បណ្ណាល័យ
មេរៀនទី 100 ៖ អាលម៉ា 43–44


មេរៀនទី 100

អាលម៉ា 43–44

សេចក្តី​ផ្ដើម

នៅពេល​អាលម៉ា និង​កូនប្រុស​របស់​គាត់​បាន​បន្ដ​បង្រៀន​ដំណឹងល្អ ពួកសាសន៍​សូរាំ​បាន​ចូលរួម​នឹង​កងទ័ព​ពួកសាសន៍​លេមិន​ដើម្បី​វាយប្រហារ​ពួកសាសន៍​នីហ្វៃ ។ មេទ័ព​មរ៉ូណៃ​បាន​បង្ហាញ​សេចក្ដីជំនឿ និង​ប្រាជ្ញា​ក្នុង​ការដឹកកនាំ​ពួកសាសន៍​នីហ្វៃ​ឲ្យ​ការពារ​ខ្លួនគេ​ប្រឆាំង​នឹង​កងទ័ព​ពួកសាសន៍​លេមិន ។ ទោះបីជា​ពួកគេ​មាន​ចំនួន​ច្រើន​ក្ដី ការរៀបចំ​របស់​កងទ័ព​សាសន៍​នីហ្វៃ និង​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពួកគេ​នៅក្នុង​ចម្បាំង ។ នៅពេល​ពួកសាសន៍​លេមិន​បាន​ប្រឈមមុខ​នឹង​ការបរាជ័យ​មួយ​ចំនួន ពួកគេ​បាន​ធ្វើ​សេចក្ដីសញ្ញា​សន្ដិភាព​មួយ ហើយ​ចាកចេញ​ពី​ដែនដី​មួយ​រដូវកាល ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 43

ការរៀបចំ និង​យុទ្ធសាស្ដ្រ​របស់​មេទ័ព​មរ៉ូណៃ​ធ្វើ​ឲ្យ​រំខាន​ដល់​ការគ្រោង​របស់​កងទ័ព​សាសន៍​លេមិន

សូម​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ​នូវ​បញ្ជី​នៃ​ផែនការ គោលដៅ និង​បំណង​ទាំងឡាយ​សម្រាប់​អនាគត​របស់​ពួកគេ ។ នៅពេល​ពួកគេ​សរសេរ សូម​រំឭក​ពួកគេ​ឲ្យ​គិត​អំពី​គោលដៅ និង​បំណងប្រាថ្នា​ខាង​វិញ្ញាណ​ដូចជា​ការបម្រើ​បេសកកម្ម ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការចិញ្ចឹម​ថែទាំ​គ្រួសារ ។ មុនចាប់ផ្ដើម​ថ្នាក់ អ្នក​អាច​សរសេរ​បញ្ជី​នៃ​គោលដៅ និង​បំណង​របស់​អ្នក​ផ្ទាល់ខ្លួន ។ អ្នក​អាច​ចែកចាយ​គម្រោង និង​បំណង​របស់​អ្នក​ខ្លះ​ជាគំរូ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចាប់ផ្ដើម​សរសេរ ។

ក្រោយពី​សិស្ស​សរសេរ​គម្រោង​របស់​ពួកគេ​ហើយ សូម​ឲ្យ​ពួកគេ​រក​មើល​បំណង និង​គោលដៅ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា សាតាំង​នឹង​មិន​ចង់​ឲ្យ​ពួកគេ​សម្រេច​វា​បាន ។ សូមឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គោលដៅ​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​មូលហេតុដែល​សាតាំង​នឹង​មិន​ចង់​ឲ្យ​ពួកគេ​សម្រេច​គោលដៅ​ទាំងនោះ ។ អ្នក​ក៏​អាច​សួរ​ឲ្យ​ពួកគេ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ខ្លាំងមាំ​អំពី​ការសម្រេច​បាន​គោលដៅ​ទាំងនោះ ។ សូម​ស្នើ​ថា​ការសិក្សា​មួយ​លើ អាលម៉ា 43–44 អាច​ជួយ​យើង​ឲ្យ​ឃើញ​ពី​របៀប​ដែល​យើង​អាច​សម្រេច​គោលដៅ ដ៏​សុចរិត​របស់​យើង ទោះបី​មាន​ឧបសគ្គ​នៃ​ការខិតខំ​ដើម្បី​បំផ្លាញ​ក្ដី ។

