មេរៀនទី 18
នីហ្វៃទី 1 17
សេចក្តីផ្ដើម
ក្រោយពីការធ្វើដំណើរនៅក្នុងទីរហោស្ថានអស់រយៈពេលប្រាំបីឆ្នាំមក គ្រួសាររបស់លីហៃបានមកដល់តំបន់ឆ្នេរមួយដែលពួកគេហៅថា ដែនដីបរិបូរណ៍ ។ ក្រោយពីពួកគេបានស្ថាបនាខ្លួនគេនៅលើដែនដីបរិបូរណ៍ ព្រះអម្ចាស់បានបញ្ជាដល់នីហ្វៃឲ្យសង់សំពៅមួយ ។ នៅពេលបងប្អូនប្រុសរបស់គាត់បានដឹងពីអ្វីដែលគាត់ចង់ធ្វើ ពួកគេបានចំអកដល់គាត់ ហើយបន្ទាប់មកបានរអ៊ូ និង បដិសេធក្នុងការជួយធ្វើ ។ នីហ្វៃបានបង្រៀនបងប្អូនប្រុសរបស់គាត់ថា ទោះបីជាព្រះអម្ចាស់បានស្វែងរកដើម្បីមានព្រះបន្ទូលមកកាន់ពួកគេតាមរយៈសំឡេងដ៏តូចរហៀងនៃព្រះវិញ្ញាណក៏ដោយ ក៏អំពើទុច្ចរិតរបស់ពួកគេបានរារាំងពួកគេមិនឲ្យមានអារម្មណ៍ពីព្រះបន្ទូលរបស់ទ្រង់ដែរ ។ គាត់បានស្ដីបន្ទោសពួកគេ ចំពោះអំពើទុច្ចរិតរបស់ពួកគេ និង បានដាស់តឿនពួកគេឲ្យប្រែចិត្ត ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 17:1−51
គ្រួសាររបស់លីហៃ ធ្វើដំណើរទៅដែនដីបរិបូរណ៍ ជាកន្លែងដែលនីហ្វៃត្រូវបានបញ្ជាឲ្យសង់សំពៅមួយ
សូមគូរឌីយ៉ាក្រាមខាងក្រោមនៅលើក្ដារខៀន ។
សុំឲ្យសិស្សគិតថា តើពួកគេនឹងពិពណ៌នាជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ននេះថាងាយស្រួល ឬ ពិបាក និង ហេតុអ្វី ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យពិភាក្សាអំពីចម្លើយរបស់ពួកគេជាមួយនឹងដៃគូម្នាក់ ។ ឬ សូមអញ្ជើញសិស្សបីបួននាក់ ចែកចាយនូវគំនិតរបស់ពួកគេនឹងសិស្សក្នុងថ្នាក់ទាំងមូល ។ សូមរំឭកពួកគេថា ពួកគេមិនចាំបាច់ចែកចាយអ្វីដែលផ្ទាល់ខ្លួនពេកនោះទេ ) ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 17:1, 4, 6 ឮៗ ។ នៅពេលគាត់អាន សូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ និង ឃ្លាណាដែលបង្ហាញពីពេលដែលនីហ្វៃ និង គ្រួសាររបស់គាត់ បានចំណាយនៅក្នុងទីរហោស្ថាន ថាតើវាងាយស្រួល ឬ ពិបាក ។
-
តើនីហ្វៃចាត់ទុកថាពេលវេលារបស់ពួកគេ នៅក្នុងទីរហោស្ថានថាងាយស្រួល ឬ ពិបាក ? តើពាក្យណាដែលបង្ហាញថា វាពិបាក ?
