មេរៀនទី 157
មរ៉ូណៃ 8
សេចក្តីផ្ដើម
ដោយបន្ដបន្ថែមក្នុងបញ្ជីពិសិដ្ឋ លោកមរ៉ូណៃបានបញ្ចូលនូវសារ ឬសំបុត្រ ដែលលោកបានទទួលពីឪពុករបស់លោក គឺលោកមរមន ។ នៅក្នុងសារនោះ លោកមរមនបានកត់ត្រានូវវិវរណៈមួយដែលលោកបានទទួលអំពីមូលហេតុដែលក្មេងតូចៗមិនត្រូវជ្រមុជទឹក ។ លោកមរមនក៏បានបង្រៀនអំពីរបៀបដែលយើងអាចរៀបចំដើម្បីរស់នៅជាមួយនឹងព្រះ ។ លោកបានបញ្ចប់សាររបស់លោកដោយការបង្ហាញការបារម្ភអំពីអំពើទុច្ចរិតរបស់ពួកគេសាសន៍នីហ្វៃ និងសេចក្តីបំផ្លិចបំផ្លាញក្នុងពេលដ៏ខ្លីខាងមុខនេះរបស់គេ ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 8:1–24
លោកមរមនបង្រៀនថា កូនក្មេងតូចៗរស់នៅក្នុងព្រះគ្រីស្ទ
មុនពេលបង្រៀន សូមបង្ហាញរូបភាពកុមារីកំពុងទទួលបុណ្យជ្រមុជទឹក ( សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] លេខ 104 ) ឬ រូបភាពផ្សេងទៀតនៃកុមារអាយុប្រាំបីឆ្នាំនៅក្នុងការបម្រើនៃបុណ្យជ្រមុជទឹករបស់គេ ។ សូមសរសេរសំណួរខាងក្រោមនៅលើក្តាខៀន ៖
នៅពេលសិស្សមកដល់ សូមឲ្យពួកគេមើលរូបភាព ហើយសញ្ជឹងគិតពីសំណួរនៅលើក្ដារខៀននេះ ។
នៅពេលអ្នកចាប់ផ្ដើមបង្រៀន សូមប្រាប់សិស្សថា នៅក្នុងសំបុត្រមួយដល់កូនប្រុសរបស់លោក គឺមរ៉ូណៃ លោកមរមនបានបង្រៀនអំពីសេចក្តីសង្គ្រោះដល់កូនក្មេងតូចៗ ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 8:4–6 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលលោកមរមនបានបារម្ភដល់ ។ ( អ្នកអាចពន្យល់ថានៅក្នុង ខគម្ពីរទី 6 ពាក្យ ដ៏ធំ មានន័យថាធ្ងន់ធ្ងរ ខ្មាស់អៀន ឬកាចសាហាវ ) ។
ក្រោយពីសិស្សរៀបរាប់អ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេអាន មរ៉ូណៃ 8:7 ដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីដែលលោកមរមនបានធ្វើ នៅពេលលោកបានដឹងអំពីបញ្ហានេះ ។
-
តើយើងអាចរៀនអ្វីពីគំរូរបស់លោកមរមន ?
