បណ្ណាល័យ
មេរៀន​ទី 8 ៖ នីហ្វៃ​ទី​1 3 –4


មេរៀនទី 8

នីហ្វៃទី 1 3–4

សេចក្តី​ផ្ដើម

ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​ដល់​លីហៃ ឲ្យ​បញ្ជូន​កូនប្រុស​របស់​គាត់​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិនពី​ឡាបាន់ ។ លេមិន និង លេមយួល គិត​ថា​​ពួកគេ​មិន​អាច​បំពេញ​តាម​ការបញ្ជា​នេះ​ទេ ប៉ុន្ដែនីហ្វៃ​បាន​មាន​សេចក្ដីជំនឿ​ថា ព្រះអម្ចាស់​នឹង​ផ្ដល់​នូវ​មធ្យោបាយ​មួយ​សម្រាប់​ពួកគេ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​ត្រូវការ ។ ថ្វី​ដ្បិត​តែ​ការជួប​ប្រទះ​នឹង​​ការលំបាក​ដដែលៗ​ក៏​ដោយ ក៏​នីហ្វៃ​នៅតែ​តស៊ូ​ដោយ​ភក្ដីភាព​ក្នុង​ការធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ​ដល់​គាត់ ។ ជាលទ្ធផល គាត់​ត្រូវ​បានដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង បាន​ទទួល​យក​ផ្ទាំង​នោះ​ដោយ​ជោគជ័យ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃ​ទ​1 3:1–9, 19–20

កូនប្រុស​របស់​លីហៃ ត្រឡប់​ទៅទីក្រុង​យេរូសាឡិម​វិញ ដើម្បី​យក​ផ្ទាំង​លង្ហិន

សូម​សរសេរ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម នៅលើ​ក្ដារ​ខៀន មុន​ពេល​ចាប់​ផ្ដើម​ការបងរៀន ។ សុំ​ឲ្យ​សិស្ស​ជ្រើស​រើស​យក​សេចក្ដីថ្លែងការណ៍​ដែល​ពិពណ៌នា​ពី​របៀ​បដែល​ពួកគេ​ជឿ​ថា ព្រះអម្ចាស់​នឹង​ជួយ​យើង នៅពេល​ដែល​ទ្រង់​ដាក់​បញ្ញត្តិ​ដល់​យើង​ឲ្យ​ធ្វើ​រឿង​ពិបាក​នានា ។

នៅពេល​អ្នក​តស៊ូ​បំពេញ​តាម​ការបញ្ជា​មួយ ឬ កិច្ចការ​ពិបាក​មួយ​មក​ពី​ព្រះអម្ចាស់ ទ្រង់​នឹង ៖

  1. ផ្លាស់ប្ដូរ​បញ្ញត្តិ ដើម្បី​ធ្វើឲ្យ​វា​សាមញ្ញ និង ងាយ​ស្រួល​សម្រាប់​អ្នក​ក្នុង​ការសម្រេច​បាន ។

  2. ប្រទានពរ​ដល់​ការខិត​ខំ​របស់​អ្នក ដោយ​ការផ្ដល់​មធ្យោបាយ​មួយ​សម្រាប់​អ្នក ដើម្បី​បំពេញ​តាម​ការបញ្ជា​នោះ ទោះបី​ជាវា​អាច​នៅតែ​ពិបាក​ក៏​ដោយ ។

  3. ជ្រោមជ្រែង និង ធ្វើ​កិច្ចការ​ទាំងអស់​សម្រាប់​អ្នក ។

  4. តម្រូវ​ឲ្យ​អ្នក​ធ្វើ​វា​ទាំងអស់ ដោយ​ខ្លួន​អ្នក​ផ្ទាល់ ដោយ​គ្មាន​ជំនួយ​អ្វី​ទាំងអស់ ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យ​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​បាន​ជ្រើសរើស និង ហេតុផល​របស់​ពួកគេ​ក្នុង​ការរើស​យក​វា ។

សូម​ពន្យល់​ថា មាន​របៀប​ជាច្រើន​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​តស៊ូ ដើម្បី​បំពេញ​តាម​ការបញ្ជា​របស់​ទ្រង់ ។ នៅពេល​សិស្ស​សិក្សា​ពី​ដំណើរ​រឿង​របស់​នីហ្វៃ នៅក្នុង នីហ្វៃ​ទី​1 3–4សូម​អញ្ជើញ​ពួកគេ ឲ្យ​រក​មើល​គំរូ​នៃ​គោលការណ៍​នេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ផងដែរ​ ឲ្យ​កត់ចំណាំ​ពី​របៀប​ដែល​នីហ្វៃ និង បងប្អូន​ប្រុស​របស់​គាត់ ឆ្លើយតប​ខុសគ្នាៗ ទៅនឹង​ឧបសគ្គ​ទាំងឡាយ ។

