មេរៀនទី 23
នីហ្វៃទី 2 2 ( ផ្នែកទី 1 )
សេចក្តីផ្ដើម
នីហ្វៃទី 2 2 រួមមានការបន្ដពីការបង្រៀនរបស់លីហៃ ពីមុនពេលគាត់ស្លាប់បន្ដិច ។ ការនិយាយដោយចំៗទៅកាន់កូនប្រុសរបស់គាត់ យ៉ាកុប នោះលីហៃបានថ្លែងទីបន្ទាល់អំពីព្រះសមត្ថភាពរបស់ព្រះអម្ចាស់ដើម្បីធ្វើឲ្យសេចក្ដីទុក្ខទាំងឡាយរបស់យើងក្លាយទៅជាផលប្រយោជន៍ដល់យើងវិញ ។ ពេលនិយាយទៅកាន់កូនប្រុសរបស់គាត់ទាំងអស់ គាត់បានបង្រៀនអំពីការធ្លាក់នៃអ័ដាម —ហេតុអ្វីបានជាវាចាំបាច់ និង របៀបដែលវាជះឥទ្ធិពលដល់មនុស្សជាតិ— និង អំពីតម្រូវការចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( លីហៃក៏បានបង្រៀនអំពីគោលលទ្ធិនៃការជ្រើសរើសផងដែរ ។ គោលលទ្ធិនេះ នឹងត្រូវបាននិយាយនៅក្នុងមេរៀនក្រោយ ។ )
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 2 2:1–4
លីហៃនិយាយទៅកាន់យ៉ាកុបអំពីឧបសគ្គ និង ពរជ័យនានា
ដើម្បីជួយសិស្សឃើញថា នីហ្វៃទី 2 2ទាក់ទងនៅក្នុងជីវិតរបស់ពួកគេ សូមឲ្យពួកគេគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានជួបប្រទះនឹងការលំបាក ឬ ទុក្ខវេទនាយ៉ាងខ្លាំង ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចនិយាយដើម្បីលើកទឹកចិត្តបុគ្គលនោះ ។ សុំឲ្យពួកគេរៀបចំដើម្បីចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមពន្យល់ថា នីហ្វៃទី 2 2 រួមមានកំណត់ត្រាមួយអំពីលីហៃ ដែលនិយាយទៅកាន់កូនប្រុសម្នាក់ដែលបានជួបប្រទះនឹងការលំបាក ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី 2 2:1 ដោយស្ងាត់ស្ងៀម ។ សុំឲ្យពួកគេស្វែងរកថាតើកូនប្រុសម្នាក់ណាដែលលីហៃបានបង្រៀន ( យ៉ាកុប ) និង អ្វីដែលបានបង្កឲ្យកូនប្រុសរបស់គាត់រងទុក្ខ ( ការទ្រគោះរបស់បងៗរបស់គាត់ ) ។ បន្ទាប់មក សុំឲ្យសិស្សអាន នីហ្វៃទី 2 2:2–3ដោយស្ងាត់ស្ងៀម ។ អ្នកអាចផ្ដល់យោបល់ថា ពួកគេគួរតែគូសចំណាំពាក្យ និង ឃ្លាទាំងឡាយដែលពិពណ៌នាអ្វីដែលព្រះអម្ចាស់នឹងធ្វើសម្រាប់យ៉ាកុប ។
សុំឲ្យសិស្សចែកចាយឃ្លាដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមសួរនូវសំណួរខាងក្រោមនេះ ដើម្បីជួយពួកគេឲ្យយល់ថា ព្រះអម្ចាស់អាចធ្វើឲ្យការឈឺចាប់ទាំងឡាយរបស់យើងក្លាយទៅជាផលប្រយោជន៍ដល់យើងវិញ ៖
-
តើឃ្លា « ធ្វើឲ្យសេចក្ដីទុក្ខទាំងឡាយរបស់ពួកគេក្លាយទៅជាផលប្រយោជន៍ដល់អ្នកវិញ » មានន័យយ៉ាងដូចម្ដេចចំពោះអ្នក ? ( អ្នកគួរតែពន្យល់ថា ធ្វើឲ្យក្លាយជា មានន័យថាឧទ្ទិស ឬ ធ្វើឲ្យបរិសុទ្ធ ។ )
-
តើនៅពេលណាដែលអ្នកបានឃើញថា ព្រះអម្ចាស់អាចធ្វើឲ្យសេចក្ដីទុក្ខទាំងឡាយរបស់យើងក្លាយទៅជាផលប្រយោជន៍ដល់យើង វិញ ?
នីហ្វៃទី 2 2:5–25
លីហៃបង្រៀនកូនៗរបស់គាត់អំពីការធ្លាក់ និង អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមពន្យល់ថា លីហៃបានបង្រៀនយ៉ាកុប និង កូនៗគាត់ផ្សេងទៀតអំពីការធ្លាក់របស់លោកអ័ដាម និង នាងអេវ៉ា ។ អ្នកគួរតែពន្យល់ថា ឃ្លា « ការធ្លាក់ » សំដៅលើលក្ខខណ្ឌដែលបានធ្លាក់លើលោកអ័ដាម និង នាងអេវ៉ា ហើយនិង កូនចៅរបស់ពួកគេ ដោយសារតែការជ្រើសរើសរបស់អ័ដាម និង អេវ៉ាដើម្បីទទួលទានផ្លែឈើហាមឃាត់នៅក្នុងសួនច្បារអេដែន ។
-
តើជម្រើសអ្វីដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យលោកអ័ដាម និង នាងអេវ៉ានៅក្នុងសួនច្បារអេដែន ? ( ទ្រង់បានអនុញ្ញាតឲ្យពួកគេជ្រើសរើសថាត្រូវទទួលទាន ឬ មិនទទួលទាននូវផ្លែឈើហាមឃាត់នោះ ។ )
-
យោងតាម នីហ្វៃទី 2 2:15ហេតុអ្វីបានជាព្រះអម្ចាស់ទ្រង់ប្រទានដល់ពួកគេនូវជម្រើសនេះ ? ( « ដើម្បីធ្វើឲ្យគោលបំណងដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់មកដល់ទីបញ្ចប់នៃមនុស្ស ។ » អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំឃ្លានេះ ។ )
-
តើគោលបំណងដ៏នៅអស់កល្បជានិច្ចរបស់ព្រះសម្រាប់យើងមានអ្វីខ្លះ ? ( ដើម្បីផ្ដល់ឲ្យយើងនូវឱកាសដើម្បីទទួលបាននូវជីវិតដ៏អស់កល្បជានិច្ច និង ក្លាយដូចជាទ្រង់ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរកំណត់ចំណាំមួយនៅក្នុងព្រះគម្ពីររបស់ពួកគេអំពីការណ៍នេះ ក្បែរឃ្លា « គោលបំណងដ៏នៅអស់កល្បជានិច្ច » ។ អ្នកក៏អាចចង់ឲ្យពួកគេអាន ម៉ូសេ 1:39 ។ )
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ដោយទុកប្រអប់ពីរខាងក្រោមនៅទំនេរ ។ ( អ្នកអាចស្នើថា សិស្សគួរតែចម្លងតារាងនេះចូលក្នុងកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ។ )
ដោយគ្មានការធ្លាក់ |
ដោយសារការធ្លាក់ |
---|---|
អ្វីៗសព្វសារពើដែលបានបង្កើតឡើងនឹងនៅក្នុងសណ្ឋានដើមដដែល បន្ទាប់ពីបានបង្កើតមក ( សូមមើល នីហ្វៃទី 2 2:22 ) ។ លោកអ័ដាម និង នាងអេវ៉ានឹងពុំមានកូនចៅនោះទេ ( សូមមើល នីហ្វៃទី 2 2:23 ) ។ អ័ដាម និង អេវ៉ានឹងនៅក្នុងភាពឆោតល្ងង់ ដោយមិនស្គាល់សេចក្ដីអំណរ ឬ សេចក្ដីទុក្ខវេទនា អំពើល្អ ឬ អំពើបាបឡើយ ( សូមមើល នីហ្វៃទី 2 2:23 ) ។ |
លោកអ័ដាម និង នាងអេវ៉ាត្រូវបានបណ្តេញចេញពីសួនច្បារ ដើម្បីទៅភ្ជួររាស់នៅលើផែនដី ( សូមមើល នីហ្វៃទី 2 2:19) ។ លោកអ័ដាម និង នាងអេវ៉ាបានបង្កើតកូន —គ្រួសារទាំងឡាយនៃអស់ទាំងផែនដី ( សូមមើល នីហ្វៃទី 2 2:20 ) ។ លោកអ័ដាម និង នាងអេវ៉ា និង កូនចៅរបស់ពួកគេមានបទពិសោធន៍ពីជីវិតខាងសាច់ឈាម រួមមានសេចក្ដីទុក្ខវេទនា សេចក្ដីអំណរ និង សមត្ថភាពដើម្បីធ្វើអំពើល្អ និង ប្រព្រឹត្តអំពើបាប ( សូមមើល នីហ្វៃទី 2 2:23, 25) ។ យើងត្រូវមាននឹងសេចក្ដីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណ ( សូមមើល នីហ្វៃទី 2 9:6;ហេលេមិន 14:16 ) ។ |
សូមអញ្ជើញសិស្សម្នាក់ឡើងមកក្ដារខៀន និង ធ្វើជាអ្នកសរសេរសម្រាប់ថ្នាក់ ។ សុំឲ្យសិស្សស្រាវជា្រវ នីហ្វៃទី 2 2:19–25ដោយស្ងាត់ស្ងៀម ដោយស្វែងរក (1) លទ្ធផលដែលនឹងកើតមាន ប្រសិនបើលោកអ័ដាម និង នាងអេវ៉ាមិនបានទទួលទានផ្លែដែលហាមឃាត់ និង មិនបានធ្លាក់ទេ និង (2) លទ្ធផលដែលចេញមកពីការធ្លាក់ ។ សុំឲ្យអ្នកសរសេរកត់ត្រានូវចម្លើយរបស់សិស្សនៅក្នុងតារាង ។ ចម្លើយអាចរួមមានអ្វីដែលបានកត់ត្រានៅខាងលើ ( លើកលែងតែសាច់រឿងអំពីសេចក្ដីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណ ដែលនឹងត្រូវបានបន្ថែមតាមក្រោយ ) ។
សូមអញ្ជើញសិស្សឲ្យរំឭកចម្លើយរបស់ពួកគេនៅក្រោមចំណងជើង « ដោយគ្មានការធ្លាក់ » ។
-
តើលក្ខខណ្ឌនៅក្នុងសួនច្បារអេដែន បានរារាំងលោកអ័ដាម និងនាង អេវ៉ាពីការរីកចម្រើននៅក្នុងផែនការសង្គ្រោះរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? ( សូមមើល នីហ្វៃទី 2 2:22–23 ) ។
សូមអញ្ជើញសិស្សរំឭកបញ្ជីនៅក្រោមចំណងជើង « ដោយសារការធ្លាក់ » ។ សូមប្រាកដថា ពួកគេយល់ថា ដោយសារយើងគឺជាកូនចៅរបស់លោកអ័ដាម និង នាងអេវ៉ា នោះយើងត្រូវទទួលលក្ខខណ្ឌដែលបានមកដល់ពួកគេ ក្រោយពីការធ្លាក់នោះ ( សូមមើល នីហ្វៃទី 2 2:21 ) ។
-
ឃ្លា « ភ្ជួររាស់នៅលើផែនដី » មានន័យថា ក្រោយពីលោកអ័ដាម និង នាងអេវ៉ាត្រូវបានបណ្តេញចេញពីសួនច្បារ នោះពួកគេត្រូវធ្វើការដើម្បីទទួលបានអាហារ ។ តើអ្នកគិតថា ការងារជួយយើងឲ្យរីកចម្រើននៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
តើការមានកូនចៅជួយអ័ដាម និង អេវ៉ាឲ្យក្លាយដូចជាព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? តើតាមរបៀបណាដែលគ្រួសារមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើឱកាសដើម្បីទទួលបានសេចក្ដីអំណរ និង សេចក្ដីទុក្ខវេទនាអាចជួយយើងឲ្យរីកចម្រើននៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
ក្រោយពីពិភាក្សាសំណួរទាំងនេះហើយ សូមសង្កត់ធ្ងន់ថា ការធ្លាក់របស់អ័ដាម និង អេវ៉ាគឺជាផ្នែកមួយដ៏សំខាន់នៃផែនការសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
សូមចង្អុលបង្ហាញថា នីហ្វៃទី 2 2:25 គឺជាវគ្គចំណេះចំណានខគម្ពីរមួយ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំវាទុក ។ ដោយសារខគម្ពីរនេះខ្លី អ្នកអាចយកពេលដើម្បីជួយសិស្សឲ្យទន្ទេញវាបាន ។
