បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 25


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី 3 11:18–16:20 ( មេរៀនទី 25 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 3 1–11:18–16:20 ( មេរៀនទី 25) ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​ទៅ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 ( នីហ្វៃទី 3 11:18–12:48 )

សិស្ស​បាន​រៀនថា ពិធីបុណជ្រមុជទឹក​ត្រូវតែ​ធ្វើ​ឡើង​ដោយ​បុគ្គល ដែល​កាន់​អំណាច​ដ៏​ត្រឹមត្រូវ ហើយ​ត្រូវ​តែ​ធ្វើឡើង​តាម​របៀប​ដែល​បាន​ដាក់ឡើង​ដោយ​ព្រះអម្ចាស់ ។ ពួកគេ​ក៏​បាន​សិក្សា​ពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​បាន​រៀន​ថា ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី​ពរជ័យ​នៃសេចក្ដី​សុខសាន្ដ និង​ការពន្យល់​របស់​ព្រះអង្គសង្គ្រោះ​អំពី​ក្រិត្យ​វិន័យ​ដ៏​ខ្ពស់​ជាង នោះ​ពួកគេ​បាន​រៀន​ថា ប្រសិនបើ​យើង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ត្រូវបាន​ប្រទានពរ និង​បាន​រៀបចំ​ដើម្បី​ចូលទៅក្នុង​នគរស្ថានសួគ៌ ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា នៅពេល​យើង​មករកព្រះគ្រីស្ទ ហើយ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​យើង​អាច​ក្លាយ​ដូចជា​ទ្រង់ និង​ព្រះវរបិតាគង់នៅស្ថានសួគ៌​របស់​យើង​ដែល​ឥតខ្ចោះ កាន់តែ​ខ្លាំង ។

ថ្ងៃទី 2 ( នីហ្វៃទី 3 13 )

ចេញពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការលើកទឹកចិត្ត​ឲ្យ​ធ្វើទាន អធិស្ឋាន និង​តមអាហារ សិស្ស​បាន​រៀន​ថា ប្រសិនបើ​យើង​ធ្វើ​កិច្ចការ​សុចរិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វព្រទ័យ នោះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​យើង​ដោយ​បើកចំហរ ។ នៅពេល​ពួកគេ​បាន​សិក្សា​ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការមិន​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន នោះ​ពួកគេ​បាន​រៀនពី​គោលការណ៍​ដូចខាងក្រោម ៖ ដើម្បី​មាន​ព្រះ​ជា​ចៅហ្វាយ​របស់​យើង យើង​ត្រូវតែ​ស្រឡាញ់ និង​បម្រើ​ដល់​ទ្រង់​លើសពី​អ្វីៗ​នៅលើ​ផែនដី​នេះ ។ ប្រសិនបើ​យើង​ស្វែងរក​នគរ​របស់​ព្រះ​ជាមុន នោះ​ទ្រង់​នឹង​ជួយ​យើងផ្គត់ផ្គង់​តម្រូវការ​របស់​យើង ។

ថ្ងៃទី 3 ( នីហ្វៃទី 3 14 )

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​ការកាត់សេចក្ដី​សុចរិត​បាន​ជួយ​សិស្ស​ឲ្យ​យល់​ថា យើង​នឹង​ត្រូវ​កាត់សេចក្ដី​ស្របតាម​របៀប​ដែល​យើង​កាត់សេចក្ដី​អ្នកដទៃ ។ ពួកគេ​ក៏​បាន​រៀនដែរ​ថា ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់​យើង នៅពេល​យើង​អធិស្ឋាន​សុំ​ជំនួយ​ពី​ទ្រង់ ។ សិស្ស​បាន​គូស​រូបភាព​ដែល​បង្ហាញ​ពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​បាន​រៀន​ថា យើង​ត្រូវតែ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​ចូលទៅក្នុង​នគរស្ថានសួគ៌ ។

ថ្ងៃទី 4 ( នីហ្វៃទី 3 15–16 )

