មេរៀនសិក្សានៅផ្ទះ
អាលម៉ា 5–10 ( មេរៀនទី 15 )
សេចក្តីផ្ដើម
នៅក្នុងមេរៀននេះ សូមជួយសិស្សឲ្យផ្ដោតលើគោលការណ៍ដែលអាចនាំទៅរកការផ្លាស់ប្ដូរដួងចិត្ត ។ សូមរកមើលរបៀបដើម្បីជួយពួកគេឲ្យពឹងផ្អែកលើព្រះបន្ទូលនៃព្រះ ហើយបង្កើនទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 5:1–36
អាលម៉ាបង្រៀនថា ការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដ៏ខ្លាំងមួយតម្រូវឲ្យចូលទៅក្នុងនគរស្ថានសួគ៌
សូមសរសេរពាក្យ ការផ្លាស់ប្ដូរ នៅលើក្ដារខៀន ឬ នៅលើក្រដាសមួយ ។ សូមឲ្យសិស្សចែកចាយគំរូនៃរបៀបដែលប្រជាជនអាចផ្លាស់ប្ដូរ ដូចជានៅក្នុងរាងកាយ អាកប្បកិរិយា ឬ ឥរិយាបថរបស់ពួកគេ ។ សូមឲ្យពួកគេពន្យល់ពីអ្វីដែលអាចបណ្ដាលឲ្យប្រជាជនមានការផ្លាស់ប្ដូរទាំងនេះ ។
សូមឲ្យសិស្សអាន អាលម៉ា 5:14 ហើយរកសំណួរបីដែលអាលម៉ាបានសួរប្រជាជនសារ៉ាហិមឡាដើម្បីឲ្យគិតពិចារណ ។ សូមគិតពីការអញ្ជើញសិស្សពីរបីនាក់ឲ្យពិពណ៌នាពីអត្ថន័យនៃ “ ការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្ត ” ។
សូមឲ្យសិស្សអាន អាលម៉ា 5:3–7 ហើយរកមើលអ្វីដែលអាលម៉ាបានប្រាប់ដល់ប្រជាជនសារ៉ាហិមឡាដែលបានជួយរៀបចំដួងចិត្តគេឲ្យផ្លាស់ប្ដូរ ។
អាលម៉ាបានប្រាប់ប្រជាជនសារ៉ាហិមឡាអំពីការប្រែចិត្តជឿរបស់ឪពុកគាត់ និងអ្នកដទៃ ក៏ដូជាការរំដោះពួកគេចេញពីសេវកភាព ។ សូមសួរ ៖ តើអ្នកគិតថា ការរៀនអំពីបទពិសោធន៍ទាំងនេះបានជួយប្រជាជនឲ្យរៀបចំដើម្បីទទួលបានការផ្លាស់ប្ដូរនៃដួងចិត្តមួយដោយរបៀបណា ? ( អ្នកអាចរំឭកសិស្សថា ពួកគេបានសរសេរចម្លើយមួយចំពោះសំណួរនេះនៅក្នុងមេរៀនសម្រាប់ថ្ងៃទីមួយ នៅក្នុងសៀវភៅណែនាំការសិក្សាសិស្សរបស់ពួកគេ ) ។
សូមសួរថា បើមានសិស្សម្នាក់ចង់ចែកចាយបទពិសោធន៍មួយដែលដឹកនាំទៅរកការផ្លាស់ប្ដូរនៅក្នុងដួងចិត្តរបស់គេ ។ អ្នកអាចចង់ចែកចាយបទពិសោធន៍មួយផ្ទាល់ខ្លួន ។ អ្នកក៏អាចរំឭកសិស្សអំពីសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ( នៅក្នុងមេរៀនសម្រាប់ថ្ងៃទីមួយនៅក្នុងសៀវភៅណែនាំការសិក្សាសិស្ស សូមពន្យល់ថា សម្រាប់មនុស្សភាគច្រើន ការផ្លាស់ប្ដូរដ៏ខ្លាំងនៅក្នុងដួងចិត្តរបស់យើងកើតឡើងបន្ដិចម្ដងៗ នៅពេលយើងរៀន និងធំធាត់នៅក្នុងដំណឹងល្អ ។
សូមឲ្យសិស្សមើលទៅក្នុងតារាង “ អាលម៉ា 5ឧបករណ៍កំណត់ចង្វាក់បេះដូងខាងវិញ្ញាណ ” នៅក្នុងមេរៀនសម្រាប់ថ្ងៃទីមួយនៅក្នុងសៀវភៅណែនាំការសិក្សាសិស្ស ។ សូមឲ្យពួកគេរំឭកព្រះគម្ពីរខ្លះនៅក្នុង អាលម៉ា 5 ដែលនៅក្នុងតារាងនោះ ។ បន្ទាប់មក សួរពួកគេនូវសំណួរដូចខាងក្រោមនេះ ៖
-
តើសំណួររបស់អាលម៉ាមួយណាដែលមានន័យពិសេសដល់អ្នក ?
-
តើសំណួរទាំងនេះអាចជួយបុគ្គលម្នាក់ឲ្យទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តមួយដោយរបៀបណា ?
សូមពន្យល់ដល់សិស្សថា ព្រះអង្គសង្គ្រោះចង់ឲ្យមនុស្សទាំងអស់ចូលមករកទ្រង់ជាខ្លាំង ហើយទទួលបានការផ្លាស់ប្ដូរនៅក្នុងដួងចិត្តមួយដ៏ខ្លាំងដើម្បីឲ្យពួកគេអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 5:33–36 ឮៗ ។ សូមសួរ ៖
-
តើព្រះអម្ចាស់បានអញ្ជើញយើងឲ្យធ្វើអ្វី ?
-
តើរង្វាន់អ្វីសម្រាប់ការទទួលយកការអញ្ជើញរបស់ទ្រង់នោះ ?
អាលម៉ា 5:43–52
អាលម៉ាប្រាប់ពីរបៀបដែលគាត់បានទទួលទីបន្ទាល់ និងបង្រៀនអំពីការប្រែចិត្ត
សូមពន្យល់ថា ដើម្បីលើកទឹកចិត្តដល់ប្រជាជនសារ៉ាហិមឡាឲ្យស្វែងរកការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត អាលម៉ាបានថ្លែងទីបន្ទាល់របស់លោក និង បានពន្យល់ពីរបៀបដែលលោកបានទទួលវា ។ ចេញពីការប្រឹក្សារបស់គាត់ យើងអាចដឹងពីរបៀបដើម្បីទទួល ឬ ពង្រឹងដល់ទីបន្ទាល់របស់យើង ។ សូមឲ្យសិស្សអាន អាលម៉ា 5:45–48 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលអ្វីដែលអាលម៉ាបាននិយាយថា គាត់បានដឹង ។ សូមសួរពួកគេផងដែរឲ្យរកមើលចម្លើយរបស់អាលម៉ាទៅនឹងសំណួរ “ ហើយតើអ្នករាល់គ្នាគិតស្មានថា ខ្ញុំដឹងរឿងទាំងនោះយ៉ាងប្រាកដដូចម្ដេចដែរ ” ?
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ហើយសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ សូមសរសេរគោលការណ៍នេះផងដែរ ៖ យើងអាចដឹងពីខ្លួនយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះនៃមនុស្សជាតិ ។
សូមជួយសិស្សឲ្យយល់ថា ថ្ងៃមួយទីបន្ទាល់របស់ពួកគេនឹងត្រូវជួបនឹងឧបសគ្គដោយនរណាម្នាក់ឬអ្វីមួយ ។ ការណ៍នេះអាចកើតមានរួចហើយ ។ ការប្រឹក្សារបស់អាលម៉ាផ្ដល់របៀបមួយដល់យើង ដើម្បីឲ្យឈរយ៉ាងរឹងមាំ និង ខ្លាំងក្លាថ្វីបើមានឧបសគ្គចំពោះទីបន្ទាល់របស់យើងក្ដី ។ សូមគិតពីការប្រាប់ពីពេលមួយ ដែលអ្នកបានជួបនឹងឧបសគ្គចំពោះទីបន្ទាល់របស់អ្នក ហើយបានយកឈ្នះវា ឬ ពេលមួយដែលនរណាម្នាក់ដែលអ្នកស្គាល់បានជួបនឹងឧបសគ្គបែបនោះ ។ អ្នកក៏អាចចែកចាយបទពិសោធន៍មួយពីសុន្ទរកថាក្នុងសន្និសីទទូទៅមួយ ឬ អត្ថបទទស្សនាវដ្ដីសាសនាចក្រមួយ ។ អ្នកក៏អាចឲ្យសិស្សចែកចាយបទពិសោធន៍មួយបែបនោះដែរ ។
សូមពន្យល់ថា អាលម៉ាបានចេញទៅបង្រៀនប្រជាជនអំពីការប្រែចិត្ត ។ អ្នកអាចឲ្យសិស្សម្នាក់អាន អាលម៉ា 5:50 ហើយនិងសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ដាលិន អេក អូកស៍ ដែលមាននៅក្នុងមេរៀនទី 15 ថ្ងៃទីពីរនៃសៀវភៅណែនាំការសិក្សារបស់សិស្ស ។ សូមឲ្យសិស្សចែកចាយគំនិតរបស់ពួកគេអំពីមួលហេតុដែលពួកគេគួររស់នៅរាល់ថ្ងៃ ដូចដែលយើងកំពុងរៀបចំទៅជួបនឹងព្រះអម្ចាស់ ។
អាលម៉ា 7–10
អាលម៉ាបង្រៀននៅក្នុងដែនដីគេឌាន និង ដែនដីអាំម៉ូណៃហា
សូមបង្ហាញស្ថានភាពដូចខាងក្រោម ហើយសូមឲ្យសិស្សគិតក្នុងចិត្ត នៅពេលពួកគេរំឭកការបង្រៀនរបស់អាលម៉ាដល់ប្រជាជនគេឌាន ៖
-
យុវនារីម្នាក់យល់ថា ដង្វាយធួនអាចជួយឲ្យយកឈ្នះលើអំពើបាប ប៉ុន្ដែនាងបានដឹងថានាងមានជំងឺធ្ងន់ធ្ងរមួយ ហើយគិតថា ដង្វាយធួនមិនអាចជួយនាងបានទេ ។
-
យុវជនម្នាក់តស៊ូ ដោយសារឪពុកម្ដាយរបស់គាត់បានលែងលះគ្នា ប៉ុន្ដែគាត់មិនបានស្វែងរកជំនួយពីព្រះអង្គសង្គ្រោះឡើយ ។
-
យុវនារីម្នាក់ខិតខំគ្រប់គ្រងកំហឹងរបស់នាង ។ នាងមិនបានគិតពីរបៀបដែលដង្វាយធួនអាចជួយដល់នាងនោះទេ ។
សូមឲ្យសិស្សអាន អាលម៉ា 7:11–13 ហើយរំឭកពីស្ថានភាពដែលព្រះអង្គសង្គ្រោះនឹង “ លើកដាក់មកលើ ” អង្គទ្រង់សម្រាប់ជាប្រយោជន៍ដល់យើង ។ សូមឲ្សសិស្សពីរបីនាក់សង្ខេបពីអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សផងដែរឲ្យមើលទៅតារាងដែលបង្ហាញពីស្ថានភាពខ្លះដែលយើងរងទុក្ខខាងសាច់ឈាម ( នៅក្នុងមេរៀនសម្រាប់ថ្ងៃទីបីនៅក្នុងសៀវភៅណែនាំការសិក្សារបស់សិស្ស ) ។
សូមពន្យល់ដល់សិស្សថា តាមរយៈអំណាចនៃដង្វាយធួន ការឈឺចាប់ និងភាពល្វីងនៃការឈឺចាប់ក្នុងជីវិតអាចត្រូវបានយកចេញពីយើង ។ សូមប្រាកដថាសិស្សយល់ពីគោលការណ៍នេះ ៖ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីសង្គ្រោះយើងចេញពីអំពើបាប និងសេចក្ដីស្លាប់ និងដើម្បីជួយយើងឲ្យឆ្លងកាត់ឧបសគ្គទាំងឡាយនៃជីវិតរមែងស្លាប់នេះ ។
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេនឹងនិយាយទៅកាន់យុវជន និងយុវនារីនៅក្នុងស្ថានភាពទាំងបីដែលអ្នកបានលើកឡើងនេះ។ សូមសួរ ៖ តើការបង្រៀនរបស់អាលម៉ាអំពីដង្វាយធួនអាចអនុវត្តដល់ស្ថានភាពទាំងនេះដោយរបៀបណា ?
សូមរំឭកសិស្សពីរូបភាពទាំងបី និងសេចក្ដីយោងព្រះគម្ពីរអំពីអាលម៉ានៅក្នុងដែនដីអាំម៉ូណៃហា ( នៅក្នុងមេរៀនសម្រាប់ថ្ងៃទីបួន នៅក្នុងសៀវភៅណែនាំការសិក្សារបស់សិស្ស ) ដែលពួកគេបានសិក្សា និងសរសេរចំណងជើងឲ្យនោះ ។ អ្នកអាចសុំឲ្យសិស្សពីរបីនាក់ចែកចាយចំណងជើងដែលពួកគេបានសរសេរអំពីបទពិសោធន៍របស់អាលម៉ាជាមួយនឹងទេវតា ។ សូមឲ្យសិស្សចែកចាយពីអារម្មណ៍របស់ពួកគេអំពីរបៀបដែលបទពិសោធន៍នេះទាក់ទងនឹងគោលការណ៍ខាងក្រោម ៖ នៅពេលយើងឆ្លើយតបយ៉ាងរហ័សទៅនឹងព្រះបន្ទូលនៃព្រះអម្ចាស់ ទ្រង់នឹងជួយយើងឲ្យគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
មេរៀនបន្ទាប់ ( អាលម៉ា 11–16 )
សូមឲ្យសិស្សគិតអំពីសំណួរខាងក្រោម នៅពេលពួកគេរៀបចំសិក្សាកិច្ចការសម្រាប់សប្ដាហ៍ក្រោយ ៖ តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកត្រូវបានបង្ខំឲ្យមើលមនុស្សសុចរិតត្រូវគេសម្លាប់ ដោយសារតែសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នោះ ? តើអ្នកគិតថា អាលម៉ានិងអាម៉ូលេកមានអារម្មណ៍យ៉ាងណាពេលឃើញការណ៍នេះកើតឡើង ? តើពួកគេបាននិយាយអ្វីដល់គ្នាទៅវិញទៅមក នៅពេលពួកគេបានឃើញការណ៍នេះកើតឡើង ? តើពួកគេបានធ្វើអ្វី ?