បណ្ណាល័យ
មេរៀន​ទី 156 ៖ មរ៉ូណៃ 7:20–48


មេរៀន​ទី 156

មរ៉ូណៃ 7:20–48

សេចក្តីផ្ដើម

លោក​មរ៉ូណៃ​បានកត់ត្រា​សេចក្ដីបញ្ចប់​នៃ​ទេសនកថា​ដែល​ឪពុក​របស់​លោក លោក​មរមន បាន​ធ្វើ​ជាច្រើន​កន្លង​ទៅ​នៅក្នុង​សាលាប្រជុំ ។ នៅក្នុង​ទេសនកថា​នោះ លោក​មរមន​បាន​បង្រៀន​ដល់​អ្នកស្ដាប់​របស់​លោក​ពី​របៀប « កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( មរ៉ូណៃ 7:20, 25 ) ។ លោក​បាន​ពន្យល់​ពី​ទំនាក់​ទំនង​រវាង​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដី​សប្បុរស ហើយ​បាន​បញ្ចប់​ដោយ​ការអង្វរ​ដល់​ប្រជាជន​របស់​លោក​ឲ្យ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត​សុំ​រក​អំណោយទាន​នៃ​សេចក្ដីសប្បុរស « ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 7:47 ) ។

យោបល់​សម្រាប់​ការបង្រៀន

មរ៉ូណៃ 7:20–39

លោក​មរមន​បង្រៀន​ថា តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ

សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​មុនចាប់ផ្ដើម​បង្រៀន ៖

តើ​រឿងល្អ​ណាខ្លះ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទានពរ​ដល់​អ្នក ?

នៅពេល​ចាប់ផ្ដើម​ថ្នាក់ សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ ឬ​ពីរ​នាទី​ឆ្លើយ​នឹង​សំណួរ​នេះ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​អាន​រឿង​ខ្លះ​ដែល​ពួកគេ​បាន​សរសេរ ។

សូម​អាន មរ៉ូណៃ 7:24 ឮៗ ។ សូម​​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​ប្រភព​នៃ​រឿង​ល្អ​ទាំងអស់​ដែល​បាន​មក​កាន់​ជីវិត​របស់​ពួកគេ ។

  • តើ​អ្នកណា​ជា​ប្រភព​នៃ​រឿងល្អ​ទាំងអស់​ដែល​បាន​កើតឡើង​ដល់​អ្នក ? ( ចម្លើយ​របស់​សិស្ស​អាច​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរ​បង្ហាញ​នូវ​សេចក្ដីពិត​ដូចខាងក្រោម​នេះ ៖ រឿង​ល្អ​ទាំងអស់​កើតឡើង ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់កាន់តែ​ច្បាស់​ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ 7:24 សូម​ពន្យល់​ថា ក្នុង​នាម​ជា​កូនចៅ​របស់​អ័ដាម និង​អេវ៉ា យើង​បាន « ធ្លាក់ » ហើយ​មិន​អាច​ទទួល​បាន​ពរជ័យ​ទាំង​ឡាយ​​ដោយខ្លួន​ឯង​បាន​ទេ ( សូមមើល​ផងដែរ អាលម៉ា 22:14; អេធើរ 3:2; មាត្រា​នៃ​សេចក្ដីជំនឿ 1:3 ) ។ បើ​គ្មាន​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ « នោះ​គ្មាន​រឿងល្អ​កើតឡើង​ដល់ [ យើង ] ទេ » ។ ការណ៍​ល្អ​គ្រប់យ៉ាង​ដែល​យើង​បាន​ទទួល​ពី​ព្រះវរបិតាសួគ៌​បាន​មក​តាមរយៈ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​មាន​ពរជ័យ​ជាច្រើន​ទុក​សម្រាប់​យើង ។ ទ្រង់ចង់​ឲ្យ​យើង « កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( មរ៉ូណៃ 7:19 ) ហើយ​ទ្រង់​ចង់​ប្រទាន​ដល់​យើង​នូវអ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ( សូមមើល គ. និង ស. 84:38 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សំណួរ​របស់​លោក​មរមន​នៅក្នុង មរ៉ូណៃ 7:20 ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 7:21–24 ដោយ​ស្ងាត់ស្ងៀម ​ដោយរកមើល​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ។

  • ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​អាន មរ៉ូណៃ 7:21–24 តើ​អ្នក​នឹង​ឆ្លើយ​តប​នឹង​សំណួរ​របស់​លោក​មរមន​នៅក្នុង មរ៉ូណៃ 7:20 ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ជួយ​ពួកគេ​ឲ្យ​រកមើល​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច « កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី មរ៉ូណៃ 7:25–26, 32–38 ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​រកឃើញ​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ផ្សេងទៀត​រកមើល​រឿង​ល្អ​ដែល​កើតឡើង​ចំពោះ​យើង ដែល​ជា​លទ្ធផល ។ ( នៅពេល​សិស្ស​ម្នាក់​អាន ខគម្ពីរទី 33 អ្នក​អាច​ពន្យល់​ថា​ឃ្លា « ការចាំបាច់​ដល់​យើង » សំដៅ​លើ​អ្វី​ដែល​ស្របតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ) ។

