មេរៀនទី 132
នីហ្វៃទី 3 24–26
សេចក្តីផ្ដើម
ព្រះយេស៊ូវគ្រីស្ទបានបំពេញព្រះបញ្ញត្តិមួយមកពីព្រះវរបិតាសួគ៌ដើម្បីចែកចាយជាមួយនឹងពួកសាសន៍នីហ្វៃពីការព្យាករណ៍ខ្លះរបស់ព្យាការីម៉ាឡាគី ( សូមមើល នីហ្វៃទី 326:2 ) ។ ការព្យាករណ៍ទាំងនេះបានបង្រៀនថា សមាជិកនៃវង្សអ៊ីស្រាអែលត្រូវតែប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវគ្រីស្ទក៏បានដាស់តឿនដល់ពួកសាសន៍នីហ្វៃអំពី « ការណ៍ទាំងអស់ តាំងពីដំបូងរហូតដល់ពេលដែលទ្រង់នឹងយាងមកក្នុងសិរីល្អរបស់ទ្រង់ » ( នីហ្វៃទី 3 26:3 ) ។ មរមនបានបង្រៀនថា អ្នកទាំងឡាយណាដែលជឿលើព្រះគម្ពីរមរមននឹងមានការណ៍ដែលធំលើសលប់ទៀតនឹងត្រូវបានសម្ដែងដល់ពួកគេ ( សូមមើល នីហ្វៃទី 3 26:9 ) ។
យោបល់ទំាងឡាយសម្រាប់ការបង្រៀន
នីហ្វៃទី 3 24:1–6
ព្រះយេស៊ូវគ្រីស្ទដកស្រង់ការព្យាករណ៍របស់ម៉ាឡាគីទាក់ទងនឹងការយាងមកជាលើកទីពីរ
សូមចាប់ផ្ដើមដោយការលើកឈើគូសមួយ និងសាប៊ូមួយដុំ ( ឬ សូមគូសនៅលើក្ដារខៀននូវរូបភាពភ្លើង ឬសាប៊ូ ) ។ សូមសួរសិស្សថាតើភ្លើង និងសាប៊ូមានអ្វីដូចគ្នា ។ ( ទាំងសាប៊ូ និងភ្លើងអាចត្រូវប្រើដើម្បីសម្អាត ឬបន្សុទ្ធអ្វីមួយ ) ។
សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានបំពេញតាមព្រះបញ្ញត្តិមួយមកពីព្រះវរបិតា ( សូមមើល នីហ្វៃទី 3 26:2 ) ដើម្បីឲ្យសាសន៍នីហ្វៃនូវការព្យាករណ៍ខ្លះពីម៉ាឡាគី ជាព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានរស់នៅក្នុងដែនដីដ៏បរិសុទ្ធប្រហែល 170 ឆ្នាំ ក្រោយពីលីហៃ និងគ្រួសាររបស់លោកបានចាកចេញពីទីក្រុងយេរូសាឡិម ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 24:1–3 ដោយស្ងៀមស្ងាត់ ដោយរកមើលនរណាដែលម៉ាឡាគីបានប្រៀបធៀបទៅនឹង « ភ្លើងរបស់ជាងសំរង » និង « ក្បុងរបស់ជាងប្រមោក » ។
-
តើនរណាទៅដែលត្រូវបានប្រៀបធៀបទៅនឹងភ្លើងរបស់ជាងសំរង និងក្បុងរបស់ជាងប្រមោក ? ( ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើហេតុការណ៍អ្វីត្រូវបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះ ? ( « ថ្ងៃនៃការយាងមករបស់ទ្រង់ » ។ និយាយម្យ៉ាងទៀតថា ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកគួរណែនាំឲ្យពួកគេគួរអានក្បាលជំពូកសង្ខេបត្រួសៗ ឬលេខយោង ) ។
-
តើការប្រៀបធៀបព្រះយេស៊ូវគ្រីស្ទទៅនឹងភ្លើង និងក្បុងបានប្រាប់ថានឹងមានអ្វីខ្លះកើតឡើងនៅពេលនៃការយាងមកជាលើកទីពីររបស់ទ្រង់ ? ( សិស្សអាចប្រើពាក្យខុសៗគ្នាប៉ុន្តែពួកគេគួររកឃើញនូវសេចក្ដីពិតដូចតទៅនេះ ៖ នៅពេលនៃការយាងមកជាលើកទីពីរ ព្រះយេស៊ូវគ្រីស្ទនឹងបន្សុទ្ធពិភពលោក ។ អ្នកអាចសុំឲ្យសិស្សសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់គេក្បែរ នីហ្វៃទី 3 24:2–3 ) ។
