បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 4


មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃ​ទី​ 1 15–19( មេរៀន​ទី 4 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា នីហ្វៃ​ទី​1 15–19( មេរៀន​ទី 4 ) មិន​ត្រូវ​បាន​បម្រុង​ទុកសម្រាប់​បង្រៀន​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​អ្នក ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​មួយចំនួនទាំងនេះ​​តែ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 ( នីហ្វៃ​ទី​1 15 )

នីហ្វៃ និង បងប្អូន​ប្រុស​របស់​គាត់ បាន​ឆ្លើយតប​ខុសៗ​គ្នា​ទៅនឹង​ការព្យាការណ៍​របស់​លីហៃ ។ ដោយ​ការសិក្សា​ពី​សកម្មភាព​របស់​នីហ្វៃ សិស្ស​ឃើញ​ថា ប្រសិន​បើ​យើង​សុំ​ដល់​ព្រះអម្ចាស់​ដោយ​សេចក្ដី​ជំនឿ និង គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ យើង​នឹង​ត្រូវ​បាន​រៀបចំ​ឲ្យ​ទទួល​វិវរណៈ និង ការណែនាំ​មក​ពី​ទ្រង់ ។ នីហ្វៃ​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ដំបងដែក ដោយ​បង្ហាញ​ថា​ការសិក្សា និង ការធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះ​ជា​រៀងរាល់​ថ្ងៃ ជួយ​ពង្រឹង​យើង​ប្រឆាំង​នឹង​ការល្បួង​របស់​សាតាំង ។

ថ្ងៃ​ទី 2 (នីហ្វៃ​ទី​1 16)

ចេញ​ពី​ប្រតិកម្ម​របស់​លេមិន និង លេមយួល​ទៅនឹង​ការបង្រៀន​របស់​នីហ្វៃ សិស្ស​ឃើញ​ថា « អ្នក​មាន​ទោស​រាប់​សេចក្ដី​ពិត​ទុក​ជា​ការពិបាក » ( នីហ្វៃ​ទី​1 16:2 ) ។ នៅពេល​នីហ្វៃ​ធ្វើ​បាក់​ធ្នូ​របស់​គាត់ គាត់​បង្ហាញ​ថា ប្រសិន​បើ​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាចធ្វើ និង ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឆ្លង​កាត់​ការពិបាក​របស់​យើង ។ ដោយ​ការសិក្សា​ពី​របៀប​ដែល​លីអាហូណា​បាន​ដឹកនាំ​គ្រួសារ​របស់​លីហៃ សិស្ស​ដឹង​ថា « ដោយសារ​មធ្យោបាយ​ដ៏​តូចតាច នោះ​ព្រះអម្ចាស់​ទ្រង់​អាច​សម្រេច​ការណ៍​យ៉ាង​ធំ​បាន » ( នីហ្វៃ​ទី​1 16:29 ) ។

ថ្ងៃ​ទី 3 (នីហ្វៃ​ទី​1 17)

នីហ្វៃ​បាន​រៀបរាប់​ពី​ការធ្វើ​ដំណើរ​របស់​គ្រួសារ​គាត់​នៅក្នុង​ទីរហោស្ថាន និង ការ​មក​ដល់​នៅ​ដែនដី​បរិបូរណ៍ ។ នៅពេល​គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់​សំពៅ គាត់​បាន​បង្ហាញ​ថា ប្រសិន​បើ​យើង​រក្សា​ព្រះបញ្ញត្តិ នោះ​ព្រះអម្ចាស់​នឹង​ពង្រឹង​យើង និង ផ្ដល់​មធ្យោបាយ​ដល់​យើង​ឲ្យ​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​បាន​ចេញ​បញ្ជា ។ ព្រះអម្ចាស់​បាន​ហៅ​បងប្រុស​របស់​នីហ្វៃ​ឲ្យ​ប្រែចិត្ត​តាម​របៀប​ជាច្រើន ។ សិស្ស​ដឹង​ថា ជាធម្មតា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​ដោយ​សំឡេង​ដ៏​តូច​រហៀង​មួយ ដែល​យើង​មាន​អារម្មណ៍​ជាជាង​យើង​ឮ ។ ពួកគេ​សរសេរ​ពី​ស្ថានភាព និង កន្លែង​ដែល​នឹង​រារាំង​ពួកគេ​ពី​ការស្គាល់​សំឡេង​ដ៏​តូច​រហៀង ។

