មេរៀនទី 110
ហេលេមិន 8–9
សេចក្តីផ្ដើម
ក្រោយពីនីហ្វៃបានប្រកាសឲ្យប្រជាជនត្រូវតែប្រែចិត្ត បើមិនដូច្នោះទេពួកគេនឹងត្រូវបំផ្លាញ នោះចៅក្រមពុករលួយជាច្រើនចាក់រុកប្រជាជនជាច្រើនឲ្យប្រឆាំងទាស់នឹងគាត់ ។ ប្រជាជនខ្លះការពារគាត់យ៉ាងដាច់ខាត ។ នីហ្វៃបានបង្រៀនថា ប្រជាជនដែលបដិសេធសាក្សីរបស់គាត់ក៏បានបដិសេធនូវទីបន្ទាល់ទាំងឡាយនៃព្យាការីទាំងឡាយដែលបានរស់នៅពីមុនគាត់ដែរ ព្យាការីទាំងអស់នោះបានធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីបង្ហាញថាគាត់គឺជាព្យាការីម្នាក់ នីហ្វៃបានលាតត្រដាងថា មេចៅក្រមត្រូវបានគេធ្វើឃាត ។ នៅពេលសម្ដីរបស់នីហ្វៃត្រូវបានបញ្ជាក់ ប្រជាជនខ្លះទទួលស្គាល់គាត់ថាជាព្យាការីម្នាក់ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 8:1–10
ចៅក្រុមពុករលួយទាំងឡាយមានបំណងចាក់រុកប្រជាជនឲ្យប្រឆាំងនឹងនីហ្វៃ
-
តើឥទ្ធិពលមួយចំនួនដែលព្យាយាមបញ្ចុះបញ្ចូលអ្នកមិនឲ្យជឿលើពាក្យសម្ដីរបស់ព្យាការីនោះមានអ្វីខ្លះ ?
នៅពេលសិស្សពិភាក្សាសំណួរនេះ សូមឲ្យសិស្សម្នាក់សរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ សូមឲ្យសិស្សរកមើលទីសម្គាល់អំពីអ្វីដែលពួកគេគួរធ្វើ នៅពេលពួកគេជួបនឹងឥទ្ធិពលដូចដែលពួកគេនឹងអាននៅក្នុង ហេលេមិន 8 នាពេលសព្វថ្ងៃនេះ ។
សូមរំឭកសិស្សថា នីហ្វៃបានថ្លែងសារលិខិតនៃការប្រែចិត្តដ៏ដោយម៉ឺងម៉ាត់មួយដល់ប្រជាជនរបស់គាត់ ( សូមមើល ហេលេមិន 7 ) ។ សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី ហេលេមិន 8:1–6 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពីរបៀបដែលចៅក្រមមានប្រតិកម្មទៅនឹងការបង្រៀនរបស់នីហ្វៃ ។ អ្នកអាចបង្ហាញថា ចៅក្រមខ្លះជាបក្សពួកនៃក្រុមសម័្ពន្ធសម្ងាត់ពួកចោរកាឌីអានតុន ។
-
តើសារលិខិតរបស់ចៅក្រមទៅកាន់ប្រជាជនមានអ្វីខ្លះ ? ( ពួកគេបានព្យាយាមបញ្ចុះបញ្ចូលប្រជាជនឲ្យខឹងនឹងនីហ្វៃ ) ។
-
យោងតាម ហេលេមិន 8:4, តើហេតុអ្វីបានជាចៅក្រមមិនដាក់ទោសនីហ្វៃ ?
សូមឲ្យសិស្សគិតអំពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើមាននរណាម្នាក់ព្យាយាមបញ្ចុះបញ្ចូលពួកគេមិនឲ្យស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី ។
សូមប្រាប់សិស្សថា ប្រជាជនខ្លះបាននិយាយប្រឆាំងនឹងគំនិតរបស់ចៅក្រម ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 8:7–9 ឮៗ ។ សូមបង្ហាញថា ដូចជាប្រជាជនខ្លះនៅក្នុងហ្វូងមនុស្សនោះដែរ យើងអាចបង្កើនសំឡេងរបស់យើងដើម្បីគាំទ្រព្យាការី ទោះបីជានៅពេលដែលវាជារឿងដែលគេមិនសូវនិយមធ្វើក៏ដោយ ។
-
នៅក្នុងជីវិតរបស់អ្នក តើអ្នកធ្លាប់បានតំឡើងសំឡេងរបស់អ្នកគាំទ្រព្យាការីដែលកំពុងរស់នៅដែរឬទេ ទោះបីជាការបង្រៀនរបស់គាត់មិនមានប្រជាប្រិយភាពក្ដីនោះ ? តើការណ៍នេះបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងណានៅក្នុងជីវិតរបស់អ្នក ? តើវាជះឥទ្ធិពលដល់អ្នកដទៃដោយរបៀបណា ?
សូមឲ្យសិស្សអាន ហេលេមិន 8:10 ដោយស្ងៀមស្ងាត់ដើម្បីរកមើលពីរបៀបដែលពាក្យសម្ដីរបស់ប្រជាជនទាំងនេះធ្វើឲ្យមានភាពខុសគ្នា ។
-
តើមានភាពខុសគ្នាយ៉ាងណា នៅពេលប្រជាជនខ្លះបានគាំទ្រដល់ព្យាការីនោះ ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីធ្វើរឿងបែបនេះក្នុងពេលសព្វថ្ងៃ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងត្រូវចាំដល់សម្ដីរបស់អេដមុន បួក ថា ៖ ‹ រឿងចាំបាច់តែមួយគត់សម្រាប់ជោគជ័យរបស់អំពើអាក្រក់នោះគឺធ្វើឲ្យមនុស្សល្អមិនធ្វើអ្វីទាំងអស់ › ។ [ Attributed in John Bartlett, comp., Familiar Quotations, 15th ed. ( ឆ្នាំ 1980 ), Ix ។ ] យើងត្រូវបន្លឺសំឡេងរបស់យើងជាមួយនឹងពលរដ្ឋដទៃទៀតនៅទូទាំងពិភពលោកដែលខ្វល់ខ្វាយ ដើម្បីប្រឆាំងនឹងនិន្នាការនាពេលថ្មីៗនេះ ។ យើងត្រូវប្រាប់អ្នកឧបត្ថម្ភការចាក់ផ្សាយដ៏មិនល្អទាំងឡាយថា យើងទទួលបានគ្រប់គ្រាន់ហើយ ។ យើងត្រូវគាំទ្រកម្មវិធី និងការផលិតដែលវិជ្ជមាន និងលើកតម្កើង ។ ដោយចូលរួមជាមួយគ្នានឹងអ្នកជិតខាង និងមិត្តភក្ដិដែលចែកចាយពីការខ្វាយខ្វល់ទាំងឡាយ យើងអាចផ្ញើសារលិខិតដ៏ច្បាស់មួយទៅដល់អ្នកដែលទទួលខុសត្រូវ » ( « Let Our Voices Be Heard » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2003 ទំព័រ 18 ) ។
-
តើយើងអាចប្រឆាំងនឹងឥទ្ធិពលដែលមានបំណងបញ្ចុះបញ្ចូលយើងឲ្យប្រឆាំងនឹងពាក្យសម្ដីរបស់ព្យាការីដោយរបៀបណា ?
-
តើមានរបៀបដ៏សមរម្យណាខ្លះដើម្បីនិយាយប្រឆាំងនឹងឥទ្ធិពលអាក្រក់ និងគាំទ្រដល់ពាក្យសម្ដីរបស់ព្យាការី ?
សូមឲ្យសិស្សប្រាប់ពីពេលមួយដែលពួកគេ ឬនរណាម្នាក់ដែលគេស្គាល់បានក្រោកឈរឡើងប្រឆាំងនឹងឥទ្ធិពលបែបនោះ ។
ហេលេមិន 8:11–24
ហេលេមិនបង្រៀនថា ព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 8:13 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលអ្វីដែលនីហ្វៃបាននិយាយថាប្រជាជនបានបដិសេធ ។ សូមបង្ហាញសិស្សរូបភាពម៉ូសេ និងសត្វពស់លង្ហិន ( 62202 សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខកូដ 16 ) ។ សូមឲ្យពួកគេអាន ហេលេមិន 8:14–15 ហើយរកមើលអ្វីដែលម៉ូសេបានបង្រៀនអំពីព្រះអង្គសង្គ្រោះ ។
-
តើមានរបៀបអ្វីខ្លះ ដែលបុគ្គលម្នាក់អាច « នឹងសម្លឹងមើលទៅព្រះរាជបុត្រានៃព្រះដោយនូវសេចក្ដីជំនឿ » ?
-
ដើម្បីមាន « វិញ្ញាណទន់ទាប » ដូចដែលបានបង្ហាញនៅក្នុង ហេលេមិន 8:15 គឺត្រូវបន្ទាបខ្លួន ប្រែចិត្ត ហើយទទួលយកតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ ហេតុអ្វីបានជាឥរិយាបថនេះសំខាន់ នៅពេលយើងសម្លឹងមើលទៅព្រះអង្គសង្គ្រោះ ?
-
តើការដឹងពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះអាចជួយយើងឲ្យប្រឆាំងនឹងអំពើអាក្រក់បានដោយរបៀបណា ?
សូមឲ្យសិស្សនិយាយការបង្រៀននៅក្នុង ហេលេមិន 8:15 ម្ដងទៀត ដោយនិយាយពីសម្ដីខ្លួនឯង ។ ឧទាហរណ៍ ពួកគេអាចនិយាយថា ប្រសិនបើយើងផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអនុវត្តសេចក្តីជំនឿទៅលើទ្រង់ យើងនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 8:16 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្នកផ្សេងទៀតដែលបានបង្រៀននូវសារលិខិតដែលបានបង្ហាញនៅក្នុង ហេលេមិន 8:15 ។ ហើយបន្ទាប់មក សូមឲ្យសិស្សសិក្សាត្រួសៗក្នុង ហេលេមិន 8:17–22 រកមើលឈ្មោះនៃព្យាការីផ្សេងទៀតដែលបានថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។ សូមឲ្យសិស្សពិចារណាពីទីបន្ទាល់ជាច្រើនអំពីព្រះយេស៊ូវគ្រីស្ទ ដែលពួកគេបានអាន ឬបានឮពីព្យាការីពីបុរាណ និងព្យាការីថ្ងៃចុងក្រោយទាំងឡាយ ។
សូមពន្យល់ថា មនុស្សជាច្រើនបានបដិសេធនីហ្វៃ និងសារលិខិតរបស់គាត់ ។ សូមឲ្យសិស្សអាន ហេលេមិន 8:24–26 ហើយរកមើលផលវិបាកដែលសាសន៍នីហ្វៃបានជួប ដោយសារពួកគេបានបដិសេធទីបន្ទាល់របស់ព្យាការីទាំងឡាយ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាអ្នកទាំងឡាយដែលបដិសេធនសេចក្ដីពិត ហើយបះបោរប្រឆាំងនឹងព្រះម្ដងហើយម្ដងទៀតជួបនឹងផលវិបាកដ៏ធ្ងន់ធ្ងរបែបនេះ ?
-
តើសារលិខិតរបស់ព្យាការីបានជួយអ្នកឲ្យងាកមករកព្រះអម្ចាស់វិញនៅពេលណា ?
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេអាចខិតខំបន្ថែមទៀតដើម្បីងាកមករកព្រះអង្គសង្គ្រោះវិញ ។ សូមលើកទឹកចិត្តពួកគេឲ្យផ្ដោតលើរបៀបមួយដែលពួកគេនឹងកែលម្អនៅក្នុងសប្ដាហ៍ក្រោយ ។
ហេលេមិន 8:25–9:41
នីហ្វៃបង្ហាញថា មេចៅក្រមត្រូវបានធ្វើឃាត
សូមសង្ខេប ហេលេមិន 8:25–28 ដោយការពន្យល់ថា ជាភស្ដុតាងថា ប្រជាជនស្ថិតនៅក្នុងស្ថានភាពដ៏មានបាបមួយ ហើយថានីហ្វៃបាននិយាយប្រាប់ពីព្រះបន្ទូលព្រះ នោះនីហ្វៃបានបង្ហាញថា មេចៅក្រមត្រូវបានគេធ្វើឃាត ។ សូមចាត់សិស្សជាដៃគូ ។ សូមឲ្យដៃគូនីមួយៗស្រមៃថា ពួកគេជាអ្នកស៊ើបអង្កេតម្នាក់លើករណីនេះ ដើម្បីរកមើល ហើយសម្រេចចិត្តថាតើនរណាជាអ្នកសម្លាប់មេចៅក្រម ។ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ឬបញ្ចូលវានៅលើក្រដាសសម្រាប់ចែកឲ្យដៃគូនីមួយៗ ។
សូមឲ្យដៃគូស្វែងរកចម្លើយនៅក្នុងសំណួរទី 1 និងទី 2 ។ នៅពេលពួកគេមានពេលគ្រន់គ្រាន់ហើយ សូមសួរ ៖
-
នៅពេលបុរសទាំងប្រាំនាក់នោះបានរកឃើញឃាតករដែលសម្លាប់មេចៅក្រម តើពួកគេជឿលើអ្វី ? តើពួកគេភ័យខ្លាចអ្វី ? ( សូមមើល ហេលេមិន 9:5 ) ។
សូមឲ្យដៃគូឆ្លើយសំណួរទាំងអស់ដើម្បីបំពេញការស៊ើបអង្កេតរបស់គេ ។ រួចសួរថា ៖
-
យោងតាមនីហ្វៃ តើស៊ីអានទុមបាននិយាយអ្វីខ្លះ ក្រោយពីការសារភាពកំហុសរបស់ខ្លួនមក ? ( សូមមើល ហេលេមិន 9:36 ) ។
-
យោងតាម ហេលេមិន 9:39–41ហេតុអ្វីបានជាមនុស្សខ្លះជឿតាមនីហ្វៃ ?
សូមឲ្យសិស្សសង្ខេបពីអ្វីដែលពួកគេបានរៀននៅក្នុង ហេលេមិន 9 អំពីពាក្យសម្ដីរបស់ព្យាការី ។ សិស្សអាចបង្ហាញគំនិតជាច្រើនខុសៗគ្នា ប៉ុន្ដែសូមប្រាកដថា ពួកគេរកឃើញនូវគោលការណ៍ខាងក្រោម ៖ ពាក្យសម្ដីរបស់ព្យាការីនឹងត្រូវបានបំពេញ ។ ដើម្បីបញ្ជាក់ពីសេចក្ដីពិតនេះ អ្នកអាចឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា 1:37–38 ។
-
តើបទពិសោធន៍អ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់អ្នកថា យើងមានព្យាការីនៅលើផែនដីសព្វថ្ងៃនេះ ?
សូមបញ្ចប់ជាមួយនឹងទីបន្ទាល់របស់អ្នកថា ពាក្យសម្ដីព្យាការីនឹងត្រូវបានបំពេញ ។