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 8:8–9 ឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលចម្លើយចំពោះការអធិស្ឋានរបស់លោកមរមន ។ នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ អ្នកអាចពន្យល់ថាឃ្លា « ពាក្យបណ្ដាសាដល់លោកអ័ដាម » សំដៅលើការបែងចែកពីវត្តមាននៃព្រះរបស់លោកអ័ដាម ជាលទ្ធផលនៃការធ្លាក់ ។ មនុស្សខ្លះជឿខុសថា កូនក្មេងទាំងអស់បានកើតមកដោយមានអំពើបាប ដោយសារតែការធ្លាក់ ។ ដោយមានគំនិតមិនត្រឹមត្រូវនេះហើយ ពួកគេគិតថា កូនក្មេងតូចមិនសក្តិសមនៅក្នុងវត្តមានរបស់ព្រះទេ ប្រសិនបើពួកគេស្លាប់ដោយមិនបានជ្រមុជទឹកនោះ ។ នៅពេលអ្នកពន្យល់ការណ៍នេះ អ្នកអាចសុំឲ្យសិស្សទន្ទេញមាត្រាទីពីរនៃសេចក្តីជំនឿ ។ អ្នកអាចផ្ដល់យោបល់ថា ពួកគេគួរធ្វើសេចក្ដីយោងឆ្លង មរ៉ូណៃ 8:8–9 ជាមួយនឹង មាត្រានៃសេចក្ដីជំនឿ 1:2 ។
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន ៖ ការប្រែចិត្ត និងបុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់អ្នកទាំងឡាយណាដែល …
សូមឲ្យសិស្សអាន មរ៉ូណៃ 8:10 ដោយស្ងាត់ស្ងៀមដោយរកមើលពាក្យ និងឃ្លាដែលបំពេញប្រយោគនៅលើក្ដារខៀន ។ ក្រោយពីសិស្សរៀបរាប់ចម្លើយរបស់គេហើយ សូមបំពេញប្រយោគដូចខាងក្រោម ៖ ការប្រែចិត្ត និងបុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់អ្នកទាំងឡាយណាដែលអាចទទួលខុសត្រូវ និងមានសមត្ថភាពនឹងប្រព្រឹត្តអំពើបាប ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំនៅក្នុង មរ៉ូណៃ 8:10 ដែលបង្រៀនពីសេចក្ដីពិតនេះ ។
វាអាចជួយបញ្ជាក់ថា អំពើបាបគឺជា « ការមិនគោរពតាមច្បាប់របស់ព្រះដោយចេតនា » ( Guide to the Scriptures, “Sin,” scriptures.lds.org ) ។ សូមអាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងយល់ពីគោលលទ្ធិរបស់យើងថា មុនវ័យនការចេះទទួលខុសត្រូវ នោះកុមារ ‹ មិនមានសមត្ថភាពប្រព្រឹត្តអំពើបាបនោះទេ › ( មរ៉ូណៃ 8:8 ) ។ អំឡុងពេលនោះ កូនក្មេងអាចប្រព្រឹត្តកំហុស ទោះជាកំហុសដ៏ធ្ងន់ធ្ងរក្តី ហើយមានការខូចខាត ដែលត្រូវតែកែតម្រូវក៏ដោយ ក៏ទង្វើរបស់គេមិនត្រូវទទួលខុសត្រូវថាជាអំពើបាបនោះទេ » ( « Sins and Mistakes » Ensign, ខែ តុលា ឆ្នាំ 1996, ទំព័រ 65 ) ។
សូមបែងចែកសិស្សជាពីរក្រុម ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន មរ៉ូណៃ 8:11–18 ដោយស្ងាត់ស្ងៀម ហើយសិស្សផ្សេងទៀតអាន មរ៉ូណៃ 8:11, 19–24 ដោយស្ងាត់ស្ងៀម ។ ( អ្នកអាចសរសេរសេចក្ដីយោងទាំងនេះនៅលើក្ដារខៀន ) ។ មុនពេលពួកគេអាន សូមឲ្យសិស្សទាំងពីរក្រុមរកមើលអ្វីដែលលោកមរមនបានបង្រៀនអំពីពិធីបុណជ្រមុជទឹកដល់កូនក្មេងតូចៗ ។ នៅពេលសិស្សមានពេលអានគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចេញពីក្រុមនីមួយៗរៀបរាប់អ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចប្រើសំណួរខាងក្រោមនេះខ្លះដើម្បីជួយសិស្សឲ្យគិតបន្ថែមទៀតអំពីការបង្រៀនរបស់លោកមរមន ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលកូនក្មេងតូចៗ « រស់នៅក្នុងព្រះគ្រីស្ទ » ? ( មរ៉ូណៃ 8:12, 22 ) ។ ( ពួកគេត្រូវបានប្រោសលោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេមិនអាចធ្វើបាបបានទេ ដោយសារអំណាចនេះមិនត្រូវបានផ្ដល់ទៅដល់សាតាំងដើម្បីល្បួងកូនក្មេងឡើយ ។ សូមមើលផងដែរ មរ៉ូណៃ 8:10; គ. និង ស. 29:46–47 ) ។