ថ្ងៃ​ទី 4 (នីហ្វៃ​ទី​1 18–19)

គំរូ​របស់​នីហ្វៃ​នៅក្នុង​ការសង់​សំពៅ បាន​បង្ហាញ​សិស្ស​ថា​ដើម្បី​សម្រេច​បាន​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ យើង​ត្រូវ​ស្វែងរក​ជំនួយ​ពី​ទ្រង់ និង បញ្ចេញ​កម្លាំង​ខ្លួន​យើង​ផ្ទាល់ផង​ដែរ ។ ការសិក្សា​ពី​ដំណើរ​របស់​គ្រួសារ​លីហៃ​ទៅកាន់​ដែនដី​សន្យា បាន​បង្រៀន​ថា អំពើ​បាប​នាំ​ទៅរក​ការ​រង​ទុក្ខ​​ដល់​ខ្លួន​យើង និង ពេល​ខ្លះ​ដល់​អ្នកដទៃថែម​ទៀត ។ គំរូ​របស់​នីហ្វៃ​នៅពេល​ដែល​គាត់​ត្រូវ​បាន​បងប្រុស​របស់​គាត់​ធ្វើ​បាប បាន​បង្រៀន​ថា​យើង​អាច​សំឡឹង​ទៅ​ព្រះ ហើយ​នៅ​បន្ដ​ស្មោះត្រង់​ក្នុង​ពេល​ជួបឧបសគ្គ ហើយ​ថា​ការអធិស្ឋាន​អាច​ជួយ​យើង​រក​ឃើញ​សេចក្ដី​សុខសាន្ដ​ក្នុង​ពេល​ជួប​ឧបសគ្គ​នោះ ។

សេចក្តី​ផ្ដើម

សប្ដាហ៍​នេះ សិស្ស​បាន​សិក្សា​ពី​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​បាន​កើតឡើង​នៅពេល​គ្រួសារ​របស់​លីហៃ​បាន​ធ្វើដំណើរ​កាត់​ទីរហោស្ថាន និង ឆ្លងកាត់​មហាសមុទ្រ​ទៅ​កាន់​ដែនដី​សន្យា ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​រំឭកឡើងវិញ​ពី​ព្រឹត្តិការណ៍​ទាំងនោះ និង ពិភាក្សា ព្រម​ទាំង​ថ្លែង​ទីបន្ទាល់​ពី​គោលការណ៍​ដែល​ពួកគេ​បាន​រៀន ។ សូម​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​នីហ្វៃ​នៅតែ​បន្ដ​ស្មោះត្រង់​នៅក្នុង​កាលៈទេសៈ​លំបាក ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​គំរូ​របស់​គាត់​ក្នុង​ការគោរព​ប្រតិបត្តិ និង ទុកចិត្ត​លើ​ព្រះអម្ចាស់​អំឡុងពេល​គ្រា​លំបាក ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទី​1 15–18

នីហ្វៃ ជា​គំរូ​ក្នុង​ការគោរព​ប្រតិបត្តិ និង ទុកចិត្ត​លើ​ព្រះអម្ចាស់​ក្នុងគ្រា​ដែល​មាន​ឧបសគ្គ

ប្រសិន​បើ​រូបភាព​ខាងក្រោម​នៅ​មាន សូម​រៀបចំ​បង្ហាញ​វា ៖

  • លីអាហូណា ( 62041; សៀវភៅ​រូបភាព​ដំណឹងល្អ [2009] ទំព័រ 68)