ក្រោយពី​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានរកឃើញ​ហើយ សូម​គិត​ពី​ការសុំ​ឲ្យ​ពួកគេ​សរសេរ​នូវ​គោលដៅ​មួយ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ជាងនេះ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ និង​កា្ដប់ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ​ដែល​ព្រះវរបិតាសួគ៌​ចង់​ប្រទាន​ដល់​ពួកគេ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ពរជ័យ​ដ៏​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះអង្គសង្គ្រោះ ដំណឹងល្អ​របស់​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​លើ​ទ្រង់​កាន់តែ​ខ្លាំង​ជាងនេះ ។

មរ៉ូណៃ 7:40–43

លោក​មរមន​បង្រៀន​ថា សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​នាំ​យើង​ឲ្យ​មាន​សេចក្ដីសង្ឃឹម​ចំពោះ​ជីវិតដ៏នៅ​អស់កល្បជានិច្ច

សូម​គូស​រូបភាព​កៅអី​ជើង​បី​មួយ​នៅលើ​ក្ដារខៀន ( ឬ​បង្ហាញ​រូប​កៅអី​ជើងបី ) ។

កៅអី​ជើង​បី

សូម​អាន​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់ ៖

អែលឌើរ អិម រ័សុល បាឡឺដ

« គោលការណ៍​ទេវភាព​បី បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​មួយ ដែល​យើង​អាច​សង់​ជីវិត​របស់​យើង​លើបាន ។ … រួមគ្នា វា​ផ្ដល់​ដល់​យើង​នូវ​មូលដ្ឋាន​នៃ​ការគាំទ្រ​ដូចជា​ជើង​នៃ​កៅអី​ជើង​បី​នេះ » ( « The Joy of Hope Fulfilled » Ensign, ខែ វិច្ឆិកា ឆ្នាំ 1992, ទំព័រ 33 ) ។

សូម​សរសេរ​ឃ្លា សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ លើ​ជើង​កៅអី​មួយ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វី​ដែល​ជើង​ពីរ​ទៀត​អាច​តំណាង​ឲ្យ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 7:40 ដោយ​ស្ងាត់ស្ងៀម​ដើម្បី​រកមើល​អ្វី​ដែល​ជើង​ទីពីរ​នៃ​កៅអី​នោះ​តំណាង​ឲ្យ ។ ( ជើង​ទីពីរ​នៃ​កៅអី​នោះ​តំណាង​ឲ្យ​សេចក្ដីសង្ឃឹម ) ។

សូម​អាន​ប្រយោគ​នៃ​សេចក្ដីសង្ឃឹម​ខាងក្រោម​នេះ​ឮៗ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​ភាពខុសគ្នា​រវាង​ប្រយោគ​ទាំងពីរ​នេះ ។

  1. ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ភ្លៀង​នៅថ្ងៃនេះ ។

  2. ខ្ញុំ​មាន​សេចក្ដីសង្ឃឹម​លើ​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ថា ខ្ញុំ​អាច​មាន​អារម្មណ៍​នៃ​សេចក្តីសុខសាន្ត​តាមរយៈ​ការប្រែចិត្ត ។

  • តើ​ប្រយោគ​ទាំងនេះ​ខុសគ្នា​ដូចម្ដេច​ខ្លះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា នៅក្នុង​ឧទាហរណ៍​ទីមួយ​ពាក្យ សេចក្ដីសង្ឃឹម សំដៅលើ​បំណង​មិន​ប្រាកដ​មួយ ។ នៅក្នុង​ឧទាហរណ៍​ទីពីរ​ពាក្យ សេចក្ដីសង្ឃឹម គឺជា​ការសម្ដែង​នៃ​ទំនុកចិត្ត​មួយ ។ វា​គឺជា​ការជម្រុញ​មួយ​ឲ្យ​មាន​សកម្មភាព ហើយ​វា​ផ្ដោតលើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពាក្យ សេចក្ដីសង្ឃឹម ដូចដែល​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធានទីមួយ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« សេចក្ដីសង្ឃឹម​គឺជា​អំណោយ​ខាង​វិញ្ញាណ ។ …

« សេចក្ដីសង្ឃឹម​មិន​មែន​ជា​ចំណេះដឹង​នោះទេ ប៉ុន្ដែ​វា​ជា​ទំនុកចិត្តប្រកប​ដោយ​ការគោរព​ថា ព្រះអម្ចាស់​នឹង​បំពេញ​សេចក្ដីសន្យា​របស់​ទ្រង់ចំពោះ​យើង ។ វា​គឺជា​ទំនុកចិត្ត​ថា ប្រសិនបើ​យើង​រស់នៅ​តាមក្រឹត្យ​វិន័យ​របស់​ព្រះ និង​ពាក្យសម្ដី​របស់​ព្យាការី​របស់​ទ្រង់​ឥឡូវនេះ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដែល​យើងចង់​បាន​នាពេល​អនាគត ។ វា​ជា​ការជឿ និង​ការសង្ឃឹម​ថា ការអធិស្ឋាន​របស់​យើង​នឹង​ទទួល​បាន​ចម្លើយ ។ វា​ត្រូវបាន​សម្ដែង​នៅក្នុង​ទំនុកចិត្ត សុទិដ្ឋិនិយម ការពេញចិត្ត និង​សេចក្ដីខ្ជាប់ខ្ជួន​ដ៏​អត់ធ្មត់ » ( « The Infinite Power of Hope » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2008, ទំព័រ 21–22 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 7:41 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើលអ្វី​ដែល​លោកមរមន​បាន​បង្រៀន​ថា​យើង​គួរ​សង្ឃឹម​លើ ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វីដែល​ពួកគេ​រកឃើញ សូម​សរសេរ​លើ​ជើង​កៅអី​ទីពីរ​នូវ​ឃ្លា សេចក្ដីសង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​បង្ហាញ​ថា មរ៉ូណៃ 7:41 នេះ​គឺជា​វគ្គចំណេះ​ចំណានខគម្ពីរ ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

  • យោងតាម មរ៉ូណៃ 7:41 តើ​យើង​អាច​មាន​សង្ឃឹម​ថា​នឹង​រស់នៅក្នុង​ជីវិតដ៏នៅអស់កល្បជានិច្ច​ដោយ​របៀបណា ? ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី ក៏​ពួកគេ​គួរ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ទទួល​បាន​សេចក្ដីសង្ឃឹម​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​ថា​នឹង​បាន​រស់នៅ​ក្នុង​ជីវិតដ៏នៅអស់កល្បជានិច្ច ) ។

សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 7:42–43 ដោយ​ខ្លួន​ឯង ដោយរកមើល​លក្ខណៈ​ដែល​យើង​ត្រូវការ​ដើម្បី​មាន​សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម ។ សូម​ឲ្យ​សិស្ស​រៀបរាប់​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ( អ្នក​អាច​ពន្យល់​ថា ការទន់ភ្លន់ និង​ដួងចិត្ត​រាបទាប​មាន​ន័យ​ថា បន្ទាបខ្លួន សុភាពរាបសា និង​ចេះស្តាប់បង្គាប់​តាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សេចក្ដីទន់ភ្លន់ និង​ការមាន​ដួងចិត្ត​រាបសា ចាំបាច់​ដើម្បី​មាន​សេចក្ដីជំនឿ និង​សេចក្ដីសង្ឃឹម​នៅក្នុង​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់ ៖

  • តើ​សេចក្ដីជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ផ្ដល់​ដល់​អ្នក​នូវ​សេចក្ដីសង្ឃឹម ដែល​អ្នក​នឹង​ទទួល​បាន​ជីវិតដ៏នៅអស់កល្បជានិច្ច​ដោយរបៀបណា ?

មរ៉ូណៃ 7:44–48

លោក​មរមន​បង្រៀន​ពី​សារៈសំខាន់​នៃ​សេចក្តីសប្បុរស

សូម​មើលទៅ​កៅអី​ជើងបី​វិញ ។ សូម​ឲ្យ​សិស្ស​អាន មរ៉ូណៃ 7:44 ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ពាក្យ​សម្រាប់​ជើង​ទីបី​នៃ​កៅអី​នេះ ។ នៅពេល​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ សូម​សរសេរ​លើ​ជើង​ទីបី​នូវ​ពាក្យ សេចក្តីសប្បុរស ។ សូម​ឲ្យ​ពួកគេ​ឲ្យ​និយមន័យ​នៃ​ពាក្យ សេចក្តីសប្បុរស ជា​សម្ដី​របស់​ខ្លួនគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 7:45–47 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ដោយ​រកមើល​របៀប​ដែល​លោកមរមន​បាន​រៀបរាប់ និង​ផ្ដល់​និយមន័យ​នៃ​ពាក្យ​សេចក្តីសប្បុរស ។

  • តើ​លោក​មរមន​ផ្ដល់​និយមន័យ​នៃ​ពាក្យ​សេចក្តីសប្បុរស​នៅក្នុង មរ៉ូណៃ 7:47 ? ( « សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ) ។

  • តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដែល​ថា សេចក្តីសប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ?

  • តើ​អ្នកគិត​ថា ហេតុអ្វីបានជា​យើង​គ្មាន​ជា​អ្វី​ទាំងអស់ ប្រសិនបើ​យើង​គ្មាន​សេចក្តីសប្បុរស​ទេ​នោះ ?

សូម​ឲ្យ​សិស្ស​ជ្រើសរើស​ការពិពណ៌នា​អំពី​ពាក្យ សេចក្តីសប្បុរស នៅក្នុង មរ៉ូណៃ 7:45 ហើយ​ពន្យល់ពី​អត្ថន័យ​ដែល​ពួកគេ​គិត​អំពី​ការពិពណ៌នា​នេះ ។ សូម​បញ្ជាក់​ពី​ការពន្យល់​របស់​ពួកគេ ពេល​ចាំបាច់ ។ ( ឧទាហរណ៍ « តែងតែ​តស៊ូ » មានន័យ​ថា នរណាម្នាក់​តស៊ូ​នឹង​ឧបសគ្គ​នានា​ដោយការ​អត់ធ្មត់ ។ « ពុំ​ចេះ​ឈ្នានីស » មានន័យ​ថា បុគ្គល​ម្នាក់​មិន​ច្រណែន​នឹង​អ្នកដទៃ ។ « ពុំ​ចេះ​អួត​ខ្លួន » មានន័យ​ថា នរណាម្នាក់​បន្ទាបខ្លួន ។ « ពុំ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន » រៀបរាប់​ពី​គុណសម្បត្តិ​នៃ​ការដាក់​ព្រះ និង​អ្នកដទៃ​មុនខ្លួន​យើង ។ « ពុំ​រហ័ស​ខឹង » មានន័យ​ថា មិន​ងាយ​នឹង​ក្រោធខឹង ។ « ជឿ​ដល់​ការណ៍​ទាំងអស់ » រៀបរាប់​ពី​នរណាម្នាក់​ដែល​ទទួល​យក​សេចក្ដីពិត​ទាំងអស់ ) ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ឆ្លើយតប​ចំពោះ​ស្ថានភាព​ខាងក្រោម​នីមួយៗ​ដោយ​របៀបណា ប្រសិនបើ​ពួកគេ​ខ្វះ​សេចក្តីសប្បុរស​នោះ ។ បន្ទាប់មក សូម​សួរ​ថា តើ​ពួកគេ​នឹង​ឆ្លើយតប​យ៉ាងណា ប្រសិនបើ​ពួកគេ​ត្រូវបាន​បំពេញ​ដោយ​សេចក្តីសប្បុរស ។ ( អ្នក​អាច​សម្រប​តាម​ស្ថានភាព​ទាំងនេះ ដោយយោង​តាម​តម្រូវការ និង​ចំណាប់អារម្មណ៍​របស់​សិស្ស​អ្នក ) ។