សុំ​ឲ្យ​សិស្ស​បីបួន​នាក់ ប្ដូរ​វេន​គ្នា​អាន​ឮៗពី​ក្នុង នីហ្វៃ​ទី​1 3:1–9 ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ ស្ដាប់​រក​ហេតុផល​ ដែល​នីហ្វៃ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​អ្វី​ដែល​ឪពុក​របស់​គាត់​បាន​សុំ​ឲ្យ​គាត់​ធ្វើ ។

លេមិន និង លេមយួល មាន​អារម្មណ៍​ថា ការដាក់​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ​ទៅយក​ផ្ទាំង​លង្ហិន​នោះ គឺជា « រឿង​ដ៏​ពិបាក​មួយ ដែល [ លីហៃ ] តម្រូវ​ឲ្យ​ពួកគេ​ធ្វើ » ( នីហ្វៃ​ទី​1 3:5 ) ។ ដើម្បី​ជួយ​សិស្ស​យល់​ពី​ហេតុផល​ខ្លះ​ដែល លេមិន និង លេមយួល អាច​មាន​អារម្មណ៍​យ៉ាង​នេះ អ្នក​អាច​រំឭក​ពួកគេ​ថា ពួកគេ​​បាន​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ដ៏​ឆ្ងាយ​មួយ​ពី​ទីក្រុង​យេរូសាឡិម​រួច​មក​ហើយ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា នីហ្វៃ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​អ្វី​ដែល​ឪពុក​របស់​គាត់​បាន​សុំ​ឲ្យ​គាត់​ធ្វើ ដោយ​គ្មាន​ការរអ៊ូ​រទាំ​សោះ ?

សូម​ជួយ​សិស្ស​និយាយ​គោលការណ៍​ ដែល​នីហ្វៃ​ថ្លែង​ទីបន្ទាល់​នៅក្នុង នីហ្វៃ​ទី​1 3:7 ម្ដង​ទៀត ធ្វើ​ជា​ប្រយោគ « ប្រសិន​បើ-នោះ » ។ ឧទាហរណ៍ សិស្ស​អាច​និយាយ​ថា ប្រសិន​បើ​យើង​ស្វែង​រក​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ដាក់​បញ្ញត្តិ នោះ​ទ្រង់​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​យើង ដើម្បី​សម្រេច​បាន​ការណ៍​នោះ ។សូម​បង្ហាញ​ថា នីហ្វៃ​ទី​1 3:7 គឺជា​វគ្គ​ចំណេះចំណានខគម្ពីរ​មួយ ។ សូម​ពន្យល់​ថា សិស្ស​នឹង​ផ្ដោត​លើ​វគ្គ​ចំណេះចំណានខគម្ពីរចំនួន 25 ពេញ​មួយ​ឆ្នាំ​សិក្សា​នេះ ( សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ឧបសម្ព័ន្ធ​នៅក្នុង​សៀវភៅសិក្សា​នេះ ) ។ ខ​យោង​ចំណេះចំណានខគម្ពីរចំនួន 25 ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ខាងក្រោយ​នៃ​ប្រដាប់​សៀត​សៀវភៅ​នៃ​ថ្នាក់​សិក្ខាសាលា ។ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំវគ្គ​ចំណេះចំណាន​ខគម្ពីរ ជា​របៀប​ដ៏​ប្លែក​មួយ ដូច្នេះ​ពួកគេ​នឹង​អាច​ចំណាំ​វគ្គ​នេះ​យ៉ាង​ងាយ​ស្រួល ។

  • នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ « រៀបចំ​ផ្លូវ​មួយ » សម្រាប់​អ្នក​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​មួយ​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 3:2, 19 –20 ឮៗ ។ សុំ​ឲ្យ​សិស្សផ្សេងទៀតក្នុងថ្នាក់ផ្ទៀង​ស្ដាប់ ​រក​មើល​ឃ្លា​ណា​ដែល​ប្រាប់​ពី មូលហេតុ​ដែល​ផ្ទាំង​លង្ហិន​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​របស់​លីហៃ និង កូនចៅ​របស់​ពួកគេ ។ ( អ្នកអាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ​ឃ្លា​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។ ក្រោយ​ពី​សិស្ស​បាន​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ សូម​ពន្យល់​ថា ផ្ទាំង​លង្ហិន​ទាំងនោះ គឺជា​ដំណើររឿង​មួយ​នៃ​ព្រះគម្ពីរ​ពី​បុរាណ ដែល​រួម​មាន​ការសរសេរ​ដូចគ្នា​ជាច្រើន និង ព័ត៌មាន​ជាច្រើន​ដូចជា​ព្រះគម្ពីរ​សញ្ញា​ចាស់​ផងដែរ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា អត្ថន័យ​នៃ​ផ្ទាំង​លង្ហិន​នេះ មានសារៈ​សំខាន់​ល្ម​ម សម្រាប់​ឲ្យ​នីហ្វៃ និង បងប្អូន​ប្រុស​របស់គាត់ ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​ដើម្បី​ទៅ​យក​វា​មក ?

  • តើ​ព្រះគម្ពីរ​ដែល​មានសព្វថ្ងៃ​នេះ មាន​តម្លៃ​ចំពោះ​អ្នក​អ្វី​ខ្លះ ? ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​អ្នក ?

នីហ្វៃទី1 3: 10–31

ឡាបាន់ បាន​លួច​ទ្រព្យសម្បត្តិ​របស់​លីហៃ និង ចង់​សម្លាប់​នីហ្វៃ និង បងប្អូន​របស់​គាត់

សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់ សិក្សា​ពី​បំណង​លើក​ទី​មួយ​របស់​នីហ្វៃ និង បងៗ​របស់​គាត់ ក្នុង​ការយក​ផ្ទាំង​លង្ហិន​នេះ ( សូម​មើល នីហ្វៃទី1 3: 10–18 ) ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត សិក្សា​ពី​បំណង​លើក​ទីពីរ ( សូម​មើល នីហ្វៃទី13:21–31) ។ សុំ​ឲ្យ​សិស្ស​ម្នាក់ៗ ធ្វើ​ការ​ដោយ​ឯករាជ្យ ហើយ​ឆ្លើយ​នូវសំណួរ​ខាងក្រោម​នេះ ។ អ្នកអាច​ឲ្យ​ពួកគេ​បំពេញ​កិច្ចការ​នេះ នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​ ឬ សៀវភៅកត់ត្រា​ក្នុង​ថ្នាក់ របស់​ពួកគេ ។ សូម​បង្ហាញ​សំណួរ​ទាំងនេះ នៅលើ​ក្ដារខៀន ឬ រៀបចំ​សំណួរ​នោះ​ជា​ក្រដាស​ចែក​សម្រាប់​សិស្ស​ម្នាក់ ។

  1. តើ​នរណា​​បាន​ទៅ ?

  2. តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ ?

  3. តើ​ពួកគេ​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ក្រោយ​ពី​ការប៉ុនប៉ង​នោះ​បាន​បរាជ័យ ?

  4. សម្រាប់​អ្នកដែល​បាន​សិក្សា​នៅក្នុង​ការប៉ុនប៉ង​លើក​ទីមួយ ៖ នីហ្វៃ និង បងៗ​របស់​គាត់ « ពិត​ជាមាន​ចិត្ត​ទុក្ខ​ព្រួយ​ជាខ្លាំង » ក្រោយ​ពី​ពួកគេ​បាន​បរាជ័យ ក្នុង​ការ​យក​នូវ​ផ្ទាំង​លង្ហិន​នោះ ( សូម​មើល នីហ្វៃ​ទី​1 3:14 ) ។ តើ​ចម្លើយ​របស់​នីហ្វៃ ទៅនឹង​ការបរាជ័យ​នេះ ខុសពី​ចម្លើយ​របស់​បងប្អូន​ប្រុស​របស់​គាត់​យ៉ាងដូចម្ដេច ? ( សូម​មើល នីហ្វៃ​ទី1 3:15–16 ) ។

    ចំពោះ​អ្នកដែល​សិក្សា​លើ​ការប៉ុនប៉ង​លើក​ទីពីរ ៖ លេមិន និង លេមួយល បាន​ខឹង​នឹង​នីហ្វៃ​ ក្រោយ​ពី​ការប៉ុនប៉ង​លើក​ទី​ពីរ​របស់​ពួកគេ​បាន​បរាជ័យ ។ ពួកគេ​បាន​វាយ​គាត់ ហើយ​និយាយ​ទៅ​គាត់​ដោយ​ទ្រគោះ​បោះ​បោក ។ ទោះបី​ជា​ក្រោយ​ពី​ទេវតា​បាន​សន្យា​ថា ព្រះអម្ចាស់​នឹង​ប្រគល់​ឡាបាន់​ទៅក្នុង​កណ្ដាប់​ដៃ​របស់​ពួកគេ​ក៏​ដោយ ក៏​ពួកគេ​នៅតែ​បន្ដ​រអ៊ូ និង សង្ស័យ​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​បាន​ជោគជ័យ​ដដែល ។ តើ​កំហឹង​របស់​លេមិន និង លេមយួល​ អាច​មានឥទ្ធិពល​ដល់​សមត្ថភាព​របស់​ពួកគេ ក្នុង​ការជឿ​លើ​ការសន្យា​របស់​ទេវតា​យ៉ាង​ដូចម្ដេច ? តើ​កំហឹង ការទាស់ទែង ការរអ៊ូ និង ការ​គ្មាន​ជំនឿ រារាំង​យើង​ពី​ការយល់​ពី​សារលិខិត​របស់​ព្រះ​សម្រាប់​យើង​យ៉ាង​ដូចម្ដេច ? ( សូម​មើល នីហ្វៃ​ទី 1 3:28–31; នីហ្វៃ​ទី 3 11:29 ) ។