  • នីហ្វៃ​បង្ក្រាប​បងប្អូន​ប្រុស​​របស់​គាត់ ដែល​បះបោរ​ ( 62044 ; សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ 70 )

  • លីហៃ និង ប្រជាជន​របស់​គាត់ បាន​មក​ដល់​ដែនដី​សន្យា ( 62045 ; សៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ 71 )

ដើម្បី​ជួយ​សិស្ស​រំឭកឡើងវិញ និង យល់​ពី​សាច់រឿង​នៃ​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅ​សប្ដាហ៍​នេះ សូម​បង្ហាញ​រូបភាព​មួយ​ចំនួន និង ឲ្យ​សិស្ស​ដាក់​រូបភាព​នោះ​ទៅ​តាម​លំដាប់​នៃ​កាល ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិតស្រមៃ​ថា ពួកគេ​គឺជា​អ្នកបោះពុម្ពផ្សាយ​កាសែត ហើយ​ត្រូវការ​សរសេរ​ចំណងជើង​ពី​បី​ទៅ​ប្រាំមួយ​ពាក្យ​សម្រាប់​រូបភាព​នីមួយៗ ។ សូម​បង្ហាញ​រូបភាព​តាម​លំដាប់លំដោយ និង សុំ​ឲ្យ​សិស្សក្នុងថ្នាក់​ឆ្លើយតប​នឹង​ចំណងជើង​មួយ ។ អ្នក​អាច​អាន​ឮៗ​នូវ​សេចក្ដី​សង្ខេប​ជំពូក​សម្រាប់ នីហ្វៃ​ទី​1 15–18 ដើម្បី​ផ្ដល់​គំនិត​ខ្លះ​ដល់​ពួកគេ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ពិភាក្សា នីហ្វៃ​ទី​1 15 សូម​ឲ្យ​ពួកគេ​ប្រាប់​អំពី​សកម្មភាព​មួយ​ដែល​ពួកគេ​ចូលរួម ដែល​តម្រូវ​ឲ្យ​ការខំប្រឹង​ខាង​ផ្នែក​របស់​ពួកគេ មុនពេល​ពួកគេ​អាច​ពេញចិត្ត​នឹង​លទ្ធផល ។ ទាំងនេះ​អាច​រួម​មាន​សកម្មភាព​ដូចជា​ការងារ​សាលា ការលេង​ឧបករណ៍​តន្ដ្រី ឬ អត្ថពលកម្ម ។

សូម​សរសេរ នីហ្វៃ​ទី​1 15:2–3, 7–11នៅលើ​ក្ដារខៀន និង ផ្ដល់​ពេលវេលា​ដល់​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ ។ សូម​សួរ​ពួកគេ​ពី​មូលហេតុ​ដែល​បងៗ​របស់​នីហ្វៃ មិន​បាន​ទទួល​ការយល់​ដូចគ្នា​នឹង​នីហ្វៃ​ ក្នុង​ការទទួល​បាន​វិវរណៈ​ទាក់ទង​នឹង​វិវរណៈ​របស់​លីហៃ ។

ក្រោយពី​ស្ដាប់​ចម្លើយ​របស់​ពួកគេ​ហើយ សូម​ជួយ​ពួកគេ​ស្វែងរក​ថា ការទទួល​បាន​ការបំផុស​គំនិត និង ការដឹកនាំ​ពី​ព្រះអម្ចាស់ ដំបូង​ត្រូវការ​រស់នៅ​ដោយ​សុចរិត ការខិតខំ និង សេចក្ដី​ជំនឿ​នៅ​លើ​ផ្នែក​របស់​យើង ។ អ្នក​អាច​បញ្ជាក់​ពី​គោលការណ៍​នេះ ដោយ​ការសរសេរ​វា​នៅ​លើ​ក្ដារខៀន ។

សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត និង ឆ្លើយ​នូវ​សំណួរ​ខាងក្រោម​នេះ ៖ តើ​បទពិសោធន៍​អ្វី​ដែល​អ្នក​ទទួល​បាន​ហើយ​បាន​ជួយ​អ្នក​ដឹង​ថា គោលការណ៍​នេះ​គឺ​ពិត ?