សូមពន្យល់ថា នីហ្វៃ និង គ្រួសាររបស់គាត់ ក៏ត្រូវបានប្រទានពរយ៉ាងច្រើន អំឡុងពេលនេះ ។ សូមអញ្ជើញសិស្សអានសង្ខេបនៅក្នុង នីហ្វៃទី1 17:2, 5, 12−13 ដើម្បីរកមើលរបៀបខ្លះៗ ដែលនីហ្វៃ និង គ្រួសាររបស់គាត់ ត្រូវបានប្រទានពរអំឡុងពេលការធ្វើដំណើររបស់ពួកគេ។ សុំឲ្យសិស្សពីរបីនាក់ ពន្យល់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមប្រាប់សិស្សថា នីហ្វៃបានបង្រៀនគោលការណ៍មួយដែលពន្យល់ពីមូលហេតុដែលគ្រួសាររបស់គាត់ អាចត្រូវបានប្រទានពរ អំឡុងពេលលំបាកនេះ ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី1 17:3 ដោយស្ងាត់ៗ និង រកមើលគោលការណ៍ដែលចាប់ផ្ដើមដោយពាក្យ ប្រសិនបើ ។ សូមពន្យល់ដោយសង្ខេបថា នៅក្នុងព្រះគម្ពីរ ពេលខ្លះ គោលការណ៍ត្រូវបាននិយាយនៅក្នុងទម្រង់ « ប្រសិនបើ - នោះ » ។ ពាក្យ ប្រសិនបើ បង្ហាញសកម្មភាពមួយ និង ពាក្យ នោះ បង្ហាញពីលទ្ធផល ( វិជ្ជាមាន ឬ អវិជ្ជមាន ) ដែលយើងនឹងជួប ជាលទ្ធផលនៃសកម្មភាពនោះ ។
ទោះបីជា នីហ្វៃទី1 17:3 មិនមានពាក្យ នោះ ក្ដី ក៏វាបានពិពណ៌នាសកម្មភាពមួយ អមមកជាមួយនឹងពរជ័យខ្លះ ដែលនឹងជាលទ្ធផល ។ សុំឲ្យសិស្សប្រាប់ពីធាតុនៃគោលការណ៍ « ប្រសិនបើ - នោះ » ដែលពួកគេបានរកឃើញ ។ ពួកគេគួរតែនិយាយអ្វីដែលស្រដៀងនឹងអ្វីដូចខាងក្រោម ៖ ប្រសិនបើយើងកាន់តាមព្រះបញ្ញត្តិ នោះព្រះអម្ចាស់នឹងពង្រឹងយើង និង ផ្ដល់នូវមធ្យោបាយដល់យើងដើម្បីសម្រេចបានការណ៍នោះដែលទ្រង់បានបញ្ជា ។ ( អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។ សូមអញ្ជើញសិស្សស្វែងរកភស្ដុតាងនៃគោលការណ៍នេះ នៅពេលពួកគេសិក្សាពីបទពិសោធន៍របស់នីហ្វៃ និង នៅពេលពួកគេគិតអំពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
សូមចែកក្រដាសមួយ ដែលមានសំណួរដូចខាងក្រោម ( ឬ សរសេរសំណួរនេះនៅលើក្ដារខៀន មុនចាប់ផ្ដើមការបង្រៀន ) ៖
-
តើព្រះអម្ចាស់បានបញ្ជានីហ្វៃឲ្យធ្វើអ្វី ? ( នីហ្វៃទី1 17:7−8 ) តើនីហ្វៃបានឆ្លើយតបយ៉ាងដូចម្ដេច ? (នីហ្វៃទី1 17:9−11, 15−16) តើបងប្រុសរបស់គាត់បានឆ្លើយតបយ៉ាងដូចម្ដេច ? (នីហ្វៃទី1 17:17−21)
-
តើព្រះអម្ចាស់បានជួយម៉ូសេឲ្យសម្រេចកិច្ចការដែលគាត់ត្រូវបានបញ្ជាឲ្យធ្វើយ៉ាងដូចម្ដេច ? (នីហ្វៃទី1 17:23−29)
-
តើបងប្រុសរបស់នីហ្វៃ ប្រៀបដូចជាកូនចៅអ៊ីស្រាអែលដោយរបៀបណា ? (នីហ្វៃទី1 17:30, 42)
-
តើព្រះអម្ចាស់បានបញ្ជាអ្វីខ្លះ ដែលអាចពិបាកសម្រាប់ខ្ញុំ ?
-
តើខ្ញុំអាចឆ្លើយតបដូចជានីហ្វៃ និង ម៉ូសេបានដោយរបៀបណា ? តើខ្ញុំអាចជៀសវាងកំហុសដូចបងប្រុសរបស់នីហ្វៃ និង កូនចៅនៃអ៊ីស្រាអែលបានយ៉ាងដូចម្ដេច ?
