មេរៀនទី 145
អេធើរ 3
សេចក្តីផ្ដើម
ដោយឆ្លើយតបទៅនឹងសំណួររបស់ព្រះអម្ចាស់—« តើអ្នកចង់ឲ្យយើងធ្វើអ្វីដើម្បីឲ្យអ្នកមានពន្លឺ នៅក្នុងភេត្រាទាំងឡាយរបស់អ្នក ? »— បងប្រុសរបស់យ៉ារេឌបានរៀបចំគ្រួសចំនួនដប់ប្រាំមួយគ្រាប់ ហើយបានសុំព្រះអម្ចាស់ដោយបន្ទាបខ្លួនថាទ្រង់នឹងពាល់គ្រួសទាំងនេះ « ដើម្បីរៀបចំឲ្យវាអាចបានភ្លឺចែងតាំងក្នុងទីងងឹត » ( អេធើរ 2:23; 3:4 ) ។ ដោយសារបងប្រុសរបស់យ៉ារេឌបានមានសេចក្ដីជំនឿដ៏ខ្លាំងក្លា នោះលោកបានឃើញនូវព្រះអង្គុលីរបស់ព្រះអង្គសង្គ្រោះពាល់នូវគ្រួសទាំងនោះ ។ នោះព្រះអម្ចាស់បានបង្ហាញអង្គទ្រង់ដល់បងប្រុសរបស់យ៉ារេឌ និងបានលាតត្រដាងនូវរឿងជាច្រើនដល់លោក ។ ព្រះអម្ចាស់បានបញ្ជាបងប្រុសរបស់យ៉ារេឌឲ្យសរសេរអ្វីដែលលោកបានឃើញ និងបានឮ និងត្រូវបិទត្រានូវការសរសេរទាំងនេះរហូតដល់ព្រះអម្ចាស់នឹងមានព្រះទ័យចង់ឲ្យវាលេចចេញមក ។
យោបល់សម្រាប់ការបង្រៀន
អេធើរ 3:1–20
ព្រះម្ចាស់បានពាល់គ្រួសទាំងនោះ ដើម្បីប្រទាននូវពន្លឺដល់ភេត្រារបស់ពួកសាសន៍យ៉ារេឌ និងបង្ហាញអង្គទ្រង់ដល់បងប្រុសរបស់យ៉ារេឌ
សូមឲ្យសិស្សម្នាក់ធ្វើជាអ្នកកត់ត្រា ។ បន្ទាប់មក សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ហើយសូមឲ្យអ្នកកត់ត្រាសរសេរនូវចម្លើយរបស់សិស្សនៅលើក្ដារខៀន ។
-
តើមានរឿងអ្វីខ្លះ ដែលយុវវ័យបានអធិស្ឋានសុំដោយស្មោះពីចិត្តនោះ ?
សូមឲ្យសិស្សស្រមៃថា មិត្តរបស់ពួកគេម្នាក់កំពុងអធិស្ឋានសុំរឿងមួយដែលបានសរសេរនៅលើក្ដារខៀន ៖ មិត្តម្នាក់នេះចង់ដឹងពីរបៀបដើម្បីអភិវឌ្ឍការអធិស្ឋាន និងសកម្មភាពទាំងឡាយរបស់គេ ដើម្បីអាចទទួលបានជំនួយ និងការដឹកនាំពីព្រះអម្ចាស់ ។ សូមឲ្យសិស្សគិតអំពីសំណើរនេះ នៅពេលពួកគេសិក្សាពីគំរូរបស់បងប្រុសរបស់យ៉ារេឌនៅក្នុង អេធើរ 3 ដោយរកមើលការយល់ដឹងដែលពួកគេអាចចែកចាយជាមួយនឹងមិត្តរបស់គេ ។
សូមរំឭកសិស្សថា នៅក្នុងមេរៀនពីមុន ពួកគេបានពិភាក្សាគ្នាអំពីដំណើររឿងរបស់បងប្រុសរបស់យ៉ារេឌ ដែលបានសួរព្រះអម្ចាស់អំពីរបៀបដើម្បីទទួលបានពន្លឺនៅក្នុងភេត្រារបស់ពួកសាសន៍យ៉ារេឌទាំងឡាយ ។
-
តើបងប្រុសរបស់យ៉ារេឌបានធ្វើអ្វីខ្លះដើម្បីជួយផ្ដល់នូវពន្លឺក្នុងភេត្រាទាំងឡាយនោះ ? ( សូមមើល អេធើរ 3:1 ) ។
-
តើបងប្រុសរបស់យ៉ារេឌបានសុំអ្វីខ្លះដើម្បីឲ្យព្រះអម្ចាស់ជួយផ្ដល់នូវពន្លឺក្នុងភេត្រាទាំងឡាយនោះ ? ( សូមមើល អេធើរ 3:1, 4 ) ។
-
តើអ្វីដែលធ្វើឲ្យអ្នករំភើបចិត្តអំពីការខិតខំប្រឹងរបស់បងប្រុសយ៉ារេឌ ?
