មេរៀនទី 78
អាលម៉ា 13
សេចក្តីផ្ដើម
តើនៅពេលណាដែលអាលម៉ាបានបង្រៀនដល់ប្រជាជនបះបោរអាំម៉ូណៃហាដំបូងបំផុត ពួកគេបានទាស់នឹងគាត់ ដោយសួរថា “ តើលោកជាអ្នកណា ” ? ហើយបានសួរដល់អំណាចរបស់លោក ( សូមមើល អាលម៉ា 9:1–6 ) ។ ពួកគេស្ថិតក្នុងស្ថានភាពនៃការក្បត់សាសនា ដោយធ្វើតាមបញ្ជារបស់នីហូរ —ជាឧបាយកលផ្នែកសង្ឃ ដោយមានគោលដៅចង់បានប្រយោជន៍ផ្ទាល់ខ្លួន ( សូមមើល អាលម៉ា 1:2–15; 15:15; 16:11 ) ។ ផ្ទុយទៅនឹងការបង្រៀនរបស់នីហូរ អាលម៉ាបានបង្រៀនពួកគេអំពី “ បព្វជិតភាពថ្នាក់ខ្ពស់នៃការបញ្ជាដ៏បរិសុទ្ធនៃព្រះ ” ដោយមានគោលដៅដើម្បីជួយអ្នកផ្សេងទៀតឲ្យប្រែចិត្ត និង ចូលទៅក្នុងទីសម្រាកនៃព្រះអម្ចាស់ ( សូមមើល អាលម៉ា 13:6 ) ។ គាត់បានសំអាងលើគំរូរបស់មីលគីស្សាដែក ដែលបានបង្រៀនពីសេចក្ដីជំនឿ និងការប្រែចិត្ត ហើយបានជួយប្រជាជនរបស់គាត់ឲ្យរស់នៅក្នុងសេចក្ដីសុខសាន្ដ ។ អាលម៉ាក៏បានបង្រៀនអំពីជីវិតមុនផែនដី និង ការតែងតាំងពីមុនកំណើតលោកិយមក ។ គាត់បានបញ្ចប់ទេសនកថារបស់គាត់ ដោយការអញ្ជើញប្រជាជនឲ្យស្ដាប់តាមពាក្យសម្ដីរបស់គាត់ ដើម្បីពួកគេអាចរៀបចំចូលទៅក្នុងទីសម្រាកនៃព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 13:1–12
អាលម៉ាបង្រៀនប្រជាជនអាំម៉ូណៃហាអំពីការហៅបម្រើជាពួកសង្ឃជាន់ខ្ពស់
សូមពន្យល់ថា អាលម៉ា 13 រួមមានការបង្រៀនរបស់អាលម៉ាអំពីក្រុមមនុស្សមួយដែលជាប្រយោជន៍ដ៏ធំដល់សាសនាចក្រ ។ តាមពិតទៅ សមាជិកទាំងអស់នៃសាសនាចក្របានទទួលពរជ័យតាមរយៈការបម្រើនៃប្រជាជនទាំងនេះ ។
សូមប្រាប់សិស្សថា ពួកគេស្គាល់ប្រជាជនដែលជាផ្នែកមួយនៃក្រុមនេះ ។ បន្ទាប់មក សូមឲ្យសិស្សអាន អាលម៉ា 13:1 ដោយស្ងាត់ៗដើម្បីសម្រេចថា ប្រជាជនទាំងនេះជានរណា ។ ក្រោយពីពួកគេបានមានពេលគ្រប់គ្រាន់អានខគម្ពីរនេះហើយ សូមស្នើថា ពួកគេក៏គួរអាន អាលម៉ា 13:10, 14 និង គោលលទ្ធិ និង សេចក្ដីសញ្ញា 107:1–3 ។ អ្នកអាចស្នើថា ពួកគេគួរសរសេរសេចក្ដីយោងទាំងនេះនៅរឹមទំព័រក្បែរ អាលម៉ា 13:1 ។
