មេរៀនសិក្សានៅផ្ទះ
មរមន 8:12–អេធើរ 3 ( មេរៀនទី 29 )
សេចក្តីផ្ដើម
គម្ពីរអេធើរ គឺជាសេចក្ដីសង្ខេបរបស់លោកមរ៉ូណៃពីបញ្ជីរបស់ពួកសាសន៍យ៉ារេឌ ។ ព្យាការីអេធើរ បានកត់ត្រាអ្វីទាំងអស់នៅលើផ្ទាំងមាសទាំង 24 ដែលត្រូវបានរកឃើញដោយក្រុមប្រជាជនមួយក្រុមរបស់ស្ដេចលិមហៃ ។ គំនិតនៃការបង្រៀនខាងក្រោមនេះនឹងជួយសិស្សឲ្យយល់ពីគោលការណ៍ខ្លះៗអំពីការអធិស្ឋាន ដែលត្រូវបានបង្រៀននៅក្នុង អេធើរ 1 ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 1
តាមរយៈការអធិស្ឋានរបស់បងប្រុសរបស់យ៉ារេឌ លោក និងគ្រួសាររបស់លោក និងមិត្តភក្ដិទាំងឡាយទទួលបានសេចក្ដីមេត្តាករុណា និងការដឹកនាំ
សូមចាប់ផ្ដើមថ្នាក់ដោយការសុំឲ្យសិស្សគិតអំពីស្ថានភាពមួយ ដែលពួកគេបានស្ថិតនៅ នៅពេលពួកគេពិតជាបានមានអារម្មណ៍ថាត្រូវតែអធិស្ឋានដើម្បីសុំរកជំនួយ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីបទពិសោធន៍របស់ពួកគេ ឬក៏ចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកមួយ ។
សូមរំឭកសិស្សថា គម្ពីរអេធើរ គឺជាសេចក្ដីសង្ខេបរបស់លោកមរ៉ូណៃពីបញ្ជីរបស់ពួកសាសន៍យ៉ារេឌ ។ លោកយ៉ារេឌ បងប្រុសរបស់លោក មិត្តភក្ដិរបស់ពួកលោក និងគ្រួសាររបស់ពួកលោកបានរស់នៅអំឡុងពេលនៃជំនាន់ប៉មបាបិល ( ប្រហែលជាឆ្នាំ 2200 មុន.គ.ស. ) នៅពេលព្រះបានបំភ័ន្តភាសារបស់មនុស្ស ។ សូមឲ្យសិស្សម្នាក់អាន អេធើរ 1:33–35 ឮៗ ហើយសូមឲ្យសិស្សផ្សេងទៀតរកមើលមូលហេតុដែលលោកយ៉ារេឌ និងបងប្រុសរបស់លោកបានមានអារម្មណ៍ថាត្រូវតែអធិស្ឋានដើម្បីសុំរកជំនួយ ។ មុនពេលសិស្សអាន អ្នកអាចពន្យល់ថាឃ្លា « ចូរអំពាវនាវដល់ព្រះអម្ចាស់ » គឺអាចនិយាយម្យ៉ាងទៀតថា « អធិស្ឋាន » ។ បន្ទាប់មក សូមសួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើលោកយ៉ារេឌ និងបងប្រុសរបស់លោកត្រូវការជំនួយអ្វីពីព្រះអម្ចាស់ ?
-
តើខគម្ពីរទាំងនេះបានប្រាប់អ្នកអំពីអារម្មណ៍ដែលលោកយ៉ារេឌបានមានអំពីសេចក្ដីជំនឿរបស់បងប្រុសលោកយ៉ាងណាដែរ ?