សូមបង្ហាញថា បងប្រុសរបស់យ៉ារេឌបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរៀបចំនូវគ្រួសទាំងនោះ ។ បន្ទាប់មក សូមឲ្យសិស្សគិតពិចារណាថាតើគ្រួសទាំងនោះនឹងមាអាចផ្តល់ពន្លឺបានបុណ្ណា ប្រសិនបើព្រះអម្ចាស់មិនបានពាល់វាទេនោះ ។ សូមឲ្យសិស្សអាន អេធើរ 3:2–5 ដោយស្ងាត់ស្ងៀមដោយរកមើលឃ្លាដែលបង្ហាញថា បងប្រុសរបស់យ៉ារេឌបានយល់ដឹងនូវការពឹងពាក់របស់លោកទៅលើព្រះអម្ចាស់ទាំងស្រុង ។
ក្រោយពីសិស្សបានមានពេលអានហើយ សូមឲ្យពួកគេធ្វើការជាគូៗ ។ សូមឲ្យពួកគេរៀបរាប់ពីចម្លើយរបស់ពួកគេដល់គ្នាទៅវិញទៅមក ។ សូមប្រាប់ពួកគេផងដែរថា ពួកគេគួរចែកចាយនូវអ្វីដែលធ្វើឲ្យពួកគេរំភើបអំពីការអធិស្ឋានរបស់បងប្រុសយ៉ារេឌ ។
នៅពេលសិស្សអាន អេធើរ 3:2 នោះពួកគេអាចមានសំណួរខ្លះអំពីឃ្លា « យើងខ្ញុំនេះមិនសក្ដិសមនៅចំពោះព្រះអង្គទេ » និង « ធម្មជាតិនៃយើងខ្ញុំបានក្លាយទៅជាអាក្រក់ជានិច្ច » ។ សូមជួយសិស្សឲ្យឃើញថា នៅពេលបងប្រុសរបស់យ៉ារេឌបានប្រើពាក្យទាំងនេះ នោះលោកបានសំដៅទៅលើស្ថានភាពដែលយើងបានទទួល « ដោយសារតែការធ្លាក់ » ។ យើងត្រូវបានបែងចែកចេញពីព្រះទាំងខាងរាងកាយ និងខាងវិញ្ញាណ ហើយយើងនឹងបំបែកខ្លួនយើងពីទ្រង់កាន់តែខ្លាំងទៀត នៅពេលយើងមានអំពើបាប ។ បើប្រៀបធៀបទៅនឹងទ្រង់ យើងគឺទន់ខ្សោយ និងមិនសកិ្ដសម ។ ដោយគ្មានជំនួយពីទ្រង់ទេនោះ យើងមិនអាចត្រឡប់ទៅរស់នៅនៅក្នុងវត្តមានរបស់ទ្រង់វិញបានឡើយ ។
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃខគម្ពីរដែលពួកគេបានអាននេះកាន់តែជ្រៅជ្រះ សូមសួរនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាសំខាន់សម្រាប់យើងដើម្បីទទួលស្គាល់ពីការពឹងពាក់របស់យើងទាំងស្រុងទៅលើព្រះអម្ចាស់ នៅពេលយើងសុំជំនួយពីទ្រង់ ?
