មេរៀនទី 19
នីហ្វៃទី 1 18
សេចក្តីផ្ដើម
ដោយការធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ នីហ្វៃ និង អ្នកផ្សេងទៀត បានបញ្ចប់ការសង់សំពៅ និង ចេញដំណើរទៅកាន់ដែនដីសន្យា ។ អំឡុងពេលធ្វើដំណើររបស់ពួកគេ លេមិន និង លេមយួល និង កូនប្រុសរបស់អ៊ីសម៉ាអែល និង ប្រពន្ធរបស់ពួកគេ បានបះបោរទាស់នឹងព្រះអម្ចាស់ ។ នៅពេលនីហ្វៃបានស្ទីបន្ទោសពួកគេ លេមិន និង លេមយួលបានចងគាត់ដោយខ្សែដាប់ ។ ជាលទ្ធផល លីអាហូណាបានឈប់ដើរ ហើយពួកគេមិនអាចសម្រេចថាផ្លូវណាមួយត្រូវកាច់ចង្កូតសំពៅទៅនោះទេ ។ នៅពេលព្យុះដ៏ធំមួយបានមកគំរាមជីវិតគ្រប់គ្នានៅលើសំពៅ នោះពួកគេបានប្រែចិត្ត និង បានដោះលែងនីហ្វៃ ។ នីហ្វៃបានអធិស្ឋានដើម្បីឲ្យព្យុះស្ងប់ ហើយព្រះអម្ចាស់បានដឹកនាំដំណើររបស់ពួកគេម្ដងទៀត ទៅកាន់ដែនដីសន្យា ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី1 18:1–8
គ្រួសាររបស់លីហៃ រៀបចំចេញដំណើរតាមសមុទ្រទៅកាន់ដែនដីសន្យា
សូមសរសេរ ព្រះចេស្ដារបស់ព្រះអម្ចាស់ និង ការខិតខំរបស់ខ្ញុំ នៅលើក្ដារខៀន ។ សុំឲ្យសិស្សគិតអំពីបញ្ហាមួយ ដែលពួកគេកំពុងជួបប្រទះ ។ សូមអញ្ជើញពួកគេឲ្យជ្រើសរើសអ្វីដែល ( ព្រះចេស្ដារបស់ព្រះអម្ចាស់ ឬ ការខិតខំរបស់ខ្ញុំ ) អាចមានប្រសិទ្ធភាពជាងក្នុងការដោះស្រាយបញ្ហា និង សុំឲ្យពួកគេពន្យល់ពីមូលហេតុ ។ ក្រោយពីការពិភាក្សាដ៏ខ្លីមួយ សូមអញ្ជើញសិស្សរកមើលរបៀបដែលគំរូរបស់នីហ្វៃនៅក្នុង នីហ្វៃទី1 18 អាចជួយពួកគេប្រឈមមុខនឹងឧបសគ្គដែលពួកគេជួបប្រទះ ។
សូមបង្ហាញរូបភាពលីហៃ និង ប្រជាជនរបស់គាត់ មកដល់ដែនដីសន្យា ( 62045 ; សៀវភៅរូបភាពដំណឹងល្អ [2009] ទំព័រ 71) ។
សូមអញ្ជើញសិស្សអាន នីហ្វៃទី1 18:1–8 ដោយស្ងាត់ៗ ។ សុំឲ្យពួកគេរកមើល (1) អ្វីដែលនីហ្វៃ និង គ្រួសាររបស់គាត់ធ្វើ ដើម្បីរៀបចំសម្រាប់ដំណើររបស់ពួកគេទៅកាន់ដែនដីសន្យា និង (2) អ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយដល់ពួកគេ ។
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលនីហ្វៃបានទទួលវិវរណៈ « ពីពេលមួយទៅពេលមួយ » ?