សិស្ស​បាន​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រភព​នៃ​ក្រឹត្យវិន័យ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ប្រសិនបើ​យើង​ផ្ចង់​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ និង​តស៊ូ​ដល់​ទីបញ្ចប់ នោះ​ទ្រង់​នឹង​ប្រទាន​នូវ​ជីវិតដ៏នៅអស់កល្បជានិច្ច​ដល់​យើង ។ នៅពេល​សិស្ស​បាន​សិក្សា​ពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​អំពី « ចៀម​ឯទៀត » ( នីហ្វៃទី 3 15:21 ) ពួកគេ​បាន​រៀន​ថា ព្រះ​យកចិត្តទុកដាក់​ដល់​កូនចៅ​របស់​ទ្រង់​ទាំងអស់ និង​បើក​សម្ដែង​អង្គ​ទ្រង់​ដល់​ពួកគេ ។ ព្រះ​ប្រទាន​ចំណេះដឹង និង​សេចក្ដីពិត​ដល់​យើង​ស្របតាម​សេចក្ដីជំនឿ និង​ការគោរព​តាម​របស់​យើង ។

សេចក្តីផ្ដើម

នៅក្នុង​មេរៀន​នេះ សិស្សនឹង​គិត​ពី​របៀប​ដែល​ការទាស់ទែងគ្នា​ប៉ះពាល់​ដល់​សមត្ថភាព​របស់​គេ​ក្នុង​ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ពួកគេ​ក៏​នឹង​អាច​គិត​អំពី​អ្នកទាំងឡាយណា​ដែល​បាន​ក្លាយជា​គំរូ​ដ៏​វិជ្ជមាន​ដល់​ពួកគេ ហើយ​គិតពី​របៀបដែល​ពួកគេ​អាច​ធ្វើ​ជា​គំរូ​ដ៏ប្រសើរ​ជាង​ដល់​អ្នកដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 3 11:18–41

ព្រះយេស៊ូវគ្រីស្ទ​ រៀបចំ នូវ​របៀប​នៃ​ពិធីបុណជ្រមុជទឹក ដាក់ទោស​ចំពោះ​ការទាស់ទែងគ្នា និង​ប្រកាស​ពី​គោលលទ្ធិ​របស់​ទ្រង់

សូម​សរសេរ​ពាក្យ ការទាស់ទែងគ្នា នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ឲ្យ​និយមន័យ​នៃ​ពាក្យ​នេះ ( ការឈ្លោះគ្នា វិបត្តិ ឬ​ការប្រកែកគ្នា ) ។

សូម​ឲ្យ​សិស្ស​សរសេរ​ដោយ​សង្ខេប​នៅលើ​ក្ដារខៀន​នូវ​ស្ថានភាព ឬ​សកម្មភាព​ខ្លះ​ដែល​ពួកគេ​អាច​ងាយ​នឹង​ជួប​នឹង​ការទាស់ទែងគ្នា ។ ( អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​ធ្វើ​ជា​អ្នកសរសេរ ខណៈពេល​ដែល​សិស្ស​ក្នុង​ថ្នាក់​ឆ្លើយ ) ។ ខណៈពេល​ដែល​ធ្វើ​សកម្មភាព​នេះ សូម​ចៀសវាង​នូវ​អ្វី​ដែល​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ហៅ​ថា​ជា « បច្ចេកវិទ្យា​របស់​សត្រូវ » ដែល​អាច​នាំ​ឲ្យ​មាន « ការដេញដោល​គ្នា និងការ​ឈ្លោះ​ប្រកែក » ( The Lord’s Way [ ឆ្នាំ 1991 ],ទំព័រ 139 ) ។