-
នៅក្នុង អេធើរ 3:1–5 តើមានភស្ដុងតាងអ្វីខ្លះដែលអ្នកឃើញថា បងប្រុសរបស់យ៉ារេឌបានមានសេចក្ដីជំនឿថា ព្រះអម្ចាស់អាចជួយលោកដោះស្រាយបញ្ហារបស់លោកបាន ? ( ប្រសិនបើចាំបាច់ សូមបំផុសសិស្សឲ្យរកមើលឃ្លាដែលរៀបរាប់ពីការខិតខំរបស់បងប្រុសយ៉ារេឌ និងឃ្លាដែលបង្ហាញពីទំនុកចិត្តរបស់លោកទៅលើព្រះអម្ចាស់ ) ។
ដើម្បីសង្កត់អត្ថន័យអំពីអំណាចនៃសេចក្ដីជំនឿរបស់បងប្រុសយ៉ារេឌ សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពិតណាស់ថា ព្រះអង្គក៏ដូចជាអ្នកអាន មានអារម្មណ៍ពីអ្វីមួយដែលហាក់ដូចជាការប៉ះទង្គិចដ៏ខ្លាំងមួយលើភាពស្មោះត្រង់កាលពីវ័យកុមារ និងមានអារម្មណ៍ពីការប្ដេជ្ញាទៅលើសេចក្ដីជំនឿរបស់មនុស្ស ។ ‹ ហេតុដូច្នេះហើយ ឱ ព្រះអម្ចាស់ ទ្រង់អាចធ្វើការណ៍នេះបាន › ។ ប្រហែលជាគ្មានអំណាចណាដ៏មានអានុភាពជាងអក្សរមួយបន្ទាត់នៃសេចក្ដីជំនឿដែលបាននិយាយដោយមនុស្សនៅក្នុងព្រះគម្ពីរនោះទេ ។ … ថ្វីបើព្យាការីស្ទាក់ស្ទើរអំពីសមត្ថភាពរបស់លោកផ្ទាល់ លោក គ្មាន ការមិនជឿជាក់អំពីព្រះចេស្ដារបស់ព្រះនោះឡើយ » ( « Rending the Veil of Unbelief » in Nurturing Faith through the Book of Mormon ៖ The 24th Annual Sidney B. Sperry Symposium [ ឆ្នាំ 1995 ] ទំព័រ 12 ) ។
សូមបង្ហាញរូបភាព បងប្រុសយ៉ារេឌមើលឃើញនូវព្រះអង្គុលីរបស់ព្រះអម្ចាស់ ( លេខកូដ 62478; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ] ទំព័រ 85 ) ។ សូមឲ្យសិស្សម្នាក់អាន អេធើរ 3:6 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ហើយស្រមៃថានឹងមានអ្វីកើតឡើងពីបទពិសោធន៍ដែលបានកត់ត្រានៅក្នុងខគម្ពីរនេះរបស់បងប្រុសយ៉ារេឌ ។
-
តើអ្នកគិត ឬមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកបានមានបទពិសោធន៍មួយដែលស្រដៀងទៅនឹងបទពិសោធន៍របស់បងប្រុសរបស់យ៉ារេឌដូច្នេះ ?
សូមសង្ខេប អេធើរ 3:6–8 ដោយការពន្យល់ថា នៅពេលបងប្រុសរបស់យ៉ារេឌបានឃើញនូវព្រះអង្គុលីរបស់ព្រះអម្ចាស់ នោះលោកបាន « ដួលចុះនៅចំពោះព្រះអម្ចាស់ » (អេធើរ 3:6 ) ។ លោកត្រូវស្រឡាំងកាំងដែលបានឃើញព្រះអង្គុលីរបស់ព្រះអម្ចាស់ « គឺដូចជាម្រាមដៃរបស់មនុស្ស ដូចសាច់ និងឈាម » ( អេធើរ 3:6 ) ។ ( ក្រោយមក បងប្រុសរបស់យ៉ារេឌបានដឹងថា លោកបានឃើញនូវចំណែកមួយនៃព្រះកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់ [ សូមមើល អេធើរ 3:16] ) ។
សូមឲ្យសិស្សអាន អេធើរ 3:9 ដោយស្ងាត់ស្ងៀម ដោយរកមើលមូលហេតុដែលបងប្រុសរបស់យ៉ារេឌអាចមើលឃើញនូវព្រះអង្គុលីរបស់ព្រះអម្ចាស់ ។
ក្រោយពីសិស្សឆ្លើយហើយ សូមសរសេរឃ្លាដែលមិនពេញលេញខាងក្រោមនៅលើក្តារខៀន៖