សូម​សរសេរ ភាពក្លៀវក្លា នៅ​លើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា តើ​វា​មាន​ន័យ​ដូចម្ដេច​ចំពោះ​ពាក្យ ភាពក្លៀវក្លា ។ សូម​សរសេរ​នៅលើ​ក្ដារខៀន​ក្រោម​ចម្លើយ​របស់​ពួកគេ​នូវ​ពាក្យ ៖ រឹងមាំ និង បំបែក​មិន​បាន នៅក្នុង​ស្ថានភាព​លំបាក ឬ មាន​សម្ពាធ ។

ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ពាក្យ ភាពក្លៀវក្លា ទាក់ទង​នឹង​នីហ្វៃ សូម​ចាត់​ឲ្យ​សិស្ស​អាន​ជំពូក​ខាងក្រោម​ ​ម្នាក់មួយជំពូក ៖ នីហ្វៃ​ទី​1 16, 17, ឬ 18 ។ ប្រសិន​បើ​អ្នក​មានសិស្ស​ចំនួន​ច្រើន វា​អាច​ជួយ​បាន​ច្រើន​ដើម្បី​ដាក់​សិស្ស​ជាក្រុម និង ឲ្យ​ពួកគេ​ធ្វើការ​រួម​គ្នា​ក្នុង​មួយ​ជំពូក ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ជំពូក​ដែល​បាន​ដាក់​ឲ្យ​ពួកគេ​អាន និង សម្ភារ​សៀវភៅ​សិក្សា​របស់​សិស្ស​ដែល​ទាក់ទង​ដើម្បី​ឆ្លើយ​នូវ​សំណួរ​ទាំងនេះ ។

  • តើ​ការសាកល្បង​អ្វី ដែល​នីហ្វៃ​បាន​ជួប​ប្រទះ​នៅក្នុង​ជំពូក​នេះ ដែល​អ្នក​បាន​រំឭកឡើងវិញ ?

  • តើ​នីហ្វៃ​បាន​អនុវត្ត​សេចក្ដីជំនឿ​នៅក្នុង​កាលៈទេសៈ​នោះ​បាន​យ៉ាង​ដូចម្ដេច ? តើ​ខគម្ពីរ ឬ ឃ្លា​ណា​មួយ ដែល​បង្ហាញ​ភស្ដុតាង​ថា សេចក្ដី​ជំនឿ​របស់​នីហ្វៃ​មាន​ភាពក្លៀវក្លា ?

  • តើ​គោលការណ៍ ​​ដំណឹងល្អ​អ្វី​ខ្លះដែលត្រូវ​បាន​បង្ហាញ​នៅក្នុង​ជំពូក​នេះ ? តើ​បទពិសោធន៍​អ្វី​ដែល​អ្នក​បាន​ទទួល​ជាមួយ​នឹង​គោលការណ៍​ទាំងនេះ ដែល​បាន​បង្កើន​ទីបន្ទាល់​របស់​អ្នក ?

សុំ​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​សិស្ស​ដើម្បី​បំពេញ​លំហាត់​នេះ ។ បន្ទាប់​មក ​យ៉ាង​ហោច​ណាស់​សុំសិស្សម្នាក់​ ឲ្យ​អាន​ជំពូក​មួយ​ម្នាក់​ដើម្បី​ចែកចាយ​ចម្លើយ​របស់​គាត់ ។ ( ប្រសិន​បើ​អ្នក​មាន​សិស្ស​គ្រប់ អ្នកអាច​មាន​សិស្ស​ផ្សេង​គ្នា​ដើម្បី​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​មួយៗ​សម្រាប់​ជំពូក​នីមួយៗ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឭៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

