មេរៀនសិក្សានៅផ្ទះ
អេធើរ 13–មរ៉ូណៃ 7:19 ( មេរៀនទី 31 )
សេចក្តីផ្ដើម
នៅក្នុងមេរៀនថ្ងៃនេះ វាផ្ដោតលើមូលហេតុ និងតម្រូវការចំពោះយើងម្នាក់ៗដើម្បីចូលរួមក្នុងការប្រជុំសាសនាចក្រ ។ វាក៏លើកទឹកចិត្តសិស្សឲ្យប្ដេជ្ញាចិត្តបែងចែករវាងការល្អ និងអាក្រក់ ហើយព្យាយាមស្វែងរកនៅក្នុងពន្លឺនៃព្រះគ្រីស្ទដើម្បីធ្វើការកាត់សេចក្ដីដោយសុចរិត ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 14–15
លោកមរ៉ូណៃកត់ត្រានូវទីបញ្ចប់នៃអរិយធម៌របស់ពួកសាសន៍យ៉ារេឌ
សូមសរសេរ 2,000,000 នៅលើក្ដារខៀន ។ សូមឲ្យសិស្សស្រមៃថា មនុស្សច្រើនប៉ុណ្ណាទៅបើមានចំនួនពីរលាននាក់ត្រូវបានប្រៀបធៀបទៅនឹងចំនួនមនុស្សដែលរស់នៅក្នុងទីក្រុងរបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់អាន អេធើរ 15:1–2 ឮៗ នៅពេលសិស្សរំឭកអ្វីដែលបានកើតឡើងដល់ពួកសាសន៍យ៉ារេឌពីរលាននាក់នោះ ។
សូមសួរ ប្រសិនបើសិស្សណាម្នាក់អាចសង្ខេបហេតុការណ៍ដែលបានដឹកនាំទៅរកសេចក្តីបំផ្លិចបំផ្លាញនៃពួកសាសន៍យ៉ារេឌ ដូចដែលបានកត់ត្រានៅក្នុង អេធើរ 14–15 ។ ប្រសិនបើសិស្សមានការលំបាកក្នុងការឆ្លើយ សូមឲ្យពួកគេរំឭកនូវវគ្គព្រះគម្ពីរខាងក្រោមនេះ ៖ អេធើរ 14:5–10, 24; 15:1–6, 19, 22 ។
សូមសួរ ៖ តើមានមេរៀនណាខ្លះ ដែលយើងអាចរៀនពីសេចក្តីបំផ្លិចបំផ្លាញនៃពួកសាសន៍យ៉ារេឌ ?
សេចក្ដីពិតទាំងពីរនេះត្រូវបានបញ្ជាក់នៅក្នុងមេរៀនរបស់សិស្សនៅសប្ដាហ៍នេះ ៖ (1) ប្រសិនបើយើងបដិសេធនូវការព្រមានរបស់ព្រះអម្ចាស់ក្នុងការឲ្យប្រែចិត្ត នោះព្រះវិញ្ញាណរបស់ទ្រង់នឹងដកថយ ហើយសាតាំងនឹងទទួលបានអំណាចមកលើដួងចិត្តរបស់យើង ។ (2) កំហឹង និងការសងសឹកនឹងដឹកនាំមនុស្សឲ្យសម្រេចចិត្តដែលធ្វើឲ្យខ្លួនគេ និងអ្នកដទៃឈឺចាប់ ។
សូមសួរ ៖ តើមានស្ថានភាពណាខ្លះដែលមេរៀនទាំងនេះអាចអនុវត្តនៅក្នុងជីវិតរបស់យុវជន ឬយុវនារីនាសព្វថ្ងៃនេះ ?
មរ៉ូណៃ 1–3
លោកមរ៉ូណៃថ្លែងទីបន្ទាល់ថា លោកនឹងមិនបដិសេធព្រះគ្រីស្ទឡើយ
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 1:1–4 ឮៗ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាពួកសាសន៍លេមិនចង់សម្លាប់លោកមរ៉ូណៃ ?
-
តើការណ៍នេះបង្ហាញអ្វីខ្លះអំពីសេចក្ដីជំនឿ និងទំនុកចិត្តរបស់លោកមរ៉ូណៃ ? តើយើងអាចអភិវឌ្ឍទីបន្ទាល់ដ៏រឹងមាំអំពីព្រះយេស៊ូវគ្រីស្ទបានដោយរបៀបណា ?