  5. តើ​អ្នក​ទទួល​បាន​ទស្សនវិស័យជ្រៅជ្រះ​អ្វីខ្លះ មក​ពី​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នេះ ?

ក្រោយ​ពី​សិស្ស​មាន​ពេល​គ្រប់​គ្រាន់ ដើម្បីឆ្លើយតប​នឹ​ង​សំណួរ​នេះ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ពី​ចម្លើយ​របស់​ពួកគេ ។

នីហ្វៃ​ទី​1 4:1–38

នីហ្វៃ​ទទួល​បាន​ផ្ទាំងលង្ហិន​នោះ

សុំ​ឲ្យ​សិស្ស​រក​សំណួរ ដែល​លេមិន និង លេមយួល បាន​សួរ​នៅក្នុង នីហ្វៃ​ទី​1 3:31 ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 4:1–3 ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្ដាប់​រក​នូវ​ចម្លើយ​របស់​នីហ្វៃ ចំពោះ​សំណួរ​របស់​បងៗ​របស់​គាត់ ។

  • តើ​រឿង​របស់​ម៉ូសេ ទាក់ទង​នឹង​សំណួរ​របស់​លេមិន និង លេមយួល​យ៉ាង​ដូចម្ដេច ?

ប្រសិន​បើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុង​ការឆ្លើយ​នូវ​សំណួរ​នេះ សូម​ពន្យល់ថា ម៉ូសេ​​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​មួយ នៅពេល​ដែល​គាត់​ត្រូវ​បាន​សុំ​ឲ្យ​នាំ​កូនចៅ​អ៊ីស្រាអែល​ចេញ​ពី​ប្រទេស​អេហ្ស៊ីប ។ ទោះបី​ជា​ការប៉ុនប៉ង​ដដែល​ក្ដី ក៏​ម៉ូសេ​មិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​សេ្ដច​ផារ៉ោន រំដោះ​កូនចៅ​អ៊ីស្រាអែល​ពី​ទាសភាព​បាន​ដដែល ។ ទោះយ៉ាងណាក្ដី ក៏​ម៉ូសេ​បាន​បន្ដ​នៅក្នុង​ការធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​បានដាក់​បញ្ញត្តិ​ដល់​គាត់ ហើយ​ព្រះអម្ចាស់​បាន​ផ្ដល់​ផ្លូវ​មួយ​ដល់​គាត់ ដើម្បី​ផ្ដល់​សេរីភាព​ដល់​កូនចៅ​អ៊ីស្រាអែល ។ នីហ្វៃ​បាន​អនុវត្ត​គំរូ​របស់​ម៉ូសេ ចំពោះ​កាលៈទេសៈ​នៃ​គ្រួសារ​របស់​គាត់ ។ គាត់​មាន​ជំនឿ​ចិត្ត​ថា ព្រះ​ក៏​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ពួកគេ​ផងដែរ ។

  • តើ​គោលការណ៍​អ្វី​ដែល​អ្នក​បាន​រៀន​ពីការឆ្លើយ​តប​របស់​នីហ្វៃ​ទៅ​កាន់​បងៗ​របស់​គាត់ ?

​ទោះបី​ជា​សិស្ស​អាច​លើក​ឃ្លា​ចម្លើយ​របស់​ពួកគេ​ខុសគ្នា​បន្ដិចបន្ដួច​ក្ដី ក៏​ពួកគេ​គួរ​តែ​បង្ហាញ​ថា ប្រសិនបើ​យើង​តស៊ូ​ដោយ​ភក្ដីភាព​ក្នុង​ការធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​ត្រូវការ ដោយ​មិនគិត​ពី​ការលំបាក ទ្រង់​នឹង​រៀបចំ​ផ្លូវ​មួយ​សម្រាប់​យើង ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ទ្រង់​បាន​ចេញ​បញ្ជា ។ ( អ្នក​អាចសរសេរ​​គោលការណ៍​នេះនៅ​លើ​ក្ដារខៀន ។ )

សំដៅ​ទៅ​សេចក្ដីថ្លែងការណ៍​ដែល​អ្នក​បាន​បង្ហាញ​លើ​ក្ដារ​ខៀន នៅពេល​ចាប់​ផ្ដើម​មេរៀន ។

  • ឥឡូវ​នេះ ​អ្នក​បាន​សិក្សា​ពី​បទពិសោធន៍​របស់​នីហ្វៃ តើ​សេចក្ដីថ្លែងការណ៍មួយ​ណា ដែល​អ្នក​គិត​ថា ​បាន​សង្ខេប​យ៉ាង​ល្អ​បំផុត​ពី​គោលការណ៍​ដែល​អ្នក​ទើប​តែ​រកឃើញ ?

នៅពេល​ដែល​សិស្ស​សិក្សា​ពី​សំណល់​នៃ​ដំណើរ​រឿង​របស់​នីហ្វៃ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​មើល​ការបញ្ជាក់​ពី​គោលការណ៍​នេះ ដែល​ជាលទ្ធផល​នៃ​សេចក្ដីខ្ជាប់ខ្ជួន​របស់​នីហ្វៃ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 4:4 –6ឮៗ ។ អ្នកអាច​ស្នើ​ថា សិស្ស​គួរតែ​គូស​ចំណាំ នីហ្វៃ​ទី​1 4:6 នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​អាច​បំផុស​គំនិត​យើង ឲ្យ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ការបើក​បង្ហាញ​ភ្លាមៗ ពី​របៀប ពេលវេលា ឬ មូលហេតុ​ដែល​យើង​គួរ​តែ​ធ្វើ​វា​នោះ​ទេ ។ នីហ្វៃ ​បាន​រៀប​ពី​របៀប ពេលវេលា និង មូលហេតុ​ដែល​ព្រះអម្ចាស់ នឹង​ជួយ​គាត់​ តែ​ក្រោយ​ពី គាត់​បាន​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ ណែនាំ​គាត់ និង ក្រោយ​ពី​គាត់​​បាន​សម្រេច​ថា ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ ។

សូម​ប្រាប់​សិស្ស​ថាប្រធាន ហារ៉ូល ប៊ី លី បាន​សងេ្កត​ឃើញ​ថា ជាញឹកញាប់​យើង​ចង់​ឃើញ « ចុង​បញ្ចប់​ពី​ដើម​ដំបូង » ឬ លទ្ធផល មុន​ពេល​ដែល​យើង​នឹង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ។ គាត់​បាន​ប្រឹក្សា​ថា ៖

« អ្នក​ត្រូវ​តែ​រៀន​ដើរ​ទៅ​ចុង​នៃ​ពន្លឺ ហើយ​ប្រហែល​ជា​ពីរបី​ជំហាន​ ទៅក្នុង​ភាព​ងងឹត [ ដែល​មិន​បាន​ស្គាល់ ] ហើយ​អ្នក​នឹង​ឃើញ​ថា ពន្លឺ​នឹង​លេច​ឡើង ហើយ​នៅ​ពី​មុខ​អ្នក » ( នៅក្នុង Lucile C. Tate, Boyd K. Packer: A Watchman on the Tower [1995] ទំព័រ 137–38) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 4:7 ឲ្យ​ឮៗ ។

  • នៅក្នុង នីហ្វៃ​ទី​1 4:7 តើ​មាន​អ្វី​ដែល​សំខាន់​អំពី​ឃ្លា « ទោះ​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​ដើរ​តម្រង់​ទៅ​មុខ » ?

  • តើ​បទពិសោធន៍​របស់​នីហ្វៃ​បាន​បង្រៀន​អ្វី​ខ្លះ អំពី​ទំនាក់ទំនង​រវាង​ឆន្ទៈ​របស់​យើង​ដើម្បី « ទៅ ហើយ​ធ្វើ » និង ស​មត្ថភាព​របស់​យើង​ដើម្បីត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​បីបួន​នាក់ ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី នីហ្វៃទី​1 4:8– 18  ។

  • តើ​ហេតុផល​អ្វី​ដែល​ព្រះវិញ្ញាណ​ផ្ដល់​ឲ្យ​នីហ្វៃ​នូវ​បញ្ញត្តិ​របស់​ព្រះអម្ចាស់​ឲ្យ​សម្លាប់​ឡាបាន់​ចោល ?

