មេរៀនទី 140
មរមន 7–8:11
សេចក្តីផ្ដើម
ក្រោយពីចម្បាំងចុងក្រោយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន លោកមរមនបានសរសេរទៅកាន់កូនចៅនាពេលអនាគតនៃប្រជាជនក្នុងព្រះគម្ពីរមរមនអំពីសារៈសំខាន់នៃការដឹងថា ពួកគេជានរណា ហើយអ្វីដែលពួកគេត្រូវធ្វើដើម្បីត្រូវបានសង្គ្រោះ ។ ដោយមានសេចក្ដីស្រឡាញ់ដ៏ធំដល់កូនចៅនាពេលអនាគតនៃសត្រូវរបស់លោក លោកមរមនបានបង្រៀនពីសារៈសំខាន់នៃការធ្វើតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យវាអាចនឹង « បានស្រួលដល់ នៅក្នុងជំនុំជម្រះ » ( មរមន 7:10 ) ។ បន្ទាប់ពីមរណភាពរបស់លោកមរមន លោកបានបន្សល់ទុកកូនប្រុសរបស់លោក គឺមរ៉ូណៃ ឲ្យនៅតែម្នាក់ឯងដើម្បីសរសេរអំពីការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក ។
យោបល់សម្រាប់ការបង្រៀន
មរមន 7
នៅក្នុងទីបន្ទាល់ចុងក្រោយរបស់លោកមរមន លោកដាស់តឿនដល់កូនចៅរបស់ពួកសាសន៍លេមិនឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមដំណឹងល្អរបស់ទ្រង់
សូមសរសេរលេខ 230,000 នៅលើក្ដារខៀន ។ សូមសួរសិស្សថាតើពួកគេចងចាំពីតួលេខនេះទាក់ទងទៅនឹងសេចក្តីបំផ្លិចបំផ្លាញនៃពួកសាសន៍នីហ្វៃដែរឬទេ ។ ( តួលេខនេះគឺជាតួលេខនៃកងទ័ពសាសន៍នីហ្វៃ ដែលបានស្លាប់នៅក្នុងចម្បាំងលើកចុងក្រោយ ដែលបានកត់ត្រានៅក្នុង មរមន 6 ។ អ្នកអាចបញ្ជាក់ថា តួលេខនៅក្នុង មរមន 6:10–15 បង្ហាញសំដៅតែលើអ្នកដែលបានធ្វើសង្គ្រាមប៉ុណ្ណោះ មិនមែនអ្នកដទៃផ្សេងទៀតដែលត្រូវបានសម្លាប់ជាលទ្ធផលនៃសង្គ្រាមឡើយ ) ។ សូមផ្ដល់ពេលឲ្យពួកគេគិតអំពីអ្វីដែលពួកគេអាចនិយាយ ប្រសិនបើពួកគេបានសរសេរសារលិខិតមួយដល់កូនចៅនៃប្រជាជនដែលបានសម្លាប់មនុស្សជាទីស្រឡាញ់របស់គេ និងបានដណ្ដើមជាតិរបស់គេ ។
សូមឲ្យសិស្សអានមរ៉ូណៃ 7:1–4ស្ងាត់ៗដោយរកមើលប្រសាសន៍ចុងក្រោយរបស់លោកមរមនខ្លះទៅដល់កូនចៅរបស់ពួកសាសន៍លេមិន ។
-
តើលោកមរមនបានចង់ឲ្យកូនចៅរបស់ពួកសាសន៍លេមិនដឹងអំពីអ្វី ?
-
តើលក្ខណៈនៃព្រះអង្គសង្គ្រោះអ្វីខ្លះដែលអ្នកឃើញមាននៅក្នុងប្រសាសន៍របស់លោកមរមនទៅកាន់សត្រូវរបស់លោក ?
សូមជួយសិស្សឲ្យយល់ថា លោកមរមនបានបង្រៀនកូនចៅរបស់សាសន៍លេមិនពីអ្វីដែលពួកគេត្រូវធ្វើដើម្បីបានសង្គ្រោះ ។ លោកបានមានចិត្តសប្បុរសដល់ប្រជាជនទាំងអស់ ទោះបីជាសត្រូវរបស់លោកក្ដី ។
សូមឲ្យសិស្សអាន មរមន 7:5, 8, 10 ស្ងាត់ៗដោយរកមើលអ្វីដែលលោកមរមនបានបង្រៀនអ្នកអានរបស់លោក ថាត្រូវតែធ្វើ ។ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេរកឃើញ ហើយសរសេរចម្លើយរបស់គេនៅលើក្ដារខៀន ។ អ្នកអាចលើកឡើងថា ការបង្រៀនរបស់លោកមរមនគឺដូចគ្នានឹងគោលការណ៍នៃដំណឹងល្អដែលអាចបានសង្គ្រោះដល់ពួកសាសន៍នីហ្វៃចេញពីសេចក្តីបំផ្លិចបំផ្លាញ ( សូមមើល មរមន 3:2 ) ។
សូមឲ្យសិស្សម្នាក់អាន មរមន 7:6–7 ឮៗ ។ សូមឲ្យសិស្សមើលតាម ដោយរកមើលអ្វីដែលព្រះអម្ចាស់ប្រទានដល់អ្នកទាំងឡាយណាដែលជឿលើទ្រង់ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ ។ ក្រោយពីសិស្សរៀបរាប់អ្វីដែលពួកគេបានរកឃើញហើយ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនូវសេចក្ដីពិតខាងក្រោមក្បែរ មរមន 7:6–7 ៖ ព្រះអម្ចាស់ប្រទានសេចក្តីសង្គ្រោះដល់មនុស្សទាំងអស់ ហើយទ្រង់នឹងប្រោសលោះអ្នកទាំងឡាយណាដែលទទួលយកគោលការណ៍ និងពិធីបរិសុទ្ធនៃដំណឹងល្អរបស់ទ្រង់ ។
សូមសរសេរនូវសំណួរដូចខាងក្រោមនៅលើក្តារខៀន ។សូមឲ្យសិស្សសរសេរចម្លើយរបស់គេដូចខាងក្រោមនៅក្នុងសៀវភៅសរសេរ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ។
សូមឲ្យសិស្សពីរបីនាក់ចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។
មរមន 8:1–11
ក្រោយពីមរមនស្លាប់ កូនប្រុសរបស់លោក មរ៉ូណៃ មានតែម្នាក់ឯងដើម្បីសរសេរអំពីសេចក្តីបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោក
សូមឲ្យសិស្សគិតពីពេលមួយ ដែលពួកគេនៅតែម្នាក់ឯងនៅក្នុងស្ថានភាពមួយដែលពិបាកដល់សេចក្ដីជំនឿរបស់គេ— ប្រហែលជាស្ថានភាពមួយដែលពួកគេងាយនឹងអាចធ្វើអ្វីមួយខុសដោយគ្មាននរណាម្នាក់ឃើញពួកគេ ។ សូមឲ្យពួកគេពិចារណាថាតើ ការប្ដេជ្ញាចិត្តរបស់គេដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់អំឡុងពេលនោះកើតឡើង នៅដដែល ឬចុះថយ ។
-
ហេតុអ្វីបានជាមនុស្សខ្លះអាចជ្រើសរើសមិននៅស្មោះត្រង់ នៅពេលពួកគេនៅតែម្នាក់ឯងនៅក្នុងស្ថានភាពមួយដែលពិបាកដល់សេចក្ដីជំនឿរបស់ពួកគេ ?
-
ហេតុអ្វីបានជាមនុស្សខ្លះអាចជ្រើសរើសនៅតែស្មោះត្រង់នៅក្នុងស្ថានភាពមួយដូចគ្នានេះ ?
សូមពន្យល់ថា លោកមរមនត្រូវបានសម្លាប់ក្រោយពីចម្បាំងចុងក្រោយរវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ហើយកូនប្រុសរបស់លោក មរ៉ូណៃ ត្រូវបានទុកឲ្យនៅតែម្នាក់ឯង ដោយគ្មានសមាជិកគ្រួសារ ឬនរណាម្នាក់នៃប្រជាជនរបស់លោកឡើយ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវប្រសាសន៍របស់មរ៉ូណៃនៅក្នុង មរមន 8:1–9 ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលការពិពណ៌នានៃស្ថានភាពរបស់មរ៉ូណៃ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា អ្នកអាចមានអារម្មណ៍ដូចម្ដេច ប្រសិនបើអ្នកស្ថិតនៅក្នុងសា្ថនភាពរបស់មរ៉ូណៃ ?