-
តើយើងត្រូវធ្វើអ្វីដើម្បីរស់នៅក្នុងព្រះគ្រីស្ទ ? ( សូមមើល នីហ្វៃទី 2 25:23–26; មរ៉ូណៃ 8:10 ) ។
-
តើយើងអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីរបៀបដែលកូនក្មេងតូចត្រូវបានសង្គ្រោះ ? ( សិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ កូនក្មេងតូចៗត្រូវបានសង្គ្រោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សិស្សក៏អាចបង្ហាញដែរថា កូនក្មេងតូចរស់នៅក្នុងព្រះគ្រីស្ទ ថា ព្រះមិនមែនជាព្រះនៃចំណែកនោះទេ ហើយថា ព្រះគឺមិនផ្លាស់ប្ដូរ ។)
សូមសរសេរនូវគំរូដូចខាងក្រោមនៅលើក្ដារខៀន ឬរៀបចំវាជាក្រដាសចែកដល់សិស្ស ។ សូមឲ្យសិស្សម្នាក់ៗជ្រើសរើសគំរូមួយ ។ បន្ទាប់មក សូមឲ្យសិស្សជ្រើសរើសខគម្ពីរមួយ ឬពីរពី មរ៉ូណៃ 8:8–23 ហើយពន្យល់ពីរបៀបដែលសេចក្ដីពិតនៅក្នុងខគម្ពីរទាំងនោះនិយាយពីការបារម្ភដែលបានបង្ហាញនៅក្នុងគំរូដែលពួកគេបានជ្រើសរើស ។
គំរូទី 1 ៖ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ អ្នកជួបនឹងគូស្វាមីភរិយាមួយគូដែលក្រៀមក្រំជាខ្លាំង ដោយសារកូនស្រីអាយុពីរខែរបស់គេបានស្លាប់ ។ អ្នកដឹកនាំសាសនាចក្ររបស់គេបានប្រាប់ពួកគេថា កូនក្មេងតូចបានកើតមកដោយមានបាប ដោយសារតែការរំលងរបស់លោកអ័ដាម ។ លោកនិយាយថា ដោយសារកូនស្រីរបស់ពួកគេមិនបានជ្រមុជទឹក មុនពេលនាងស្លាប់ ដូច្នេះនាងមិនអាចត្រូវបានសង្គ្រោះឡើយ ។
គំរូទី 2 ៖ អ្នកមានមិត្តម្នាក់ដែលបានជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនា និងចូលរួមក្នុងព្រះវិហារជាមួយនឹងអ្នក ។ នាងសម្រេចចិត្តថា នាងចង់ចូលរួមក្នុងសាសនាចក្រ ប៉ុន្ដែនាងស្ទាក់ស្ទើរនឹងការជ្រមុជទឹក ។ នាងពន្យល់ « ខ្ញុំត្រូវបានជ្រមុជទឹក នៅពេលខ្ញុំនៅជាទារក » ។ « តើវាមិនល្អគ្រប់គ្រាន់ទេឬ » ?
នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេអំពីគំរូទីពីរ អ្នកអាចរំឭកពួកគេថា ការប្រែចិត្ត និងពិធីបុណជ្រមុជទឹកដល់ « អស់អ្នកណាដែលដឹងខុស និងត្រូវ ហើយមានសមត្ថភាពនឹងប្រព្រឹត្តអំពើបាប » ( មរ៉ូណៃ 8:10 ) ។ ព្រះអម្ចាស់បានមានបន្ទូលថា កូនចៅទាំងឡាយចាប់ផ្ដើមដឹងខុស និងត្រូវ នៅចំពោះមុខទ្រង់នៅអាយុប្រាំបីឆ្នាំ ។ វិវរណៈអំពីសេចក្ដីពិតនេះមាននៅក្នុងការបកប្រែរបស់ យ៉ូសែប ស៊្មីធ លោកុប្បត្តិ 17:11 ( នៅក្នុងឧបសម្ព័ន្ធនៃការបោះពុម្ពរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ ) និង គោលលទ្ធិ និង សេចក្តីសញ្ញា 68:25–27 ។
មរ៉ូណៃ 8:25–30
លោកមរមនបង្រៀនពីអ្វីដែលអស់អ្នកណាដែលដឹងខុស និងត្រូវ ត្រូវតែធ្វើដើម្បីរស់នៅជាមួយនឹងព្រះ
សូមពន្យល់ថា ក្រោយពីមរមនបានបង្រៀនមរ៉ូណៃអំពីមូលហេតុដែលកូនក្មេងតូចមិនចាំបាច់ត្រូវជ្រមុជទឹក លោកបានបង្រៀនពីមូលហេតុដែលបុណ្យជ្រមុជទឹកចាំបាច់សម្រាប់អស់អ្នកណាដែលដឹងខុស និងត្រូវ ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 8:25–26 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពរជ័យដែលមកកាន់មនុស្សដែលអនុវត្តសេចក្ដីជំនឿ ប្រែចិត្ត និងបានជ្រមុជទឹក ។
-
តើពរជ័យអ្វីខ្លះដែលអ្នកបានឃើញនៅក្នុងខគម្ពីរទាំងនេះ ? ( នៅពេលសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ អ្នកអាចសរសេរចម្លើយរបស់គេនៅលើក្ដារខៀន ។ ចម្លើយអាចរួមមាន សេចក្តីជំនឿ ការប្រែចិត្ត និងពិធីបុណជ្រមុជទឹក នាំទៅរកការផ្តាច់បាប ការរាបសា និងភាពទន់ទាបក្នុងចិត្ត ការមានព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះ និងចុងបញ្ចប់ ពរជ័យនៃការរស់នៅជាមួយនឹងព្រះ ) ។
នៅពេលសិស្សសរសេរពរជ័យទាំងឡាយដែលពួកគេឃើញនៅក្នុង មរ៉ូណៃ 8:25–26 អ្នកអាចសួរសំណួរតាមដានទាំងនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាការទទួលបានការផ្ដាច់បាបរបស់យើង នាំទៅរកការទន់ទាប និងការរាបសានៃដួងចិត្ត ?
-
តើការទន់ភ្លន់ និងការរាបសាក្នុងចិត្តអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកកាន់ជីវិតរបស់យើងដោយរបៀបណា ?
-
ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យរៀបចំដើម្បីរស់នៅជាមួយនឹងព្រះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវអត់ធ្មត់ និងប្រកបដោយការអធិស្ឋានដើម្បីមានសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះដើម្បីតស៊ូនៅក្នុងជីវិតរបស់យើង ?
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន ៖ តាមរយៈការគោរពដ៏ស្មោះត្រង់តាមព្រះបញ្ញត្តិ យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដែលរៀបចំយើង …
សូមឲ្យសិស្សរកមើលឃ្លាមួយពី មរ៉ូណៃ 8:25–26 ដែលបំពេញគោលការណ៍នេះ ៖ តាមរយៈការគោរពដ៏ស្មោះត្រង់តាមព្រះបញ្ញត្តិ យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដែលរៀបចំយើងឲ្យរស់នៅជាមួយនឹងព្រះ ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 8:27 ឮៗ ហើយសូមឲ្យសិស្សរកមើលលទ្ធផលនៃភាពឆ្មើងឆ្មៃរបស់ពួកសាសន៍នីហ្វៃ ។ បន្ទាប់មក សូមឲ្យសិស្សរំឭក មរ៉ូណៃ 8:26 និង មរ៉ូណៃ 8:27 ដោយស្ងាត់ស្ងៀមដែលផ្ទុយទៅនឹងលទ្ធផលនៃការរាបសា និងភាពទន់ភ្លន់ក្នុងដួងចិត្តជាមួយនឹងលទ្ធផលនៃភាពឆ្មើងឆ្មៃ ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 8:28 ឮៗ ។ សូមបង្ហាញថា ក្រោយពីលោកមរមនបានបង្ហាញពីការបារម្ភអំពីពួកសាសន៍នីហ្វៃ លោកបានមានប្រសាសន៍ថា « ចូរកូនអធិស្ឋានឲ្យពួកគេ ដើម្បីឲ្យពួកគេប្រែចិត្ត » ។ សូមរំឭកសិស្សពីអំណាចដែលអាចមកដល់ក្នុងជីវិតរបស់មនុស្ស នៅពេលអ្នកដទៃអធិស្ឋានសម្រាប់ពួកគេ ។
ដើម្បីបញ្ចប់មេរៀននេះ សូមឲ្យសិស្សចែកចាយពីអារម្មណ៍របស់គេអំពីអំណាចនៃដង្វាយធួនដើម្បីសង្គ្រោះដល់កូនក្មេងតូច និងសង្គ្រោះដល់យើងទាំងអស់គ្នា នៅពេលយើងខិតខំដើម្បីមានការស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់យើង ។