បណ្ណាល័យ
មេរៀន​ទី 159 ៖ មរ៉ូណៃ 10:1–7, 27–29


មេរៀន​ទី 159

មរ៉ូណៃ 10:1–7, 27–29

សេចក្តីផ្ដើម

លោក​មរ៉ូណៃ​បាន​ដាស់តឿន​ដល់​ពួកសាសន៍​លេមិន និង​អ្នកផ្សេងទៀត​​ដែល​នឹង​អាន​ទីបន្ទាល់​របស់​លោក ឲ្យ​សុំដល់​​ព្រះដើម្បី​​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ពាក្យសម្ដី​របស់​លោក ។ លោក​បាន​បង្រៀន​ថា ព្រះ​នឹង​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរមរមន និង​ពី​ការមាន​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ មរ៉ូណៃ​ក៏​បាន​ប្រកាស​ថា លោក​នឹង​ជួប​យើង​មុនពេល​ជំនុំជម្រះ​របស់​ព្រះ ដែល​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់​នឹង​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ពាក្យសម្ដី​របស់​លោក​មរ៉ូណៃ​នេះ ។ ( កំណត់ចំណាំ ៖ អ្នក​អាច​ទុកពេល​នៅ​ចុងបញ្ចប់​នៃ​មេរៀនេះ​សម្រាប់​សិស្ស​ឲ្យ​ចែកចាយ​ពី​ទីបន្ទាល់​របស់​គេ​អំពី​ព្រះគម្ពីរមរមន ។ ដើម្បី​ធានា​ថា មាន​ពេល​គ្រប់គ្រាន់ សូម​ជ្រើសរើស​ប្រកប​ដោយ​ការអធិស្ឋាន ​រើស​យក​ចំណែក​នៃ​មេរៀន​នេះ​ដែល​នឹង​មាន​ប្រយោជន៍​ដល់​សិស្ស​របស់​អ្នក ) ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 10:1–7

លោក​មរ៉ូណៃ​ដាស់តឿន​យើង​ឲ្យ​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរមរមន និង​អំពី​ព្រះយេស៊ូវគ្រីស្ទ

មុនពេល​ចាប់ផ្ដើម​បង្រៀន សូម​គូស​រូប​ក្លោងទ្វារ​មួយ​ដោយ​មាន​ថ្មគោល​នៅលើ​ក្ដារខៀន ( អ្នក​អាច​បើកទៅ​រូបភាព​ដែល​ប្រើ​នៅក្នុង​មេរៀន​ទី 4 បាន ) ។ សូម​ចាប់ផ្ដើម​មេរៀន​ដោយ​បើក​ទៅរូបភាព​នេះ ។

  • តើ​អ្វី​ជា​គោលបំណង​នៃ​ថ្មគោល​នៃ​ក្លោងទ្វារ​នេះ ?

  • តើ​ថ្មគោល​នេះ​ទាក់ទង​ទៅនឹង​ព្រះគម្ពីរមរមន​យ៉ាងដូចម្ដេច ? ( ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ ក្នុង​ការឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាចណែនាំ​ថា ពួកគេ​គួរ​អាន​ប្រយោគ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​កថាខណ្ឌ​ទីប្រាំមួយ​នៃ​បុព្វកថា​នៃ​ព្រះគម្ពីរមរមន ) ។

សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ចុងក្រោយ​ដោយស្ងាត់ស្ងៀម​ក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរមរមន ។ មុនពេល​ពួកគេ​អាន សូម​ឲ្យ​ពួកគេ​រកមើល​សេចក្ដីពិត​បីយ៉ាង​​ដែល​បុគ្គល​ម្នាក់​អាច​ដឹង ដោយការទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរមរមន ។

  • គឺ​ដូចជា​ក្លោងទ្វារ​ដែល​ត្រូវបាន​ដាក់​រួមគ្នា​ពី​ថ្ម​គោល តើ​ផ្នែក​ផ្សេងទៀត​ណា​ខ្លះ​នៃ​ទីបន្ទាល់​របស់​យើង​ត្រូវបាន​ពង្រឹង​ដោយ​ការទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរមរមន ?

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​បុគ្គល​ម្នាក់ៗ​ដើម្បី​ទទួល​បាន​នូវ​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ព្រះគម្ពីរមរមន ?