ដោយការប្រើកាលបរិច្ឆេទនៅខាងក្រោមទំព័រ ឬនៅក្នុងការសង្ខេបជំពូក សូមជួយសិស្សឲ្យឃើញថា ប្រហែល 16 ឆ្នាំបានកន្លងផុតទៅរវាងពាក្យសរសេរចុងក្រោយរបស់មរមន និងពេលដែលមរ៉ូណៃបានចាប់ផ្ដើមសរសេរនៅលើផ្ទាំងចំណារ ។ បន្ទាប់មក សូមឲ្យសិស្សមើលម្ដងទៀតនៅ មរមន 8:1–4 ដើម្បីឃើញពីអ្វីដែលមរ៉ូណៃប្ដេជ្ញាថានឹងធ្វើ ទោះបីជាលោកនៅតែម្នាក់ឯងជាយូរក្ដី ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ( ពួកគេគួរឃើញថា លោកបានប្ដេជ្ញាចិត្តគោរពតាមឪពុករបស់លោក ហើយសរសេរនៅលើផ្ទាំងចំណារ ) ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីការគោរពតាមរបស់មរ៉ូណៃ ថ្វីបើស្ថានភាពរបស់លោកពិបាកក្ដី ? ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមបញ្ជាក់ពីសេចក្ដីពិតខាងក្រោម ៖ ទោះបីជាយើងនៅតែម្នាក់ឯងក្ដី ក៏យើងអាចជ្រើសរើសដើម្បីបន្ដនៅស្មោះត្រង់ដែរ ។ អ្នកអាចសុំឲ្យសិស្សសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់គេក្បែរ មរមន 8:1–4 ) ។
សូមបង្ហាញថា មរ៉ូណៃបានមានបេសកកម្មដ៏ពិសេសមួយ ។ លោក « [ បាន ] នៅតែម្នាក់ឯងដែលសរសេរនូវរឿងដ៏សោកសៅអំពីការបំផ្លិចបំផ្លាញដល់ប្រជាជន [ របស់លោក ] » ( មរមន 8:3 ) ។ ទោះបីជាសិស្សនឹងមិនជួបស្ថានភាពដូចគ្នាបេះបិទក្ដី ក៏ពួកគេអាចជួបនឹងស្ថានភាពដែលពួកគេនៅតែម្នាក់ឯង ហើយត្រូវនៅបន្ដស្មោះត្រង់ដែរ ។ ពួកគេក៏អាចជួបនឹងស្ថានភាព ដែលពួកគេមានអារម្មណ៍ថាឯកោ ទោះបីជានៅពេលពួកគេនៅជាមួយនឹងមនុស្សផ្សេងទៀតក្ដី —ដូចជាពេលដែលពួកគេនៅជាមួយនឹងមនុស្សដែលមិនរស់នៅតាមបទដ្ឋានដែលបានស្ថាបនាដោយព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់ ។
-
តើអ្នកស្គាល់នរណាម្នាក់ ដែលនៅតែស្មោះត្រង់ ទោះបីជានៅពេលពួកគេនៅតែម្នាក់ឯងនៅក្នុងស្ថានភាពមួយដ៏ពិបាកក្ដី ?
នៅពេលសិស្សឆ្លើយនឹងសំណួរនេះ សូមសួរពួកគេនូវ សំណួរតាមដាន ខ្លះៗ ឬទាំងអស់ ៖
-
តើបុគ្គលនេះប្រព្រឹត្តដូចម្ដេចនៅក្នុងស្ថានភាពទាំងនោះ ?
-
តើមនុស្សម្នាក់ត្រូវបានប្រទានពរនៅទីបំផុត ដោយសារការធ្វើអ្វីដែលព្រះបានបញ្ជាគេឲ្យធ្វើដោយរបៀបណា ?
-
តើគំរូទាំងនេះជួយអ្នកដោយរបៀបណា ?
សូមឲ្យសិស្សអាន មរមន 8:10–11 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលរបៀបមួយដែលព្រះអម្ចាស់បានគាំទ្រលោកមរ៉ូណៃ និងមរមន កាលលោកកំពុងជួបប្រទះនឹងស្ថានភាពលំបាក ។ ( ព្រះអម្ចាស់បានបញ្ជូនសាសន៍នីហ្វៃទាំងបីនាក់ទៅបម្រើមរមន និងមរ៉ូណៃ សូមមើលផងដែរ នីហ្វៃទី 3 28:25–26 ) ។ សូមបញ្ជាក់ថា ប្រសិនបើយើងនៅស្មោះត្រង់ដល់ព្រះនៅក្នុងស្ថានភាពឯកោ ឬពិបាក នោះទ្រង់នឹងជួយយើងឲ្យនៅបន្ដស្មោះត្រង់ ។ សូមប្រើសំណួរខាងក្រោមដើម្បីពិភាក្សាពីសេចក្ដីពិតនេះ ៖
-
តើអ្នកធ្លាប់បានគោរពតាមព្រះបញ្ញត្តិមួយរបស់ព្រះវរបិតាសួគ៌នៅក្នុងស្ថានភាពពិបាកជាពិសេសណាមួយនៅពេលណា ? តើអ្នកមានអារម្មណ៍ថា អ្នកបានទទួលពរជ័យចំពោះការធ្វើដូច្នោះយ៉ាងដូចម្ដេច?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីរៀបចំខ្លួននាពេលឥឡូវនេះ ដើម្បីនៅស្មោះត្រង់នៅក្នុងស្ថានភាពលំបាកនៅក្នុងពេលអនាគត ?
ដើម្បីលើកទឹកចិត្តសិស្សឲ្យនៅស្មោះត្រង់ ទោះបីជានៅក្នុងស្ថានភាពដែលពួកគេត្រូវតែឈរតែម្នាក់ឯងក្ដី សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ ប្រធាន ថូម៉ាស អេស. ម៉នសុន ៖
« នៅពេលយើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ វាស្ទើរតែមិនអាចចៀសវាងបានថា សេចក្ដីជំនឿរបស់យើងនឹងអាចត្រូវសាកល្បង ។ ពេលខ្លះ យើងអាចឃើញថាខ្លួនយើងព័ទ្ធជុំវិញដោយអ្នកដទៃ ហើយនៅតែឈរនៅក្នុងភាគតិច ឬឈរតែម្នាក់ឯងចំពោះអ្វីដែលគួរទទួលយកបាន និងអ្វីដែលមិនគួរទទួលយកបាន ។ តើយើងមានសេចក្តីក្លាហានផ្នែកសីលធម៌ ដើម្បីឈរដោយរឹងមាំចំពោះជំនឿរបស់យើង ទោះជាយើងធ្វើដូច្នោះ ដោយត្រូវតែឈរម្នាក់ឯងក្ដីដែរឬទេ ? … សូមឲ្យយើងមានភាពក្លាហាន ហើយត្រៀមខ្លួនដើម្បីឈរឡើងចំពោះអ្វីដែលយើងជឿ ហើយប្រសិនបើយើងត្រូវតែឈរម្នាក់ឯងនៅក្នុងដំណើរការនេះក្ដី សូមឲ្យយើងធ្វើដូច្នោះបានដោយភាពក្លាហាន ដែលត្រូវបានពង្រឹងដោយចំណេះដឹងថា ការពិតយើងមិនដែលនៅម្នាក់ឯងឡើយ នៅពេលយើងឈរជាមួយនឹងព្រះវរបិតាគង់នៅស្ថានសួគ៌នោះ » ( « Dare to Stand Alone,” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 60, 67 ) ។
សូមបញ្ចប់ដោយការចែកចាយបទពិសោធន៍មួយ ដែលព្រះអម្ចាស់បានប្រទានពរដល់អ្នកដោយសារការនៅស្មោះត្រង់របស់អ្នកនៅក្នុងស្ថានភាពដ៏ឯកោ ឬពិបាកមួយ ។