មេរៀនទី 112
ហេលេមិន 11–12
សេចក្តីផ្ដើម
ជំពូកទី 11 និង 12 នៅក្នុងគម្ពីរហេលេមិនមាននូវប្រវត្តិសាស្ដ្រនៃសាសន៍នីហ្វៃរយៈពេល 14 ឆ្នាំដែលប្រជាជនបានឆ្លងកាត់វដ្ដនៃសេចក្តីសុចរិត និងសេចក្ដីទុច្ចរិត ។ ប្រវត្តិសាស្ដ្រនេះបង្ហាញពីរបៀបដែលប្រជាជនអាចភ្លេចព្រះអម្ចាស់យ៉ាងរហ័ស និងរបៀបដែលទ្រង់ផ្ចាញ់ផ្ចាលពួកគេដើម្បីជួយពួកគេឲ្យប្រែចិត្ត ហើយត្រឡប់មករកទ្រង់វិញ ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 11
សាសន៍នីហ្វៃឆ្លងកាត់វដ្ដនៃសេចក្តីសុចរិត និងសេចក្ដីទុច្ចរិតមួយ
សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ។ សូមពន្យល់ថា តារាងនេះបង្ហាញអ្វីដែលជាញឹកញាប់ហៅថាវដ្ដនៃសេចក្ដីឆ្មើងឆ្មៃ ។
សូមឲ្យសិស្សគិតពីអ្វីដែលពួកគេនឹងសរសេរសម្រាប់ធាតុទាំងបួននៃវដ្ដនេះ ។ សូមឲ្យសិស្សពិភាក្សាពីចម្លើយ ។ ក្រោយពីបានពិភាក្សាខ្លះហើយ សូមសរសេរពាក្យ សេចក្ដីរាបសា និងការប្រែចិត្ត ក្បែរលេខ 4 នៅក្នុងតារាងនេះ ។ សូមពន្យល់ថា សកម្មភាពព្រះគម្ពីរខាងក្រោមនឹងបង្ហាញពីរបៀបដែលប្រជាជនក្នុងព្រះគម្ពីរមរមនបានឆ្លងកាត់វដ្ដនេះ ។ សូមបង្ហាញថា វដ្ដនេះជាញឹកញាប់ត្រូវបានឃើញនៅក្នុងសង្គមដ៏ធំនានា ប៉ុន្ដែវាក៏អាចបង្ហាញពីគំរូនៅក្នុងជីវិតរបស់គ្រួសារ និងបុគ្គលម្នាក់ៗផងដែរ ។
សូមរំឭកសិស្សថា ទោះបីជាក្រោយពីនីហ្វៃបានប្រាប់ប្រជាជនអំពីសេចក្ដីស្លាប់របស់មេចៅក្រមហើយក្ដី ក៏គង់តែ « ពួកគេបានធ្វើចិត្តរឹងរូស ហើយពុំបានស្ដាប់តាមព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់ឡើយ » ( ហេលេមិន 10:13 ) ។ នៅចុងបញ្ចប់នៃឆ្នាំទី 71 នៃរជ្ជកាលនៃចៅក្រម ប្រជាជន « បានបែកគ្នាហើយបានចាប់ផ្ដើមសម្លាប់គ្នាទៅវិញទៅមកដោយដាវ » ( ហេលេមិន 10:18 ) ។
-
នៅពេលនេះ តើអ្នកគិតថាសាសន៍នីហ្វៃទាំងនេះស្ថិតនៅក្នុងវដ្ដនៃភាពឆ្មើងឆ្មៃកន្លែងណា ?
មុនចាប់ផ្ដើមថ្នាក់ សូមចម្លងតារាងខាងក្រោមនៅលើក្ដារខៀន ។ សូមកុំបញ្ចូលចម្លើយជាអក្សរទ្រេតនៅក្នុងជួរឈរទីបី និងទីបួន ។ ប្រសិនបើអាច សូមចម្លងតារាងនោះជាក្រដាសចែកដល់សិស្ស ។ ប្រសិនបើពិបាក សូមឲ្យពួកគេចម្លងតារាងនេះទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
គំរូ របៀបដើម្បីបំពេញតារាងដោយការធ្វើរួមគ្នានៅបន្ទាត់ទីមួយរួមគ្នា ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 11:1–2 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់សង្ខេបខ្លីពីស្ថានភាពរបស់ប្រជាជនដូចដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើតារាង ។ បន្ទាប់មក សូមឲ្យសិស្សរកមើលវគ្គមួយណានៃវដ្ដនេះដែលប្រជាជនស្ថិតនៅ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើតារាង ។
នៅពេលសិស្សយល់ពីរបៀបបំពេញតារាងនេះហើយ សូមឲ្យពួកគេមានពេលបំពេញវា ។ អ្នកអាចសុំឲ្យពួកគេធ្វើការរៀងៗខ្លួន ជាដៃគូ ឬជាក្រុមតូចៗ ឬរួមគ្នាក្នុងថ្នាក់ ។
ឆ្នាំនៃរជ្ជកាលនៃចៅក្រម |
ខគម្ពីរនៅក្នុង ហេលេមិន 11 |
ការពិពណ៌នាពីស្ថានភាពរបស់ប្រជាជន |
វគ្គនៅក្នុងវដ្ដ |
---|---|---|---|
72–73 |
ការទាស់ទែងគ្នា និងសង្គ្រាមកើនឡើង ហើយក្រុមចោរសម្ងាត់ធ្វើការបំផ្លិចបំផ្លាញ ។ |
2, 3 | |
73–75 |
ដោយសារតែសំណើររបស់នីហ្វៃទៅដល់ព្រះអម្ចាស់ គ្រោះទុរភិក្សត្រូវជំនួសដោយសង្គ្រាម ហើយមនុស្សរាប់ពាន់នាក់ចាប់ផ្ដើមវិនាសបង់ដោយការអត់ឃ្លាន ។ |
2, 3 | |
75 |
ប្រជាជនចាប់ផ្ដើមចងចាំដល់ព្រះអម្ចាស់ និងបន្ទាបខ្លួន ហើយពួកគេសម្អាតចេញនូវក្រុមកាឌីអានតុនពីក្នុងចំណោមពួកគេ ។ |
3, 4 | |
76 |
ប្រជាជនរីករាយ ហើយសរសើរតម្កើងដល់ព្រះ ។ ពួកគេមានសេចក្ដីសុចរិត ហើយពួកគេចាប់ផ្ដើមរីកចម្រើនម្ដងទៀត ។ |
4, 1 | |
77–79 |
ការចម្រុងចម្រើន និងសន្ដិភាពត្រូវបានស្ដារឡើងវិញ ។ ការទាស់ទែងគ្នាមានតិច ហើយវាត្រូវបានដោះស្រាយដោយវិវរណៈ និងការបង្រៀនដំណឹងល្អ ។ |
1 | |
80 |
ប្រជាជនក្លាយជាមានចិត្តឆ្មើងឆ្មៃ ខឹងសម្បារ និងទុច្ចរិតម្ដងទៀត ។ ក្រុមចោរទុច្ចរិតរីកចម្រើនម្ដងទៀតនៅក្នុងចំណោមប្រជាជន ដោយមានឃាតករ និងគម្រោងសម្ងាត់ ។ |
2, 3 | |
80–81 |
ពួកចោរធ្វើឲ្យមានចលាចល និងការបំផ្លិចបំផ្លាញ ហើយកងទ័ពសាសន៍នីហ្វៃ និងសាសន៍លេមិនមិនអាចបំផ្លាញក្រុមទុច្ចរិតនោះបានឡើយ ។ ពួកចោរបានសម្លាប់មនុស្សជាច្រើន ហើយបានចាប់យកប្រជាជនមួយចំនួន រួមមានស្រ្ដី និងកូនក្មេង ជាចំណាប់ខ្មាំងទៅក្នុងទីវាលរហោស្ថាន ។ ឧបសគ្គទាំងឡាយនាំឲ្យប្រជាជនចងចាំដល់ព្រះអម្ចាស់ ។ |
3, 4 |
ក្រោយពីសិស្សមានពេលបំពេញតារាងនេះហើយ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរៀនពីសកម្មភាពនេះ ។ បន្ទាប់មក សូមសួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
យោងតាម ហេលេមិន 11:4 ហេតុអ្វីបានជានីហ្វៃអធិស្ឋានសូមឲ្យមានគ្រោះទុរភិក្ស ? ( គាត់សង្ឃឹមថា គ្រោះទុរភិក្សនេះនឹងនាំប្រជាជនឲ្យចងចាំដល់ព្រះអម្ចាស់ ហើយប្រែចិត្ត ) ។
-
តើប្រជាជនអាចធ្វើអ្វីបានខ្លះដើម្បីចៀសវាងគន្លងនៃវដ្ដនៃ « ការរងទុក្ខ និងសេចក្តីបំផ្លិចបំផ្លាញ » ?