-
នៅក្នុង នីហ្វៃទី1 18:2–3 តើទំនាក់ទំនងអ្វី ដែលអ្នកបានឃើញរវាងសកម្មភាពរបស់នីហ្វៃ និង ជំនួយដែលគាត់បានទទួលមកពីព្រះអម្ចាស់ ?
-
តើការណែនាំរបស់ព្រះអម្ចាស់ និង ការខិតខំផ្ទាល់ខ្លួនរបស់នីហ្វៃ មានសារៈសំខាន់យ៉ាងដូចម្ដេច ក្នុងការបញ្ចប់ការសង់សំពៅ និង ការធ្វើដំណើរទៅកាន់ដែនដីសន្យា ?
សុំឲ្យសិស្សសង្ខេបគោលការណ៍ពីរបី ដែលយើងអាចរៀនពីគំរូរបស់នីហ្វៃ ។ នៅពេលសិស្សមានឱកាសដើម្បីរកសេចក្ដីពិត ដែលពួកគេបានរៀន សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ដើម្បីសម្រេចបានអ្វីដែលព្រះអម្ចាស់បានបញ្ជា យើងត្រូវស្វែងរកជំនួយរបស់ទ្រង់ និង បញ្ចេញការខិតខំរបស់យើងផ្ទាល់ ។
-
តើនៅពេលណាដែលអ្នកទទួលបានការណែនាំ ឬ ការដឹកនាំមកពីព្រះអម្ចាស់ ហើយត្រូវការការខិតខំប្រឹងផ្ទាល់របស់អ្នក ដើម្បីរក្សាព្រះបញ្ញត្តិមួយរបស់ទ្រង់ ?
សូមអញ្ជើញសិស្សកត់ត្រានូវចម្លើយរបស់គ្នាទៅវិញទៅមក ចំពោះសំណួរខាងលើនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ។
សូមបង្ហាញថា យើងទាំងអស់គ្នាត្រូវការជំនួយពីព្រះ ដើម្បីគោរពតាមព្រះបញ្ញតិ្តរបស់ទ្រង់ និង ដើម្បីធ្វើតាមបទដ្ឋាននៃដំណឹងល្អដែលបានគ្រោងទុកនៅក្នុង ដើម្បីកម្លាំងនៃយុវជន ។( អ្នកអាចទទួលបាន និង សុំសៀវភៅ ដើម្បីកម្លាំងនៃយុវជន មុនពេលចាប់ផ្ដើម ) ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលព្រះបញ្ញត្តិមួយ ឬ បទដ្ឋានដំណឹងល្អមួយ ដែលពួកគេត្រូវការជំនួយពីព្រះជាពិសេសក្នុងការគោរពតាម ។ សូមផ្ដល់ពេលដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេអំពី (1) អ្វីដែលពួកគេអាចធ្វើដើម្បីស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីគោរពតាម និង (2) ការខិតខំផ្ទាល់ខ្លួនអ្វី ដែលពួកគេត្រូវការដើម្បីគោរពតាមវាបាន ។
នីហ្វៃទី1 18:9 –25
លេមិន និង លេមយួលបានដឹកនាំការបះបោរដែលរារាំងការធ្វើដំណើរទៅកាន់ដែនដីសន្យា
សូមសួរសំណួរខាងក្រោម ៖
-
តើអ្នកគិតថា អ្វីជាហេតុផលមួយចំនួន ដែលយើងត្រូវជួបនឹងការលំបាក ?