នៅពេលយើងបន្ទាបខ្លួនយើងដង្ហោយហៅរកព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់យើងស្របតាម … របស់យើង និងព្រះឆន្ទៈរបស់ទ្រង់ ។
សូមឲ្យសិស្សផ្ដល់យោបល់នូវពាក្យដែលអាចត្រូវបំពេញនៅក្នុងប្រយោគនេះ ។ សិស្សអាចនិយាយនូវពាក្យ សេចក្តីជំនឿ ដើម្បីបំពេញក្នុងប្រយោគនេះ ។ ពួកគេក៏អាចលើកឡើងនូវពាក្យដូចជា ការខិតខំប្រឹងប្រែង ការបន្ទាបខ្លួន តម្រូវការ និង ភាពស្មោះត្រង់ ។ សូមជួយពួកគេឲ្យឃើញថា ពាក្យទាំងនេះតំណាងឲ្យការបង្ហាញនូវសេចក្ដីជំនឿរបស់យើង ។ បន្ទាប់មក សូមបំពេញប្រយោគនេះនៅលើក្ដារខៀន ៖ នៅពេលយើងបន្ទាបខ្លួនយើងដង្ហោយហៅរកព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរដល់យើងស្របតាមសេចក្ដីជំនឿរបស់យើង និងព្រះឆន្ទៈរបស់ទ្រង់ ។
សូមសំដៅទៅលើការសរសេរនៅលើក្ដារខៀនតាំងពីការចាប់ផ្ដើមនៃមេរៀននេះ ។ សូមជ្រើសរើសពាក្យមួយ ឬពីរពីលើកា្ដរខៀន ។ សូមឲ្យសិស្សចែកចាយនូវគំនិតរបស់ពួកគេអំពីរបៀបដែលនរណាម្នាក់អាចបង្ហាញសេចក្ដីជំនឿរបស់គេទៅលើព្រះអម្ចាស់នៅក្នុងស្ថានភាពជាក់លាក់មួយចំនួនទាំងនោះ ។ ក្រោយពីសិស្សបានចែកចាយហើយ សូមសំដៅទៅគោលការណ៍ដែលអ្នកទើបតែបានសរសេរនៅលើក្ដារខៀន ។
-
តើមានបទពិសោធន៍អ្វីខ្លះដែលអ្នកបានមាន ដែលបានជួយអ្នកឲ្យដឹងថា គោលការណ៍នេះគឺពិត ?
ដើម្បីជួយសិស្សឲ្យអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់ពួកគេ សូមឲ្យពួកគេគិតអំពីស្ថានភាពមួយដែលពួកគេត្រូវការជំនួយពីព្រះអម្ចាស់ ។ សូមឲ្យពួកគេមានពេលសរសេរនៅក្នុងសៀវភៅកំណត់ត្រា ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីរបៀបមួយដែលពួកគេអាចអនុវត្តសេចក្ដីជំនឿឲ្យបានកាន់តែខ្លាំងជាងនេះ នៅពេលពួកគេបន្ទាបខ្លួនដើម្បីស្វែងរកជំនួយរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យមើលអ្វីដែលពួកគេបានកត់ត្រា ។ អ្នកអាចចែករំលែកនូវ បទពិសោធន៍ មួយដែលអ្នកបានទទួលបាន នៅពេលអ្នកបានទទួលនូវពរជ័យ ដោយសារអ្នកបានអនុវត្តសេចក្ដីជំនឿក្នុងព្រះអម្ចាស់ ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ពន្យល់ថាបទពិសោធន៍ពីអតីតកាលរបស់យើងអាចពង្រឹងដល់នូវសេចក្តីជំនឿរបស់យើង ។
« សេចក្តីជំនឿដែលបានរៀបចំទុកត្រូវកើតជារូបរាងដោយសារបទពិសោធន៍កាលពីអតីតកាល —ដោយការទទួលស្គាល់ ដែលផ្ដល់នូវមូលដ្ឋានមួយដល់ជំនឿ » ( Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ], ទំព័រ 18) ។
-
ការចាប់ផ្ដើមនូវឯប៉មបាបិល តើមានបទពិសោធន៍អ្វីខ្លះដែលបងប្រុសរបស់យ៉ារេឌបានទទួលបាន ដែលហាក់ដូចជាពង្រឹងដល់សេចក្ដីជំនឿរបស់លោកទៅលើព្រះអម្ចាស់ ? តើអ្នកគិតថា បទពិសោធន៍ទាំងនេះបានរៀបចំលោកឲ្យអនុវត្តសេចក្ដីជំនឿដ៏អស្ចារ្យបែបនោះយ៉ាងណាដែរ នៅពេលលោកបានយកគ្រួសទាំងឡាយទៅដល់ព្រះអម្ចាស់នោះ ?