សិស្សអាចមានចម្លើយល្អៗជាច្រើនចំពោះសំណួរនេះ ។ សូមប្រាកដថា ពួកគេរកឃើញគោលការណ៍ខាងក្រោម ៖ តាមរយៈការបន្ទាបខ្លួន និងការប្រែចិត្ត យើងអាចចៀសវាងពីភាពឆ្មើងឆ្មៃ និងសេចក្តីបំផ្លិចបំផ្លាញ ។ សូមបង្ហាញថា សាសន៍នីហ្វៃអាចរំលងវគ្គទីពីរ និងទីបីនៃវដ្ដនេះបាន ។ ពួកគេអាចរស់នៅដោយសុចរិត និងដោយបន្ទាបខ្លួនជានិច្ច ដោយការប្រែចិត្តដោយពុំមានការពន្យារពេលនៅពេលណាដែលពួកគេប្រព្រឹត្តអំពើបាប ។ ប្រសិនបើពួកគេបានរស់នៅតាមរបៀបនេះ ពួកគេនឹងនៅតែជួបនឹងការសាកល្បងខ្លះ ប៉ុន្ដែពួកគេនឹងមិនចាំបាច់ត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបំផ្លាញដ៏ខ្លាំងក្លាដែលបណ្ដាលមកពីអំពើទុច្ចរិតរបស់ពួកគេនោះឡើយ ។
សូមឲ្យសិស្សម្នាក់អាន ហេលមិន 11:36–37 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយស្ដាប់រកនូវការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងរយៈពេលដ៏ខ្លី ។
-
តើមានរយៈពេលយូរប៉ុណ្ណាក្រោយពីការចងចាំដល់ព្រះអម្ចាស់ ដែលវាធ្វើឲ្យសាសន៍នីហ្វៃ « ទុំល្មមសម្រាប់ការបំផ្លាញ » ? ( បួនឆ្នាំ ) ។
-
តើនៅក្នុងជំហាននៃវដ្ដនៃភាពឆ្មើងឆ្មៃអ្វីដែលត្រូវបានពិពណ៌នានៅចុងបញ្ចប់នៃ ហេលេមិន 11 ?
សូមឲ្យសិស្សរកមើល ហើយគិតអំពីពេលជាក់លាក់ណាមួយ ដែលពួកគេបានឃើញវដ្ដនេះកើតឡើងក្នុងកម្រិតណាមួយនៅក្នុងជីវិតរបស់គេផ្ទាល់ ឬជីវិតរបស់មនុស្សដែលគេស្គាល់ ។ សូមឲ្យពួកគេសញ្ជឹងគិតពីអ្វីដែលពួកគេអាចធ្វើដើម្បីចៀសវាងពីវគ្គទីពីរ និងទីបីនៃវដ្ដនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរគំនិតជាក់លាក់ខ្លះដែលពួកគេទទួលបាន នៅពេលពួកគេសញ្ជឹងគិត ។
ហេលេមិន 12
មរមនពន្យល់ពីមូលហេតុដែលព្រះអម្ចាស់ផ្ចាញ់ផ្ចាលប្រជាជន ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ។ « មែនហើយ ហើយយើងអាចឃើញថា … » សូមពន្យល់ថា មរមនបានប្រើឃ្លានេះដើម្បីបង្ហាញពីមេរៀនដែលត្រូវរៀនពីដំណើររឿងដែលគាត់បានកត់ត្រា ។
-
ដោយផ្អែកលើ ហេលេមិន 11 តើអ្នកនឹងបំពេញប្រយោគនេះដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 12:1 ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់ផ្សេងទៀតរកមើលរបៀបដែលមរមនបំពេញប្រយោគនេះ ។
-
តើឃ្លា « ភាពមិននឹងនរនៃចិត្តនៃកូនចៅមនុស្ស » មានន័យយ៉ាងណាចំពោះអ្នក ?
-
តើអ្វីដែលជួយឲ្យចិត្តរបស់អ្នកនៅបន្ដខ្ជាប់ខ្ជួនស្មោះត្រង់នឹងព្រះអម្ចាស់ ?
សូមឲ្យសិស្សសិក្សា ហេលេមិន 12:2–3 ដោយស្ងៀមស្ងាត់ ដោយរកមើលមេរៀនផ្សេងទៀតដែលមរមនចង់ឲ្យយើងរៀនពីប្រវត្តិសាស្ដ្រនៃសាសន៍នីហ្វៃនេះ ។ សូមរំឭកសិស្សថា ជាញឹកញាប់មរមនប្រើឃ្លាដូចជា « ហើយយើងអាចឃើញថា » ( ខទី 2 ) និង « ម៉្លោះហើយ យើងឃើញថា » ( ខទី 3 ) នៅពេលលោកបានចែកចាយនូវសេចក្ដីពិតដែលយើងអាចរៀនពីដំណើររឿងនៅក្នុងព្រះគម្ពីរ ។
-
និយាយជាសម្ដីខ្លួនផ្ទាល់ តើមេរៀនអ្វីដែលមរមនចង់ឲ្យយើងរៀន ? ( សិស្សអាចឆ្លើយដូចខាងក្រោម ៖ ប្រសិនបើយើងមិនប្រុងប្រយ័ត្នទេ សេចក្ដីចម្រុងចម្រើនរបស់យើងអាចនាំយើងឲ្យភ្លេចព្រះអម្ចាស់ ។ ព្រះអម្ចាស់នឹងផ្ចាញ់ផ្ចាលប្រជាជនរបស់ទ្រង់ឲ្យពួកគេចងចាំងដល់ទ្រង់ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនដែលរីកចម្រើន ពេលខ្លះភ្លេចព្រះអម្ចាស់ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនពេលខ្លះត្រូវតែទទួលការផ្ចាញ់ផ្ចាលមុនពេលពួកគេចងចាំដល់ព្រះអម្ចាស់ ? ( អ្នកអាចពន្យល់ថាពាក្យ ផ្ចាញ់ផ្ចាល មានន័យថា ការកែតម្រូវនរណាម្នាក់តាមរយៈការដាក់ទោស ឬការរងទុក្ខមួយចំនួន ) ។
សូមឲ្យសិស្សសញ្ជឹងគិតពីសំណួរខាងក្រោម ៖
-
តើព្រះអម្ចាស់អាចផ្ចាញ់ផ្ចាលយើងនាសព្វថ្ងៃនេះតាមរបៀបណា ?
ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការផ្ចាញ់ផ្ចាលពីស្ថានសួគ៌មានគោលបំណងយ៉ាងហោចណាស់បីយ៉ាង ៖ (1) ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត (2) ដើម្បីបន្សុទ្ធ ហើយញែកយើងចេញ និង (3) នៅពេលខ្លះតម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យចំនឹងអ្វីដែលព្រះដឹងថាជាផ្លូវដ៏ប្រសើររមួយ » ( « As Many as I Love, I Rebuke and Chasten » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 98 ) ។
-
តើការផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់គឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 12:4–6 ឮៗ ។ សូមឲ្យសិស្សផ្សេងទៀតក្នុងថ្នាក់មើលតាម ដោយរកមើលឥរិយាបថដែលធ្វើឲ្យវាពិបាកសម្រាប់មនុស្សដើម្បីចងចាំដល់ព្រះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា មរមនបានពិពណ៌នាពីប្រជាជនដែលបដិសេធមិនឲ្យព្រះអម្ចាស់ក្លាយជាមគ្គុទេសន៍របស់ពួកគេថា « អន់ជាងធូលីដីទៅទៀត » ( ហេលេមិន 12:7 ) ។ សូមឲ្យសិស្សអាន ហេលេមិន 12:7–8 ឮៗ ។
-
ហេតុអ្វីបានជាមនុស្សបែបនោះអាចចាត់ទុកថា « អន់ជាងធូលីដីទៅទៀត » ? ( សូមជួយសិស្សឲ្យយល់ថា មរមនមិនមែនកំពុងបង្រៀនថា ប្រជាជនមានតម្លៃចំពោះព្រះវរបិតាសួគ៌តិចជាងធូលីដីនោះទេ ។ ផ្ទុយទៅវិញ លោកបានទាក់ទាញការយកចិត្តទុកដាក់ចំពោះការពិតថា ធូលីដីតែងតែគោរពតាមការបញ្ជារបស់ព្រះជានិច្ច ប៉ុន្ដែមនុស្សជាញឹកញាប់មិនធ្វើតាមនោះទេ ) ។
សូមសង្ខេប ហេលេមិន 12:9–22 ដោយការលើកឡើងថា នៅក្នុងខគម្ពីរទាំងនេះ មរមនរំឭកយើងពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះអម្ចាស់—ថាព្រះអម្ចាស់អាចបញ្ជាធាតុខាងរាងកាយឲ្យរំកិល ឬផ្លាស់ប្ដូរ ហើយថាទ្រង់អាចបណ្ដាលឲ្យមនុស្សមានបានម្នាក់កាត់ចេញពីវត្តមានរបស់ទ្រង់ ។ សូមឲ្យសិស្សសិក្សាស្រាវជ្រាវ ហេលេមិន 12:23–26 ដោយរកមើលភស្ដុតាងដែលបង្ហាញថា យើងគឺមានតម្លៃជាងធូលីដីខ្លាំងណាស់ ។ អ្នកអាចណែនាំសិស្សថាគួរគូសចំណាំពាក្យ និងឃ្លាដែលសំខាន់ដល់ពួកគេ ។
-
តើអំណោយអ្វីដែលមានដល់យើង នៅពេលយើងប្រែចិត្ត ហើយស្ដាប់តាមសំឡេងនៃព្រះអម្ចាស់ ?
-
តើភស្ដុតាងនៃតម្លៃរបស់យើងចំពោះព្រះមានន័យយ៉ាងណាដែរ ?
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ។ សូមឲ្យសិស្សសរសេរសេចក្ដីសន្និដ្ឋានមួយសម្រាប់មេរៀនថ្ងៃនេះដោយការបញ្ចប់ប្រយោគទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
សូមធ្វើទីបន្ទាល់ថា នៅពេលយើងចងចាំដល់ព្រះអម្ចាស់ ស្ដាប់តាមសំឡេងរបស់ទ្រង់ ហើយប្រែចិត្ត នោះយើងបង្ហាញពីការបន្ទាបខ្លួន និងសេចក្ដីជំនឿរបស់យើងលើទ្រង់ ។ ជាការតបស្នងវិញ ទ្រង់រក្សាសេចក្ដីសន្យារបស់ទ្រង់ដើម្បីប្រទានពរ និងធ្វើឲ្យយើងចម្រុងចម្រើន ហើយនៅទីបញ្ចប់ប្រទានដល់យើងនូវជីវិតដ៏នៅអស់កល្បជានិច្ច ។