សូម​រំឭក​សិស្ស​ថា​នៅក្នុង នីហ្វៃទី 3 11 ពួកគេ​បាន​អាន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​យាងមក​ជួប​នឹង​ពួកសាសន៍​នីហ្វៃ​ដែល​បាន​ប្រជុំគ្នា​នៅឯ​ព្រះវិហារ​បរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 3 11:28 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​​រកមើល​ប្រធានបទ​ដែលបង្ក​ឲ្យ​ពួកសាសន៍​នីហ្វៃ​ខ្លះ​បាន​ឈ្លោះគ្នា ។ ( ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ខគម្ពីរ​នេះ អ្នក​អាច​ពន្យល់​ពាក្យ ការប្រកែកគ្នា មាន​ន័យ​ថា​ការឈ្លោះគ្នា ឬ​ការមិន​ចុះសម្រុង​នឹង​គ្នា ) ។

សូម​សួរ ៖ តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​ចៀសវាង​ការទាស់ទែងគ្នា នៅពេល​ពិភាក្សា​គ្នា​អំពី​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ដទៃ ?

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន៖ វិញ្ញាណ​នៃ​ការទាស់ទែងគ្នា​គឺ​មិនមែន​ជា​របស់​ផង​ព្រះ​ទេ ប៉ុន្ដែ … សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 11:29–30 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​​មើលថា​តើ​​វិញ្ញាណ​នៃ​ការទាស់ទែងគ្នា​ចេញមកពីណា ។ សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ​អាច​ត្រូវបាន​បង្ហាញ​ដូច​ខាងក្រោម ៖ ព្រះវិញ្ញាណ​នៃ​ការទាស់ទែងគ្នា​គឺ​ពុំ​មែន​ជា​របស់​ផង​ព្រះ​ទេ ប៉ុន្ដែ​ជា​របស់​ផង​អារក្ស​វិញ ។ អ្នក​អាច​ណែនាំថា សិស្ស​គួរ​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុងព្រះ​គម្ពីរ​របស់​ពួកគេ ។

សូម​សួរថា ៖ តើ​ការចងចាំ​ដល់​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី 3 11:29–30 អាច​ជួយ​អ្នក នៅពេល​អ្នក​ឃើញ​ថា​ខ្លួនអ្នក​ស្ថិតនៅក្នុង​ស្ថានភាព​មួយ​ដែល​បង្ក​ឲ្យ​មានជម្លោះ ដោយ​របៀបណា ? ( អ្នក​អាច​បង្ហាញ​ពី​ស្ថានភាព​ជាក់លាក់​ណាមួយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ឬ សូម​ឲ្យ​សិស្ស​គិត​ពី​ស្ថានភាព​មួយ​ដែល​នរណាម្នាក់​ចង់​ឈ្លោះគ្នា​អំពី​ចំណុច​ណាមួយ​នៃ​ដំណឹងល្អ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​លទ្ធផល​ដ៏​សំខាន់​នៃ​ការទាស់ទែងគ្នា សូម​អាន ឬ​បង្ហាញ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធានទីមួយ ។ « នៅពេល​មាន​ការទាស់ទែងគ្នា នោះ​ព្រះវិញ្ញាណនៃព្រះអម្ចាស់​នឹង​ចាកចេញ ដោយ​មិនគិត​ថា​នរណា​ជា​អ្នក​ខុសនោះទេ » ( « What I Want My Son to Know before He Leaves on His Mission » Ensign, ខែ ឧសភា ឆ្នាំ 1996, ទំព័រ 41 ) ។

អ្នក​អាច​ណែនាំ ដល់​សិស្សថា ពួកគេ​​គួរ​សរសេរ​ប្រយោគ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ឬ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​សួរថា ៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណនៃព្រះអម្ចាស់​ចាកចេញពី​អ្នក​​ដោយ​សារតែ​ការទាស់ទែងគ្នា​ដែរទេ ? តើ​វា​មាន​អារម្មណ៍​យ៉ាងណា ?

សូមលើក​ឡើងថា ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​​ទាក់ទង​ទៅនឹង​ការទាស់ទែងគ្នា​នៅក្នុង នីហ្វៃទី 3 11:30 ៖ « នេះ​ពុំមែន​ជា​គោលលទ្ធិ​របស់​យើង​ទេ គឺ​ត្រូវ​លះបង់​ការណ៍​ទាំងនោះ​ចោល​វិញ » ។ បន្ទាប់មក សួរ​ពួកគេ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច « លះបង់​ចោល » នូវ​ការទាស់ទែងគ្នា និង​ការប្រកែកគ្នា​ដោយ​របៀបណា ?

  • តើ​យើង​អាច​មិនចុះសម្រុង​ជាមួយ​នឹង​អ្នកដទៃ និង​ចៀសវាង​ពី​ការទាស់ទែងគ្នា​ដោយ​របៀបណា ?

  • តើ​អ្នក​បាន​មាន​អារម្មណ៍​ថា​ត្រូវបាន​ប្រទានពរ​ដោយសារ​ការខិតខំ​របស់​អ្នក​ដើម្បី​ចៀសវាង ឬ​យកឈ្នះ​លើ​ការទាស់ទែងគ្នា​ដោយ​របៀបណា ?

អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​អ្នក​ត្រូវបាន​ប្រទានពរ​ដោយសារ​ការខិតខំ​របស់​អ្នក​ដើម្បី​ចៀសវាង ឬ​យកឈ្នះ​លើ​ការទាស់ទែងគ្នា​នោះ ។ សូម​ឲ្យ​សិស្ស​មើល​ទៅ​បញ្ជី​នៅលើ​ក្ដារខៀន ហើយ​ជ្រើសរើស​ស្ថានភាព​មួយ​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​ថា​ទាស់គ្នា​ជារឿយៗ ។ សូម​ឲ្យ​ពួកគេ​មាន​ពេល​សរសេរ​នូវ​គោលដៅ​មួយ​អំពី​របៀប​ដែល​ពួកគេ​នឹង​ខំ​ចៀសវាង ឬ​យកឈ្នះ​លើ​ការទាស់ទែងគ្នា​នៅក្នុង​ស្ថានភាព​សកម្មភាព​មួយ​នោះ ។

នីហ្វៃទី 3 12–16

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ពី​គោលការណ៍​នានា​ដែល​ជួយ​ដល់​កូនចៅ​របស់​ទ្រង់​ឲ្យ​ដើរទៅរក​ភាពឥតខ្ចោះ

សូម​ឲ្យ​សិស្ស​ក្រោកឈរ ហើយ​សូត្រ នីហ្វៃទី 3 12:48 ។ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​អនុវត្ត​ពីរ​បី​ដង ដើម្បី​ឲ្យ​ពួកគេ​អាច​សូត្រ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ​បាន​យ៉ាងឥតខ្ចោះ ។ សូម​ឲ្យ​សិស្ស​ប្រើ​ព្រះគម្ពីរ​របស់ពួកគេ​ដើម្បី​បង្ហាញ​ពី​លក្ខណៈ​ខ្លះ​នៃ​ភាពឥតខ្ចោះ​ដែល​បាន​លើកឡើង​នៅក្នុង នីហ្វៃទី 3 12:1–12 ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​អភិវឌ្ឍ​បាន​កាន់តែ​ខ្លាំង​ជាង​នេះ ។

សូម​ដាក់​អំបិល​បន្ដិច​នៅលើ​ស្លាបព្រា​មួយ ហើយ​សូម​ឲ្យ​សិស្ស​ទាយ​ថា​វា​ជា​អ្វី ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ឡើង​មក​ខាង​មុខ ហើយ​បញ្ជាក់​មើល​ថា​វា​ជា​អ្វី​ដោយ​ការភ្លក់ ។ ក្រោយពី​សិស្ស​បាន​រកឃើញ​ថា​វា​ជា​អំបិលើ​ហើយ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សរសេរ​ពី​សារៈប្រយោជន៍​របស់​អំបិល ។ នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា ក្រៅ​ពី​វា​ជា​គ្រឿង​បន្ថែម​រស់​ជាតិ​ដល់​អាហារ អំបិល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ប្រឡាក់សាច់​​មិន​ឲ្យ​ស្អុយ ។