មរ៉ូណៃ 4–6
លោកមរ៉ូណៃកត់ត្រាអំពីការអធិស្ឋានសាក្រាម៉ង់ លក្ខខណ្ឌសម្រាប់បុណ្យជ្រមុជទឹក និងមូលហេតុនៃការប្រជុំក្នុងសាសនាចក្រ
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន៖ ហេតុអ្វីខ្ញុំត្រូវទៅព្រះវិហារនៅថ្ងៃអាទិត្យ ។ សូមឲ្យសិស្សស្រាវជ្រាវ មរ៉ូណៃ 4–6 ហើយរៀបចំចម្លើយចំពោះប្រយោគនេះដោយកត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់គេ ។ សូមលើកទឹកចិត្តពួកគេឲ្យបញ្ចូលចម្លើយរបស់គេយ៉ាងហោចណាស់ពីរពីអ្វីខាងក្រោមនេះ ( អ្នកអាចសសេរវានៅលើក្ដារខៀន ឬរៀបចំជាក្រដាសចែកក៏បាន ) ៖
-
វគ្គព្រះគម្ពីរពី មរ៉ូណៃ 4–6 ដែលពន្យល់ពីមូលហេតុក្នុងការជួបប្រជុំគ្នានៅឯព្រះវិហារ ។
-
គោលលទ្ធិ ឬគោលការណ៍ដែលពន្យល់ពីមូលហេតុដែលយើងគួរចូលរួមក្នុងការប្រជុំសាសនាចក្រ ។
-
បទពិសោធន៍ផ្ទាល់ខ្លួនមួយដែលបង្ហាញពីមូលហេតុដែលយើងត្រូវចូលរួមក្នុងការប្រជុំសាសនាចក្រ ។
-
ទីបន្ទាល់ផ្ទាល់ខ្លួនមួយអំពីសារៈសំខាន់នៃការចូលរួមការប្រជុំក្នុងសាសនាចក្រ ។
នៅពេលសិស្សបានមានពេលរៀបចំគំនិតរបស់គេគ្រប់គ្រាន់ហើយ សូមឲ្យពួកគេពីរបីនាក់ចែកចាយនូវការយល់ឃើញរបស់គេដល់សិស្សក្នុងថ្នាក់ ។
ក្រោយពីសិស្សបានចែកចាយអ្វីដែលពួកគេបានរៀនហើយ សូមបន្ថែមទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលពួកគេបានរកឃើញ និង អំពីសារៈសំខាន់នៃការជួបជុំគ្នានៅក្នុងការប្រជុំសាសនាចក្រឲ្យបានទៀងទាត់ ។
មរ៉ូណៃ 7:1–19
លោកមរមនបង្រៀនពីរបៀបដើម្បីកាត់សេចក្ដីរវាងសេចក្ដីល្អ និងសេចក្តីអាក្រក់
មុនពេលបង្រៀន សូមចាក់ទឹកក្នុងកែវមួយពេញ ហើយកែវមួយទៀតដាក់លាយទឹកជាមួយនឹងទឹកខ្មេះ (ឬអំបិល ) ។ កែវនោះគួរមើលទៅដូចគ្នា ។ សូមប្រាប់សិស្សថា អ្នកមានកែវពីរ ដែលមើលទៅដូចគ្នា ប៉ុន្ដែមួយមានរសជាតិជូរ ( ឬប្រៃ ) ។ សូមសួររកអ្នកស្ម័គ្រចិត្តម្នាក់ដើម្បីសម្រេចថាកែវណាមួយមានទឹកល្អ ហើយកែវណាមួយមានទឹករសជាតិជូរ ( ឬប្រៃ ) ( អ្នកអាចធ្វើការណ៍នេះ ដោយការភ្លក់វា ឬហិតក្លិនវា ) ។
សូមសួរ ៖ តើយើងអាចប្រាប់ថា អ្វីមួយអាក្រក់ដោយពិតជាមិនភ្លក់វាបានដោយរបៀបណា ?
