មេរៀនទី 129
នីហ្វៃទី 3 20
សេចក្តីផ្ដើម
នៅពេលថ្ងៃទីពីរនៃការបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រះយេស៊ូវគ្រីស្ទបានដឹកនាំពិធីសាក្រាម៉ង់ដល់ប្រជាជនម្ដងទៀត ។ ទ្រង់បានថ្លែងទីបន្ទាល់ថា សេចក្តីសញ្ញា និងសេចក្ដីសន្យាទាំងឡាយរបស់ព្រះវរបិតានឹងត្រូវបានបំពេញនៅថ្ងៃចុងក្រោយ ។ ពួកសាសន៍អ៊ីស្រាអែលនឹងត្រូវបានប្រមូលផ្ដុំ ហើយសាសន៍ទាំងឡាយនៅលើផែនដីនឹងត្រូវបានប្រទានពរ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 20:1–9
ព្រះអង្គសង្គ្រោះបម្រើពិធីសាក្រាម៉ង់ដល់ប្រជាជនម្ដងទៀត
ដើម្បីចាប់ផ្ដើមមេរៀននេះ សូមពន្យល់ថា អ្នកចង់ឲ្យយុវជន និងយុវនារីនៅក្នុងថ្នាក់ឆ្លើយនឹងសំណួរខុសៗគ្នា ។ សូមឲ្យយុវជនពីរបីនាក់ដែលកាន់អំណាចបព្វជិតភាពអើរ៉ុនប្រាប់ដល់សិស្សក្នុងថ្នាក់អំពីការទទួលខុសត្រូវរបស់ពួកគេក្នុងការរៀបចំ ការប្រសិទ្ធពរ ឬការចែកសាក្រាម៉ង់ ។ សូមជួយពួកគេចែកចាយពីអារម្មណ៍អំពីការបំពេញកាតព្វកិច្ចទាំងនេះដោយការសួរពួកគេនូវសំណួរខាងក្រោមនេះ ៖
-
តើការជួយបម្រើពិធីសាក្រាម៉ង់មានន័យយ៉ាងណាដល់អ្នក ?
-
តើអ្នកបង្ហាញដល់ព្រះអម្ចាស់ថា អ្នកយល់ពីលក្ខណៈសម្បត្តិដ៏ពិសិដ្ឋនៃពិធីបរិសុទ្ធនេះដោយរបៀបណា ?
សូមជួយយុវនារីពីរបីនាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីភាពពិសិដ្ឋនៃពិធីសាក្រាម៉ង់ដោយការសួរពួកគេនូវសំណួរខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកឃើញយុវជនដ៏មានភាពសក្តិសមបម្រើពិធីសាក្រាម៉ង់ ?
-
តើអ្នកធ្វើអ្វីខ្លះអំឡុងពេលការបម្រើពិធីសាក្រាម៉ង់ ដែលបង្ហាញថាអ្នកយល់ពីលក្ខណៈសម្បត្តិដ៏ពិសិដ្ឋរបស់ពិធីសាក្រាម៉ង់ ?