ក្រោយពីការពិភាក្សាខ្លះៗ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិល វិតនី ខ្លេតុន នៃក្រុមចិតសិបនាក់ ។ សុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកនូវហេតុផលបីយ៉ាងដែលអែលឌើរ ខ្លេតុន បានផ្ដល់ចំពោះការលំបាកដែលយើងបានជួបប្រទះ ៖
« តាមន័យទូទៅ បន្ទុករបស់យើងមកពីប្រភពបីយ៉ាង ។ [1] បន្ទុកខ្លះគឺជាលទ្ធផលធម្មជាតិនៃលក្ខខណ្ឌនៃពិភពលោក ដែលយើងរស់នៅ ។ ជំងឺតម្កាត់ ការពិការខាងរាងកាយ ខ្យល់ព្យុះ និង ការរញ្ជួយផែនដីដែលកើតឡើងពីពេលមួយទៅពេលមួយ នោះមិនមែនជា កំហុសរបស់យើងនោះទេ ។ …
« [2] បន្ទុកផ្សេងទៀត ត្រូវបានដាក់មកលើយើង ដោយការប្រព្រឹត្តខុសរបស់អ្នកដទៃ ។ ការបំពាន និង ការញៀន អាចធ្វើឲ្យគេហដ្ឋានក្លាយជាអ្វីមួយ ប៉ុន្ដែគេហដ្ឋានគឺជាស្ថានសួគ៌មួយនៅលើផែនដីចំពោះសមាជិកគ្រួសារសុចរិត ។ អំពើបាប ប្រពៃណីខុសឆ្គង ការបង្រ្កាប និង បទល្មើស ពង្រាយដាក់បន្ទុកដល់ជនរងគ្រោះតាមផ្លូវនៃជីវិតគេ ។ …
« [3] កំហុស និង កំសោយរបស់យើងផ្ទាល់ បង្កើតបញ្ហាដល់យើងជាច្រើន និង អាចដាក់បន្ទុកយ៉ាងធ្ងន់មកលើស្មារបស់យើង ។ បន្ទុកដ៏ស្មុគស្មាញភាគច្រើនដែលយើងដាក់មកលើខ្លួនយើង គឺជាបន្ទុកនៃអំពើបាប » ( « ថាបន្ទុករបស់អ្នកនឹងត្រូវបានសម្រាល » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 12–13 ) ។
សូមសរសេរនៅលើក្ដារខៀន (1) លក្ខខណ្ឌនៃពិភពលោក (2) ការប្រព្រឹត្តខុសរបស់អ្នកដទៃ និង (3) កំហុស និងកំសោយរបស់យើងផ្ទាល់ ។
សូមពន្យល់ថា ក្រោយពីគ្រួសាររបស់លីហៃបានចុះសំពៅធ្វើដំណើរកាត់សមុទ្រ លេមិន លេមយួល និង អ្នកផ្សេងទៀតបានជ្រើសរើសជម្រើសខុស ដែលនាំមកនូវការលំបាកដល់គ្រប់គ្នានៅលើសំពៅ ។ សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 1 18:9 ឮៗ ។ សូមលើកទឹកចិត្តសិស្សឲ្យលើកដៃរបស់ពួកគេ នៅពេលពួកគេដឹងពីគំរូមួយរបស់នរណាម្នាក់ដែលរើសជម្រើសខុស ។
-
តើជម្រើសខុសអ្វីដែលលេមិន លេមយួល កូនប្រុសរបស់អ៊ីសម៉ាអែល និង ប្រពន្ធរបស់ពួកគេបានធ្វើ ? ហេតុអ្វីបានជាវាខុស ?
សូមជួយសិស្សយល់ថា វាមិនមែនខុសដើម្បីរាំ ស្ដាប់តន្ដ្រី ឬ មានការសប្បាយ ប៉ុន្ដែខគម្ពីរនេះបង្ហាញថាលេមិន លេមយួល និង អ្នកផ្សេងទៀតបានធ្វើនូវរឿងទាំងនេះ « ដោយមានភាពទ្រគោះហួសវិស័យ »( នីហ្វៃទី1 18:9 ) ។ សូមពន្យល់ថានៅក្នុងបរិបទនេះ ពាក្យភាពទ្រគោះ សំដៅលើភាពអាសគ្រាម ឬ គ្រោតគ្រាត ។ សត្រូវយើង អាចប្រើការរាំ តន្ដ្រី និង របៀបដែលយើងនិយាយដើម្បីបំផ្លាញដួងចិត្ត និង គំនិតរបស់យើង និង នាំឲ្យយើងបាត់បង់ភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 18:10 ឮៗ ។
-
ដោយយោងតាម នីហ្វៃទី1 18:10 តើនីហ្វៃបានភ័យខ្លាចអ្វីនឹងកើតឡើង ប្រសិនបើអ្នកដែលបះបោរមិនព្រមប្រែចិត្ត ?