សូមពន្យល់ថា ជាងសំរងប្រើភ្លើងដើម្បីកំដៅដែក ដូចជាប្រាក់ ឬមាសរហូតដល់វារលាយ ។ ដំណើរការដុតធ្វើឲ្យស្នឹម ឬអ្វីមិនសុទ្ធ លេចឡើងមកលើផ្ទៃរាវនៃលោហធាតុ ដែលជាងសំរងអាចយកវាចេញ ហេតុដូច្នេះហើយអាចយកលោហធាតុចេញពីភាពមិនសុទ្ធរបស់វា ។ ជាងប្រមោកគឺជាអ្នកដែលសម្អាត ឬធ្វើឲ្យក្រណាត់ស្អាតដោយប្រើសាប៊ូ ។ អ្នកក៏អាចពន្យល់ថា « កូនប្រុសរបស់លេវី » គឺជាអ្នកកាន់បព្វជិតភាពនៅក្នុងប្រទេសអ៊ីស្រាអែលពីបុរាណ ។ សព្វថ្ងៃនេះ ឃ្លានេះអាចសំដៅលើអ្នកកាន់បព្វជិតភាពនាសម័យទំនើប ( សូមមើល គ. និង ស. 84:33–34 ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 24:5–6 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្នកដែលនឹងវិនាស ឬបំផ្លាញ នៅការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងអ្នកដែលនឹងមិនត្រូវវិនាស ។ ( អ្នកអាចពន្យល់ថាឃ្លា « កូនប្រុសនៃយ៉ាកុប » សំដៅលើរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់នៅក្នុងវង្សអ៊ីស្រាអែល ) ។
-
យោងតាម នីហ្វៃទី 3 24:5 តើព្រះយេស៊ូវគ្រីស្ទនឹងធ្វើអ្វីនៅការយាងមកជាលើកទីពីររបស់ទ្រង់ ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះយេស៊ូវគ្រីស្ទនឹងបំផ្លាញពួកទុច្ចរិតនៅពេលនៃការយាងមកជាលើកទីពីររបស់ទ្រង់ ) ។
នីហ្វៃទី 3 24:7–18
ព្រះយេស៊ូវគ្រីស្ទដកស្រង់ការបង្រៀនរបស់ម៉ាឡាគីទាក់ទងនឹងរបៀបដែលវង្សអ៊ីស្រាអែលអាចត្រឡប់មកកាន់ព្រះអម្ចាស់វិញ
សូមឲ្យសិស្សស្រមៃថា ពួកគេមានមិត្ត ឬសមាជិកគ្រួសារដ៏ជិតស្និទ្ធម្នាក់ដែលកំពុងខិតខំទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ និងព្រះចេស្ដារបស់ព្រះអម្ចាស់ ហើយបន្ដមានទីបន្ទាល់អំពីដំណឹងល្អមួយ ។
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីជួយដល់បុគ្គលនេះ ?
សូមឲ្យសិស្សអាន នីហ្វៃទី 3 24:7 ដោយស្ងៀមស្ងាត់ ហើយសុំឲ្យពួកគេរកមើលការណែនាំរបស់ព្រះអម្ចាស់ចំពោះអស់អ្នកណាដែលបានចាប់ផ្ដើមដកថយពីទ្រង់ និងពីការកាន់តាមសេចក្ដីសញ្ញារបស់គេជាមួយនឹងទ្រង់ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលប្រជាជន « បានបោះបង់ចោល » ពិធីបរិសុទ្ធរបស់ព្រះអម្ចាស់ ? ( ពួកគេលែងកាន់តាមសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃដំណឹងល្អទៀត ) ។
-
តើសេចក្ដីសន្យាអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានដល់អស់អ្នកណាដែលមិនកាន់តាមសេចក្ដីសញ្ញារបស់គេ ? ( « វិលមកឯយើងវិញចុះ ហើយយើងនឹងវិលទៅអ្នក » ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « វិល » ទៅរកព្រះអម្ចាស់វិញ ? តើអ្នកគិតថា វាមានន័យយ៉ាងណាដែលព្រះអម្ចាស់នឹង « វិលទៅ » អ្នកដែលវិលមករកទ្រង់នោះ ?
សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្តារខៀន៖ ប្រសិនបើយើងវិលទៅរកព្រះអម្ចាស់ ទ្រង់នឹងវិលមករកយើង ។
-
តើគោលការណ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
នៅលើក្ដារខៀន សូមសរសេរ វិលទៅព្រះអម្ចាស់ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 24:8–12 ដោយស្ងៀមស្ងាត់ ដោយរកមើលរបៀបមួយដែលព្រះអម្ចាស់បានបង្ហាញប្រជាជនថាពួកគេអាចវិលទៅរកទ្រង់វិញ ។ នៅពេលសិស្សឆ្លើយ សូមសរសេរ បង់ដង្វាយមួយភាគដប់ និងដង្វាយផ្សេងទៀត នៅក្រោម វិលទៅរកព្រះអម្ចាស់ ។
-
តើឆន្ទៈដើម្បីបង់ដង្វាយមួយភាគក្នុងដប់ជាការបង្ហាញថា មនុស្សម្នាក់បានដាក់សេចក្ដីស្រឡាញ់ និងការថ្នាក់ថ្នមរបស់គេលើព្រះអម្ចាស់ដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖
« យើង អាច បង់ដង្វាយមួយភាគក្នុងដប់របស់យើង ។ នេះមិនមែនជាបញ្ហាច្រើនលើប្រាក់កាស ដូចដែលវាជាបញ្ហានៃសេចក្ដីជំនឿនោះឡើយ » ( « Let Us Move This Work Forward » Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 85 ) ។
-
តើឆន្ទៈរបស់យើងក្នុងការបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងទៀតជាការបង្ហាញមួយនៃសេចក្ដីជំនឿរបស់យើងទៅលើព្រះអម្ចាស់ដោយរបៀបណា ?
សូមឲ្យសិស្សមានពេលរំឭក នីហ្វៃទី 3 24:10–12 ដោយស្ងៀមស្ងាត់ ។ សូមឲ្យពួកគេរកមើលសេចក្ដីសន្យាដែលព្រះអម្ចាស់បានធ្វើដល់អស់អ្នកណាដែលបង់ដង្វាយមួយភាគក្នុងដប់ពេញលេញ និងដោយស្មោះត្រង់ ។
-
តើអ្នកត្រូវបានប្រទានពរជាលទ្ធផលនៃការបង់ដង្វាយមួយភាគក្នុងដប់យ៉ាងដូចម្ដេច ? តើឧទាហរណ៍ទាំងនេះនៃ « បង្អួចស្ថានសួគ៌ » ត្រូវបានបើកដល់អ្នកតាមរបៀបណា ?