សូម​សង្ខេប មរ៉ូណៃ 10:1–2 ដោយ​ការពន្យល់​ថា​ប្រហែល​ជា 1,400 ឆ្នាំ មុនពេល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​ផ្ទាំងមាស លោក​មរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​ពី​ឪពុក​របស់​លោក​ដោយ​ការសរសេរ​នូវ​ការដាស់តឿន​លើកចុងក្រោយ​របស់​លោក​ដល់​អ្នកដែល​នឹង​ទទួល​បាន​ព្រះគម្ពីរមរមន​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ( វា​ប្រហែល​ជា​នឹង​ជួយ​បាន​ច្រើន​ក្នុងការពន្យល់​ពាក្យ ដាស់តឿន មានន័យ​ថា លើកទឹកចិត្ត ឬ​ជម្រុញ​ដល់​នរណាម្នាក់​យ៉ាងមុតមាំ ។ ពាក្យ​នេះ​លេចឡើង​ប្រាំបី​ដង​នៅក្នុង មរ៉ូណៃ 10 ) ។

សូម​ពន្យល់​ថា លោក​មរ៉ូណៃ​បាន​ដាស់តឿន​ដល់​អ្នកទាំងឡាយ​ណា​ដែល​ទទួល​បាន​ព្រះគម្ពីរមរមន ឲ្យ​ស្វែងរក​នូវ​ទីបន្ទាល់​មួយ​អំពី​សេចក្ដីពិត និង​ទេវភាព​នៃ​គម្ពីរ​នេះ ។ សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 10:3–4 ដោយ​ស្ងាត់ស្ងៀម​ដោយរកមើល​ឃ្លា​ដែល​រៀបរាប់​ពី​តម្រូវការ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរមរមន​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ អ្នក​អាច​ប្រាប់​ថា ពួកគេ​គួរ​គូសចំណាំ​ឃ្លា​ទាំងនេះ នៅពេល​ពួកគេ​រកឃើញ​វា ។ នៅពេល​សិស្ស​រៀបរាប់​ពី​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ។ ចម្លើយ​របស់​ពួកគេ​អាច​រួមមាន​ដូចខាងក្រោម ៖

« អាន​ការណ៍​ទាំងនេះ »

« នឹកឃើញ​ថា តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដីមេត្តាករុណា​យ៉ាងណា »

« រំពឹងគិត​នៅក្នុង​ចិត្ត​អ្នក​ចុះ »

« សូម​សួរ​ដោយ​ចិត្ត​ស្មោះស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ »

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​នរណាម្នាក់​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​សាក្សីមួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ថា ព្រះគម្ពីរមរមន​គឺ​ពិត សូម​ប្រើ​គំនិត​ក្នុង​ការបង្រៀន​ខាងក្រោម​ដើម្បី​ពិភាក្សា​ពី​តម្រូវការ​នីមួយៗ​ដែល​លោក​មរ៉ូណៃ​បាន​បង្រៀន ។

1.« អាន​ការណ៍​ទាំងនេះ »

លោក​មរ៉ូណៃ​បាន​អញ្ជើញ​ឲ្យ​យើង « អាន​ការណ៍​ទាំងនេះ » ឬ​អាន​ព្រះគម្ពីរមរមន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​រឿង​ខាងក្រោម​ដែល​បាន​តំណាល​ដោយ​អែលឌើរ ថាត អរ ខាលីស្ទើរ នៃ​កូរ៉ុមនៃពួកចិតសិបនាក់​អំពី​របៀប​ដែល​យុវនារី​ម្នាក់​បាន​ទទួល​ប្រយោជន៍​ពី​ការបាន​អាន​ព្រះគម្ពីរមរមន ៖

« យុវនារី​អាយុ 14 ឆ្នាំ​ម្នាក់ … មាន​និយាយ​ថា នាង​បាន​ពិភាក្សា​អំពី​សាសនា​ជាមួយ​នឹង​មិត្តភក្ដិ​របស់​នាង​ម្នាក់​នៅ​សាលារៀន ។ មិត្ត​របស់​នាង​បាន​និយាយ​ទៅកាន់​នាង​ថា ‹ តើឯង​កាន់​សាសនា​​មួយណា › ?

