មេរៀនសិក្សានៅផ្ទះ
ម៉ូសាយ 18–25 ( មេរៀនទី 13 )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនការសិក្សានៅផ្ទះប្រចាំថ្ងៃ
សេចក្ដីសង្ខេបខាងក្រោមនៃគោលលទ្ធិ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា ម៉ូសាយ 18–25 ( មេរៀនទី 13 ) មិនមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតតែលើគោលលទ្ធិ និង គោលការណ៍ពីរបីនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី 1 (ម៉ូសាយ 18)
ក្រោយពីការស្លាប់របស់អ័ប៊ីណាដៃ អាលម៉ាបានប្រែចិត្ត ហើយបានបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃនៅឯទឹកនៃមរមន ។ តាមរយៈការសិក្សាពីបទពិសោធន៍នេះ សិស្សបានរៀនថា យើងទទួលបានព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច ដោយការធ្វើ និងការកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ហើយថាពរជ័យដ៏អស្ចារ្យបានមកដល់អ្នកដែលកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
ថ្ងៃទី 2 (ម៉ូសាយ 19–20)
ក្រោយពីស្ដេចណូអេ និង ប្រជាជនរបស់ទ្រង់បានបដិសេធការបង្រៀនរបស់អាលម៉ា ហើយចង់សម្លាប់អាលម៉ា និង អ្នកដើរតាមគាត់នោះ ពួកគេត្រូវបានវាយប្រហារដោយសាសន៍លេមិន ។ សេ្ដចណូអេត្រូវបានសម្លាប់ដោយប្រជាជនរបស់ទ្រង់ ហើយកូនប្រុសរបស់ទ្រង់លិមហៃបានក្លាយជាស្ដេច ។ នៅពេលសិស្សអានពីរបៀបដែលប្រជាជនរបស់លិមហៃត្រូវបានដាក់នៅក្នុងសេវកភាពដោយសាសន៍លេមិន ពួកគេបានរៀនថា ការបដិសេធពាក្យសម្ដីរបស់អ្នកបម្រើរបស់ព្រះអម្ចាស់នាំមកនូវការរងទុក្ខ និង ការសោកសៅ ។ ពួកគេត្រូវបានលើកទឹកចិត្តឲ្យគិតពីពេលមួយដែលពួកគេបានជួបនឹងសន្ដិភាព និង សុវត្ថិភាពខាងវិញ្ញាណដោយការធ្វើតាមការប្រឹក្សានៃអ្នកបម្រើរបស់ព្រះអម្ចាស់ ។
ថ្ងៃទី 3 (ម៉ូសាយ 21–24)
សិស្សបានរៀនថា អាលម៉ា និង ប្រជាជនរបស់គាត់ ទោះបីសុចរិតក្ដី ក៏ត្រូវបានដាក់នៅក្នុងសេវកភាពដោយសាសន៍លេមិនដែរ ។ សិស្សបានធ្វើតារាងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេដែលប្រៀបធៀបសេវកភាព និង ការដោះលែងនៃលិមហៃ និងប្រជាជនរបស់គាត់ជាមួយនឹងសេវកភាព និង ការដោះលែងនៃអាលម៉ា និងប្រជាជនរបស់គាត់ ។ ដំណើររឿននៃប្រជាជនរបស់លិមហៃបានបង្រៀនថា នៅពេលយើងចង់ធ្វើតាម និង រក្សាសេចក្ដីសញ្ញា ព្រះអម្ចាស់នឹងផ្ដល់របៀបមួយសម្រាប់ការដោះលែងយើង ។ ពីក្រុមរបស់អាលម៉ា សិស្សបានរៀនថា នៅពេលយើងធ្វើតាមឆន្ទៈរបស់ព្រះអម្ចាស់ដោយអត់ធ្មត់ ទ្រង់នឹងពង្រឹងយើង ហើយដោះលែងយើងពីការសាកល្បងរបស់យើងតាមពេលវេលារបស់ទ្រង់ ។