សូមបង្ហាញថា អាលម៉ាបាននិយាយអំពីពួកសង្ឃដែលធ្វើតាមការបញ្ជានៃព្រះរាជបុត្រានៃព្រះ ដែលជាអំណាចបព្វជិតភាពមីលគីស្សាដែក ។ និយាយម្យ៉ាងទៀតថា គាត់បាននិយាយពីបុរសដែលបានកាន់អំណាចនៃពួកសង្ឃជាន់ខ្ពស់នៅក្នុងអំណាចបព្វជិតភាពមីលគីស្សាដែក ។ សូមអញ្ជើញឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ ប្រជាជននីហ្វៃទាំងនេះ ដែលស្មោះត្រង់ និងពិតក្នុងការកាន់តាមច្បាប់នៃម៉ូសេ បានមានអំណាចបព្វជិតភាពមីលគីស្សាដែក ដែលមានន័យថា ពួកគេក៏បានមានភាពពេញលេញនៃដំណឹងល្អដែរ ។ … ព័ត៌មានដ៏ច្បាស់បំផុតខ្លះរបស់យើងអំពីអំណាចបព្វជិតភាពមីលគីស្សាដែកមាននៅក្នុង អាលម៉ា 13 ” ( The Promised Messiah [ ឆ្នាំ 1978 ], ទំព័រ 421 ) ។
-
តើពរជ័យអ្វីខ្លះដែលមកក្នុងជីវិតរបស់អ្នក តាមរយៈអំណាចបព្វជិតភាពមីលគីស្សាដែក ? ( សិស្សអាចនិយាយពីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ពរជ័យអយ្យកោ ពរជ័យនៃបព្វជិតភាពផ្សេងទៀត ការដឹកនាំនៃអ្នកមានសិទ្ធិអំណាចទូទៅ ការដឹកនាំនៃអ្នកដឹកនាំក្នុងស្រុកដូចជា ប៊ីស្សព ឬ ប្រធានសាខា និង ពរជ័យដែលពួកគេទទួលបានតាមរយៈសេចក្ដីសញ្ញាដែលឪពុកម្ដាយរបស់ពួកគេបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេក៏អាចលើកឡើងពីពិធីបុណ្យជ្រមុជទឹក និង ពិធីសាក្រាម៉ង ដែលធ្វើឡើងដោយអ្នកមានសិទ្ធិអំណាចនៃបព្វជិតភាពអើរ៉ុន ប៉ុន្ដែនៅក្នុងការដឹកនាំពីអ្នកដឹកនាំអំណាចបព្វជិតភាពមីលគីស្សាដែក ។
សូមបង្ហាញសំណួរខាងក្រោមនៅលើក្ដារខៀន ឬ សរសេរសំណួរលើក្រដាសចែកដល់សិស្ស ។ សូមឲ្យសិស្សមានពេលអាន អាលម៉ា 13:2–10 ហើយរកមើលចម្លើយចំពោះសំណួរ ។
នៅពេលសិស្សបានពេលរកចម្លើយទៅនឹងសំណួរហើយ សូមឲ្យពួកគេរាយការណ៍ពីចម្លើយរបស់ពួកគេ ។ អ្នកអាចកត់ត្រាចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ និង ពិភាក្សាពីអ្វីដែលពួកគេបានអានហើយ សូមគិតពីការសួរសំណួរខាងក្រោម ៖
-
តើការបម្រើនៃអ្នកកាន់បព្វជិតភាពជួយយើងឲ្យដឹងពីរបៀបដើម្បីពឹងទៅលើព្រះយេស៊ូវគ្រីស្ទសម្រាប់ការប្រោសលោះតាមរបៀបណា ? ( សូមមើល អាលម៉ា 13:2, 8, 16។ តាមរយៈគំរូរបស់ពួកគេ និង ការបង្រៀនទាំងឡាយ និង តាមរយៈពិធីការដែលពួកគាត់បានធ្វើ ពួកគាត់បានបង្ហាញយើងទៅដល់ព្រះអង្គសង្គ្រោះ ។
-
តើអាលម៉ាចង់មានន័យយ៉ាងណា នៅពេលគាត់បាននិយាយថា ពួកសង្ឃជាន់ខ្ពស់ត្រូវបាន “ ហៅ ហើយរៀបចំទុកចាប់តាំងពីកំណើតលោកិយមក ” ? ( អាលម៉ា 13:3 ) ។ ( គាត់ចង់មានន័យថា មនុស្សខ្លះត្រូវបានហៅតាំងពីមុនកំណើតលោកិយមក ដើម្បីទទួលបានអំណាចបព្វជិតភាពមួយចំនួន ។
