មេរៀនទី 160
មរ៉ូណៃ 10:8–26, 30–34
សេចក្តីផ្ដើម
ក្រោយពីការបង្រៀនពីរបៀបដើម្បីទទួលបានសាក្សីមួយអំពីសេចក្ដីពិតនៃការណ៍ទាំងអស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធហើយ លោកមរ៉ូណៃបានដាស់តឿនអស់អ្នកដែលអានពាក្យរបស់លោកឲ្យទទួលបាន និងទទួលស្គាល់អំណោយទានខាងវិញ្ញាណ ។ លោកមរ៉ូណៃបានបញ្ចប់កំណត់ត្រាព្រះគម្ពីរមរមនដោយការដាស់តឿនដល់មនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ក្ដាប់ជាប់នូវអំណោយទានល្អគ្រប់យ៉ាងដែលទ្រង់បានប្រទាន និងបានឥតខ្ចោះតាមរយៈទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 10:8–26
លោកមរ៉ូណៃបង្រៀនអំពីអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ និងគោលបំណងរបស់វានៅក្នុងកិច្ចការរបស់ព្រះអម្ចាស់
សូមឲ្យសិស្សគិតអំពីពេលមួយដែល ព្រះវរបិតាសួគ៌បានជួយដល់ពួកគេឲ្យធ្វើអ្វីមួយដែលពួកគេមិនអាចធ្វើបានដោយសមត្ថភាពខ្លួនឯង ។ សូមឲ្យសិស្សអាន មរ៉ូណៃ 10:8 ដោយស្ងាត់ស្ងៀមដោយរកមើលឃ្លាដែលពិពណ៌នាពីសមត្ថភាពខាងវិញ្ញាណ ឬពរជ័យដែលព្រះបានប្រទានដល់អ្នកស្មោះត្រង់ ( « អំណោយទាននៃព្រះ » ) ។ សូមពន្យល់ថា ជារឿយៗ យើងសំដៅលើអំណោយទានទាំងនេះថាជាអំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ឬអំណោយទាននៃវិញ្ញាណ ។
-
យោងតាម មរ៉ូណៃ 10:8 ហេតុអ្វីបានជាព្រះប្រទានអំណោយទានទាំងឡាយនៃព្រះវិញ្ញាណដល់កូនចៅរបស់ទ្រង់ ? ( ក្រោយពីសិស្សឆ្លើយហើយ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន៖ ព្រះប្រទានអំណោយទានទាំងឡាយនៃព្រះវិញ្ញាណដើម្បីជាប្រយោជន៍ដល់កូនចៅរបស់ទ្រង់ ។ អ្នកអាចពន្យល់ថានៅក្នុងបរិបទនេះ ជាប្រយោជន៍ មានន័យថាប្រទានពរ ឬជួយ ) ។
សូមឲ្យសិស្សអាន មរ៉ូណៃ 10:9–16 ដោយស្ងាត់ស្ងៀមដោយរកមើលអំណោយទានរបស់ព្រះ ដែលលោកមរ៉ូណៃបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះ ។ អ្នកអាចណែនាំថា សិស្សគួរគូសចំណាំអ្វីដែលពួកគេរកឃើញ ។
-
តើអំណោយទានទាំងឡាយនៃព្រះវិញ្ញាណមួយណា ដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនេះ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ) ។
-
តើអ្នកបានឃើញគំរូអ្វីខ្លះនៃអំណោយទានទាំងនេះនៅក្នុងសាសនាចក្រ ?
-
តើនៅពេលណាដែលអ្នកបានឃើញមនុស្សខ្លះទទួលបានពរជ័យ ដោយសារអ្នកដទៃបានអនុវត្តអំណោយទាននៃវិញ្ញាណរបស់គេនោះ ? (អ្នកអាចរៀបចំចែកចាយគំរូមួយដែលអ្នកបានឃើញ ) ។
-
តើអំណោយទានទាំងឡាយនៃព្រះវិញ្ញាណមានផលចំណេញ ដល់មនុស្សដែលទទួលបានវាដោយរបៀបណា ?
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 10:19, 24 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលឧបសគ្គមួយក្នុងការទទួលបាន និងទទួលស្គាល់នូវអំណោយទានខាងវិញ្ញាណ ។
-
តើអ្វីជាឧបសគ្គក្នុងការទទួលបាន និងស្គាល់អំណោយទានខាងវិញ្ញាណដែលអ្នករកឃើញ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សនៅក្នុងស្ថានភាពនៃការឥតជំនឿមិនអាចទទួលស្គាល់ ឬទទួលបាននូវអំណាច និងអំណោយទាននេះពីព្រះ ?