សូមពន្យល់ថា ទោះបីជាការធ្លាក់បានបើកផ្លូវសម្រាប់យើងឲ្យរីកចម្រើនក្ដី ក៏វានាំឲ្យការឈឺចាប់ ការរងទុក្ខ អំពើបាប និង សេចក្ដីស្លាប់មកកាន់ពិភពលោកដែរ ។ ដើម្បីជួយសិស្សពង្រីកការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតនេះ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 2 9:6 ឮៗ ។ បន្ទាប់មក សុំឲ្យម្នាក់ទៀតអាន ហេលេមិន 14:15–17 ឮៗ ។ សុំឲ្យសិស្សរកមើលលទ្ធផលនៃការធ្លាក់ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីការធ្លាក់ ? ( វានាំមកនូវសេចក្ដីស្លាប់ខាងសាច់ឈាម ដែលជាសេចក្ដីស្លាប់ខាងរូបកាយ ហើយសេចក្ដីស្លាប់ខាងវិញ្ញាណ ដែលជាសភាពមួយដែលត្រូវបានកាត់ចេញពីវត្តមាននៃព្រះ ។ សូមសរសេរ យើងត្រូវជួបនឹងសេចក្ដីស្លាប់ខាងសាច់ឈាម និង ខាងវិញ្ញាណ នៅលើក្ដារខៀនក្រោម « ដោយសារការធ្លាក់ » ។ )
ដើម្បីជួយសិស្សឲ្យគិតអំពី របៀបដែលពួកគេបានជួបនឹងលទ្ធផលនៃការធ្លាក់ដែលបានសរសេរនៅលើក្ដារខៀន សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតដោយស្ងាត់ស្ងៀមនូវសំណួរខាងក្រោម ។ ( សូមអានសំណួរយឺតៗ ហើយឈប់នៅចន្លោះសំណួរដើម្បីឲ្យសិស្សមានពេលគ្រប់គ្រាន់គិត ។ )
-
តើអ្វីខ្លះជាមូលហេតុនៃសេចក្ដីទុក្ខវេទនានៅក្នុងជីវិតនេះ ?
-
តើហេតុអ្វីបានជាសេចក្ដីស្លាប់ជាផ្នែកមួយចាំបាច់នៃផែនការសង្គ្រោះ ?
-
តើបញ្ហា និង ទុក្ខសោកទាំងឡាយអាចជួយយើងឲ្យរៀន និង រីកចម្រើនដោយរបៀបណា ?
សូមពន្យល់ថា នៅពេលយើងយល់ពីរបៀបដែលការធ្លាក់ប៉ះពាល់ដល់យើង នោះយើងនឹងយល់ថា យើងត្រូវការដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមអានសុន្ទរកថាខាងក្រោមនេះ ដែលថ្លែងដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« វាដូចជាមនុស្សម្នាក់ដែលមិនត្រូវការអាហារ រហូតដល់គាត់ឃ្លាន ដូច្នេះគាត់ក៏មិនត្រូវការការសង្គ្រោះពីព្រះគ្រីស្ទដែរ រហូតដល់គាត់ដឹងថាហេតុអ្វីបានជាគាត់ត្រូវការព្រះគ្រីស្ទ ។
« គ្មាននរណាម្នាក់ដឹងគ្រប់គ្រាន់ និង ពេញលេញថាហេតុអ្វីបានជាគាត់ត្រូវការព្រះគ្រីស្ទនោះទេ រហូតដល់គាត់យល់ និង ទទួលយកគោលលទ្ធិនៃការធ្លាក់ និង ឥទ្ធិពលរបស់វាមកលើមនុស្សជាតិទាំងអស់ ។ ហើយគ្មានសៀវភៅណានៅក្នុងពិភពលោកនេះ ពន្យល់អំពីគោលលទ្ធិដ៏សំខាន់នេះបានច្បាស់ដូចជាព្រះគម្ពីរមរមននោះទេ » ( « ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្ដីសញ្ញា » Ensignខែ ឧសភា ឆ្នាំ 1987 ទំព័រ 85 ) ។
