មេរៀនទី 136
នីហ្វៃទី 4
សេចក្តីផ្ដើម
ក្រោយពីការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងចំណោមកូនចៅរបស់លីហៃ នោះប្រជាជនបានអនុវត្តតាមការបង្រៀនរបស់ទ្រង់ និងបានរីករាយអស់រយៈពេលជាង 100 ឆ្នាំនៃការសាមគ្គីភាព ការរីកចម្រើន និងសុភមង្គល ។ ពួកគេរួបរួមគ្នាជា « កូនចៅនៃព្រះគ្រីស្ទ » ហើយលែងហៅខ្លួនគេថាជាសាសន៍នីហ្វៃ ឬសាសន៍លេមិនទៀតហើយ ( នីហ្វៃទី 4 1:17 ) ។ ទោះជាយ៉ាងណាក្ដី នៅទីបំផុតពួកគេបានក្លាយជាមានភាពឆ្មើងឆ្មៃ និងរីកចម្រើនឡើងនៅក្នុងការណ៍ទុច្ចរិត ហើយពួកគេបានបែងចែកខ្លួនគេជាសាសន៍នីហ្វៃ និងសាសន៍លេមិនម្ដងទៀត ។ ប្រហែល 300 ឆ្នាំក្រោយពីការយាងមករបស់ព្រះអង្គសង្គ្រោះ មនុស្សស្ទើរតែទាំងអស់បានក្លាយជាទុច្ចរិត ។
យោបល់ទំាងឡាយសម្រាប់ការបង្រៀន
នីហ្វៃទី 4 1:1–18
មនុស្សទាំងអស់បានផ្លាស់ប្រែចិត្ត ហើយទទួលបានសេចក្ដីសុខសាន្ដ និងសុភមង្គល
មុនពេលចាប់ផ្ដើមការបង្រៀន សូមរៀបចំក្រដាសទទេរពីរសន្លឹកសម្រាប់សិស្សម្នាក់ៗ— ប្រសិនបើអាច ក្រដាសមួយស ហើយក្រដាសមួយទៀតមានពណ៌ផ្សេង ( ក្រដាសមួយចំហៀងក៏បានដែរ ) ។សូមដាក់ក្រដាសពណ៌សនៅលើតុ ឬកៅអីរបស់សិស្ស មុនពេលពួកគេមកដល់ថ្នាក់ ។ សូមដាក់ក្រដាសពណ៌មួយឡែកសម្រាប់ប្រើពេលក្រោយនៅក្នុងមេរៀន ។សូមសរសេរសំណួរខាងក្រោមនៅលើក្តាខៀន៖តើអ្វីដែលធ្វើឲ្យអ្នកពិតជារីករាយ ? នៅពេលសិស្សមកដល់ សូមឲ្យពួកគេសរសេរចម្លើយរបស់គេចំពោះសំណួរនេះនៅលើក្ដារខៀន ។
សូមចាប់ផ្ដើមថ្នាក់ដោយការពិភាក្សាពីចម្លើយដែលពួកគេបានសរសេរនៅលើក្ដារខៀន ។ សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើអ្វីជាភាពខុសគ្នារវាងរឿងដែលធ្វើឲ្យយើងរីករាយម្ដងកាល និងរឿងដែលនាំទៅរកការរីករាយជានិរន្ដរ៍ ? ( នៅពេលសិស្សឆ្លើយ អ្នកអាចបញ្ជាក់ថា សេចក្ដីរីករាយដ៏ពិតមិនអាចរកបាននៅក្នុងអ្វីៗដែលមិនឋិតថេរដូចជាភាពល្បីល្បាញ ភាពមានបាន និងកម្មសិទ្ធិខាងសម្ភារនោះឡើយ ) ។
សូមពន្យល់ថា នីហ្វៃទី 4 គឺជាកំណត់ត្រាមួយនៃបីបួនជំនាន់នៃកូនចៅរបស់លីហៃ ដែលបានរស់នៅក្រោយពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សអាន នីហ្វៃទី 4 1:16 ដោយស្ងាត់ៗដោយរកមើលរបៀបដែលមរមនបានរៀបរាប់ប្រជាជនដែលបានរស់នៅប្រហែល 100 ឆ្នាំក្រោយពីការយាងមករបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចស្នើថា សិស្សអាចគូសចំណាំឃ្លា « ពិតជាគ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ » ។ សូមឲ្យសិស្សសរសេរ ពិតជាគ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ នៅផ្នែកខាងលើនៃក្រដាសពណ៌ស ដែលអ្នកបានចែកឲ្យ ។ បន្ទាប់មក សូមឲ្យពួកគេគូសរង្វង់ដ៏ធំមួយនៅចំកណ្ដាលនៃក្រដាសពួកគេ ។