សូមឲ្យសិស្សធ្វើការជាគូៗ និងពិភាក្សាពីសំណួរដូចខាងក្រោម ៖
-
តើមានបទពិសោធន៍អ្វីខ្លះដែលបានពង្រឹងដល់សេចក្តីជំនឿរបស់អ្នកទៅលើព្រះអម្ចាស់ ? តើបទពិសោធន៍ទាំងនោះអាចរៀបចំអ្នកឲ្យអនុវត្តនូវសេចក្ដីជំនឿដ៏អស្ចារ្យជាងនេះនៅពេលក្រោយនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អេធើរ 3:9–12 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ។ បន្ទាប់មក សួរសំណួរដូចខាងក្រោមនេះ ៖
-
តើនៅពេលណាដែលព្រះអម្ចាស់បានសួរថា « តើអ្នកជឿពាក្យដែលយើងនឹងប្រាប់ឬទេ » ? បងប្រុសរបស់យ៉ារេឌបានមានប្រសាសន៍ថា « ព្រះពរ ព្រះអម្ចាស់ » ( អេធើរ 3:11–12 ) ។ ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលបងប្រុសរបស់យ៉ារេឌត្រូវជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់ មុនពេលលោកនឹងស្ដាប់ឮនូវព្រះបន្ទូលទាំងនោះ ?
សូមពន្យល់ថា ក្រោយពីអែលឌើរ ហូឡិន បានបង្រៀនអំពីសេចក្តីជំនឿដោយផ្អែកលើបទពិសោធន៍កាលពីអតីតកាល លោកបានបង្រៀនអំពីសេចក្តីជំនឿដ៏ពេញលេញដែលយើងត្រូវអភិវឌ្ឍន៍ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ហូឡិន ៖
« សេចក្ដីជំនឿដ៏ប្រោសលោះជាញឹកញាប់ត្រូវតែត្រូវបានអនុវត្តដើម្បីនាំយកនូវបទពិសោធន៍ទាំងឡាយទៅរកពេលអនាគត — ការដែលមិនដឹងច្បាស់ ដែលផ្ដល់នូវឱកាសមួយសម្រាប់បង្កើតនូវអព្ភូតហេតុ ។ សេចក្តីជំនឿដ៏ជាក់លាក់ សេចក្តីជំនឿដែលអាចរំកិលភ្នំបាន សេចក្តីជំនឿដែលដូចជាសេចក្តីជំនឿរបស់បងប្រុសរបស់យ៉ារេឌ នាំមុខនូវ ការណ៍អព្ភូតហេតុ និងចំណេះដឹងនានា ។ … សេចក្តីជំនឿគឺជាការយល់ព្រមដោយឥតលក្ខខណ្ឌ —ហើយឈានមុខចំពោះ— លក្ខខណ្ឌអ្វីៗទាំងអស់ដែលព្រះអាចតម្រូវឲ្យមានទាំងនៅក្នុងអនាគតកាលខាងមុខ និងឯនាយ ។
« សេចក្ដីជំនឿរបស់បងប្រុសរបស់យ៉ារេឌគឺពេញលេញ » ( Christ and the New Covenant, 18–19 ) ។
សូមអញ្ជើញសិស្សឲ្យគិតពិចារណាថាតើ ពួកគេមានសេចក្ដីជំនឿគ្រប់គ្រាន់ទៅលើព្រះអម្ចាស់ហើយឬនៅ ដើម្បីជឿលើ និងធ្វើតាមអ្វីដែលទ្រង់នឹងបង្ហាញដល់ពួកគេ ឬក៏មុនពេលទ្រង់បង្ហាញវាដល់ពួកគេផង ។
សូមឲ្យសិស្សអាន អេធើរ 3:13–20 ដោយស្ងាត់ស្ងៀមដោយរកមើលពរជ័យដែលបងប្រុសរបស់យ៉ារេឌបានទទួល ដោយសារតែសេចក្ដជំនឿរបស់លោក ។ អ្នកអាចផ្ដល់ពេលវេលាដល់ពួកគេឲ្យសរសេរអំពីសេចក្ដីពិតដែលគេបានរៀន និងបទពិសោធន៍ដែលគេបានទទួល ។ នៅពេលសិស្សបានមានពេលសរសេរគ្រប់គ្រានហើយ សូមគិតពីការឲ្យពួកគេពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។
