មេរៀនទី 141
មរមន 8:12–41
សេចក្តីផ្ដើម
ក្រោយពីបានសរសេរអំពីសេចក្តីបំផ្លិចបំផ្លាញនៃប្រជាជន និងការស្លាប់នៃឪពុករបស់លោកហើយ មរ៉ូណៃបានព្យាករណ៍អំពីការលេចចេញមកនៃព្រះគម្ពីរមរមន និងបានព្រមានពីលទ្ធផលនៃការបដិសេធគម្ពីរនេះ ។ លោកមរ៉ូណៃបានឃើញថា កំណត់ត្រាសាសន៍នីហ្វៃនឹងចេញមកនៅក្នុងថ្ងៃមួយក្នុងគ្រាអំពើទុច្ចរិតដ៏ខ្លាំងក្លា នៅពេលមនុស្សជាច្រើននឹងស្រឡាញ់ទ្រព្យសម្បត្តិលោកិយច្រើនជាងព្រះ ។ លោកបានថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមននឹងជារបស់ដ៏មានតម្លៃបំផុតមួយនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ខាងវិញ្ញាណ ដែលនឹងមាននៅថ្ងៃចុងក្រោយ ។
យោបល់សម្រាប់ការបង្រៀន
មរមន 8:12–32
លោកព្យាករណ៍អំពីការលេចចេញមកនៃព្រះគម្ពីរមរមន
មុនពេលបង្រៀន សូមរៀបចំបង្ហាញនូវរបស់ ឬរូបភាពដែលតំណាងឲ្យភាពជឿនលឿននៃបច្ចេកវិទ្យា ។ នៅពេលចាប់ផ្ដើមបង្រៀន សូមទាញចំណាប់អារម្មណ៍របស់សិស្សទៅមើលរូបភាពនោះ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
« ខ្ញុំចង់និយាយអំពីអំណោយទានដ៏មានសំខាន់បំផុតមួយដែលត្រូបានប្រទានដល់ពិភពលោកនេះនាសម័យទំនើប ។ អំណោយទានដែលខ្ញុំកំពុងគិត គឺសំខាន់ជាងអ្វីៗដែលឧស្សាហកម្ម និងបច្ចេកវិទ្យាបានបង្កើតឡើងទៅទៀត ។វាគឺជាអំណោយទានមួយដ៏មានតម្លៃបំផុត ចំពោះមនុស្សច្រើនជាងអ្វីដែលយើងឃើញនៅក្នុងការលូតលាស់នៃឱសថក្នុងសម័យទំនើប ។អំណោយទាននេះ មានតម្លៃសក្តិសមចំពោះមនុស្ស ជាងការអភិវឌ្ឍន៍នៃការហោះហើរ ឬការធ្វើដំណើរលើអាកាសទៅទៀត ។ខ្ញុំនិយាយអំពីអំណោយទាននៃ … » ( « The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ 1986, ទំព័រ 4 ) ។
-
តើអ្នកចង់បាននូវអំណោយទានដែលប្រធាន ប៊ែនសឹន បានមានប្រសាសន៍ដែរឬទេ ? ហេតុអ្វី ?
-
តើអ្នកគិតថា អំណោយទាននោះអាចជាអ្វី ?