សូមបង្ហាញសំណួរខាងលើ ដោយការពន្យល់ថាពួកគេនឹងជួយសិស្សឲ្យឃើញពីរបៀបដែលនីហ្វៃបានបន្ដរស់នៅតាមគោលការណ៍នៅក្នុង នីហ្វៃទី1 17:3 ក្រោយពីគាត់បានមកដល់ដែនដីបរិបូរណ៍ ។ សំណួរទាំងនេះ ក៏នឹងជួយសិស្សឲ្យអនុវត្តគោលការណ៍នេះទៅក្នុងជីវិតរបស់ពួកគេផងដែរ ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 17:7−8 ឮៗ ។ សុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលនីហ្វៃត្រូវបានបញ្ជាឲ្យធ្វើ ។ សុំឲ្យសិស្សកត់ត្រាចម្លើយក្រោមសំណួរទី 1 នៅលើក្រដាស ឬ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។
-
តើព្រះបញ្ញត្តិនេះ ពិបាកចំពោះនីហ្វៃដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 17:9−11និង សិស្សម្នាក់ទៀតអាន នីហ្វៃទី1 17:15–16ឮៗ ។ មុនពេលពួកគេអាន សុំសិស្សក្នុងថ្នាក់ស្ដាប់រកមើលនូវចម្លើយរបស់នីហ្វៃ ចំពោះព្រះបញ្ញត្តិដើម្បីសង់សំពៅមួយ ។
-
តើអ្វីដែលធ្វើឲ្យអ្នកពេញចិត្តអំពីចម្លើយរបស់នីហ្វៃ ?
សូមឲ្យសិស្សសរសេរសេចក្ដីសង្ខេបមួយអំពីចម្លើយរបស់នីហ្វៃ នៅក្រោមសំណួរទី 1 នៅលើក្រដាស ឬ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។
សុំឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុងនីហ្វៃទី1 17:17−21 ។ សុំឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ និង ឃ្លាដែលបង្ហាញពីឥរិយាបថរបស់លេមិន និង លេមយួល ។ សូមឲ្យសិស្សសរសេរសេចក្ដីសង្ខេបនៃចម្លើយរបស់លេមិន និង លេមយួល ចំពោះព្រះបញ្ញត្តិដើម្បីសង់សំពៅមួយ ។ សូមអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យចែកចាយសេចក្ដីសង្ខេបរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមពន្យល់ថា នីហ្វៃបានឆ្លើយតបនឹងការត្អូញត្អែររបស់បងៗរបស់គាត់ ដោយការរំឭក ពួកគេថា ព្រះអម្ចាស់បានជួយម៉ូសេឲ្យសម្រេចបាននូវកិច្ចការដ៏លំបាកក្នុងការរំដោះកូនចៅអ៊ីស្រាអែលចេញពីសេវកភាព ។ នីហ្វៃក៏បានប្រៀបធៀបការមានចិត្តរឹងរូសរបស់បងៗ ទៅនឹងការមានចិត្តរឹងរូសរបស់កូនចៅអ៊ីស្រាអែល ។ សូមអញ្ជើញសិស្សសិក្សាវគ្គព្រះគម្ពីរ និង កត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទី 2 និង 3 ។ ដោយផ្អែកលើសេចក្ដីត្រូវការរបស់សិស្សអ្នក អ្នកអាចឲ្យពួកគេធ្វើសកម្មភាពនេះរៀងៗខ្លួន ឬ ជាមួយនឹងដៃគូ ។
ក្រោយពីសិស្សបានបំពេញសំណួរទី 2 និង 3 ហើយ សូមសួរ ៖
-
តើព្រះអម្ចាស់បានជួយម៉ូសេ ឲ្យសម្រេចបានកិច្ចការដែលគាត់ត្រូវបានបញ្ជាឲ្យធ្វើដោយរបៀបណា ?
-
តើអ្នកគិតថា គំរូរបស់ម៉ូសេអាចជួយនីហ្វៃបានដោយរបៀបណា ?
-
តើតាមរបៀបណា ដែលបងប្រុសរបស់នីហ្វៃប្រៀបដូចជាកូនចៅអ៊ីស្រាអែល ?