សូមសង្ខេប នីហ្វៃទី 3 24:13–18 ដោយពន្យល់ថា នៅក្នុងខគម្ពីរទាំងនេះព្រះអម្ចាស់បានបង្ហាញថា មានអ្នកខ្លះនៅក្នុងប្រទេសអ៊ីស្រាអែលពីបុរាណបានសួរអំពីតម្រូវការដើម្បីកាន់តាមពិធីបរិសុទ្ធនៃដំណឹងល្អ ។ ពួកគេបានរអ៊ូរទាំថា ពួកមានអំណួត និងពួកទុច្ចរិតហាក់ដូចជារីកចម្រើន ទោះបីជាពួកគេធ្វើមិនសុចរិតក្ដី ។ នៅក្នុង នីហ្វៃទី 3 24:16 ព្រះអម្ចាស់បានឆ្លើយតបថា « សៀវភៅរំឭក » បានកត់ត្រាពីឈ្មោះនៃអ្នកស្មោះត្រង់ដែលនឹងត្រូវបានកត់ត្រា ( សូមមើល គ. និង ស. 85:7–9, 128:6–7, ម៉ូសេ 6:5–8 ) ។ បន្ទាប់មក ព្រះអម្ចាស់បានបង្ហាញថា នៅពេលទ្រង់យាងមកម្ដងទៀត ទ្រង់នឹងរក្សាទុកពួកអ្នកជឿ ហើយទុកពួកគេជាទ្រព្យមួយសម្រាប់អង្គទ្រង់ ឬ « ប្រណិតគ្រឿងអលង្ការ [ របស់ទ្រង់ ] » ។
-
តើវាជាពរជ័យមួយដោយរបៀបណា ពេលដែលដឹងថា ព្រះអម្ចាស់នឹងរក្សាពួកអ្នកស្មោះត្រង់ ហើយធ្វើឲ្យពួកគេជាទ្រព្យរបស់ទ្រង់នោះ ?
-
នៅក្នុង នីហ្វៃទី 3 24:16 តើឃ្លាមួយណារៀបរាប់ពីអ្នកដែលព្រះអម្ចាស់នឹងរក្សាជាទ្រព្យរបស់ទ្រង់ ? ( « ពួកគេដែលកោតខ្លាចដល់ទ្រង់ » និង ពួកអ្នក « ដែលនឹកដល់ព្រះនាមទ្រង់ » ) ។
សូមសរសេរ កោតខ្លាចដល់ទ្រង់ និង នឹកដល់ព្រះនាមរបស់ព្រះអម្ចាស់ នៅក្រោម វិលទៅរកព្រះអម្ចាស់ ។ ( អ្នកអាចពន្យល់ថា នៅក្នុងបរិបទនេះពាក្យ កោតខ្លាច មានន័យថាការគោរព ឬការស្ដាប់តាម ) ។ សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ៖
-
សូមគិតពីរបៀបដែលអ្នកកំពុងធ្វើនៅក្នុងផ្នែកនៃការបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងទៀត និងការនឹកដល់ព្រះគ្រីស្ទជាញឹកញាប់ ។ តើអ្នកអាច « វិល » ទៅរកទ្រង់ ឬពង្រឹងផ្នែកនេះតាមរបៀបណាខ្លះ ?
នីហ្វៃទី 3 ជំពូក 25
ព្រះយេស៊ូវគ្រីស្ទដកស្រង់ការព្យាករណ៍របស់ម៉ាឡាគីថា អេលីយ៉ានឹងត្រឡប់មកវិញពីមុនការយាងមកជាលើកទីពីរ
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 25:1–3 ឮៗ ។ សូមឲ្យសិស្សមើលតាម ដោយរកមើលមូលហេតុមួយដែលការយាងមកជាលើកទីពីរនឹងក្លាយជាពរជ័យមួយចំពោះអស់ទាំងឡាយណាដែលស្មោះត្រង់នឹងព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចពន្យល់ថានៅក្នុង នីហ្វៃទី 3 25:1 ពាក្យ ឫស ហាក់សំដៅលើបុព្វបុរស ហើយពាក្យ មែក សំដៅលើកូនចៅ ។ ហេតុដូច្នេះហើយ នៅក្នុងជីវិតក្រោយ ពួកទុច្ចរិតនឹងមិនរីករាយនឹងពរជ័យនៃការត្រូវបានផ្សារភ្ជាប់ទៅនឹងបុព្វបុរស និងកូនចៅរបស់គេទេ ។ នៅក្នុង នីហ្វៃទី 3 25:2 ឃ្លា « កូនគោនៅក្នុងក្រោល » សំដៅលើកូនគោដែលមានសុវត្ថិភាព មានចំណីគ្រប់គ្រាន់ និងត្រូវបានគេយកចិត្តទុកដាក់ ។ ព្រះអម្ចាស់សន្យាថា ទ្រង់នឹងការពារ និងថែរក្សាដល់អ្នកដែល « កោតខ្លាចដល់ព្រះនាមទ្រង់ » ដូចគ្នា ។
សូមពន្យល់ថា ម៉ាឡាគីបានព្យាករណ៍អំពីហេតុការណ៍មួយដែលនឹងកើតឡើងមុនពេលនៃការយាងមកជាលើកទីពីរ ហើយដែលទាក់ទងនឹងព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់គឺ អេលីយ៉ា ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 25:5–6 ឮៗ ហើយសូមឲ្យសិស្សផ្សេងទៀតរកមើលអ្វីដែលលោកអេលីយ៉ា បានធ្វើដើម្បីជួយរៀបចំពិភពលោកសម្រាប់ការយាងមករបស់ព្រះអម្ចាស់ ។