សូមឲ្យសិស្សអាន មរ៉ូណៃ 10:25–26 ដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលនឹងកើតឡើងដល់អស់អ្នកណាដែលបដិសេធអំណោយទាន និងអំណាចរបស់ព្រះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី មរ៉ូណៃ 10:20–23 ។ សូមឲ្យសិស្សមើលតាម ដោយរកមើលពរជ័យនៃការមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីសប្បុរស ។ ( មុនពេលសិស្សអាន អ្នកអាចពន្យល់ថាឃ្លា « ចាំបាច់ដល់យើង » នៅក្នុង មរ៉ូណៃ 10:23 សំដៅលើអ្វីដែលស្របតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ) ។
-
តើពរជ័យអ្វីដែលលោកមរ៉ូណៃបានបង្រៀនថានឹងមកដល់អស់អ្នកណាដែលមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីសប្បុរស ?
នៅពេលសិស្សឆ្លើយហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្តារខៀន ៖ ប្រសិនបើយើងមានសេចក្ដីជំនឿ យើងនឹងអាចធ្វើអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងធ្វើ ។ អ្នកអាចណែនាំថា ពួកគេគួរគូសចំណាំគោលការណ៍នេះនៅក្នុង មរ៉ូណៃ 10:23 ។
-
តើអ្នកគិតថា គោលការណ៍ពីរនៅលើក្ដារខៀនអាចទាក់ទងនឹងគ្នាដោយរបៀបណា ? ( ប្រសិនបើយើងមានសេចក្តីជំនឿ នោះព្រះនឹងប្រទានដល់យើងនូវអំណោយទានដែលយើងត្រូវការ ដើម្បីធ្វើកិច្ចការដែលទ្រង់បានប្រទានដល់យើងធ្វើ ) ។
-
តើការដឹងពីគោលការណ៍ទាំងពីរនេះអាចជួយដល់អ្នកនាពេលនេះ និងនៅក្នុងពេលអនាគតបានដូចម្ដេច ?
សូមសរសេរឃ្លាមិនពេញលេញខាងក្រោមនៅលើក្តារខៀន ៖ ដើម្បីជួយសិស្សឲ្យឃើញពីរបៀបដែលសេចក្ដីសន្យានេះដែលមាននៅក្នុង មរ៉ូណៃ 10:23 ត្រូវបានបំពេញ ឬអាចត្រូវបានបំពេញនៅក្នុងជីវិតរបស់គេ សូមឲ្យពួកគេមានពេលពីរបីនាទីដើម្បីបំពេញប្រយោគមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានសរសេរជាមួយនឹងដៃគូគេ ។
មរ៉ូណៃ 10:30–34
លោកមរ៉ូណៃអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយបានឥតខ្ចោះនៅក្នុងទ្រង់
សូមសរសេរពាក្យ ការឥតខ្ចោះ នៅលើក្ដារខៀន ។ នៅពីក្រោមវា សូមសរសេរ អាចកើតមាន ឬ មិនអាច ?
សូមឲ្យសិស្សចែកចាយគំនិតរបស់គេទាក់ទងនឹងសំណួរនៅលើក្ដារខៀន ។ ក្រោយពីការពិភាក្សាបន្ដិចរួចមក សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 3 12:48 ឮៗ ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូលអ្វីខ្លះដែលជាគោលដៅនៅទីបញ្ចប់សម្រាប់យើងម្នាក់ៗ ? ( ដើម្បីក្លាយជាឥតខ្ចោះ ) ។ តើការណ៍នេះអាចកើតឡើងទេ ?