សូមពន្យល់ថា លោកមរ៉ូណៃបានបង្រៀនអំពីអំណោយទាននេះ ។ សូមឲ្យសិស្សអាន មរមន 8:12 ដើម្បីរកមើលថាតើអំណោយទាននោះជាអ្វី ។ សូមជួយសិស្សឲ្យយល់ថាឃ្លា « បញ្ជីនេះ » សំដៅទៅលើព្រះគម្ពីរមរមន ។ សូមពន្យល់ថា ប្រធាន ប៊ែនសឹន បានមានប្រសាសន៍អំពីអំណោយទាននៃព្រះគម្ពីរមរមន ។
ដើម្បីជួយសិស្សឲ្យយល់ពីតម្លៃនៃព្រះគម្ពីរមរមន សូមឲ្យពួកគេអាន មរមន 8:13–16 ដោយស្ងាត់ៗ ។ មុនពេលពួកគេអាន សូមឲ្យពួកគេរកមើលអ្វីដែលលោកមរ៉ូណៃបានបង្រៀនអំពីតម្លៃនៃព្រះគម្ពីរមរមន ។ បន្ទាប់មក សូមសួរនូវសំណួរខាងក្រោមនេះខ្លះ ឬទាំងអស់ដើម្បីជួយពួកគេឲ្យពិភាក្សា ហើយវិភាគនូវអ្វីដែលពួកគេបានរកឃើញ ៖
-
មនុស្សខ្លះអាចគិតអំពីតម្លៃនៃរូបិយវត្ថុដ៏មានតម្លៃនៃផ្ទាំងមាសនេះ ។ យោងតាម មរមន 8:14 តើផ្នែកណាមួយនៃផ្ទាំងចំណារដែលពិតជា « មានតម្លៃ » នោះ ? ( សូមជួយសិស្សឲ្យឃើញថា ដោយសារព្រះអម្ចាស់នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ « ស្វែងរកកម្រៃ » ពីផ្ទាំងមាសទាំងនេះ នោះផ្ទាំងទាំងនេះ « ពុំមានតម្លៃអ្វីឡើយ » ។ ទោះជាយ៉ាងក្ដី បញ្ជីដែលត្រូវបានសរសេរនៅលើផ្ទាំងនេះ « មានតម្លៃ » ) ។
-
លោកមរ៉ូណៃបានមានប្រសាសន៍ថា ព្រះគម្ពីរមរមនមិនត្រឹមតែអាចនាំចេញមកដោយមនុស្សម្នាក់ដែល « មានភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អ [ របស់ព្រះ ] » ប៉ុណ្ណោះទេ ( មរមន 8:15 ) ។ តើអ្នកគិតថា វាមានន័យដូចម្ដេច ? ( នៅពេលសិស្សពិភាក្សាពីសំណួរនេះ អ្នកអាចសុំឲ្យពួកគេអាន យ៉ូសែប ស៊្មីធ—ប្រវត្តិ 1:46 ដែលរួមមាននូវការណែនាំចុងក្រោយរបស់លោកមរ៉ូណៃដល់យ៉ូសែប ស្ម៊ីធ មុនពេលលោកបាននាំព្រះគម្ពីរមរមនចេញមក ) ។
-
នៅក្នុង មរមន 8:16 តើការរៀបរាប់របស់លោកមរ៉ូណៃពីការលេចចេញមកនៃព្រះគម្ពីរមរមន ជួយពន្យល់ពីតម្លៃដ៏មហិមានៃព្រះគម្ពីរនេះដូចម្ដេចខ្លះ ?
ដូចដែលបានកត់ត្រានៅក្នុង មរមន 8:17–21 លោកមរ៉ូណៃបានព្រមានអ្នកដែលនឹងដាក់ទោស ឬប្រឆាំងនឹងព្រះគម្ពីរមរមននេះ ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះ ហើយរកមើលការព្រមានរបស់មរ៉ូណៃ ។
-
តើអ្វីទៅជាការព្រមានរបស់មរ៉ូណៃដល់អស់អ្នកណាដែលបដិសេធ ឬថ្កោលទោសដល់ព្រះគម្ពីរមរមន ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នករៀនពី មរមន 8:22 នេះ ? តើការលេចចេញមកនៃព្រះគម្ពីរមរមននៅក្នុងជំនាន់ចុងក្រោយនេះ ជួយបំពេញដល់គោលបំណងដ៏អស់កល្បរបស់ព្រះអម្ចាស់បានដោយរបៀបណា ?