សូមបង្ហាញថា នៅពេលដែលព្រះអម្ចាស់ឲ្យយើងតស៊ូនឹងកិច្ចការ ឬ ព្រះបញ្ញត្តិ យើងអាចជ្រើសរើសឆ្លើយតបដូចជានីហ្វៃបានឆ្លើយ ឬ យើងអាចឆ្លើយតបដូចជាលេមិន និង លេមយួល ។ សូមពន្យល់ថា ទោះបីជាព្រះបានបញ្ជាឲ្យយើងសម្រេចកិច្ចការដូចជាការសង់សំពៅមួយ ឬ ការឆ្លងសមុទ្រក្រហមក៏ដោយ ក៏ទ្រង់បានផ្ដល់នូវព្រះបញ្ញត្តិ និង បានបញ្ជាយើងឲ្យសម្រេចកិច្ចការដែលមនុស្សខ្លះគិតថាវាពិបាក ។ ឧទាហរណ៍ ទ្រង់បានបញ្ជាយើងឲ្យបន្ដគំនិតគុណធម៌ និង រក្សាថ្ងៃសិល្ប៍ទុកជាបរិសុទ្ធ ។ ទ្រង់សង្ឃឹមថាយើងធ្វើតាមការហៅបម្រើនៅក្នុងសាសនាចក្រ ( ដូចជាកូរ៉ុម ឬ ប្រធានថ្នាក់ ) និង បម្រើដល់អ្នកដទៃ ។ ទ្រង់ក៏សង្ឃឹមថាយើង រក្សាសេចក្ដីសញ្ញារបស់យើង និង បន្ដសកម្មនៅក្នុងសាសនាចក្រ ទោះជាប្រឈមមុខនឹងឧបសគ្គក៏ដោយ ។ សូមផ្ដល់ពេលវេលាដល់សិស្សកត់ត្រានូវចម្លើយចំពោះសំណួរទី 4 និង 5 ។ សូមលើកទឹកចិត្តពួកគេឲ្យឆ្លើយតបនឹងសំណួរទី 4 ដោយការសរសេរអំពីអ្វីដែលព្រះអម្ចាស់បានបញ្ជា ដែលវាអាចពិបាកចំពោះពួកគេ ។
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការសរសេរហើយ សូមអានការបង្ហាញពីសេចក្ដីជំនឿរបស់នីហ្វៃនៅក្នុងនីហ្វៃទី1 17:50 ឮៗ ។ បន្ទាប់មក សុំឲ្យសិស្សអាន នីហ្វៃទី1 17:51 ដោយស្ងាត់ៗនិង ពិចារណាពីរបៀបដែលវាអាចអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យបន្ថែមឈ្មោះរបស់ពួកគេក្រោយពាក្យ ខ្ញុំ និង ជំនួសឃ្លា សង់សំពៅ ដោយកិច្ចការ ឬ ព្រះបញ្ញត្តិមួយដែលពួកគេគិតថាពិបាក ។ សូមគិតពីការអញ្ជើញសិស្សដែលមានអារម្មណ៍ស្រួលក្នុងការធ្វើដូច្នោះ ឲ្យអាននីហ្វៃទី1 17:51 ឮៗ ជាមួយនឹងការជំនួសពាក្យដែលពួកគេបានធ្វើ ។ សូមបើកទៅម្ដងទៀតទៅគោលការណ៍ដែលបានសរសេរលើក្ដារខៀននេះ ។
-
តើបទពិសោធន៍អ្វីដែលនីហ្វៃបានមាន ជាមួយនឹងគោលការណ៍នេះ ដែលផ្ដល់ជំនឿចិត្តដល់គាត់ថា ព្រះអម្ចាស់នឹងជួយគាត់ឲ្យធ្វើតាមរាល់ព្រះបញ្ញត្តិ ?
-
តើអ្នកមានបទពិសោធន៍អ្វី ដែលផ្ដល់ជំនឿចិត្តដល់អ្នកថា ព្រះនឹងជួយអ្នកឲ្យសម្រេចបាននូវអ្វីក៏ដោយដែលទ្រង់បានបញ្ជាដល់អ្នក ?
សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងកាន់តាមព្រះបញ្ញត្តិ ព្រះអម្ចាស់នឹងពង្រឹងយើង និង ផ្ដល់មធ្យោបាយដល់យើងឲ្យសម្រេចបាននូវអ្វីៗដែលទ្រង់បានបញ្ជា ។
នីហ្វៃទី1 17:45−55
នីហ្វៃបានបន្ទោសលេមិន និង លេមយួលចំពោះអំពើទុច្ចរិតរបស់ពួកគេ
សូមបង្ហាញរូបភាពនីហ្វៃបង្ក្រាបបងប្អូនប្រុសដែលបះបោររបស់គាត់ ( 62044 ; សៀវភៅរូបភាពដំណឹងល្អ [2009] ទំព័រ 70 ) ។ សូមអញ្ជើញសិស្សឲ្យសង្ខេបពីអ្វីដែលបានកើតឡើងនៅក្នុងរូបភាពនេះ ។ ប្រសិនបើសិស្សមិនមានចម្លើយទេ សូមអញ្ជើញពួកគេរកចម្លើយនៅក្នុង នីហ្វៃទី1 17:48, 53–54 ។
-
យោងតាមនីហ្វៃទី1 17:53 តើហេតុអ្វីបានជាព្រះអម្ចាស់ធ្វើឲ្យបងប្រុសរបស់នីហ្វៃភាំងស្មារតី ? ( អ្នកអាចឲ្យសិស្សយកចិត្តទុកដាក់លើលេខយោងលេខ 53 ក ដើម្បីជួយពួកគេយល់ ពាក្យថា ធ្វើឲ្យភាំងស្មារតី នៅក្នុងបរិបទនេះ មានន័យថា « ធ្វើឲ្យញ័រ ឬ រន្ធត់ » ) ។
សូមពន្យល់ថា ការភាំងស្មារតីដែលព្រះអម្ចាស់បានធ្វើដាក់លេមិន និង លេមយួលគឺគ្រាន់តែជារបៀបមួយក្នុងរបៀបជាច្រើន ដែលព្រះអម្ចាស់ទាក់ទងជាមួយនឹងពួកគេប៉ុណ្ណោះ ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី1 17:45 និង ស្វែងរករបៀបពីរបីដែលព្រះអម្ចាស់បានទាក់ទងជាមួយនឹងលេមិន និង លេមយួលកាលពីអតីតកាល ។
-
តើព្រះអម្ចាស់បានទាក់ទងជាមួយនឹងលេមិន និង លេមយួលតាមរបៀបអ្វីខ្លះ ? តើរបៀបមួយណា ដែលមើលទៅហាក់ដូចជារបៀបមួយ ដែលជាទូទៅ ព្រះអម្ចាស់រកទាក់ទងជាមួយនឹងយើង ?
អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំប្រយោគខាងក្រោមនៅក្នុង នីហ្វៃទី1 17:45 ៖ « ព្រះមានបន្ទូលជាមួយនឹងអ្នកដោយសំឡេងតូចរហៀងៗ » ។ សុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ព្រះវិញ្ញាណបរិសុទ្ធ បានមានព្រះបន្ទូលដោយសំឡេងមួយដែលអ្នក មានអារម្មណ៍ ជាជាងអ្នក ឮ ។សំឡេងនេះ ត្រូវបានពិពណ៌នាថាជា ‹ សំឡេងតូចរហៀង › [គ. និង ស. 85:6] ។ ហើយនៅពេលយើងនិយាយអំពី ‹ ការស្ដាប់ › តាមសំឡេងខ្សឹបនៃព្រះវិញ្ញាណ ភាគច្រើនគេសំដៅលើការបំផុសគំនិតខាងវិញ្ញាណ ដោយនិយាយថា ‹ ខ្ញុំមានអារម្មណ៍ថា … › » ( « វិវរណៈផ្ទាល់ខ្លួន ៖ អំណោយទាន ការសាកល្បង និង សេចក្ដីសន្យា » Ensign ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 60 ) ។
អ្នកអាចអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតខាងក្រោមនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរនីហ្វៃទី1 17:45 ៖ ព្រះវិញ្ញាណបរិសុទ្ធ មានព្រះបន្ទូលដោយសំឡេងតូចរហៀង ដែលយើងមានអារម្មណ៍ពីទ្រង់ជាជាងយើងអាចឮ ។( ដើម្បីសង្កត់ធ្ងន់លើគោលការណ៍នេះ អ្នកអាចឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា 8:2–3 ) ។
-
តើអ្នកមានអារម្មណ៍ពីសំឡេងតូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ មានព្រះបន្ទូលទៅកាន់អ្នកនៅពេលណា ?