សូម​សង្ខេប អាលម៉ា 43:1–4 ដោយ​ការពន្យល់​ថា ថ្វីបើ​អាលម៉ា​ខិតខំ​ដើម្បី​នាំ​ពួកសាសន៍​សូរាំ​ឲ្យ​ត្រឡប់​មក​កាន់​សាសនាចក្រ​វិញ​ក្ដី ក៏​ពួកគេ​ជាច្រើន​បាន​ចូលរួម​នឹង​ពួកសាសន៍​លេមិន ហើយ​បាន​រៀបចំ​វាយប្រហារ​ពួកសាសន៍​នីហ្វៃ ។ ពួកគេ​ក៏​បាន​ចូលរួម​ដោយ​ពួកសាសន៍​អាម៉ាលេកៃ ដែល​ដូចជា​ពួកសាសន៍​សូរាំ​ដែរ ធ្លាប់​បាន​ជា​សាសន៍​នីហ្វៃ ប៉ុន្ដែ​បាន​វង្វេង​ពី​សេចក្ដីពិត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 43:5–8 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​គម្រោង ឬ « គោលបំណង​ទាំងឡាយ» របស់​អ្នកដឹកនាំ​ពួកសាសន៍​នីហ្វៃ​ឈ្មោះ​ថា សេរ៉ាហិមណា ។

សូម​ពន្យល់​ថា នៅពេល​សិស្ស​សិក្សា​ពី​ដំណើររឿង​នៃ​ការច្បាំង​ខាង​រូបកាយ​នៅក្នុង​ព្រះគម្ពីរ​មរមន យើង​អាច​ប្រៀបធៀប​ពួកគេ​ទៅនឹង​ចម្បាំង​ខាងវិញ្ញាណ​ដែល​យើង​ជួប ។

  • តើ​គោលបំណង​របស់​សេរ៉ាហិមណា​ប្រឆាំង​នឹង​ពួកសាសន៍​នីហ្វៃ​អាច​ដូចជា​គោលបំណង​ដែល​សាតាំង​មាន​ប្រឆាំង​នឹង​យើង​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 43:9–12 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​គោលបំណង​របស់​ពួកសាសន៍​នីហ្វៃ ។

  • តើ​អ្វី​ជា​គោលបំណង​របស់​ពួកសាសន៍​នីហ្វៃ ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 43:16–19 ដោយ​ស្ងាត់ៗ ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​មរ៉ូណៃ ជា​មេទ័ព​នៃ​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ​ដើម្បី​រៀបចំ​ប្រជាជន​ឲ្យ​ការពារ​ដែនដី និង​គ្រួសារ​របស់​ពួកគេ ។

  • តើ​រឿងជាក់លាក់​អ្វីខ្លះ​ដែល​សាសន៍​នីហ្វៃ​បាន​ធ្វើ ដើម្បី​រៀបចំ​សម្រាប់​ការវាយប្រហារ​ពួកសាសន៍​លេមិន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 43:20–22 ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ប្រតិកម្ម​របស់​ពួកសាសន៍​លេមន​ទៅនឹង​ការរៀបចំ​របស់​សាសន៍​នីហ្វៃ ។

  • ហេតុអ្វីបានជា​ពួកសាសន៍​លេមិន​បាន​ដកថយ​ការវាយប្រហារ​របស់​ពួកគេ ទោះបីជា​ពួកគេ​មាន​ចំនួន​ដ៏​ច្រើន​ក្រៃ​លើស​ពួកសាសន៍​នីហ្វៃ​ក្ដី ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ហេតុការណ៍​នេះ​អំពី​ការការពារ​ខ្លួន​យើងប្រឆាំង​នឹង​គោលបំណង​របស់​សាតាំង ?