សូមពន្យល់ថា មរមន 8:23–25 រួមមានប្រសាសន៍របស់មរ៉ូណៃអំពីការអធិស្ឋានរបស់ពួកបរិសុទ្ធដ៏ស្មោះត្រង់ ដែលបានរស់នៅពីមុនជំនាន់របស់លោក ។ លោកបានមានប្រសាសន៍ថា ពួកគេបានអំពាវនាវដល់ព្រះអម្ចាស់ « ចេញពីធូលីដីមក » ។ សូមឲ្យសិស្សអានវគ្គនេះដោយស្ងៀមស្ងាត់ ដោយរកមើលអ្វីដែលពួកបរិសុទ្ធនៅក្នុងដែនដីអាមេរិកពីបុរាណបានអធិស្ឋានសុំ ដែលទាក់ទងទៅនឹងព្រះគម្ពីរមរមន ។
-
តើពួកបរិសុទ្ធសម័យបុរាណបានអធិស្ឋានសុំអ្វីខ្លះ ? ( ពួកគេបានអធិស្ឋានសម្រាប់បងប្អូនរបស់គេ —មានន័យថា ពួកសាសន៍លេមិន និងកូនចៅរបស់គេ— និងដល់មនុស្សដែលនឹងនាំព្រះគម្ពីរមរមនចេញមក— មានន័យថា ព្យាការី យ៉ូសែប ស៊្មីធ )។
សូមពន្យល់ថា លោកមរ៉ូណៃបានរៀបរាប់ពីស្ថានភាពដែលនឹងកើតមាន នៅពេលព្រះគម្ពីរមរមននឹងលេចចេញមក ។ បន្ទាប់មក សូមឲ្យពួកគេស្រមៃថាខ្លួនគេស្ថិតនៅក្នុងសម័យរបស់មរ៉ូណៃ ដោយបានរស់នៅកាលពីជាង 1,600 ឆ្នាំកន្លងទៅ ហើយទទួលបានការនិមិត្តមួយពីជំនាន់របស់យើង ។
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅសរសេរ ឬ ក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេមួយកថាខណ្ឌ ដោយរៀបរាប់ពីស្ថានភាពខាងវិញ្ញាណនៃជំនាន់របស់យើង ។ នៅពេលសិស្សបានមានពេលសរសេរគ្រប់គ្រាន់ហើយ សូមឲ្យពួកគេបីបួននាក់ ចែកចាយ អ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មក សូមឲ្យសិស្សអាន មរមន 8:26– 32 ដោយស្ងាត់ៗ ហើយប្រៀបធៀបកថាខណ្ឌរបស់គេទៅនឹងការរៀបរាប់នៃការព្យាករណ៍របស់មរ៉ូណៃពីជំនាន់របស់យើង ។ សូមបំបែកសិស្សជាដៃគូ ។ សូមឲ្យដៃគូនីមួយៗចែកចាយភាពស្រដៀងគ្នាពីរបី និងភាពខុសគ្នារវាងការៀបរាប់របស់គេ និងរបស់មរ៉ូណៃ ។
-
តើអ្នកគិតថា ការរៀបរាប់របស់លោកមរ៉ូណៃអំពីជំនាន់របស់យើងត្រឹមត្រូវដែរឬទេ ?
សូមសរសេរសេចក្ដីសង្ខេបខាងក្រោមនៃការព្យាករណ៍របស់លោកមរ៉ូណៃនៅលើក្ដារខៀនថា ៖ ព្រះគម្ពីរមរមននឹងចេញមកដោយព្រះចេស្ដានៃព្រះ អំឡុងពេលថ្ងៃដ៏ទុច្ចរិតដ៏ធំមួយ ។ ប្រសិនបើអ្នកបានបង្ហាញរបស់ ឬរូបភាពណាមួយដែលតំណាងឲ្យការបង្កើតផ្នែកបច្ចេកវិទ្យា ឬវេជ្ជសាស្ដ្រ សូមពិចារណាពីការដាក់ព្រះគម្ពីរមរមនមួយក្បាលនៅក្បែររបស់នោះ ។ ដើម្បីជួយសិស្សឲ្យសញ្ជឹងគិត និងថ្លែងទីបន្ទាល់អំពីតម្លៃនៃព្រះគម្ពីរមរមននៅក្នុងជីវិតរបស់ពួកគេ សូមសួរសំណួរដូចខាងក្រោម ៖
-
តើព្រះគម្ពីរមរមនអាចជួយយើងឲ្យតទល់នឹងអំពើទុច្ចរិតនៅក្នុងជំនាន់របស់យើងដោយរបៀបណា ?
-
តើព្រះគម្ពីរមរមនមានតម្លៃជាងការបង្កើតថ្មីនៃបច្ចេកវិទ្យា ឬវេជ្ជសាស្ដ្រយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ហេតុអ្វីបានជាព្រះគម្ពីរមរមនគឺជា « អំណោយទានមួយដ៏មានសារៈសំខាន់បំផុតចំពោះពិភពលោកនៅក្នុងសម័យទំនើបនេះ » ដូចដែលប្រធាន ប៊ែនសឹន បានមានប្រសាសន៍ ?
-
ប្រសិនបើមានមិត្តភក្តិសួរអ្នកថា ហេតុអ្វីបានជាព្រះគម្ពីរមរមនមានតម្លៃចំពោះអ្នក តើអ្នកនឹងនិយាយដូចម្ដេច ?
មរមន 8:33–41
លោកមរ៉ូណៃមើលឃើញពីជំនាន់ចុងក្រោយ ហើយដាក់ទោសដល់អំពើទុច្ចរិតខាងវិញ្ញាណនៃជំនាន់របស់យើង
សូមឲ្យសិស្សម្នាក់អាន មរមន 8:35 ឮៗ ។ មុនពេលគេអាន សូមបង្ហាញថា នៅក្នុងខគម្ពីរនេះ លោកមរ៉ូណៃកំពុងមានប្រសាសន៍ដោយចំៗមកយើង ។
-
តើខគម្ពីរនេះអាចមានឥទ្ធិពលលើរបៀបដែលយើងអានព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
នៅពេលសិស្សបានពិភាក្សាពីសំណួរនេះ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលលោកបានមានប្រសាសន៍អំពីពួកព្យាការីក្នុងព្រះគម្ពីរមរមន ៖
« បើសិនជាពួកលោកបានមើលឃើញសម័យរបស់យើង ហើយបានជ្រើសរើសការណ៍ទាំងនោះដែលអាចមានតម្លៃអស្ចារ្យបំផុតដល់យើង តើនោះមិនមែនជារបៀបដែលយើងគួរតែសិក្សាព្រះគម្ពីរមរមនដែរឬទេឬអី ?យើងគួរតែសួរខ្លួនឯងជាញឹកញាប់ថា ‹ ហេតុអ្វីបានជាព្រះអម្ចាស់បំផុសគំនិតមរមន ( ឬមរ៉ូណៃ ឬ អាលម៉ា ) ឲ្យកត់ត្រាបញ្ចូលការណ៍នោះក្នុងបញ្ជីរបស់លោក ?តើមេរៀនអ្វីដែលខ្ញុំអាចរៀនចេញពីនោះ ដើម្បីជួយខ្ញុំរស់នៅក្នុងសម័យកាលនេះ និងក្នុងស្ថានភាពនេះបាន › » ?( « ព្រះគម្ពីរមរមន— ជាមូលដា្ឋនគ្រឹះនៃសាសនារបស់យើង » 6 ) ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការណែនាំនេះ នៅពេលពួកគេសិក្សាពីប្រសាសន៍របស់លោកមរ៉ូណៃ មរមន 8 ។
សូមឲ្យសិស្សគិតអំពីពេលវេលាដែលពួកគេបានឃើញនរណាម្នាក់មានសេចក្តីត្រូវការ— ផ្នែករាងកាយ អារម្មណ៍ សង្គម ឬផ្នែកវិញ្ញាណ ។ សូមឲ្យពួកគេពិចារណាពីអ្វីដែលពួកគេបានធ្វើដើម្បីជួយដល់បុគ្គលនោះ —ឬប្រសិនបើពួកគេមិនផ្ដល់ជំនួយទេ តើពួកគេអាចធ្វើអ្វីបាន ។ សូមជួយពួកគេឲ្យសញ្ជឹងគិតពីមូលហេតុដែលពួកគេបានជ្រើសរើសជួយ ឬមិនជួយផងដែរ ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី មរមន 8:33–41 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលមូលហេតុដែលមនុស្សខ្លះនៅក្នុងជំនាន់ចុងក្រោយមិនជួយដល់អ្នកដែលមានសេចក្តីត្រូវការ ។
-
តើហេតុអ្វីបានជាមនុស្សខ្លះនៅក្នុងថ្ងៃចុងក្រោយមិនជួយអ្នកដែលត្រូវការជំនួយ ? ( ចម្លើយអាចរួមមានភាពឆ្មើងឆ្មៃ អំពើទុច្ចរិត ការស្រឡាញ់លុយ និងសម្លៀកបំពាក់ល្អៗជាងពួកគេស្រឡាញ់អ្នកដែលត្រូវការជំនួយ ហើយប្រាថ្នាចង់បានការកោតសរសើរពីលោកិយ ) ។