សូមឲ្យសិស្សអាន នីហ្វៃទី 4 1:1–2 ដោយរកមើលអ្វីដែលប្រជាជនបានធ្វើដើម្បីឲ្យសុភមង្គលនេះកើតឡើងបាន ។ សូមឲ្យពួកគេសរសេរអ្វីដែលពួកគេរកឃើញនៅក្នុងរង្វង់នេះ ។ ( ចម្លើយគួររួមមាន ប្រជាជនដែលបានប្រែចិត្ត បានជ្រមុជទឹក បានទទួលព្រះវិញ្ញាណបរិសុទ្ធ និង « ប្រជាជនទាំងអស់បានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ។
-
តើការប្រែចិត្តជឿមានន័យដូចម្តេច ?
ដើម្បីជួយសិស្សឲ្យយល់ថា ការផ្លាស់ប្រែចិត្តគឺជ្រៅជាងការគ្រាន់តែមានទីបន្ទាល់មួយ ឬការក្លាយជាសមាជិកនៃសាសនាចក្រ នោះសូមឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប្រសិនបើអាច សូមចែកក្រដាសនៃប្រយោគនេះដល់សិស្ស ហើយសូមលើកទឹកចិត្តពួកគេឲ្យរកមើលពាក្យ និងឃ្លាដែលផ្ដល់និយមន័យដល់ពាក្យការប្រែចិត្តជឿ ។
« សុភមង្គលរបស់អ្នកនាពេលនេះ និងជារៀងរហូតតទៅគឺស្ថិតនៅលើកម្រិតនៃការប្រែចិត្តជឿរបស់អ្នក និងការកែប្រែដែលវានាំមកដល់ជីវិតរបស់អ្នក ។ ដូច្នេះ តើអ្នកអាចប្រែចិត្តជឿយ៉ាងពិតប្រាកដដោយរបៀបណា ? ប្រធាន [ ម៉ារ៉ុន ជី ] រ៉មនី រៀបរាប់ពីជំហានដែលអ្នកត្រូវតែធ្វើតាម ៖
“« ‹ សមាជិកភាពនៅក្នុងសាសនាចក្រ និងការប្រែចិត្តជឿមិនមែនជាពាក្យដែលមានន័យដូចដ៏ចាំបាច់ឡើយ ។ ការប្រែចិត្តជឿ និងការមានទីបន្ទាល់មួយក៏មិនមែនជារឿងដូចគ្នាដែលចាំបាច់ផងដែរ ។ ទីបន្ទាល់មួយកើតឡើង នៅពេលព្រះវិញ្ញាណបរិសុទ្ធផ្ដល់ដល់អ្នកស្វែងរកដ៏ស្មោះត្រង់ម្នាក់នូវសាក្សីមួយនៃសេចក្ដីពិត ។ ទីបន្ទាល់ដ៏រស់រវើកមួយបង្ហាញពីសេចក្ដីជំនឿ ។ នោះមានន័យថា វានាំឲ្យមានការប្រែចិត្តជឿ និងការគោរពតាមព្រះបញ្ញត្តិទាំងឡាយ ។ ការប្រែចិត្តជឿ គឺជាផលផ្លែ ឬរង្វាន់សម្រាប់ការប្រែចិត្ត និងការគោរពប្រតិបត្តិតាម › ។ [ នៅក្នុង Conference Report, Guatemala Area Conference ឆ្នាំ 1977 ទំព័រ 8–9 ] ។
« បើនិយាយដោយសាមញ្ញ ការប្រែចិត្តជឿដ៏ពិតគឺជាផលផ្លែនៃ សេចក្ដីជំនឿ ការប្រែចិត្ត និង ការគោរពតាមដ៏ខ្ជាប់ខ្ជាន់ ។ …
« ការប្រែចិត្តជឿដ៏ពិតនាំមកនូវផលផ្លែនៃសុភមង្គលដ៏រឹងមាំ ដែលអាចរីករាយទោះបីជានៅពេលពិភពលោកនេះស្ថិតនៅក្នុងភាពចលាចលក្ដី ហើយភាគច្រើនគឺជាការរីករាយ » ( « Full Conversion Brings Happiness » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 25, 26 ) ។
-
តើពាក្យ និងឃ្លាអ្វីដែលអ្នកបានឮ ផ្ដល់នូវនិយមន័យដល់ពាក្យការប្រែចិត្តជឿ ?