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 43:23–24 ដោយ​ស្ងាត់ៗ​ដើម្បី​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​ធ្វើ នៅពេល​គាត់​មិន​ប្រាកដ​ពី​របៀប​ដែល​សត្រូវរបស់​គាត់​បាន​គ្រោង​ដើម្បី​វាយលុក​លើកក្រោយ ។

  • ហេតុអ្វី​បានជា​មរ៉ូណៃ​បានបញ្ជូន​អ្នកនាំសារ​ទៅនិយាយ​ជាមួយ​នឹង​អាលម៉ា ?

  • តើ​គំរូ​របស់​មរ៉ូណៃ​អាច​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​យើង​អាច​ត្រូវបាន​រៀបចំ​ខាង​វិញ្ញាណ​ប្រឆាំង​នឹង​ឧបសគ្គ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ខាងក្រោម ៖ ប្រសិនបើ​យើង​ស្វែងរក និង​ធ្វើ​តាម​ការប្រឹក្សា​របស់​ព្យាការី យើង​នឹង​អាច​ការពារ​ខ្លួនយើង​កាន់តែ​ប្រសើរ​ប្រឆាំង​នឹង​ឧបសគ្គ ។

សូម​សង្ខេប អាលម៉ា 43:25–43 ដោយ​ការនិយាយ​ថា មរ៉ូណៃ​បាន​ធ្វើសកម្មភាព​តាម​ចំណេះដឹង​ដែល​គាត់​បាន​ទទួល​ពី​ព្យាការី ។ គាត់​បាន​បែងចែក​កងទ័ព​របស់គាត់​ជា​ពីរ​ផ្នែក ។ ទាហាន​ខ្លះ​ស្នាក់នៅ​ក្នុង​ទីក្រុង​យើសុន​ដើម្បី​ការពារ​ប្រជាជន​អាំម៉ូន ។ កងទ័ព​ផ្សេង​ទៀត​ឆ្ពោះទៅ​ដែនដី​ម៉ាន់តៃ ។ មរ៉ូណៃ​បាន​បញ្ជូន​គិញ​សម្ងាត់​ដើម្បី​រកមើល​កន្លែង​ដែល​ពួកសាសន៍​លេមិន​ស្នាក់នៅ ហើយ​គាត់​បាន​ឲ្យ​ទាហាន​ផ្សេង​ទៀត​លាក់ខ្លួន​តាម​បណ្ដោយ​ផ្លូវ​ដែល​ពួកសាសន៍​លេមិន​ធ្វើដំណើរ ។ នៅពេល​ពួកសាសន៍​លេមិន​ទៅដល់ ទាហាន​សាសន៍​នីហ្វៃ​បាន​ឡោមព័ទ្ធ​ពួកគេ ។ នៅពេល​ពួកសាសន៍​លេមិន​បាន​ឃើញ​ថា ពួកគេ​ត្រូវបាន​ឡោមព័ទ្ធ​ហើយ ពួកគេ​បាន​ប្រយុទ្ធ​យ៉ាង​សាហាវ ។ សាសន៍​នីហ្វៃ​ជាច្រើន​បាន​ស្លាប់ ប៉ុន្ដែ​ពួកសាសន៍​លេមិន​បាន​រងទុក្ខ​និង​មាន​របួស​ជាច្រើន​អនេក ។

សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 43:43–54 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ភាពខុសគ្នា​រវាង​ការលើកទឹកចិត្ត និង​ប្រភព​នៃ​កម្លាំង​របស់​សាសន៍​លេមិន និង ការលើកទឹកចិត្ត និង​ប្រភព​នៃ​កម្លាំង​របស់​សាសន៍​នីហ្វៃ ។