« នាង​បាន​ឆ្លើយ​ថា ‹ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឬ ពួកមរមន › ។

« មិត្ត​របស់​នាង​បាន​ឆ្លើយថា ‹ ខ្ញុំ​ស្គាល់​ព្រះវិហារ​នោះ ហើយ​ខ្ញុំ​ដឹង​ថា វា​មិន​ពិត​នោះទេ › ។

« ‹ តើ​ឯង​ដឹង​ដោយ​របៀបណា ›? នាង​បាន​ឆ្លើយ ។

« មិត្តនាង​បាន​និយាយ​ថា ‹ ដោយសារ ខ្ញុំ​បាន​ស្រាវជ្រាវ​អំពី​ព្រះ​វិហារ​នោះ › ។

« ‹ តើ​ឯង​ធ្លាប់​អាន​ព្រះគម្ពីរមរមន​ទេ › ?

« នាង​ឆ្លើយថា ‹ ទេ ខ្ញុំ​មិន​ដែល​ទេ › ។

« បន្ទាប់មក យុវនារី​ដ៏​ល្អ​នេះ​បាន​ឆ្លើយថា ‹ ដូច្នេះឯង​មិន​បាន​ស្រាវជ្រាវ​ពី​សាសនាចក្រ​របស់​ខ្ញុំ​ទេ ដោយសារ​ខ្ញុំ​បាន​អាន​ព្រះគម្ពីរមរមន​គ្រប់​ទំព័រ ហើយ​ខ្ញុំ​ដឹង​ថា វា​ពិត › » ( « The Book of Mormon—a Book from God » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 76 ) ។

  • តើ​ហេតុអ្វីបានជា​ការអាន​ព្រះគម្ពីរមរមន​ជា​គន្លឹះ​ក្នុងការ​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត​ពេញលេញ​របស់​វា ?

  • តើ​ការអាន​ព្រះគម្ពីរមរមន​ឆ្នាំ​នេះ​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​វា និង​សេចក្ដីពិត​ដែល​វា​បង្រៀន​ដោយរបៀបណា ?

2.« នឹកឃើញ​ថា តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដីមេត្តាករុណា​យ៉ាងណា »

លោក​មរ៉ូណៃ​បាន​បង្រៀន​ថា អ្នកដែល​អាន​ព្រះគម្ពីរមរមន ហើយ​មាន​បំណង​ចង់​ដឹង​ពី​សេចក្តីពិត​ពេញលេញ​របស់​វា​ត្រូវ « នឹកឃើញ​ថា តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដីមេត្តាករុណា​យ៉ាងណា » ( មរ៉ូណៃ 10:3 ) ។ សូម​ពន្យល់​ថា ការទទួល​ស្គាល់ និង​ការចងចាំ​ដល់​គំរូ​នៃ​សេចក្ដីមេត្តាករុណា​របស់​ព្រះអម្ចាស់ អាច​បន្ទន់​ដួងចិត្ត​របស់​យើង ហើយ​រៀបចំ​យើង​ឲ្យ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ អត្ថន័យ​មួយ​នៃ​ពាក្យ ដែល​មាន​មេត្តា គឺ​ប្រកបដោយ​ករុណា ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​មួយ​សន្ទុះ​អំពី ពេលដែល​ពួកគេ​បាន​ទទួល​នូវ​សេចក្តីមេត្តាករុណា ឬ​ការអាណិត​អាសូររបស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ឬ​ទទួល​ស្គាល​វា​នៅក្នុង​ជីវិត​របស់​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​គំរូ​នៃ​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរមរមន ដែល​មានន័យ​ដល់​ពួកគេ ។

  • តើ​អ្នក​គិត​ថា ការចងចាំ​ដល់​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់​អាច​ជួយ​ដល់​នរណាម្នាក់​ឲ្យ​ទទួល​បាន​ព្រះវិញ្ញាណបរិសុទ្ធ និង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរមរមន​ដោយរបៀបណា ?

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​អំពី​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់​ដែល​អ្នក​បាន​ធ្វើ​ជាសាក្សី​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​អ្នក​មាន​អារម្មណ៍យ៉ាងណា នៅពេល​អ្នក​ចងចាំ​ដល់​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក ?

