មេរៀនទី 158
មរ៉ូណៃ 9
សេចក្តីផ្ដើម
នៅក្នុងសំបុត្រដែលត្រូវបានកត់ត្រាចុងក្រោយគេដល់កូនប្រុសរបស់លោក គឺមរ៉ូណៃ លោកមរមនបានកើតទុកដោយសារសភាពដ៏ទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ ។ លោកបានសុំឲ្យមរ៉ូណៃធ្វើការយ៉ាងឧស្សាហ៍ដើម្បីជួយឲ្យពួកសាសន៍នីហ្វៃប្រែចិត្ត ។ លោកមរមនក៏បានរៀបរាប់ពីការរងទុក្ខរបស់ប្រជាជន ដែលបណ្ដាលមកពីអំពើទុច្ចរិតរបស់ពួកគេ ។ ថ្វីបើមានស្ថានភាពពុករលួយក្នុងចំណោមប្រជាជនក្ដី លោកបានលើកទឹកចិត្តដល់មរ៉ូណៃឲ្យស្មោះត្រង់នៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយមានសេចក្ដីសង្ឃឹមនៅក្នុងសេចក្ដីសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច ។
យោបល់សម្រាប់ការបង្រៀន
មរ៉ូណៃ 9:1–20
លោកមរមនត្អូញត្អែរដោយសារអំពើទុច្ចរិតរបស់ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន
សូមឲ្យសិស្សសញ្ជឹងគិតថាតើពួកគេធ្លាប់បានព្យាយាមជួយដល់នរណាម្នាក់ តែទង្វើររបស់ពួកគេត្រូវបានបដិសេធ ។
-
តើមនុស្សខ្លះអាចប្រតិកម្មយ៉ាងណា នៅពេលបំណងល្អរបស់ពួកគេត្រូវបានបដិសេធម្តងហើយម្តងទៀត ដោយសារអ្នកដែលពួកគេព្យាយាមជួយនោះ ?
សូមពន្យល់ដល់សិស្សថា មរ៉ូណៃ 9 គឺជាសំបុត្រមួយដែលបានសរសេរដោយព្យាការី មរមន ដល់កូនបុ្រសរបស់លោក គឺមរ៉ូណៃ ។ សូមឲ្យពួកគេរកមើលរបៀបដែលលោកមរមនបានលើកទឹកចិត្តដល់កូនប្រុសរបស់លោក ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 9:1 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពាក្យដែលលោកមរមនបានប្រើដើម្បីរៀបរាប់ពីស្ថានភាពរបស់ពួកសាសន៍នីហ្វៃ ។ ក្រោយពីសិស្សឆ្លើយហើយ អ្នកអាចពន្យល់ថាពាក្យ ក្ដីទុក្ខព្រួយ សំដៅលើអ្វីមួយដែលឈឺចាប់ខ្លាំង តានតឹង ឬ ដែលសោកស្ដាយខ្លាំង ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ មរ៉ូណៃ 9:2–5; មរ៉ូណៃ 9:7–10; មរ៉ូណៃ 9:16–19 ។ សូមបែងចែកសិស្សជាបីក្រុម ។ សូមឲ្យក្រុមនីមួយៗអានវគ្គព្រះគម្ពីរមួយដែលសរសេរនៅលើក្ដារខៀន ដោយរកមើលការណ៍ដែលប្រកបទៅដោយក្ដីទុក្ខព្រួយ ដែលលោកមរមនបានរៀបរាប់ ។ សូមឲ្យសិស្សម្នាក់ពីក្រុមនីមួយៗរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ( ប្រសិនបើសិស្សត្រូវបានចាត់ឲ្យអាន មរ៉ូណៃ 9:2–5 