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់សញ្ជឹងគិតអំពីសំណួរទាំងនេះហើយ សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះមួយ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា តាមរយៈដង្វាយធួន ព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើងចេញពីឥទ្ធិពលនៃការធ្លាក់ និង ផ្ដល់នូវការសង្គ្រោះចេញពីអំពើបាបរបស់យើង ។
សូមអញ្ជើញសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮនៅក្នុង នីហ្វៃទី 2 2:5–10, 21និង អាលម៉ា 7:11–13 ។ សុំឲ្យសិស្សរកឃ្លានៅក្នុងខគម្ពីរទាំងនេះដែលបង្ហាញអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីសង្គ្រោះយើងចេញពីឥទ្ធិពលនៃការធ្លាក់ និង ចេញពីអំពើបាបផ្ទាល់ខ្លួនយើង ។ ( ទាក់ទងនឹងខ 9 អ្នកគួរតែពន្យល់ថាឃ្លា « អង្វរ » មានន័យថា អង្វរជំនួសមនុស្សម្នាក់ទៀត ឬ ធ្វើសកម្មភាពជំនួសកន្លែងមនុស្សម្នាក់ទៀត ។ ) ដើម្បីជួយសិស្សវិភាគឃ្លាដែលពួកគេបានរកឃើញ សូមសួរ ៖
-
តើឃ្លាណានៅក្នុងខគម្ពីរទាំងនេះ ដែលបង្ហាញថាតាមរយៈដង្វាយធួន នោះព្រះអង្គសង្គ្រោះនឹងសង្គ្រោះយើងចេញពីសេចក្ដីស្លាប់ខាងសាច់ឈាម ?
-
តើឃ្លាណាដែលបង្ហាញថា ព្រះអង្គសង្គ្រោះនឹងសង្គ្រោះយើងចេញពីសេចក្ដីស្លាប់ខាងវិញ្ញាណ ( ការកាត់ចេញពីវត្តមាននៃព្រះ ) ?
-
តើឃ្លាណាដែលបង្ហាញថា ព្រះអង្គសង្គ្រោះអាចសង្គ្រោះយើងចេញពីអំពើបាបរបស់យើង ?
-
តើឃ្លាណាដែលបង្ហាញថា ព្រះអង្គសង្គ្រោះអាចជួយយើងឆ្លងកាត់ពេលមានឧបសគ្គដូចជា ជំងឺ និង ការឈឺចាប់ ?
យោងតាមនីហ្វៃទី 2 2:7–9, 21តើយើងត្រូវធ្វើអ្វីដើម្បីទទួលបាននូវពរជ័យទាំងអស់ដែលមានតាមរយៈដង្វាយធួន ? ( ទាក់ទងនឹងខ 7 អ្នកគួរតែពន្យល់ថា មនុស្សម្នាក់ដែលមាន « ដួងចិត្តសោកសង្រេង និង វិញ្ញាណទន់ទាប » គឺជាមនុស្សបន្ទាបខ្លួន និង ត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមព្រះឆន្ទៈព្រះ ។ មនុស្សបែបនោះមានអារម្មណ៍សោកសា្ដយយ៉ាងខ្លាំងចំពោះអំពើបាប និង មានបំណងចង់ប្រែចិត្តដោយអស់ពីចិត្ត ។ )
ក្រោយពីការពិភាក្សាសំណួរទាំងនេះហើយ សូមឲ្យសិស្សពិនិត្យខគម្ពីរដែលដាក់ឲ្យអានដោយស្ងាត់ស្ងៀម ដោយស្វែងរកឃ្លាដែលមានន័យចំពោះពួកគេជាពិសេស ។ សុំឲ្យសិស្សចែកគ្នាជាដៃគូ និង ចែកចាយឃ្លាដែលពួកគេបានជ្រើសរើសជាមួយគ្នា ។ សូមអញ្ជើញពួកគេឲ្យចែកចាយថា ហេតុអ្វីបានជាឃ្លាទាំងនេះមានន័យចំពោះពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យសង្ខេបប្រាប់ថ្នាក់ពីមូលហេតុដែលការធ្លាក់ គឺជាផ្នែកដ៏សំខាន់មួយនៃផែនការសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយអារម្មណ៍របស់ពួកគេអំពីរបៀបដែលដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទជួយសង្គ្រោះយើងចេញពីការធ្លាក់ ។