សូមបែងចែកសិស្សជាដៃគូ ។ សូមឲ្យដៃគូនីមួយៗប្ដូរវេនគ្នាអានឮៗដល់គ្នាទៅវិញទៅមកចេញពីខគម្ពីរ អេធើរ 1:35–42 ។ មុនពេលពួកគេអាន សូមឲ្យពួកគេរកមើល ( 1 ) ពេលនីមួយៗដែលបងប្រុសរបស់យ៉ារេឌអំពាវនាវដល់ព្រះអម្ចាស់ និង ( 2 ) ពេលនីមួយៗដែលព្រះអម្ចាស់បានបង្ហាញនូវសេចក្ដីមេត្តាដល់បងប្រុសរបស់យ៉ារេឌ ជាលទ្ធផលនៃការអធិស្ឋានរបស់លោក ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីគូចែករំលែកនូវគំរូមួយដែលព្រះអម្ចាស់បានបង្ហាញពីសេចក្ដីមេត្តាដល់បងប្រុសរបស់យ៉ារេឌ និងគ្រួសាររបស់លោក ដោយសារតែការអធិស្ឋានជាច្រើនដងរបស់ពួកលោក ។
សូមសួរ ៖ ចេញពីខគម្ពីរទាំងនេះ តើគោលការណ៍អ្វី ដែលយើងអាចរៀនអំពីការអធិស្ឋាន ? នៅពេលយើងអំពាវនាវដល់ព្រះដោយសេចក្ដីជំនឿជានិច្ចនោះទ្រង់នឹងមានសេចក្ដីមេត្តាដល់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមពន្យល់ដល់សិស្សថា វាជាការសំខាន់ដែលត្រូវចងចាំថា «ការអធិស្ឋាន គឺជាទង្វើមួយ ដែលតាមរយៈការណ៍នេះព្រះហឫទ័យរបស់ព្រះវរបិតា និងឆន្ទៈរបស់បុត្ររូបនោះ ត្រូវបាននាំឲ្យមានទំនាក់ទំនងនឹងគ្នា ។ កម្មវត្ថុនៃការអធិស្ឋានគឺមិនមែនដើម្បីផ្លាស់ប្ដូរព្រះឆន្ទៈរបស់ព្រះនោះទេ ប៉ុន្ដែដើម្បីធានាដល់ខ្លួនយើង និងដល់អ្នកដទៃនូវពរជ័យនានា ដែលព្រះមានព្រះឆន្ទៈជាស្រេចក្នុងការប្រទានដល់យើង ប៉ុន្ដែវានឹងត្រូវបានប្រទានក្នុងលក្ខខណ្ឌមួយ នៅពេលយើងទូលសុំពរជ័យទាំងនោះ » ( Bible Dictionary, « Prayer » ) ។
សូមឲ្យសិស្សរំឭក អេធើរ 1:34, 36, 38 ហើយរកមើលអ្វីដែលបងប្រុសរបស់យ៉ារេឌបានទូលសូមនៅក្នុងការអធិស្ឋានរបស់លោក ។ សូមឲ្យសិស្សម្នាក់សរសេរនូវអ្វីដែលសិស្សផ្សេងទៀតបានរកឃើញនៅក្រោមឃ្លា « ចូរអំពាវនាវដល់ព្រះអម្ចាស់ » នៅក្នុងគោលការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
សូមបញ្ជាក់ថា លោកយ៉ារេឌ និងបងប្រុសរបស់លោកបានមានសេចក្ដីជំនឿ ហើយបានមានឆន្ទៈក្នុងការគោរពតាមព្រះអម្ចាស់ ។ សូមផ្ដល់យោបល់ថា សិស្សគួរតែគូសចំណាំឃ្លា « ចូរយើងមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ » នៅចុងបញ្ចប់នៃខគម្ពីរ អេធើរ 1:38 ។
សូមឲ្យសិស្សរំឭក អេធើរ 1:35, 37, 40–42 ហើយរកមើលរបៀបជាក់លាក់នានា ដែលព្រះបានប្រទានពរដល់បងប្រុសរបស់យ៉ារេឌ និងគ្រួសាររបស់លោក ព្រមទាំងមិត្តភក្ដិទាំងឡាយផង ។ នៅពេលសិស្សរកឃើញនូវពរជ័យទាំងនេះហើយ សូមឲ្យសិស្សម្នាក់សរសេរវានៅក្រោមពាក្យ សេចក្ដីមេត្តា នៅក្នុងគោលការណ៍ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ សូមបង្ហាញថា ព្រះអម្ចាស់បានប្រទានដល់បងប្រុសរបស់យ៉ារេឌនូវពរជ័យទាំងឡាយ ដែលលោកបានអធិស្ឋានសូម ។