សូម​សង្ខេប​នូវ​ដំណើររឿង​របស់​នីហ្វៃ​ទាំងអស់ ក្នុង​ការ​ទទួល​បាន​នូវ​ផ្ទាំង​ទាំងឡាយ​ដោយ​ជោគជ័យ ( សូម​មើល នីហ្វៃ​ទី​1 4:19– 38 ឬ សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែល​ស្គាល់​រឿង​នោះ​ឲ្យ​និយាយ​បន្ដ ។ សុំ​ឲ្យ​សិស្ស​រក​មើល​គោលការណ៍ ដែល​ពួកគេ​ឃើញ​មាន​បង្ហាញ​នៅក្នុង​ការខិតខំ​ចុងក្រោយ​នេះ ដើម្បី​ទទួល​បាន​នូវ​ផ្ទាំង​ទាំងនោះ ។ ក្រោយ​ពី​ពួកគេ​ផ្ដល់​នូវទស្សន​វិស័យជ្រៅជ្រះ​របស់​ពួកគេ សូម​បន្ថែម​ឌេលត​ទីបន្ទាល់របស់​អ្នក​ថា នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះ ហើយ​ស្វែងរក​ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​ដាក់​បញ្ញត្តិ ទោះបីជា​នៅពេល​ដែល​យើង​មិន​អាច​មើល​ឃើញ​​ពី​លទ្ធផល​ក្ដី ទ្រង់​នឹង​ដឹកនាំ​យើង​ដោយ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​ទីបន្ទាល់​ខ្លាំង​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​ពេល​ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ដោយពុំបាន​ដឹង​ជាមុន​ពី​របៀប ឬ ពេល​ដែល​ព្រះ​នឹង​ជួយ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ស្ថានភាព​មួយ​ដែល​ពួកគេ​កំពុង​ជួបប្រទះ​នា​ពេល​ឥឡូវ ដែល​តម្រូវការ​របស់​ព្រះអម្ចាស់​វា​ពិបាក​សម្រាប់​ពួកគេ ។ សុំ​ឲ្យ​ពួកគេ​កត់ត្រា​នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​បង្ហាញ​ព្រះអម្ចាស់ ពី​ឆន្ទៈ​របស់​ពួកគេ​ដើម្បី « ទៅ ហើយ​ធ្វើ » នូវ​អ្វី​ដែល​ទ្រង់​បាន​បញ្ជា ។ នៅពេល​ដែល​ពួកគេ​បាន​បញ្ចប់​ការសរសេរ​ សូម​បង្ហាញ​ជំនឿ​ចិត្ត​របស់​អ្នក​ថា នៅពេល​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​សម្រេច​បាន​នូវ​អ្វី​ក៏​ដោយ ដែល​ទ្រង់​បាន​ឲ្យ​យើង​ធ្វើ ។

និមិត្តសញ្ញា​ចំណេះចំណាន​ខគម្ពីរចំណេះចំណានខគម្ពីរ— នីហ្វៃ​ទី​1 3:7

សូម​សរសេរ​នៅលើ​ក្ដារ​ខៀន​នូវ​ពាក្យ ការគោរព​ប្រតិបត្តិ សេចក្ដី​ជំនឿ និង ការទុកចិត្ត ។ សួរ ៖

  • តើ​មាន​ភស្តុតាង​អ្វី​បង្ហាញ​ពី​ការគោរព​ប្រតិបត្តិ សេចក្ដី​ជំនឿ និង ការទុកចិត្ត​របស់​នីហ្វៃ ដែល​អ្នក​មើល​ឃើញ​នៅក្នុង នីហ្វៃ​ទី​1 3 ?

  • តើ​លក្ខណៈសម្បត្តិ​ទាំងនេះ​អា​ចជួយ​នរណាម្នាក់​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ ឲ្យ​សរសេរ​សំបុត្រ​មួយ​ទៅ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ដោយ​សួរ​អ្នកផ្សព្វផ្សាយ​សាសនា​នោះ ពី​របៀប​ដែលគាត់​បាន​ឃើញ នីហ្វៃ​ទី​1 3:7 នៅក្នុង​សកម្មភាព ។ សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ​នូវ​ចម្លើយ​ខ្លះៗ ដែល​ពួកគេ​បាន​ទទួល​ពី​សំបុត្រ​របស់​ពួកគេ ។

កំណត់​សម្គាល់ ៖ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នីមួយៗ ដែល​រួម​មាន​វគ្គ​ចំណេះចំណានខគម្ពីរ​មួយ អ្នក​នឹង​ឃើញ​សកម្មភាព​បន្ថែម​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប៉ិនប្រសប់​លើ​វគ្គ​នេះ ។ អ្នក​អាច​ប្រើ​សកម្មភាព​ទាំងនេះ នៅពេល​ណា​ក៏​បាន ( សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ឧបសម្ពន្ព័ និង ការបង្រៀន​ដំណឹងល្អ និង ការរៀន​ពីសៀវភៅ​ក្បួនខា្នត ) ។ ដោយសារ​លក្ខណៈ និង រយៈពេល​នៃ​មេរៀន​ថ្ងៃនេះ អ្នកអាច​ប្រើ​សកម្មភាព​នេះ​នៅថ្ងៃ​ក្រោយ នៅពេល​អ្នក​មាន​ពេលច្រើន​ជាង​នេះ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃ​ទី​1 4:10–12 ។ បញ្ជា​ឲ្យ​សម្លាប់​ឡាបាន់