ក្រោយពីសិស្សចែកចាយការយល់ដឹងរបស់គេហើយ សូមឲ្យសិស្សម្នាក់អានការពន្យល់ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយ ៖
« ការឥតខ្ចោះ គឺជាគោលដៅដ៏អស់កល្បជានិច្ចមួយ ។ ខណៈពេលដែលយើងមិនអាចឥតខ្ចោះបាននៅក្នុងជីវិតរមែងស្លាប់នេះ ការខិតខំធ្វើតាមនេះគឺជាព្រះបញ្ញត្តិមួយ ដែលនៅទីបំផុត តាមរយៈដង្វាយធួន នោះយើងអាចរក្សាវាបាន » ( « This Is Our Day » Ensign, ខែ ឧសភា ឆ្នាំ 1999, ទំព័រ 19 ) ។
សូមពន្យល់ថា ទោះបីជាការឥតខ្ចោះមិនអាចទទួលបាននៅក្នុងជីវិតនេះក្ដី ក៏យើងអាចក្លាយជាឥតខ្ចោះនៅទីបំផុតបានដែរ ។ លោកមរ៉ូណៃបានបង្រៀនពីអ្វី ដែលយើងអាចធ្វើបានដើម្បីក្លាយជាឥតខ្ចោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមចម្លងតារាងខាងក្រោមនេះដាក់លើក្ដារខៀន ដោយទុកចន្លោះនូវចម្លើយនៅក្នុងវង់ក្រចក ។
អ្វីដែលខ្ញុំត្រូវធ្វើ … |
អ្វីដែលព្រះសន្យា … |
---|---|
( ចម្លើយអាចរួមមាន យើងត្រូវតែមករកព្រះយេស៊ូវគ្រីស្ទ ស្វែងរក និងទទួលបានអំណោយទានដ៏ល្អ ចៀសវាងអំណោយអាក្រក់ និងរឿងដែលមិនស្អាតស្អំ បដិសេធក្នុងខ្លួនយើងពីអំពើមិនស្របនឹងព្រះទាំងអស់ និងស្រឡាញ់ព្រះដោយអស់ពីពលំ គំនិត និងអស់ពីកម្លាំង ) ។ |
( ចម្លើយអាចរួមមាន ទ្រង់នឹងបំពេញសេចក្ដីសញ្ញារបស់ទ្រង់ ព្រះគុណរបស់ទ្រង់នឹងគ្រប់គ្រាន់សម្រាប់យើង យើងនឹងបានឥតខ្ចោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ យើងនឹងទទួលបានព្រះគុណនៃព្រះ យើងនឹងត្រូវបានបន្សុទ្ធ និងទទួលបានការផ្ដាច់បាបរបស់យើង ហើយយើងនឹងក្លាយជាបរិសុទ្ធ ដោយគ្មានកំហុស ) ។ |
សូមឲ្យសិស្សសិក្សា មរ៉ូណៃ 10:30–33 រកឃ្លាដែលរៀបរាប់ពីអ្វីដែលយើងត្រូវតែធ្វើ និងអ្វីដែលព្រះបានសន្យាថានឹងធ្វើ ដើម្បីជួយដល់យើងឲ្យក្លាយជាបរិសុទ្ធ និងឥតខ្ចោះ ។ សូមឲ្យសិស្សម្នាក់កត់ត្រានូវចម្លើយរបស់សិស្សនៅក្នុងកូឡោនដែលត្រឹមត្រូវនៅក្នុងតារាងនេះ ។ សូមបង្ហាញថាពាក្យ ព្រះគុណ សំដៅលើជំនួយពីស្ថានសួគ៌ ព្រមទាំងកម្លាំងដែលយើងទទួលបាន ដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
-
តើប្រយោគដែលអ្នកសរសេរនៅក្រោមតារាងនេះ សង្ខេបអ្វីដែលលោកមរ៉ូណៃបង្រៀនអំពីការក្លាយជាបរិសុទ្ធ និងឥតខ្ចោះអ្វីខ្លះ ? ( សិស្សអាចប្រើពាក្យខុសៗគ្នា ប៉ុន្ដែចម្លើយរបស់ពួកគេគួរបង្ហាញពីសេចក្ដីពិតដូចខាងក្រោម ៖ នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានបន្សុទ្ធ និងបានឥតខ្ចោះតាមរយៈដង្វាយធួនរបស់ទ្រង់ ) ។
បើអាច សូមចែកដល់សិស្សនូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ឮៗ នៅពេលដែលសិស្សផ្សេងទៀតមើលតាម ។ មុនពេលសិស្សអាន សូមលើកទឹកចិត្តសិស្សឲ្យស្ដាប់រកដោយយកចិត្តទុកដាក់ ដោយគិតពីអ្វីដែលពួកគេអាចធ្វើដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ជាលទ្ធផលនៃការសិក្សាព្រះគម្ពីរមរមនក្នុងឆ្នាំនេះ ។
« ការលេចចេញនៃថ្មគោលនៃសាសនាចក្ររបស់យើងចុងក្រោយគេបង្អស់ និងតែឯងនេះ ព្រមទាំងគម្ពីរដ៏ត្រឹមត្រូវបំផុតដែលត្រូវបានសរសេរឡើង គឺមិនត្រូវប៉ះពាល់ដល់រឿងមិនស្អាតឡើយ វាត្រូវតែនៅបរិសុទ្ធ និងដោយគ្មានកំហុស វាត្រូវតែបរិសុទ្ធ ។ ហើយភាពបរិសុទ្ធនោះអាចមកតែតាមរយៈលោហិតនៃកូនចៀមនោះ ដែលបានយកនូវសេចក្ដីទុក្ខរបស់យើង ហើយបាននាំសេចក្ដីព្រួយរបស់យើងចេញ កូនចៀមនោះដែលបានរងរបួសចំពោះអំពើរំលងរបស់យើង ហើយបានឈឺចាប់ដោយសារអំពើទុច្ចរិតរបស់យើង កូនចៀមដែលត្រូវបានគេស្អប់ និងរងទុក្ខ ប៉ុន្ដែដែលយើងមិនបានគោរព » ( ម៉ូសាយ 14 ) ។ …
« ភាពបរិសុទ្ធ —តាមរយៈព្រះលោហិតនៃកូនចៀម ។ នេះគឺជាអ្វីដែលគម្ពីរនេះមាន » ( « A Standard unto My People » [ សុន្ទរកថាថ្លែងទៅកាន់អ្នកអប់រំសាសនា CES នៅថ្ងៃទី 9 ខែ សីហា ឆ្នាំ 1994 ] ទំព័រ 13–14, si.lds.org ) ។
សូមឲ្យសិស្សរកមើលឃ្លានៅក្នុង មរ៉ូណៃ 10:32–33 ដែលបញ្ជាក់ថា យើងអាចបានឥតខ្ចោះតែ « នៅក្នុងព្រះគ្រីស្ទ » ប៉ុណ្ណោះ ឬតាមរយៈអំណាចសម្អាត និងព្រះគុណនៃដង្វាយធួនរបស់ទ្រង់ ។
-
ហេតុអ្វីបានជាយើងត្រូវការដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដើម្បីក្លាយជាបរិសុទ្ធ និងបានឥតខ្ចោះ ?