នៅក្នុងមេរៀនដដែលនេះពីមុន នៅពេលសិស្សអានអំពីបងប្រុសរបស់យ៉ារេឌដែលបានឃើញនូវព្រះអង្គុលីរបស់ព្រះអម្ចាស់ នោះអ្នកបានសួរថា តើពួកគេនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេបានមាននូវបទពិសោធន៍ស្រដៀងគ្នានេះ ។ ក្រោយពីពួកគេបានអានបន្ថែមអំពីបទពិសោធន៍របស់បងប្រុសរបស់យ៉ារេឌហើយ ឥឡូវនេះ អ្នកអាចគិតពីថាសួរសំណួរនេះម្ដងទៀត ។
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងអនុវត្តសេចក្ដីជំនឿដូចជាសេចក្ដីជំនឿរបស់បងប្រុសរបស់យ៉ារេឌ នោះយើងនឹងខិតកាន់តែជិតទៅរកព្រះអម្ចាស់ ។
អេធើរ 3:21–28
ព្រះអម្ចាស់បញ្ជាឲ្យបងប្រុសរបស់យ៉ារេឌកត់ត្រានូវការណ៍ទាំងឡាយដែលលោកបានឃើញ និងឲ្យបិទត្រានូវកំណត់ត្រារបស់លោក ។
សូមឲ្យសិស្សម្នាក់អាន អេធើរ 3:25–26 ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះអម្ចាស់បានបង្ហាញដល់បងប្រុសរបស់យ៉ារេឌនៅក្នុងការនិមិត្តនោះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរៀន ។
សូមសង្ខេប អេធើរ 3:21–24, 27–28 ដោយពន្យល់ថា ព្រះអម្ចាស់បានបញ្ជាឲ្យបងប្រុសរបស់យ៉ារេឌកត់ត្រានូវអ្វីៗទាំងឡាយដែលបានលោកបានឃើញ និងបានឮ និងបានបិទត្រានូវកំណត់ត្រារបស់លោកទុក ។ ព្រះអម្ចាស់ក៏បានពន្យល់ថា ទ្រង់នឹងរៀបចំផ្លូវមួយសម្រាប់កំណត់ត្រាទាំងឡាយរបស់បងប្រុសយ៉ារេឌ ដើម្បីឲ្យត្រូវបានបកប្រែនៅក្នុងពេលអនាគត— តាមរយៈត្បូងពីរដុំ ។ ត្បូងទាំងនេះគឺជាផ្នែកមួយនៃត្បូងដែលត្រូវបានហៅថា យូរីម និង ធូមីម ( សូមមើល គ. និង ស. 17:1; សូមមើលផងដែរ Bible Dictionary, “Urim and Thummim” ) ។
សូមបញ្ចប់ដោយការអញ្ជើញសិស្សឲ្យអនុវត្តនូវអ្វីដែលពួកគេបានរៀនពីថ្ងៃនេះ —ដើម្បីស្វែងរករបៀបនានាដើម្បីបង្ហាញពីសេចក្ដីជំនឿ និងទំនុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់ ។ សូមចែកចាយការធានារបស់អ្នកថា នៅពេលយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះព្រះនឹងប្រទានពរដល់យើង គឺដូចនៅពេលទ្រង់បានប្រទានពរដល់បងប្រុសរបស់យ៉ារេឌដែរ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
អេធើរ 3:7, 9 ។ ព្រះអម្ចាស់សួរបងប្រុសរបស់យ៉ារេឌនូវសំណួរខ្លះ
ព្រះអម្ចាស់បានសួរសំណួរខ្លះដល់បងប្រុសរបស់យ៉ារេឌ ៖ « ចូរក្រោកឡើង ហេតុអ្វីក៏អ្នកដួល ? » (អេធើរ 3:7) ។ « តើអ្នកបានឃើញអ្វីក្រៅពីនេះទេ ? » (អេធើរ 3:9) ។ ព្រះគម្ពីរបានរួមបញ្ចូលនូវគំរូជាច្រើននៃសំណួររបស់ព្រះអម្ចាស់ ទោះបីជាទ្រង់បានដឹងនូវចម្លើយរួចទៅហើយក្ដី ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនពីមូលហេតុដែលព្រះអម្ចាស់សួរនូវសំណួរបែបនោះ ៖
« វាគឺជាការសន្មត់បឋមមួយនៃការសិក្សាទៅលើទេវាវិទ្យារបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយថាព្រះ ‹ ទ្រង់ជ្រាបគ្រប់អស់ទាំងការណ៍ ហើយគ្មានការណ៍អ្វីដែលទ្រង់មិនជ្រាបនោះឡើយ › [នីហ្វៃទី 2 9:20] ។ ទាំងព្រះគម្ពីរពីបុរាណ និងនាសម័យទំនើប គឺពោរពេញទៅដោយការប្រកាសនៃចំណេះដឹងនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ជាញឹកញាប់ព្រះបានសួរសំណួរនៃជីវិតរមែងស្លាប់ ជាធម្មតាវាជារបៀបមួយដើម្បីសាកល្បងនូវសេចក្ដីជំនឿរបស់ពួកគេ ដើម្បីវាស់វែងភាពស្មោះត្រង់របស់ពួកគេ ឬដើម្បីជួយពង្រីកចំណេះដឹងរបស់ពួកគេ » (Christ and the New Covenant ៖ ( Christ and the New Covenant ៖The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 19–20 ) ។
អេធើរ 3:15 ។ « ហើយយើងមិនដែលបង្ហាញរូបយើងដល់មនុស្ស »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្ហាញពីការពន្យល់ដ៏សមរម្យមួយ អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវថា ទ្រង់មិនដែលបានបង្ហាញអង្គទ្រង់ដល់មនុស្សមុនពេលបង្ហាញអង្គទ្រង់ដល់បងប្រុស យ៉ារេឌ ឡើយ ៖
« ព្រះគ្រីស្ទបានមានបន្ទូលដល់បងប្រុសរបស់យ៉ារេឌថា ‹ ហើយយើងមិនដែលបង្ហាញរូបយើងដល់មនុស្ស ដែលយើងបានបង្កើតឡើងទេ ដ្បិតមិនដែលមានមនុស្សណាជឿដល់យើងដូចជាអ្នកជឿឡើយ › ។ តាមច្បាប់ ព្យាការីគឺត្រូវបាន អញ្ជើញ ចូលទៅក្នុងវត្តមានរបស់ព្រះអម្ចាស់ ហើយទ្រង់បានរង់ចាំឲ្យចូលទៅក្នុងវត្តមានរបស់ទ្រង់ និងដោយមានតែតាមរយៈការអនុញ្ញាតរបស់ទ្រង់ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ បងប្រុសរបស់យ៉ារេឌហាក់ដូចជាត្រូវបានជម្រុញខ្លួនលោកឲ្យឆ្លងកាត់វាំងនន មិនមែនដូចជាភ្ញៀវដែលមិនត្រូវបានស្វាគមន៍នោះទេ ប៉ុន្ដែប្រហែលជាភ្ញៀវម្នាក់ដែលមិនបានអញ្ជើញមក ។… ច្បាស់ណាស់ថា ព្រះអម្ចាស់ផ្ទាល់បានភ្ជាប់នូវសេចក្ដីជំនឿដ៏ពិសេស ជាមួយនឹងការនិមិត្តដ៏ពិសេសនេះ ។ ប្រសិនបើការនិមិត្តនេះមិនមែនជារឿងពិសេសនោះទេ វាប្រាកដជាសេចក្ដីជំនឿ ហើយរបៀបដែលការនិមិត្តនោះត្រូវបានទទួលគឺជារឿងដែលគ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ ។ របៀបតែមួយគត់ដែលសេចក្ដីជំនឿអស្ចារ្យហួសប្រមាណ ដែលសមត្ថភាពរបស់វា ដើម្បីនាំព្យាការី ដែលមិនបានអញ្ជើញរូបនេះទៅកាន់ទីកន្លែងដែលអ្នកដទៃមិនអាចទៅបាន លើកលែងតែមានបង្គាប់ពីព្រះប៉ុណ្ណោះ » (Christ and the New Covenant ៖ The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 23) ។