ថ្ងៃទី 4 (ម៉ូសាយ 25)
ក្រោយពីប្រជាជនរបស់លិមហៃ និង ប្រជាជនរបស់អាលម៉ាបានរួបរួមគ្នាដោយសុវត្ថិភាពនៅក្រោមការគ្រប់គ្រងរបស់ស្ដេចម៉ូសាយលើដែនដីសារ៉ាហិមឡាហើយ ដំណើររឿងរបស់ពួកគេត្រូវបានអានដល់ប្រជាជនទាំងអស់ ។ សិស្សបានរៀនថា ដោយការសិក្សាកំណត់ត្រានៃការទាក់ទងរបស់ព្រះជាមួយនឹងអ្នកដទៃ យើងអាចមានអារម្មណ៍ពីសេចក្ដីអំណរ និង ការដឹងគុណសម្រាប់សេចក្ដីល្អរបស់ព្រះ ។ នៅពេលសិស្សសញ្ជឹងគិតពីរបៀបដែលសមាជិកភាពក្នុងសាសនាចក្រក្នុងជំនាន់នៃសាសន៍នីហ្វៃស្រដៀងគ្នានឹងសមាជិកភាពនៃសាសនាចក្រនាពេលសព្វថ្ងៃនេះ ពួកគេបានរៀនថា នៅពេលយើងលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅតាមនោះ ព្រះអម្ចាស់នឹងប្រទានពរដល់យើងដោយព្រះវិញ្ញាណរបស់ទ្រង់ ។ សិស្សបានសរសេរអំពីការមានឆន្ទៈដើម្បីលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់ពួកគេ ។
សេចក្តីផ្ដើម
ការប្រៀបធៀប និង ការបញ្ច្រាសពីបទពិសោធន៍នៃប្រជាជនរបស់អាលម៉ា និង ប្រជាជនរបស់លិមហៃអាចជួយសិស្សឲ្យរកឃើញពីគោលការណ៍ដ៏មានតម្លៃដែលទាក់ទងនឹងប្រភពនៃឧបសគ្គនានារបស់យើង និង ពីរបៀបដែលយើងអាចត្រូវបានដោះលែងពីទុក្ខព្រួយតាមរយៈសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមជួយសិស្សឲ្យដឹងថា នៅពេលពួកគេធ្វើតាម និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ទុកចិត្តទៅលើព្រះអម្ចាស់ និង អំពាវនាវហៅទ្រង់សុំជំនួយដោយបន្ទាបខ្លួន នោះទ្រង់នឹងពង្រឹងពួកគេ ហើយដោះលែងពួកគេចេញពីទុក្ខព្រួយរបស់ពួកគេតាមរបៀបរបស់ទ្រង់ និង តាមពេលវេលារបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 18
អាលម៉ាបង្រៀនដំណឹងល្អដល់ប្រជាជននៃស្ដេចណូអេ ហើយមានមនុស្សជាច្រើនប្រែចិត្ត និងមានបំណងចង់ទទួលបុណ្យជ្រមុជទឹក
សូមឲ្យសិស្សគិតអំពីបុណ្យជ្រមុជទឹករបស់ពួកគេផ្ទាល់ ។ សូមឲ្យពួកគេចែកចាយពីសេចក្ដីលម្អិតខ្លះដែលគេនៅចងចាំអំពីបទពិសោធន៍របស់ពួកគេ ។ បន្ទាប់មក សូមបង្ហាញ រូបភាពអាលម៉ាជ្រមុជទឹកនៅក្នុងទឹកនៃមរមន ប្រសិនបើមានរូបភាពនេះ ( 62332; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 76 ) ហើយសូមឲ្យពួកគេនឹកចាំពីហេតុការណ៍ដែលបានរៀបរាប់នៅក្នុង ម៉ូសាយ 18:8–11 ។ សូមសួរសិស្សថា តើពួកគេបានយល់ពីគោលបំណងនៃការជ្រមុជទឹក និង សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក នៅពេលពួកគេបានធ្វើបុណ្យជ្រមុជទឹកទេ ។