មិនបានលើកឡើងពីកំហឹង នោះអ្នកអាចលើកឡើងពីតួនាទីដែលកំហឹងមាននៅក្នុងហេតុការណ៍ដ៏អាក្រក់ដែលលោកមរមនបានរៀបរាប់នោះ ) ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី មរ៉ូណៃ 9:11–15, 20 ។ សូមឲ្យសិស្សរកមើលមូលហេតុដែលលោកមរមនមានទុក្ខព្រួយដោយសារស្ថានភាពនៃប្រជាជនរបស់លោក ។ សូមសួរសំណួរខាងក្រោមនេះដើម្បីជួយសិស្សឲ្យវិភាគខគម្ពីរទាំងនេះ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាបើ « គ្មានអារ្យធម៌ » ? ( មរ៉ូណៃ 9:11 ) ។ ទង្វើរដែលគ្មានអារ្យធម៌—ដោយគ្មានការបន្ដឹង ឬការរឹតត្បិត ការគ្មានការគោរពដល់បុគ្គលផ្សេងទៀត ការមិនគោរពច្បាប់ដែលគ្រងគ្រងសង្គមមួយទាំងមូល ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាបើ « គ្មានក្រិត្យវិន័យ » ? ( មរ៉ូណៃ 9:20 ) ។ ( ការរស់នៅដោយគ្មានបទដ្ឋាន និងគ្មានការផ្ដល់កិត្តិយស និងកាន់តាមព្រះបញ្ញត្តិរបស់ព្រះ ) ។
-
តើអ្នកគិតថា « ចិត្តវក់ » មានន័យយ៉ាងណា ? ( មរ៉ូណៃ 9:20 ) ។ ( ការមានចិត្តរឹងទទឹងនឹងព្រះវិញ្ញាណនៃព្រះអម្ចាស់ និងពន្លឺនៃព្រះគ្រីស្ទ ព្រមទាំងមិនបែងចែករវាងការល្អ និងការខុសឆ្គង ) ។
-
តើមានភស្ដុតាងអ្វីខ្លះដែលអ្នកឃើញនៅក្នុងពិភពលោកនាពេលសព្វថ្ងៃនេះ ដែលមនុស្សខ្លះគ្មានអារ្យធម៌ គ្មានក្រឹត្យវិន័យ និងមានចិត្តវក់ ?
អ្នកអាចបង្ហាញថា លោកមរមនបានមានប្រសាសន៍ថា ប្រជាជនរបស់លោកទើបតែបានធ្លាក់ទៅក្នុងសភាពនៃអំពើទុច្ចរិតនេះពីរបីឆ្នាំប៉ុណ្ណោះ ( សូមមើល មរ៉ូណៃ 9:12 ) ។
សូមពន្យល់ថា ស្ទើរតែដូចជាព្យាការី អេធើរ នៃជាតិសាសន៍យ៉ារេឌ លោកមរមនបានធ្វើជាសាក្សីនៃកំហឹង និងអំពើទុច្ចរិតដែលបានយកឈ្នះលើប្រជាជនរបស់លោក ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 9:4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយរកមើលអ្វីដែលលោកមរមនបានភ័យខ្លាចអំពីពួកសាសន៍នីហ្វៃ ។ ( លោកបានខ្លាចថា « ព្រះវិញ្ញាណនៃព្រះអម្ចាស់ [ បាន ] ឈប់តស៊ូគង់នៅជាមួយនឹងពួកគេ » ) ។
-
លោកមរមនបានលើកឡើងថា លោកបាន « ព្យាយាមធ្វើការជាមួយ [ ប្រជាជនរបស់លោក ] » ។ ហេតុអ្វីបានជាលោកមរមន ឬអ្នកដឹកនាំសាសនាចក្រសព្វថ្ងៃនេះអាចបន្ដធ្វើការនៅក្នុងចំណោមមនុស្សដែលខឹង ឬមានចិត្តរឹងរូសទាស់នឹងព្រះបន្ទូលព្រះ ?