3.« រំពឹងគិត [ អំពី​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់ ] នៅក្នុង​ចិត្ត​អ្នក​ចុះ »

លោក​មរ៉ូណៃ​បាន​បង្រៀន​ថា យើង​ត្រូវតែ​សញ្ជឹង​​គិត​អំពី​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ចិត្ត​យើង ។ សូម​ពន្យល់​ថា ការសញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​មេត្តាករុណា​ដល់​អ្នកដទៃ និង​ដល់​ខ្លួនយើង រៀបចំ​យើង​ឲ្យ​ទទួល​បាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​វា​ទៅ​ដូច្នោះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ការពន្យល់​ខាងក្រោម​ដោយ​អែលឌើរ ម៉ាវីន ជេ អាស្តុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

ម៉ាវីន ជេ អាស្តុន

« វចនានុក្រម​ចែង​ថា រំពឹងគិត មានន័យ​ថា ថ្លឹងថ្លែង​ខាង​អារម្មណ៍ គិត​យ៉ាងជ្រៅជ្រះ ផ្ចង់​សតិសម្បជញ្ញៈ ការស្មឹង​ស្មាត ។ …

« ដោយ​ការសញ្ជឹង​គិត យើង​បាន​ផ្ដល់​ឱកាស​ដល់​ព្រះវិញ្ញាណ​ឲ្យ​បំផុស និង​ដឹកនាំ​យើង ។ ការសញ្ចឹងគិត គឺជា​តំណ​ដ៏​មាន​អំណាច​រវាង​ដួងចិត្ត និង​គំនិត ។ នៅពេល​យើង​អាន​ព្រះគម្ពីរ ដួងចិត្ត និង​គំនិត​របស់​យើង​ទទួល​បាន​ឥទ្ធិពល ។ ប្រសិនបើ​យើង​ប្រើ​អំណោយទាន​នេះ​ដើម្បីសញ្ជឹង​គិត នោះ​យើង​អាច​យកសេចក្ដីពិត​អស់កល្ប​ទាំងនេះ និង​យល់​ពី​របៀប​ដែល​យើង​អាច​អនុវត្ត​វា​នៅក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​បាន ។ …

« ការសញ្ជឹងគិត គឺជា​ការតស៊ូ​ខាងសតិ​អារម្មណ៍​ដ៏​រីកចម្រើន​មួយ ។ វា​គឺជា​អំណោយទាន​ដ៏​អស្ចារ្យ​មួយ ដល់​អស់អ្នកណា​ដែល​បាន​រៀន​ប្រើ​វា ។ យើង​រកឃើញ​នូវ​ការយល់ដឹង ទស្សនវិស័យ និង​ការអនុវត្ត​ក្នុង​ការប្រើប្រាស់ ប្រសិនបើ​យើង​នឹង​ប្រើ​អំណោយទាន​នៃ​ការរំពឹងគិត​នេះ » ( « There Are Many Gifts » Ensign, ខែ វិច្ឆិកា ឆ្នាំ 1987, ទំព័រ 20 ) ។

  • នៅពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរមរមន តើ​នៅពេល​ណា​ដែល​ការសញ្ជឹងគិត​បាន​ជួយ​ដល់​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​សញ្ជឹងគិត​យ៉ាងផ្ចិតផ្ចង់​កាន់តែ​ខ្លាំង នៅពេល​យើង​សិក្សា​ព្រះគម្ពីរ ?

4.« សូម​សួរ​ដោយ​ចិត្ត​ស្មោះស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់ [ ព្រះ​យេស៊ូវ ] គ្រីស្ទ »

លោក​មរ៉ូណៃ​បាន​បង្រៀន​ថា ប្រសិនបើ​យើង​ចង់​ទទួល​បាន​សាក្សី​នៃ​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរមរមន យើង​ត្រូវតែ​សុំ​ដល់​ព្រះ « ដោយ​ចិត្ត​ស្មោះស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​ជឿ​ដល់ [ ព្រះ​យេស៊ូវ ] គ្រីស្ទ » ។ សូម​ពន្យល់​ថា ការអធិស្ឋាន​ដោយ​ស្មោះ និង​ដោយ​អស់​ពី​ចិត្ត​មានន័យ​ថា « មាន​បំណង​ចង់​ធ្វើសកម្មភាព​ចំពោះ​ចម្លើយ​ដែល [ យើង ] នឹង​ទទួល​បាន​ពីព្រះ » ( Preach My Gospel: A Guide to Missionary Service [ ឆ្នាំ 2004 ] ទំព័រ 111 ) ។ សូម​គិត​ពី​ការចែកចាយ​រឿង​ខាងក្រោម ដែល​បុរសម្នាក់​បាន​អធិស្ឋាន​ដោយ​មាន​ចិត្ត​ស្មោះ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​នៃ​សេចក្ដីពិត​ពី​ព្រះគម្ពីរមរមន ៖

« យូរៗម្តង ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ ប៉ុន្តែ​ភាគ​ច្រើន វា​ជា​គំនិត​ដែល​ចេះ​តែ​មាន ជា​ជាង​សំនួរ​ដ៏​ស្មោះ​ស ។ក្រោយ​មក មាន​យប់​មួយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ដោយ ‹ ចិត្ត​ស្មោះ​ស › ។

« ខ្ញុំ​បាន​ទូល​ទៅ​កាន់​ព្រះ​វរបិតា​ថា ទូលបង្គំ​ចង់​ស្គាល់​ទ្រង់ និង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​សាសនា​ចក្រ​ដ៏​ពិត​របស់​ទ្រង់ ។ខ្ញុំ​បាន​សន្យា​ថា ៖ ‹ ប្រសិន​បើ​ទ្រង់​នឹង​ឲ្យ​ទូល​បង្គំ​ដឹង​បើ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ពិត និង​ព្រះ​គម្ពីរ​មរ​មន​ពិត នោះ​ទូល​បង្គំ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ ។ប្រសិន​បើ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​សាសនា​ចក្រ​ពិត នោះ​ទូល​បង្គំ​នឹង​ធ្វើ​តាម​សាសនាចក្រ ហើយ​និង​ពុំ​ដែល​បោះ​បង់​ចោល​ឡើយ › ។

« ខ្ញុំ​ពុំ​មាន​ការ​បើក​សម្តែង​ដ៏​អស្ចារ្យ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​សន្តិភាព រួច​បាន​ចូល​ដេក ។ជា​ច្រើន​ម៉ោង​ក្រោយ​មក​ខ្ញុំ​បាន​ក្រោក​ពី​ដេក​ដោយ​មាន​គំនិត​មួយ​ផ្សេង​ទៀត​ថា ៖ ‹ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ពិត និង​ព្រះ​គម្ពីរ​មរ​មន​ពិត › ។គំនិតនោះ​បានមានឡើង​ជាមួយនឹង​សន្តិភាព​ដែល​ពុំ​អាច​ពិពណ៌នា​បាន ។ខ្ញុំ​បានដេកលក់​ម្តង​ទៀត ហើយ​ក្រោក​ឡើង​នៅ​ពេល​ក្រោយ ដោយ​មាន​គំនិត និង​អារម្មណ៍​ដដែល​ដូច​មុន ។

« ចាប់​តាំងពី​ពេល​នោះ​មក ខ្ញុំ​ពុំ​ដែល​មាន​អារម្មណ៍​សង្ស័យ​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ពិត ឬ​មិនពិត​ទៀត​ឡើយ ។ខ្ញុំ​ដឹង​ថា នេះ​គឺ​ជា​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ ហើយ​ថា​ព្រះវរបិតាសួគ៌​នឹង​ឆ្លើយតប​នូវ​ការអង្វរ​ដ៏​ស្មោះស​របស់​យើង » ( Rodolfo Armando Pérez Bonilla, “How I Know,” Ensign, ខែ តុលា ឆ្នាំ 2011, ទំព័រ 64 ) ។

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ មរ៉ូណៃ 10:4 ហើយ​រកមើល​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​សម្រាប់​អស់​អ្នកណា​ដែល​ធ្វើតាម​ដំណើរការ​ដែល​លោក​មរ៉ូណៃ​បាន​បង្ហាញ ។

  • តើសេចក្ដី​សន្យា​ដែល​លោក​មរ៉ូណៃ​បាន​ធ្វើ​ដល់​អស់​អ្នកដែល​ស្វែងរក​ទីបន្ទាល់​ពី​ព្រះគម្ពីរមរមន​តាម​របៀប​ដែល​លោក​បាន​រៀបរាប់​អ្វីខ្លះ ?

  • តើ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ធ្វើទីបន្ទាល់​ដល់​យើង​អំពី​សេចក្តីពិត​នៃ​ព្រះគម្ពីរមរមន​តាមរបៀបណា ? ( សូម​ប្រាកដ​ថា សិស្ស​យល់​ថា វិវរណៈ​ភាគច្រើន​មិន​បាន​មក​តាម​របៀប​ដ៏​អស្ចារ្យ​នោះ ។ ខណៈពេល​ដែល​បុគ្គល​ខ្លះ​អាច​មាន​បទពិសោធន៍ខាងវិញ្ញាណ​លើសលុប មនុស្ស​ភាគច្រើន​នឹង​ទទួល​បាន​អ្វីមួយ​ដែល​ស្ងៀមស្ងាត់ និង​រហៀង ដូចជា​អារម្មណ៍​ដ៏​កក់ក្ដៅ សុខសាន្ដ ឬ​មាន​ការធានា ។ អ្នក​ក៏​អាច​ពន្យល់​ថា នៅពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ​ព្រះវិញ្ញាណ​អាច​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​អ្វី​ដែល​យើង​កំពុងអាន ។ បន្ទាប់មក នៅពេល​យើង​សុំ​ចង់​ដឹង​ពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរមរមនជា​ពិសេស​ នោះ​ព្រះគម្ពីរមរមន​នឹង​បញ្ជាក់​ជា​សាក្សី​ចំពោះ​អ្វី​ដែល​យើង​បាន​ទទួល ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 10:5–7 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ហើយ​រកមើល​អ្វី​ដែល​លោកមរ៉ូណៃ​បាន​សន្យា​ថា យើង​អាច​ដឹង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​បង្ហាញ​ថា មរ៉ូណៃ 10:4–5 នេះ​គឺជា​វគ្គ​ព្រះគម្ពីរ​ចំណេះចំណាន ។ អ្នក​អាច​ណែនាំថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀន​ពី មរ៉ូណៃ 10:3–7 ? ( ចម្លើយ​របស់​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ដូចខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​សុំ​ព្រះ​ដោយ​នូវ​សេចក្តីជំនឿ និង​ដោយ​មាន​ចិត្ត​ស្មោះ​ស នោះ​យើង​អាច​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរមរមន និង​អំពី​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ) ។

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​អំពី​គោលដៅ​មួយ​ទាក់ទង​ទៅនឹង​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ទទួលបាន ឬ​ពង្រឹង​ដល់​ទីបន្ទាល់​របស់​គេ​អំពី​ព្រះគម្ពីរមរមន ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ មរ៉ូណៃ 10:4 ។

មរ៉ូណៃ 10:27–29

លោក​មរ៉ូណៃ​ថ្លែងទីបន្ទាល់​ថា លោក​នឹង​ជួប​យើង​នៅពេល​ជំនុំជម្រះ​របស់​ព្រះ

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 10:27–29 ឮៗ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​ដែល​មាន​នៅក្នុង មរ៉ូណៃ 10:27 ។ សូម​ថ្លែងទីបន្ទាល់​ថា អស់​អ្នកណា​ដែល​បាន​ទទួល​ព្រះគម្ពីរមរមន នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​អំពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នឹង​វា ។

សូមទុក​ពេល​វេលា​​គ្រប់គ្រាន់​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ដើម្បី​សុំ​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​គេ​អំពី​ព្រះគម្ពីរមរមន ។ សូម​គិត​ពី​ការថ្លែងទីបន្ទាល់​របស់​អ្នក​ផ្ទាល់​អំពី​ព្រះគម្ពីរមរមន ។ សូម​ធានា​ដល់​សិស្ស​ថា នៅពេល​ពួកគេ​បន្ដ​សិក្សា​ក្នុង​ព្រះគម្ពីរមរមន​ពេញមួយ​ជីវិត​របស់​គេ នោះ​សេចក្តីជំនឿ​របស់​គេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​នឹង​កើនឡើង ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណានខគម្ពីរ—មរ៉ូណៃ 10:4–5

សិស្ស​ដែល​ទន្ទេញ​ មរ៉ូណៃ 10:4–5 នឹង​រៀបចំ​ខ្លួន​បាន​ប្រសើរ​ដើម្បីចែកចាយ​សារលិខិត​នៃ​ព្រះគម្ពីរមរមន​ជាមួយ​នឹង​អ្នកដទៃ ។ សូម​សរសេរ​វគ្គ​នេះ​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ទាំងអស់​អាន​វ​ឮៗ ។ សូម​លុប​ប្រាំមួយ​ពាក្យ ហើយ​បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន​វា​ម្ដងទៀត ដោយ​បំពេញ​នូវ​ពាក្យ​ដែល​លុបចេញ​នៅពេល​ពួកគេ​អាន ។ សូម​បន្ដ​ធ្វើ​ដូច្នេះ រហូតដល់​វគ្គ​ភាគច្រើន ឬ​ទាំងអស់​ត្រូវបាន​លុប​អស់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 10:3 ។ « រំពឹងគិត​នៅក្នុង​ចិត្ត​អ្នក​ចុះ »

ដោយ​យោង​ទៅ មរ៉ូណៃ 10:3 អែលឌើរ ជិនិ អ. ឃុក បាន​ពន្យល់ ៖

« ពាក្យ​ប្រាំ​ចុងក្រោយ​នៃ​ខគម្ពីរ​នេះ ផ្ដល់​នូវ​ការព្រមាន​ដ៏​សំខាន់— ‹ រំពឹងគិត​នៅក្នុង​ចិត្ត​អ្នក​ចុះ › ។ តើ​អ្វី​ជា​ពាក្យ​ឬស​នៃ​កិរិយាសព័្ទ​រំពឹងគិត —រឿង​អ្វី​ដែល​យើង​ត្រូវ​រំពឹងគិត ? វា​គឺជា ‹ តើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដីមេត្តាករុណា​យ៉ាងណា​ដល់​កូនចៅ​មនុស្ស ចាប់តាំង​ពី​កំណើត​លោក​អ័ដាម​មក​រហូតមកដល់​ពេល​ដែល​អ្នករាល់គ្នា​បាន​ទទួល​ការណ៍​ទាំងនេះ › ។ យើង​ត្រូវ​ចងចាំ​ថា តើ​ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់យើង​យ៉ាង​ណា មើលថែយ៉ាង​ណា ល្អយ៉ាង​ណា អភ័យទោស​ដល់​យើង​ខ្លាំង​ប៉ុណ្ណា » ( « Moroni’s Promise » Ensign ខែ មេសា ឆ្នាំ 1994 ទំព័រ 12 ) ។

ការព្រមាន​នេះ​ដែល​ជិត​ចុងបញ្ចប់​នៃ​ព្រះគម្ពីរមរមន​ដើម្បី​ឲ្យ​ចងចាំ និង​រំពឹងគិត​ដល់​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអម្ចាស់ គឺ​សម​នឹង​សេចក្ដីប្រកាស​របស់​នីហ្វៃ​ថា « ខ្ញុំ​នីហ្វៃ នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា សេចក្ដីមេត្តា​ករុណ​ដ៏​ទន់ភ្លន់​ទាំងឡាយ​នៃ​ព្រះអម្ចាស់ មាន​មកលើ​ជន​ទាំងអស់​ណា​ដែល​ទ្រង់​បាន​រើស » ( នីហ្វៃទី 1 1:20 ) ។

បន្ថែម​លើ​ការរំពឹងគិត​អំពី​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអម្ចាស់ អ្នកដែល​អាន​ព្រះគម្ពីរមរមន​គួរ​សញ្ជឹងគិត​អំពី​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច ដែល​ពួកគេ​រកឃើញ​នៅក្នុង​ទំព័រ​ទាំងឡាយ ( សូមមើល បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។

មរ៉ូណៃ 10:4 ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹងបើក​សម្តែង​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ដល់​អស់​អ្នក​ណា​ដែល​ទូល​សួរ​ដល់​ព្រះ​ក្នុង​សេចក្តី​ជំនឿ​ដោយ « មាន​ចិត្តស្មោះ​ស »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​មាន​ប្រសាសន៍​អំពី​ការដាស់តឿន​របស់​លោក​មរ៉ូណៃ​ថា យើង​ត្រូវ​សុំ​ព្រះ​ដោយ « មាន​ចិត្ត​ស្មោះស » ទាក់ទង​នឹង​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន ៖

« លោក​មរ៉ូណៃ​មិន​បាន​សន្យា​អំពី​ការបើកបង្ហាញ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​អស់អ្នកណា​ដែល​ស្វែងរក​ចង់​ដឹង​ពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរមរមន​សម្រាប់​ហេតុផល​ខាងទ្រឹស្តី ឬ​ការអប់រំ​នោះទេ ទោះបីជា​ពួកគេ ‹ សុំ​ដោយ​មាន​ចិត្ត​ស្មោះ​ស​ក្ដី › ។ សេចក្ដីសន្យា​របស់ មរ៉ូណៃ​គឺ​សម្រាប់​អស់អ្នក​ដែល​ប្ដេជ្ញា​ក្នុង​ចិត្ត​គេ​ថា​នឹង​ធ្វើសកម្មភាព​តាម​ការបង្ហាញ ប្រសិនបើ​គេ​ទទួល​បាន ។ ការអធិស្ឋាន​ដោយផ្អែកលើ​មូលហេតុ​ផ្សេងទៀត គ្មាន​សេចក្ដីសន្យា​នោះទេ ដោយសារ​វា​មិន​បាន​ធ្វើ​ឡើង​ដោយ ‹ មាន​ចិត្ត​ស្មោះស › » (Pure in Heart [ ឆ្នាំ 1988 ] ទំព័រ 19–20 ) ។

មរ៉ូណៃ 10:27–29 ។ សេចក្តីសង្គ្រោះ​ពឹងទៅលើ​របៀប​ដែល​យើង​ទទួល​បាន​ព្រះគម្ពីរមរមន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរមរមន នៅពេល​លោក​បាន​ពង្រីក​ទំហំ​នៃ​ការដាស់តឿន​ខាងក្រោម​ដល់​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ ៖

« បងប្អូន​ប្រុស​ស្រី​ទាំង​ឡាយ ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​អស់​ពី​ដួង​ចិត្ត​ខ្ញុំ​ថា​អ្នក​គិត​ពិចារណា​ដោយ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​សំខាន់​របស់​ព្រះ​គម្ពីរ​មរមន ដល់​ខ្លួន​អ្នក​ផ្ទាល់​និង​ដល់​សាសនាចក្រ​ទាំង​មូល ។

« ជាង​10​ឆ្នាំកន្លង​ផុត​ទៅ​ហើយ​ ខ្ញុំ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​អំពី​ព្រះ​គម្ពីរ​មរមន ។ …

« ‹ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយគ្រប់​រូប គួរ​តែ​ធ្វើ​ការ​សិក្សា​ព្រះ​គម្ពីរ​មរមន​ក្នុង​ការអោប​ក្រសោប​ពេញ​មួយ​ជីវិត ។ បើ​មិន​ដូច្នោះ​ទេ លោក​កំពុង​តែ​ដាក់​ព្រលឹង​លោក​ក្នុងគ្រោះថ្នាក់ និង​ការ​ធ្វេស​ប្រហែស​ដែល​អាច​ផ្តល់​ខាង​វិញ្ញាណ​និង​បញ្ញា​រួម​គ្នា​ចំពោះ​ជីវិត​របស់​លោក​ទាំង​មូល ។ មាន​ភាព​ខុស​គ្នា​មួយ​រវាង​អ្នក​ប្រែចិត្តជឿ​ដែល​សាង​សង់​លើ​ថ្ម​នៃ​ព្រះ​គ្រីស្ទ​តាម​រយៈ​ព្រះ​គម្ពីរ​មរមន​ហើយ​កាន់​ខ្ជាប់​ដំបង​ដែក​នោះ និង​អ្នក​ដែល​មិន​មែន › (Ensign ខែ ឧសភា ឆ្នាំ 1975 ទំព័រ 65 ) ។

« ខ្ញុំ​សូម​បញ្ជាក់​ពាក្យ​ទាំង​នោះ​ដល់​អ្នក​នៅ​នា​សម័យ​នេះ​បន្ថែម​ទៀត ។ ចូរ​យើង​កុំ​នៅក្រោម​សេចក្តី​ដាក់​ទោស​ឡើយ ជា​មួយនឹង​ទុក្ខទោស និង​ការ​វិនិច្ឆ័យ​របស់​វា ដោយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អំណោយ​ទាន​ដ៏​មហិមា​និង​អស្ចារ្យ ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​យើង​នេះឡើយ ។ [ សូមមើល គ. និង ស. 84:54–58] ។ តែ​ចូរ​យើងទទួលបាន​ជោគជ័យ​លើ​សេចក្ដីសន្យា​ទាំងឡាយ ដែល​ជាប់ទាក់ទង​នឹង​ការ​រក្សា​ទុក​វា​នៅក្នុង​ដួងចិត្ត​របស់​យើង​វិញ » ( « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 7 ) ។