  1. មនុស្ស​សើចចំអក​ដល់​អ្នក ឬ​នរណាម្នាក់​ផ្សេង​នៅឯ​សាលារៀន ។

  2. អ្នក​មាន​បងប្រុស ឬ​បងស្រី​ម្នាក់​ដែល​រំខាន​ដល់​អ្នក​ជារឿយៗ ។

  3. នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​ប្រព្រឹត្ត​នូវ​អំពើបាប​មួយ​យ៉ាងធ្ងន់ ។

  4. អ្នក​មិន​ចូលចិត្ត​អ្នកប្រឹក្សា​កូរ៉ុម ឬ​ថ្នាក់​ថ្មី ដូច​ដែល​អ្នក​បាន​ចូលចិត្ត​អ្នកប្រឹក្សា​មុន​នោះទេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន មរ៉ូណៃ 7:48 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​មើល​តាម ហើយ​រកមើលអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រូវបាន​ប្រទានពរ​ដោយ​នូវ​អំណោយទាន​នៃ​សេចក្តីសប្បុរស ។ នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា គោលការណ៍​ខាងក្រោម​នេះ​ត្រូវបាន​បញ្ជាក់​ច្បាស់ ៖ ប្រសិនបើ​យើង​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត និង​រស់នៅ​ជា​អ្នកដើរតាម​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​បំពេញ​ដោយ​សេចក្តីសប្បុរស ។

សូម​បង្ហាញ​ថា មរ៉ូណៃ 7:45, 47–48 នេះ​គឺជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ អ្នក​អាចណែនាំ​ថា សិស្ស​គួរ​គូសចំណាំ​វគ្គ​នេះ​ដើម្បី​ឲ្យ​ងាយស្រួល​នឹង​រកឃើញ​វា ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​យើង​ត្រូវ​អធិស្ឋាន​សុំ​រក​អំណោយទាន​នៃ​សេចក្តីសប្បុរស​ដោយ​អស់ពី​កម្លាំង​ចិត្ត ?

  • តើ​នៅពេល​ណា​ដែល​អ្នក​ធ្វើទីបន្ទាល់​អំពី​គំរូ​នៃ​សេចក្តីសប្បុរស ? ( សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​បទពិសោធន៍​ទាំងនេះ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែរ ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​ដល់​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ចិត្តសប្បុរស​ចំពោះ​អ្នកដទៃ​ជាងមុន ?

សូម​ឲ្យ​សិស្ស​រំឭក មរ៉ូណៃ 7:45 ហើយ​ជ្រើសរើស​ធាតុ​មួយ​នៃ​សេចក្តីសប្បុរស ដែល​ពួកគេ​ត្រូវ​អភិវឌ្ឍ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​សុំ​អំណោយ​ទាន​នៃ​សេចក្តីសប្បុរស នៅពេល​ពួកគេ​ខិតខំ​អភិវឌ្ឍ​ផ្នែក​នេះ ។ សូម​ធ្វើទីបន្ទាល់​អំពី​ឥទ្ធិពល​ថា សេចក្តីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដីសប្បុរស​បាន​មាន​នៅក្នុង​ជីវិត​របស់​អ្នក ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណានខគម្ពីរ—មរ៉ូណៃ 7:41

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ មរ៉ូណៃ 7:41 ។ សូម​គិត​ពី​ការប្រើ​វិធី​នេះ​មួយ​ដែល​បាន​ពន្យល់​នៅក្នុង​ឧបសម្ព័ន្ធ​នៅចុង​បញ្ចប់​នៃ​សៀវភៅ​ណែនាំ​នេះ ។

និមិត្ត​សញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណានខគម្ពីរ—មរ៉ូណៃ 7:45, 47–48

សូម​ឲ្យ​សិស្ស​ជ្រើសរើស​បុគ្គល​មួយ​ដែល​ពួកគេ​ចង់​មាន​សេចក្ដីសប្បុរស​ដល់​គេ​ពី​បញ្ជី​ខាងក្រោម​នេះ ៖ សមាជិក​គ្រួសារ សមាជិក​កូរ៉ុម ឬ​ថ្នាក់ មិត្ត​នៅ​សាលារៀន មិត្តភក្ដិ ឬ​អ្នកជិតខាង ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គិតអំពី​បុគ្គល​ដែល​ពួកគេ​បាន​ជ្រើសរើស នៅពេល​ពួកគេ​អាន មរ៉ូណៃ 7:45 និង​គិត​ពិចារណា​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​ដល់​បុគ្គល​នោះ​នូវ​សេចក្តីស្រលាញ់​ដូចព្រះគ្រីស្ទ​បន្ថែម​ទៀត ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​នូវ​របៀប​មួយ ឬ​ពីរ​ដែល​ពួកគេ​នឹង​បង្ហាញ​សេចក្តីសប្បុរស​ដល់​បុគ្គល​ម្នាក់ ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ។ សូម​ឲ្យ​ពួកគេ​យក​ការខិតខំ​នេះ​ជា​ផ្នែក​មួយ​នៃ​ការអធិស្ឋាន​របស់​គេ​នៅ​សប្ដាហ៍​ក្រោយ ។ អ្នក​អាច​គិត​ពី​ការឲ្យ​សិស្ស​មាន​ឱកាស​មួយ​ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​គេ​នៅក្នុង​ថ្ងៃ​ខាងមុខ​នេះ ។

កំណត់ចំណាំ ៖ ដោយសារតែ​ប្រវែង​នៃ​មេរៀន​នេះ អ្នក​អាច​ចង់​ប្រើ​សកម្មភាព​នេះ​នៅថ្ងៃក្រោយ នៅពេល​អ្នក​មាន​ពេល​បន្ថែម ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

មរ៉ូណៃ 7:29–31 ។ ការបម្រើ​របស់​ពួកទេវតា

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​រៀបរាប់​ពី​ការបម្រើ​របស់​ពួកទេវតា ៖

« ‹ ពាក្យ « ទេវតា » គឺ​ត្រូវបានប្រើ​ក្នុង​បទគម្ពីរ​សម្រាប់​តួអង្គ​ស្ថានសួគ៌​គ្រប់អង្គ​ដែល​មាន​សារដំណឹង​របស់ព្រះ› (ចច ឃ្យូ ខានុន Gospel Truth, sel. Jerreld L. Newquist [ឆ្នាំ1987] ទំព័រ 54)។ បទគម្ពីរ​រៀបរាប់​នូវ​ឧទាហរណ៍​យ៉ាងច្រើន ដែល​ពួក​ទេវតា​បាន​លេច​មក​ជាតួអង្គ ។ ការលេចមក​របស់​ទេវតា​មក​ដល់​សាការី និង​ម៉ារី ( សូមមើល លូកា 1) និង ដល់​ស្ដេច​ប៊េនយ៉ាមីន និង​នីហ្វៃ កូនប្រុស​របស់​ហេលេមិន ( សូមមើល ម៉ូសាយ 3:2; នីហ្វៃទី 3. 7:17–18) គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​ពីរ​បី​ប៉ុណ្ណោះ ។ …

« …ការ​បម្រើ​នៃ​ពួកទេវតា ក៏​អាច​ត្រូវ​បាន​លាក់​កំបាំង​ផងដែរ ។ សារលិខិត​របស់ទេវតា អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សម្លេង ឬ​ដោយ​គំនិត ឬ​អារម្មណ៍​ទំនាក់ទំនង​នៅក្នុង​ចិត្ត។ ប្រធាន យ៉ូហាន ថេលើរ បាន​រៀបរាប់​ថា ‹ សកម្មភាព​របស់​ពួកទេវតា ឬ​សកម្មភាព​អ្នកសារទូត​របស់​ព្រះ មានមក​លើ​គំនិត​របស់​យើង ដើម្បី​ឲ្យ​ដួងចិត្ត​អាច​ទទួល​បាន … វិវរណៈ​មក​ពី​ពិភព​ដ៏​អស់កល្ប​ជានិច្ច › (Gospel Kingdom sel. G. Homer Durham [1987] 31 ) ។

« នីហ្វៃ បាន​ពិពណ៌នាការ​ប្រាកដ​អង្គបី​ដង​នៃ​ការ​បម្រើ​របស់​ពួក​ទេវតា នៅ​ពេល​លោក​បាន​រំលឹក​ដល់​បង​ប្អូន​ប៉ះបោរ​ថា (1) ពួក​គេ ‹ បានឃើញ​ទេវតា › (2) ពួក​គេ​បាន ‹ ឮ​សំឡេង​របស់​ព្រះ​អង្គជា​ញឹកញយ › ហើយ (3) ទេវតា​ក៏​បាន​‹ មាន​ព្រះ​បន្ទូល​ជា​មួយ [ ពួកគេ ] ដោយ​សំឡេង​តូច​រហៀងៗ › ទោះ​បី​ជា​ពួក​គេ ‹ មាន​ចិត្ត​វក់ › ហើយ ‹ មិន​អាច​ចាប់​អារម្មណ៍ › (នីហ្វៃទី 1 17:45) ។ ព្រះគម្ពីរ​រួមមាន​ប្រយោគ​ផ្សេងទៀត​ជាច្រើន​ដែល​ថា ពួក​ទេវតា​ត្រូវបាន​បញ្ជូន​មក​បង្រៀន​ដំណឹងល្អ និង​នាំ​មនុស្ស​ទៅរក​ព្រះគ្រីស្ទ ( សូមមើល ហេព្រើរ 1:14; អាលម៉ា 39:19; មរ៉ូណៃ. 7:25, 29, 31–32; គ. និង ស. 20:35) ។ ទំនាក់ទំនង​ជាមួយ​នឹង​ពួកទេវតា​ភាគច្រើន​ត្រូវ​បាន​ទទួល​ដោយ​អារម្មណ៍ ឬ​ឮ​ជាជាង​ការឃើញ » ( « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 38–39 ) ។

មរ៉ូណៃ 7:45–48 ។ សេចក្តី​សប្បុរស គឺ​ជា « សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ »

ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​បង្រៀន​អំពី​តម្រូវការ​នៃ​អំណោយទាន​នៃ​សេចក្តីសប្បុរស ៖

« វា​មាន​តម្រូវការ​ដ៏​ខ្លាំងក្លា​មួយ​សុំ​រក​សេចក្តីសប្បុរស ដែល​ផ្ដល់​នូវ​ចំណាប់អារម្មណ៍​ដល់​អស់អ្នក​ណា​ដែល​មិន​បាន​មាន​គេ​ចាប់​អារម្មណ៍ សេចក្ដីសង្ឃឹម​ដល់​អ្នកដែល​បាក់ទឹកចិត្ត និង​ជំនួយ​ដល់​អ្នកដែល​រងទុក្ខ ។ សេចក្ដីសប្បុរស​ពិតប្រាកដ គឺជា​សេចក្ដីស្រឡាញ់​ដែល​សម្ដែង​ចេញ​ជា​សកម្មភាព ។ តម្រូវការ​នៃ​សេចក្តីសប្បុរស មាន​នៅ​គ្រប់​ទីកន្លែង ។…

« សេចក្តីសប្បុរស គឺជា​ការមាន​សេចក្ដីអត់ធន់​ដល់​នរណាម្នាក់​ដែល​បាន​ធ្វើឲ្យ​យើង​ធ្លាក់ចុះ ។ វា​រារាំង​កំហឹង​កុំ​ឲ្យ​ឆាប់​កើតឡើង​ងាយស្រួល​ពេក ។ វា​គឺជា​ការទទួល​យក​ភាពទន់ខ្សោយ និង​ការបរាជ័យ ។ វា​គឺជា​ការទទួលយក​មនុស្ស ដូចដែល​មាន​ក្នុង​តថភាព ។ វា​គឺជា​ការមើល​រំលង​រូបរាង​ខាងក្រៅ ទៅមើល​ឥរិយាបថ ដែលនឹង​មិន​ស្រអាប់​តាម​ពេលវេលា ។ វា​គឺជា​ការរឹងទទឹង​មិន​ងាយ​កាត់សេចក្ដី​អ្នកដទៃ ។…

« … ជីវិត​មិន​ឥតខ្ចោះ​ចំពោះ​នរណាម្នាក់​ឡើយ ។ ជាជាង​ការកាត់សេចក្ដី និង​ការរិះគន់​ដល់​គ្នាទៅវិញទៅមក សូម​ឲ្យ​យើង​មាន​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ សម្រាប់​បងប្អូន​តាម​ផ្លូវ​របស់​យើង​នៅក្នុង​ដំណើរ​ឆ្លងកាត់​ជីវិត​នេះ ។ …

« … សូម​ឲ្យ [ សេចក្តីសប្បុរស ] ដឹកនាំ​អ្នក​នៅក្នុង​គ្រប់អ្វីៗ​ទាំងឡាយ​ដែល​អ្នក​ធ្វើ ។ សូម​ឲ្យ​វា​បំពេញ​ព្រលឹង​របស់​អ្នក និង​រកឃើញ​នូវ​ពាក្យពេចន៍​នៅក្នុង​គ្រប់​គំនិត និង​សកម្មភាព​របស់​អ្នក » ( « Charity Never Faileth » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 124–25 ) ។

អែលឌើរ ម៉ាវីន ជេ អាស្តុន នៃ​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​សរសេរ​នូវ​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដីសប្បុរស​ថា ៖

« សេចក្តីសប្បុរស​ពិត​ប្រាកដ គឺមិន​មែន​ជា​អ្វី​មួយ​ដែល​អ្នក​បោះចោល​នោះទេ វា​គឺជា​អ្វីមួយ​ដែល​អ្នក​ទទួល​បាន និង​ធ្វើ​វា​ឲ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​អ្នក ។ …

« ប្រហែល​ជា​សប្បុរសធម៌​ដ៏​អស្ចារ្យ​បំផុតមាន​ នៅពេល​យើង​មាន​ចិត្ត​ល្អ​ដល់​គ្នា​ទៅវិញទៅមក នៅពេល​យើង​មិន​កាត់សេចក្ដី ឬ​រើស​អើង​លើ​នរណាម្នាក់​ទៀត នៅពេល​យើង​ផ្ដល់​ប្រយោជន៍​អំពី​ការសង្ស័យ ឬ​នៅ​ស្ងៀមស្ងាត់​ដល់​គ្នាទៅវិញទៅមក​យ៉ាង​សាមញ្ញ ។ សប្បុរសធម៌​គឺជា​ការទទួល​យក​ភាពខុសគ្នា ភាពទន់ខ្សោយ និង​ការបរាជ័យ​របស់​នរណាម្នាក់ ការ​មាន​ភាពអត់ធន់​ដល់​នរណាម្នាក់​ដែល​បាន​ធ្វើឲ្យ​យើង​ធ្លាក់ចុះ ឬ​ការរារាំង​មិន​ឲ្យ​កំហឹង​ឆាប់​កើតឡើង នៅពេល​នរណាម្នាក់​មិន​ព្រម​ដោះស្រាយ​អ្វីមួយ​តាម​របៀប​ដែល​យើង​សង្ឃឹម​ចង់​បាន ។ សប្បុរសធម៌​ជា​ការបដិសេធ​មិន​កេង​ចំណេញ​លើ​ភាពទន់ខ្សោយ​របស់​អ្នកដទៃ និង​ការមាន​ឆន្ទៈ​ក្នុង​ការអភ័យទោស​ដល់​នរណាម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ។ សប្បុរសធម៌​គឺជា​ការសង្ឃឹម​ការល្អ​បំផុត​ពី​គ្នាទៅវិញទៅមក » ( « The Tongue Can Be a Sharp Sword » Ensign ខែ ឧសភា ឆ្នាំ 1992 ទំព័រ 19 ) ។

មរ៉ូណៃ 7:45–48 ។ « និយម​ន័យ​ដ៏​អស្ចារ្យ​នៃ ‹ សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › »

ដោយ​សំដៅ​លើ​ពាក្យសម្ដី​របស់ មរមន នៅក្នុង មរ៉ូណៃ 7:45–48 អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

« វា​នឹង​មាន​ប្រយោជន៍​ដើម្បី​កត់ចំណាំ​ថា សេចក្ដីសប្បុរស ឬ ‹ សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › ដែល​យើង​ស្រឡាញ់​ចង់​បាន អាច​ត្រូវ​បកប្រែ​បាន​ពីរ​របៀប ។ អត្ថន័យ​របស់​វា​មួយ​គឺជា​សេចក្ដីមេត្តា សេចក្ដីស្រឡាញ់​ដែល​ប្រកប​ដោយ​ការអភ័យទោស​មួយ​ប្រភេទ ដែល​សិស្ស​របស់​ព្រះគ្រីស្ទ គួរ​មាន​ចំពោះ​គ្នា​ទៅវិញទៅមក ។ នោះ​មាន​ន័យ​ថា ពួកគ្រីស្ទាន​​ទាំងអស់​គួរ​ព្យាយាមមាន​សេចក្តី​​ស្រឡាញ់​ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ស្រឡាញ់ ដោយ​បង្ហាញ​សេចក្ដីមេត្តា​ដ៏​សុទ្ធសាធ ដែល​ប្រោសលោះ​សម្រាប់​មនុស្ស​ទាំងអស់ ។ ជា​អកុសល សីលធម៌​តែ​ពីរ​បី បើ​សិន​ជា​មាន បាន​យក​ជ័យជំនះ​ទាំងស្រុង​នៅក្នុង​ការខិតខំ​នេះ ប៉ុន្ដែ​វា​ជា​ការអញ្ជើញ​មួយ​ដែល​មនុស្ស​ទាំងអស់​ត្រូវ​ព្យាយាម​បំពេញ ។

« និយមន័យ​ដែល​កាន់តែ​អស្ចារ្យ​នៃ​ឃ្លា​ថា ‹ សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ › … មិនមែន​ជា​អ្វី​ដែល​យើង​ជា​ពួកគ្រីស្ទាន​ព្យាយាម តែ​ភាគច្រើន​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ផ្សេងទៀត​ឃើញ​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​ព្រះគ្រីស្ទ​មាន​ជោគជ័យ​ទាំងស្រុង​ក្នុង​ការបង្ហាញ​ដល់​យើង ។ សេចក្ដី​សប្បុរស​ដ៏​ពិត ត្រូវបាន​ស្គាល់​តែ​ម្ដង​គត់ ។ វា​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ និង​យ៉ាង​បរិសុទ្ធ​នៅក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិតប្រាកដ ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ដ៏​ធួន​របស់​ព្រះគ្រីស្ទ​សម្រាប់​យើង ។ វា​គឺជា​សេចក្ដីស្រឡាញ់​របស់​ព្រះគ្រីស្ទ​សម្រាប់​យើង​ដែល ‹ តែងតែ​អត់ធ្មត់ ហើយ​ចិត្តល្អ ហើយ​ពុំ​ចេះ​ឈ្នានីស › ។ វា​គឺជា​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ដែល​ពុំ ‹ ចេះ​អួតខ្លួន … ពុំ​រហ័ស​ខឹង ពុំ​គិត​ដល់​សេចក្ដីអាក្រក់ › ។ វា​គឺជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​មាន​សម្រាប់​យើង ដែល ‹ ទ្រាំទ្រ​ការណ៍​ទាំងអស់ ជឿ​ដល់​ការណ៍​ទាំងអស់ សង្ឃឹម​ដល់​ការណ៍​ទាំងអស់ ហើយ​ស៊ូ​ទ្រាំទ្រ​ការណ៍​ទាំងអស់ › ។ វា​ត្រូវបាន​បង្ហាញ​នៅក្នុង​ព្រះគ្រីស្ទ​ថា ‹ សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅឡើយ › ។ វា​គឺ​ជា​សេចក្ដី​សប្បុរស​នោះ—ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ទ្រង់​មាន​សម្រាប់​យើង—ដែល​បើ​គ្មាន​វា​ទេ យើង​នឹង​គ្មាន​ជា​អ្វី​ទាំងអស់ អស់សង្ឃឹម​ជា​បុរស និង​ស្ត្រី​ដែល​វេទនា​បំផុត ។ ពិតណាស់ ពួក​អ្នក​ដែល​មាន​សេចក្ដី​សប្បុរស នឹង​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ—ដង្វាយធួន ដំណើររស់​ឡើងវិញ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ការសន្យា​ដ៏​អស់កល្ប—ពិតណាស់ នឹង​បាន​ស្រួល​ទាំងអស់​ដល់​អ្នក​នោះ​ហើយ ។