តើ​មាន​យុត្តកម្ម​អ្វី ដែល​បុរស​សុចរិត​ម្នាក់​ដូចជា​នីហ្វៃ យក​ជីវិត​របស់​មនុស្ស​ម្នាក់​ទៀត​បាន ? ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ព្រះអម្ចាស់​បាន​ដាក់បទដ្ឋាន​នៃ​ការ​ត្រូវ​ និង ខុស ៖

« ព្រះ​បាន​មាន​ព្រះបន្ទូល​ថា ‹ អ្នក​មិន​ត្រូវ​សម្លាប់​ឲ្យ​សោះ › នៅពេល​ផ្សេង​ទៀត ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ‹ អ្នក​ត្រូវបាន​បំផ្លាញ​សូន្យ​បង់ › ។ នេះគឺជា​គោលការណ៍​ដែល​ការគ្រប់គ្រង​នៃ​ស្ថានសួគ៌ ត្រូវ​បាន​ដឹកនាំ​—ដោយ​វិវរណៈ ដោយ​សម្រប​តាម​កាលៈទេសៈ ដែល​កូនចៅ​នៃ​នគរ​ត្រូវបាន​មក ។ អ្វី​ក៏​ដោយ​ដែល​ព្រះ​ត្រូវការ​គឺ​ត្រូវ មិន​ថា​វា​ជា​អ្វី​នោះទេ ទោះបី​ជា​យើង​មិន​អាច​មើល​ឃើញ​ពី​មូលហេតុ​នោះ រហូតដល់​រយៈពេល​ដ៏​យូរ​ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​កើត​ចេញ » (History of the Church, 5:135) ។

ការយល់​ឲ្យ​កាន់តែ​ច្បាស់​ពី​បញ្ញត្តិ​របស់​ព្រះអម្ចាស់​ដើម្បី​ឲ្យ​សម្លាប់​ឡាបាន់ វា​អាច​ជួយ​ឲ្យ​ចងចាំ​ដូច​ខាង​ក្រោម ៖

  1. ព្រះអម្ចាស់​បាន​ឲ្យ​ឡាបាន់​ឱកាស​យ៉ាង​តិច​ពីរ​ដង ដើម្បី​ឲ្យ​ប្រគល់​ផ្ទាំង​លង្ហិន​ទាំងនោះ មុនពេល​ត្រូវ​យក​ជីវិត​របស់​គាត់ ។ ឡាបាន់​គឺជា​មេ​កុហក និង ជា​ចោរ ហើយ​គាត់​ចង់​សម្លាប់​គេ​យ៉ាង​ហោច​ណាស់​ពីរដង ។ នៅក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ការលួច និង ប៉ុនប៉ង​ចង់​សម្លាប់ ទាំងពីរ​នេះ​អាច​ដាក់​ទោស​ដល់​ស្លាប់​បាន ( សូម​មើល​ និក្ខមនំ 21:14; 22:2; ចោទិយកថា 24:7) ។

  2. ព្រះអម្ចាស់ ចង់​ឲ្យ​លីហៃ និង កូនចៅ​របស់​គាត់ មាន​កំណត់ត្រា​ខាង​វិញ្ញាណ ដែល​មាន​នៅក្នុង​ផ្ទាំងលង្ហិន​នោះ ទោះ​បី​ជា « មនុស្ស​វិនាស​ទៅ » (នីហ្វៃ​ទី​1 4:13) ឲ្យ​វា​កើតឡើង​ក៏​ដោយ ។ ផ្ទាំង​លង្ហិន​មិន​មែន​គ្រាន់​តែ​ប្រទាន​ពរ​ដល់ សាសន៍​នីហ្វៃ និង សាសន៍​ម៉ូសាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ផ្ដល់​នូវ​អត្ថន័យ​មួយ​ចំនួន​ពី​ផ្ទាំងមាស ( ដូចជា ការដកស្រង់​ពី​អេសាយ និង ពី​សេចក្ដី​អធិប្បាយ​ប្រៀបធៀប​នៃ​ដើម​អូលីវ​ស្រុក និង ដើម​អូលីវ​ព្រៃ​របស់​ស៊ីណុស ) ។ ព្រះគម្ពីរ​មរមន បាន​ប្រទានពរ​ដល់​មនុស្ស​រាប់លាន​នាក់ ហើយ​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​រាប់លាន​នាក់​ទៀត ។ នៅ​ទីបំផុត អ្វីៗ​ទាំងអស់​នេះ គឺ​ជា​ការប្រថុយប្រថាន នៅពេល​ដែល​នីហ្វៃ​ឃ្លាំ​មើល​ឡាបាន់ ហើយ​បាន​ធ្វើ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ ។

