មេរៀនទី 150
អេធើរ 12:23–41
សេចក្តីផ្ដើម
ដោយការអធិស្ឋានដ៏រាបសា លោកមរ៉ូណៃបានបង្ហាញនូវការបារម្ភមួយ ។ លោកបានបារម្ភអំពីភាពទន់ខ្សោយ ដែលលោកបានទទួលនៅក្នុងការសរសេររបស់លោក និងនៅក្នុងការសរសេររបស់ព្យាការីក្នុងព្រះគម្ពីរមរមនផ្សេងទៀត ។ ព្រះអម្ចាស់បានឆ្លើយតបដោយសេចក្ដីសន្យាមួយដើម្បីពង្រឹងដល់អស់អ្នកណាដែលបន្ទាបខ្លួនគេ ហើយមានសេចក្ដីជំនឿទៅលើទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 12:23–41
លោកមរ៉ូណៃបង្រៀនថា សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស គឺជាការណ៍ដ៏សំខាន់មួយសម្រាប់សេចក្តីសង្គ្រោះ ។
សូមសរសេរពាក្យ រឹងមាំ នៅផ្នែកម្ខាងនៃក្ដារខៀន និងពាក្យ ទន់ខ្សោយ នៅលើផ្នែកម្ខាងទៀតនៃក្ដារខៀន ។ សូមឲ្យសិស្សមានពេលដើម្បីសញ្ជឹងគិតពីអ្វីដែលពួកគេគិតថាជាភាពរឹងមាំរបស់ពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេគិតអំពីភាពទន់ខ្សោយ ឬភាពមិនគ្រប់គ្រាន់របស់ពួកគេពីរបី ។ សូមឲ្យពួកគេលើកដៃ ប្រសិនបើពួកគេចង់ឲ្យចំណុចទន់ខ្សោយរបស់គេក្លាយទៅជាចំណុចរឹងមាំ ។ សូមពន្យល់ថា លោកមរ៉ូណៃបានបង្រៀនអំពីមូលហេតុដែលយើងមានភាពទន់ខ្សោយ និងរបៀបដែលយើងអាចយកឈ្នះលើវាបាន ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 12:23–25 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលភាពទន់ខ្សោយដែលលោកមរ៉ូណៃបានមានអារម្មណ៍ថា លោក និងអ្នកសរសេរដទៃទៀតនៃព្រះគម្ពីរមរមនបានមាន ។ មុនពេលសិស្សអាន អ្នកអាចពន្យល់ថាពាក្យ ពួកសាសន៍ដទៃ នៅក្នុងខគម្ពីរទាំងនេះសំដៅទៅលើមនុស្សដែលនឹងរស់នៅឯស្រុកនៃជាតិសាសន៍ដទៃនៅក្នុងថ្ងៃចុងក្រោយ ។
-
តើលោកមរ៉ូណៃបានព្រួយបារម្ភថានឹងមានអ្វីកើតឡើង ដោយសារតែភាពទន់ខ្សោយនៃអស់អ្នកដែលបានសរសេរព្រះគម្ពីរមរមន ?