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 12:13 ដើម្បី​រកមើល​អ្នកដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រៀបធៀបទៅនឹង​អំបិល ។ នៅពេល​សិស្ស​ឆ្លើយ សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​សំដៅ​មិនត្រឹម​តែ​លើ​ហ្វូងមនុស្ស​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅថ្ងៃនោះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ទៅដល់​អស់​អ្នកទាំងឡាយណា​ដែល​ត្រូវបាន​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​របស់​ទ្រង់ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​សួរថា ៖ ក្នុង​នាម​យើង​ជាអ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ តើ​យើង​អាច​ក្លាយ​ដូចជា​អំបិល​តាម​វិធីណា ? ( យើង​ត្រូវ​ជួយ​រក្សា ឬ​សង្គ្រោះ​ប្រជាជន និង​ត្រូវ​ពង្រឹង​ពិភពលោក​ដោយ​ការមាន​ឥទ្ធិពល​លើ​អ្នកដទៃ​ដោយ​អំពើល្អ ) ។

សូម​ពន្យល់​ថា​នៅក្នុង នីហ្វៃទី 3 12:13 ពាក្យ ( រស )ជាតិ មិនមែន​សំដៅ​តែ​លើ​រសជាតិ​របស់​អំបិល​នោះទេ ប៉ុន្ដែ​វា​ក៏​សំដៅ​លើ​តួនាទី​របស់​វា​ជា​អ្នកការពារ​មួយដែរ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ខាឡូស អ៊ី. អាសាយ នៃ​ក្រុម​ចិតសិប​នាក់​ទាក់ទង​ទៅនឹង​របៀប​ដែល​អំបិល​អាច​បាត់បង់​រសជាតិ​របស់​វា ។

« អំបិល​នឹង​មិន​បាត់បង់​រស​របស់​វា​តាមពេលវេលា​នោះទេ ។ រសជាតិ​ត្រូវបាត់បង់​តាមរយៈ​ការលាយ និង​ការបំពុល ។ ដូច​គ្នា​នេះ​ដែរ រសជាតិ និង​គុណភាព​ចាកចេញ​ពី​មនុស្ស នៅពេល​គេ​បំពុល​គំនិត​របស់​គេ​ដោយ​គំនិត​មិន​ស្អាតស្អំ ពោល​ពាក្យ​ប្រមាថ​ ដោយការ​និយាយ​កុហក់ និង​អនុវត្ត​កម្លាំង​របស់​គេ​ខុស​ទៅលើ​ការធ្វើ​អំពើ​អាក្រក់ » ( « Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ 1980, ទំព័រ 42 ) ។

សូម​សួរថា ៖ ហេតុអ្វី​បានជា​យើង​ត្រូវតែ​បរិសុទ្ធ​ដើម្បី​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ចំពោះ​ការណ៍​ល្អ ?

សូម​បង្ហាញ​ដល់​សិស្ស​នូវ​ពិល​មួយ ។ ចុច​បើក​វា ហើយ​សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 3 12:14–16 ហើយ​រកមើល​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ពន្លឺ​ដើម្បី​បង្រៀន​អំពី​តួនាទី​របស់​រាស្ត្រនៃសេចក្តីសញ្ញា​របស់​ទ្រង់​នៅក្នុង​ពិភពលោក​នេះ​កាន់តែ​ច្បាស់ ។ មុនពេល​ពួកគេ​អាន វា​អាច​ជួយ​សិស្ស​ដើម្បី​ពន្យល់​ថា ល្អី គឺជា​កន្ដ្រក​មួយ ។

សូម​សួរថា ៖ តើ​សមាជិក​នៃ​សាសនាចក្រ​ដែល​កាន់តាម​សេចក្តីសញ្ញា​របស់​ពួកគេ អាច​ជា​ពន្លឺ​មួយ​ដល់​អ្នកដទៃ​ដោយ​របៀបណា ?

