បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 19


មេរៀន​សិក្សា​នៅ​ផ្ទះ

អាលម៉ា 33–38 ( មេរៀន​ទី 19 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា 33–38( មេរៀនទី 19 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី 1 (អាលម៉ា 33–35)

អាលម៉ា​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​ថា យើង​អាច​ថ្វាយបង្គំ​ដល់​ព្រះ​ជាបន្ដ​ឥតដាច់​តាមរយៈ​ការអធិស្ឋាន ។ បន្ទាប់មក អាលម៉ា​បាន​បង្រៀន​ថា យើង​ទទួល​បាន​សេចក្ដីមេត្តាករុណា​របស់​ព្រះវរបិតាសួគ៌ ដោយ​រួមមាន​ការអភ័យទោស​ចំពោះ​អំពើបាប​របស់​យើង ដោយសារតែ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាមូលេក​បាន​បង្រៀន​ដល់​សាសន៍​សូរាំ​ថា ដង្វាយធួន​ដ៏​និរន្ដរ៍ និង​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​នូវ​ការសង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ ។ សិស្ស​ក៏​បាន​រៀន​ដែរ​ថា ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដង្វាយធួន យើង​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​ចំពោះ​ការប្រែចិត្ត ។

ថ្ងៃទី 2 (អាលម៉ា 36)

ចេញពីដំណើររឿង​របស់​អាលម៉ា​នៃ​ការប្រែចិត្ត​ជឿ​របស់​គាត់ សិស្ស​បាន​រៀន​ថា អំពើបាប​អាច​ដឹកនាំ​ទៅរក​ការឈឺចាប់ និង​ការសោកស្ដាយ​ដ៏​ខ្លាំង ។ លើសពី​នេះ ពួកគេ​បាន​រៀន​ថា ប្រសិនបើ​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​នឹង​ដោះលែង​យើង​ពី​ការឈឺចាប់​នៃ​អំពើបាប​របស់​យើង ហើយ​បំពេញ​យើង​ដោយ​សេចក្ដីអំណរ ។ ដូចជា​អាលម៉ា​ដែរ យើង​អាច​ទទួល​បាន​សេចក្ដីអំណរ​ដ៏​អស្ចារ្យ នៅពេល​យើង​ខំ​នាំ​អ្នកដទៃ​ឲ្យ​មកកាន់​ព្រះគ្រីស្ទ ។

ថ្ងៃទី 3 (អាលម៉ា 37)

អាលម៉ា​បាន​ឲ្យ​កូនប្រុស​របស់​គាត់ ហេលេមិន ទទួល​បន្ទុក​រក្សា និង​ការពារ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ ដោយ​ការសិក្សា​ពាក្យសម្ដី​របស់​អាលម៉ា សិស្ស​បាន​រៀន​ថា ដើម្បី​នាំ​មកនូវ​គោលបំណង​ដ៏​អស់កល្ប​របស់​ទ្រង់ ព្រះអម្ចាស់​ធ្វើការ​តាម​របៀប​តូចតាច និង​ងាយ ។ ពួកគេ​ក៏​បាន​រៀន​ដែរ​ថា ប្រសិនបើយើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ យើង​នឹង​រីកចម្រើន ។ អាលម៉ា​បាន​បង្រៀន​កូនប្រុស​របស់​គាត់​ថា យើង​គួរ​រៀន​នៅក្នុង​យុវវ័យ​របស់​យើង​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ថា​ប្រសិនបើ​យើង​គោរព​តាម​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ វា​នឹង​ដឹកនាំ​យើង​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ថ្ងៃទី 4 (អាលម៉ា 38)