សូមសួរសិស្សថា តើពួកគេដឹងអ្វីខ្លះអំពីការវិលមកកាន់ផែនដីវិញរបស់អេលីយ៉ា ជាផ្នែកនៃការស្តារឡើងវិញនៃដំណឹងល្អ ។ អ្នកអាចបន្ថែមចម្លើយរបស់គេដោយពន្យល់ថា នៅថ្ងៃទី 3 ខែ មេសា ឆ្នាំ 1836 លោកអេលីយ៉ាបានលេចមកឯ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ដែលទើបតែឧទ្ទិសថ្មីៗ ( សូមមើល គ. និង ស. 110:13–16 ) ។ នៅពេលនោះ លោកអេលីយ៉ាបានស្ដារឡើងវិញនូវកូនសោនៃបព្វជិតភាពទាំងឡាយដែលចាំបាច់ដើម្បីផ្សារភ្ជាប់គ្រួសារដ៏អស់កល្បនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ។ តាមរយៈការស្រាវជ្រាវពង្សប្រវត្តិ យើងរកឃើញសមាជិកគ្រួសារសម្រាប់ពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធអាចត្រូវបានធ្វើឡើង ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលអេលីយ៉ានឹង « បង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក » ?
-
តើវាជាពរជ័យសម្រាប់អ្នកដោយរបៀបណា ដើម្បីដឹងថា អ្នកអាចត្រូវបានផ្សារភ្ជាប់នឹងគ្រួសាររបស់អ្នកដ៏អស់កល្បជានិច្ចនោះ ?
សូមថ្លែងទីបន្ទាល់ថា នៅពេលចិត្តរបស់យើងបែរទៅរកឪពុករបស់យើង តាមរយៈពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ យើងកំពុងជួយរៀបចំផែនដីសម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។
នីហ្វៃទី 3 26:1–12
ព្រះយេស៊ូវគ្រីស្ទបរិយាយអំពីព្រះគម្ពីរ ហើយលោកមរមនបង្រៀនពីអ្វីដែលត្រូវធ្វើ ដើម្បីទទួលបានអ្វីដ៏អស្ចារ្យដែលព្រះអង្គសង្គ្រោះបានបង្ហាញ
សូមសង្ខេប នីហ្វៃទី 3 26:1–5 ដោយការពន្យល់ថា ក្រោយពីព្រះអង្គសង្គ្រោះបានចែកចាយការព្យាករណ៍របស់ម៉ាឡាគីហើយ ទ្រង់បានបង្រៀនប្រជាជនពី « ការណ៍ទាំងអស់ដែលកើតឡើងនៅលើផ្ទៃផែនដីនេះ » ពីការបង្កើតទៅដល់ការជំនុំជំរះចុងក្រោយ ( នីហ្វៃទី 3 26:3–4 ) ។
សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 26:6–8 ឮៗ ហើយសូមឲ្យសិស្សផ្សេងទៀតរកមើលពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀន ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ។ បន្ទាប់មក សូមឲ្យសិស្សអាន នីហ្វៃទី 3 26:9–11 ដោយស្ងៀមស្ងាត់ ដោយរកមើលមូលហេតុដែល មរមន មិនបានបញ្ចូលនៅក្នុងការសង្ខេបរបស់លោកពីអ្វីៗដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសាសន៍នីហ្វៃ ។ សូមបញ្ជាក់ថាពាក្យ ជឿ នៅក្នុងខគម្ពីរទាំងនេះបង្ហាញន័យថា យើងត្រូវធ្វើសកម្មភាពលើគោលលទ្ធិ និងគោលការណ៍នានាដែលព្រះបានបង្ហាញ ហើយមិនគ្រាន់តែសង្ឃឹមថា វាពិតនោះទេ ។
-
យោងតាម នីហ្វៃទី 3 26:9 តើព្រះអម្ចាស់សន្យាអ្វីខ្លះដល់អ្នកណាដែលជឿ ហើយធ្វើសកម្មភាពលើអ្វីដែលទ្រង់បានបង្ហាញនោះ ? ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់ថា នៅពេលយើងជឿ ហើយធ្វើសកម្មភាពលើអ្វីដែលព្រះបានបង្ហាញ នោះយើងរៀបចំខ្លួនយើងដើម្បីទទួលបានវិវរណៈដ៏អស្ចារ្យ ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាចាំបាច់ថាយើងត្រូវជឿលើសេចក្ដីពិត ដែលយើងបានទទួលរួចហើយ ពីមុនពេលយើងអាចទទួលបានសេចក្ដីពិតបន្ថែមទៀត ?