-
តើអ្នកធ្វើអ្វីខ្លះ ដែលជួយអ្នកឲ្យមានអារម្មណ៍ និង ស្គាល់ពីសំឡេងតូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធនោះ ?
ក្រោយពីសិស្សបានឆ្លើយតបហើយ អ្នកអាចលើកទឹកចិត្តពួកគេឲ្យគូសឃ្លាខាងក្រោមនៅក្នុង នីហ្វៃទី1 17:45 ៖ « ប៉ុន្តែបងរាល់គ្នាមានចិត្តវក់វិញ ទើបមិនអាចចាប់អារម្មណ៍ពីព្រះបន្ទូលរបស់ព្រះអង្គឡើយ » ។ សូមឲ្យសិស្សអានប្រយោគទីមួយនៃ នីហ្វៃទី1 17:45 និង រកមូលហេតុដែលលេមិន និង លេមយួលក្លាយជា « មានចិត្តវក់វី » ។ សូមអញ្ជើញពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វីបានជាការ « រហ័សធ្វើអំពើទុច្ចរិត » ធ្វើឲ្យលេមិន និង លេមយួលក្លាយជា « មានចិត្តវក់វី » ?
-
តើអំពើបាបរបស់យើង អាចប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច ?
ក្រោយពីសិស្សបានឆ្លើយតបហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ដែលបានបម្រើជាសមាជិកនៃគណៈប្រធានទីមួយ ៖
« ទូរស័ព្ទតូចៗ ត្រូវបានប្រើសម្រាប់ទំនាក់ទំនងជាច្រើននៅក្នុងជំនាន់របស់យើង ។ ទោះយ៉ាងណាក្ដី ជួនពេលខ្លះ យើងនឹងនៅស្ថិតនៅក្នុងតំបន់ដែលគ្មានសេវាទូរស័ព្ទ ។ នេះអាចកើតឡើង នៅពេលអ្នកប្រើទូរស័ព្ទដៃ ធ្វើដំណើរនៅក្រោមដី ឬ ជ្រលងជ្រោះ ឬ នៅពេលមានការជ្រែកចូលផ្សេងទៀត ។
« វាក៏កើតមានចំពោះការទាក់ទងដ៏ទេវភាពដូចគ្នាដែរ ។ … ជាញឹកញាប់ យើងដាក់ខ្លួនយើងនៅក្នុងកន្លែងចំណុចខូចខាងវិញ្ញាណ —កន្លែង និង ស្ថានភាពដែលរារាំងសារដ៏ទេវភាព ។ ចំណុចខូចទាំងនេះខ្លះ រួមមានកំហឹង រូបអាសគ្រាម ការបំពាន ភាពអាត្មានិយម និង ស្ថានភាពផ្សេងទៀតដែលរារាំងព្រះវិញ្ញាណ » ( « តើអ្នកបានទទួលសារត្រឹមត្រូវទេ ? » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 67 ) ។
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យគិតអំពីសារដែលព្រះអម្ចាស់ចង់ទាក់ទងជាមួយនឹងពួកគេថ្មីៗនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតថាតើមាន « ចំណុចខូចខាងវិញ្ញាណ » ណាខ្លះ ដែលអាចរារាំងពួកគេពីការទទួលបានទំនាក់ទំនងបែបនោះ ។ ( អ្នកអាចឲ្យសិស្សសរសេរអំពីការណ៍នេះ នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ) ។ សូមថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដោយសំឡេងតូចរហៀង ដែលយើងមានអារម្មណ៍ជាជាងស្តាប់ឮ ។ សូមថ្លែងទីបន្ទាល់ផងដែរថា យើងអាចជួបបទពិសោធន៍នឹងទំនាក់ទំនងនេះ នៅពេលយើងស្វែងរកដើម្បីមានភាពសក្ដិសមចំពោះការបំផុសគំនិតដ៏ទន់ភ្លន់ទាំងនេះ ។