ដើម្បីជួយសិស្សឲ្យយល់ពីការហៅពីមុនកំណើតលោកិយមក និង ពីរបៀបដែលវាអនុវត្តនៅក្នុងជីវិតរបស់ពួកគេ អ្នកអាចសុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖ “ បុរសទាំងឡាយដែលទទួលបានការហៅបម្រើដល់ប្រជាជនក្នុងពិភពលោកនេះ ត្រូវបានតែងតាំងឲ្យទៅគោលបំណងដ៏សំខាន់នោះនៅក្នុងក្រុមប្រឹក្សាដ៏អស្ចារ្យលើស្ថានសួគ៌ ពីមុនពិភពលោកនេះកកើតម្ល៉េះ ។ ខ្ញុំគិតថា ខ្ញុំត្រូវបានតែងតាំងមកក្នុងអំណាចនេះនៅក្នុងក្រុមប្រឹក្សាដ៏អស្ចារ្យនោះ ” ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007 ], ទំព័រ 511 ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖ « មុនពេលយើងមកទីនេះ ស្ត្រីដែលប្រកបដោយជំនឿត្រូវបានផ្តល់នូវកិច្ចការដ៏ជាក់លាក់ទាំងឡាយ ខណៈដែលមនុស្សប្រុសដែលមានជំនឿត្រូវបានតែងតាំងជាមុនចំពោះការងារបព្វជិតភាពដ៏ជាក់លាក់ទាំងឡាយ ។ ខណៈពេលដែលយើងមិនចងចាំពីការណ៍ជាក់លាក់នាពេលឥឡូវ ការណ៍នេះមិនបានផ្លាស់ប្ដូរនូវភាពពិតដ៏អស្ចារ្យនៃអ្វីដែលយើងធ្លាប់បានយល់ព្រមនោះទេ ” ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ 2006 ], ទំព័រ 215–16 ) ។
-
តើ អាលម៉ា 13:3 បង្រៀនអំពីអ្វីដែលយើងត្រូវធ្វើដើម្បីបំពេញតាមបេសកកម្មពីមុនកំណើតលោកិយរបស់យើង ?
-
នៅពេលដែលបុរសម្នាក់ត្រូវបានតែងតាំងឲ្យមានអំណាចបព្វជិតភាព តើការតែងតាំងនោះគួរមានន័យយ៉ាងណាដល់គាត់ ? ( សូមមើលអាលម៉ា 13:8 ។ សូមកំណត់ចំណាំថា សំណួរនេះអាចឆ្លើយដោយយុវនារីក៏ដូចជាយុវជនដែរ ។ យុវជនអាចទទួលប្រយោជន៍ពីការស្ដាប់ចម្លើយរបស់យុវនារី ។
សូមឲ្យសិស្សអាន អាលម៉ា 13:11–12ដោយស្ងាត់ៗ ដោយរកមើលរបៀបដែលអ្នកកាន់អំណាចបព្វជិតភាពមីលគីស្សាដែក ដែលអាលម៉ាបានលើកឡើង ត្រូវបានផ្លាស់ប្ដូរតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែល “ សំលៀកបំពាក់របស់នរណាម្នាក់ [ ត្រូវបាន ] បោកឲ្យសស្អាត តាមរយៈឈាមនៃកូនចៀម ” ?
-
តើអ្នកគិតថា ហេតុអ្វីបានជាអ្នកកាន់អំណាចបព្វជិតភាពមីលគីស្សាដែកត្រូវផ្លាស់ប្ដូរតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ? តើយើងអាចធ្វើតាមគំរូរបស់ពួកគាត់ដោយរបៀបណា ?