សូម​ដាក់​កន្ដ្រក ឬ​កន្សែង​មួយ​គ្របលើ​ពន្លឺ ហើយ​សូម​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​របៀប​ណាខ្លះ ដែល​យើង​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​បាំង​គ្រប​ពន្លឺ​របស់​យើង ?

  • យោងតាម នីហ្វៃទី 3 12:16 ហេតុអ្វី​បានជា​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​យើង​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​សុចរិត ? ( នៅពេល​យើង​ធ្វើ​ជា​គំរូនៃ​សេចក្តី​សុចរិត នោះ​យើង​អាច​ជួយ​ដល់​អ្នកដទៃ​ឲ្យ​តម្កើង​ដល់​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​ណែនាំ​ថា សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​នៅក្បែរ​រឹម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​គេ ។

  • តើ​គំរូ​នៃសេចក្តី​សុចរិត​របស់​នរណា​ដែល​បាន​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែជិត​ទៅរក​ព្រះវរបិតាសួគ៌ ឬ​ពង្រឹង​បំណង​ប្រាថ្នារបស់​អ្នក​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញលេញ​ជាងនេះ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ក្លាយដូចជា​អំបិល និង​ដូចជា​ពន្លឺ​ទៅកាន់​ពិភពលោក ដោយ​ការជ្រើសរើស​ដើម្បី​ធ្វើជា​គំរូ​នៃសេចក្តី​សុចរិត ។

សូម​ពន្យល់​ថា ព្រះអង្គសង្គ្រោះ​បាន​បន្ដ​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​ថា រង្វាន់​ពិតប្រាកដ​សម្រាប់​ការធ្វើ​តាម​ព្រះបញ្ញត្តិដោយ​សុចរិត​នឹង​មក នៅពេល​ពួកគេ​គោរព​តាម​ដោយ​មិន​មាន​ពុត​ត្បុត និង​ដោយ​មិន​ដាក់​ដួងចិត្ត​របស់​ពួកគេ​ទៅលើ​ទ្រព្យសម្បត្តិ ឬ​រង្វាន់​ខាង​លោកិយ ។ សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នីហ្វៃទី 3 13:22; 13:31–33; 14:7–8; 15:9; 16:13 ។ សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​លើ​វគ្គ​ទាំងនេះ និង​រកមើល​រង្វាន់​ខ្លះៗ​ដែល​ព្រះវរបិតាគង់នៅស្ថានសួគ៌​បាន​សន្យា​នឹង​យើងថា ប្រសិនបើ​ដួងចិត្ត​របស់​យើង​ផ្ដោតទៅលើ​ការរស់នៅ​ជីវិត​មួយ​ដ៏​សុចរិត​នោះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​នឹង​សិស្ស​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ ហើយ​ប្រទានពរ​ដល់​ពួកគេ​ក្នុង​កិច្ចខំប្រឹង​របស់​ពួកគេ​ដើម្បី​លះបង់ចោល​ការទាស់ទែងគ្នា និង​ក្លាយជា​ទៅ​គំរូ​ដ៏​សុចរិត​មួយ​ចំពោះ​ពិភពលោក ។

មេរៀន​បន្ទាប់ ( នីហ្វៃទី 3 17–22 )

សូម​ប្រាប់​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា នីហ្វៃទី 3 17–22 ពួកគេ​នឹង​អាន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ព្រះកន្សែង នៅពេល​ទ្រង់​បាន​គង់​នៅ​ជាមួយ​នឹង​កូនក្មេង​សាសន៍​នីហ្វៃ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖ តើ​ទ្រង់​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួកគេ ? តើ​មាន​អព្ភូតហេតុ​ផ្សេងទៀត​អ្វីខ្លះ​ដែល​ព្រះយេស៊ូវ​បាន​សម្ដែង ខណៈពេល​ដែល​កំពុង​បម្រើ​ដល់​ពួកសាសន៍​នីហ្វៃ ?