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្តារខៀន៖ យើងត្រូវធ្វើការដោយព្យាយាមនៅក្នុងការបម្រើដល់ព្រះ ទោះបីជាអ្នកដែលយើងបម្រើមិនឆ្លើយតបជាវិជ្ជមានក្ដី ។ សូមពន្យល់ថា នេះគឺជាការពិត ទោះបីជានៅពេលមនុស្សដែលយើងបម្រើមានអំពើបាបដ៏ធ្ងន់ធ្ងរក្ដី ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 9:6 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលមូលហេតុដែលយើងត្រូវធ្វើការដោយព្យាយាមនៅក្នុងការបម្រើដល់ព្រះ ទោះបីជាអ្នកដែលយើងបម្រើមិនឆ្លើយតបជាវិជ្ជមានក្ដី ។ ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមបង្ហាញស្ថានភាពខាងក្រោមដល់ពួកគេ ( ឬបង្កើតថ្មីពីរបី ) ដើម្បីជួយដល់ពួកគេឲ្យគិតអំពីរបៀបដែលការពិតនេះអាចអនុវត្តបាននៅក្នុងជីវិតរបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់ ឬច្រើននាក់ពន្យល់ពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីពិតនៅលើក្ដារខៀននៅក្នុងស្ថានភាពនីមួយៗដែលអ្នកបង្ហាញនេះ ។
-
ក្នុងនាមជាប្រធានថ្នាក់យុវនារីរបស់អ្នក អ្នកត្រូវទទួលខុសត្រូវចំពោះយុវនារីប្រាំនាក់នៅក្នុងវួដរបស់អ្នក ។ យុវនារីម្នាក់មិនបានមកចូលរួមការប្រជុំក្នុងព្រះវិហារ ឬសកម្មភាពនានាអស់រយៈពេលមួយឆ្នាំហើយ ។ ក្រោយពីអ្នកបានអញ្ជើញនាងឲ្យមកវិញកាលពីបីខែមុន នាងនៅតែមិនបានមកចូលរួមការប្រជុំ ឬសកម្មភាពនានាដដែល ។
-
ក្នុងនាមជាគ្រូបង្រៀនតាមផ្ទះ អ្នកធ្វើការបម្រើដោយឧស្សាហ៍ដើម្បីបង្រៀនដល់គ្រួសារដែលអ្នកត្រូវបានចាត់តាំងឲ្យទៅបង្រៀន ។ ទោះជាយ៉ាងណាក្ដី រយៈពេលពីរបីខែកន្លងទៅ គ្រួសារមួយដែលអ្នកទៅបង្រៀនមិនបានទទួលទូរសព័្ទ ឬបើកទ្វារនៅពេលអ្នកបានទៅលេងនោះទេ ។
-
អ្នកមានអារម្មណ៍បំផុសឲ្យអញ្ជើញមិត្តល្អរបស់អ្នកមា្នក់ឲ្យជួបជាមួយនឹងអ្នកផ្សព្វផ្សាយសាសនា ។ គេបដិសេធការអញ្ជើញរបស់អ្នក ហើយអ្នកនៅតែបន្ដមានអារម្មណ៍បំផុសដើម្បីសុំដល់គាត់ម្ដងទៀត ។
សូមចែកចាយនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ដែលបានលើកទឹកចិត្តយើងឲ្យបន្ដការខិតខំបម្រើនៅក្នុងចំណោមកូនចៅរបស់ព្រះ ។ សូមឲ្យសិស្សស្ដាប់រកអ្វីដែលជម្រុញឲ្យពួកគេបម្រើដោយឧស្សាហ៍ដើម្បីជួយដល់អ្នកដទៃ ។