« ការណ៍​នេះ​នឹង​មិន​បង្រួម​ដល់​អប្បបរមា​នៃ​បទបញ្ញត្តិ​ដែល​យើង​ត្រូវ​ព្យាយាម​ទទួល​បាន​សេចក្ដីស្រឡាញ់​ប្រភេទ​នេះដល់​គ្នា​ទៅវិញទៅមក ។ យើង​គួរ ‹ អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត រហូតដល់ [ យើង ] អាច​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់​នេះ › [កូរិនថូសទី 1 13:4–5, 7–8; មរ៉ូណៃ 7:48] ។ យើង​គួរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ស្ថេរភាព និង​មិន​បរាជ័យ តែងតែ​តស៊ូ និង​ចិត្តល្អ​ជាងមុន ពុំចេះ​ឈ្នានីស និង​ពុំ​រហ័ស​ខឹង​ពេល​យើង​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ ។ នៅពេល​ព្រះគ្រីស្ទ​នៅ​មាន​ព្រះជន្ម នោះ​យើង​នឹង​រស់នៅ ហើយ​នៅពេល​ព្រះគ្រីស្ទ​ស្រឡាញ់ នោះ​យើង​ក៏​នឹង​ស្រឡាញ់​ដែរ ។ ប៉ុន្ដែ ‹ សេចក្ដីស្រឡាញ់ដ៏​សុទ្ធសាធ នៃ​ព្រះគ្រីស្ទ › ដែល​លោក​មរមន​បាន​និយាយ​ នោះ គឺ​មានន័យ​ច្បាស់​ថា —សេចក្ដីស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ ដោយ​មាន​អំណោយ​ដ៏​ទេវភាព​នោះ អំណោយទាន​ប្រោសលោះ​នោះ យើង​មាន​អ្វីៗ​ទាំងអស់ បើ​គ្មាន​វា​ទេ យើង​គ្មាន​អ្វី​ទាំងអស់ ហើយ​នៅទីបញ្ចប់ គ្មាន​អ្វី​ទាំងអស់ លើកលែង​តែ​នៅទីបំផុត ‹ សាតាំង [ និង ] ពួកទេវតា​ទៅជា​សាតាំង​តែមួយ › [នីហ្វៃទី 2 9:9] ។

« ជីវិត​មាន​ចំណែក​នៃ​ការភ័យខ្លាច និង​ការបរាជ័យ​របស់​វា ។ ជួន​កាល​រឿង​ខ្លះ​ក៏​​បរាជ័យ ។ ជួនកាល​​មនុស្ស​ខ្លះ​ធ្វើឲ្យ​យើង​បរាជ័យ ទោះជា​ការ​បរាជ័យ​ខាង​​សេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម ឬ​ក៏​រដ្ឋាភិបាល​ធ្វើឲ្យ​យើងបរាជ័យ​ក៏​ដោយ ។ ប៉ុន្ដែ​រឿង​មួយ​ទោះ​ក្នុងពេល​នេះ ឬ​ភាពអស់កល្បជានិច្ច មិន ធ្វើ​ឲ្យ​យើង​បរាជ័យ​ទេ—គឺសេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។

« … អព្ភូតហេតុនៃ​សេចក្តីសប្បុរស​របស់​ព្រះគ្រីស្ទ សង្គ្រោះ និង​ផ្លាស់ប្ដូរ​យើង ។ សេចក្ដីស្រឡាញ់​ដ៏​ធួន​របស់​ទ្រង់​សង្គ្រោះ​យើង​ចេញពី​សេចក្ដីស្លាប់ និង​ពី​នរក​ក៏​ដូចជា​អាកប្បកិរិយា​នៃ​រូបកាយ នៃ​កាម និង​នៃ​អារក្ស​ដែរ ។ សេចក្ដីស្រឡាញ់​ដ៏​ប្រោសលោះ​នោះ​ក៏​ផ្លាស់ប្ដូរ​ព្រលឹង លើក​ព្រលឹង​យើង​ឡើង​ពី​បទដ្ឋាន​ដែល​ធ្លាក់ចុះ​ទៅដល់​អ្វី​ដែល​មាន​កិត្តិយស​ខ្លាំង និង​បរិសុទ្ធ​ខ្លាំង​ក្រៃ ។ ហេតុដូច្នេះហើយ យើង​ត្រូវតែ ‹ ប្រកាន់ខ្ជាប់​នូវ​សេចក្តីសប្បុរស › —ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​ដល់​យើង និង​ការខិតខំ​ដ៏​ប្ដេជ្ញា​របស់​យើង​ចំពោះ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​ដល់​ទ្រង់ និង​អ្នកដទៃ​ផ្សេងទៀត— ព្រោះ​​បើ​គ្មាន​វា​ទេ យើង​គ្មាន​ជា​អ្វី​ទាំងអស់ ហើយ​ផែនការ​របស់​យើង​សម្រាប់​សុភមង្គល​ដ៏​អស់កល្ប​នឹង​ត្រូវ​បោះបង់​ចោល​ទាំងស្រុង ។ បើ​គ្មាន​សេចក្ដីស្រឡាញ់​ដ៏​ប្រោសលោះ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង​ទេ គុណសម្បត្តិ​ផ្សេងទៀត​ទាំងអស់ —មិន​ថា​គុណភាព​ខាង​សីលធម៌ និង​កិច្ចការ​ដែល​ជា​គំរូ​ដ៏​ល្អ​នោះទេ— នឹង​បរាជ័យ​ចេញ​ពី​សេចក្តីសង្គ្រោះ និង​សេចក្តីរីករាយ » (Christ and the New Covenant: The Messianic Message of the Book of Mormon [1997] 336–37 ) ។