-
តើនីហ្វៃបានធ្វើអ្វី ដើម្បីព្យាយាមជួយពួកគេ ? ( វាអាចមានប្រយោជន៍សម្រាប់សិស្សដើម្បីដឹងថាពាក្យ ភាពម៉ឺងម៉ាត់ មានន័យថា ភាពម៉ត់ចត់ ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតប ប្រសិនបើសមាជិកគ្រួសារម្នាក់ ឬ អ្នកដឹកនាំសាសនាចក្រណាម្នាក់ បានសុំឲ្យពួកគេប្ដូរតន្ដ្រីដែលពួកគេកំពុងស្ដាប់ របៀបពួកគេរាំ ឬ របៀបពួកគេនិយាយ ។ សូមលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតថា តើពួកគេនឹងព្រមស្ដាប់តាម ហើយផ្លាស់ប្ដូរឬទេ ។
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី1 18:11 ឮៗ ។
-
យោងតាម នីហ្វៃទី1 18: 10–11 តើលេមិន និង លេមយួលបានឆ្លើយតបនឹងការប្រឹក្សារបស់នីហ្វៃយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាព្រះអម្ចាស់បានបណ្តោយឲ្យលេមិន និង លេមយួលចងនីហ្វៃ ?
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអាននៅក្នុង នីហ្វៃទី1 18:12–14, 17–19 ឮៗ ។ សុំឲ្យសិស្សរកមើលពាក្យ និង ឃ្លាដែលបង្ហាញពីលទ្ធផលនៃអាកប្បកិរិយារបស់លេមិន និង លេមយួល ។ សូមអញ្ជើញសិស្សរកមើលគោលការណ៍នៃដំណឹងល្អ ដែលពួកគអាចរៀនពីដំណើររឿងនេះ ។ ចម្លើយមួយអាចថា អំពើបាបនាំទៅរកការរងទុក្ខដល់ខ្លួនយើង និង ពេលខ្លះដល់អ្នកដទៃផងដែរ ។ដើម្បីជួយសិស្សអនុវត្តគោលការណ៍នេះ អ្នកអាចសួរសំណួរដូចជា ៖
-
តើសកម្មភាពបះបោរនៃមនុស្សពីរបីនាក់ ប៉ះពាល់ដល់ក្រុមទាំងមូលយ៉ាងដូចម្ដេច ?
-
តើជម្រើសដ៏ល្ងង់ខ្លៅ ឬ ដែលបះបោរទាំងនេះ អាចជ្រៀតជ្រែកដល់សមត្ថភាពយើងក្នុងការទទួលបានវិវរណៈដោយរបៀបណា ?
