មេរៀនទី 116
នីហ្វៃទី 3 1
សេចក្តីផ្ដើម
នៅពេលដែលពេលវេលាខិតជិតមកដល់ការបំពេញតាមការព្យាករណ៍របស់សាំយូអែលជាសាសន៍លេមិនអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ នោះអ្នកជឿទាំងឡាយនឹងចាំមើលទីសម្គាល់ដែលសាំយូអែលបាននិយាយថានឹងកើតឡើង ។ អ្នកដែលមិនជឿបានគំរាមសម្លាប់អ្នកជឿ ប្រសិនបើការព្យាករណ៍មិនបានបំពេញនៅថ្ងៃដែលបានកំណត់នោះ ។ នីហ្វៃ ជាកូនប្រុសរបស់នីហ្វៃ និងជាចៅប្រុសរបស់ហេលេមិន បានសុំអង្វរព្រះអម្ចាស់ជំនួសឲ្យពួកអ្នកជឿ ។ ជាការឆ្លើយតបចំពោះការអធិស្ឋានរបស់នីហ្វៃ សំឡេងរបស់ព្រះអម្ចាស់បានបន្លឺដល់លោក ដោយប្រកាសថា ទីសម្គាល់នឹងត្រូវបានផ្ដល់នៅយប់នោះ ។ នៅពេលព្រះអាទិត្យលិច នឹងគ្មានភាពងងឹតឡើយ ហើយផ្កាយថ្មីមួយនឹងលេចឡើង ។ ថ្វីបើបំណងរបស់សាតាំងដែលចង់បន្ដបំផ្លាញសេចក្ដីជំនឿរបស់ប្រជាជនក្ដី ក៏ប្រជាជនភាគច្រើនបានប្រែចិត្តជឿដល់ព្រះអម្ចាស់ដែរ ។ ប៉ុន្ដែពីរឆ្នាំក្រោយមក ពួកចោរកាឌីអានតុនបានចាប់ផ្ដើមដឹកនាំសាសន៍នីហ្វៃ និងសាសន៍លេមិនជាច្រើនទៅក្នុងសេចក្ដីទុច្ចរិត ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី 3 1:1–26
ការព្យាករណ៍ដែលទាក់ទងនឹងការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានបំពេញ ហើយសាសន៍នីហ្វៃជាច្រើនត្រូវបានប្រែចិត្ត
សូមអញ្ជើញសិស្សអោយគិតពីប្រជាជនដែលបានលះបង់ជីវិតរបស់គេដើម្បីដំណឹងល្អ ។ ( ឧទាហរណ៍ខ្លះមាន ព្រះយេស៊ូវគ្រីស្ទ អ័ប៊ីណាដៃ សាសន៍អាន់តៃ-នីហ្វៃ-លីហៃខ្លះ និងយ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ។ ) សូមឲ្យសិស្សពនុ្យល់ពីមូលហេតុដែលពួកគេគិតថា ប្រជាជនមានឆន្ទៈដើម្បីធ្វើការលះបង់បែបនោះ ។ សូមឲ្យសិស្សមានពេលសញ្ជឹងគិតពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើពួកគេស្ថិតនៅក្នុងស្ថានភាពមួយដែលតម្រូវឲ្យពួកគេលះបង់ជីវិតរបស់ពួកគេដើម្បីដំណឹងល្អ ។ សូមពន្យល់ថា ប្រាំឆ្នាំក្រោយពីសាំយូអែលជាសាសន៍លេមិនបានបង្រៀននៅក្នុងដែនដីសារ៉ាហិមឡា ក្រុមសាសន៍នីហ្វៃដ៏ស្មោះត្រង់មួយក្រុមបានប្រឈមមុខនឹងការណ៍នេះ ។
សូមសង្ខេប នីហ្វៃទី 3 1:1–3 ដោយការប្រាប់សិស្សថា កូនប្រុសរបស់ហេលេមិនគឺ នីហ្វៃ បានប្រគល់កំណត់ត្រាដ៏ពិសិដ្ឋដល់កូនប្រុសរបស់លោកដែលជា នីហ្វៃ ហើយបន្ទាប់មកលោកបានចាកចេញពីដែនដីទៅ ។ គ្មាននរណាម្នាក់បានដឹងថាលោកទៅណានោះទេ ។
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី 3 1:4–9 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឧបសគ្គដែលពួកសាសន៍នីហ្វៃស្មោះត្រង់បានជួប ។
-
តើឧបសគ្គអ្វីដែលពួកអ្នកជឿបានជួបប្រទះ ?