នៅពេល​សិស្ស​បាន​សិក្សា​ពី​ការប្រឹក្សា​របស់​អាលម៉ា​ដល់​ស៊ិបឡុន ពួកគេ​បាន​រៀន​ថា នៅពេល​ពួកគេ​ចាប់ផ្ដើម​ខ្ជាប់ខ្ជួន និង​ស្មោះត្រង់​នៅក្នុង​យុវវ័យ​របស់​ពួកគេ​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ពួកគេ​អាច​នាំ​មក​នូវ​សេចក្ដីអំណរ​ដ៏​អស្ចារ្យ​ដល់​ឪពុកម្ដាយ​របស់​ពួកគេ ។ អាលម៉ា​បាន​ថ្លែងទីបន្ទាល់​ដល់​កូនប្រុស​របស់​គាត់​ថា ព្រះ​នឹង​ដោះលែង​បុគ្គល​ម្នាក់ៗ​ពី​ឧបសគ្គ បញ្ហា និង​សេចក្ដីវេទនា​ទាំងឡាយ នៅពេល​ពួកគេ​ទ្រាំ​នឹង​អ្វីៗ​ទាំងអស់​ដោយ​សេចក្ដីអត់ធ្មត់ និង​ទុកចិត្ត​លើ​ទ្រង់ ។ អាលម៉ា​ក៏​បាន​ថ្លែងទីបន្ទាល់​ថា ដើម្បី​ទទួល​បាន​ការផ្ដាច់បាប​របស់​យើង និង​ទទួល​បាន​សេចក្ដីសុខសាន្ដ​ដល់​ព្រលឹង​របស់​យើង យើង​ត្រូវតែ​អំពាវនាវ​ដល់​ព្រះអម្ចាស់​សុំ​សេចក្ដីមេត្តាករុណា ។ ទីបញ្ចប់ សិស្ស​បាន​រៀន​ថា ការអភិវឌ្ឍ​ឥរិយាបថ​ដ៏​សុចរិត​នឹង​រៀបចំ​យើង​ឲ្យ​បង្រៀន និង​បម្រើ​ដល់​អ្នកដទៃ ។

សេចក្តី​ផ្ដើម

អាលម៉ា​បាន​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​ថា ដង្វាយធួន​គឺ « និរន្ដរ៍ និង​អស់កល្ប​ជានិច្ច » ( អាលម៉ា 34:10 ) ។ សិស្ស​បាន​រៀន​ពី​សេចក្ដីពិត​នេះ​នៅក្នុង​ការសិក្សា​ប្រចាំ​សប្ដាហ៍​របស់​ពួកគេ ហើយ​មេរៀន​នេះ​នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​ឱកាស​បន្ថែម​ទៀត​ដើម្បី​យល់ និង​កោតសរសើរ​ដល់​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 33–35

អាលម៉ា និង​អាមូលេក​បង្រៀន​ដល់​ពួកសាសន៍​សូរាំ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

សូមសួរ ៖ ហេតុអ្វីបានជា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ធួន​សម្រាប់​អំពើបាប​នៃ​ពិភពលោក ?

សូម​រំឭក​សិស្ស​ថា ជា​ផ្នែក​នៃ​កិច្ចការ​ប្រចាំ​សប្ដាហ៍​របស់​ពួកគេ សូម​អាន អាលម៉ា 34:10–14 ហើយ​គូស​ចំណាំ​ឃ្លា​ដែល​រួមមាន​ពាក្យ និរន្ដរ៍ និង​អស់កល្ប ។សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ឮៗ ហើយ​បន្ទាប់មក​សូម​ឲ្យ​សិស្ស​ចែកចាយ​ឃ្លា​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុននៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​និរន្ដរ៍ និង​អស់កល្ប ៖

« ដង្វាយធួន​របស់​ទ្រង់​គឺ​និរន្ដរ៍ —ដោយ​គ្មា​ទីបញ្ចប់​ឡើយ ។ វា​ក៏ជា​និរន្ដរ៍​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ៍​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ … វា​ជានិរន្ដរ៍​ក្នុង​បរិបទ —វា​ត្រូវ​ធ្វើ​តែ​ម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដីមេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិនត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏​និរន្ដរ៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​និរន្ដរ៍​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ត្រូវបាន​បង្កើត​ដោយ​ទ្រង់ ។ វា​ជា​និរន្ដរ៍​លើស​ពី​ការស្មាន​នៃ​រង្វាស់​របស់​មនុស្ស ឬ លើសពី​ការយល់ដឹង​ខាង​សាច់ឈាម ។

« ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរ៍​មួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រសូត្រ​ពី​ម្ដាយ​ជា​សាច់ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ខាង​វិញ្ញាណ ។ ដោយសារតែ​ការប្រសូត្រ​ដែល​មាន​តែមួយ​គត់​នោះ ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏​និរន្ដរ៍​មួយ » ( « The Atonement »Ensign,ខែ វិច្ឆិកា ឆ្នាំ 1996, ទំព័រ 35 ) ។