សូមឲ្យសិស្សអានដោយស្ងាត់ស្ងៀមនូវចម្លើយរបស់ព្រះអម្ចាស់ចំពោះការបារម្ភរបស់លោកមរ៉ូណៃនៅក្នុង អេធើរ 12:26–27 ។ សូមឲ្យពួកគេរកមើលមូលហេតុមួយដែលព្រះប្រទានដល់យើងនូវភាពទន់ខ្សោយទាំងនោះ ។ សូមបង្ហាញថា អេធើរ 12:27 នេះគឺជាវគ្គព្រះគម្ពីរចំណេះចំណាន ។ អ្នកអាចស្នើ សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលនឹងរកឃើញវា ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីពាក្យ ភាពទន់ខ្សោយ នៅពេលវាត្រូវបានប្រើនៅក្នុងខគម្ពីរទាំងនេះ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ មុនពេលអានសេចក្ដីថ្លែងការណ៍នេះ សូមឲ្យសិស្សស្ដាប់រកមើលភាពទន់ខ្សោយពីរប្រភេទដែលអែលឌើរ ម៉ាក់ស្វែល បានលើកឡើងនេះ ។
« នៅពេលយើងអាននៅក្នុងព្រះគម្ពីរអំពី ‹ ភាពទន់ខ្សោយ › របស់មនុស្ស ពាក្យនេះរួមមាន … ភាពទន់ខ្សោយដែលមាននៅក្នុងលក្ខខណ្ឌជាមនុស្សទូទៅ ដែលក្នុងភាពជាសាច់ និងឈាមវាមានឥទ្ធិពលដ៏ឥតឈប់ឈរ [ ឬ ឥតដាច់ ] បែបនេះមកលើភាពជាវិញ្ញាណ ( សូមមើល អេធើរ 12:28–29 ) ។ ប៉ុន្ដែ ដូចគ្នានឹងភាពទន់ខ្សោយនេះដែរ វារួមមានភាពទន់ខ្សោយជាពិសេស និងជាបុគ្គលរបស់យើង ដែលយើងត្រូវតែយកឈ្នះលើវា ( សូមមើល គ. និង ស. 66:3; យ៉ាកុប 4:7 ) ។ ជីវិតនេះមានរបៀបមួយនៃការបង្ហាញនូវភាពទន់ខ្សោយទាំងនេះ » ( Lord, Increase Our Faith [ ឆ្នាំ 1994 ], ទំព័រ 84 ) ។
-
យោងតាមសម្ដីរបស់អែលឌើរ ម៉ាក់ស្វែល តើអ្វីជាភាពទន់ខ្សោយរបស់មនុស្សពីរប្រភេទដែលយើងអានអំពីវានៅក្នុងព្រះគម្ពីរ ? ( អ្នកអាចពន្យល់ថាឃ្លា « លក្ខខណ្ឌជាមនុស្សទូទៅ » សំដៅទៅលើភាពទន់ខ្សោយដែលបន្សល់ទុកមកពីការធ្លាក់របស់អ័ដាម និងអេវ៉ា ឬនិយាយម៉្យាងទៀតថា ភាពទន់ខ្សោយដែលភា្ជប់ទៅនឹង « មនុស្សខាងសាច់ឈាម » ដែលបាននិយាយនៅក្នុង ម៉ូសាយ 3:19 ) ។
សូមរំឭកសិស្សថា ពេលខ្លះ ព្រះគម្ពីរបង្ហាញពីគោលការណ៍មួយដោយប្រើពាក្យ បើសិនជា និងពាក្យ នោះ ។ ពាក្យ បើសិនជា ប្រាប់ពីអ្វីមួយដែលយើងត្រូវតែធ្វើ ហើយពាក្យ នោះ ប្រាប់ពីការពន្យល់នៃអ្វីដែលនឹងកើតឡើងដែលជាលទ្ធផលនៃសកម្មភាពរបស់យើង ។ សូមឲ្យសិស្សរំឭក អេធើរ 12:27 ដោយស្ងាត់ស្ងៀមដោយរកមើលគោលការណ៍ « បើសិនជា-នោះ » ដែលបានបង្រៀននៅក្នុងខគម្ពីរនេះ ។ សិស្សគួររកឃើញនូវគោលការណ៍ខាងក្រោម ( សូមសរសេរវានៅលើក្ដារខៀន ) ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីស្គាល់ពីភាពទន់ខ្សោយរបស់យើង ?