ក្រោយពីសិស្សបានពិភាក្សាពីដំណើររឿងនៅក្នុង ម៉ូសាយ 18 សូមឲ្យពួកគេត្រឡប់ទៅថ្ងៃទីមួយ កិច្ចការទីមួយនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ដែលពួកគេបានគូសឌីយ៉ាក្រាមពីអ្វីដែលអាលម៉ាបានបង្រៀនអំពីសេចក្ដីសញ្ញានៃបុណ្យជ្រមុជទឹកដូចបានពន្យល់នៅក្នុង ម៉ូសាយ18:8–11 ។ សូមឲ្យសិស្សម្នាក់គូសឌីយ៉ាក្រាមរបស់គេជាថ្មីនៅលើក្ដារខៀន ឬ ចែកចាយវាដល់សិស្សក្នុងថ្នាក់ ហើយសូមឲ្យសិស្សផ្សេងទៀត ប្រសិនបើពួកគេមានអ្វីបន្ថែមដល់ក្នុងកូឡោន “ ខ្ញុំសន្យា” និង “ ព្រះសន្យា” ។ បន្ទាប់មក សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ឬ នៅលើក្រដាសមួយថា ៖ យើងទទួលបានព្រះវិញ្ញាណនៃព្រះអម្ចាស់ និង ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច ដោយការធ្វើ និង ការកាន់តាមសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។អ្នកអាចស្នើថា សិស្សគួរសរសេរគោលការណ៍នេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 18:8–11 ។
សូមសួរ ៖ តើការយល់ដឹងរបស់អ្នកអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹកជះឥទ្ធិពលដល់បំណងរបស់អ្នកឲ្យកាន់តាមសេចក្ដីសញ្ញានេះដោយរបៀបណា ?
ម៉ូសាយ 19–24
ប្រជាជនរបស់លិមហៃ និង អ្នកដើរតាមអាលម៉ាត្រូវបានដោះលែងពីសេវកភាពនៃសាសន៍លេមិន
សូមឲ្យសិស្សម្នាក់អានប្រយោគទីមួយដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ក្នុងមេរៀនថ្ងៃទីបីនៃមេរៀននេះ នៅក្នុងសៀវភៅណែនាំការសិក្សាសិស្ស ។ សូមសួរសិស្សថា តើអែលឌើរ ស្កត បាននិយាយអ្វីជាប្រភេទពីរនៃឧបសគ្គដែលយើងជួបនៅក្នុងជីវិតរបស់យើង ។ ( ពួកគេគួរគូសបន្ទាត់ពីក្រោមឃ្លានោះនៅក្នុងសៀវភៅណែនាំរបស់ពួកគេ ) ។ សូមសរសេរ ឧបសគ្គដែលមកពីការរំលង និង ការបន្សុទ្ធដែលមកពីការសាកល្បង នៅលើក្ដារខៀន ។
សូមឲ្យសិស្សរំឭកពីចម្លើយរបស់ពួកគេនៅថ្ងៃទីបី កិច្ចការទីមួយនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។ បន្ទាប់មកសូមសរសេរ ប្រជាជនរបស់លិមហៃ នៅក្រោម “ ឧបសគ្គដែលមកពីការរំលង ” ( សូមមើល ម៉ូសាយ 19:10, 25–28; 20:20–21) និង ប្រជាជនរបស់អាលម៉ា នៅក្រោម “ ការបន្សុទ្ធដែលមកពីការសាកល្បង ” ( សូមមើល ម៉ូសាយ 23:18–21 ) ។ សូមឲ្យសិស្សសរសេរនៅលើក្ដារខៀនពីឧទាហរណ៍ខ្លះៗនៃរបៀបដែលប្រជាជនសព្វថ្ងៃនេះអាចជួបនឹងប្រភេទនៃឧបសគ្គទាំងនេះនីមួយៗ ។
នៅពេលអ្នករំឭកគោលការណ៍ទាំងនេះជាមួយនឹងសិស្សរបស់អ្នក សូមសរសេរវានៅលើក្ដារខៀន ។
