មេរៀនសិក្សានៅផ្ទះ
នីហ្វៃទី 1 1– 6; 9 ( មេរៀនទី 2 )
សេចក្តីផ្ដើម
មេរៀនសប្ដាហ៍នេះ នឹងផ្ដល់ដល់សិស្សនូវឱកាសដើម្បីរំឭកឡើងវិញ និង ពិភាក្សាពីអ្វីដែលពួកគេបានរៀនពីគំរូរបស់គ្រួសារលីហៃ និង សកម្មភាពនៃសេចក្ដីជំនឿរបស់ពួកគេ ។ នៅពេលអ្នកបង្រៀនមេរៀននេះ សូមបញ្ជាក់លើការគោរពប្រតិបត្តិដ៏ស្មោះត្រង់របស់នីហ្វៃ ចំពោះបញ្ញត្តិរបស់ព្រះអម្ចាស់ និង ការស្វែងរកដោយឧស្សាហ៍ព្យាយាមរបស់គាត់ ដើម្បីដឹងពីសេចក្ដីពិតនៃ « អស់ទាំងពាក្យ ដែលបានពោលមកដោយឪពុករបស់ខ្ញុំ » ( នីហ្វៃទី1 2:16 ) ។ នៅពេលសិស្សធ្វើតាមគំរូនៃការគោរពប្រតិបត្តិរបស់នីហ្វៃ ពួកគេនឹងកសាងទីបន្ទាល់ផ្ទាល់ខ្លួនរបស់គេ អំពីដំណឹងល្អ ។
នៅក្នុងការបង្រៀនរបស់អ្នក សូមធ្វើតាមការដាស់តឿងរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងត្រូវតែធ្វើឲ្យការបង្រៀនដ៏ឧត្តមមានជីវិត និង មានពន្លឺឡើងវិញ នៅក្នុងសាសនាចក្រ —នៅផ្ទះ នៅពេលយើងឡើងនិយាយ នៅក្នុងការប្រជុំថ្នាក់ដឹកនាំរបស់យើង ហើយជាការពិតណាស់ នៅក្នុងថ្នាក់រៀន ។ ការបង្រៀនដែលបានទទួលការបំផុសគំនិត មិនដែលត្រូវបានក្លាយជាសិល្បៈដែលបាត់បង់មួយនៅក្នុងសាសនាចក្រឡើយ ហើយយើងត្រូវតែប្រាកដថា ការដែលយើងស្វែងរកវា មិនក្លាយជាប្រពៃណីមួយដែលបាត់បង់ដែរ ។ …
« … សូមឲ្យយើងតម្កើងឡើងនូវបទពិសោធក្នុងការបង្រៀន នៅក្នុងផ្ទះ និង នៅក្នុងសាសនាចក្រ និង បង្កើននូវរាល់ការខិតខំរបស់យើង ដើម្បីស្ថាបនា និង ណែនាំ » ( « គ្រូបង្រៀនមកពីព្រះ » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 25 27 ) ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 1
ព្រះអម្ចាស់ ពង្រីកសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ទ្រង់ទៅដល់អ្នកដែលស្មោះត្រង់
សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ ត្រូវបានពង្រីកទៅដល់អស់អ្នកណាដែលអនុវត្តសេចក្ដីជំនឿលើទ្រង់ ។សូមអញ្ជើញសិស្សអានសង្ខេបលើ នីហ្វៃទី1 1 ហើយរកមើលខគម្ពីរ ដែលសេចក្ដីពិតនេះ ត្រូវបានបង្រៀនចេញទៅនៅក្នុង 20 ) ។
សូមសួរសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សនឹកចាំ និង សង្ខេបពីអ្វីដែលពួកគេបានរៀន នៅពេលពួកគេបានសិក្សានៅក្នុង នីហ្វៃទី1 1–6; 9 នៅក្នុងសប្ដាហ៍នេះ ។
-
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុងជំពូកទាំងឡាយដែលអ្នកបានសិក្សានៅក្នុងសប្ដាហ៍នេះ តើព្រះអម្ចាស់បង្ហាញសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ទ្រង់ទៅដល់លីហៃ និង គ្រួសាររបស់គាត់យ៉ាងដូចម្ដេច ?