មនុស្ស​ខ្លះ​មាន​អារម្មណ៍​មិនត្រឹមត្រូវ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ពួកគេ​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ទៅនឹង​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​កាល​ពី​ពេល​មុន ។ សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ផ្ដល់​នូវ​លំហាត់​ខ្លី​ចំនួន​បី ដែល​យើង​អាច​ប្រើ​ដើម្បី​ជៀសវាង​ការត្រូវ​បាន​គេ​បោកបញ្ឆោត ហើយ​ដឹង​ដោយ​ជឿជាក់ នៅពេល​ណា​ការបំផុស​ខាង​វិញ្ញាណកើត​មក​ពី​ព្រះអម្ចាស់ ៖

« 1. តើ​បទដ្ឋាន​ព្រះ​គម្ពីរ​និយាយ​អ្វី​ខ្លះ​អំពី​បញ្ហានេះ ? អេសាយ​បាន​និយាយ​ថា ‹ ចំពោះ​ច្បាប់ និង ចំពោះ​ទីបន្ទាល់ ៖ បើគេ​និយាយមិនត្រូវ​នឹង​ព្រះបន្ទូល​នោះ នោះ​គ្មាន​ពន្លឺរះ​ឡើង​នៅក្នុង​ខ្លួន​ទេ › ។អេសាយ 8:20) ។…

« យើង​ត្រូវ​សិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ។ ព្រះគម្ពីរ​មរមន ហើយ​និង គោលលទ្ធិ និង សេចក្ដីសញ្ញា មាន​សារៈសំខាន់​ដ៏​ពិសេស​សម្រាប់​យើង ។…

« 2. ការណែនាំ​ទី​ពីរ​គឺ ៖ តើ​ប្រធាន​នៃ​សាសនាចក្រ​នៅ​សម័យ​ចុង​ក្រោយ​និយាយ​អ្វី​ខ្លះ អំពី​ប្រធានបទ​នេះ ជាពិសេស​ប្រធាន​ក្នុង​សម័យ​បច្ចុប្បន្ន ? …

« មាន​បុរស​តែ​ម្នាក់​គត់ នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ដែល​និយាយ​សម្រាប់​សាសនា​ចក្រ ។ ( សូមមើល គ. និង ស. 132:7; 21:4 បុរសរូប​នោះ គឺ​ប្រធាន [ នៃ​សាសនាចក្រ ] ។ ដោយសារ​លោក​បាន​ផ្ដល់​នូវ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​សម្រាប់​យើង​សព្វថ្ងៃ​នេះ ពាក្យ​សម្ដី​របស់​លោក​​កាន់តែ​មាន​សារៈសំខាន់​ស្រប​តាម​ពេល​បច្ចុប្បន្ន ច្រើន​ជាង​ព្យាការី​ទាំងឡាយ​ដែល​បាន​ចាក​លោក​ទៅ​ហើយ ។ នៅពេល​និយាយ​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពាក្យ​សម្ដី​របស់គាត់​គឺជា​ព្រះគម្ពីរ ។ ( សូមមើល គ. និង ស. 68:4

« 3. ការល្បង​ទី​បី និង​ចុង​ក្រោយ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ—ការសាកល្បង​នៃ​ព្រះវិញ្ញាណ ។ ដោយ​ព្រះ​វិញ្ញាណ​នេះ​ហើយ​ដែល​យើង ‹ … អាច​ស្គាល់​សេចក្តីពិត​នៃគ្រប់ការ​ណ៍ទាំងអស់ › (មរ៉ូណៃ 10:5) ។ លំហាត់​នេះ អាច​មាន​ប្រសិទ្ធភាព​យ៉ាង​ពេញលេញ​តែ​នៅ​ពេល​ដែល​បណ្ដាញ​នៃ​ទំនាក់ទំនង​របស់​បុគ្គល​ម្នាក់​ជាមួយ​នឹង​ព្រះ មាន​ភាព​ស្អាតស្អំ និង មាន​គុណធម៌ ហើយ មិនឡូកឡំ​ជាមួយ​នឹង​អំពើ​បាប » ( នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ 1963 ទំព័រ 16–17 ) ។