ នៅពេលជួយដល់អ្នកដែលបានធ្វើអំពើបាប ?
ម៉ូសាយ 26:15–32
ព្រះអម្ចាស់បានបង្ហាញដល់អាលម៉ាពីរបៀបដើម្បីដោះស្រាយនឹងសមាជិកនៃសាសនាចក្រឲ្យទទួលខុសត្រូវចំពោះអំពើបាបរបស់ពួកគេ ហើយដាក់ចេញនូវលក្ខខណ្ឌនៃការប្រែចិត្ត
ដើម្បីជួយសិស្សឲ្យយល់បរិបទក្នុង ម៉ូសាយ 26:15–32 សូមបង្ហាញថា ខគម្ពីរទាំងនេះរួមមានចម្លើយរបស់ព្រះអម្ចាស់ចំពោះសំណួររបស់អាលម៉ាទាក់ទងនឹងអ្វីដែលគាត់គួរធ្វើចំពោះអ្នករំលងទាំងឡាយ ។ នៅពេលសិស្សសិក្សាពីចម្លើយរបស់ព្រះអម្ចាស់ សូមលើកទឹកចិត្តពួកគេឲ្យរកមើលគោលការណ៍ និងគោលលទ្ធិទាំងឡាយណាដែលជួយពួកគេឲ្យយល់កាន់តែច្បាស់ពីតួនាទីនៃចៅក្រមបព្វជិតភាព ដូចជាប៊ីស្សព និង ប្រធានសាខា ( និង សម្រាប់អ្នកកាន់បព្វជិតភាពមីលគីស្សាដែក ប្រធានស្ដេក មណ្ឌល និង ប្រធានបេសកកម្ម ) ។ សូមឲ្យពួកគេរកមើលគោលការណ៍ និង គោលលទ្ធិអំពីការស្វែងរកការអភ័យទោសផងដែរ ។
សូមឲ្យសិស្សអាន ម៉ូសាយ 26:17–28 ដោយស្ងាត់ៗ ដោយកត់សម្គាល់ពីពេលនីមួយៗដែលព្រះអម្ចាស់បានប្រើពាក្យ របស់យើង ឬ យើង ។ អ្នកអាចស្នើថា សិស្សគួរគូសពាក្យទាំងនេះចំណាំទុករាល់ពេលពួកគេជួប ។ បន្ទាប់មក សូមសួរសិស្សថា ៖
-
នៅក្នុង ម៉ូសាយ 26:17–28 តើពាក្យ យើង និង របស់យើង ស្នើអ្វីអំពីកន្លែងរបស់ព្រះអម្ចាស់នៅក្នុងដំណើរការនៃការប្រែចិត្តនោះ ? ( អ្នកអាចឲ្យសិស្សចែកចាយពីឃ្លា ឬ ខគម្ពីរជាក់លាក់ដែលគាំទ្រដល់ចម្លើយរបស់ពួកគេ ។ )
-
តើសេចក្ដីពិតអ្វីដែលយើងអាចរៀនពី ម៉ូសាយ 26:20–21 អំពីតួនាទីរបស់អ្នកបម្រើនៃព្រះអម្ចាស់នៅក្នុងដំណើរការនៃការប្រែចិត្ត ? ( សូមជួយសិស្សឲ្យយល់ថា អ្នកដឹកនាំបព្វជិតភាពតំណាងឲ្យព្រះអម្ចាស់ ហើយថា នៅក្នុងករណីអំពើបាបធ្ងន់ធ្ងរ ប៊ីស្សព និង ប្រធានសាខាអាចជួយយើងឲ្យប្រែចិត្ត និង ទទួលបានការអភ័យទោស
-
តើប៊ីស្សព ឬ ប្រធានសាខាអាចជួយអ្នកដែលតស៊ូនឹងអំពើបាប និង ការល្បួងដោយរបៀបណា ?
សូមពន្យល់ថា ព្រះអម្ចាស់បានបង្រៀនអាលម៉ាអំពីអ្វីដែលអ្នកស្វែងរកការអភ័យទោសត្រូវធ្វើដើម្បីទទួលបានការប្រែចិត្ត ។ សូមឲ្យសិស្សអាន ម៉ូសាយ 26:29–32 ជាដៃគូ ហើយរកមើលគោលការណ៍ដែលជួយដល់ពួកគេឲ្យយល់ពីអ្វីដែលព្រះអម្ចាស់តម្រូវឲ្យយើងធ្វើ នៅពេលយើងប្រែចិត្ត ។
ក្រោយពីសិស្សមានពេលសិក្សាខគម្ពីរទាំងនេះហើយ សូមឲ្យសិស្សបីបួននាក់សរសេរនៅលើក្ដារខៀន ដោយប្រើពាក្យគេផ្ទាល់ ពីគោលការណ៍ដែលពួកគេបានរកឃើញ ។ ចម្លើយរបស់ពួកគេអាចមានដួចខាងក្រោម ៖
ការសារភាពនៃអំពើបាបដឹកនាំទៅរកការអភ័យទោស ។
ព្រះអម្ចាស់នឹងអភ័យទោសដល់អស់អ្នកណាដែលប្រែចិត្តដោយស្មោះអស់ពីចិត្ត ។
យើងត្រូវអភ័យទោសដល់អ្នកដទៃដើម្បីទទួលបានការអភ័យទោសពីព្រះអម្ចាស់ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីគោលការណ៍នេះ សូមសួរសំណួរខាងក្រោមខ្លះ ឬ ទាំងអស់ ៖
-
នៅក្នុង ម៉ូសាយ 26:29 តើអ្វីជាអត្ថន័យនៃឃ្លា “ ទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួនចំពោះអ្នក និង ចំពោះយើង ” ? ( អ្នកអាចត្រូវបង្ហាញថា នៅក្នុងខគម្ពីរនេះ ពាក្យ អ្នក សំដៅលើអាលម៉ា
-
នៅពេលនរណាម្នាក់បានធ្វើអំពើបាបដ៏ធ្ងន់ធ្ងរ តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សនោះត្រូវសារភាពដល់ព្រះអម្ចាស់ និង ដល់អ្នកដឹកនាំសាសនាចក្រដ៏សមរម្យ ? ( ការរំលងដ៏ធ្ងន់ធ្ងរ ដូចជាការរំលងច្បាប់ព្រហ្មចារីភាព អាចមានគ្រោះថ្នាក់ដល់សមាជិកភាពក្នុងសាសនាចក្ររបស់បុគ្គលនោះ ។ ហេតុដូច្នេះហើយ នៅក្នុងករណីបែបនោះ បុគ្គលម្នាក់ត្រូវសារភាពអំពើបាបទៅដល់ព្រះអម្ចាស់ និង អ្នកតំណាងរបស់ទ្រង់នៅក្នុងសាសនាចក្រ ។ ប៊ីស្សព និង ប្រធានសាខាកាន់កូនសោបព្វជិតភាពដើម្បីជួយដល់អ្នកណាដែលបានធ្វើបាប ហើយស្វែងរកការអភ័យទោស ។ ខណៈពេលដែលមានតែព្រះអម្ចាស់អាចអភ័យទោសដល់អំពើបាបនោះ អ្នកដឹកនាំបព្វជិតភាពដើរតួគាំទ្រក្នុងការជួយមនុស្សដែលបានទទួលការអភ័យទោសនោះ ។ ពួកគេរក្សាការសម្ងាត់នៃការសារភាពទាំងឡាយ ហើយជួយអ្នកដែលសារភាពនោះឆ្លងកាត់ដំណើរការនៃការប្រែចិ )
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដល់អ្នកណាម្នាក់ដែលប្រែចិត្ត “ ដោយស្មោះអស់ពីចិត្ត ” នោះ ? ( ម៉ូសាយ 26:29 ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់តម្រូវឲ្យយើងអភ័យទោសដល់អ្នកដទៃនោះ ? តើការប្រែចិត្ត និង ការអភ័យទោសដល់អ្នកដទៃទាក់ទងគ្នាដោយរបៀបណា ? ( សូមមើល នីហ្វៃទី3 13:14–15; គ. និង ស. 64:8–11 ) ។
-
ចំពោះអ្នកដែលមានអារម្មណ៍ថា អំពើបាបរបស់ពួកគេមិនអាចត្រូវបានអភ័យទោសឲ្យទេ តើឃ្លានៅក្នុងខគម្ពីរទាំងនេះអាចផ្ដល់ការលើកទឹកចិត្ត ឬ ការលួងលោមដល់នរណាម្នាក់ដែលចង់ប្រែចិត្តដោយរបៀបណា ?
ម៉ូសាយ 26:33–39
អាលម៉ាគោរពតាមការប្រឹក្សារបស់ព្រះអម្ចាស់ ដោយកាត់ទោសដល់អ្នកដែលបានធ្វើអំពើបាប និង នាំឲ្យមានរបៀបរៀបរយឡើងវិញនៅក្នុងសាសនាចក្រ
សូមពន្យល់ថា ម៉ូសាយ 26:33–37 ប្រាប់ពីរបៀបដែលអាលម៉ា បានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ដោយកាត់សេចក្ដីសមាជិកសាសនាចក្រដែលបានធ្វើអំពើបាប ហើយបាននាំមកនូវរបៀបរៀបរយឡើងវិញនៅក្នុងសាសនាចក្រ ។ សូមឲ្យសិស្សអាន ម៉ូសាយ 26:34–37 ដោយស្ងាត់ៗ ដោយរកមើលលទ្ធផលនៃការខិតខំរបស់អាលម៉ាក្នុងការធ្វើតាមការប្រឹក្សារបស់ព្រះអម្ចាស់ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងប្រែចិត្ត ហើយរស់នៅដោយសុចរិត យើងអាចមានសន្ដិភាពនៅក្នុងចិត្តយើង និង រីកចម្រើនខាងវិញ្ញាណ ។