សូមឲ្យសិស្សអាន ម៉ូសាយ 21:13–16 ជាដៃគូ ។ សូមឲ្យពួកគេរកមើលពាក្យ និង ឃ្លាដែលបង្រៀនថា នៅពេលយើងបន្ទាបខ្លួន ស្រែកហៅដល់ព្រះអម្ចាស់ ហើយប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះនឹងឮដល់ការអធិស្ឋានរបស់យើង ហើយបញ្ឈប់បន្ទុកនៃអំពើបាបរបស់យើងតាមពេលវេលារបស់ទ្រង់ ។សូមឲ្យសិស្សចែកចាយពីរបៀបដែលពួកគេគិតដល់នរណាម្នាក់ដែលអាចអនុវត្តគោលការណ៍នេះ ប្រសិនបើពួកគេកំពុងជួបនឹងឧបសគ្គនេះនៅលើក្ដារខៀន ។
សូមឲ្យសិស្សអាន ម៉ូសាយ 21:31–32, 35 ហើយសង្ខេបពីការរត់ចេញរបស់ប្រជាជនលិមហៃនៅក្នុង ម៉ូសាយ 22 ដើម្បីបង្ហាញថា នៅពេលយើងធ្វើសេចក្ដីសញ្ញាដើម្បីបម្រើដល់ព្រះ ហើយកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ព្រះអម្ចាស់នឹងផ្ដល់នូវរបៀបមួយសម្រាប់ការដោះលែងរបស់យើង ។អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរគោលការណ៍នេះនៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេក្បែរ ម៉ូសាយ 21:31–35 ។
ដើម្បីរំឭកគោលការណ៍មួយដែលសិស្សបានរៀនពីការសិក្សាអំពីប្រជាជនរបស់អាលម៉ា សូមឲ្យសិស្សម្នាក់សង្ខេបដំណើររឿងពីរបៀបដែលប្រជាជនរបស់អាលម៉ាត្រូវបានដាក់ក្នុងសេវកភាពដោយសាសន៍លេមិន ( សូមមើល ម៉ូសាយ 23:25–24:11 ) ។ សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានឮៗពី ម៉ូសាយ 24:12–17 ។ សូមឲ្យពួកគេបង្ហាញពាក្យ ឬ ឃ្លាដែលបង្រៀនថា នៅពេលយើងធ្វើតាមឆន្ទៈរបស់ព្រះអម្ចាស់ដោយអត់ធ្មត់ នោះទ្រង់នឹងពង្រឹងយើង ហើយដោះលែងយើងពីឧបសគ្គរបស់យើងទាំងឡាយតាមពេលវេលារបស់ទ្រង់ ។អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ ឬ ឃ្លាសំខាន់ៗនៅក្នុងខគម្ពីរទាំងនេះ ។
សូមចម្លងឧទាហរណ៍ខាងក្រោមដាក់លើក្ដារខៀន ឬ រៀបចំវាជាក្រដាសចែកដល់សិស្ស ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលពួកគេអាចប្រើសេចក្ដីពិតដែលពួកគេបានរៀនពីការសិក្សាអំពីប្រជាជនរបស់លិមហៃ និង ប្រជាជនរបស់អាលម៉ាដើម្បីជួយដល់មនុស្សនៅក្នុងឧទាហរណ៍ទាំងនេះ ។
-
មិត្តភក្ដិម្នាក់បានទទួលស្គាល់តម្រូវការដើម្បីប្រែចិត្ត ហើយបានទទួលបទពិសោធន៍ពីអារម្មណ៍ដ៏ខ្លាំងនៃភាពមិនសក្តិសម និង ការបាក់ទឹកចិត្ត ដោយគិតថាប្រសិនបើគេអាចយកឈ្នះការល្បួង និង អារម្មណ៍មានទោសទាំងឡាយ ។ តើអ្នកអាចប្រើដំណើររឿងរបស់ប្រជាជនលិមហៃដើម្បីផ្ដល់ការលើកទឹកចិត្តដល់មិត្តភក្ដិរបស់អ្នក និង ផ្ដល់សេចក្ដីសង្ឃឹមឲ្យប្រែចិត្តដោយរបៀបណា ? ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យរកមើលខគម្ពីរជាក់លាក់នៅក្នុង ម៉ូសាយ 21 ដែលពួកគេអាចចែកចាយជាមួយនឹងមិត្តភក្ដិរបស់ពួកគេ ។ សូមឲ្យសិស្សពន្យល់ពីមូលហេតុដែលពួកគេគិតដល់ខគម្ពីរដែលពួកគេបានជ្រើសរើសនេះ ថានឹងជួយដល់មិត្តភក្ដិគេ ) ។
-
មិត្តម្នាក់មានចរិតរស់រាយ ហើយខិតខំរស់នៅតាមបទដ្ឋាននៃដំណឹងល្អ ។ មានមនុស្សខ្លះមិនចង់ទាក់ទងនឹងមិត្តនេះទេ ដោយនិយាយថា គេនោះ “ ល្អពេក” សម្រាប់ពួកគេ ។ តើអ្នកអាចប្រើដំណើររឿងនៃប្រជាជនរបស់អាលម៉ាដើម្បីជួយមិត្តរបស់អ្នកឲ្យទុកចិត្តទៅលើព្រះអម្ចាស់ និង ស្វែងរកកម្លាំងនិងការលួងលោមពេលមានឧបសគ្គនេះដោយរបៀបណា ? ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យស្វែងរកខគម្ពីរជាក់លាក់នៅក្នុង ម៉ូសាយ 24 ដែលពួកគេអាចចែកចាយជាមួយនឹងមិត្តគេ ។ សូមឲ្យពួកគេពន្យល់ពីមូលហេតុដែលពួកគេគិតថាខគម្ពីរដែលពួកគេបានជ្រើសរើសនេះនឹងជួយបាន ) ។
សូមឲ្យសិស្សប្រាប់ពីពេលដែលពួកគេ ឬ មនុស្សដែលពួកគេស្គាល់បានធ្វើជាសាក្សីពីព្រះចេស្ដានៃការដោះលែងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។ ( សូមប្រយ័ត្នថា អ្នកមិនលើកទឹកចិត្ត ឬ ឲ្យសិស្សចែកចាយពីការរំលងពីអតីតកាលដែលមិនសមរម្យនៅក្នុងថ្នាក់ឡើយ ) ។ សូមលើកទឹកចិត្តសិស្សឲ្យរក្សាសេចក្ដីសញ្ញារបស់ពួកគេ អំពាវនាវដល់ព្រះអម្ចាស់ដើម្បីសុំជំនួយ ហើយទុកចិត្តលើព្រះចេស្ដានៃការដោះលែងរបស់ទ្រង់ចំពោះឧបសគ្គអ្វីក៏ដោយដែលពួកគេនឹងជួបនៅក្នុងជីវិត ។ សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះចេស្ដារបស់ព្រះអម្ចាស់ក្នុងការដោះលែងយើងពីឧបសគ្គ និងការលំបាកនានាដែលមកពីការរំលងរបស់យើងផ្ទាល់ ឬ មកពីការសាកល្បងដែលចង់បន្សុទ្ធយើងផង ។
មេរៀនបន្ទាប់ទៀត (ម៉ូសាយ 26–អាលម៉ា 4)
នៅក្នុងសប្ដាហ៍ក្រោយ សិស្សនឹងរៀនអំពីទេវតាមួយដែលត្រូវបានបញ្ជូនមកដើម្បីបញ្ឈប់អាលម៉ាជាកូន ពីការបំផ្លាញសាសនាចក្រ ។ ពួកគេនឹងសិក្សាពីអ្វីដែលបានកើតឡើងដល់អាលម៉ា ក្រោយពីបទពិសោធន៍នេះ និង អានការបង្រៀនដ៏សំខាន់ៗមួយចំនួនអំពីកំណើតខាងវិញ្ញាណដែលមាននៅក្នុងព្រះគម្ពីរ ។ នៅពេលស្ដេចម៉ូសាយបានសុគត អាលម៉ាត្រូវបានជ្រើសរើសជាអ្នកដឹកនាំសាសន៍នីហ្វៃ ។ អាំលីសៃ ជាបុរសដ៏ទុច្ចរិតម្នាក់បានព្យាយាមទម្លាក់គាត់ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលអ្វីដែលអាលម៉ាបានធ្វើ ដើម្បីអញ្ជើញព្រះចេស្ដានៃការដោះលែងរបស់ព្រះអម្ចាស់នៅក្នុងស្ថានភាពនេះ ។