សូមសរសេរនូវសំណួរខាងក្រោមនៅលើក្ដារខៀន ឬរៀបចំវាជាក្រដាសចែកដល់សិស្ស ។ សំណួរទាំងនេះនឹងជួយពួកគេឲ្យយល់ ហើយជ្រាបយ៉ាងច្បាស់ពីសារៈសំខាន់នៃគោលការណ៍នេះ ។
នៅពេលសិស្សបានមានពេលពិភាក្សាពីសំណួរទាំងនេះហើយ អ្នកអាចសុំឲ្យពួកគេចែករំលែកនូវបទពិសោធន៍មួយដែលពួកគេបានពិភាក្សានៅក្នុងក្រុមរបស់ពួកគេ ឬចែករំលែកនូវការយល់ដឹងនានាចេញពីការពិភាក្សានោះ ។
សូមចែករំលែកនូវទីបន្ទាល់របស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់យើងទាំងអស់គ្នា និងព្រះរាជបំណងរបស់ទ្រង់ក្នុងការប្រទានពរដល់យើង នៅពេលយើងអំពាវនាវដល់ទ្រង់ជាទៀងទាត់នោះ ។ សូមឲ្យសិស្សគិតពិចារណាពីរបៀបដែល ពួកគេអាចអនុវត្តគោលការណ៍នៅលើក្ដារខៀន ។ ឧទាហរណ៍ ពួកគេអាចដាក់គោលដៅមួយដើម្បីអធិស្ឋានកាន់តែទៀងទាត់ជាងនេះ ឬជ្រើសរើសរបៀបមួយដើម្បីធ្វើឲ្យការអធិស្ឋានរបស់ពួកគេកាន់តែស្មោះត្រង់ជាងនេះបន្ថែមទៀត ។ អ្នកអាចចង់ឲ្យពួកគេមានពេលខ្លះដើម្បីសរសេរនូវអ្វីដែលពួកគេចង់ធ្វើ ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
សូមពន្យល់ថា ការសិក្សាអំពីការអធិស្ឋានរបស់បងប្រុសរបស់យ៉ារេឌ អាចផ្ដល់នូវការយល់ដឹងបន្ថែមទៀតដល់យើងអំពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះយើងទាំងអស់គ្នា និងអំពីពរជ័យនានាដែលមកតាមរយៈការអធិស្ឋាន ។ សូមឲ្យសិស្សម្នាក់អាន អេធើរ 1:436 ឮ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលពរជ័យបន្ថែមទាំងឡាយដែលព្រះបានសន្យានឹងលោកយ៉ារេឌ និងបងប្រុសរបស់លោក ។ ក្រោយពីសិស្សបានរៀបរាប់ពីអ្វីដែលពួកគេបានរៀនហើយ សូមបង្ហាញថា បងប្រុសរបស់យ៉ារេឌមិនបានអធិស្ឋានជាពិសេសដើម្បីទូលសុំពរជ័យក្នុងការមានកូនចៅជំនាន់ជាជាតិសាសន៍ដ៏អស្ចារ្យមួយនោះឡើយ ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេនូវឃ្លានៅចុងបញ្ចប់នៃខគម្ពីរ អេធើរ 1:43 ដែលបង្ហាញពីមូលហេតុដែលព្រះបានឆ្លើយតបទៅនឹងការអធិស្ឋានរបស់បងប្រុសរបស់យ៉ារេឌរបៀបនេះ ៖ « ដោយសារពេលដ៏យូរនេះ អ្នករាល់គ្នាបានអង្វរដល់យើង » ។
សូមសួរ ៖ តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីការសប្បុរសរបស់ព្រះអម្ចាស់ចំពោះលោកយ៉ារេឌ និងបងប្រុសរបស់លោក ដូចដែលបានបង្ហាញនៅក្នុង អេធើរ 1:43 ?