នៅផ្នែកនៃការពិភាក្សានេះ សូមគិតពីការអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« យើងបានមើលគំរូនៃការមានគារវភាព និង ការគ្មានគារវភាពនៅក្នុងសាសនាចក្រ ។ ខណៈពេលដែលមនុស្សជាច្រើនត្រូវបានគេកោតសរសើរជាខ្លាំង យើងកំពុងតែរសាត់ព្រាត់ ។ យើងមានហេតុផលដើម្បីត្រូវគេព្រួយបារម្ភយ៉ាងខ្លាំង ។
« ពិភពលោកកាន់តែមានភាពរវល់ឡើងៗ ។ ការស្លៀកពាក់ និង ការសម្អិតសម្អាង និង ការប្រព្រឹត្ត គឺកាន់តែធូររលង់ និង កាន់តែមិនស្អាតស្អំ និង កាន់តែគ្មានរបៀបរៀបរយ ។ តន្ដ្រីខ្លាំងៗ … ជាមួយនឹងទំនុកថោកទាប បន្លឺឡើងតាមប្រដាប់បំពងសំឡេង ។ … ការប្រែប្រួលនៃរឿងទាំងនេះ ទទួលបានការយល់ព្រមយ៉ាងខ្លាំង និង មានឥទ្ធិពលមកលើយុវវ័យយើង ។ …
« ទំនោរនេះ ចំពោះសំឡេងកាន់តែខ្លាំង កាន់តែមានភាពសប្បាយ កាន់តែមានទំនាស់ មិនមានការការអត់ធ្មត់ មិនមានសេចក្តីថ្លៃថ្នូរ មិនមានរបៀបរបប គឺវាមិនមែនជារឿងចៃដន្យ ឬ ដោយគ្មានកំហុសនោះទេ ឬក៏ គ្មានការប៉ះទង្គិចដែរ ។
« ការចេញបញ្ជាលើកតំបូងត្រូវបានចេញដោយ មេបញ្ជាកាម្នាក់ទប់ទល់នឹងការឈ្លានពានពីកងទ័ពមួយ គឺជាការស្ទះខ្សែរយៈទំនាក់ទំនងនៃអស់អ្នកដែលគាត់មានបំណងចង់យកជ័យជំនះលើ ។
« ការគ្មានគារវភាព បំពេញបំណងរបស់គូសត្រូវ ដោយការរារាំងបណ្ដាញដ៏ពិសិដ្ឋនៃវិវរណៈទាំងខាងគំនិត និង ខាងវិញ្ញាណ » ( « គារវភាពអញ្ជើញវិវរណៈ » Ensignខែ វិច្ឆិកា ឆ្នាំ 1991 ទំព័រ 22 ) ។
-
ប្រសិនបើអ្នកក្លាយជាអ្នកបះបោរ និង អ្នកមិនគោរពប្រតិបត្តិ តើវាអាចប៉ះពាល់ដល់គ្រួសាររបស់អ្នកដោយរបៀបណា ? តើវាអាចប៉ះពាល់ដល់មិត្តភក្ដិរបស់អ្នកដោយរបៀបណា ? តើវាអាចប៉ះពាល់ដល់សិស្សក្នុងថ្នាក់ ឬ កូរ៉ុមរបស់អ្នកដោយរបៀបណា ?
សូមត្រឡប់ទៅចំណុចនៃភាពលំបាកៗ ទាំងបីដែលបានសរសេរនៅលើក្ដារខៀន ។ សូមពន្យល់ថា មេរៀនផ្សេងៗទៀតនៃជំពូកនេះ អាចជួយយើងឲ្យរៀនពីរបៀបដែលយើងគួរតែឆ្លើយតប នៅពេលជួបការលំបាកមកដល់ មិនថាពួកគេមានលទ្ធផលពីជម្រើសរបស់យើងផ្ទាល់ ឬ ជម្រើសរបស់អ្នកដទៃនោះទេ ។ សូមអញ្ជើញសិស្សអាន នីហ្វៃទី1 18:15–16, 20–23រៀងៗខ្លួន ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលសេចក្ដីពិតដែលអាចអនុវត្តនៅក្នុងស្ថានភាពទាំងពីរ ។ សូមឲ្យពួកគេចែកចាយជាពាក្យសម្ដីផ្ទាល់ខ្លួនគេ នូវអ្វីដែលពួកគេបានរៀន ។ ចម្លើយរបស់ពួកគេ អាចរួមមាន ៖
-
យើងអាចសំឡឹងទៅព្រះ និង នៅបន្ដស្មោះត្រង់ អំឡុងពេលយើងជួបនឹងឧបសគ្គ ។
-