« វាគឺជាសេចក្តីសញ្ញាមួយដែលយើងបានធ្វើជាមួយនឹងព្រះដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និងធ្វើការបម្រើដូចដែលទ្រង់នឹងធ្វើ ប្រសិនបើទ្រង់មានវត្តមាននៅទីនោះ ។ ការរស់នៅតាមបទដ្ឋាននោះឲ្យអស់ពីលទ្ធភាពដែលយើងអាច បង្កើនកម្លាំងដែលយើងនឹងត្រូវការដើម្បីកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
« អ្នកហ្វឹកហ្វឺនបព្វជិតភាពដ៏អស្ចារ្យបានបង្ហាញដល់ខ្ញុំនូវរបៀបដើម្បីកសាងកម្លាំងនោះ ៖ វាត្រូវការបង្កើតទម្លាប់មួយដើម្បីបន្ដទៅមុខ ឆ្លងកាត់ភាពនឿយហត់ និងការភ័យខ្លាចដែលអាចធ្វើឲ្យអ្នកគិតថានឹងចង់ឈប់ ។ អ្នកបង្រៀនដ៏អស្ចារ្យរបស់ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំថា អំណាចស្ថិតនៅខាងវិញ្ញាណបានមកពីការខិតខំធ្វើឥតឈប់ឈរ កាលដែលអ្នកដទៃចង់ឈប់សម្រាក ។ …
« … ខ្ញុំសន្យាដល់អ្នកថា ប្រសិនបើអ្នកធ្វើនូវការណ៍ទាំងអស់ដែលអ្នកអាចធ្វើបាន នោះព្រះនឹងពង្រឹងដល់កម្លាំងរបស់អ្នក និងចំណេះដឹងរបស់អ្នក » ( « Preparation in the Priesthood: ‹ I Need Your Help › » Ensign ឬ លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 58–59 ) ។
-
តើប្រធាន អាវរិង បានបង្រៀនអ្វីខ្លះ ដែលជម្រុញឲ្យអ្នកធ្វើការដោយឧស្សាហ៍នៅក្នុងការបម្រើរបស់អ្នកដល់ព្រះអម្ចាស់ ដោយមិនគិតពីរបៀបដែលការខិតខំរបស់អ្នកត្រូវបានទទួលនោះ ?
សូមអាននូវរឿងខាងក្រោមដោយអែលឌើរ មើវីន ប៊ី អាណូល នៃក្រុមចិតសិបនាក់អំពីអ្នកដឹកនាំបព្វជិតភាពម្នាក់ដែលបានបម្រើដោយឧស្សាហ៍ដល់យុវជនម្នាក់ ទោះបីជាគាត់បានបដិសេធន៍ច្រើនដងហើយក្ដី ៖ សូមឲ្យសិស្សស្ដាប់រកអ្វីដែលយុវជននោះបានឃើញនៅទីបញ្ចប់នៅក្នុងអ្នកដឹកនាំបព្វជិតភាពរបស់គាត់ ។
« ក្នុងនាមជាសមាជិកនៃគណៈប្រធានសាខា ហ្វតធេលេហ្សា ប្រទេសប្រេស៊ីល បងប្រុស ម៉ាក ជាមួយនឹងអ្នកដឹកនាំបព្វជិតភាពផ្សេងទៀតបានអភិវឌ្ឍគម្រោងមួយដើម្បីធ្វើឲ្យអ្នកដែលមិនសូវសកម្មនៅក្នុងសាខារបស់លោកបែរជាសកម្មវិញ ។ មានសមាជិកជាយុវជនមា្នក់មិនសូវសកម្ម ដែលមានឈ្មោះថា ហ្វែរណាដូ អារូយូ ។ ថ្មីៗនេះ ខ្ញុំបាននិយាយជាមួយហ្វែរណាដូ ហើយគាត់បានប្រាប់ខ្ញុំពីបទពិសោធន៍របស់គាត់ ៖
« ‹ ខ្ញុំបានចូលរួមនៅក្នុងការប្រកួតជិះស្គីលើទឹកនៅពេលព្រឹកថ្ងៃអាទិត្យ ហើយបានឈប់ទៅចូលរួមការប្រជុំក្នុងព្រះវិហារ ។ នៅព្រឹកថ្ងៃអាទិត្យមួយ បងប្រុសម៉ាក បានគោះទ្វារផ្ទះខ្ញុំ ហើយបានសុំម្ដាយដែលមិនមែនជាសមាជិករបស់ខ្ញុំថា តើគាត់អាចនិយាយជាមួយនឹងខ្ញុំបានទេ ។ នៅពេលម្ដាយខ្ញុំបានប្រាប់គាត់ថា ខ្ញុំកំពុងតែដេក នោះគាត់បានសុំការអនុញ្ញាតដើម្បីដាស់ខ្ញុំ ។ គាត់បាននិយាយមកកាន់ខ្ញុំថា « ហ្វែរណាដូ ប្អូនយឺតទៅព្រះវិហារហើយ ! » ដោយមិនបានស្ដាប់ការដោះសាររបស់ខ្ញុំ គាត់បាននាំខ្ញុំទៅព្រះវិហារ › ។
