មេរៀនទី 107
ហេលេមិន 3–4
សេចក្តីផ្ដើម
នាពេលនេះនៅក្នុងប្រវត្តិសាស្ដ្រនៃព្រះគម្ពីរមរមន សាសន៍នីហ្វៃបានរីករាយនឹងគ្រានៃសេចក្តីសុខសាន្ត ប៉ុន្ដែក៏បានជួបនឹងគ្រានៃការទាស់ទែងគ្នាដែរ ។ សាសន៍នីហ្វៃរាប់ពាន់រាប់ម៉ឺននាក់បានចូលរួមក្នុងសាសនាចក្រ នៅគ្រានៃសេចក្តីសុខសាន្តនេះ ។ ក្រោយពីគ្រានៃការរីកចម្រើនដ៏អស្ចារ្យនេះ ភាពឆ្មើងឆ្មៃបានចាប់ផ្ដើមចូលទៅក្នុងដួងចិត្តនៃប្រជាជន ។ ទោះជាយ៉ាងណាក្ដី សមាជិកសាសនាចក្រដ៏រាបសាជាច្រើនបានរីកចម្រើននៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ថ្វីបើត្រូវបានបៀតបៀនពីសំណាក់អ្នកដែលមានអំនួតក្ដី ។ ដោយសារតែអំពើទុច្ចរិតនៅក្នុងចំណោមប្រជាជននីហ្វៃជាច្រើន ពួកគេបានបាត់បង់ដែនដីភាគខាងត្បូងរបស់គេទាំងអស់ឲ្យទៅសាសន៍លេមិន ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 3
សាសន៍នីហ្វៃជាច្រើនបានធ្វើដំណើរទៅភាគខាងជើង ខណៈដែលសាសនាចក្ររីកចម្រើននៅអំឡុងភាពទុច្ចរិត និងការបៀតបៀន
សូមសរសេរពាក្យខាងក្រោមនៅលើក្ដារខៀន ( អ្នកអាចធ្វើដូច្នេះ មុនចាប់ផ្ដើមបង្រៀន ) ៖
សូមសួរសិស្សថាក្នុងចំណោមមនុស្សដែលបានសរសេរនៅលើក្ដារខៀនខាងលើ តើនរណាដែលពួកគេមានអារម្មណ៍ថាពួកគេអាចគ្រប់គ្រងបាន ។ បន្ទាប់មក សូមឲ្យពួកគេលើកដៃ ប្រសិនបើពួកគេធ្លាប់បាក់ទឹកចិត្តដោយសារតែសកម្មភាពរបស់ដទៃ ។ សូមឲ្យពួកគេបន្ដលើកដៃ ប្រសិនបើពួកគេធ្លាប់បានបាក់ទឹកចិត្តនាពេលថ្មីៗនេះ ដោយសារតែសកម្មភាពមិនសុចរិតរបស់អ្នកដទៃ ។ សូមពន្យល់ថា នៅពេលពួកគេសិក្សា ហេលេមិន 3 ពួកគេនឹងរកឃើញការយល់ដឹងអំពីអ្វីដែលពួកគេអាចធ្វើ នៅពេលមនុស្សដែលរស់នៅនៅជុំវិញគេមិនធ្វើតាមដំណឹងល្អ ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 3:1–2 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលការកើតឡើងនៃឃ្លាថា « គ្មានការទាស់ទែងគ្នា » ។ សូមឲ្យសិស្សអាន ហេលេមិន 3:3, 19 ដោយស្ងៀមស្ងាត់ដោយរកមើលពាក្យ ឬឃ្លាដែលបង្ហាញពីរបៀបដែលអ្វីៗបានផ្លាស់ប្ដូរក្នុងចំណោមប្រជាជននីហ្វៃ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាសាសន៍នីហ្វៃចាកចេញយ៉ាងរហ័សពីគ្រានៃការគ្មានការទាស់ទែងគ្នាទៅរកគ្រានៃការទាស់ទែងគ្នា ?