« ហេតុអ្វី​បានជា​យើង​ត្រូវការ​សេចក្ដីជំនឿ​ដ៏​ក្លៀវក្លា​បែប​នោះ ? ដោយសារ​ថ្ងៃ​ដ៏​លំបាក​នៅ​ខាង​មុខ ។ វា​កម្រ​ណាស់​ដែល​ថ្ងៃ​អនាគត​នឹង​ងាយស្រួល ឬ ល្បីល្បាញ​ដើម្បី​នៅ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​នោះ ។ យើង​ម្នាក់ៗ នឹង​ត្រូវ​បាន​សាកល្បង ។ … ការធ្វើ​ទុក្ខ​បុកម្នេញ វា​អាច​បំបាក់​អ្នក​ទៅ​ក្នុង​ភាពខ្សោយ​ដោយ​ស្ងៀមស្ងាត់ ឬ​ក៏​អាច​ជម្រុញ​អ្នកឲ្យ​​​ ក្លាយ​ជា​គំរូ និង មាន​កម្លាំង​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

« របៀប​ដែល​អ្នក​ដោះស្រាយ​ឧបសគ្គ​នៅក្នុង​ជីវិត គឺជា​ផ្នែក​នៃ​ការអភិវឌ្ឍ​សេចក្ដី​ជំនឿ​របស់​អ្នក ។ កម្លាំងទទួល​បាន នៅពេល​អ្នក​ចងចាំ​ថា អ្នក​មាន​និស្ស័យ​នៃ​ព្រះ​មួយ កេរ្ដិ៍​មរតក​ដ៏​មាន​តម្លៃ​ជាក់លាក់ » ( « ប្រឈម​មុខ​នឹង​អនាគត​ដោយ​សេចក្ដីជំនឿ » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 35–36 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​អំពី​របៀប​ដែល​ពួកគេ​អាច​ជួប​នឹង​ឧបសគ្គ​នៃ​ជីវិត និង ការសាកល្បង​ផ្ទាល់ខ្លួន ដូចជា​នីហ្វៃ​បាន​ជួប​ដែរ ។

នីហ្វៃទី 1 19

នីហ្វៃ កត់ត្រា​ការព្យាករណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​ចងចាំ​ដល់​ទ្រង់

បើសិន​ជា​មាន​ពេល សុំ​សិស្ស​ឲ្យ​រំឭកឡើងវិញ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ទី 4 កិច្ចការ​ទី 5 ។ សូម​សួរ​ប្រសិនបើ​ ​ពួកគេមួយ​ចំនួន​​មាន​ឆន្ទៈ​ចង់​ចែកចាយ​អ្វី​ដែល​ពួកគេ​បានសរសេរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់​មក សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។

នីហ្វៃ​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ និង ចងចាំ​ទ្រង់​ពេល​គាត់​ជួប​នឹង​ឧបសគ្គ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ស្រឡាញ់ និង ចងចាំ​ព្រះអង្គ​សង្គ្រោះ ទ្រង់​នឹង​ជួយ និង គាំទ្រ​យើង​នៅក្នុង​ឧបសគ្គ​របស់​យើង ។

ជំពូក​បន្ទាប់ ( នីហ្វៃ​ទី​1 20នីហ្វៃ​ទី​2 3)

នៅក្នុង​ជំពូកបន្ទាប់ សិស្ស​នឹង​សិក្សា​ពី​ពាក្យសម្ដី​ចុងក្រោយ​ខ្លះ​របស់​លីហៃ​ទៅកាន់​គ្រួសារ​របស់​គាត់ មុនពេល​គាត់​ស្លាប់ ។ ពួកគេ​ក៏​នឹង​អាន​ពី​ការព្យាករណ៍​មួយ​ពី​បុរាណ​ ជា​យូរ​ពីមុន​ព្រះគ្រីស្ទ អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ។