មេរៀនទី 149
អេធើរ 12:1–22
សេចក្តីផ្ដើម
ក្រោយពីតំណាលពីប្រវត្តិសាស្ដ្រជាច្រើនឆ្នាំរបស់ពួកសាសន៍យ៉ារេឌហើយ លោកមរ៉ូណៃបានណែនាំអំពីការបម្រើរបស់ព្យាការីអេធើរ ។ បន្ទាប់មក លោកមរ៉ូណៃបានបង្អាក់ដំណើររឿងប្រវត្តិសាស្ដ្រដើម្បីកត់ត្រាអំពីពរជ័យខ្លះៗដែលមកដល់អស់អ្នកណាដែលអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះក្ដោបលើ អេធើរ 12:1–22 ខណៈពេលមេរៀនទី 150 ទាក់ទងនឹង អេធើរ 12:23–41 ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 12:1–4
លោកអេធើរ បង្រៀនអំពីការប្រែចិត្តដល់ពួកសាសន៍យ៉ារេឌ
សូមចាប់ផ្ដើមថ្នាក់រៀនដោយការសុំឲ្យសិស្សម្នាក់ឡើងមកខាងមុខថ្នាក់ ហើយគូសរូបរលកខ្លះ និងទូកមួយដែលមានសុវត្ថិភាពដោយយុថ្កាមួយ ។
-
ហេតុអ្វីបានជាវាសំខាន់ដែលទូកត្រូវមានយុថ្កា ?
-
តើមានគ្រោះថ្នាក់ ឬការលំបាកណាខ្លះដែលអាចនឹងកើតមាន ប្រសិនបើទូកគ្មានយុថ្កាទេនោះ ?
-
តើរលកនឹងមានឥទ្ធិពលយ៉ាងណាទៅលើទូក ? ( ចម្លើយអាចរួមមាន រលកនឹងបណ្ដាលឲ្យទូកនោះផ្លាស់ទី រសាត់អណ្ដែត ឬក៏បក់ទៅបក់មក ) ។
សូមសរសេរលើទូកនោះដោយពាក្យថា ជីវិតរបស់អ្នក ។
-
ប្រសិនបើទូកនោះតំណាងឲ្យជីវិតរបស់យើង តើរលកនោះអាចដូចជាអ្វីទៅ ? ( ចម្លើយអាចរួមមាន សំពាធពីសង្គម ឧបសគ្គ ការបង្រៀនខុសឆ្គង ឬអំពើទុច្ចរិត ) ។
-
តើជីវិតរបស់មនុស្សម្នាក់អាចដូចជាទូកដែលគ្មានយុថ្កាដោយរបៀបណា ? ( អ្នកអាចណែនាំ សិស្សគួរអាននៅក្នុង មរមន 5:17–18 ដើម្បីជួយពួកគេឲ្យឆ្លើយតបទៅនឹងសំណួរនេះ ) ។
-
តើមានរឿងអ្វីខ្លះដែលព្រះអម្ចាស់បានប្រទាន ដែលអាចធ្វើជាយុថ្កាខាងវិញ្ញាណនៅក្នុងជីវិតរបស់យើងបាននោះ ? ( សិស្សអាចផ្ដល់ចម្លើយខុសៗគ្នា ។ ផ្នែកជាច្រើននៃដំណឹងល្អ អាចប្រៀបដូចជាយុថ្កា ) ។
សូមអញ្ជើញសិស្សឲ្យរកមើលឧទាហរ៍ណនៃយុថ្កាខាងវិញ្ញាណ នៅពេលពួកគេសិក្សាក្នុង អេធើរ 12 ។
សូមពន្យល់ថា អេធើរ 12 ចាប់ផ្ដើមដោយការណែនាំរបស់លោកមរ៉ូណៃអំពីលោកអេធើរ ដែលជាព្យាការីរបស់ពួកសាសន៍យ៉ារេឌ ដែលបានបង្រៀនក្នុងពេលមួយដែលប្រជាជនបានបដិសេធព្យាការី និងបានរស់នៅក្នុងសេចក្ដីទុច្ចរិត ។ សូមឲ្យសិស្សអាន អេធើរ 12:1–3 ដោយស្ងាត់ស្ងៀមដោយរកមើលអ្វីៗដែលធ្វើឲ្យពួកគេរំភើបអំពីសកម្មភាពរបស់លោកអេធើរ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 12:4 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលអស់អ្នកទាំងឡាយណាដែលជឿលើព្រះអាច « សង្ឃឹមដល់ » ទោះបីជារស់នៅក្នុងភាពលំបាក និងសេចក្ដីទុច្ចរិតក្ដី ។ នៅពេលសិស្សឆ្លើយ អ្នកអាចលើកឡើង « ពិភពដ៏ល្អប្រសើរមួយ » ដែលយើងសង្ឃឹមចង់បាននោះគឺជា « កន្លែងមួយដែលនៅខាងស្ដាំព្រះហស្ដនៃព្រះ » ។
-
តើវាមានន័យយ៉ាងណា ដែលមានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះ ? ( ការត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញ និងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ) ។
-
តើអ្នកគិតថា ការមានសង្ឃឹម « ដោយភាពពិតប្រាកដ » ខុសគ្នាពីការគ្រាន់តែចង់បានអ្វីមួយដោយរបៀបណា ? ( នៅក្នុងព្រះគម្ពីរ សេចក្ដីសង្ឃឹមសំដៅទៅលើការមានទំនុកចិត្តថា យើងអាចទទួលបានពរជ័យដែលព្រះទ្រង់សន្យានឹងយើង ប្រសិនបើយើងកាន់តាមសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ ) ។
-
យោងតាម អេធើរ 12:4 តើយើងទទួលបានសេចក្ដីសង្ឃឹមនៃការទទួលបានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយ សូមពន្យល់ថា សេចក្ដីជំនឿដែលបានលើកឡើងនៅក្នុង អេធើរ 12:4 សំដៅទៅលើសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ) ។ តើសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងសង្ឃឹម « ដោយភាពពិតប្រាកដ » ថានឹងបានកន្លែងមួយនៅខាងស្ដាំព្រះហស្ដនៃព្រះដោយរបៀបណា ?
នៅលើក្ដារខៀន សូមសរសេរលើរូបយុថ្កាដោយពាក្យ សេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម ។
-
យោងតាម អេធើរ 12:4 តើនឹងមានអ្វីកើតឡើង នៅពេលនរណាម្នាក់មានសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ? ( ទោះបីជាសិស្សអាចឆ្លើយដោយប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួរបង្ហាញនូវគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងមានសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងខ្ជាប់ខ្ជួន ហើយយើងនឹងចងភ្ជាប់ទៅនឹងកិច្ចការល្អ ) ។
-
តើអ្នកគិតថា « ចងភ្ជាប់ » នៅក្នុងកិច្ចការល្អមានន័យយ៉ាងណា ? ( ការធ្វើរឿងល្អៗជាច្រើន ) ។
-
តើកិច្ចការល្អអ្វីខ្លះដែល « តម្កើងសិរីល្អដល់ព្រះ » ? ( ចម្លើយអាចរួមមាន ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការបម្រើអ្នកដទៃ និងការអភិវឌ្ឍទេពកោសល្យ ) ។
-
សូមគិតពីមនុស្សដែលអ្នកស្គាល់ ដែលតែងតែមើលទៅចងភ្ជាប់ទៅនឹងកិច្ចការល្អ ហើយមិនខ្មាស់អៀនក្នុងការតម្កើងសិរីល្អដល់ព្រះ ។ តើមានរឿងជាក់លាក់អ្វីខ្លះដែលពួកគេបានធ្វើ ដែលធ្វើឲ្យពួកគេក្លាយជាគំរូដ៏ល្អមួយក្នុងការឆ្លុះបញ្ចាំងពីគោលការណ៍នេះ ?
សូមឲ្យសិស្សសញ្ជឹងគិតពីពេលដែលវាជាការពិបាកសម្រាប់ពួកគេ ដើម្បីបន្ដខ្ជាប់ខ្ជួន និងចងភ្ជាប់នៅក្នុងកិច្ចការល្អ ។ ដើម្បីជួយសិស្សឲ្យរៀបចំសម្រាប់ស្ថានភាពដែលស្រដៀងគ្នាពេញមួយឆាកជីវិតរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យរកមើលរបៀបដែលពួកគេអាចបង្កើនសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមរបស់ពួកគេ នៅពេលពួកគេបន្ដការសិក្សានៅក្នុង អេធើរ 12 ។
អេធើរ 12:5–22
លោកមរ៉ូណៃរៀបរាប់ពីអព្ភូតហេតុ និងកិច្ចការដ៏អស្ចារ្យដែលបានកើតឡើងដោយសេចក្ដីជំនឿ
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន៖ ខ្ញុំចង់ទទួលបានសាក្សីខាងវិញ្ញាណថា …
សូមឲ្យសិស្សផ្ដល់យោបល់អំពីសេចក្ដីពិតនៃដំណឹងល្អនានា គោលការណ៍ទាំងឡាយ ឬក៏គោលលទ្ធិផ្សេងៗដែលមនុស្សអាចរកឃើញនូវសាក្សីខាងវិញ្ញាណ ។ នៅពេលសិស្សឆ្លើយ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ( ចម្លើយអាចរួមមានសាក្សីមួយថា ព្រះគម្ពីរមរមនគឺពិត ; ការរស់នៅក្នុងជីវិតមួយដោយមានភាពស្អាតស្អំ និងពោរពេញដោយគុណធម៌គឺមានសារសំខាន់ ; ពាក្យគតិបណ្ឌិតគឺជាច្បាប់របស់ព្រះមួយ ; ខ្ញុំគួរតែរៀបចំដើម្បីទៅបម្រើបេសសកម្ម ) ។ សូមឲ្យសិស្សគិតអំពីសេចក្ដីពិតនៃដំណឹងល្អមួយ ដែលពួកគេចង់ទទួលបាននូវសាក្សីខាងវិញ្ញាណ ឬក៏មានទីបន្ទាល់កាន់តែរឹងមាំឡើង ។
សូមពន្យល់ថា មនុស្សខ្លះមាននូវឥរិយាបថដូចខាងក្រោមនេះ ៖ « ខ្ញុំនឹងមិនជឿ ឬមិនរស់នៅតាមគោលការណ៍នៃដំណឹងល្អនោះទេ រហូតដល់ខ្ញុំបានឃើញភស្ដុតាងដែលបញ្ជាក់ថា វាគឺជាការពិតសិន » ។ សូមឲ្យសិស្សអាន អេធើរ 12:5–6 ដោយស្ងាត់ស្ងៀម ដោយរកមើលរបៀបដែលខគម្ពីរទាំងនេះទាក់ទងទៅនឹងឥរិយាបថបែបនេះ ។ សូមបង្ហាញថា អេធើរ 12:6 នេះគឺជាវគ្គព្រះគម្ពីរចំណេះចំណាន ។ អ្នកអាចណែនាំ សិស្សគួរគូសចំណាំវគ្គនេះដើម្បីឲ្យងាយស្រួលនឹងរកឃើញវា ។
-
យោងតាម អេធើរ 12:6 តើមានអ្វីត្រូវតែកើតឡើង មុនពេលយើងអាចទទួលបានសក្ខីភាពមួយនោះ ?
-
តើគំនិតអ្វីខ្លះ ដែលអ្នកមាន នៅពេលអ្នកគិតអំពីឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿ » ?
ក្រោយពីសិស្សឆ្លើយហើយ អ្នកអាចចង់ពន្យល់ថា មនុស្សខ្លះបកប្រែន័យនៃ « ការសាកល្បងនៃសេចក្ដីជំនឿ » ខុសឆ្គងថាជាការសំដៅទៅរកភាពលំបាកលំបិនទៅវិញ ។ ឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿ » អាចពិពណ៌នាថាជាអ្វីៗដែលផ្ដល់ឱកាសមួយដល់យើង ដើម្បីបង្ហាញ ឬអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ មុនពេលសិស្សអានសេចក្ដីថ្លែងការណ៍នេះ សូមឲ្យសិស្សស្ដាប់ការពន្យល់របស់អែលឌើរ ស្កត អំពីអត្ថន័យនៃឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿ » ។
« អ្នកអាចរៀនដើម្បីប្រើសេចក្ដីជំនឿឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះទៅទៀត ដោយការអនុវត្តគោលការណ៍ដែលបានបង្រៀនដោយលោកមរ៉ូណៃនេះ ៖ ‹ … ត្បិតអ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ក្រោយពីការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកសិន › [ អេធើរ 12:6; អក្សរទ្រេតត្រូវបានបន្ថែម ] ។ ហេតុដូច្នេះហើយ រាល់ពេលដែលអ្នក សាកល្បងសេចក្ដីជំនឿរបស់អ្នក នោះគឺថា អ្នកត្រូវធ្វើសកម្មភាពដោយភាពសក្ដិសមចំពោះការរំភើបមួយ ដែលអ្នកនឹងទទួលបានភស្ដុតាងបញ្ជាក់អំពីព្រះវិញ្ញាណ ។ អារម្មណ៍ទាំងនោះនឹងពង្រឹងដល់សេចក្ដីជំនឿរបស់អ្នក ។ នៅពេលអ្នកធ្វើតាមគំរូនោះម្ដងហើយម្ដងទៀត សេចក្ដីជំនឿរបស់អ្នកនឹងកាន់តែរឹងមាំជាងនេះទៅទៀត » ( « The Sustaining Power of Faith in Times of Uncertainty and Testing »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2003, ទំព័រ 76 ) ។
-
តើដំណើរការដែលបានរៀបរាប់ដោយអែលឌើរ ស្កត ខុសពីឥរិយាបថរបស់អស់អ្នកទាំងឡាយណាដែលចង់បានភស្ដុតាងមុនពេលពួកគេនឹងជឿ ឬធ្វើសកម្មភាពដោយរបៀបណា ?
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ អេធើរ 12:7–12; អេធើរ 12:13–18; អេធើរ 12:19–22, 30–31 ។ សូមបែងចែកសិស្សក្នុងថ្នាក់ទៅជាបីក្រុម ហើយចាត់តាំងឲ្យក្រុមនីមួយៗអាននូវវគ្គព្រះគម្ពីរមួយ ។ សូមឲ្យសិស្សរកមើលនូវពរជ័យដែលបានមកពីលទ្ធផលនៃសេចក្ដីជំនឿរបស់មនុស្សដែលបានរៀបរាប់នៅក្នុងវគ្គគម្ពីរនីមួយៗ ។ សូមអញ្ជើញឲ្យពួកគេកត់ចំណាំនូវការប្រើឃ្លា « លុះត្រាក្រោយពីពួកគេមានសេចក្ដីជំនឿ » ឬ « លុះត្រាក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន » នៅក្នុង ខគម្ពីរទី 7, 12, 17, 18, និង 31 ។ ( អ្នកអាចណែនាំ សិស្សគួរគូសចំណាំឃ្លាទាំងនេះរាល់ពេលដែលគេអានប៉ះ ) ។
ក្រោយពីសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញហើយ សូមឲ្យពួកគេសង្ខេបនូវអ្វីដែលព្រះអម្ចាស់ប្រទាន ក្រោយពីយើងបង្ហាញពីសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញនូវសេចក្ដីពិតស្រដៀងនឹងឃ្លាដូចខាងក្រោមនេះ ៖ ប្រសិនបើយើងចង់បានសាក្សីខាងវិញ្ញាណ នោះយើងត្រូវតែអនុវត្តសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទជាមុនសិន ។ សូមពន្យល់ថា គឺដូចជាសាក្សីខាងវិញ្ញាណភាគច្រើនដែរ អព្ភូតហេតុនឹងមិនកើតមានឡើងនោះទេ រហូតដល់ក្រោយពីយើងបានអនុវត្តសេចក្ដីជំនឿរបស់យើងសិន ។
សូមបង្ហាញស្ថានភាពដូចខាងក្រោមដល់សិស្ស ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលបុគ្គលម្នាក់នៅក្នុងស្ថានភាពនីមួយៗអាចនឹងបង្ហាញសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ។
-
យុវនារីម្នាក់ចង់ទទួលបានសាក្សីមួយអំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន ។
-
យុវជនម្នាក់មានបំណងដ៏មុតស្រួចមួយដើម្បីជួយមនុស្សជាទីស្រឡាញ់របស់គេឲ្យទទួលយកដំណឹងល្អ ។
សូមឲ្យសិស្សសញ្ជឹងគិតមួយសន្ទុះ នៅពេលពួកគេ ឬមនុស្សដែលពួកគេស្គាល់បានទទួលនូវសាក្សីខាងវិញ្ញាណ ឬក៏អព្ភូតហេតុណាមួយ ក្រោយពីបានបង្ហាញនូវសេចក្តីជំនឿទៅលើព្រះអម្ចាស់ ។ សូមឲ្យសិស្សចែករំលែកពីបទពិសោធន៍ដែលពួកគេបានគិតដល់ ។ ( សូមប្រាកដថា សិស្សយល់ថា ពួកគេមិនគួរមានអារម្មណ៍ថាត្រូវតែចែករំលែកអំពីបទពិសោធន៍ដែលផ្ទាល់ខ្លួន ឬឯកជនពេកនោះទេ ) ។ អ្នកក៏អាចចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែរ ។
សូមឲ្យសិស្សគិតអំពីសេចក្ដីពិតនៃដំណឹងល្អមួយ ដែលពួកគេចង់ទទួលបាននូវសាក្សីខាងវិញ្ញាណ ។ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់អំពីអ្វីមួយ ដែលពួកគេអាចនឹងធ្វើដើម្បីអនុវត្តសេចក្ដីជំនឿឲ្យកាន់តែខ្លាំងនៅលើព្រះអម្ចាស់ ។
ចំណេះចំណានខគម្ពីរ —អេធើរ 12:6
ដើម្បីជួយសិស្សឲ្យចងចាំ អេធើរ 12:6 សូមឲ្យសិស្សម្នាក់ៗសរសេរខគម្ពីរនេះនៅលើក្រដាសមួយសន្លឹក ដោយទុកចន្លោះសម្រាប់ពាក្យ ឬឃ្លាគន្លឹះ ហើយបំពេញកន្លែងចន្លោះនោះនៅក្នុងកន្លែងរបស់ពួកគេ ។ នៅពេលពួកគេធ្វើរួចហើយ សូមឲ្យសិស្សមានពេលមួយនាទីដើម្បីព្យាយាមទន្ទេញខគម្ពីរនេះឲ្យចាំ ដោយបំពេញចន្លោះនៅលើក្រដាសរបស់ពួកគេក្នុងខួរក្បាល ។
សូមឲ្យសិស្សផ្លាស់ប្ដូរក្រដាសជាមួយនរណាម្នាក់ដែលនៅជិតនឹងពួកគេ ។ សិស្សម្នាក់ៗគួរតែអានក្រដាសថ្មីរបស់គេឮៗ ដោយព្យាយាមបំពេញក្នុងចន្លោះនោះចេញពីការចងចាំរបស់គេ ។ បើសិនជាមានពេល សូមឲ្យសិស្សធ្វើសកម្មភាពនេះម្ដងទៀត ដោយការផ្លាស់ប្ដូរក្រដាសនោះម្ដងទៀត ។
សូមឲ្យសិស្សយកក្រដាសរបស់ពួកគេទៅផ្ទះ ហើយប្រើវាដើម្បីទន្ទេញ អេធើរ 12:6 ដល់ឪពុកម្ដាយរបស់គេ ។ សូមអញ្ជើញពួកគេឲ្យសួរទៅឪពុកម្ដាយរបស់គេ ក្នុងកាលឪពុកម្តាយរបស់ពួកគេបានបង្ហាញសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងបានទទួលនូវសាក្សី ឬអព្ភូតហេតុមួយដែលពួកគេបានស្វែងរក ។
សូមបញ្ចប់ដោយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ដែលបានបង្រៀននៅក្នុងមេរៀននេះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អេធើរ 12:4–6 ។ តើសេចក្ដីសង្ឃឹមគឺជាអ្វី ?
នៅក្នុង អេធើរ 12 ការបង្រៀនរបស់លោកមរ៉ូណៃអំពីគោលការណ៍នៃសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿ បង្ហាញថាសេចក្ដីទាំងពីរនេះត្រូវទាក់ទងគ្នាយ៉ាងស្អិតរមួត ។ លោកបានឲ្យនិយមន័យអំពីសេចក្ដីជំនឿថាជា « អ្វីដែលសង្ឃឹមចង់បាន ហើយមើលមិនឃើញ » (អេធើរ 12:6) និងបានបង្រៀនថា សេចក្ដីសង្ឃឹមរបស់យើងសម្រាប់សេចក្ដីសង្គ្រោះ « មកពីសេចក្ដីជំនឿ » នៅក្នុងព្រះយេស៊ូវគ្រីស្ទ ( អេធើរ 12:4) ។ កូនសៀវភៅ ពិតចំពោះសេចក្ដីជំនឿ បង្រៀនអំពីសេចក្ដីសង្ឃឹមដូចខាងក្រោមនេះ ៖
« នៅពេលយើងមានសេចក្ដីសង្ឃឹម នោះយើងទុកចិត្តលើសេចក្ដីសន្យារបស់ព្រះ ។ យើងមាននូវការធានាដ៏ពិតមួយថា ប្រសិនបើយើងធ្វើ ‹ កិច្ចការទាំងឡាយដោយសេចក្តីសុចរិត › នោះយើង ‹ នឹងទទួលបានរង្វាន់ [ របស់យើង ] គឺសេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោកនាយ › (គ. និង ស. 59:23) ។… គោលការណ៍នៃសេចក្ដីសង្ឃឹមនេះបានទៅដល់ភាពដ៏អស់កល្បជានិច្ច ប៉ុន្ដែវាក៏អាចទ្រទ្រង់អ្នកឲ្យឆ្លងកាត់នឹងឧបសគ្គប្រចាំថ្ងៃក្នុងជីវិតបានដែរ » (ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ [2004] 85–86) ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានផ្ដល់និយមន័យនៃពាក្យសេចក្ដីសង្ឃឹមដូចខាងក្រោមនេះ ៖
« សេចក្ដីសង្ឃឹមគឺជាអំណោយខាងវិញ្ញាណ ។ [ សូមមើល មរ៉ូណៃ 8:26] ។ វាគឺជាសេចក្ដីសង្ឃឹមមួយដែលតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ទ្រង់ នោះយើងនឹងត្រូវបានក្រោកឡើងទៅរកជីវិតដ៏នៅអស់កល្ប ហើយការណ៍នេះគឺដោយសារតែសេចក្ដីជំនឿរបស់យើងទៅលើព្រះអង្គសង្គ្រោះ ។ [ សូមមើល មរ៉ូណៃ 7:41] ។ សេចក្ដីសង្ឃឹមប្រភេទនេះគឺជាគោលការណ៍នៃសេចក្ដីសន្យាមួយផង ហើយក៏ជាព្រះបញ្ញត្តិមួយដែរ [ សូមមើល កូល៉ុស 1:21–23] ហើយដូចដែលមានព្រះបញ្ញត្តិទាំងឡាយផង យើងមានការទទួលខុសត្រូវដើម្បីធ្វើឲ្យវាសកម្មនៅក្នុងផ្នែកមួយនៃជីវិតរបស់យើង ហើយយកឈ្នះលើការល្បួងដែលធ្វើឲ្យបាត់បង់សេចក្ដីសង្ឃឹម ។ សេចក្ដីសង្ឃឹមទៅលើផែនការនៃសុភមង្គលដ៏មានមេត្តាករុណារបស់ព្រះវរបិតាសួគ៌ ដឹកនាំទៅរកសេចក្ដីសុខសាន្ដ [ សូមមើល រ៉ូម 15:13], សេចក្ដីមេត្តាករុណា [ សូមមើល ទំនុកតម្កើង 33:22], សេចក្ដីអំណរ [ សូមមើល រ៉ូម 12:12] និងសេចក្ដីរីករាយ ។ [ សូមមើល សុភាសិត 10:28] ។ សេចក្ដីសង្ឃឹមនៃសេចក្តីសង្គ្រោះគឺដូចជាមួកសឹកមួយដូច្នោះដែរ [ សូមមើល ថែសាឡូនីចទី 1 5:8] វាគឺជាគ្រឹះមួយនៃសេចក្ដីជំនឿរបស់យើង [ សូមមើល ហេព្រើរ 11:1; មរ៉ូណៃ 7:40] និងជាយុថ្កាមួយដល់ព្រលឹងរបស់យើង ។ [ សូមមើល ហេព្រើរ 6:19; អេធើរ 12:4] » ។ ( « The Infinite Power of Hope » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 21–22 ) ។
អេធើរ 12:6 ។ « ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក »
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានដំណាលរឿងមួយដែលបង្ហាញពីគោលការណ៍នៃការទទួលបាននូវសាក្សីមួយ ក្រោយពីមានការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ៖
« ខ្ញុំសូមចែកចាយដល់អ្នកនូវរឿងមួយអំពីស្ដ្រីម្នាក់នៅក្នុងទីក្រុង សៅ ប៉ូឡូ ប្រទេសប្រេស៊ីល ។ នាងបានធ្វើការ ខណៈពេលដែលកំពុងទៅរៀនដើម្បីចិញ្ចឹមគ្រួសាររបស់នាង ។ ខ្ញុំសូមប្រើពាក្យពេចន៍ផ្ទាល់របស់នាងក្នុងការប្រាប់រឿងនេះ ។ នាងថ្លែងថា ៖
« សាកលវិទ្យាល័យដែលខ្ញុំបានសិក្សានោះ មានច្បាប់មួយដែលហាមឃាត់សិស្សដែលមិនទាន់បង់លុយឲ្យធ្វើការប្រឡងនោះឡើយ ។ ដោយសារមូលហេតុនេះហើយ នៅពេលខ្ញុំបើកប្រាក់ខែរបស់ខ្ញុំ ខ្ញុំបានបែងចែកលុយសម្រាប់ការបង់ដង្វាយមួយភាគក្នុងដប់មុនគេ និងដង្វាយតមអាហារ ហើយលុយដែលនៅសល់ត្រូវរក្សាសម្រាប់ការបង់សាលា និងការចំណាយផ្សេងៗទៀត ។
« ‹ ខ្ញុំបានចាំពីពេលមួយ នៅពេលដែលខ្ញុំ … មានបញ្ហាលំបាកខ្លាំងខាងផ្នែកហិរញ្ញវត្ថុ ។ នៅថ្ងៃព្រហស្បតិ៍មួយ នៅពេលដែលខ្ញុំបានបើកប្រាក់ខែរបស់ខ្ញុំ ។ នៅពេលដែលខ្ញុំចាត់ចែងថវិកាប្រចាំខែរបស់ខ្ញុំ នោះខ្ញុំចាប់អារម្មណ៍ថា គ្មានប្រាក់គ្រប់គ្រាន់ដើម្បីបង់ [ ទាំង ] ដង្វាយមួយភាគក្នុងដប់ និង ថ្លៃសាកលវិទ្យាល័យរបស់ខ្ញុំ ។ ខ្ញុំត្រូវតែជ្រើសរើសរវាងតម្រូវការទាំងពីរនោះ ។ ការប្រឡងរៀងរាល់ពីរខែម្តង នឹងចាប់ផ្តើមនៅសប្តាហ៍បន្ទាប់ ហើយបើសិនខ្ញុំមិនបានប្រឡងទេ នោះខ្ញុំនឹងធ្លាក់ក្នុងឆ្នាំនោះ ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង ។… ដួងចិត្តរបស់ខ្ញុំឈឺចាប់ » ។ ខ្ញុំមានការសម្រេចចិត្តដ៏ពិបាកក្រៃលែងនៅចំពោះមុខ ហើយខ្ញុំមិនដឹងថាត្រូវសម្រេចចិត្តយ៉ាងណានោះទេ ។ ខ្ញុំបានសញ្ជឹងគិត រវាងជម្រើសទាំងពីរនេះ ៖ ត្រូវបង់ដង្វាយមួយភាគក្នុងដប់ ឬក៏ត្រូវប្រថុយមិនបានទទួលបានពិន្ទុដែលត្រូវផ្តល់ឲ្យនៅក្នុងសាលា ។
« ‹ អារម្មណ៍នេះបានទាក់យកព្រលឹងរបស់ខ្ញុំ ហើយបាននៅបន្ដអន្ទោលតាមប្រាណរហូតដល់ថ្ងៃសៅរ៍ ។ បន្ទាប់មក ខ្ញុំបានចងចាំថា នៅពេលខ្ញុំបានជ្រមុជទឹក ខ្ញុំបានយល់ព្រមដើម្បីរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ។ ខ្ញុំបានលើកដាក់មកលើខ្លួនខ្ញុំនូវកាតព្វកិច្ចនេះ មិនមែនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនានោះទេ ប៉ុន្ដែជាមួយនឹងព្រះវរបិតាសួគ៌របស់ខ្ញុំ ។ នៅពេលនោះ ការឈឺចាប់បានចាប់ផ្ដើមវិនាសបាត់ទៅ ដោយបន្សល់ទុកនូវអារម្មណ៍ដ៏រីករាយនៃភាពស្ងប់ស្ងាត់ និងការប្ដេជ្ញាចិត្ត ។…
« ‹ នាយប់នោះ នៅពេលខ្ញុំបានអធិស្ឋាន ខ្ញុំបានទូលសុំព្រះអម្ចាស់ឲ្យអភ័យទោសឲ្យខ្ញុំចំពោះការសម្រេចចិត្តរបស់ខ្ញុំ ។ នៅថ្ងៃអាទិត្យ មុនពេលចាប់ផ្ដើមការប្រជុំសាក្រាម៉ង់ ខ្ញុំបានទាក់ទង់ជាមួយនឹងប៊ីស្សព ហើយដោយមានសេចក្ដីអំណរដ៏ខ្លាំង ខ្ញុំបានបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយតមអាហាររបស់ខ្ញុំ ។ នោះគឺជាថ្ងៃដ៏ពិសេសមួយ ។ ខ្ញុំមានអារម្មណ៍រីករាយ និងសុខសាន្ដនៅក្នុងខ្លួនខ្ញុំ និងជាមួយនឹងព្រះវរបិតាសួគ៌ ។
« ‹ នៅថ្ងៃស្អែក ពេលខ្ញុំមកដល់ការិយាល័យរបស់ខ្ញុំ ខ្ញុំបានព្យាយាមរកវិធីសាស្រ្តដើម្បីខ្ញុំអាចប្រឡងបាន ដែលវានឹងចាប់ផ្ដើមនៅថ្ងៃពុធ ។ កាលណាខ្ញុំគិតកាន់តែច្រើន នោះខ្ញុំកាន់តែមានដំណោះស្រាយកាន់តែច្រើនដែរ ។…
« ‹ ជិតដល់ម៉ោងចេញពីធ្វើការទៅហើយ ស្រាប់តែថៅកែរបស់ខ្ញុំបានដើរសំដៅមកកាន់ខ្ញុំ ហើយបានប្រគល់ការបញ្ជាទិញចុងក្រោយឲ្យខ្ញុំធ្វើនៅថ្ងៃនោះ ។ នៅពេលលោកបានធ្វើរួចហើយ ដោយមានកាតាបនៅក្នុងដៃ លោកក៏បានលាចេញទៅ ។… ភ្លាមនោះ លោកបានឈប់ ហើយមើលមកខ្ញុំ ដោយសួរថា « តើសាលារបស់ប្អូនយ៉ាងដូចម្ដេចទៅហើយ » ? ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ហើយខ្ញុំសឹងតែមិនជឿនូវអ្វីដែលខ្ញុំបានឮ ។ អ្វីដែលខ្ញុំអាចឆ្លើយបានដោយសំឡេងញ័រនោះគឺ « អ្វីៗដំណើរការល្អទេ ! » លោកបានមើលមកខ្ញុំដោយម៉ឺងម៉ាត់ ហើយក៏លាចេញទៅម្ដងទៀត ។…
« ‹ ភ្លាមនោះ លេខាធិការបានចូលមកក្នុងបន្ទប់ ដោយនិយាយថា ខ្ញុំគឺជាមនុស្សម្នាក់ដែលមានសំណាងខ្លាំងណាស់ ! នៅពេលខ្ញុំបានសួរគាត់ថា ហេតុអ្វី? នាងបានឆ្លើយដោយថា ៖ « លោកនាយកបានមានប្រសាសន៍ថា ចាប់ពីថ្ងៃនេះទៅ ក្រុមហ៊ុននឹងបង់លុយសម្រាប់ការសិក្សា និងសៀវភៅរបស់ឯងពេញតែម្តង ។ មុនពេលអ្នកចេញពីធ្វើការ សូមទៅតុរបស់ខ្ញុំ ហើយសូមប្រាប់ខ្ញុំពីតម្លៃសាលា ដូច្នេះថ្ងៃស្អែកខ្ញុំអាចចេញជាមូលទានប័ត្រឲ្យអ្នក » ។
« ‹ ក្រោយពីគាត់បានចាកចេញទៅ ខ្ញុំបានលុតជង្គង់ចុះនៅនឹងកន្លែងដែលខ្ញុំធ្វើការ ហើយថ្លែងអំណរគុណដល់ព្រះអម្ចាស់ចំពោះសេចក្ដីសប្បុរសរបស់ទ្រង់ ដោយទាំងទឹកភ្នែក និងមានអារម្មណ៍រាបទាបបំផុត ។ ខ្ញុំ … បាននិយាយទៅកាន់ព្រះវរបិតាសួគ៌ថា ទ្រង់មិនចាំបាច់ប្រទានពរដល់ខ្ញុំច្រើនពេកនោះទេ ។ ខ្ញុំគ្រាន់តែត្រូវការការប្រាក់ខែបង់រំលោះមួយខែប៉ុណ្ណោះ ហើយដង្វាយមួយភាគក្នុងដប់ដែលខ្ញុំបានបង់នៅថ្ងៃអាទិត្យនោះគឺតិចតួចណាស់បើប្រៀបទៅនឹងចំនួនប្រាក់ដែលខ្ញុំបានទទួលនេះ ! អំឡុងពេលនៃការអធិស្ឋាននោះ ពាក្យសម្ដីដែលបានកត់ត្រានៅក្នុងគម្ពីរម៉ាឡាគីបានអណ្ដែតចូលមកក្នុងគំនិតរបស់ខ្ញុំ ៖ « ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » (ម៉ាឡាគី 3:10) ។ មកដល់ពេលនោះ ខ្ញុំមិនដែលធ្លាប់មានអារម្មណ៍ថា ទំហំនៃការសន្យាដែលមាននៅក្នុងព្រះគម្ពីរនោះ ហើយថា ព្រះបញ្ញតិ្តនេះគឺពិតជាសាក្សីមួយនៃសេចក្ដីស្រឡាញ់ដែលព្រះ ជាព្រះវរបិតាសួគ៌របស់យើង នឹងប្រទានដល់កូនចៅរបស់ទ្រង់នៅលើផែនដីនេះ › » ( « We Walk by Faith » Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 73–74 ) ។
អេធើរ 12:6 ។ « ពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន »
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀន ៖
« ការធ្វើជាមនុស្ស យើងត្រូវបណ្ដេញការឈឺចាប់ និងទុក្ខព្រួយខាងរាងកាយ និងខាងសតិអារម្មណ៍ក្នុងជីវិតរបស់យើងចេញ ហើយធានាខ្លួនយើងអំពីសេចក្តីសុខសាន្ដដ៏និរន្ដរ៍ និងការលួងលោម ប៉ុន្ដែប្រសិនបើយើងនៅក្បែរនឹងទ្វារនៃទុក្ខសោក និងការក្រៀមក្រំ នោះយើងអាចផ្ដាច់ខ្លួនយើងចេញពីមិត្តភក្ដិ និងឧបការីដ៏អស្ចារ្យរបស់យើងបាន ។ ការឈឺចាប់អាចធ្វើឲ្យមនុស្សមានភាពបរិសុទ្ធ នៅពេលពួកគេរៀនអំពីការអត់ធ្មត់ ការតស៊ូ និងការគ្រប់គ្រងលើខ្លួនឯង » (Teachings of Presidents of the Church: Spencer W. Kimball [2006] 15 ) ។