សូម​សួរ ៖ តើ​ការបង្រៀន​របស់​អាមូលេក និង​ការពន្យល់​ពី​អែលឌើរ ណែលសុន នេះ​បាន​ជួយ​យើង​ឲ្យ​យល់​ថា ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ​គឺជា​យេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​សម្រាប់​អំពើបាប​នៃ​លោកិយ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​កន្លង​មក​ពី អាលម៉ា 34 អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា គោលការណ៍​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​រៀន​ពី​ផ្នែក​នេះ​គឺ​ថា ដង្វាយធួន​ដ៏​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ​សម្រាប់​មនុស្ស​ទាំងអស់ ។

សូម​សរសេរ​ឃ្លា​ខាងក្រោម​នៅលើក្ដារខៀន ឬ ក្រដាស​មួយ ៖ សូម​ស្រមៃ​ពី​ជីវិត​ដែល​គ្មាន …

សូម​លើក​វត្ថុ​មួយ​ដែល​យុវវ័យ​ជាច្រើន​ឲ្យ​តម្លៃ ( ដូចជា​ទូរស័ព្ទ​ដៃ​មួយ ) ។ សូម​សួរ ៖ តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​បើ​គ្មាន​វត្ថុ​នេះ ?

បន្ទាប់មក សូម​លើក​ដប ឬ កែវ​ទឹក​មួយ ( ឬ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​សំខាន់​ដើម្បី​ចិញ្ចឹម​ជីវិត ) ។ សូម​សួរ ៖ តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​បើ​គ្មាន​ទឹក ?

ក្រោយពី​សិស្ស​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ហើយ សូម​បំពេញ​ប្រយោគ​នៅលើ​ក្ដារខៀន ៖ សូម​ស្រមៃ​ពី​ជីវិត​ដែល​គ្មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​ស្រមៃ​មនុស្ស​នឹង​មើល​ទៅ​ជីវិត​យ៉ាងណាដែរ ប្រសិនបើ​ពួកគេ​មិន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ឬ ប្រសិនបើ​ពួកគេ​មិន​ជឿ​ថា​មាន​ព្រះ​នោះ ?

  • តើ​អ្នក​ស្រមៃ​ថា​ជីវិត​នឹង​ខុសគ្នា​យ៉ាងណា​សម្រាប់​អ្នក បើ​គ្មាន​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​មួយ​ស្របក់​នូវ​សំណួរ​នេះ មុនពេល​ឲ្យ​ពួកគេ​ឆ្លើយ ។ )

សូម​ពន្យល់​ថា អាមូលេក​បាន​បង្រៀន​ពួកសាសន៍​សូរាំ​ថា ពួកគេ​ត្រូវ​ប្រែចិត្ត​ដើម្បី​នាំ​មក​នូវ​ពរជ័យ​នៃ​ដង្វាយធួន​មក​កាន់​ជីវិត​របស់​ពួកគេ ( សូមមើល អាលម់ា 34:15–17 ) ។ សូមសួរ​សិស្ស​ថា​តើ​ពួកគេ​ធ្លាប់​ពន្យារពេល​ប្រែចិត្ត ដោយសារ​ពួកគេ​ខ្លាច​នឹង​សារភាព​អំពើបាប​របស់​ពួកគេ ឬ ខ្លាច​ថា​ពួកគេ​មិន​រឹងមាំ​ល្មម​ដើម្បី​ផ្លាស់ប្ដូរ​ទេ ។ បន្ទាប់មក​សូម​សួរ ៖ ហេតុអ្វីបានជា​វា​គ្រោះថ្នាក់​ក្នុង​ការពន្យារពេល​ប្រែចិត្ត ?

សូម​ឲ្យ​សិស្ស​ប្ដូរវេន​គ្នា​អាន​ឮ​ពី អាលម៉ា 34:30–35 ដោយ​រកមើល​អ្វី​ដេល​អាមូលេក​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​យើង​មិន​គួរ​ពន្យារពេល​ប្រែចិត្ត ។ សូម​ពិភាក្សា​ខគម្ពីរ​ទាំងនេះ​ដោយ​ការសួរ​សំណួរ​ខាងក្រោម ៖

  • សូមមើល​ទៅ អាលម៉ា 34:32 ។ ហេតុអ្វីបានជា​យើង​គួរ​ប្រែចិត្ត​ថ្ងៃនេះ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលការណ៍​នេះ ៖ ជីវិត​នេះ​គឺជា​ពេលវេលា​សម្រាប់ឲ្យ​យើង​ប្រុងប្រៀបខ្លួន​ទៅជួប​នឹងព្រះ ។ )

  • សូមមើល​ទៅ អាលម៉ា 34:33 ។ តើ​អ្វី​គឺជា​គោលបំណង​នៃ​ជីវិត​នេះ ? តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​អស់​អ្នក​ពន្យារពេល​ប្រែចិត្ត ?

  • សូម​មើល​ទៅអាលម៉ា 34:31 ។ តើ​សេចក្ដីសន្យា​អ្វី​ដែល​ត្រូវបាន​ផ្ដល់​ទៅអ្នក​ដែល​ប្រែចិត្ត​នាពេល​ឥឡូវ ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

« អ្នក​មិន​ត្រូវ​ដឹង​អ្វីៗ មុនពេល​ព្រះចេស្ដា​នៃ​ដងា្វយធួន​នឹង​ធ្វើការ​សម្រាប់​អ្នក​នោះទេ ។ សូម​មាន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ; វា​ចាប់ផ្ដើម​មាន​អំណាច​នៅថ្ងៃ​ដែល​អ្នក​សុំ ! » ( « Washed Clean »Ensign,ខែ ឧសភា ឆ្នាំ 1997,ទំព័រ 10 ។ )

សូម​សួរ ៖ តើ​សេចក្ដីថ្លែងការណ៍ដោយ​ប្រធាន​ផាកកឺ​នេះ​បង្រៀន​អ្នក​អ្វីខ្លះ ? ហេតុអ្វីបានជា​វា​ជួយ​ដល់​អ្នក ?

អាលម៉ា 36

អាលម៉ា​បង្រៀន​កូនប្រុស​របស់​គាត់ ហេលេមិន

សិស្ស​របស់​អ្នក​បាន​សិក្សា​ការបង្រៀន​របស់​អាលម៉ា​ដល់​កូនប្រុស​របស់​គាត់ ហេលេមិន នៅក្នុង អាលម៉ា 36 ហើយ​បាន​រៀន​អំពីសេចក្ដីអំណរ​ដែល​អាលម៉ា​បាន​មាន នៅពេល​គាត់​បាន​ប្រែចិត្ត​ដោយ​ស្មោះត្រង់​ពី​អំពើបាប​របស់​គាត់ ។ សិស្ស​ត្រូវ​បាន​សុំ​ឲ្យ​អាន អាលម៉ា 36:19–22 ហើយ​បន្ទាប់មក​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះបាន​បង្រៀន​ដល់​ពួកគេ​អំពី​ព្រះចេស្ដា​នៃ​ដង្វាយធួន ( ថ្ងៃទី 2 កិច្ចការ​ទី 3 ) ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​បញ្ចប់​ដោយ​ទីបន្ទាល់​ផ្ទាល់​របស់​អ្នក​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីអំណរ​ដែល​មក​ពី​ការប្រែចិត្ត ។

មេរៀន​បន្ទាប់ ( អាលម៉ា 39–44 )

សូម​ឲ្យ​សិស្ស​គិត​អំពី​របៀប​ដែល​ឪពុកម្ដាយ​ដែល​បារម្ភ និង​ស្រឡាញ់​ម្នាក់​ដែល​អាច​កែតម្រូវ​កូនប្រុស ឬ កូនស្រី​ដែល​បាន​រំលង​ច្បាប់​ផ្លូវ​ភេទ​យ៉ាងខ្លាំង ។ អាលម៉ា​បាន​ជួប​នឹង​ស្ថានភាព​នេះ ហើយ​បាន​បង្រៀន​សេចក្ដីពិត​ដ៏​សំខាន់​ដល់​កូនប្រុស​របស់​គាត់ កូរីអានតុន ដែល​បាន​ប្រព្រឹត្ត​អំពើបាប​អំឡុងពេល​បម្រើ​បេសសកម្ម ។