មេរៀនទី 152
មរ៉ូណៃ 1–3
សេចក្តីផ្ដើម
ក្រោយពីបញ្ចប់ការសង្ខេបរបស់លោកពីផ្ទាំងមាសអេធើរហើយ លោកមរ៉ូណៃបានគិតថា លោកនឹងមិនសរសេរអ្វីទៀតឡើយ ។ ទោះជាយ៉ាងណាក្ដី លោកត្រូវបានបំផុសឲ្យ « សរសេរនូវការណ៍ខ្លះទៀតដែលប្រហែលជាអាចមានប្រយោជន៍ដល់ពួកបងប្អូន [ របស់លោក ] គឺពួកសាសន៍លេមិន នៅថ្ងៃណាមួយក្នុងអនាគត ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់ » ( មរ៉ូណៃ 1:4 ) ។ ពាក្យសម្ដីរបស់លោកបញ្ជាក់ពីភាពស្មោះត្រង់របស់លោកចំពោះព្រះយេស៊ូវគ្រីស្ទ ហើយពួកគេក៏បង្ហាញពីពិធីបរិសុទ្ធនៃដំណឹងល្អដ៏សំខាន់ៗផងដែរ ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 1
លោកមរ៉ូណៃដើររកសុវត្ថិភាពដល់ជីវិតរបស់លោក ហើយបន្ដការសរសេររបស់លោក
សូមឲ្យសិស្សម្នាក់អានរឿងខាងក្រោមនេះឮៗ ដែលបានដំណាលដោយយុវនារីម្នាក់ ដែលបានក្រោកឈរឡើងការពារដល់សេចក្ដីជំនឿរបស់នាងនៅឯសាលារៀន ៖
« គ្រូបង្រៀនខ្ញុំឈរនៅឯក្ដារខៀនប្រាប់ពីឈុតរឿងមួយដែលយើងកំពុងមើល ។ … គ្រូបង្រៀនខ្ញុំ …បានពន្យល់ដោយសោះកក្រោះថា … រឿងនេះត្រូវបានចាត់ទុកថាជារឿងសម្រាប់មនុស្សពេញវ័យ ។ ខ្ញុំបានស្រឡាំងកាំង ។… ខ្ញុំមិនធ្លាប់គិតទេថា រឿងនេះនឹងកើតឡើង ។
« ខ្ញុំបានអង្គុយនៅ កៅអីរបស់ខ្ញុំ ដោយគិតអំពីអ្វីដែលខ្ញុំគួរធ្វើ ។ គំនិតមួយបានលេចមកក្នុងអារម្មណ៍របស់ខ្ញុំថា ៖ យើងត្រូវបានសុំកុំឲ្យមើលរឿងដែលមិនល្អ ។ ខ្ញុំបានព្យាយាមដោះសារថា ដោយសារខ្ញុំនៅរៀនក្នុងសាលា ដូច្នេះរឿងដែលយើងនឹងមើលគឺជារឿងដែលសមរម្យ ។ ប៉ុន្ដែគំនិតថាមិនត្រូវមើលរឿងមិនល្អ បានយកឈ្នះលើការដោះសាររបស់ខ្ញុំ ។
« ខ្ញុំបានលើកដៃដោយស្ងាត់ស្ងៀម ហើយដោយឈរនៅពីមុខថ្នាក់ទាំងមូល ខ្ញុំត្រូវបានឲ្យអង្គុយនៅក្រៅថ្នាក់ ខណៈពេលដែលរឿងបានចាប់ផ្ដើមលេង ។ ខ្ញុំមានអារម្មណ៍ថា ភ្នែកគ្រប់គ្នាបានមើលមកខ្ញុំ នៅពេលខ្ញុំបានរុញកៅអីខ្ញុំចេញ ហើយប្រមូលយកសៀវភៅរបស់ខ្ញុំ ។ ខ្ញុំបានឃើញទឹកមុខរបស់ពួកគេ ពួកគេពិតជាមិនយល់វានោះទេ ។
« ខណៈពេលដែលអង្គុយនៅខាងក្រៅ ខ្ញុំមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ។ ខ្ញុំបានដឹងថា ខ្ញុំបានធ្វើរឿងដែលត្រឹមត្រូវ មិនថាមិត្តភក្ដិ ឬគ្រូរបស់ខ្ញុំនិយាយអ្វីនោះទេ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានរឹងមាំជាងមុនទៀតផង ។ ខ្ញុំបានដឹងថា ខ្ញុំមិនត្រូវមើលរឿងដែលមិនសមរម្យ ដោយសារតែគ្រូរបស់ខ្ញុំបានបង្ហាញវាដល់យើងនោះទេ ។
« … ខ្ញុំជឿថា នៅពេលយើងប្រឈមនឹងគ្រាលំបាក ហើយយើងឈរប្រឆាំងនឹងវា នោះយើងត្រូវបានធ្វើឲ្យរឹងមាំជាង កាលដែលយើងអង្គុយចុះ ហើយអនុញ្ញាតឲ្យវាកើតឡើង ។