-
តើឃ្លាអ្វីនៅក្នុង មរ៉ូណៃ 10:32–33 ដែលអ្នករកឃើញនូវការលើកទឹកចិត្ត នៅពេលអ្នកខិតខំស្វែងរកភាពបរិសុទ្ធ និងគោលដៅដ៏អស់កល្បជានិច្ចនៃការឥតខ្ចោះ ?
សូមឲ្យសិស្សជ្រើសរើសយកឃ្លាមួយ ឬពីរពីកូឡោនទីមួយនៃតារាងនៅលើក្ដារខៀននេះ ។ សូមឲ្យពួកគេមានពេលពីរបីនាទីដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីគំនិត ឬការបំផុសនានាដែលពួកគេមាន អំពីរបៀបដែលពួកគេអាចអភិវឌ្ឍផ្នែកទាំងនេះ ។
សូមបញ្ចប់មេរៀននេះដោយអាន មរ៉ូណៃ 10:34 ដល់សិស្ស ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលភស្ដុតាងដែលលោកមរ៉ូណៃបានមានសេចក្តីជំនឿ និងសេចក្ដីសង្ឃឹមនៅលើព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពីពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យសិស្សសរសេរពីគំនិត ឬការបំផុសនានាដែលពួកគេមាន នៅពេលពួកគេបញ្ចប់វគ្គសិក្សាអំពីព្រះគម្ពីរមរមននៅក្នុងឆ្នាំនេះ ។ សូមគិតពីការសុំឲ្យសិស្សចែកចាយអ្វីដែលពួកគេបានសរសេរដល់សិស្សក្នុងថ្នាក់ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យដែលព្រះវរបិតាសួគ៌បានសន្យាដល់ពួកគេ ប្រសិនបើពួកគេនឹងមករកព្រះយេស៊ូវគ្រីស្ទដោយការធ្វើតាមការបង្រៀនរបស់ទ្រង់ និងអនុវត្តសេចក្ដីជំនឿនៅក្នុងដង្វាយធួនរបស់ទ្រង់ ។ សូមលើកទឹកចិត្តសិស្សឲ្យយកការសិក្សាព្រះគម្ពីរមរមនរបស់គេជាគោលដៅពេញមួយជីវិត ។
ការរំឭកគម្ពីរមរ៉ូណៃ
សូមចំណាយពេលខ្លះដើម្បីជួយសិស្សឲ្យរំឭក គម្ពីរមរ៉ូណៃ ។ សូមឲ្យពួកគេគិតអំពីអ្វីដែលពួកគេបានរៀនពីគម្ពីរនេះ ទាំងនៅក្នុងថ្នាក់សិក្ខាសាលា និងនៅក្នុងការសិក្សាវគ្គគម្ពីរផ្ទាល់ខ្លួនរបស់គេ ។ ប្រសិនបើចាំបាច់ សូមឲ្យពួកគេសង្ខេបដោយខ្លីៗអំពីសេចក្ដីសង្ខេបជំពូកខ្លះនៅក្នុងគម្ពីរមរ៉ូណៃ ដើម្បីជួយពួកគេឲ្យចងចាំ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយអ្វីខ្លះពីគម្ពីរមរ៉ូណៃ ដែលបំផុសគំនិតដល់ពួកគេ ឬដែលបានជួយដល់ពួកគេឲ្យមានសេចក្ដីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ។