មេរៀនសិក្សានៅផ្ទះ
ហេលេមិន 1–9 ( មេរៀនទី 22 )
សេចក្តីផ្ដើម
នៅក្នុងចំណោមការទាស់ទែងគ្នា និងអំពើទុច្ចរិតដែលកំពុងរីកចម្រើន នីហ្វៃបានបង្រៀនកូនប្រុសរបស់គាត់ថា គ្រឹះនៃសេចក្ដីជំនឿរបស់ពួកគេគួរសង់នៅលើព្រះយេស៊ូវគ្រីស្ទ ។ ការបង្រៀនរបស់នីហ្វៃអំពីការប្រែចិត្ត និងការស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីនៃព្រះអម្ចាស់ មានសារសំខាន់ដល់សុភមង្គលរបស់មនុស្ស ។
យោបល់សម្រាប់ការបង្រៀន
ហេលេមិន 1–5
សាសន៍នីហ្វៃរងភាពបរាជ័យដោយសារតែការទាស់ទែងគ្នា និងអំពើទុច្ចរិត ។ សាសន៍លេមិនជាច្រើនបានប្រែចិត្តជឿនៅពេលនីហ្វៃ និងលីហៃផ្សាយដំណឹងល្អ
សូមឲ្យសិស្សសញ្ជឹងគិតពីមូលហេតុដែលអគារខ្លះនៅរឹងមាំរយៈពេលយូរ ខណៈអគារផ្សេងទៀតត្រូវរលំ ។ រួចសួរថា ៖ ហេតុអ្វីបានជាវាសំខាន់ដែលអគារមួយត្រូវមានគ្រឹះដ៏មាំមួន ?
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 5:12 ឮៗ ។ ដោយសារនេះគឺជាវគ្គចំណេះចំណានខគម្ពីរមួយ សូមឲ្យសិស្សពីរបីនាក់ព្យាយាមសូត្រវា ។ សូមលើកទឹកចិត្តពួកគេឲ្យព្យាយាម ទោះបីជាពួកគេមិនអាចចាំវាទាំងអស់ក្ដី ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើការសន្យានៅក្នុងខគម្ពីរនេះមានអ្វីខ្លះ ប្រសិនបើយើងសង់ជីវិតយើងនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ? ( ចម្លើយរបស់សិស្សអាចបង្ហាញថា ប្រសិនបើយើងសង់គ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះសាតាំងនឹងគ្មានអំណាចមកលើយើងឡើយ ) ។
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីសាងជីវិតរបស់អ្នកនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមឲ្យសិស្សប្រាប់អំពីពេលដែលទីបន្ទាល់របស់គេអំពីព្រះអង្គសង្គ្រោះបានជួយពួកគេឲ្យយកឈ្នះលើការល្បួង ឬតស៊ូនឹងឧបសគ្គ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីកម្លាំងខាងវិញ្ញាណដែលអ្នកបានទទួល ដោយសារអ្នកបានសាងជីវិតរបស់អ្នកលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តឲ្យសិស្សគិតពីរបៀបមួយ ឬច្រើនដែលពួកគេនឹងខំសាងជីវិតរបស់គេនៅលើសិលានៃព្រះគ្រីស្ទឲ្យកាន់តែប្រសើរ ។
ហេលេមិន 6–7
សាសន៍លេមិនបានក្លាយជាសុចរិតច្រើនជាងមុន ខណៈដែលសាសន៍នីហ្វៃក្លាយទៅជាទុច្ចរិតជាងមុន នីហ្វៃបង្រៀនដល់សាសន៍នីហ្វៃទុច្ចរិត ហើយបញ្ជាឲ្យពួកគេប្រែចិត្ត
សូមរំឭកសិស្សថា ខណៈដែលសាសន៍លេមិនជាច្រើនបានប្រែចិត្ត ហើយបានរឹងមាំនៅក្នុងដំណឹងល្អ នោះសាសន៍នីហ្វៃបានរស់នៅក្នុងអំពើទុច្ចរិត ហើយព្រះវិញ្ញាណបរិសុទ្ធបានដកថយចេញពីពួកគេ ។ សូមឲ្យសិស្សគិតអំពីពេលមួយនៅក្នុងជីវិតរបស់គេ នៅពេលពួកគេមានអារម្មណ៍ថាព្រះវិញ្ញាណបានដកថយចេញពីពួកគេដោយសារតែជម្រើសរបស់ពួកគេ ។