-
នៅក្នុង មរមន 8:38 លោកមរមនប្រើពាក្យកខ្វក់ ។ តើឥទ្ធិពលអ្វីខ្លះនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះដែលអាចត្រូវបានចាត់ទុកថាជាការកខ្វក់ ? ( ចម្លើយអាចរួមមាន ភាពឆ្មើងឆ្មៃ រូបអាសគ្រាម និងការស្រឡាញ់លុយ ) ។
សូមឲ្យសិស្សសរសេរប្រយោគមួយដែលសង្ខេបពីអ្វីដែលពួកគេបានរៀនពី មរមន 8:36–41 អំពីការទទួលខុសត្រូវដើម្បីយកចិត្តទុកដាក់ដល់ជនក្រីក្រ និងអ្នកដែលទីទាល់ ។ សូមឲ្យសិស្សពីរ ឬបីនាក់អានប្រយោគរបស់គេដល់សិស្សក្នុងថ្នាក់ ។ ទោះបីជាសិស្សអាចប្រើពាក្យខុសគ្នាក្ដី ក៏ពួកគេគួររកឃើញនូវសេចក្ដីពិតខាងក្រោមនេះ ៖ ព្រះនឹងប្រទានឲ្យយើងនូវការទទួលខុសត្រូវចំពោះរបៀបដែលយើងប្រព្រឹត្តចំពោះជនក្រីក្រ និងអ្នកដែលទីទាល់ ។
-
តើអ្នកគិតថា អ្វីខ្លះជាតម្រូវការទូទៅបំផុតនៅក្នុងសាលា ឬសហគមន៍របស់អ្នក ? តើយុវវ័យនៃសាសនាចក្រអាចធ្វើអ្វីខ្លះដើម្បីជួយមើលថែមនុស្សដែលមានតម្រូវការទាំងនេះ ? ( សូមជួយសិស្សឲ្យយល់ថា ពួកគេមិនត្រូវបានរំពឹងថាឲ្យផ្ដល់ប្រាក់ និងពេលវេលាចំពោះបុព្វហេតុដ៏មានតម្លៃគ្រប់យ៉ាង ឬចំពោះបុគ្គលគ្រប់រូបដែលសុំជំនួយនោះទេ ។ នៅក្នុងគ្រួសាររបស់ពួកគេ និងនៅក្នុងសាសនាចក្រ យុវវ័យទទួលបានឱកាសជាច្រើនដើម្បីជួយដល់អ្នកដែលទីទាល់ ។ លើសពីនេះទៅទៀត ពួកគេអាចធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណដើម្បីជួយដោយខ្លួនឯង ) ។
-
តើអ្នកគិតថា យុវវ័យនៅក្នុងសាសនាចក្រអាចធ្វើអ្វីខ្លះដើម្បីមើលថែជនក្រីក្រ ? ( ប្រសិនបើសិស្សមិនលើកឡើងពីដង្វាយតមអាហារទេ អ្នកអាចបញ្ជាក់ពីការបង់ដង្វាយតមអាហារដោយការអានវគ្គនៅក្រោម « សប្តាហ៍តមអាហារ » នៅក្នុង ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងដំណឹងល្អមួយ [ ឆ្នាំ 2004 ] ទំព័រ 16–17 ) ។
បន្ទាប់ពីការពិភាក្សានេះ សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅសរសេរ ឬក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរអំពីរឿងមួយ ឬពីរដែលពួកគេអាចធ្វើបានក្នុងការមើលថែជនក្រីក្រ និងអ្នកដែលទីទាល់ ។ ពួកគេអាចសរសេរនូវយោបល់ ដែលពួកគេបានឮអំឡុងពេលរៀន ឬពីគំនិតរបស់គេផ្ទាល់ ។ សូមឲ្យពួកគេសរសេរគោលដៅមួយដើម្បីធ្វើរឿងមួយក្នុងចំណោមរឿងទាំងនេះនៅសប្ដាហ៍ក្រោយ ។ សូមលើកទឹកចិត្តពួកគេឲ្យបំពេញតាមគោលដៅរបស់ខ្លួន ។