« នេះគឺជាភាពរឹងមាំខាងក្នុងមួយ ដែលមានឡើងតាមរយៈព្រះអង្គសង្គ្រោះរបស់យើង ។ ប្រសិនបើយើងមើលទៅរកទ្រង់នៅក្នុងគ្រាលំបាករបស់យើង នោះយើងនឹងត្រូវបានធ្វើឲ្យរឹងមាំឡើង ។ សេចក្ដីជំនឿរបស់យើងទៅលើទ្រង់អាចជួយយើងឲ្យប្រឈមមុខនឹងឧបសគ្គបាន » ( Catherine Hall «Standing Up, Standing Out» New Era ខែ កុម្ភៈ ឆ្នាំ 2012 ទំព័រ 11 ) ។
សូមឲ្យសិស្សអាន មរ៉ូណៃ 1:1–3 ដោយស្ងាត់ស្ងៀមដោយរកមើលរបៀបដែលលោកមរ៉ូណៃបានឈរតែម្នាក់ឯងនៅក្នុងសេចក្ដីជំនឿរបស់លោក ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមពិចារណាពីការសួរសំណួរខាងក្រោមនេះ ៖
-
តើការ « មិនបដិសេធនឹងព្រះគ្រីស្ទ » មានន័យយ៉ាងណាចំពោះអ្នក ?
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ នៅពេលស្ថិតនៅគ្រាលំបាក ?
សូមពន្យល់ថា ទោះបីជាគំរូរបស់លោកមរ៉ូណៃ និងយុវនារីនៅក្នុងរឿងនោះគឺជាគំរូដ៏អស្ចារ្យក្នុងការមិនបដិសេធព្រះយេស៊ូវគ្រីស្ទក្ដី ក៏យើងម្នាក់ៗអាចធ្វើឲ្យការសម្រេចចិត្តតូចតាចរាល់ថ្ងៃដែលបង្ហាញពីសេចក្ដីជំនឿ ការគោរពតាម និងបំណងមិនបដិសេធព្រះគ្រីស្ទដូចគ្នា » ។
-
តើមានរបៀបណាខ្លះ ដែលអ្នកអាចធ្វើតាមគំរូរបស់លោកមរ៉ូណៃ ? ( សិស្សអាចនិយាយថា ពួកគេអាចត្រូវទទួលភាពខ្មាស់អៀនពីដំណឹងល្អ និងបទដ្ឋានរបស់វា ពីការគោរពតាមព្រះបញ្ញតិ្តទាំងឡាយ ការធ្វើជាគំរូដ៏សុចរិត និងការបន្ដរឹងមាំនៅក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ទោះបីជានៅពេលអ្នកដទៃមិនបានធ្វើដូច្នោះក្ដី )។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 1:4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលមូលហេតុដែលលោកមរ៉ូណៃបានជ្រើសរើសដើម្បីបន្ដសរសេរ ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញហើយ សូមបង្ហាញថា លោកមរ៉ូណៃបានសរសេរដើម្បីប្រយោជន៍ដល់កូនចៅរបស់អ្នកដែលបានចង់សម្លាប់លោក ។
-
តើយើងអាចរៀនអ្វីខ្លះពីបំណងរបស់លោកមរ៉ូណៃក្នុងការជួយដល់ពួកសាសន៍លេមិន ? ( យើងអាចបង្ហាញពីការប្តេជ្ញាចិត្តធ្វើតាមព្រះយេស៊ូវព្រះគ្រីស្ទរបស់យើង ដោយការជ្រើសរើសដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដល់សត្រូវរបស់យើង ) ។
សូមពន្យល់ថា ការប្ដេជ្ញាចិត្តចំពោះព្រះយេស៊ូវគ្រីស្ទរបស់លោកមរ៉ូណៃ បានដឹកនាំលោកឲ្យសរសេរអំពីចំណុចគន្លឹះខ្លះៗរបស់សាសនាចក្រ ដែលលោកមានអារម្មណ៍ថា « មានប្រយោជន៍ » ( មរ៉ូណៃ 1:4 ) ។ សូមឲ្យសិស្សគិតពិចារណាអំពីរបៀបដែល មរ៉ូណៃ 2–3 អាចមានប្រយោជន៍ដល់ពួកគេ នៅពេលពួកគេសិក្សាពីជំពូកទាំងនេះ ។