សូមពន្យល់ថា នៅថ្ងៃទីពីរនៃការបម្រើរបស់ទ្រង់ដល់ពួកសាសន៍នីហ្វៃ ព្រះអង្គសង្គ្រោះ និងពួកសាវករបស់ទ្រង់បានបម្រើពិធីសាក្រាម៉ង់ដល់ប្រជាជនជាលើកទីពីរ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 20:1 ដោយស្ងាត់ស្ងៀម ។ សូមបង្ហាញនូវប្រយោគខាងក្រោម ៖ « ហើយទ្រង់បានបញ្ជាពួកគេថា ពួកគេមិនគួរឈប់អធិស្ឋាននៅក្នុងដួងចិត្តរបស់គេទេ » ។
-
តើឃ្លា « មិនគួរឈប់អធិស្ឋាន » នៅក្នុងដួងចិត្តរបស់អ្នកមានន័យយ៉ាងណាដល់អ្នក ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:3–5 ឮៗ ។
-
តើអ្នកគិតថាការអធិសា្ឋននៅក្នុងចិត្តរបស់អ្នកអាចមានអានុភាពលើបទពិសោធន៍ប្រចាំសប្ដាហ៍របស់អ្នកក្នុងការទទួលយកពិធីសាក្រាម៉ង់ដោយរបៀបណា ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីនៅតែបន្ដផ្ដោតលើព្រះអង្គសង្គ្រោះ នៅពេលយើងទទួលយកសាក្រាម៉ង់ ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:8 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលនំប៉័ង និងស្រាទំពាំងបាយជូតំណាងឲ្យ ។ ( វាអាចជួយច្រើនដើម្បីពន្យល់ថា ការអនុវត្តសព្វថ្ងៃនៅក្នុងសាសនាចក្រគឺប្រើទឹកជំនួសឲ្យស្រាទំពាំងបាយជូ ។ [ សូមមើល គ. និង ស. 27:2 ] ) ។
-
តើនំប៉័ង និងទឹកនៅក្នុងពិធីសាក្រាម៉ង់តំណាងឲ្យអ្វី ? ( ព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ ) ។
អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យប្រៀបធៀបនៃការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យទទួលទានសាច់របស់ទ្រង់ និងផឹកឈាមរបស់ទ្រង់ ៖
« ទទួលទានសាច់ និងផឹកឈាមរបស់ព្រះគ្រីស្ទ គឺត្រូវជឿលើនិងទទួលយកទ្រង់ជាព្រះរាជបុត្រានៃព្រះពិតប្រាកដ និងជាព្រះអង្គសង្គ្រោះនៃពិភពលោក ហើយត្រូវគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ដោយយោងតាមអត្ថន័យនេះ វាមានន័យថា ការអាចធ្វើឲ្យព្រះវិញ្ញាណនៃព្រះក្លាយជាផ្នែកដ៏ខ្ជាប់ខ្ជួនមួយនៃការរស់នៅរបស់បុគ្គលម្នាក់ៗ ថែមទាំងជារសជាតិនៃអាហារដែលគេទទួលទាន ក៏ត្រូវបានប្រដូចទៅនឹងព្រះកាយរបស់ទ្រង់ដែរ » ( Jesus the Christ, ការបោះពុម្ពលើកទី 3 [ ឆ្នាំ 1916 ], ទំព័រ 342; អក្សរទ្រេតត្រូវបានបន្ថែម ) ។
-
តើមាននិមិត្តសញ្ញាអ្វីដែលមាននៅក្នុងការទទួលយកនំប៉័ង និងទឹក ?
-
យោងតាម នីហ្វៃទី 3 20:8 តើព្រះយេស៊ូវគ្រីស្ទបានសន្យាដល់អស់អ្នកទាំងឡាយណាដែលទទួលយកពិធីសាក្រាម៉ង់អ្វីខ្លះ ? ( ព្រលឹងរបស់ពួកគេនឹងត្រូវបានបំពេញ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃការដែលព្រលឹងរបស់ពួកគេត្រូវបានបំពេញ សូមឲ្យពួកគេគិតអំពីចំនួននៃនំប៉័ង និងទឹកដែលពួកគេតែងទទួលយក នៅពេល ពួកគេទទួលទានសាក្រាម៉ង់ ។ បន្ទាប់មកសួរ ៖
-
ប្រសិនបើអ្នកឃ្លាន និងស្រេកទឹក តើអ្នកនឹងត្រូវឆ្អែតដោយរបស់ទាំងនេះទេ ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:9 ឮៗ ហើយសូមសួរសិស្សក្នុងថ្នាក់ ៖
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី 3 20:8–9 ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួររកឃើញនូវគោលការណ៍ដូចខាងក្រោមនេះ ៖ ប្រសិនបើយើងសក្តិសមទទួលទានសាក្រាម៉ង់ នោះយើងអាចត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រករបៀបដែលយើងត្រូវអាចប្រទានពរ នៅពេលយើងត្រូវបានពោរពេញដោយព្រះវិញ្ញាណ ៖
« សូមឲ្យយើងធ្វើខ្លួនយើងឲ្យសក្តិសមនឹងសេចក្ដីសន្យារបស់ព្រះអង្គសង្គ្រោះរបស់យើងថា ដោយការទទួលយកពិធីសាក្រាម៉ង់ យើងនឹង ‹ ត្រូវបានបំពេញ › ( នីហ្វៃទី 3 20:8; សូមមើលផងដែរ នីហ្វៃទី 3 18:9 ) ដែលមានន័យថា យើងនឹងត្រូវបាន ‹ បំពេញដោយព្រះវិញ្ញាណ › ( នីហ្វៃទី 3 20:9 ) ។ព្រះវិញ្ញាណនោះ —ព្រះវិញ្ញាណបរិសុទ្ធ — គឺជាអង្គលួងលោមរបស់យើង ជាអង្គជួយយើងស្វែងរកទិសដៅ ជាអង្គទំនាក់ទំនងរបស់យើង ជាអង្គបកប្រែរបស់យើង សាក្សីរបស់យើង និងជាអង្គដែលបន្សុទ្ធយើង— ជាអង្គដឹកនាំយើងពិតប្រាកដ និងជាអង្គឲ្យយើងរួចពីបាប នៅដំណើរខាងសាច់ឈាមរបស់យើងទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។
« … ចេញពីសកម្មភាពដែលមើលទៅតូចតាចនៃការបន្ដសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដោយមនៈសិការ និងដោយការគោរព នោះវានាំមកនូវការបន្ដនៃពរជ័យនៃពិធីបុណ្យជ្រមុជទឹកដោយទឹក និងដោយព្រះវិញ្ញាណ ដែលយើងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជានិច្ច ។ តាមរបៀបនេះ យើងទាំងអស់គ្នានឹងត្រូវបានដឹកនាំ ហើយតាមរបៀបនេះ យើងទាំងអស់គ្នាអាចត្រូវបានសម្អាត » ( « Always Have His Spirit » Ensign, ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 61 ) ។
-
តើមានរបៀបណាខ្លះដែលយើងអាចត្រូវបានប្រទានពរ នៅពេលយើងពោរពេញដោយព្រះវិញ្ញាណ ?
-
តើនៅពេលណាដែលការទទួលយកពិធីសាក្រាម៉ង់បានជួយអ្នក ឲ្យពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ?
សូមធ្វើទីបន្ទាល់អំពីពរជ័យដែលអ្នកបានមានពីការទទួលយកពិធីសាក្រាម៉ង់ ហើយនិងភាពពោរពេញដោយព្រះវិញ្ញាណ ។ សូមបញ្ជាក់ថា ការអធិស្ឋាននៅក្នុងចិត្តរបស់យើងគឺជារបៀបមួយដែលយើងអាចរៀបចំនឹងទទួលយកពិធីសាក្រាម៉ង់ និងដើម្បីត្រូវបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ សូមលើកទឹកចិត្តសិស្សឲ្យចំណាយពេលអធិស្ឋានមុនពេលទទួលយកសាក្រាម៉ង់ ។
នីហ្វៃទី 3 20:10–46
ព្រះអង្គសង្គ្រោះបង្រៀនដល់ពួកសាសន៍នីហ្វៃអំពីសេចក្ដីសញ្ញា ដែលនឹងត្រូវបំពេញនៅថ្ងៃចុងក្រោយ
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅសរសេរ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរនូវការរៀបរាប់ដ៏សង្ខេបមួយអំពីគុណសម្បត្តិដ៏សំខាន់បំផុតរបស់ពួកគេ ។ ក្រោយពីពួកគេបញ្ចប់ហើយ សូមឲ្យពួកគេរកមើលគុណសម្បត្តិដែលពួកគេបានផ្ដោតលើ ។ តើវាជាលក្ខណៈសម្បត្តិខាងរាងកាយឬ ? លក្ខណៈសម្បត្តិខាងចរិយាសម្បត្តិឬ ? លក្ខណៈសម្បត្តិខាងវិញ្ញាណឬ ? ( ប្រសិនបើមានពេល អ្នកអាចសុំឲ្យសិស្សពីរបីនាក់អានអ្វីដែលពួកគេបានសរសេរ ) ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សស្ដាប់នូវអ្វីដែលលោកបានមានប្រសាសន៍គួរកំណត់អត្តសញ្ញាណរបស់បុគ្គលម្នាក់ ៖
« អ្នកអាចចូលចិត្ត តន្ដ្រី កីឡា ឬបច្ចេកវិទ្យា ហើយថ្ងៃណាមួយអ្នកអាចធ្វើការនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្ម ឬវិជ្ជាជីវៈ ឬខាងសិល្បៈ ។ វាអាចសំខាន់ដូចជាសកម្មភាព និងការងារបែបនេះ វាមិនបានបង្ហាញថាតើយើងជានរណានោះទេ ។ ជាចំបង និងការណ៍ដ៏សំខាន់បំផុតនោះ យើងមានរូបកាយខាងវិញ្ញាណ ។ យើងគឺជា [ កូនចៅ ] របស់ព្រះ និងជាពូជរបស់អ័ប្រាហាំ » ( « Becoming a Missionary » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 47 ) ។
-
តើអែលឌើរ បែដណា បានឲ្យនិយមន័យថាយើងជានរណា ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីឃើញខ្លួនយើង « ជាចំបង ហើយសំខាន់បំផុត » ថាជាមនុស្សមានរូបកាយខាងវិញ្ញាណដែលជាកូនចៅនៃព្រះ ?
សូមបង្ហាញថា បន្ថែមលើការនិយាយថា យើងគឺជាកូនចៅរបស់ព្រះ អែលឌើរ បែដណាបានមានប្រសាសន៍ថា យើងគឺជាពូជរបស់អ័ប្រាហាំ ។ សូមពន្យល់ថាឃ្លា « ពូជរបស់អ័ប្រាហាំ » អាចសំដៅលើប្រជាជនដែលជាកូនចៅរបស់អ័ប្រាហាំតាមន័យត្រង់ ។ វាក៏អាចសំដៅលើប្រជាជនដែលទទួលយកភាពពេញលេញនៃដំណឹងល្អ ពរជ័យនៃបព្វជិតភាព និងសេចក្ដីសន្យា និងសេចក្ដីសញ្ញាដូចគ្នាដែលព្រះបានធ្វើជាមួយនឹងអ័ប្រាហាំ ដោយការទទួលយក និងការគោរពតាមច្បាប់ និងពិធីបរិសុទ្ធនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមប្រាប់សិស្សថានៅក្នុង នីហ្វៃទី 3 20 ទាំងមូល ពួកគេនឹងសិក្សាអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃអំពីសេចក្ដីសញ្ញា និងសេចក្ដីសន្យាទាំងឡាយដែលបានធ្វើ ជាមួយនឹងអ័ប្រាហាំ និងកូនចៅរបស់លោក ( វង្សអ៊ីស្រាអែល ) ។ ទ្រង់បានមានបន្ទូលថា ពួកគេអាចរៀនអំពីសេចក្ដីសញ្ញាទាំងនេះដោយការសិក្សាពាក្យពេចន៍របស់អេសាយ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:11–12 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថានឹងកើតឡើង នៅពេលពាក្យរបស់អេសាយត្រូវបានបំពេញ ។ ក្រោយពីសិស្សបានរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ អ្នកអាចពន្យល់ថា ពាក្យរបស់អេសាយនឹងត្រូវបានបំពេញនៅក្នុងថ្ងៃចុងក្រោយ ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:13 ឮៗ ហើយសូមឲ្យសិស្សរកមើលរបៀបដែលព្រះវរបិតាសួគ៌នឹងបំពេញតាមសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងវង្សអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ ។ សូមឲ្យសិស្សសង្ខេបសេចក្ដីពិតដែលពួកគេបានរៀនពី នីហ្វៃទី 3 20:11–13 ។ ( ចម្លើយរបស់សិស្សអាចខុសគ្នា ប៉ុន្ដែពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះអម្ចាស់នឹងបំពេញតាមសេចក្ដីសញ្ញារបស់ទ្រង់ដើម្បីប្រមូលវង្សអ៊ីស្រាអែលនៅក្នុងថ្ងៃចុងក្រោយ ។ សូមគិតពីការសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន )។
-
យោងតាម នីហ្វៃទី 3 20:13 តើចំណេះដឹងអ្វីដែលប្រជាជននៃវង្សអ៊ីស្រាអែលនឹងទទួលបាន ដែលជាផ្នែកដ៏សំខាន់មួយនៃការប្រមូលផ្ដុំនោះ ? ( ពួកគេនឹងទទួលបាន « នាំមកឲ្យស្គាល់ព្រះអម្ចាស់ ជាព្រះរបស់គេ ដែលបានប្រោសលោះពួកគេ » ) ។
ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលការស្គាល់ព្រះយេស៊ូវគ្រីស្ទគឺជាផ្នែកមួយដ៏សំខាន់នៃការប្រមូលផ្ដុំពូជអ៊ីស្រាអែល សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សស្ដាប់រកអ្វីដែលទាក់ទងនឹងការប្រមូលផ្ដុំពូជអ៊ីស្រាអែល ។
« ការប្រមូលផ្ដុំពូជអ៊ីស្រាអែលរួមមានការជឿ និងការទទួល និងការរស់នៅដោយសុខដុមជាមួយនឹងអ្វីទាំងអស់ដែលព្រះអម្ចាស់ធ្លាប់បានផ្ដល់ដល់ប្រជាជនជំរើសរបស់ទ្រង់កាលពីបុរាណ ។ វារួមមានការមានសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ លើការប្រែចិត្ត លើការជ្រមុជទឹក និងការទទួលបានអំណោយទានព្រះវិញ្ញាណបរិសុទ្ធ និងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ វារួមមានការជឿលើដំណឹងល្អ ការចូលរួមក្នុងសាសនាចក្រ និងការមកកាន់នគរនៃព្រះ ។ វារួមមានការទទួលបានបព្វជិតភាពដ៏បរិសុទ្ធ ការទទួលធ្វើពិធីការបរិសុទ្ធនៅក្នុងកន្លែងដ៏បរិសុទ្ធដោយអំណាចពីទីខ្ពស់ និងការទទួលបានពរជ័យទាំងឡាយនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប តាមរយៈពិធីការនៃអាពាហ៍ពិពាហ៍សេឡេស្ទាល ។ ហើយវាក៏អាចរួមមានការប្រជុំគ្នានៅកន្លែង ឬដែនដីជ្រើសរើសមួយដើម្បីថ្វាយបង្គំព្រះ » ( A New Witness for the Articles of Faith [ ឆ្នាំ 1985 ] ទំព័រ 515 ) ។
-
តើការជឿលើ និងការធ្វើតាមព្រះយេស៊ូវគ្រីស្ទជាផ្នែកមួយដ៏សំខាន់នៃការប្រមូលផ្ដុំអ៊ីស្រាអែលដោយរបៀបណា ?