-
ហេតុអ្វីបានជាមនុស្សខ្លះអាចតស៊ូដើម្បីនៅតែស្មោះត្រង់នៅក្នុងស្ថានភាពនេះ ?
-
តើអ្នកស្គាល់ នរណាដែលអ្នកជឿថា នឹងនៅបន្ដស្មោះត្រង់នៅក្នុងស្ថានភាពបែបនេះ ? តើអ្នកគិតថា ហេតុអ្វីបានជាប្រជាជនទាំងនោះនឹងនៅបន្ដស្មោះត្រង់ ?
សូមឲ្យសិស្សអាន នីហ្វៃទី 3 1:10–12 ដោយស្ងាត់ៗ សូមរកមើលអ្វីដែលនីហ្វៃបានធ្វើនៅក្នុងពេលដ៏ពិបាកនេះ ។
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីចម្លើយរបស់នីហ្វៃទៅនឹងស្ថានភាពនេះ ? ហេតុអ្វី?
សូមឲ្យសិស្សម្នាក់អាននីហ្វៃទី 3 1:13–14 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់យកចិត្តទុកដាក់ជាពិសេសលើចម្លើយនៃព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់នីហ្វៃ ។
-
តើព្រះអម្ចាស់បានមានបន្ទូលយ៉ាងណាថាទ្រង់នឹង « បង្ហាញដល់មនុស្សលោក » ? ( ចម្លើយរបស់សិស្សគួរបញ្ជាក់ថា ព្រះអម្ចាស់នឹងបំពេញព្រះបន្ទូលដែលទ្រង់បានបណ្ដាលឲ្យព្យាការីរបស់ទ្រង់មានប្រសាសន៍ ) ។
-
នៅពេលព្រះអម្ចាស់បានមានបន្ទូលអំពីការយាងមកក្នុងពិភពលោកនេះ « ដើម្បីធ្វើតាមឆន្ទៈ ទាំងព្រះវរបិតា និងព្រះរាជបុត្រា » នោះទ្រង់សំដៅលើដង្វាយធួនរបស់ទ្រង់ ។ តើសារលិខិតនេះជួយយើងឲ្យ « មានសង្ឃឹមឡើង » ដោយរបៀបណា ?
សូមឲ្យសិស្សអាន នីហ្វៃទី 3 1:4, 14–15, 19–21 ស្ងាត់ៗ ដោយរកមើលឃ្លាដែលបញ្ជាក់ថា ព្រះអម្ចាស់បំពេញតាមពាក្យសម្ដីរបស់ព្យាការីទាំងឡាយ ។
-
តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមអ្នកជឿ នៅពេលដែលទីសម្គាល់បានកើតឡើងនោះ ?
-
តើការដឹងថា ព្រះអម្ចាស់នឹងបំពេញតាមពាក្យសម្ដីរបស់ព្យាការីអាចជួយអ្នក នៅពេលនរណាម្នាក់សើចចំអកនឹងបទដ្ឋានរបស់អ្នក ឬបៀតបៀនអ្នកចំពោះសេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ?
សូមឲ្យសិស្សពីរ ឬបីនាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី 3 1:16–18 ។ សូមឲ្យសិស្សមើលតាម ដោយរកមើលពីរបៀបដែលពួកទុច្ចរិតឆ្លើយតប នៅពេលពួកគេឃើញទីសម្គាល់ដែលត្រូវបានព្យាករណ៍នោះ ។
-
តើពួកទុច្ចរិតបានដឹងពីអ្វីខ្លះ ក្រោយពីទីសម្គាល់ត្រូវបានប្រទាននោះ ?
-
ហេតុអ្វីបានជាអំពើបាប និងការឥតជំនឿនាំទៅរកសេចក្ដីភ័យខ្លាច ?
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 1:22–23 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលសាតាំងបានធ្វើ ដើម្បីបញ្ចុះបញ្ចូលប្រជាជនកុំឲ្យជឿលើទីសម្គាល់លើការប្រសូតរបស់ព្រះអម្ចាស់ ។
-
តើសាតាំងបានធ្វើអ្វីខ្លះ ? ( វាបានកុហកប្រជាជន ) ។ តើការកុហកបែបណាខ្លះ ដែលសាតាំងបាននិយាយនាសព្វថ្ងៃនេះ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនពីប្រតិកម្មរបស់ប្រជាជនចំពោះការកុហករបស់សាតាំង ? ( សូមជួយសិស្សឲ្យរកមើលគោលការណ៍ខាងក្រោម ៖ នៅពេលយើងជួបនឹងការភូតកុហករបស់សាតាំង យើងអាចជ្រើសរើសដើម្បីជឿតាមព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តជឿ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យបានទទួលអារម្មណ៍ពីសេចក្ដីពិត និងពីសារៈសំខាន់នៃគោលការណ៍នេះ សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមរបស់ប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី នៃគណៈប៊ីស្សពជាអធិបតី ។ សូមគិតពីការចែកចាយនូវសំណៅចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្ស ដែលអាចសំគ្នាទៅនឹងព្រះគម្ពីររបស់ពួកគេ ។
« ដោយសារតែវិបត្តិ និងឧបសគ្គដែលយើងជួបប្រទះនៅក្នុងពិភពលោកនាសព្វថ្ងៃនេះ ខ្ញុំសូមណែនាំនូវការជ្រើសរើសមួយ— ជាជម្រើសនៃសេចក្ដីសុខសាន្ដ និងការការពារមួយ ហើយជាជម្រើសដែលសមរម្យសម្រាប់មនុស្សគ្រប់គ្នា ។ ជម្រើសនោះគឺជាសេចក្ដីជំនឿ ។ … សូមជ្រើសយកសេចក្ដីជំនឿឲ្យលើសពីការសង្ស័យ ជ្រើសយកសេចក្ដីជំនឿឲ្យលើសភាពភ័យខ្លាច ជ្រើសយកសេចក្ដីជំនឿឲ្យលើសពីអ្វីដែលមិនដឹង ហើយមើលមិនឃើញ និងជ្រើសយកសេចក្ដីជំនឿឲ្យលើសពីភាពទុទិដ្ឋិនិយម ។ …
« នៅពេលភាពសមហេតុផល មូលហេតុ ឬបញ្ញាផ្ទាល់ខ្លួន ខ្វែងជំទាស់នឹងការបង្រៀន និងគោលទ្ធិដ៏ពិសិដ្ឋ ឬសារលិខិតខុសដែលវាយប្រហារដល់សេចក្ដីជំនឿរបស់អ្នក … សូមជ្រើសរើសកុំបោះចោលគ្រាប់ពូជនោះចេញពីចិត្តរបស់អ្នកដោយការឥតជំនឿឡើយ [ សូមមើល អាលម៉ា 32:28] ។ សូមចងចាំថា យើងនឹងមិនទទួលបានទីបន្ទាល់ឡើយ ទាល់តែសេចក្ដីជំនឿរបស់យើងជួបនឹងការសាកល្បងជាមុនសិន ( សូមមើល អេធើរ 12:6 ) » ( « Faith—the Choice Is Yours » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 31, 32–33 ) ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជ្រើសយកសេចក្ដីជំនឿជាជាងការសង្ស័យ ការភ័យខ្លាច និងទុទិដ្ឋិនិយម ? ( ចម្លើយអាចរួមមាន យើងអាចជ្រើសរើសការអធិស្ឋាន ហើយស្វែងរកជំនួយពីព្រះអម្ចាស់ សិក្សាព្រះគម្ពីរ កាន់តាមព្រះបញ្ញត្តិ ចូលរួមការប្រជុំក្នុងព្រះវិហារ និងបម្រើដល់អ្នកដទៃ ) ។
សូមឲ្យសិស្សអាន នីហ្វៃទី 3 1:24–25 ដោយស្ងៀមស្ងាត់ ហើយរកមើលឧបសគ្គមួយបន្ថែមទៀតដែលអ្នកជឿខ្លះបានជួបប្រទះ ។
-
តើអ្វីទៅដែលមនុស្សមួយចំនួនបានខំប្រឹងប្រែងដើម្បីបញ្ជាក់ពីច្បាប់ម៉ូសេ ?
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ពីចម្លើយរបស់មនុស្សទាំងនេះ នៅពេលពួកគេបានដឹងថា ពួកគេបានធ្វើខុសនោះ ?
សូមសរសេរសំណួរនៅលើក្ដារខៀន ៖ នៅពេលបច្ចាមិត្ត ព្យាយាមធ្វើឲ្យខ្ញុំមានការសង្ស័យ តើខ្ញុំនឹងបន្តរក្សាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់បានដោយរបៀបណា ? សូមឲ្យសិស្សកត់ត្រាសំណួរនេះទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេររបស់ពួកគេ ។ សូមទុកពេលឲ្យពួកគេពីរបីនាទីដើម្បីសរសេរចម្លើយរបស់ពួកគេ ។
នីហ្វៃទី 3 1:27–30
ពួកសាសន៍នីហ្វៃដែលប្រឆាំង និងពួកយុវជនសាសន៍លេមិនខ្លះចូលរួមនឹងពួកចោរកាឌីអានតុន ។
សូមឲ្យសិស្សពីរនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យសិស្សម្នាក់បិទភ្នែក ហើយឈរជើងមួយ ។ សូមពន្យល់ថា សិស្សរូបនេះតំណាងឲ្យនរណាម្នាក់ដែលដឹងអំពីសេចក្ដីពិត ប៉ុន្ដែមិនអនុវត្តសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយមិនខំឧស្សាហ៍ក្នុងការរស់នៅតាមដំណឹងល្អ ។
សូមពន្យល់ថា នៅក្នុងការសម្ដែងនេះ សិស្សទីពីរតំណាងឲ្យឥទ្ធិពលដែលអាចដឹកនាំនរណាម្នាក់ឲ្យឃ្លាតចេញពីសេចក្ដីពិត ។ សូមឲ្យសិស្សទីពីរទាញដៃសិស្សទីមួយថ្មមៗ រហូតដល់សិស្សទីមួយឈរលែងនឹង ឬ បាត់បង់ជំហរ ។ សូមបង្ហាញថា នៅពេលមនុស្សម្នាក់មិនខិតខំរស់នៅតាមដំណឹងល្អទេ នោះភាគច្រើនគេនឹងត្រូវចាញ់បោកដោយការកុហក និងការល្បួងរបស់សាតាំង ។
-
តើសិស្សទីមួយត្រូវធ្វើអ្វីខ្លះដើម្បីឲ្យឈរមានលំនឹង ? ( សិស្សនេះគួរបើកភ្នែករបស់គេ និងឈរលើជើងទាំងពីរ ) ។
សូមណែនាំឲ្យសិស្សទីមួយឲ្យបើកភ្នែករបស់គេ ហើយឈរលើជើងទាំងពីរឲ្យត្រង់ខ្លួន ។ សូមពន្យល់ថា សិស្សរូបនេះឥឡូវតំណាងឲ្យមនុស្សម្នាក់ដែល « រឹងមាំ ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំឿ » ( ហេលេមិន 15:8 ) ។ បន្ទាប់មក សូមឲ្យសិស្សទីពីរទាញដៃសិស្សទីមួយថ្មមៗម្ដងទៀត ។ សូមបង្ហាញថា នៅពេលបុគ្គលម្នាក់ខិតខំសិក្សាដំណឹងល្អ ហើយកាន់តាមព្រះបញ្ញត្តិរបស់ព្រះ គាត់នឹងនៅរឹងមាំទោះបីជានៅពេលមានឧបសគ្គយ៉ាងណាក្ដី ។
សូមឲ្យសិស្សពីរនាក់ត្រឡប់ទៅកាន់កន្លែងអង្គុយវិញ ។ សូមពន្យល់ថា ពីរបីឆ្នាំក្រោយពីទីសម្គាល់នៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ សាតាំងបានបន្ដល្បួងមនុស្សឲ្យសង្ស័យនឹងសេចក្ដីពិតនៃដំណឹងល្អ ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី នីហ្វៃទី 3 1:27–29 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឥទ្ធិពលដែលមនុស្សទុច្ចរិតបានមានលើយុវជនខ្លះនៃសាសន៍លេមិន ។
-
តើមានអ្វីបានកើតឡើងដល់យុវជនខ្លះនៃសាសន៍លេមិន ? ( ពួកគេ « ត្រូវបានដឹកនាំទៅផ្លូវខុសដោយប្រជាជនសូរាំខ្លះ » ហើយពួកគេបានចូលរួមនឹងពួកចោរកាឌីអានតុន ) ។
-
យោងតាម3 នីហ្វៃទី 1:29 តើហេតុអ្វីបានជាយុវជនសាសន៍លេមិនខ្លះបានជឿលើ « ការភូតកុហក » និង « ពាក្យបញ្ជោរ » របស់សាសន៍សូរាំ ? ( ប្រសិនបើសិស្សមិនលើកឡើងអំពីប្រសាសន៍របស់មរមនថា យុវជន « ក្លាយទៅជាមានគំនិតផ្ទាល់ខ្លួន » ទេ សូមបង្ហាញវាដល់សិស្ស ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាចំពោះឃ្លា « ក្លាយជាទៅមានគំនិតផ្ទាល់ខ្លួន » ?
នៅពេលសិស្សពិភាក្សាពីសំណួរនេះ សូមអានអ្វីដែលស៊ិស្ទើរ ខាតលីន អេច. ហ៊ូហ្គ ជាសមាជិកនៃគណៈប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាសន៍អំពីឃ្លានេះ ៖
« វាបញ្ជាក់អត្ថន័យចំពោះខ្ញុំថា ពួកគេមើលឃើញខ្លួនឯងមុនគេ ហើយមិនធ្វើតាមបំណងដែលព្យាការីបានព្រមានពួកគេឲ្យចៀសវាង ។ ពួកគេចុះចាញ់តាមការល្បួង ការទាក់ទាញដ៏ខ្លាំងរបស់សាតាំង » ( « Grow Up unto the Lord » Ensign, ខែ កុម្ភៈ ឆ្នាំ 2010, ទំព័រ 18 ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 1:30 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឥទ្ធិពលនៃ « ជំនាន់ដែលកំពុងពេញវ័យ » ( យុវជន ) ទៅលើអ្នកដទៃ ។
-
តើឥទ្ធិពលអ្វីខ្លះដែលជំនាន់ដែលកំពុងពេញវ័យបានមានចំពោះសេចក្ដីជំនឿនៃអ្នកនៅជុំវិញខ្លួនគេ ?
ដើម្បីជួយសិស្សឲ្យភ្ជាប់ដំណើររឿងនេះទៅនឹងស្ថានភាពនាសម័យទំនើបនេះ សូមសួរសំណួរខាងក្រោម ៖
-
តើ« ការភូតកុហក » និង « ពាក្យបញ្ជោរ » ណាខ្លះដែលអាចទាក់ទាញយុវវ័យសព្វថ្ងៃនេះឲ្យមានទំនាក់ទំនងនឹងក្រុមដែលទុច្ចរិត ?
-
តើនៅពេលណាដែលអ្នកឃើញយុវវ័យមានឥទ្ធិពលអវិជ្ជមានចំពោះសេចក្ដីជំនឿរបស់អ្នកដទៃ ?
សូមឲ្យសិស្សរៀបរាប់ពីគោលការណ៍មួយដោយសង្ខេបពីអ្វីដែលយើងអាចរៀនពី នីហ្វៃទី 3 1:29–30 ។ ពួកគេអាចប្រើពាក្យខុសគ្នាដើម្បីប្រាប់ពីចម្លើយរបស់គេ ប៉ុន្ដែសូមប្រាកដថា ពួកគេរកឃើញនូវសេចក្ដីពិតខាងក្រោម ៖ ប្រសិនបើយើងធ្លាក់ទៅក្នុងការល្បួង គំរូរបស់យើងអាចមានឥទ្ធិពលអវិជ្ជមានចំពោះសេចក្ដីជំនឿ និងភាពសុចរិតរបស់អ្នកដទៃបាន ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមបង្ហាញថា ទោះបីជាយុវជនដែលបានលើកឡើងនៅក្នុង នីហ្វៃទី 3 1:30 បានមានឥទ្ធិពលអវិជ្ជមានចំពោះសេចក្ដីជំនឿរបស់អ្នកដទៃក្ដី ក៏យុវជនទាំងនោះអាចមានឥទ្ធិពលសុចរិតទៅដល់អ្នកនៅជុំវិញគេដែរ ។ សូមឲ្យសិស្សម្នាក់ឡើងមកកាន់ក្ដារខៀន ហើយធ្វើជាអ្នកកត់ត្រាសម្រាប់ថ្នាក់រៀន ។ សូមឲ្យអ្នកកត់ត្រាសរសេរចម្លើយរបស់សិស្សចំពោះសំណួរខាងក្រោម ៖
-
តើរបៀបណាខ្លះដែលអ្នកអាចមានឥទ្ធិពលវិជ្ជមានចំពោះសេចក្ដីជំនឿនៃគ្រួសាររបស់អ្នក វួដឬសាខា និងសហគមន៍របស់អ្នក ?
សូមលើកទឹកចិត្តសិស្សឲ្យជ្រើសរើសគំនិតមួយ ឬពីរនៅលើក្ដារខៀនដែលពួកគេនឹងធ្វើតាមភ្លាមៗ ។ សូមប្រាកដថា ពួកគេអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកដទៃតាមរយៈអំណាចនៃគំរូដ៏សុចរិត ។