មរ៉ូណៃ 2
លោកមរ៉ូណៃ កត់ត្រាពីសេចក្តីណែនាំរបស់ព្រះយេស៊ូវគ្រីស្ទអំពីការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
សូមឲ្យយុវជនម្នាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យសិស្សស្រមៃថា យុវជននេះនៅក្នុងពេលអនាគតនឹងក្លាយជាអ្នកផ្សាយសាសនាពេញម៉ោង ។ គាត់ និងដៃគូរបស់គាត់បានបង្រៀនដល់នរណាម្នាក់អំពីដំណឹងល្អ ហើយបុគ្គលនោះបានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។ យុវជននៅក្នុងថ្នាក់របស់អ្នកនេះ ត្រូវបានអញ្ជើញឲ្យសម្ដែងពិធីការបរិសុទ្ធនៃពិធីបញ្ជាក់ ដែលរួមមាននៅក្នុងការប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមសួរសំណួរទាំងឡាយខាងក្រោមនេះដល់យុវជននេះ ៖
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីរៀបចំក្នុងការធ្វើពិធីការបរិសុទ្ធនេះ ? ( បន្ទាប់ពីយុវជននេះឆ្លើយតបហើយ សូមឲ្យសិស្សក្នុងថ្នាក់ទាំងអស់ចែកចាយពីគំនិតរបស់គេ ) ។
សូមពន្យល់ថា នៅពេលព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញបានយាងទៅជួបនឹងពួកសាសន៍នីហ្វៃ « ទ្រង់ពាល់ពួកសិស្សដែលទ្រង់បានរើសម្ដងម្នាក់ៗ » ហើយ « បានប្រទានពួកគេនូវអំណាចដើម្បីប្រគល់ព្រះវិញ្ញាណបរិសុទ្ធ » ( 3 នីហ្វៃទី18:36–37 ) ។ លោកមរ៉ូណៃបានបញ្ចូលនូវការណែនាំរបស់ព្រះអង្គសង្គ្រោះខ្លះៗទៅដល់ពួកសាវកសាសន៍នីហ្វៃទាំងដប់ពីរនាក់នៅក្នុងកំណត់ត្រារបស់លោក អំពីរបៀបដើម្បីប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 2:1–3 ឮៗ ហើយសូមឲ្យសិស្សរកមើលព័ត៌មានដូចខាងក្រោមនេះ ។
-
អ្វីដែលគួរត្រូវរៀបចំចំពោះបុគ្គលដែលធ្វើពិធីបរិសុទ្ធ
-
របៀបដែលពិធីបរិសុទ្ធនេះត្រូវបានសម្ដែងឡើង
ក្រោយពីសិស្សអានខគម្ពីរទាំងនេះហើយ សូមសួរពួកគេខ្លះ ឬទាំងអស់គ្នានូវសំណួរខាងក្រោមនេះ ៖
-
យោងតាមលេខយោង ខ ក្នុង មរ៉ូណៃ 2:2 តើបព្វជិតភាពត្រូវមានអ្វីខ្លះ ដើម្បីអាចប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបាន ? ( បព្វជិតភាពមិលគីស្សាដែក )។
-
តើអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់គួរធ្វើអ្វីខ្លះ ដើម្បីរៀបចំផ្ដល់នូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ? ( គាត់ត្រូវ « ហៅព្រះវរបិតានៅក្នុងព្រះនាម [ របស់ព្រះយេស៊ូវគ្រីស្ទ ] នៅក្នុងការអធិស្ឋានដ៏មានអំណាច » )។
-
តើអ្នកគិតថា ការអធិស្ឋានអាចជួយដល់បុគ្គលឲ្យរៀបចំធ្វើពិធីបរិសុទ្ធនៃបព្វជិតភាពដោយរបៀបណា ?
-
តើពិធីបរិសុទ្ធនេះត្រូវបានសម្ដែងឡើងតាមរបៀបណា ? ( ដោយការដាក់ដៃលើក្បាល និងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថា ជាផ្នែកនៃពិធិការនេះ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកត្រូវប្រើពាក្យមួយចំនួន ។ អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ត្រូវបានផ្ដល់នូវកូនសៀវភៅតូចដែលមាននូវការណែនាំពីរបៀបដើម្បីធ្វើពិធីបរិសុទ្ធនៃបព្វជិតភាព និងការប្រសិទ្ធពរ )។
អ្នកអាចសង្ខេបពីអ្វីដែលសិស្សបានរៀនកន្លងមក ដោយការសរសេរនូវសេចក្ដីពិតខាងក្រោមនេះនៅលើក្ដារខៀន ៖ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់សមាជិកសាសនាចក្រដែលបានជ្រមុជទឹកហើយ ដោយការដាក់ដៃលើក្បាល ) ។
មរ៉ូណៃ 3
លោកមរ៉ូណៃកត់ត្រានូវសេចក្តីណែនាំរបស់ព្រះយេស៊ូវគ្រីស្ទអំពីការតែងតាំងពួកសង្ឃ និងគ្រូ
មុនពេលចាប់ផ្ដើមបង្រៀនមេរៀននេះមួយថ្ងៃ ឬក៏ពីរថ្ងៃមុន អ្នកអាចគិតពីការសុំឲ្យយុវជនម្នាក់រៀបចំអានប្រវត្តិអំណាចបព្វជិតភាពរបស់គេដល់សិស្សក្នុងថ្នាក់ ។ ( ឬ អ្នកអាចរៀបចំអានប្រវត្តិអំណាចបព្វជិតភាពរបស់អ្នក ឬប្រវត្តិអំណាចបព្វជិតភាពរបស់សមាជិកគ្រួសារអ្នក ឬអ្នកដឹកនាំបព្វជិតភាពម្នាក់នៅក្នុងវួដ ឬសាខារបស់អ្នក )។ សូមពន្យល់ថា តំណនៃអំណាចបព្វជិតភាពបង្ហាញពីសិទ្ធិអំណាចរបស់អ្នកកាន់បព្វជិតភាពតគ្នារហូតដល់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចស្នើឲ្យមានកំណត់ត្រាមួយអំពីប្រវត្តិអំណាចបព្វជិតភាពរបស់គេ ដោយការទាក់ទងទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ឬការិយាល័យរដ្ឋបាលនៅក្នុងតំបន់របស់ពួកគេ ។ សាសនាចក្រ មិនផ្ដល់នូវកំណត់ត្រានៃប្រវត្តិសិទ្ធិអំណាចរបស់អ្នកកាន់បព្វជិតភាពអើរ៉ុននោះទេ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើអ្នកកាន់បព្វជិតភាពអើរ៉ុនម្នាក់ត្រូវបានតែងតាំងដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក គាត់អាចរៀនអំពីប្រវត្តិអំណាចរបស់បុរសដែលបានតែងតាំងគាត់បាន)។
សូមឲ្យសិស្សអានប្រវត្តិអំណាចរបស់គេដល់សិស្សក្នុងថ្នាក់ ( ឬសូមអានប្រវត្តិអំណាច ដែលអ្នកបាននាំមកកាន់ថ្នាក់ ) ។ សូមឲ្យគាត់ចែកចាយពីអត្ថន័យវាចំពោះគាត់ក្នុងការដឹងថា គាត់អាចតាមដានអំណាចបព្វជិតភាពផ្ទាល់ទៅដល់ព្រះយេស៊ូវគ្រីស្ទ ( ឬចែកចាយអារម្មណ៍របស់អ្នកផ្ទាល់អំពីអ្នកកាន់បព្វជិតភាពដែលអាចតាមដានអំណាចរបស់គាត់ទៅដល់ព្រះអង្គសង្គ្រោះ ) ។
ដើម្បីជួយសិស្សឲ្យយល់ថា អំណាចដើម្បីធ្វើកាតព្វកិច្ចបព្វជិតភាពទាំងអស់ចេញមកពីព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការអនុវត្តដោយសិទ្ធិអំណាចដ៏ទេវភាព តម្រូវឲ្យមានលើសពីការគ្រាន់តែមានកិច្ចសន្យាខាងសង្គមទៅទៀត ។ វាមិនអាចត្រូវបានបង្កើតដោយការហ្វឹកហ្វឺនខាងសាសនា ឬ គណៈកម្មការណាមួយមកពីក្រុមជំនុំនោះទេ ។ មិនមែនអញ្ចឹងទេ នៅក្នុងកិច្ចការដែលមានការអនុញ្ញាតពីព្រះ វាត្រូវតែមានអំណាចមួយដែលអស្ចារ្យជាងអ្វីដែលមានរួចហើយដោយមនុស្សដែលអង្គុយនៅកៅអីក្នុងព្រះវិហារ ឬ មនុស្សនៅតាមផ្លូវ ឬក៏មនុស្សនៅក្នុងថ្នាក់សិក្ខាសាលា —ជាការពិតមួយដែលថា អ្នកស្វែងយល់អំដ៏ស្មោះត្រង់ជាច្រើន អំពីសាសនា បានដឹង និងបានទទួលស្គាល់ដោយបើកចំហរជាច្រើនជំនាន់ បណ្តាលឲ្យមានការស្តារឡើងវិញនេះ ។ …
« … ដោយនៅក្នុងសាសនាចក្រដែលត្រូវបានស្ដារឡើងវិញមួយរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចតាមដានតំណនៃសិទ្ធិអំណាចបព្វជិតភាពដែលត្រូវបានអនុវត្តដោយពួកឌីកុនថ្មីបំផុតនៅក្នុងវួដ ប៊ីស្សពដែលដឹកនាំគាត់ និងព្យាការីដែលដឹកនាំយើងទាំងអស់គ្នា ។ ប្រវត្តិនោះត្រឡប់ទៅកាន់វដ្ដដែលមិនអាចបំបែកបានមួយដល់អ្នកបម្រើជាទេវតា ដែលបានចេញមកពីព្រះរាជបុត្រានៃព្រះអង្គទ្រង់ផ្ទាល់ ដែលទទួលអំណោយដ៏ឥតមានអ្វីប្រៀបបានពីស្ថានសួគ៌នេះ » ( « Our Most Distinguishing Feature » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2005 ទំព័រ 44 ) ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់អ្នកដើម្បីដឹងថា អ្នកកាន់បព្វជិតភាពគ្រប់រូបនៅក្នុងសាសនាចក្រនេះអាចតាមដានសិទ្ធិអំណាចរបស់ខ្លួនត្រឡប់ទៅរកព្រះយេស៊ូវគ្រីស្ទវិញបាន ?
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 3:1–4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលរបៀបដែលបុគ្គលម្នាក់ៗត្រូវបានតែងតាំងទៅក្នុងថ្នាក់បព្វជិតភាព ។
-
តើបុគ្គលទាំងឡាយត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពដោយរបៀបណា ? ( បុគ្គលទាំងឡាយត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាព ដោយការដាក់ដៃលើក្បាលពីអ្នកដែលមានសិទ្ធិអំណាច ) ។
-
នៅក្នុងបព្វជិតភាព ហេតុអ្វីបានជាវាចាំបាច់សម្រាប់បុគ្គលម្នាក់ត្រូវបានតែងតាំងក្នុងតំណែងបព្វជិតភាពដោយនរណាម្នាក់ ដែលកំពុងតែកាន់តំណែងបព្វជិតភាពនោះ ឬតំណែងបព្វជិតភាពខ្ពស់ជាង ?
សូមឲ្យអ្នកកាន់បព្វជិតភាពនៅក្នុងថ្នាក់សង្ខេបខ្លីៗអំពីកាតព្វកិច្ចបព្វជិតភាពរបស់ខ្លួន ។ សូមសួរសិស្សថា ៖
-
តើនៅពេលណាដែលអ្នកត្រូវបានប្រទានពរ ដោយសារអ្នកកាន់បព្វជិតភាពម្នាក់បានបំពេញការទទួលខុសត្រូវរបស់គាត់នោះ ?
សូមឲ្យសិស្សពីរបីនាក់ចែកចាយអារម្មណ៍របស់គេអំពីរបៀបដែលបព្វជិតភាពបានប្រទានពរដល់ជីវិតរបស់ពួកគេ ។ អ្នកក៏អាចចែកចាយពីរបៀបដែលជីវិតរបស់អ្នកត្រូវបានប្រទានពរ ដោយសារតែបព្វជិតភាពនេះដែរ ។