មានគោលការណ៍ជាច្រើនដែលយើងអាចរៀនពីគម្ពីរនេះ ។ គោលការណ៍ដ៏សំខាន់មួយនោះគឺ ៖ ប្រសិនបើយើងអធិស្ឋានទៅដល់ព្រះដោយសេចក្ដីជំនឿជាទៀងទាត់ នោះយើងអាចនឹងទទួលបាននូវពរជ័យទាំងឡាយដែលហួសពីអ្វីដែលយើងបានសុំទៅទៀត ។
សូមសួរ ៖ តើនៅពេលណាដែលអ្នកបានទទួលនូវបទពិសោធន៍មួយ ដែលបង្ហាញថា គោលការណ៍នេះគឺពិតមែននោះ ? តើអ្នកមានស្គាល់នរណាម្នាក់ដែលបានមានបទពិសោធន៍បែបនោះ ឬតើអ្នកអាចគិតអំពីនរណាម្នាក់នៅក្នុងគម្ពីរនេះដែលទទួលបាននូវបទពិសោនធន៍បែបនេះទេ ? ( សូមប្រាប់សិស្សថា អ្នកនឹងផ្ដល់នូវពេលមួយសន្ទុះដល់ពួកគេដើម្បីឲ្យគិតអំពីឧទាហរណ៍នានា មុនពេលអ្នកសុំពួកគេឲ្យឆ្លើយតប ។ អ្នកក៏អាចចែករំលែកឧទាហរណ៍មួយចេញពីជីវិតរបស់អ្នកផ្ទាល់បានដែរ ) ។
ដើម្បីបញ្ចប់មេរៀននេះ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះទ្រង់សណ្ដាប់ និងឆ្លើយតបចំពោះការអធិស្ឋានរបស់យើងទាំងឡាយ ។ ទ្រង់មានចំណេះដឹងដ៏ពេញលេញ និងពោរពេញទៅដោយសេចក្ដីមេត្តា ព្រមទាំងមានព្រះទ័យចង់ប្រទានពរដល់កូនចៅរបស់ទ្រង់ ។ ទ្រង់មានព្រះទ័យពេញចិត្ត នៅពេលយើងអធិស្ឋានទៅរកទ្រង់ដោយស្មោះត្រង់ និងជាទៀងទាត់ឥតដាច់ ។ សូមអញ្ជើញសិស្សឲ្យខិតខំអធិស្ឋានដោយសេចក្ដីជំនឿកាន់តែខ្លាំងថែមទៀត ។ សូមអញ្ជើញពួកគេឲ្យចងចាំថា ព្រះវរបិតាសួគ៌គឺពោរពេញទៅដោយសេចក្ដីមេត្តាករុណា ហើយថាទ្រង់នឹងឆ្លើយតបចំពោះការអធិស្ឋានរបស់ពួកគេ ស្របតាមអ្វីដែលទ្រង់បានជ្រាបថានឹងនាំមកនូវពរជ័យដ៏អស្ចារ្យដល់ជីវិតរបស់ពួកគេ ។
មេរៀនបន្ទាប់ ( អេធើរ 4–12 )
នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងរៀនបន្ថែមទៀតអំពីពួកសាសន៍យ៉ារេឌ ។ ទោះបីជាព្យាការីលោកបានព្រមានដល់ពួកសាសន៍យ៉ារេឌថា កុំឲ្យតែងតាំងស្ដេចក្ដី ក៏ប្រជាជននៅតែធ្វើដូច្នោះ ហើយមហាក្សត្រទាំងឡាយដឹកនាំប្រជាជនឲ្យធ្លាក់ទៅក្នុងសេវកភាព ។ អ្នកដែលចង់បានអំណាចខាងលោកិយ ជាទូទៅនឹងប្រើនូវបក្សព័ន្ធសម្ងាត់នានាដើម្បីបន្ដបំណងដ៏អាត្មានិយមរបស់ពួកគេ ។ លោកមរ៉ូណៃកត់ត្រាអំពីរឿងដ៏អស្ចារ្យជាច្រើន ដែលត្រូវបានកើតឡើង ដោយសារប្រជាជនខ្លះបានមានសេចក្ដីជំនឿដ៏អស្ចារ្យខ្លាំង ។ លោកបង្រៀនថា អស់អ្នកណាដែលបន្ទាបខ្លួនគេនៅចំពោះមុខព្រះ ហើយមានសេចក្ដីជំនឿលើទ្រង់ នោះនឹងទទួលបានសិរីល្អរបស់ទ្រង់ដើម្បីជួយពួកគេឲ្យយកឈ្នះលើភាពទន់ខ្សោយរបស់ពួកគេ ។