សូមពន្យល់ថា នៅពេលនីហ្វៃបានឃើញពីស្ថានភាពរបស់ប្រជាជនគាត់ « នោះចិត្តលោកពោរពេញទៅដោយសេចក្ដីព្រួយនៅក្នុងទ្រូងលោក » ( ហេលេមិន 7:6 ) ។ លោកបានចេញទៅប៉មនៅក្នុងសួនច្បាររបស់លោកដើម្បីអធិស្ឋាន ហើយទូញយំចំពោះអំពើទុច្ចរិតរបស់ប្រជាជន ។ ហ្វូងមនុស្សបានប្រមូលគ្នាជុំវិញលោក ហើយនីហ្វៃបានប្រើឱកាសនេះដើម្បីបង្រៀនដល់ពួកគេ ។
សូមឲ្យសិស្សម្នាក់ឡើងមកខាងមុខថ្នាក់ជាតំណាងឲ្យនីហ្វៃនៅលើប៉មលោក ។ សូមឲ្យសិស្សនោះអាន ហេលេមិន 7:15–22, 26–28 ឮៗនៅពេលសិស្សក្នុងថ្នាក់ផ្សេងទៀតមើលតាម ។ មុនពេលសិស្សនោះអាន សូមបំបែកសិស្សជាពីរក្រុម ។ សូមឲ្យសិស្សក្រុមទីមួយរកមើលអ្វីដែលនីហ្វៃបានបង្រៀនដែលជាអំពើបាបរបស់សាសន៍នីហ្វៃ ហើយសុំឲ្យក្រុមទីពីររកមើលលទ្ធផលដែលនីហ្វៃបានថ្លែងថានឹងកើតឡើង ប្រសិនបើសាសន៍នីហ្វៃមិនព្រមប្រែចិត្តទេនោះ ។ បន្ទាប់មក សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
ក្រោយពីសិស្សបានឆ្លើយ សូមឲ្យពួកគេនិយាយពីគោលការណ៍ដែលយើងអាចរៀនពីដំណើររឿងនេះ ។ សិស្សអាចចែកចាយនូវគោលការណ៍ខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញថា ប្រសិនបើយើងមិនព្រមប្រែចិត្តពីអំពើបាបរបស់យើង នោះយើងនឹងបាត់បង់ការការពារ និងពរជ័យទាំងឡាយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមឲ្យពួកគេពន្យល់ពីផលវិបាកដែលនឹងកើតឡើងដល់ប្រជាជននៅក្នុងសា្ថនភាពខាងក្រោម ៖ ( 1 ) យុវជនម្នាក់មិនព្រមប្រែចិត្តពីការញៀននឹងរូបអាសគ្រាម ។ ( 2 ) អាទិភាពដ៏ចម្បងរបស់យុវនារីម្នាក់គឺត្រូវកា្លយជាអ្នកល្បីល្បាញ និងមានប្រជាប្រិយភាពម្នាក់ ទោះបីជាត្រូវបានបង្រៀនដោយឪពុកម្ដាយនាងខុសគ្នាក្ដី ។ ( 3 ) យុវជនម្នាក់បានស្ដាប់តាមការណែនាំរបស់ព្យាការីក្នុងការសិក្សាស្រាវជ្រាវព្រះគម្ពីរ ហើយអធិស្ឋាន ប៉ុន្ដែគាត់បដិសេធដើម្បីធ្វើតាម ។
សូមឲ្យសិស្សសញ្ជឹងគិតថាតើមានអ្វីខ្លះដែលពួកគេត្រូវប្រែចិត្ត ដើម្បីឲ្យពួកគេអាចមានកម្លាំងរបស់ព្រះអម្ចាស់ពេញលេញបន្ថែមទៀតនៅក្នុងជីវិតរបស់ពួកគេ ។
ហេលេមិន 8
នីហ្វៃបង្រៀនថា ព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមសរសេរពាក្យ ទទួលយក និងបដិសេធ នៅលើក្ដារខៀន ។ សូមឲ្យសិស្សពន្យល់ពីភាពខុសគ្នារវាងពាក្យទាំងពីរនេះ ។ សូមឲ្យសិស្សម្នាក់អាន ហេលេមិន 8:13 ខណៈដែលសិស្សក្នុងថ្នាក់រកមើលអ្វីដែលនីហ្វៃបាននិយាយអ្វីប្រជាជនបានបដិសេធ ។ អ្នកអាចណែនាំសិស្សឲ្យគូសចំណាំអ្វីដែលពួកគេរកឃើញ ។
សូមបង្ហាញសិស្សនូវរូបភាពរបស់ម៉ូសេ និងសត្វពស់លង្ហិន ( 62202 សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] ល.រ. 16 ) ។ សូមឲ្យពួកគេអាន ហេលេមិន 8:14–15 ហើយរកមើលអ្វីដែលម៉ូសេបានបង្រៀនអំពីព្រះអង្គសង្គ្រោះ ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។ រួចសួរថា ៖
-
តើវិធីមួយចំនួនដែលបុគ្គលម្នាក់អាចសម្លឹងមើលទៅព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿមានអ្វីខ្លះ ?
-
តើការមាន « វិញ្ញាណទន់ទាប » មានន័យដូចម្ដេច ? ( ការបន្ទាបខ្លួន ប្រែចិត្ត ហើយទទួលយកព្រះឆន្ទៈរបស់ព្រះអម្ចាស់ ) ។ ហេតុអ្វីបានជាឥរិយាបថនេះសំខាន់នៅពេលយើងសម្លឹងមើលទៅព្រះអង្គសង្គ្រោះ ?
-
តើការដឹងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចជួយយើងឲ្យប្រឆាំងនឹងអំពើអាក្រក់ ហើយប្រែចិត្តនៅពេលយើងធ្វើបាបបានដោយរបៀបណា ?
សូមឲ្យសិស្សនិយាយពីគោលការណ៍មួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ។ សិស្សអាចប្រើពាក្យខុសៗគ្នា ប៉ុន្ដែពួកគេគួរបង្ហាញថា ប្រសិនបើយើងផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអនុវត្តសេចក្តីជំនឿទៅលើទ្រង់ យើងនឹងទទួលបាននូវជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមឲ្យសិស្សម្នាក់អាន ហេលេមិន 8:16 ឮៗហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលថាតើនរណាទៀតដែលបានបង្រៀនអំពីបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សសិក្សាត្រួសៗលើ ហេលេមិន 8:17–22 រកឈ្មោះព្យាការីផ្សេងទៀតដែលបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សគិតអំពីរបៀបដែលព្យាការីកាលពីសម័យបុរាណ ក៏ដូចជាព្យាការីនៅជំនាន់យើងនេះ បានថ្លែងទីបន្ទាល់អំពីបេសកកម្ម និងពលិកម្មដែលធួន របស់ព្រះអង្គសង្គ្រោះ ។
សូមឲ្យសិស្សចែកចាយទីបន្ទាល់របស់ពួកគេថាតើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះមានន័យយ៉ាងណានៅក្នុងជីវិតរបស់ពួកគេ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកផងដែរ ។
មេរៀនបន្ទាប់ (ហេលេមិន 10–16)
សូមឲ្យសិស្សស្រមៃថា ព្រះអម្ចាស់បានសន្យានឹងពួកគេថា ទ្រង់នឹងធ្វើអ្វីដែលពួកគេសុំទ្រង់ឲ្យធ្វើ ។ នីហ្វៃមានចិត្តស្មោះត្រង់ជាខ្លាំង រហូតដល់ព្រះអម្ចាស់បានសន្យាការណ៍នេះដល់លោក ហើយបានប្រគល់ដល់លោកនូវអំណាចផ្សារភ្ជាប់ ។ សូមណែនាំឲ្យសិស្សសិក្សា ហេលេមិន 10–11 នៅសប្ដាហ៍នេះ ដោយរកមើលរបៀបដែលនីហ្វៃបានប្រើអំណាចដែលព្រះអម្ចាស់បានប្រគល់ដល់លោកដើម្បីជួយប្រជាជនរបស់លោក ។ សូមឲ្យពួកគេរកមើលពីរបៀបដែលទីសម្គាល់ជាច្រើនអំពីការសូត្រ និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពួកគេអាចរកឃើញ នៅពេលពួកគេសិក្សាពីការព្យាកររបស់សាំយូអែល ជាសាសន៍លេមិននៅក្នុងហេលេមិន 13–16 ។