មេរៀនសិក្សានៅផ្ទះ
អាលម៉ា 17–24 ( មេរៀនទី 17 )
សេចក្តីផ្ដើម
ពួកបុត្រាទាំងបួនរបស់ស្ដេចម៉ូសាយបានរើសដើម្បីបោះបង់ឱកាស និងភាពស្ដុកស្ដម្ភនៅឯផ្ទះ ដើម្បីពួកទ្រង់អាចបង្រៀនដំណឹងល្អដល់ពួកសាសន៍លេមិន ។ ដំណើរឿងនៃពួកអ្នកផ្សព្វផ្សាយសាសនាទាំងបួននេះបង្ហាញពីរបៀបដែលសិស្សអាចរៀបចំបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់អ្នកដទៃបានយ៉ាងមានប្រសិទ្ធភាព ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 17–22
អាំម៉ូន និងបងប្អូនប្រុសរបស់គាត់បង្រៀនដល់ស្ដេចសាសន៍លេមិនពីរអង្គ
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ឬ នៅលើក្រដាសមួយ ៖ « រឿងដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើដើម្បីរៀបចំសម្រាប់ការហៅបម្រើ [ បេសកកម្មមួយ ] គឺ … »
សូមឲ្យសិស្សពីរបីនាក់ប្រាប់ថាវាដូចជាអ្វី នៅពេលពួកគេបានឃើញសមាជិកគ្រួសារមួយ ឬ មិត្តភក្ដិម្នាក់ត្រឡប់មកពីការបម្រើបេសកកម្មពេញម៉ោងមួយដោយមានចិត្តស្មោះត្រង់ ។ បន្ទាប់មក សូមសួរសិស្សថា ៖ តើបុគ្គលនោះមានលក្ខណៈខុសប្លែកអ្វីខ្លះ ក្រោយពីបេសកកម្មរបស់គាត់ ? តើអ្នកគិតថា អ្វីដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរនេះ ?
សូមសួរសិស្សថា តើពួកគេនឹងបំពេញប្រយោគនៅលើក្ដារខៀនយ៉ាងដូចម្ដេច ។ ក្រោយពីសិស្សឆ្លើយហើយ សូមចែកចាយដល់ពួកគេនូវរបៀបដែលអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បំពេញប្រយោគនេះ ៖ « រឿងដ៏សំខាន់បំផុតមួយដែលអ្នកអាចធ្វើដើម្បីរៀបចំសម្រាប់ការហៅបម្រើ [ បេសកកម្មមួយ ] គឺក្លាយជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ជាយូរពីមុនពេលដែលអ្នកចេញទៅបេសកកម្ម » ( “ Becoming a Missionary,” Ensignឬលេអាហូណាខែ វិច្ឆិកា ឆ្នាំ 2005,ទំព័រ 45 ) ។
សូមសួរ ៖ តើយុវជន និងយុវនារីអាចធ្វើតាមការប្រឹក្សារបស់អែលឌើរ បែដណា ហើយក្លាយជាអ្នកផ្សព្វផ្សាយសាសនាពីមុនពេលពួកគេបម្រើបេសកកម្មពេញម៉ោងតាមរបៀបណាខ្លះ ?
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ថូម៉ាស អេស. ម៉នសុន ៖
« ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាគឺជាកាតព្វកិច្ចរបស់បព្វជិតភាព—ជាកាតព្វកិច្ចដែលព្រះអម្ចាស់រំពឹងចង់បានពីយើង ជាអ្នកដែលត្រូវបានប្រទានឲ្យនូវអ្វីៗជាច្រើន ។ យុវជនទាំងឡាយ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យរៀបចំខ្លួនបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមរក្សាខ្លួនអ្នកឲ្យស្អាតស្អំ បរិសុទ្ធ និងមានភាពសក្ដិសមដើម្បីធ្វើជាតំណាងរបស់ព្រះអម្ចាស់ ។ សូមរក្សាសុខភាព និងកម្លាំងរបស់អ្នក ។ សូមសិក្សាព្រះគម្ពីរ ។ សូមចូលរួមថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន បើមាន ។ សូមយល់ដឹងពីក្បួនខ្នាតរបស់អ្នកផ្សព្វផ្សាយសាសនាប្រកាសដំណឹងល្អរបស់យើង » ។
« សូមនិយាយដល់ប្អូនស្រីទាំងឡាយ ៖ ខណៈពេលដែលអ្នកមិនមានការទទួលខុសត្រូវបព្វជិតភាពដូចគ្នានឹងយុវជនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង អ្នកក៏អាចចូលរួមចំណែកដែលមានតម្លៃដូចគ្នាជាជាអ្នកផ្សព្វផ្សាយសាសនាដែរ ហើយយើងសូមស្វាគមន៍ការបម្រើរបស់អ្នក » ( « កាលយើងជួបគ្នាម្ដងទៀត » Ensignឬលេអាហូណាខែ វិច្ឆិកា ឆ្នាំ 2010, ទំព័រ 6) ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់នឹងប្រទានពរដល់យើងដោយព្រះវិញ្ញាណបរិសុទ្ធ និងអំណាចដើម្បីបង្រៀនព្រះបន្ទូលរបស់ទ្រង់ នៅពេលយើង …
សូមបំបែកសិស្សក្នុងថ្នាក់ទៅជាបួនក្រុមៗ ។ សូមឲ្យក្រុមនីមួយៗអានវគ្គព្រះគម្ពីរខាងក្រោមនេះមួយ ៖ អាលម៉ា 17:1–4; អាលម៉ា17:9–13; អាលម៉ា17:19–25; 18:1–9; អាលម៉ា17:26–30 ។ ( សូមសម្របសកម្មភាពនេះ ប្រសិនបើអ្នកមានសិស្សតិច ។
សូមឲ្យសិស្សអានវគ្គរបស់ពួកគេដោយស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលពួកបុត្រារបស់ម៉ូសាយបានធ្វើដែលបានប្រទានពរដល់ពួកទ្រង់ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយអំណាច នៅពេលទ្រង់បានបង្រៀនដំណឹងល្អ ។ សូមពន្យល់ថា នៅពេលសិស្សអានចប់ហើយ អ្នកត្រូវសុំឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរកឃើញ និងពីរបៀបដែលពួកគេនឹងបំពេញប្រយោគនៅលើក្ដារខៀន ។
ក្រោយពីមានពេលល្មហើយ សូមឲ្យសិស្សម្នាក់ពីក្រុមនីមួយៗពន្យល់ពីអ្វីដែលពួកបុត្រាទាំងឡាយរបស់ម៉ូសាយបានធ្វើ និងពីរបៀបដែលសមាជិកក្រុមទាំងអស់បំពេញគោលការណ៍នៅលើក្ដារខៀន ។ ចម្លើយរបស់សិស្សអាចរួមមានដូចខាងក្រោម ៖ សិក្សាព្រះគម្ពីរ អធិស្ឋាននិងតមអាហារ អត់ធ្មត់ បង្ហាញគំរូល្អ ទុកចិត្តលើព្រះអម្ចាស់ បម្រើដល់អ្នកដទៃដោយឧស្សាហ៍ ហើយស្រឡាញ់អ្នកដទៃដូចជាបងប្អូនប្រុសស្រីរបស់អ្នក ។ នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេ សូមសរសេរវានៅលើក្ដារខៀន ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលពួកគេគិតអំពី សកម្មភាព ឬ គុណសម្បត្តិនីមួយៗអាចជួយបុគ្គលម្នាក់ឲ្យចែកចាយដំណឹងល្អឲ្យកាន់តែមានប្រសិទ្ធភាព ។
ប្រសិនបើមានសិស្សរបស់អ្នកណាម្នាក់ប្រែចិត្តជឿដល់ដំណឹងល្អ ក្រោយពីបានបង្រៀនដោយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង អ្នកអាចសុំឲ្យពួកគេចែកចាយពីអារម្មណ៍ដែលពួកគេបានមាន នៅពេលពួកគេបានរៀនដំណឹងល្អនោះ ។
សូមរំឭកសិស្សថា ក្រោយពីអាំម៉ូនបានការពារដល់ហ្វូងចៀមរបស់ស្ដេចហើយ ស្ដេចឡាម៉ូណៃបានមានសេចក្ដីអស្ចារ្យនឹងអំណាចរបស់អាំម៉ូន ក៏ដូចជាការគោរព និងភាពស្មោះត្រង់របស់គាត់ក្នុងការបំពេញតាមការបញ្ជារបស់ទ្រង់ ( សូមមើល អាលម៉ា 18:8–10 ) ។ ស្ដេចឡាម៉ូណៃត្រូវបានរៀបចំដើម្បីរៀនពីសារលិខិតដែលអាំម៉ូនបានមកដើម្បីចែកចាយនឹងទ្រង់ ។ សូមឲ្យសិស្សប្ដូរវេនគ្នាអានឮពី អាលម៉ា 18:24–29 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលអាំម៉ូនបានបណ្ដុះការយល់ដឹងដល់ស្ដេចឡាម៉ូណៃអំពីព្រះ ដើម្បីឲ្យគាត់ឲ្យរៀបចំឡាម៉ូណៃឲ្យយល់ពីគោលលទ្ធិដ៏ពិត ។
សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
ប្រសិនបើអ្នកបាននិយាយអំពីព្រះជាមួយនឹងមិត្តភក្ដិដែលមានសេចក្ដីជំនឿផ្សេងទៀត តើអ្នកអាចប្រើសេចក្ដីជំនឿរបស់អ្នកចែកចាយដល់គ្នា ដូចជាអាំម៉ូនបានធ្វើដោយរបៀបណា ? តើការខំប្រឹងនេះអាចជួយមិត្តភក្ដិរបស់អ្នកដោយរបៀបណា ?
-
តើប្រធានបទដំណឹងល្អផ្សេងទៀតណាខ្លះ ដែលអ្នកអាចនិយាយជាមួយនឹងមិត្តភក្ដិរបស់អ្នកដើម្បីបើកឱកាសដើម្បីចែកចាយដំណឹងល្អដល់ពួកគេនោះ ?
សូមរំឭកសិស្សថា ស្ដេចឡាម៉ូណៃបានទទួលព្រមស្ដាប់ពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដូចជាបិតារបស់ទ្រង់ដែរ ។ សូមឲ្យសិស្សម្នាក់អានឮៗពី អាលម៉ា 18:39–41—ចម្លើយរបស់ស្ដេចឡាម៉ូណៃក្នុងការរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យសិស្សម្នាក់ទៀតអាន អាលម៉ា 22:14–18—ចម្លើយរបស់បិតាស្ដេចឡាម៉ូណៃ ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាមនៅក្នុងព្រះគម្ពីររបស់គេ ហើយរកមើលភាពស្រដៀងគ្នាពីចម្លើយរបស់ស្ដេចទាំងនេះ ។
សូមសួរ ៖ តើស្ដេចទាំងពីរចង់ធ្វើអ្វី នៅពេលពួកទញរង់បានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមពន្យល់ថា ស្ដេចឡាម៉ូណៃ និងបិតារបស់ទ្រង់ត្រូវបានប៉ះដោយព្រះវិញ្ញាណតាមរយៈការបង្រៀនរបស់អ្នកផ្សព្វផ្សាយសាសនា ។ ជាលទ្ធផល ពួកគេចង់បាននូវពរជ័យនៃដំណឹងល្អ ហើយចង់លះបង់អំពើបាបរបស់ទ្រង់ចោល ហើយប្រែចិត្ត ។ សូមរំឭកសិស្សពីសេចក្ដីពិតដែលពួកគេសិក្សានៅសប្ដាហ៍នេះ ៖ យើងត្រូវមានឆន្ទៈលះបង់អំពើបាបរបស់យើងទាំងអស់ចោល ដើម្បីបានផ្លាស់ប្ដូរខាងវិញ្ញាណ ហើយកើតពីព្រះ ។
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ដាល្លិន អេក អូក ដែលមាននៅក្នុងសៀវភៅណែនាំការសិក្សារបស់ពួកគេ ៖ « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទលើកទឹកចិត្តយើងឲ្យផ្លាស់ប្ដូរ ។ ‹ ប្រែចិត្ត › គឺជាសារលិខិតដ៏ញឹកញាប់បំផុតរបស់វា ហើយការប្រែចិត្តមានន័យថា ការលះបង់នូវការអនុវត្តទាំងអស់របស់យើង—ផ្ទាល់ខ្លួន គ្រួសារ វប្បធម៌ និង ជាតិ—ដែលផ្ទុយទៅនឹងព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ គោលបំណងនៃដំណឹងល្អគឺដើម្បីផ្លាស់ប្ដូរមនុស្សធម្មតាទៅជាពលរដ្ឋនៃសេឡេស្ទាល ហើយវាតម្រូវឲ្យផ្លាស់ប្ដូរ » ( « Repentance and Change »Ensignឬលេអាហូណាខែ វិច្ឆិកា ឆ្នាំ 2003, ទំព័រ 37 ) ។
សូមឲ្យសិស្សគិតអំពីជីវិតរបស់ពួកគេ ហើយគិតថាតើពួកគេត្រូវលះបង់អំពើបាបទាំងឡាយណាខ្លះដើម្បីផ្លាស់ប្ដូរខាងវិញ្ញាណ ដូចជាស្ដេចឡាម៉ូណៃ និងបិតារបស់ទ្រង់ដែរ ។ សូមបញ្ចប់ដោយការចែកចាយការលើកទឹកចិត្ត និងទីបន្ទាល់របស់អ្នកថា នៅពេលយើងមានឆន្ទៈលះបង់អំពើបាបរបស់យើង ព្រះអម្ចាស់នឹងជួយយើងឲ្យផ្លាស់ប្ដូរ និងលូតលាស់ឡើង ។
មេរៀនបន្ទាប់ ( អាលម៉ា 25–32 )
សូមឲ្យសិស្សគិតពីសំណួរនេះ ៖ តើអ្នកនឹងនិយាយដល់នរណាម្នាក់ដែលជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទអ្វីខ្លះ ? នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងរៀនពីរបៀបដែលអាលម៉ាបានឆ្លើយនឹងសំណួរនេះ ហើយបានចំអកដល់កូរីហូរ ដែលជាអ្នកប្រឆាំងនឹងព្រះគ្រីស្ទ ។ បន្ថែមលើនេះ ពួកគេនឹងរៀនបន្ថែមអំពីសេចក្ដីជំនឿ នៅពេលពួកគេអានអំពីរបៀបដែលអាលម៉ា និងអ្នកដទៃបានខិតខំបង្រៀនដល់ពួកសាសន៍សូរ៉ាំដែលក្បត់ ដែលបង្ខូចផ្លូវនៃព្រះអម្ចាស់ ។