សូមសង្ខេប ហេលេមិន 3:3–16 ដោយការពន្យល់ថា នៅគ្រានៃការទាស់ទែងគ្នានេះ សាសន៍នីហ្វៃជាច្រើនបានចាកចេញទៅភាគខាងជើង ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 3:20 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលហេលេមិនត្រូវបានពិពណ៌នានៅគ្រានៃការទាស់ទែងគ្នានេះ ។
-
តើអ្វីទៅដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ស្ដីពីគំរូរបស់ហេលេមិន នៅគ្រានៃការទាស់ទែងគ្នានេះ ? ( នៅពេលសិស្សឆ្លើយ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេគូសចំណាំពាក្យ រហូត នៅក្នុង ហេលេមិន 3:20 ) ។
សូមឲ្យសិស្សអាន ហេលេមិន 3:22–26 ដោយស្ងៀមស្ងាត់ ហើយរកមើលថាតើស្ថានភាពនៅក្នុងចំណោមសាសន៍នីហ្វៃបានផ្លាស់ប្ដូរយ៉ាងណាដែរ ។
-
តើអ្វីទៅដែលធ្វើឲ្យអ្នកដឹកនាំសាសនាចក្រត្រូវបានគេកោតសរសើរ ?
-
តើយើងអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះស្ដីពីឥទ្ធិពលដ៏មានសក្ដានុពលដែលសាសនាចក្រអាចមានទៅលើមនុស្សទូទៅ ?
សូមរំឭកសិស្សថា នៅពេលមរមនបានរៀបចំកំណត់ត្រានៃព្រះគម្ពីរមរមន ពេលខ្លះគាត់បានបង្ហាញ មេរៀន ដែលគាត់ចង់ឲ្យអ្នកអានរៀនពីដំណើររឿងមួយចំនួន ។ នៅក្នុងករណីរបស់ ហេលេមិន 3 គាត់បានប្រើឃ្លា « ម៉្លោះហើយ យើងអាចឃើញថា » « ម៉្លោះហើយ យើងឃើញថា » និង « យើងឃើញថា » ដើម្បីចាប់ផ្ដើមមេរៀនរបស់គាត់ ។ សូមឲ្យសិស្សអាន ហេលេមិន 3:27–30 ដោយស្ងៀមស្ងាត់ ហើយរកមើលមេរៀនដែលមរមនចង់ឲ្យយើងរៀន ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញហើយ ដោយសួរថា ៖
-
តើមរមនចង់ឲ្យយើងដឹងអ្វីខ្លះអំពីព្រះបន្ទូលនៃព្រះ ?
សូមឲ្យសិស្សមានពេលខ្លះសញ្ជឹងគិតពីរបៀបដែលការសិក្សាព្រះគម្ពីររបស់ពួកគេបានជួយឲ្យពួកគេទទួលបានពរជ័យដូចដែលបានសន្យានៅក្នុង ហេលេមិន 3:29 ។ សូមគិតពីការហៅសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់គេ ។
សូមពន្យល់ថា ខគម្ពីរនៅសេសសល់ផ្សេងទៀតក្នុង ហេលេមិន 3 ប្រាប់ពីរបៀបដែល មានភាពឆ្មើងឆ្មៃរីករាលដាលនៅក្នុងចំណោមសាសន៍នីហ្វៃ ក្រោយពីពេលនៃការរីកចម្រើនដ៏អស្ចារ្យនោះ ។ សមាជិកសាសនាចក្រដ៏រាបសាជាច្រើនបានរងការបៀតបៀនពីសមាជិកសាសនាចក្រដែលមានដួងចិត្តឆ្មើងឆ្មៃ ។ សូមអានស្ថានភាពខាងក្រោមឮៗ ។ សូមឲ្យសិស្សសញ្ជឹងគិតពីពេលដែលពួកគេបានឃើញ ឬបានជួបស្ថានភាពស្រដៀងគ្នានេះ ។
-
យុវនារីម្នាក់សើចចំអកឲ្យក្មេងស្រីផ្សេងទៀតនៅក្នុងវួដរបស់នាង ។
-
យុវជនម្នាក់ចំអកឲ្យសមាជិកកូរ៉ុមរបស់គាត់ដែលរីករាយជ្រុលពេកដើម្បីឆ្លើយនឹងសំណួរនៅក្នុងថ្នាក់ ឬស្មគ័្រចិត្តសម្រាប់កាតព្វកិច្ចនៃបព្វជិតភាព ។
-
ក្រុមយុវជនមួយនៅក្នុងវួដបានមិនរាប់រកយុវជនម្នាក់ទៀតនៅក្នុងការសន្ទនា និងសកម្មភាពរបស់ពួកគេខាងក្រៅសាសនាចក្រ ។
-
យុវនារីមួយក្រុមបានរិះគន់អំពីសំលៀកបំពាក់របស់យុវនារីផ្សេងទៀតដែលធ្វើឲ្យនាងឈឺចាប់ ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 3:33–34 ឮៗ ។ សូមឲ្យសិស្សរកមើលភាពស្រដៀងគ្នារវាងស្ថានភាពរបស់សាសន៍នីហ្វៃ និងស្ថានភាពដែលបានរៀបរាប់ខាងលើ ។ ក្រោយពីសិស្សមានពេលឆ្លើយហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាការបៀតបៀននៃសមាជិកសាសនាចក្រដោយសមាជិកសាសនាចក្រផ្សេងទៀតត្រូវបានចាត់ទុកថាជា « អំពើអាក្រក់ដ៏ខ្លាំងមួយ» ក្នុងចំណោមសាសន៍នីហ្វៃ ?
-
តើយើងបានបំពានគោលការណ៍អ្វីខ្លះនៃដំណឹងល្អ នៅពេលយើងធ្វើខុស ឬខ្វះសន្ដានចិត្តល្អចំពោះសមាជិកសាសនាចក្រផ្សេងទៀត ? តើយើងអាចពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះពួកបរិសុទ្ធដែលជាបងប្អូនរបស់យើងដោយរបៀបណា ?
សូមឲ្យសិស្សអាន ហេលេមិន 3:35 ដោយស្ងៀមស្ងាត់ ហើយរកមើលរបៀបដែលពួកអ្នកមានចិត្តរាបសានៅក្នុងចំណោមសាសន៍នីហ្វៃបានឆ្លើយតបនឹងការបៀតបៀន ។
-
តើសេចក្ដីជំនឿនៃមនុស្សដែលគេបៀតបៀនបានកើតឡើង ថយចុះ ឬនៅដដែល ?
-
តើសកម្មភាពអ្វីខ្លះដែលមនុស្សត្រូវគេបៀតបៀនបានធ្វើដើម្បីបង្កើនសេចក្ដីជំនឿរបស់គេ ? ( ពួកគេបានតមអាហារ ហើយបានអធិស្ឋានជាញឹកញាប់ ព្យាយាមបន្ទាបខ្លួន និងបែរដួងចិត្តគេទៅកាន់ព្រះ ។ )
-
ក្រៅពីការបង្កើនសេចក្ដីជំនឿ តើមានអ្វីផ្សេងទៀតដែលសកម្មភាពនៃសាសន៍ដែលបន្ទាបខ្លួនបាននាំទៅរក ? ( សេចក្ដីអំណរ ការរួបរួម និងការបន្សុទ្ធ និងការថ្វាយដួងចិត្តរបស់គេ ។ )
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើង … សេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទនឹងត្រវបានបង្កើន ទោះបីជាមានការបៀតបៀន និងការសាកល្បងក្ដី ។ សូមឲ្យសិស្សបំពេញប្រយោគនេះដោយផ្អែកលើអ្វីដែលពួកគេបានរៀនពី ហេលេមិន 3:33–35 ។ អ្នកអាចឲ្យសិស្សបីបួននាក់ចែកចាយពីរបៀបដែលពួកគេបានបំពេញប្រយោគនេះ ។ ទោះបីជាចម្លើយរបស់សិស្សអាចខុសគ្នាក្ដី ក៏សូមប្រាកដថា ពួកគេបង្ហាញពីសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលយើងខិតខំរស់នៅដោយសុចរិត នោះសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទនឹងកើនឡើង ទោះបីមានការបៀតបៀន និងការសាកល្បងក្ដី ។ ដើម្បីជួយសិស្សឲ្យយល់ពីការបង្រៀនក្នុងខគម្ពីរទាំងនេះកាន់តែស៊ីជម្រៅ អ្នកអាចសួរសំណួរដូចខាងក្រោម ៖
-
តើការអធិស្ឋាន និងការតមអាហារបានជួយអ្នកនៅក្នុងពេលមានការបៀតបៀន ឬការសាកល្បងដោយរបៀបណា ?
-
តើអ្នកគិតថា ការបែរដួងចិត្តរបស់អ្នកទៅរកព្រះមានន័យដូចម្ដេច ?
-
ហេតុអ្វីបានជាការបែរដួងចិត្តអ្នកទៅព្រះចាំបាច់ដើម្បីបង្កើនសេចក្ដីជំនឿរបស់អ្នកនៅក្នុងពេលមានការបៀតបៀន ឬការសាកល្បង ?
សូមសួរសិស្សថា តើពួកគេធ្លាប់មានអារម្មណ៍ថាសេចក្ដីជំនឿរបស់ពួកគេកើនឡើង នៅពេលពួកគេបានឆ្លើយតបដោយសុចរិតទៅនឹងការបៀតបៀនដែរឬទេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់គេ ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។
ដើម្បីរៀបចំសិស្សឲ្យសិក្សា ហេលេមិន 4 សូមឲ្យពួកគេអាន ហេលេមិន 3:36 ដោយស្ងៀមស្ងាត់ ។ សូមឲ្យពួកគេរកមើលស្ថានភាពទូទៅរបស់សាសន៍នីហ្វៃ ។ ( សាសន៍នីហ្វៃកំពុងកើនឡើងនៅក្នុងភាពឆ្មើងឆ្មៃ ទោះបីជាមានគំរូរបស់អ្នកដើរតាមព្រះគ្រីស្ទដ៏រាបសាក្ដី ) ។
ហេលេមិន 4
ដោយសារតែអំពើទុច្ចរិត នោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានយាងចេញពីសាសន៍នីហ្វៃ ហើយសាសន៍លេមិនបានយកឈ្នះលើដែនដីភាគខាងត្បូងរបស់សាសន៍នីហ្វៃទាំងអស់
សូមពន្យល់ថា ហេលេមិន 4:4–8 ប្រាប់ពីសង្គ្រាមមួយដែលសាសន៍នីហ្វៃបានធ្វើនឹងសាសន៍លេមិន និងអ្នកប្រឆាំងនឹងសាសន៍នីហ្វៃ ។ សូមឲ្យសិស្សម្នាក់អានខគម្ពីរទាំងនេះឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលដែនដីរបស់សាសន៍នីហ្វៃមួយណាដែលត្រូវបានឈ្លានពានក្នុងពេលសង្គ្រាមនេះ ។
សូមសរសេរការណែនាំដូចខាងក្រោមនៅលើក្តារខៀន ។ ( អ្នកគួរធ្វើការណ៍នេះ មុនពេលចាប់ផ្ដើមបង្រៀន ) ។ សូមឲ្យសិស្សចម្លងវាទៅក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យដៃគូទាំងឡាយអាន ហេលេមិន 4:11–13, 23–26 រួមគ្នា ដោយរកមើល ហើយសរសេរឃ្លាដ៏សំខាន់ស្របតាមការណែនាំនៅលើក្ដារខៀន ។
សូមឲ្យដៃគូពីរបីរៀបរាប់ពីចម្លើយរបស់ពួកគេ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានសរសេរហើយ អ្នកអាចណែនាំឲ្យពួកគេគូសចំណាំឃ្លាខាងក្រោមនៅក្នុងគម្ពីររបស់ពួកគេ ។ « ត្រូវបានទុកឲ្យប្រើកម្លាំងរបស់គេផ្ទាល់ » ( ហេលេមិន 4:13 ) « ពួកគេបានក្លាយទៅជាមនុស្សទន់ខ្សោយ » ( ហេលេមិន 4:24 ) ហើយ « មែនហើយ ពួកគេបានក្លាយទៅជាមនុស្សទន់ខ្សោយ » ( ហេលេមិន 4:26 ) ។
សូមសួរសិស្សថា តើគោលការណ៍អ្វីដែលពួកគេអាចរកឃើញពីការសិក្សាក្នុង ហេលេមិន 4 ។ សូមជួយពួកគេឲ្យរកឃើញគោលការណ៍ដូចតទៅនេះ ៖ ភាពឆ្មើងឆ្មៃ និងអំពើទុច្ចរិតបំបែកយើងចេញពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយទុកឲ្យយើងប្រើកម្លាំងផ្ទាល់ខ្លួន ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកក៏អាចណែនាំសិស្សឲ្យសរសេរវានៅក្នុងព្រះគម្ពីររបស់ពួកគេ គឺនៅក្បែរ ហេលេមិន 4:23–24 ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមឲ្យពួកគេម្នាក់ឡើងមកខាងមុខក្ដារខៀន ។ សូមឲ្យសិស្សនោះស្រមៃថា គេត្រូវបានបញ្ជាឲ្យទៅច្បាំងតែម្នាក់ឯងក្នុងចម្បាំងមួយប្រឆាំងនឹងសាសន៍លេមិន ។ សូមសួរសិស្សផ្សេងទៀតថា តើពួកគេនឹងមានឱកាសប៉ុណ្ណាអាចយកឈ្នះកងទ័ពដ៏ច្រើននោះ ។ សូមឲ្យសិស្សផ្សេងឡើងមកខាងមុខក្ដារខៀន ហើយឈរនៅក្បែរសិស្សទីមួយ ។ សូមសួរសិស្សទីមួយថាបើមានជំនួយពីសិស្សទីពីរតើឱកាសយកឈ្នះនឹងកម្លាំងសត្រូវនោះមានប៉ុណ្ណា ។ ( ដោយការប្រយុទ្ធនឹងកងទ័ដ៏ច្រើន ការបន្ថែមសិស្សទីពីរនឹងមិនបង្កើនឱកាសយកឈ្នះបានច្រើននោះទេ ) ។ បន្ទាប់មក សូមសរសេរពាក្យព្រះអម្ចាស់នៅលើក្ដារខៀន ។ សូមសួរសិស្សទីមួយថា ៖
-
តើអ្នកគិតថា ឱកាសយកឈ្នះរបស់អ្នកលើសង្គ្រាមមានច្រើនប៉ុណ្ណា ប្រសិនបើព្រះអម្ចាស់ស្ថិតនៅខាងអ្នកនោះ ?
សូមសួរសិស្សថា តើសកម្មភាពនេះទាក់ទងនឹងគោលការណ៍ដែលបានរកឃើញក្នុងហេលេមិន 4 ដោយរបៀបណា ។ សូមគិតពីការសួរសំណួរខាងក្រោម ៖
-
នៅក្នុងបទពិសោធន៍របស់សាសន៍នីហ្វៃ ការត្រូវបានទុកឲ្យប្រើកម្លាំងខ្លួនឯងផ្ទាល់ មានន័យថាជាការចាញ់សង្គ្រាម និងការបាត់បង់ដែនដី ។ តើ « សង្គ្រាម » អ្វីខ្លះដែលយើងអាចចាញ់ ប្រសិនបើយើងគ្មានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយនឹងយើងនោះ ?
សូមឲ្យសិស្សសញ្ជឹងគិតពីរឿងមួយ ដែលពួកគេអាចធ្វើដើម្បីរក្សាភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់គេ ហើយសូមឲ្យពួកគេធ្វើដូច្នោះ ។ សូមចែកចាយទីបន្ទាល់របស់អ្នកពីសារៈសំខាន់នៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់អ្នក ។