សូមសង្ខេប នីហ្វៃទី 3 20:14–22 ។ សូមពន្យល់ថា ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍នីហ្វៃថា ជាផ្នែកនៃការប្រមូលផ្ដុំអ៊ីស្រាអែល និងក្នុងការបំពេញតាមសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ជាមួយនឹងអ័ប្រាហាំ ព្រះវរបិតាសួគ៌បានប្រទានដល់កូនចៅរបស់លីហៃនូវដែនដីដែលពួកគេបានរស់នៅជាមរតក ។ ទ្រង់ក៏បានពន្យល់ពីរបៀបមួយទៀតដែលសាសន៍នីហ្វៃត្រូវបានប្រទានពរក្នុងនាមជាកូនចៅនៃសេចក្ដីសញ្ញា ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 20:23–24 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្នកដែលម៉ូសេបានព្យាករណ៍ថានឹងប្រទានដល់វង្សអ៊ីស្រាអែល ។ ក្រោយពីសិស្សរៀបរាប់អ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេអាន នីហ្វៃទី 3 20:25–26 ដោយស្ងៀមស្ងាត់ ។ សូមឲ្យពួកគេរកមើលរបៀបដែលកូនចៅរបស់លីហៃត្រូវបានប្រទានពរដោយសារតែសេចក្ដីសញ្ញាដែលព្រះអម្ចាស់បានធ្វើជាមួយនឹងអ័ប្រាហាំ ។ នៅពេលសិស្សរៀបរាប់អ្វីដែលពួកគេរកឃើញ សូមបញ្ជាក់ថា ព្រះវរបិតាសួគ៌បានបញ្ជូនព្រះយេស៊ូវគ្រីស្ទទៅជួបនឹងកូនចៅរបស់លីហៃ និងសង្គ្រោះពួកគេចេញពីអំពើបាប « ដោយសារ [ ពួកគេគឺជា ] កូនចៅនៃសេចក្ដីសញ្ញា » ។
-
តើយើងត្រូវបានប្រទានពរដោយសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះវរបិតាសួគ៌ដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:27 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលការទទួលខុសត្រូវមួយដែលមកជាមួយនឹងសេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះអម្ចាស់ ។
-
នៅពេលយើងបានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ តើការទទួលខុសត្រូវរបស់យើងចំពោះមនុស្សផ្សេងទៀតទូទាំងពិភពលោកមានអ្វីខ្លះ ? ( សិស្សនឹងអាចរកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ក្នុងនាមជាកូនចៅរបស់អ័ប្រាហាំ យើងមានការទទួលខុសត្រូវតាមសេចក្ដីសញ្ញាមួយដើម្បីប្រទានពរដល់មនុស្សផ្សេងទៀតនៅលើផែនដី ។ សូមគិតពីការសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា យើងអាចជាពរជ័យមួយដល់មនុស្សទាំងអស់នៅលើផែនដីដោយរបៀបណា ? ( ប្រសិនបើអ្នកបានសរសេរប្រយោគនៃគោលលទ្ធិនៅលើក្ដារខៀន សូមបន្ថែមពាក្យ « ដោយការចែកចាយដំណឹងល្អជាមួយនឹងពួកគេ ។
សូមសង្ខេប នីហ្វៃទី 3 20:29–46 ដោយពន្យល់សង្ខេបថា បន្ថែមលើការបង្រៀនដល់ពួកសាសន៍នីហ្វៃអំពីពរជ័យ និងការទទួលខុសត្រូវរបស់ពួកគេក្នុងនាមជាកូនចៅនៃសេចក្ដីសញ្ញា នោះព្រះអង្គសង្គ្រោះបានបញ្ជាក់ថា ដែនដីមរតករបស់ពួកសាសន៍យូដានឹងជាទីក្រុងយេរូសាឡិម ។ ទ្រង់បានដកស្រង់ការព្យាករណ៍របស់អេសាយ ដែលបានប្រាប់ជាមុនពីពេលដែលពួកសាសន៍យូដានឹងត្រូវសា្ដរឡើងវិញទៅកាន់ដែនដី មរតករបស់ពួកគេ ក្រោយពីពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ និងអធិស្ឋានទៅកាន់ព្រះបិតាក្នុងព្រះនាមរបស់ទ្រង់ ។
ដើម្បីបញ្ចប់ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 20:46 ឮៗ ។ សូមឲ្យសិស្សដទៃទៀតមើលតាម ហើយរកមើលរបៀបមួយដែលពួកគេអាចប្រទានពរដល់ជីវិតរបស់មនុស្សផ្សេងទៀតជាមួយនឹងដំណឹងល្អអំឡុងពេលសប្ដាហ៍ក្រោយ ។ សូមដាក់ផែនការដើម្បីតាមដានសិស្សអំឡុងពេលបង្រៀនលើកក្រោយដើម្បីផ្ដល់ឱកាសដល់ពួកគេឲ្យរៀបរាប់ពីបទពិសោធន៍របស់គេ ។ សូមធ្វើទីបន្ទាល់អំពីសារៈសំខាន់នៃការបំពេញទំនួលខុសត្រូវរបស់យើងដើម្បីជួយប្រមូលសាសន៍អ៊ីស្រាអែល ។