-
សូមបង្ហាញឃ្លា « មករកព្រះយេស៊ូវគ្រីស្ទ » នៅក្នុងគោលការណ៍ទីមួយ ។ តើមានអ្វីខ្លះដែលយើងអាចធ្វើដើម្បី « មករកព្រះយេស៊ូវគ្រីស្ទ » ? ( ចម្លើយអាចរួមមាន យើងអាចអធិស្ឋាន តមអាហារ ប្រែចិត្ត សិក្សាព្រះគម្ពីរ ចូលរួមក្នុងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ បម្រើដល់អ្នកដទៃ និងស្វែងរកដើម្បីអភិវឌ្ឍឥរិយាបថដើម្បីក្លាយដូចជាព្រះគម្ពីរ ។ អ្នកអាចបង្ហាញថា នៅក្នុងកាលៈទេសៈចាំបាច់បំផុត ការយកឈ្នះលើភាពទន់ខ្សោយ មានន័យថាលើសពីការស្វែងរកជំនួយពីព្រះអម្ចាស់ នោះយើងត្រូវតែធ្វើនូវចំណែករបស់យើង ) ។
-
តើន័យបង្កប់នៃគោលការណ៍ទីពីរនឹងកើតមានអ្វីខ្លះ ប្រសិនបើយើងជ្រើសរើស មិនព្រម បន្ទាបខ្លួនយើង និងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទទេនោះ ? ( ភាពទន់ខ្សោយរបស់យើងនឹងនៅតែមាន ដោយសារយើងបានបដិសេធនូវសិរីល្អរបស់ព្រះអម្ចាស់ក្នុងការជួយយើងឲ្យយកឈ្នះលើវា ) ។
-
តើអ្នកគិតថាឃ្លា « គុណរបស់យើងមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបន្ទាបខ្លួននៅចំពោះយើង » មានន័យយ៉ាងណាដែរ ? ( ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកអាចពន្យល់ថាគុណ គឺជា « របៀបដ៏ទេវភាពមួយនៃជំនួយ ឬកម្លាំង ដែលត្រូវបានប្រទានតាមរយៈសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏មហិមារបស់ព្រះយេស៊ូវគ្រីស្ទ » ហើយវាធ្វើឲ្យកើតមានឡើងដោយសារតែដង្វាយធួន [ Bible Dictionary, “Grace” ] ។ ព្រះចេស្ដាធ្វើឲ្យកើតមាននេះ ឬជំនួយនេះ នឹងមិនដែលអស់ —មិនថាមានមនុស្សប៉ុន្មាននាក់ចូលមករកវានោះទេ ) ។
សូមឲ្យសិស្សចែករំលែក បទពិសោធន៍ ដែលពួកគេបានមាន នៅពេលព្រះអម្ចាស់បានជួយដល់ពួកគេ ( ឬដល់នរណាម្នាក់ដែលពួកគេស្គាល់ ) ដើម្បីឲ្យយកឈ្នះលើភាពទន់ខ្សោយ ។ ( សូមរំឭកសិស្សថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវតែចែករំលែកអំពីបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬឯកជនពេកនោះទេ ) ។ អ្នកក៏អាចចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែរ ។
ដើម្បីអញ្ជើញឲ្យមានការអនុវត្តលើគោលការណ៍ដែលបានបង្រៀននៅក្នុង អេធើរ 12:27 នេះ សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សសរសេរឃ្លាទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់ ។ នៅក្រោមឃ្លាត្រឹមត្រូវ សូមឲ្យពួកគេសរសេរ (1) ភាពទន់ខ្សោយដែលពួកគេមានអារម្មណ៍ថាពួកគេមាន (2) របៀបមួយដែលពួកគេអាចបន្ទាបខ្លួនគេបាន និង (3) របៀបមួយដែលពួកគេអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគេអាចទទួលបានជំនួយរបស់ទ្រង់ ឬគុណរបស់ទ្រង់ដើម្បីយកឈ្នះលើភាពទន់ខ្សោយដែលពួកគេបានសរសេរមកនោះ ។ សូមបញ្ជាក់ដល់សិស្សថា នៅពេលពួកគេធ្វើតាមអ្វីដែលពួកគេបានសរសេរ នោះព្រះអម្ចាស់នឹង « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ( អេធើរ 12:27 ) ។
សូមឲ្យសិស្សអាន អេធើរ 12:26, 28 ដោយស្ងាត់ស្ងៀម ដោយរកមើលរបៀបដែលព្រះអម្ចាស់ឆ្លើយតបទៅនឹងការបារម្ភរបស់លោកមរ៉ូណៃអំពីភាពទន់ខ្សោយរបស់លោកបន្ដទៀត ។
សូមបង្ហាញប្រយោគ « ពួកអ្នកភ្លើទេ ដែលចំអក តែពួកគេនឹងយំសោក » ( អេធើរ 12:26 ) ។
-
ដោយផ្អែកលើអ្វីដែលយើងបានសិក្សានៅថ្ងៃនេះ តើអ្នកគិតថា ហេតុអ្វីបានជាវាភ្លើទៅវិញដែលចំអកដល់ភាពទន់ខ្សោយរបស់អ្នកដទៃ ?
សូមបង្ហាញថា អេធើរ 12:26 លើកឡើងពីភាពស្លូតត្រង់ ។ ( អ្នកអាចពន្យល់ថា ការស្លូតត្រង់គឺជាការបន្ទាបខ្លួន និងឲ្យគេបង្រៀនបាន និងការអត់ធ្មត់នៅក្នុងពេលលំបាក ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាយើងត្រូវតែស្លូតត្រង់ដើម្បីមើលរំលងពីភាពទន់ខ្សោយរបស់អ្នកដទៃ ?
មុនពេលបន្ដទៀត សូមបញ្ជាក់ថា ប្រសិនបើយើងស្លូតត្រង់ នោះយើងអាចទទួលបានគុណរបស់ព្រះអម្ចាស់ក្នុងការជួយយើងឲ្យមើលរំលងភាពទន់ខ្សោយរបស់អ្នកដទៃបាន ។
សូមសង្ខេប អេធើរ 12:29–32 ដោយការពន្យល់ថា លោកមរ៉ូណៃបានបង្រៀនអំពីសារៈសំខាន់នៃការអនុវត្តសេចក្ដីជំនឿ និងការមានសេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ។ អ្នកអាចពន្យល់ថា « សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ( មរ៉ូណៃ 7:47 ) ។
សូមឲ្យសិស្សអាន អេធើរ 12:33–35 ដោយស្ងាត់ស្ងៀម ដោយរកមើលមូលហេតុដែលវាសំខាន់ដើម្បីមានសេចក្ដីសប្បុរស នៅពេលជួបនឹងភាពទន់ខ្សោយរបស់អ្នកដទៃ ។
-
យោងតាម អេធើរ 12:34 តើអ្វីជាលទ្ធផលដែលយើងនឹងជួប ប្រសិបើយើងមិនមានសេចក្ដីសប្បុរសទេនោះ ?
ដើម្បីបញ្ចប់ សូមឲ្យសិស្សអាន អេធើរ 12:38–41 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីអ្វីដែលពួកគេនឹងធ្វើដើម្បីឆ្លើយតបទៅនឹងការអញ្ជើញដែលបានកត់ត្រានៅក្នុង អេធើរ 12:41—« ស្វែងរកព្រះយេស៊ូវគ្រីស្ទ ដែលពួកព្យាការី និងពួកសាវកបានសរសេរមកនេះ » ។
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងបន្ទាបខ្លួន និងអនុវត្តសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹង « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះ [ យើង ] » ( អេធើរ 12:27 ) ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមផែនការដែលពួកគេបានសរសេរ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យស្វែងរកជំនួយពីព្រះអម្ចាស់ក្នុងការមានសេចក្ដីសប្បុរស នៅពេលពួកគេជួបនឹងភាពទន់ខ្សោយរបស់អ្នកដទៃដែរ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អេធើរ 12:27 ។ « យើងនឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ »
អែលឌើរ ប្រូស ស៊ី ហាហ្វន នៃក្រុមចិតសិបនាក់បានបង្ហាញថា ការតស៊ូរបស់យើងដើម្បីយកឈ្នះលើភាពទន់ខ្សោយ គឺជាស្នូលនៃគោលបំណងរបស់យើងនៅលើផែនដីនេះ ៖
« ផែនការរបស់ព្រះវរបិតារបស់យើងធ្វើឲ្យយើងរងការល្បួង និងទុក្ខវេទនានៅក្នុងលោកិយដែលបានធ្លាក់មួយនេះ ។ …
« ដូច្នេះ ប្រសិនបើអ្នកមានបញ្ហានៅក្នុងជីវិតបរស់អ្នក សូមកុំគិតថា មានអ្វីមួយខុសនឹងអ្នកឡើយ ។ ការតស៊ូនឹងបញ្ហាទាំងនោះ គឺជាស្នូលដ៏ខ្លាំងនៃគោលបំណងក្នុងជីវិតរបស់យើង ។ នៅពេលយើងខិតទៅជិតព្រះ ទ្រង់នឹងបង្ហាញដល់យើងនូវភាពទន់ខ្សោយរបស់យើង ហើយតាមរយៈភាពទន់ខ្សោយនេះហើយដែលធ្វើឲ្យយើងវាងវៃ និងរឹងមាំជាងមុន ។ ប្រសិនបើអ្នកមើលឃើញភាពទន់ខ្សោយរបស់អ្នកច្រើនជាងមុន នោះគ្រាន់តែមានន័យថា អ្នកកំពុងតែខិតកាន់តែជិតទៅរកព្រះហើយ មិនមែនឃ្លាតកាន់តែឆ្ងាយនោះទេ » ( « The Atonement: All for All » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 97 ) ។
រឿងខាងក្រោមនេះគឺនិយាយអំពីយុវជនម្នាក់ដែលបានជួបនឹងការបំពេញនៃសេចក្ដីសន្យារបស់ព្រះអម្ចាស់នៅក្នុង អេធើរ 12:27៖
យុវជនទាំងឡាយនៅក្នុងសាសនាចក្រ ត្រូវបានអញ្ជើញឲ្យសម្រេចបានគោលដៅតាមរយៈកម្មវិធី កាតព្វកិច្ចចំពោះព្រះ និងនៅក្នុងផ្នែកខ្លះនៃកម្មវិធីកាយរិទ្ធិ ។ ឪពុកម្ដាយរបស់ចូណាថាន ប៉េរេស ជាប់រវល់នឹងចិញ្ចឹមគ្រួសារដ៏ធំរបស់គាត់ ហើយមិត្តភក្ដិរបស់គាត់បានសើចចំអកដល់ការខិតខំរបស់គាត់ក្នុងការសម្រេចឲ្យបាននូវឋានៈឥន្រ្ទីយ៍នៅក្នុងកម្មវិធីកាយរិទ្ធិ ។ ថ្វីបើមានការលំបាកទាំងនេះក្ដី ចូណាថាន បានដាក់គោលដៅ ហើយបានធ្វើតាមការណ៍នោះ ។ មួយរយៈកន្លងទៅ និងដោយមានជំនួយ ហើយការគាំទ្រពីអ្នកដឹកនាំថ្នាក់យុវជនរបស់គាត់ គាត់បានសម្រេចបានគោលដៅរបស់គាត់ ។ គាត់បានសរសេរថា « បទពិសោធន៍នេះបានបង្រៀនខ្ញុំថា មិនថាមាន ឧបសគ្គ ឬការប្រជែងអ្វីដែលមករារាំងផ្លូវរបស់ខ្ញុំនោះទេ ព្រះអម្ចាស់នឹងជួយខ្ញុំឲ្យយកឈ្នះលើការល្បួង និងភាពទន់ខ្សោយរបស់ខ្ញុំ (អេធើរ 12:27) ។ វាមិនមានបញ្ហាចំពោះសាវតាមួយណាដែលយើងមកពី ឬមិនថាយើងមាន ឬក្រនោះទេ ។ យើងអាចសម្រេចបានគោលដៅរបស់យើង ដោយសារយើងមានព្រះអម្ចាស់នៅក្បែរខ្លួនយើង » ( « Jonathan Perez An Honor Earned » New Era ខែ វិច្ឆិកា ឆ្នាំ 2007, ទំព័រ 45 ) ។