-
តើយើងអាចបង្ហាញថា យើងជឿលើអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងតាមរបៀបណា ?
សូមសន្យានឹងសិស្សថា នៅពេលពួកគេសិក្សាប្រកបដោយសេចក្ដីជំនឿ និងអនុវត្តតាមគោលការណ៍នានានៅក្នុងព្រះគម្ពីរមរមន នោះពួកគេនឹងទទួលបានការយល់បន្ថែមទៀតពីដំណឹងល្អ ។ សូមជួយសិស្សឲ្យសញ្ជឹងគិតពីសេចក្ដីពិតដែលពួកគេទទួលបាននៅក្នុងព្រះគម្ពីរមរមន ដោយការសុំឲ្យពួកគេឆ្លើយតបនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរ ( អ្នកអាច សរសេរសំណួរទាំងនេះនៅលើក្ដារខៀន ) ៖
-
តើអ្នកកំពុងធ្វើអ្វីនៅក្នុងជីវិតរបស់អ្នកដែលបង្ហាញពីជំនឿរបស់អ្នកលើព្រះគម្ពីរមរមន ?
-
តើនៅពេលណាដែលការអានព្រះគម្ពីរមរមនដោយបំណងពិតបានដឹកនាំអ្នកឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន ?
នីហ្វៃទី 3 26:13–21
ព្រះអង្គសង្គ្រោះបញ្ចប់ការបម្រើនៅលើផែនដីរបស់ទ្រង់ក្នុងចំណោមពួកសាសន៍នីហ្វៃ ហើយពួកសាវករបស់ទ្រង់ធ្វើតាមគំរូរបស់ទ្រង់នៅក្នុងការបម្រើរបស់ពួកលោក
សូមពន្យល់ថានៅក្នុង នីហ្វៃទី 3 26 មរមនបានសង្ខេបការបម្រើរបស់ព្រះអង្គសង្គ្រោះទាំងអស់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ។ សូមឲ្យសិស្សអាន នីហ្វៃទី 3 26:13–16 ដោយស្ងាត់ស្ងៀម ។ អ្នកអាចណែនាំថា ពួកគេគួរគូសចំណាំរឿងខ្លះដែលព្រះអង្គសង្គ្រោះបានធ្វើ ដែលមរមនបានជ្រើសរើសដើម្បីគូសបញ្ជាក់ ។
ប្រសិនបើមានពេល សូមឲ្យសិស្សរំឭក ហើយសញ្ជឹងគិតពីកំណត់ចំណាំរបស់គេ និងការគូសចំណាំព្រះគម្ពីរពីការសិក្សារបស់គេក្នុង នីហ្វៃទី 3 11–25 ។ សូមលើកទឹកចិត្តគេឲ្យរកមើលការបង្រៀន និងហេតុការណ៍នានាពីការបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកសាសន៍នីហ្វៃដែលសំខាន់ ឬដែលគួរពួកគេចងចាំ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយគំនិត និងអារម្មណ៍របស់គេអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកសាសន៍នីហ្វៃ ។