សូមរំឭកសិស្សថា អាលម៉ាបានបង្រៀនពីសេចក្ដីពិតទាំងនេះដល់ប្រជាជននៅក្នុងដែនដីអាំម៉ូណៃហា ។ ប្រជាជនទាំងនេះជាច្រើន “ ជាពួកអ្នកដែលកាន់តាមជំនឿនៃនីហូរ ” ( អាលម៉ា 14:18; 15:15 ) ដែលមានន័យថា ពួកគេបានធ្វើតាមការបង្រៀនរបស់នីហូរ ។ នីហូរគឺជាបុរសម្នាក់ដែលបានបង្កើតការបញ្ជាខុសឆ្គងមួយ ដែលអាលម៉ាបានហៅថាជា “ ឧបាយកលផ្នែកសង្ឃ ” ( សូមមើល អាលម៉ា 1:12–15 ) ។
-
តើអ្នកកាន់អំណាចបព្វជិតភាពមីលគីស្សាដែកដ៏ស្មោះត្រង់ខុសគ្នាពីអ្នកដែលធ្វើតាមការបង្រៀនរបស់នីហូរដោយរបៀបណា ? ( អ្នកអាចអញ្ជើញឲ្យសិស្សរំឭក អាលម៉ា 1:2–6 ដោយរកមើលភាពផ្ទុយគ្នារវាងឧបាយកលផ្នែកសង្ឃរបស់នីហូរ និង អំណាចបព្វជិតភាពមីលគីស្សាដែក ។
-
ប្រជាជនអាំម៉ូណៃហាត្រូវបានបង្រៀនអំពីអំណាចបព្វជិតភាពមីលគីស្សាដែកពីមុនមក ហើយបានទទួលពរជ័យតាមរយៈអំណាចបព្វជិតភាពមីលគីស្សាដែកនេះ ( សូមមើល អាលម៉ា 9:21; 13:1 ) ។ តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់ប្រជាជនអាំម៉ូណៃហាដើម្បីត្រូវរំឭកពីអ្វីដែលពួកគេធ្លាប់បានរៀនពីមុនមកអំពីអំណាចបព្វជិតភាពមីលគីស្សាដែក ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីអំណាចបព្វជិតភាពនេះនៅក្នុងមេរៀននេះកន្លងមក ? ( ខណៈពេលដែលសិស្សអាចនិយាយពីសេចក្ដីពិតមួយចំនួន ចម្លើយរបស់ពួកគេគួរបង្ហាញថា ពិធីការបព្វជិតភាព និង ការបម្រើរបស់អ្នកកាន់បព្វជិតភាពជួយយើងឲ្យដឹងពីរបៀបដើម្បីពឹងទៅលើព្រះយេស៊ូវគ្រីស្ទសម្រាប់សេចក្ដីប្រោសលោះ ។
អ្នកអាចស្នើថា សិស្សគួរសរសេរគោលការណ៍នេះ និង គោលការណ៍ផ្សេងទៀតដែលពួកគេបានរកឃើញនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។ ប្រសិនបើមានពេល សូមឲ្យពួកគេសរសេរពីរបៀបដែលគោលការណ៍ទាំងនេះអាចជះឥទ្ធិពលដល់របៀបដែលពួកគេគិតអំពីអំណាច និង ពរជ័យនៃបព្វជិតភាព ។
អាលម៉ា 13:13–20
អាលម៉ាបង្រៀនអំពីមីលគីស្សាដែក សង្ឃជាន់ខ្ពស់ដ៏អស្ចារ្យម្នាក់ដែលបានស្ថាបនាសេចក្ដីសុខសាន្ដក្នុងចំណោមប្រជាជនគាត់ ។
សូមសរសេរពាក្យ និងឃ្លាទាំងនេះនៅលើក្ដារខៀន ៖ សង្ឃជាន់ខ្ពស់ ស្ដេច អនុវត្តសេចក្ដីជំនឿដ៏ខ្លាំង បង្រៀនពីការប្រែចិត្ត ស្ថាបនាសេចក្ដីសុខសាន្ដ ព្រះអម្ចាស់នៃសេចក្ដីសុខសាន្ដ សោយរាជ្យក្រោមព្រះបិតារបស់ទ្រង់ ។សូមសម្រាកក្រោយពីការរសេរពាក្យ ឬ ឃ្លានីមួយៗដើម្បីឲ្យសិស្សទស្សន៍ទាយ ដោយមិនមើលក្នុងព្រះគម្ពីររបស់ពួកគេ រកមើលអ្នកដែលអាលម៉ាបានពិពណ៌នាដោយពាក្យ និងឃ្លាទាំងនេះ ។ ( គាត់បានពិពណ៌នាពីមីលគីស្សាដែក ។ ប្រសិនបើសិស្សទាយមិនត្រូវ នៅពេលអ្នកបានសរសេរនូវពាក្យ និងឃ្លាទាំងអស់នេះនៅលើក្ដារខៀនហើយ សូមឲ្យពួកគេអាន អាលម៉ា 13:14 ។
ប្រសិនបើសិស្សខ្លះទាយថា អាលម៉ាបានកំពុងនិយាយអំពីព្រះយេស៊ូវគ្រីស្ទ សូមសួរគេថា ហេតុអ្វីបានជាការពិពណ៌នាពីសង្ឃជាន់ខ្ពស់ដ៏សុចរិតម្នាក់អាចរំឭកពួកគេអំពីព្រះអង្គសង្គ្រោះ ។ សូមជួយពួកគេឲ្យយល់ថា អ្នកកាន់អំណាចបព្វជិតភាពមីលគីស្សាដែកគឺ “ តទៅតាមរបៀបនៃព្រះរាជបុត្រា ដែលជាព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ( ”អាលម៉ា 13:9; សូមមើលផងដែរគ. និង ស. 107:2–4 ) ។ សូមបង្ហាញថា អ្នកកាន់អំណាចបព្វជិតភាពមីលគីស្សាដែកគួរព្យាយាមធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងការបម្រើរបស់ពួកគេ និង ការបង្រៀនរបស់ពួកគេ ។ សូមរំឭកសិស្សផងដែរថា ពិធីការដែលធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពមីលគីស្សាដែកជួយយើងឲ្យខិតទៅជិតព្រះអង្គសង្គ្រោះកាន់តែខ្លាំង ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 13:14–19 ឮៗ ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យគិតអំពីរបៀបដែលប្រជាជនទុច្ចរិតនៃដែនដីអាំម៉ូណៃហាអាចទទួលបានប្រយោជន៍ពីការរៀនអំពីមីលគីស្សាដែក ។
-
នៅក្នុងអាលម៉ា 13:17 តើពាក្យណាដែលរៀបរាប់ពីប្រជាជនរបស់មីលគីស្សាដែក ? តើប្រជាជនទាំងនេះស្រដៀងគ្នាទៅនឹងប្រជាជនអាំម៉ូណៃហាដោយរបៀបណា ? ( សូមមើល អាលម៉ា 8:9; 9:8 ។
-
តើមីលគីស្សាដែកបានធ្វើអ្វីខ្លះ ក្នុងនាមជាអ្នកដឹកនាំប្រជាជនរបស់គាត់ ? តើការដឹកនាំរបស់គាត់ជះឥទ្ធិពលដល់ប្រជាជនដោយរបៀបណា ? តើឥទ្ធិពលនេះខុសពីឥទ្ធិពលនៃឥទ្ធិពលនៅក្នុងដែនដីអាំម៉ូណៃហាដែលធ្វើតាមការបង្រៀនរបស់នីហូរដោយរបៀបណា ? ( សូមមើលអាលម៉ា 8:17; 10:27, 32 ។
សូមអញ្ជើញឲ្យសិស្សសង្ខេប អាលម៉ា 13:16–18 ដោយបង្ហាញពីសេចក្ដីពិតដែលខគម្ពីរទាំងនេះបង្រៀនអំពីការទទួលខុសត្រូវរបស់អ្នកដឹកនាំបព្វជិតភាព ។ នៅពេលពួកគេសង្ខេប សូមប្រាកដថាពួកគេបង្ហាញថា អ្នកដឹកនាំបព្វជិតភាពជួយយើងឲ្យពឹងទៅលើព្រះយេស៊ូវគ្រីស្ទ ឲ្យប្រែចិត្ត និង រស់នៅដោយសេចក្ដីសុខសាន្ដ ។( អ្នកអាចលើកទឹកចិត្តសិស្សឲ្យសរសេរការសង្ខេបរបស់ពួកគេនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ អាលម៉ា 13:16–18 ) ។ សូមបង្ហាញថា អ្នកដឹកនាំសាសនាចក្រផ្សេងទៀត ដូចជាអ្នកដឹកនាំសមាគមសង្គ្រោះស្ដ្រី និង អ្នកដឹកនាំយុវនារី គឺជាអ្នកចូលរួមដ៏សំខាន់នៅក្នុងការខំប្រឹងប្រែងនេះ ។ ដោយការបម្រើជាមួយនឹងអ្នកដឹកនាំបព្វជិតភាព ពួកគេជួយដឹកនាំបុគ្គល និង គ្រួសារទាំងឡាយឲ្យមករកព្រះគ្រីស្ទ ។
-
តើអ្នកត្រូវបានប្រទានពរ តាមរយៈការបម្រើនៃអ្នកដឹកនាំសាសនាចក្រដោយរបៀបណា ?
អាលម៉ា 13:21–31
អាលម៉ាអញ្ជើញប្រជាជនឲ្យស្ដាប់តាមសំឡេងរបស់ព្រះអម្ចាស់ ហើយចូលទៅក្នុងទីសម្រាករបស់ទ្រង់
សូមអញ្ជើញឲ្យសិស្សរកមើលគំនិតមួយដែលលើកឡើងដដែលៗនៅក្នុង អាលម៉ា 13:12, 13, 16, 29 ។ ពួកគេគួររកពាក្យ សេចក្ដីសម្រាក និង ឃ្លា “ សេចក្ដីសម្រាកនៃព្រះអម្ចាស់ ” ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសគំនិតនេះនៅក្នុងខគម្ពីរនីមួយៗ ។ ដើម្បីជួយសិស្សឲ្យយល់ពីអ្វីដែលវាមានន័យ ក្នុងការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអម្ចាស់នៅក្នុងជីវិតនេះ និងក្រោយពីយើងស្លាប់ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ៖
“ ព្យាការីពីបុរាណនិយាយពី ‹ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ ›[ សូមមើលអាលម៉ា 12:34; គ . & ស . 84:23–24 ] ; តើវាមានន័យយ៉ាងណា ? ចំពោះគំនិតរបស់ខ្ញុំ វាមានន័យថា ការចូលទៅក្នុងចំណេះដឹង និង សេចក្ដីស្រឡាញ់របស់ព្រះ ការមានសេចក្ដីជំនឿទៅលើគោលបំណង និងផែនការរបស់ទ្រង់ ចំពោះកម្រិតដែលយើងដឹងថាយើងត្រូវ ហើយថាយើងមិនមែនកំពុងស្វែងរកអ្វីផ្សេងទៀតនោះទេ ” ( យ៉ូសែប អេហ្វ ស៊្មីធ, Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ 1998 ], ទំព័រ 56 ) ។
“ ពួកបរិសុទ្ធពិតប្រាកដចូលទៅក្នុង សេចក្ដីសម្រាកនៃព្រះអម្ចាស់ ខណៈពេលជីវិតនេះ និង ដោយការគោរពតាមសេចក្ដីពិត នោះពួកគេបន្ដនៅក្នុងសភាពមានពរជ័យនោះ រហូតដល់ពួកគេសម្រាកជាមួយនឹងព្រះអម្ចាស់នៅក្នុងសា្ថនសួគ៌ ។ … សេចក្ដីសម្រាកនៃព្រះអម្ចាស់ នៅក្នុងភាពអស់កល្បជានិច្ច គឺដើម្បីមានជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីទទួលបានភាពពេញលេញនៃសិរីល្អរបស់ព្រះអម្ចាស់ ” ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី, Mormon Doctrine, 2nd ed. [ ឆ្នាំ 1966 ], ទំព័រ 633 ) ។
សូមពន្យល់ថា អាលម៉ាបានដាស់តឿនប្រជាជនអាំម៉ូណៃហាឲ្យប្រែចិត្ត និង រៀបចំសម្រាប់ការយាងមកនៃព្រះគ្រីស្ទ ( សូមមើល អាលម៉ា 13:21–26 ) ។ បន្ទាប់មក គាត់បានចែកចាយនូវគោលការណ៍ទាំងឡាយដែលពួកគេត្រូវធ្វើតាមដើម្បីចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអម្ចាស់ ។
សូមឲ្យសិស្សអាន អាលម៉ា 13:27 ស្ងាត់ៗ ។
-
តើពាក្យនៅក្នុង អាលម៉ា 13:27 បង្ហាញពីរបៀបដែលអាលម៉ាបានមានអារម្មណ៍យ៉ាងណាអំពីប្រជាជន និង អំពីសារលិខិតរបស់គាត់ ?
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 13:27–29 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលគោលការណ៍ដែលអាលម៉ាសង្ឃឹមថា ប្រជាជននឹងធ្វើតាម ។ បន្ទាប់មក សូមឲ្យសិស្សសរសេរគោលការណ៍ទាំងនោះដែលពួកគេបានរកឃើញ ។ ជាឧទាហរណ៍ ពួកគេអាចនិយាយថា នៅពេលយើងឆ្លើយតបដោយបន្ទាបខ្លួនទៅនឹងការអញ្ជើញឲ្យកែប្រែចិត្ត នោះព្រះវិញ្ញាណនឹងដឹកនាំយើងទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់ ។
សូមអញ្ជើញឲ្យសិស្សសរសេរគោលការណ៍ដែលទាក់ទងនឹងរបៀបដែលពួកគេនឹងធ្វើតាមការប្រឹក្សានៅក្នុង អាលម៉ា 13:27–29 ។ សូមថ្លែងទីបន្ទាល់ថា យើងអាចចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់នៅក្នុងជីវិតនេះ និង នៅក្នុងជីវិតខាងមុខ នៅពេលយើងធ្វើតាមគោលការណ៍ទាំងឡាយដែលអាលម៉ាបានបង្រៀន ។