-
តើអ្នកគិតថា វានឹងទៅជាយ៉ាងណា ប្រសិនបើមនុស្សគ្រប់គ្នានៅជុំវិញអ្នកបានប្រែចិត្តជឿដល់ព្រះអម្ចាស់នោះ ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ នីហ្វៃទី 4 1:2–3, 5, 7, 10–13, 15–18 ។ សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពីខគម្ពីរទាំងនេះ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពាក្យ និងឃ្លាដែលរៀបរាប់ពីអ្វីដែលប្រជាជនបានជួប ដោយសារពួកគេទាំងអស់គ្នាបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ។ សូមឲ្យសិស្សសរសេរពាក្យ និងឃ្លាទាំងនេះនៅជុំវិញរង្វង់លើក្រដាសរបស់ពួកគេ ។ ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ គ្មានការទាស់ទែង ឬការឈ្លោះគ្នា ពួកគេប្រាស្រ័យទាក់ទងជាមួយនឹងគ្នាទៅវិញទៅមកដោយសេចក្ដីយុត្តិធម៌ ពួកគេមានរបស់របរទាំងអស់រួមគ្នា មានអព្ភូតហេតុជាច្រើនបានកើតឡើងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់បានពង្រឹងដល់ប្រជាជន ពួកគេបានកសាងទីក្រុងជាច្រើនដែលត្រូវបានបំផ្លាញ ពួកគេបានរៀបការ និងបានបង្កើតគ្រួសារជាច្រើន ពួកគេបានមានចំនួនច្រើន ហើយបានក្លាយជារឹងមាំ សេចក្តីស្រឡាញ់នៃព្រះស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេរីករាយ និងមានសាមគ្គីភាព )។
សូមឲ្យសិស្សរកមើលគោលការណ៍មួយអំពីសុភមង្គលដែលពួកគេបានរៀនពី នីហ្វៃទី 4 1 ពាក់កណ្ដាលដំបូង ។ ទោះបីជាសិស្សអាចរកឃើញគោលការណ៍បីបួនក្ដី សូមប្រាកដថា ពួកគេបង្ហាញថា នៅពេលប្រជាជនធ្វើការរួមគ្នាដើម្បីប្រែចិត្តជឿដល់ព្រះអម្ចាស់ ពួកគេបានសាមគ្គីគ្នា ហើយទទួលបានសុភមង្គលកាន់តែច្រើនឡើង ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
-
តើអ្នកគិតថា ពរជ័យអ្វីនឹងកើតមានដល់ថ្នាក់របស់យើង ប្រសិនបើយើងទាំងអស់គ្នារស់នៅដូចជាប្រជាជនទាំងនេះបានរស់នៅនោះ ? តើអ្នកគិតថា ពរជ័យអ្វីនឹងកើតមានដល់គ្រួសាររបស់អ្នក ? តើអ្នកគិតថា ពរជ័យអ្វីនឹងកើតមានដល់វួដ ឬ សាខារបស់អ្នក ?