  • តើ​អ្នក​បាន​កត់សម្គាល់​អ្វី​អំពី​មូលហេតុ​សម្រាប់​ការប្រយុទ្ធ​របស់​ពួកសាសន៍​លេមិន ? តើ​អ្នក​បាន​កត់សម្គាល់​អ្វី​អំពី​មូលហេតុ​សម្រាប់​ការប្រយុទ្ធ​របស់​ពួកសាសន៍​នីហ្វៃ ? តើ​ប្រភព​នៃ​កម្លាំង​របស់​សាសន៍​នីហ្វៃ​ខុសពី​ប្រភព​នៃ​កម្លាំង​របស់​សាសន៍​លេមិន​ដោយ​របៀបណា ? ( នៅពេល​ចាំបាច់ សូម​បង្ហាញ​ថា​ខណៈពេល​ដែល​ពួកសាសន៍​លេមិន​បាន​ប្រយុទ្ធ​ដោយសារ​ការស្អប់ និង​កំហឹង ពួកសាសន៍​នីហ្វៃ​ត្រូវបាន​បំផុស​ដោយ​បុព្វហេតុ​ដ៏​ល្អ​ជាង [ សូមមើលអាលម៉ា 43:45–47] ។ ពួកគេ​បាន​ស្រែក​សុំ​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​ទ្រង់​បាន​ពង្រឹង​ដល់​ពួកគេ [ សូមមើលអាលម៉ា 43:49–50] ។ )

  • តើ​យើងអាច​រៀន​អ្វី​ខ្លះ ពី​គំរូ​របស់​មរ៉ូណៃ និង​កងទ័ព​របស់​គាត់​ដើម្បី​ជួយ​យើង​នៅក្នុង​ចម្បាំង​របស់​យើង​ប្រឆាំង​នឹង​ឧបសគ្គ ?

សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​ទៅនឹង​សំណួរ​នេះ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ពួកគេ​អាច​លើកឡើង​នូវ​គោលការណ៍​ខាងក្រោម​ខ្លះ ៖

នៅពេល​យើង​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​សម្រេច​គម្រោង និង​បំណង​ដ៏​សុចរិត​របស់​យើង ព្រះ​នឹង​ជួយ​យើង​ឲ្យ​សម្រេច​វា​បាន ។

យើង​ត្រូវបាន​បំផុស​ដោយ​បុព្វហេតុ​ដ៏​ល្អ​ជាង​អ្នកដែល​ប្រឆាំង​នឹង​សេចក្ដីពិត ។

ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​យើង​ដើម្បី​ការពារ​គ្រួសារ សេរីភាព និង​សាសនា​របស់​យើង ។

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ពេល​ខ្លះដែល​ពួកគេ​បាន​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​សម្រេច​បាន​គោលដៅ​ដ៏​សុចរិត ។ សូម​គិត​ពី​ការចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្នក ។ សូម​ថ្លែងទីបន្ទាល់​ពី​សមត្ថភាព​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង​ឲ្យ​សម្រេច​បាន​ការធ្វើ​សុចរិត ។ សូម​ឲ្យ​សិស្ស​ដាក់​គោលដៅ​សុចិរត​ជា​ផ្នែក​មួយ​នៃ​ការអធិស្ឋាន​ដ៏​ឥតដាច់​របស់​ពួកគេ ។

អាលម៉ា 44

មេទ័ព​មរ៉ូណៃ​បញ្ជា​ពួកសាសន៍​លេមិន​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​សន្ដិភាព

សូម​ឲ្យ​យុវជន​ម្នាក់​ដែល​ចង់​អាន​ឮៗ ឲ្យ​ឡើងមក​ខាង​មុខ​ថ្នាក់​ជាមួយ​នឹង​ព្រះគម្ពីរ​របស់​គាត់ ។ សូម​រំឭក​សិស្ស​ក្នុង​ថ្នាក់​ថា នៅពេល​មេទ័ព​មរ៉ូណៃ​បាន​ឃើញ​ការភ័យខ្លាច​របស់​ពួកសាសន៍​លេមិន គាត់​បាន​បញ្ជា​ឲ្យ​កងទ័ព​របស់​គាត់​ឈប់​ប្រយុទ្ធ ( សូមមើល អាលម៉ា 43:54) ។ សូម​ឲ្យ​យុវជន​នោះ​អាន​សម្ដី​របស់​មរ៉ូណៃ​នៅក្នុង អាលម៉ា 44:1–6 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកនូវ ការពន្យល់​របស់​មរ៉ូណៃ​នៃ​ជ័យជំនះ​របស់​ពួកសាសន៍​នីហ្វៃ ។

  • តើ​មរ៉ូណៃ​ចង់​ឲ្យ​សេរ៉ាហិមណា​យល់​អំពី​ប្រភព​នៃ​កម្លាំង​របស់​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ចម្បាំង ? តើ​គាត់​បាន​ផ្ដល់​អ្វី​ដល់​ពួកសាសន៍​លេមិន ? ( គាត់​បាននិយាយ​ថា ពួកសាសន៍​នីហ្វៃ​នឹង​មិន​ធ្វើបាប​ពួកគេ​ទៀតឡើយ ប្រសិនបើ​ពួកគេ​ទម្លាក់​អាវុធ ហើយ​ចូលទៅក្នុង​សេចក្ដីសញ្ញា​សន្ដិភាព​មួយ ។

  • តើ​សេចក្ដីពីត​អ្វី​ដែល​យើង​អាច​រៀន​ពី អាលម៉ា 44:4–6 ដែល​អាច​ជួយ​យើង​នៅក្នុង​ចម្បាំង​ខាង​វិញ្ញាណ​របស់​យើង ? ( សិស្ស​អាច​ចែកចាយ​គោលការណ៍​បីបួន ដែល​បាន​រៀន​រួចហើយ​នៅក្នុង​មេរៀន​នេះ ។ សូម​ប្រាកដ​ថា ពួកគេ​រាប់​បញ្ចូល​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​នឹង​ពង្រឹង ហើយ​ការរពារ​យើង​ស្របតាម​សេចក្ដីជំនឿ​របស់​យើង​លើ​ទ្រង់ ។អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូស​ចំណាំ​ខគម្ពីរ​ទាំងនេះ​ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ការប្រឹក្សា​ខាងក្រោម​ដល់​យុវវ័យ​នៃ​សាសនាចក្រ ពី​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ។ អ្នក​អាច​ចែក​ច្បាប់​ចម្លង​ដល់​សិស្ស​ម្នាក់ៗ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យុវវ័យ​សព្វថ្ងៃ​នេះ​ត្រូវបាន​ចិញ្ចឹម​ធំធាត់​ឡើង​នៅក្នុង​ដែនដី​សត្រូវ​ដោយ​មាន​បទដ្ឋាន​សីលធម៌​ធ្លាក់​ចុះ​យ៉ាងខ្លាំង ។ ប៉ុន្ដែ​ក្នុងនាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ខ្ញុំ​សន្យា​នឹង​អ្នក​ថា អ្នក​នឹង​ត្រូវបាន​ការពារ និង​បាំង​ពី​ការវាយប្រហារ​នៃ​ឧបសគ្គ ប្រសិនបើ អ្នកធ្វើតាម​ការបំផុស​ដែល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« សូម​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ សូម​និយាយ​ដោយ​មាន​គារវភាព សូម​ស្ដាប់​តន្ដ្រី​ណា​ដែល​លើកកម្លាំង ។ សូម​ចៀសវាង​ការអនុវត្ត​ជីវិត​រមែងស្លាប់​ទាំងអស់ និង​ការអនុវត្ត​ដែល​បន្ថោក​ផ្ទាល់ខ្លួន ។ សូម​ក្ដាប់ជីវិត​របស់​អ្នក ហើយ​បញ្ជា​ខ្លួន​អ្នក​ឲ្យ​ឆ្លាតវៃ ។ ដោយសារ​យើង​ពឹង​លើ​អ្នក​ខ្លាំង អ្នក​នឹង​ត្រូវបាន​ពរជ័យ​យ៉ាងខ្លាំង​ដែរ ។ អ្នក​នឹង​មិនដែល​ចេញ​ឆ្ងាយពី​ក្រសែព្រះនេត្រ​នៃ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​អ្នក​ឡើយ » ( « Counsel to Youth »Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 18 ) ។

  • នៅក្នុង​ប្រសាសន៍​របស់​ប្រធាន ផាកកឺ តើ​អ្វី​ដែល​អ្នក​ចាប់អារម្មណ៍ ? ហេតុអ្វី ?

សូម​សង្ខេប អាលម៉ា 44:7–10 ដោយ​ការពន្យល់​ថា សេរ៉ាហិមណា​បាន​ប្រកាស​ថា គាត់​និង​ប្រជាជន​របស់​គាត់​មិន​ជឿ​ថា ពួកសាសន៍​នីហ្វៃ​ត្រូវបាន​ពង្រឹង​ដោយ​ព្រះ​នោះទេ ។ គាត់​បាន​ឲ្យ​ពួកសាសន៍​លេមិន​ទម្លាក់​អាវុធ​ចុះ ប៉ុន្ដែ​គាត់​បាន​បដិសេធ​ធ្វើ​សេចក្ដីសញ្ញា​សន្ដិភាព​មួយ ។ សូម​ឲ្យ​សិស្ស​ដែល​អាន អាលម៉ា 44:1–6 បន្ដ​អាន​ឮៗ​នូវ​សម្ដី​របស់​មរ៉ូណៃ​ដល់​សេរ៉ាហិមណា ដែល​មាន​នៅក្នុង អាលម៉ា 44:11 ។ សូម​សួរ​សិស្ស ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​ខ្លាំងម្ល៉េះ​ដែល​មរ៉ូណៃ​ឲ្យ​ពួកសាសន៍​លេមិន​ធ្វើ​សេចក្ដីសញ្ញា​សន្ដិភាព​មួយ​នោះ ?

សូម​សង្ខេប អាលម៉ា 44:12–20 ដោយ​ការពន្យល់​ថា ខណៈពេល​ដែល​សាសន៍​លេមិន​ជាច្រើន​បាន​ធ្វើ​សេចក្ដីសញ្ញា​សន្ដិភាព​មួយ សេរ៉ាហិមំណា​បាន​ប្រជុំ​ពួកទ័ព​របស់​គាត់​ផ្សេង​ទៀត​ឲ្យ​ប្រយុទ្ធ​នឹង​ទ័ព​របស់​មរ៉ូណៃ ។ នៅពេល​សាសន៍​នីហ្វៃ​បាន​ចាប់ផ្ដើម​សម្លាប់​ពួកគេ សេរ៉ាហិមណា​បាន​ឃើញ​ការបំផ្លាញ​ដ៏​ខ្លាំង ហើយ​បាន​សន្យា​ថា​នឹង​ធ្វើ​សេចក្ដីសញ្ញា​សន្ដិភាព​មួយ ។

សូម​ថ្លែងទីបន្ទាល់​អំពី​ព្រះហស្ដ​ការពារ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នកដែល​ស្មោះត្រង់​នឹង​ទ្រង់ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រយុទ្ធ​ដោយ​ក្លាហាន​សម្រាប់​គោលដៅ និង​បំណង​ដ៏​សុចរិត​របស់​ពួកគេ ហើយ​ទុកចិត្ត​លើ​សេចក្ដីសន្យា​របស់​ព្រះ​ថា​នឹង « ទ្រទ្រង់ ហើយ​នឹង​ថែរក្សា​យើង​ឲ្យ​គង់វង្ស ដរាបណា​យើង​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់ » ( អាលម៉ា 44:4 ) ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 43:3 ។ សង្គ្រាម​ទាំងឡាយ​ដែលយើង​កំពុង​ប្រយុទ្ធ​បាន​ចាប់ផ្ដើម​នៅក្នុង​ជីវិត​មុន​ជីវិត​រមែងស្លាប់​របស់​យើង

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​អំព​ភាពពិត​នៃ​សង្គ្រាម​ដែល​យើង​បាន​ធ្វើ តាំងពី​ពីមុន​ពិភពលោក​បាន​ចាប់ផ្ដើម ៖

« មាន​សង្គ្រាម [ មួយ ] ដែល​បាន​ចាប់ផ្ដើម​ឡើង តាំងពី​មុន​លោកិយ​ត្រូវបាន​បង្កើត ហើយ​ដែល​ហាក់ដូចជា​បន្ដ​អស់រយៈពេល​ជាយូរ​ឥឡូវ​មក​ដល់​ហើយ ។…

« សង្គ្រាម​នេះ … គឺជា​សង្រ្គាម​រវាង​សេចក្ដីពិត និង​កំហុសឆ្គង រវាង​សិទ្ធិសេរីភាព និង​ការបង្ខំ រវាង​អ្នកដើរតាម​ព្រះគ្រីស្ទ និង​អ្នកដែល​បាន​បដិសេធ​ទ្រង់ ។ សត្រូវ​របស់​ទ្រង់​ទាំងឡាយ​បាន​ប្រើ​រាល់​ឧបាយកល​នៅក្នុង​វិបត្តិ​នោះ ។ …

« … វា​ហាក់ដូចជា​វា​ស្ថិតនៅ​កន្លែង​ចាប់ផ្ដើម ។… ជនរងគ្រោះ​ដែល​ធ្លាក់ គឺ​មាន​តម្លៃ​ដូច​ដែល​អ្នកដែល​បាន​ធ្លាក់​នៅក្នុង​អតីតកាល​ដែរ ។ វា​គឺជា​សង្រ្គាម​បន្ដ​ឥតដាច់​មួយ ។…

« សង្រ្គាម​បន្ដ ។… វា​បាន​ធ្វើសង្គ្រាម​ដ៏​ខ្លាំង​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង ទាំងថ្ងៃ​ទាំងយប់ នៅក្នុង​ផ្ទះ នៅ​កន្លែង​ធ្វើការ នៅ​សាលារៀន សហគមន៍​យើង ។ វា​បាន​ច្បាំង​នឹង​សំណួរ​នៃ​សេចក្ដីស្រឡាញ់ និង​ការគោរព នៃ​ភាពស្មោះត្រង់ និង​ការក្បត់ នៃ​ការគោរពតាម និង​សេចក្ដីសុចរិត ។ យើង​ទាំងអស់​គ្នា​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នេះ ។ យើង​កំពុងតែ​ឈ្នះ ហើយ​អនាគត​កាល​នឹង​មិន​ដែល​ភ្លឺថា​ជាងនេះ​ឡើយ » ( « The War We Are Winning » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 42, 44–45 ) ។

អាលម៉ា 43:9, 45 ។ ការពារ និង ពង្រឹង​ក្រុមគ្រួសារ

ស៊ីស្ទើរ វើរជីញ៉ា យូ ជិនសិន នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ស្ដ្រី​ទូទៅ​បាន​និយាយ​អំពី​ការព្រមាន​មួយ​នៅក្នុង​សេចក្ដីប្រកាស​អំពី​គ្រួសារ « ថា​ការបែកបាក់​នៅក្នុង​គ្រួសារ​នឹង​នាំ​មក​នូវ​មហន្ដរាយ​មក​ដល់​បុគ្គល​នោះ សហគមន៍ និង​ជាតិសាសន៍​ដូចដែល​បាន​ទាយទុក​ជាមុន​ដោយ​ពួកព្យាការី​សម័យ​បុរាណ និង​ពួកព្យាការី​សម័យ​ទំនើប » ( « The Family: A Proclamation to the World » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។ ស៊ិស្ទើរ ជិនសិន បាន​សង្កេត​ឃើញ​ថា ៖ « បងប្អូន​ប្រុសស្រី យើង​ស្ថិតនៅក្នុង​ពេលដ៏​ចំ​នៃ​ចំណុចកណ្ដាល​នៃ​ភាពពិត​នោះ ។ វា​គឺជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​ដើម្បី​ការពារ និង​ពង្រឹង​គ្រួសារ » ( « Come, Listen to a Prophet’s Voice » Ensign ខែ វិច្ឆិកា ឆ្នាំ 1998, ទំព័រ 13–14 ) ។