« ‹ ថ្ងៃអាទិត្យក្រោយ រឿងដដែលបានកើតឡើង ដូច្នេះនៅថ្ងៃអាទិត្យទីបី ខ្ញុំបានសម្រេចចិត្តចេញពីផ្ទះពីព្រលឹមដើម្បីគេចពីគាត់ ។ នៅពេលខ្ញុំបានបើកទ្វាររបង ខ្ញុំបានឃើញគាត់អង្គុយនៅក្នុងឡានរបស់គាត់ កំពុងអានព្រះគម្ពីរ ។ នៅពេលគាត់បានឃើញខ្ញុំ គាត់បាននិយាយថា « ល្អ ! ប្អូនបានក្រោកពីព្រលឹម ។ ថ្ងៃនេះ យើងនឹងទៅរកយុវជនផ្សេងទៀត ! » ខ្ញុំបាននិយាយដល់សិទ្ធិជ្រើសរើសរបស់ខ្ញុំ ប៉ុន្ដែគាត់បាននិយាយថា « យើងអាចនិយាយអំពីរឿងនេះពេលក្រោយ › » ។
« ‹ អស់រយៈពេលប្រាំបីអាទិត្យក្រោយមក ខ្ញុំមិនអាចគេចចេញពីគាត់បាន ដូច្នេះខ្ញុំក៏សម្រេចចិត្តទៅដេកនៅឯផ្ទះមិត្តភក្ដិរបស់ខ្ញុំម្នាក់ ។ ខ្ញុំបានទៅឯសមុទ្រនាព្រឹកបន្ទាប់ នៅពេលខ្ញុំបានឃើញបុរសម្នាក់ស្លៀកពាក់ខោអាវធំ និងមានក្រវ៉ាត់កដើរសំដៅមកខ្ញុំ ។ នៅពេលខ្ញុំបានឃើញគាត់ នោះគឺជាបងប្រុសម៉ាក ខ្ញុំបានរត់ចូលក្នុងសមុទ្រ ។ មួយរំពេចនោះ ខ្ញុំបានមានអារម្មណ៍ថា ដៃរបស់នរណាម្នាក់បានចាប់ស្មារបស់ខ្ញុំ ។ គឺបងប្រុសម៉ាក នៅក្នុងទឹកត្រឹមទ្រូងរបស់គាត់ ! គាត់បានចាប់ដៃខ្ញុំហើយបាននិយាយថា « ប្អូនយឺតហើយ » តោះ ទៅព្រះវិហារ » ។ នៅពេលខ្ញុំដោះសារថា ខ្ញុំមិនមានសំលៀកបំពាក់ទេ គាត់បានឆ្លើយថា « សំលៀកបំពាក់ប្អូនមាននៅក្នុងឡានហើយ › » ។
« ‹ នៅថ្ងៃនោះ នៅពេលយើងដើរចេញពីសមុទ្រ ខ្ញុំបានចាប់ជ្រោតជ្រាបពីសេចក្ដីស្រឡាញ់ដ៏ស្មោះពីបងប្រុសម៉ាក និងការបារម្ភរបស់គាត់ចំពោះខ្ញុំ ។ … បងប្រុសម៉ាកមិនត្រឹមតែបានផ្តល់ឲ្យខ្ញុំនូវឡានជិះទៅព្រះវិហារប៉ុណ្ណោះទេ —កូរ៉ុមនោះបានធានាថា ខ្ញុំនឹងនៅបន្ដសកម្ម ។ ពួកគាត់បានគ្រោងសកម្មភាពដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំសំខាន់ ហើយគេត្រូវការខ្ញុំខ្ញុំបានទទួលការហៅបម្រើ ហើយសមាជិកកូរ៉ុមក្លាយជាមិត្តភក្ដិរបស់ខ្ញុំ › » ( « Strengthen Thy Brethren » Ensign ឬ លីអាហូណា, ខែ ឧសភា ឆ្នាំ 2004, ទំព័រ 46–47 ) ។
សូមពន្យល់ថា ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងទាំងអស់គ្នាមានការងារដ៏សំខាន់ដើម្បីធ្វើនៅក្នុងជីវិតនេះ ។ គំរូរបស់លោកមរមន មរ៉ូណៃ និងបងប្រុសម៉ាកអាចលើកទឹកចិត្តយើងឲ្យធ្វើការទាំងនោះ នៅពេលយើងបាក់ទឹកចិត្ត ឬឃើញថាខ្លួនឯងត្រូវបានបដិសេធដោយអ្នកដែលយើងចង់បម្រើ ។
មរ៉ូណៃ 9:21–26
លោកមរមនលើកទឹកចិត្តមរ៉ូណៃឲ្យនៅស្មោះត្រង់
សូមឲ្យសិស្សដាក់ឈ្មោះហេតុការណ៍ថ្មីៗនេះនៅក្នុងសហគមន៍ ឬប្រទេសរបស់គេ ឬនៅក្នុងពិភពលោកដែលអាចបណ្ដាលឲ្យមនុស្សមានអារម្មណ៍ថាបាក់ទឹកចិត្ត ។
សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ 9:21–22, 25–26 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលការប្រឹក្សាដែលលោកមរមនបានផ្ដល់ដល់មរ៉ូណៃអំពីអ្វីដែលលោកគួរធ្វើ ពេលស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្ត ។ សូមសួរសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យវិភាគខគម្ពីរទាំងនេះ ។
-
នៅក្នុងខគម្ពីរទាំងនេះ តើពាក្យ និងឃ្លាមួយណាដែលបង្ហាញពីអារម្មណ៍របស់លោកមរមនចំពោះកូនប្រុសរបស់លោក មរ៉ូណៃ ?
-
តើលោកមរមនបានផ្ដល់យោបល់អ្វីខ្លះដើម្បី « ស្ថិតនៅក្នុងគំនិត [ របស់មរ៉ូណៃ ] រៀងរហូតតទៅ » ? ( មរ៉ូណៃ 9:25 ) ។ តើការចងចាំដល់ព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់អាចជួយយើង នៅពេលបាក់ទឹកចិត្ត ឬនៅពេលយើងហ៊ុំព័ទ្ធដោយអំពើទុច្ចរិតដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីរបៀបឆ្លើយតបទៅនឹងភាពលំបាក និងអំពើទុច្ចរិតដែលអាចហ៊ុំព័ទ្ធយើង ? ( ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នា ពួកគេគួរបង្ហាញថា ប្រសិនបើយើងនៅស្មោះត្រង់ក្នុងព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងតម្កើងយើងឡើង ទោះបីជានៅពេលមានភាពលំបាក និងអំពើទុច្ចរិតជុំវិញយើងក្ដី ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ហើយអ្នកអាចណែនាំថា សិស្សគួរសរសេរវានៅក្នុងព្រះគម្ពីររបស់គេ ) ។
-
តើមានបទពិសោធន៍អ្វីខ្លះ នៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងជីវិតរបស់អ្នកដែលជិតស្និទ្ធនឹងអ្នកដែលបង្ហាញថា គោលការណ៍នេះគឺពិត ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេអាចកាន់តែស្មោះត្រង់ និងកាន់តែគិតអំពីព្រះយេស៊ូវគ្រីស្ទ ទោះបីជានៅពេលពួកគេបាក់ទឹកចិត្ត ឬហ៊ុំពទ័្ធដោយអំពើទុច្ចរិតក្ដី ។ សូមធ្វើទីបន្ទាល់អំពីកម្លាំងដែលអ្នកបានទទួលពីការនៅស្មោះត្រង់នៅក្នុងព្រះយេស៊ូវគ្រីស្ទ ។