-
តើគំរូនៃការគោរពប្រតិបត្តិ និង សេចក្ដីជំនឿ ដែលបានបង្ហាញដោយលីហៃ និង គ្រួសាររបស់គាត់មានអ្វីខ្លះ ?
-
តើនៅពេលណាដែលអ្នកបានឃើញ ព្រះអម្ចាស់បានបង្ហាញសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់របស់ទ្រង់ចំពោះអ្នក ឬ ចំពោះនរណាម្នាក់ដែលអ្នកស្គាល់ ?
អ្នកអាចប្រាប់អំពីពេលមួយ នៅពេលដែលព្រះអម្ចាស់បានបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នក និង គ្រួសាររបស់អ្នក នៅពេលអ្នកបានធ្វើសកម្មភាពដោយមានសេចក្ដីជំនឿ ឬ ចែកចាយបទពិសោធន៍មួយដែលអ្នកបានអាននៅក្នុងការបោះពុម្ពផ្សាយនៃសាសនាចក្រ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលគំរូទាំងឡាយនៃព្រះអម្ចាស់ ក្នុងការបង្ហាញសេចក្ដីមេត្តាករុណារបស់ទ្រង់ទៅដល់អ្នកដែលស្មោះត្រង់ នៅពេលពួកគេសិក្សាព្រះគម្ពីរមរមនពេញមួយឆ្នាំ ។
នីហ្វៃទី1 2
ព្រះអម្ចាស់ អាចបន្ទន់ដួងចិត្តរបស់យើង ឲ្យជឿដល់ព្រះបន្ទូលរបស់ទ្រង់
សូមរំឭកសិស្សថា ក្រោយពីលីហៃត្រូវបានបញ្ជាឲ្យចាកចេញពីទីក្រុងយេរូសាឡិមជាមួយនឹងគ្រួសាររបស់គាត់ កូនបុ្រសរបស់គាត់ នីហ្វៃ បានធ្វើការខំប្រឹងផ្ទាល់ខ្លួនមួយ ដើម្បីដឹង និង យល់ពីសេចក្ដីពិតដ៏ពេញលេញនៃវិវរណៈរបស់ឪពុករបស់គាត់ ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 2:16, 19ឲ្យឮៗ ។
សួរសិស្សថា ៖ ទោះបីជានីហ្វៃមិនបានត្អូញត្អែរក្ដី តើមានភស្ដុតាងអ្វី នៅក្នុងនីហ្វៃទី1 2:16 ដែលថា ការចាកចេញពីទីក្រុងយេរូសាឡិម អាចជាការពិបាកសម្រាប់គាត់ ? ( នីហ្វៃបានសរសេរអ្វីដែលគាត់បានអធិស្ឋានសម្រាប់ការយល់ ហើយព្រះអម្ចាស់បានបន្ទន់ដួងចិត្តរបស់គាត់ ។ តម្រុយនេះ គឺជាភស្តុតាងដែលថា ការចាកចេញពីទីក្រុងយេរូសាឡិម មិនមែនជារឿងងាយស្រួលសម្រាប់គាត់ ដូច្នេះព្រះអម្ចាស់បានជួយគាត់ឲ្យទទួលយកផ្ទាំងនោះ ) ។
សូមសួរ ៖ តើមានភស្ដុតាងអ្វី ដែលអ្នកឃើញថា ទោះបីជាលីហៃ និង គ្រួសាររបស់គាត់គោរពប្រតិបត្តិដល់ព្រះអម្ចាស់យ៉ាងណាក្ដី ជីវិតគឺនៅតែមិនងាយស្រួលសម្រាប់ពួកគេ ? ( សូមមើល នីហ្វៃទី1 2:4, 11 ) ។
សុំឲ្យសិស្សចែកចាយពីគំនិតដែលពួកគេមាន អំពីបំណងប្រាថ្នារបស់នីហ្វៃ និង អំពីអ្វីដែលគាត់បានធ្វើដែលនាំគាត់ឈានទៅការទទួលយកបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលបានផ្ដល់តាមរយៈឪពុករបស់គាត់ ។
សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេសម្រាប់ថ្ងៃទី 2 លំហាត់ទី 4 ៖ សូមចែកចាយនូវគំរូមួយ នៅពេល ដែលអ្នកបានអំពាវនាវរកព្រះវរបិតាសួគ៌ដូចជានីហ្វៃដែរ ហើយបានទទួលបទពិសោធន៍នូវការបន្ទន់ចិត្តរបស់អ្នក តាមរយៈព្រះវិញ្ញាណ ឬ នៅពេលមួយដែលអ្នកបានទទួលទីបន្ទាល់មួយអំពីអ្វីមួយដែលព្រះអម្ចាស់បានមានព្រះបន្ទូល ។
សូមចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកថា នៅពេលដែលយើងអំពាវនាវដល់ព្រះ ទ្រង់អាចបន្ទន់ចិត្តរបស់យើង ឲ្យជឿលើព្រះបន្ទូលរបស់ទ្រង់ ។
សុំឲ្យសិស្សគិតពីអ្វីដែលពួកគេអាចធ្វើ ដើម្បីពង្រឹងទីបន្ទាល់របស់ពួកគេ និង ទទួលបាននូវការធានាផ្ទាល់ខ្លួន ដូចជានីហ្វៃផងដែរ ។ សូមផ្ដល់ឱកាសដល់ពួកគេ ឲ្យចែកចាយនូវគំនិតរបស់ពួកគេ ប្រសិនបើពួកគេចង់ចែកចាយ ។ សូមលើកទឹកចិត្តពួកគេ ឲ្យធ្វើសកម្មភាពតាមការគិត និង ការបំផុសគំនិតរបស់ពួកគេ ។
នីហ្វៃទី1 3–4
ព្រះអម្ចាស់នឹងរៀបចំផ្លូវ នៅពេលយើងគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ដោយស្មោះត្រង់
សូមឲ្យសិស្សម្នាក់ធ្វើការជាដៃគូ ។ សូមសរសេរខគម្ពីរយោងខាងក្រោមនៅលើក្ដារខៀន ៖ នីហ្វៃទី1 3:6 –7 និង នីហ្វៃទី1 4:6 –13 ។សូមអញ្ជើញសិស្សអានវគ្គព្រះគម្ពីរ ហើយពិភាក្សានូវសំណួរខាងក្រោម ជាមួយនឹងដៃគូរបស់ខ្លួន ៖
-
តើអ្នកគិតថា អ្វីទៅដែលសំខាន់អំពីប្រសាសន៍របស់នីហ្វៃថា « ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » ? (នីហ្វៃទី1 4:7) ។
-
តើសេចក្ដីជំនឿរបស់នីហ្វៃ ធើ្វឲ្យគាត់អាចទទួលបានផ្ទាំងលង្ហិននោះដោយរបៀបណា ?
ក្រោយពីសិស្សបានពិភាក្សាពីទស្សវិស័យជ្រៅជ្រះរបស់ពួកគេជាមួយនឹងដៃគូខ្លួនហើយ សូមពន្យល់ថា ព្រះអម្ចាស់អាចសុំឲ្យយើងធ្វើអ្វីមួយ ដូចដែលទ្រង់បានសុំនីហ្វៃ និង បងៗគាត់ ដោយគ្មានការបង្ហាញប្រាប់ពីមូលហេតុ ពេលវេលា ឬ របៀប ដែលយើងអាចធ្វើវា ដោយភ្លាមៗនោះទេ ។ នីហ្វៃបានដឹងពីមូលហេតុ ពេលវេលា និង របៀបដែលព្រះអម្ចាស់នឹងជួយដល់គាត់ នៅពេលក្រោយពីគាត់បានអនុញ្ញាតឲ្យព្រះវិញ្ញាណ ដឹកនាំគាត់ និង ក្រោយពីគាត់បានសម្រេចថានឹងដើរតម្រង់ទៅមុខ ដោយសេចក្ដីជំនឿ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងអនុវត្តសេចក្ដីជំនឿក្នុងព្រះ ហើយស្វែងរកធ្វើអ្វីដែលទ្រង់បានបញ្ជា ទោះបីជាពេលយើងមិនអាចឃើញពីលទ្ធផលក្ដី ក៏ទ្រង់នឹងដឹកនាំយើងដោយឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធដែរ ។