សូមឲ្យសិស្សប្រាប់អំពីពេលមួយដែលពួកគេគឺជាផ្នែកនៃក្រុមមួយ ដែលបានរួបរួមគ្នានៅក្នុងសេចក្ដីសុចរិត ដូចជាគ្រួសាររបស់គេ កូរ៉ុម ឬថ្នាក់មួយ ឬមិត្តភក្ដិមួយក្រុម ។ អ្នកក៏អាចចែកចាយបទពិសោធន៍មួយដែរ ។
-
តើការខិតខំរបស់អ្នកដើម្បីមានភាពសុចរិត អាចជះឥទ្ធិពលដល់សុភមង្គល និងសុខុមាលភាពនៃអ្នកដែលនៅជុំវិញអ្នកដោយរបៀបណា ? ( សូមប្រាកដថា សិស្សយល់ថា ការប្រែចិត្តជឿ និងសកម្មភាពសុចរិតរបស់យើងរួមចំណែកមិនត្រឹមតែដល់សុភមង្គលរបស់យើងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដល់សុភមង្គល និងសុខុមាលភាពរបស់អ្នកដទៃផងដែរ ។ នៅពេលសមាជិកគ្រួសារ កូរ៉ុម ថ្នាក់ ឬក្រុមផ្សេងទៀតបានរួបរួមគ្នានៅក្នុងសេចក្ដីសុចរិត ពួកគេអាចទទួលបានសេចក្ដីរីករាយដ៏អស្ចារ្យជាងដែលពួកគេនឹងអាចទទួលបានដោយខ្លួនឯងទៅទៀត )។
-
តើអំពើបាបរបស់មនុស្សម្នាក់អាចជះឥទ្ធិពលដល់ក្រុមទាំងមូល ដែលកំពុងខិតខំក្លាយទៅជាសុចរិតដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យពង្រឹងការផ្លាស់ប្រែចិត្តរបស់ពួកគេជឿលើព្រះអម្ចាស់ ហើយជួយដល់អ្នកដែលនៅជុំវិញពួកគេឲ្យធ្វើដូចគ្នាដែរ ។ ដើម្បីជួយសិស្សជាមួយនឹងការតាំងចិត្តនេះ សូមឲ្យពួកគេរំឭកពាក្យ និងឃ្លាដែលពួកគេបានសរសេរនៅលើក្រដាសរបស់ពួកគេ ។ សូមឲ្យពួកគេជ្រើសរើសឃ្លាមួយ ឬពីរដែលពិពណ៌នាពីរបៀបនៃការរស់នៅ ដែលពួកគេនឹងអាចជួប ។ សូមឲ្យពួកគេមានពេលពីរបីនាទីដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីរបៀបដែលពួកគេនឹងព្យាយាមរស់នៅតាមរបៀបទាំងនេះ ។ សូមធ្វើទីបន្ទាល់អំពីសុភមង្គលដែលកើតមកពីការប្រែចិត្តជឿដ៏ពិត និងការរួបរួមគ្នានៅក្នុងសេចក្តីសុចរិត ។
នីហ្វៃទី 4 1:19–49
ពួកសាសន៍នីហ្វៃក្លាយជាទុច្ចរិតកាន់តែខ្លាំង រហូតដល់សល់តែប្រជាជនសុចរិតពីរបីនាក់ប៉ុណ្ណោះ
-
តើអ្នកគិតថា អ្វីទៅដែលបានបំផ្លាញសង្គមមួយដូចជាសង្គមដែលបានពិពណ៌នានៅក្នុង នីហ្វៃទី 4 1:1–18 ?