អេធើរ 3:16 ។ « រូបរាងនេះ … គឺជារូបរាងរបស់វិញ្ញាណរបស់យើង »
អែលឌើរ សែសីល អូ សាម៉ូលសុន ជុញ្ញ័រ នៃពួកចិតសិបបានសង្កត់ធ្ងន់ថា តាមរយៈដំណើររឿងរបស់បងប្រុសរបស់ យ៉ារេឌ យើងបានរៀនអំពីរូបរាងមុនជីវិតខាងសាច់ឈាមរបស់ព្រះអង្គសង្គ្រោះ និង ភាពជាព្រះរបស់ទ្រង់ ៖
« គ្មានកន្លែងមួយណានៅក្នុងព្រះគម្ពីរ បានបញ្ជាក់យ៉ាងច្បាស់ពីដំណើររឿងមួយអំពីលក្ខណៈនៃរូបកាយខាងវិញ្ញាណនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ពិតណាស់ពីលក្ខណៈទាំងឡាយនៃវិញ្ញាណរបស់យើងផ្ទាល់ជាងនេះឡើយ ។ បងប្រុសរបស់យ៉ារេឌមិនត្រឹមតែបានឃើញព្រះអង្គុលីរបស់ព្រះយេស៊ូវគ្រីស្ទមុនសេចក្ដីស្លាប់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានឃើញរូបកាយខាងវិញ្ញាណទាំងមូលរបស់ទ្រង់ទៀតផង ( សូមមើល អេធើរ 3:6, 13) ។ ដោយការយល់អំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទមុនជីវិតខាងសាច់ឈាមរួមគ្នាជាមួយនឹងអត្តសញ្ញាណខាងវិញ្ញាណផ្ទាល់របស់យើងមុនពេលយើងកើតមកលើផែនដីក្នុងលក្ខណៈជាសាច់ និងឈាម វាគឺជាពរជ័យ ក៏ដូចជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយ ។ ការយល់ដឹងទាំងនេះដែលបំបែកព្រំដែនប្រពៃណីទាំងឡាយ គឺជាលទ្ធផលផ្ទាល់នៃសេចក្ដីជំនឿដ៏ឥតមានព្រំដែនរបស់បងប្រុសរបស់យ៉ារេឌ » ( « The Brother of Jared » នៅក្នុង Heroes from the Book of Mormon [ ឆ្នាំ 1995 ], ទំព័រ 185 ) ។
អេធើរ 3:23–24 ។ « ត្បូងពីរដុំនេះ »
ត្បូងពីរដុំដែលព្រះអម្ចាស់បានប្រទានដល់បងប្រុសរបស់យ៉ារេឌ គឺជាផ្នែកមួយនៃអ្វីដែលត្រូវបានហៅថា យូរីម និង ធូមីម ។ ព្រះគម្ពីរសំដៅលើយូរីម និង ធូមីមលើសពីមួយនេះ ប៉ុន្ដែយើងត្រូវបានប្រាប់ថា យ៉ូសែប ស៊្មីធ បានប្រើត្បូងមួយដែលបងប្រុសរបស់យ៉ារេឌបានប្រើ ( សូមមើល អេធើរ 3:22–28; គ. និង ស. 10:1; 17:1) ។ នៅក្នុង យ៉ូសែប ស្ម៊ីធ--ប្រវត្តិ 1:35 នោះព្យាការី យ៉ូសែប បានផ្ដល់នូវការពិពណ៌នាមួយចំណែកអំពីត្បូងយូរីម និង ធូមីមនេះ ។ លោកបានប្រើវាដើម្បីបកប្រែព្រះគម្ពីរមរមន និងដើម្បីទទួលបានវិវរណៈផ្សេងទៀត ។