សូមពន្យល់ថា នៅក្នុងកំណត់ត្រារបស់លោក លោកមរ៉ូណៃបានបញ្ចូលនូវទេសនកថាពីឪពុករបស់លោក លោកមរមន ដែលផ្ដល់នូវការយល់ដឹងអំពីសំណួរនេះ ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 7:11–13, 15–16 ឮៗ ។ សូមឲ្យសិស្សជ្រើសរើសយ៉ាងហោចណាស់ឃ្លាមួយដែលលេចធ្លោចំពោះពួកគេដែលពន្យល់ពីរបៀបដែលយើងអាចបែងចែករវាងការល្អ និងការអាក្រក់ ។ សូមឲ្យសិស្សពីរបីនាក់មានឱកាសដើម្បីចែកចាយពីឃ្លាដែលពួកគេបានជ្រើសរើស ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 7:19 ឮៗ ហើយសូមឲ្យសិស្សរកមើលអ្វីដែលលោកមរមនបានមានប្រសាសន៍ថា យើងគូរតែធ្វើដើម្បីដឹងការល្អ ពីការអាក្រក់ ។
សូមសួរ ៖ តើលោកមរមនបានប្រាប់ដល់យើងឲ្យធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបែងចែករវាងការល្អ និងអាក្រក់បាន ?
សិស្សគួរតែអាចរកឃើញនូវគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងព្យាយាមស្វែងរកនៅក្នុងពន្លឹនៃព្រះគ្រីស្ទ នោះយើងអាចបែងចែករវាងការណ៍ល្អ និងអាក្រក់បាន ។
សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
ចេញពីការសិក្សារបស់អ្នកនៅក្នុងសប្ដាហ៍នេះ តើអ្នកយល់ថាតើពន្លឺនៃព្រះគ្រីស្ទគឺជាអ្វី ?
-
តើពន្លឺរបស់ព្រះគ្រីស្ទបានជួយអ្នកឲ្យបែងចែករវាងការល្អ និងការអាក្រក់នៅពេលណាខ្លះ ?
សូមឲ្យសិស្សមានពេលមួយ ឬពីរនាទីសរសេរនូវកម្មវិធីទូរទស្សន៍ ចម្រៀង ក្រុមតន្ដ្រី គេហទំព័រអ៊ិនធើណិត កម្មវិធីទូរស័ព្ទ ល្បែងវីដេអូ ឬរបស់ផ្ទាល់ខ្លួនដែលគេចូលចិត្ត ។ សូមឲ្យពួកគេប្រើ មរ៉ូណៃ 7:16–19 ដើម្បីសម្រេចថាតើរបស់នៅក្នុងបញ្ជីរបស់គេជួយពួកគេឲ្យខិតទៅកាន់តែជិតនឹងព្រះ ឬឃ្លាតឆ្ងាយពីទ្រង់ ។
សូមរំឭកសិស្សអំពីការអញ្ជើញដែលពួកគេបានទទួលនៅក្នុងការសិក្សាក្នុងសប្ដាហ៍នេះដើម្បីលុបចេញពីជីវិតរបស់គេនូវរឿងទាំងឡាយដែលមិនល្អ ហើយ « ក្តាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ( មរ៉ូណៃ 7:19 ) ។ អ្នកអាចចែកចាយបទពិសោធន៍មួយដែលអ្នកបានមាន នៅពេលអ្នកបានធ្វើតាមពន្លឺនៃព្រះគ្រីស្ទ ហើយអាចបែងចែករវាងការល្អ និងការអាក្រក់បាន ។
មេរៀនបន្ទាប់ ( មរ៉ូណៃ 7:20–10:34 )
សូមឲ្យសិស្សគិតពីសំណួរខាងក្រោម នៅពេលពួកគេសិក្សាមេរៀនបន្ទាប់ ៖ តើសេចក្ដីសប្បុរសជាអ្វី ? តើបុគ្គលម្នាក់អាចទទួលបានសប្បុរសធម៌ដោយរបៀបណា ? ហេតុអ្វីបានជាកូនក្មេងតូចៗ ឬទារកមិនត្រូវជ្រមុជទឹក ? តើលោកមរមន និងមរ៉ូណៃបាននៅស្មោះត្រង់ ទោះបីជានៅពេលពួកលោកត្រូវបានហ៊ុំពទ័្ធដោយអំពើទុច្ចរិតដោយរបៀបណា ? តើអ្វីជាសម្ដីចុងក្រោយរបស់លោកមរ៉ូណៃ ? ហេតុអ្វីបានជាវាសំខាន់ ?