សូមឲ្យសិស្សអាន នីហ្វៃទី 4 1:20, 23–24 ដោយស្ងៀមស្ងាត់ ដោយរកមើលអ្វីដែលបានគំរាមកំហែងដល់សាមគ្គីភាព និងសុភមង្គលរបស់ប្រជាជន ។ អ្នកអាចស្នើថា ពួកគេគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ ក្រោយពីពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ ( សេចក្ដីថ្លែងការណ៍នេះត្រូវបានរកឃើញនៅក្នុង « Our Hearts Knit as One » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 70 ។ ) អ្នកអាចសុំឲ្យសិស្សចម្លងសេចក្ដីថ្លែងការណ៍នេះទៅក្នុងក្នុងព្រះគម្ពីររបស់គេក្បែរ នីហ្វៃទី 41:24 ។
-
តើអ្នកគិតថា ភាពឆ្មើងឆ្មៃគឺជាសត្រូវដ៏ធំនឹងសាមគ្គីភាពតាមរបៀបណា ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ពីរបៀបមួយដែលភាពឆ្មើងឆ្មៃអាចបំផ្លាញសាមគ្គីភាព ។
« ចំណុចដ៏សំខាន់គឺថា ភាពឆ្មើងឆ្មៃគឺជាអំពើបាបនៃការប្រៀបផ្ទឹម ទោះបីជាវាជាទូទៅចាប់ផ្ដើមដោយ ‹ មើលន៎! ខ្ញុំជាមនុស្សដ៏អស្ចារ្យ ហើយខ្ញុំបានធ្វើរឿងដ៏អស្ចារ្យ › វាតែងហាក់ដូចជាបង្ហាញថា ‹ ហេតុដូច្នេះ ខ្ញុំធ្វើបានល្អជាងអ្នក › ។
« នៅពេលដួងចិត្តរបស់យើងបានពោរពេញដោយភាពឆ្មើងឆ្មៃ នោះយើងបានធ្វើអំពើបាបដ៏ធ្ងន់មួយ ដោយសារយើងបានរំលងច្បាប់ដ៏ធំពីរ [ សូមមើល ម៉ាថាយ 22:36–40] ។ ជំនួសឲ្យការថ្វាយបង្គំព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង យើងបង្ហាញនូវកម្មវត្ថុដ៏ពិតនៃការថ្វាយបង្គំ និងសេចក្ដីស្រឡាញ់របស់យើង —គឺជារូបភាពដែលយើងឃើញនៅក្នុងកញ្ចក់ » ( « Pride and the Priesthood » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 56 ) ។
-
ដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ប្រធាន អុជដូហ្វ តើភាពឆ្មើងឆ្មៃអាចបំផ្លាញសាមគ្គីភាពដោយរបៀបណា ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗក្នុង នីហ្វៃទី 4 1:24–35, 38–45 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឥទ្ធិពលនៃភាពឆ្មើងឆ្មៃនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ អ្នកអាចស្នើថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។ ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ ការស្លៀកសម្លៀកបំពាក់ដែលមានតម្លៃថ្លៃ ការបែងចែកជាឋានៈសង្គម ឬបែងចែកក្រុមមិនមែនជាមិត្តភក្ដិ ការកសាងសាសនាចក្រដើម្បីទទួលបានផលចំណេញ ការបដិសេធសាសនាចក្រដ៏ពិត ការបៀតបៀនលើពួកអ្នកស្មោះត្រង់ ការបង្កើតបក្សសម្ព័ន្ធសម្ងាត់ និងអំពើទុច្ចរិត )។
សូមឲ្យសិស្សរៀបរាប់ពីរឿងមួយដែលគេបានរកឃើញម្នាក់ម្ដងៗ ។ ( សិស្សអាចឆ្លើយចម្លើយដូចគ្នាម្ដងទៀត ) ។ នៅពេលសិស្សម្នាក់ៗឆ្លើយហើយ សូមសរសេរចម្លើយរបស់គេនៅលើក្រដាសពណ៌មួយ ដែលអ្នកបានដាក់ទៅមួយកន្លែងមុនពេលចាប់ផ្ដើមនោះ ។ សូមឲ្យក្រដាសពណ៌នោះទៅសិស្សដើម្បីប្ដូរនឹងក្រដាសសរបស់គេ ដែលរៀបរាប់ពីសុភមង្គល និងសាមគ្គីភាពរបស់ប្រជាជន ។ សូមធ្វើសកម្មភាពនេះម្ដងហើយម្ដងទៀត រហូតដល់សិស្សទាំងអស់គ្នានៅក្នុងថ្នាក់បានប្ដូរក្រដាសសរបស់គេជាមួយនឹងក្រដាសពណ៌ទាំងអស់គ្នា ។
សូមឲ្យសិស្សមើលជុំវិញ និងរកមើលថា គ្រប់គ្នានៅក្នុងថ្នាក់មានក្រដាសពណ៌ ដែលតំណាងឲ្យភាពឆ្មើងឆ្មៃ ។ សូមឲ្យពួកគេសញ្ជឹងគិតពីអារម្មណ៍ដែលសិស្សទាំងបីនាក់របស់ព្រះគ្រីស្ទមាន នៅពេលពួកលោកបានឃើញភាពឆ្មើងឆ្មៃ និងអំពើទុច្ចរិតដែលបានរីករាលដាលនៅក្នុងចំណោមប្រជាជនមួយដែលធ្លាប់តែរីករាយ និងរួបរួមគ្នាជាខ្លាំង ។
-
តើសេចក្តីពិតអ្វីដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវគោលការណ៍ខាងក្រោមនេះ ៖ អំពើបាបនៃភាពឆ្មើងឆ្មៃនាំឲ្យមានការបែកបាក់ ហើយដឹកនាំទៅរកអំពើទុច្ចរិត ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន )។
-
តើភាពឆ្មើងឆ្មៃរបស់មនុស្សពីរបីនាក់អាចមានឥទ្ធិពលលើសុភមង្គលរបស់ក្រុមទាំងមូលដោយរបៀបណា ?
សូមឲ្យសិស្សគិតពីរបៀបដែលភាពឆ្មើងឆ្មៃរបស់មនុស្សម្នាក់អាចមានឥទ្ធិពលលើអ្នកដទៃ នៅក្នុងឧទាហរណ៍ដូចខាងក្រោម ៖
-
ជំនួសឲ្យការលើកទឹកចិត្តពីគ្រួសាររបស់គាត់ បងប្រុសម្នាក់សម្រេចចិត្តធ្វើតាមចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ជាជាងទៅបម្រើបេសកកម្ម ។
-
សមាជិកម្នាក់នៃថ្នាក់យុវនារី ឬកូរ៉ុមបព្វជិតភាពអើរ៉ុនមានបំណងបង្កើតបញ្ហា បដិសេធមិនចូលរួមក្នុងថ្នាក់ ហើយរឹងទទឹងមិនធ្វើតាមការណែនាំ ។
-
យុវជន ឬយុវនារីម្នាក់ចំអក ឬបង្អាប់សមាជិកផ្សេងទៀតនៃក្រុមមិត្តភក្ដិរបស់គេជាញឹកញយ ។
សូមឲ្យសិស្សគិតអំពីពេលដែលពួកគេបានឃើញសេចក្ដីឆ្មើងឆ្មៃបំផ្លាញសុភមង្គល និងសាមគ្គីភាព ។
សូមឲ្យសិស្សគិតពីតួនាទីរបស់ពួកគេនៅក្នុងក្រុមផ្សេងៗគ្នាដែលពួកគេជាសមាជិក ដូចជាគ្រួសាររបស់ពួកគេ កូរ៉ុម ឬថ្នាក់ វួដ ឬសាខា និងថ្នាក់សិក្ខាសាលា ។ ( អ្នកអាចចង់លើកឡើងពីក្រុមផ្សេងទៀតដែលសិស្សរបស់អ្នកជាសមាជិក )។ សូមឲ្យពួកគេសញ្ជឹងគិតថាតើ ពួកគេបានធ្វើ ឬកំពុងធ្វើអ្វីដែលបង្ហាញពីភាពឆ្មើងឆ្មៃនៅក្នុងទំនាក់ទំនងរបស់គេជាមួយនឹងមនុស្សផ្សេងទៀតនៅក្នុងក្រុមទាំងនេះដែរឬទេ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រែចិត្ត ហើយគិតអំពីរបៀបដែលពួកគេអាចយកឈ្នះលើភាពឆ្មើងឆ្មៃ និងបង្កើនសាមគ្គីភាព និងសេចក្តីសុចរិតនៅក្នុងក្រុមទាំងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតផងដែរពីអ្វីដែលពួកគេបានសរសេរអំពីរបៀបដែលពួកគេគ្រោងនឹងរស់នៅតាមឲ្យបានកាន់តែដូចជាកូនចៅរបស់លីហៃ ដែលបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ។
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងព្យាយាមប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង ហើយរស់នៅជាមួយនឹងអ្នកដទៃដោយសាមគ្គីភាព នោះយើងអាចទទួលបានសុភមង្គលដូចជាអ្វីដែលបានរៀបរាប់នៅក្នុង នីហ្វៃទី 4 1:1–18 ដូច្នោះដែរ ។