ការអធិស្ឋាន អាចជួយយើងឲ្យរកបានសេចក្ដីសុខសាន្ដ ក្នុងគ្រាយើងជួបនឹងឧបសគ្គ ។
នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមប្រាកដដើម្បីបញ្ជាក់ពីគំរូដ៏សុចរិតរបស់នីហ្វៃ អំឡុងពេលគាត់ជួបនឹងឧបសគ្គ ។ សូមអញ្ជើញសិស្សឲ្យអានទីបន្ទាល់ខាងក្រោមពីអែលឌើរ អិល វិតនី ក្លេតុន ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលអែលឌើរ ក្លេតុន បានប្រឹក្សាយើងឲ្យធ្វើ នៅពេលយើងជួបនឹងឧបសគ្គ ៖
« មិនថាការលំបាកដែលយើងជួបនៅក្នុងជីវិតជាលទ្ធផល នៃលក្ខខណ្ឌធម្មជាតិ ការប្រព្រឹត្តខុសរបស់អ្នកដទៃ ឬ ជាកំហុស និង ការធ្លាក់របស់យើងផ្ទាល់នោះទេ យើងទាំងអស់គ្នាគឺជាកូនចៅរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ដែលបានបញ្ជូនយើងមកកាន់ផែនដី ដែលជាផ្នែកនៃផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ សម្រាប់ការលូតលាស់ និង ការរីកចម្រើនរបស់យើង ។ បទពិសោធន៍ពិសេសៗផ្ទាល់ខ្លួនរបស់យើង អាចជួយយើងឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅរកទ្រង់វិញ ។ … យើងត្រូវតែធ្វើអ្វីៗដែលយើងអាច ដើម្បីទប់ទល់នឹងការលំបាករបស់យើង ‹ ឲ្យបានល្អ › [ សូមមើល គ. និង ស. 121:7–8 ] ។ …
« … ខ្ញុំដឹងថា នៅពេលយើងកាន់តាមព្រះបញ្ញត្តិរបស់ព្រះ និង សេចក្ដីសញ្ញារបស់យើង ទ្រង់នឹងជួយយើងសម្រាលបន្ទុករបស់យើង ។ ទ្រង់នឹងពង្រឹងយើង ។ នៅពេលយើងប្រែចិត្ត ទ្រង់នឹងអភ័យទោសដល់យើង ដោយសេចក្ដីសុខសាន្ដនៃសម្បជញ្ញៈ និង សេចក្ដីអំណរ » ( « ដើម្បីឲ្យបន្ទុករបស់អ្នកនឹងត្រូវបានសម្រាល » ទំព័រ 13–14 ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីសេចក្ដីពិតមួយ ដែលពួកគេបានរៀនពីមេរៀននេះ ។
-
តើនៅពេលណាដែលអ្នកបានឃើញពីសេចក្ដីពិតនេះកើតឡើង នៅក្នុងជីវិតរបស់អ្នក ឬ នៅក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ?
អ្នកអាចបន្ថែមទីបន្ទាល់របស់អ្នកថា ព្រះអាចជួយយើងឆ្លងកាត់ឧបសគ្គរបស់យើង នៅពេលយើងស្មោះត្រង់ និង នៅពេលយើងប្រែចិត្ត ហើយត្រឡប់មករកទ្រង់វិញ ។
ដើម្បីបញ្ចប់ សូមរំឭកសិស្សថា ទោះជាមានការលំបាកដែលនីហ្វៃ និង គ្រួសាររបស់គាត់បានជួបប្រទះក្តី ក៏នៅទីបំផុតពួកគេបានទៅដល់ដែនដីសន្យាដែរ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងស្វែងរកការដឹកនាំពីព្រះអម្ចាស់ និង ធ្វើការដោយឧស្សាហ៍ព្យាយាមក្នុងការធ្វើតាមនោះ យើងក៏អាចបំពេញដំណើរដែលព្រះអម្ចាស់បានបញ្ជូនយើងមកផែនដីដើម្បីបានទទួលបទពិសោធន៍ប្រកបដោយជោគជ័យផងដែរ ។