បើសិនជាមានពេល អ្នកអាចសួរសិស្សប្រសិនបើពួកគេមានសំណួរ ឬ ចង់ចែកចាយទស្សនវិស័យជ្រៅជ្រះរបស់ពួកគេពីការសិក្សាក្នុង នីហ្វៃទី1 5– 6; 9 នៅថ្ងៃទី 4 នេះ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេឆ្លើយតបនឹងលំហាត់ទី 4 ដែលពួកគេត្រូវសរសេរអំពីពេលមួយ នៅពេលដែលពួកគេបានស្វែងយល់ពីព្រះគម្ពីរ និង មានអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
សូមបញ្ចប់ដោយ ការសុំសិស្សម្នាក់ឲ្យអានឮៗ ( ឬ សូត្រក្រោយពីការទន្ទេញ ) វគ្គចំណេះចំណានខគម្ពីរ នីហ្វៃទី1 3:7 ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើគោលការណ៍អ្វី ដែលនីហ្វៃទី1 3:7 បានបង្រៀនទាក់ទងនឹងការគោរពប្រតិបត្តិដល់បទបញ្ញត្តិរបស់ព្រះអម្ចាស់ ? ( សិស្សគួរតែអាចបង្ហាញគោលការណ៍ដែលថា ប្រសិនបើយើងស្វែងរកដើម្បីធ្វើអ្វីដែលព្រះអម្ចាស់បានដាក់បញ្ញត្តិដល់យើង ទ្រង់នឹងរៀបចំផ្លូវមួយសម្រាប់យើង ដើម្បីសម្រេចកិច្ចការនោះ ។ )
-
យោងតាមអ្វីដែលអ្នកបានអាននៅក្នុង នីហ្វៃទី1 1– 6 និង 9 តើអ្វីជាលទ្ធផលនៃការគោរពប្រតិបត្តិរបស់លីហៃ និង ការគោរពប្រតិបត្តិរបស់នីហ្វៃចំពោះបញ្ញត្តិរបស់ព្រះ ?
-
តើនៅពេលណាដែលព្រះអម្ចាស់បានរៀបចំផ្លូវមួយដើម្បីជួយដល់អ្នក ក្នុងការគោរពព្រះបញ្ញត្តិមួយ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីកន្លែងមួយ ដែលពួកគេអាចបង្ហាញនូវការគោរពប្រតិបត្តិរបស់គេចំពោះព្រះយ៉ាងពេញលេញ ។ អ្នកអាចចង់បញ្ចប់មេរៀន ដោយការថ្លែងទីបន្ទាល់ពីពរជ័យទាំងឡាយ ដែលបានមកក្នុងជីវិតរបស់អ្នកតាមរយៈការខិតខំរបស់អ្នកដើម្បីគោរពព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
មេរៀនក្រោយ ( នីហ្វៃទី1 7– 14 )
នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងសិក្សាអំពីការនិមិត្តរបស់លីហៃ និង នីហ្វៃ ។ លីហៃ និង ទស្សននិមិត្តរបស់នីហ្វៃ អំពីដើមឈើជីវិត គឺអាចអនុវត្តបាននៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ។ ដំណើររឿងនៃទស្សននិមិត្តរបស់នីហ្វៃ រួមបញ្ចូលការរៀបរាប់ពីការប្រសូត ការបម្រើ និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ការរកឃើញ និង អាណានិគមរបស់អាមេរិកដោយសាសន៍ដទៃ និង ការបាត់បង់នូវសេចក្ដីពិតដ៏មានសារៈសំខាន់ ពីព្រះគម្ពីរបរិសុទ្ធ និង ការស្ដារឡើងវិញនូវសេចក្ដីពិតនោះតាមរយៈព្រះគម្ពីរមរមន ។ ដំណើររឿងនៃទស្សននិមិត្តរបស់នីហ្វៃ រួមមានទាំងការរៀបរាប់ពីការស្ដារឡើងវិញនៃដំណឹងល្អ ។