មេរៀនសិក្សានៅផ្ទះ
ម៉ូសាយ 26–អាលម៉ា 4 ( មេរៀនទី 14 )
សេចក្តីផ្ដើម
មេរៀននេះឲ្យសិស្សរំឭកពីគោលការណ៍នៃការប្រែចិត្ត និង សញ្ជឹងគិតអំពីតម្រូវរបស់យើងដើម្បីផ្លាស់ប្ដូរតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ —ដូចជាអាលម៉ាជាកូន និង បុត្រាទាំងឡាយនៃស្ដេចម៉ូសាយ ។ សូមអធិស្ឋានដើម្បីមានការដឹកនាំដើម្បីដឹងពីរបៀបដែលអ្នកអាចជួយដល់សិស្សបានខ្លាំងបំផុត ដើម្បីស្វែងរកការផ្លាស់ប្ដូរនេះនៅក្នុងជីវិតរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
ម៉ូសាយ 26
អាលម៉ាទទួលបានការបំផុសគំនិតអំពីរបៀបដើម្បីកាត់សេចក្ដីអ្នកដែលធ្វើអំពើបាបដ៏ធ្ងន់ធ្ងរ
ដើម្បីចាប់ផ្ដើមមេរៀននេះ សូមអញ្ជើញឲ្យសិស្សម្នាក់អានសេចក្ដីសង្ខេបជំពូកនៅដើមដំបូងនៃ ម៉ូសាយ 26 ។ សូមអានពីស្ថានភាពខាងក្រោមនេះដល់សិស្ស ។ សូមឲ្យសិស្សគិតអំពីអ្វីដែលពួកគេអាចធ្វើដើម្បីជួយដល់មនុស្សនៅក្នុងស្ថានភាពនីមួយៗ ។
-
យុវនារីម្នាក់បានប្រព្រឹត្តអំពើបាបមួយដ៏ធ្ងន់ធ្ងរ ប៉ុន្ដែនាងខ្លាចមិនហ៊ាននិយាយជាមួយនឹងប៊ីស្សពរបស់នាង ។
-
យុវជនម្នាក់បានមានបំណងប្រែចិត្ត ប៉ុន្ដែគាត់មិនដឹងពីរបៀប ។
-
យុវនារីម្នាក់បានធ្វើអំពើបាបមួយដែលនាងបានធ្វើមកម្ដងទៀត ហើយនាងបារម្ភថា ព្រះអម្ចាស់នឹងមិនអភ័យទោសដល់នាងទៀតឡើយ ។
-
យុវជនម្នាក់សម្រេចចិត្តប្រែចិត្ត ប៉ុន្ដែគាត់មិនព្រមអភ័យទោសដល់អ្នកដែលបានធ្វើខុសនឹងគាត់ឡើយ ។
សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ៖ ម៉ូសាយ 26:21–23, 29–31 ។សូមពន្យល់ដល់សិស្សថា ខគម្ពីរទាំងនេះកត់ត្រានូវវិវរណៈរបស់ព្រះអម្ចាស់ដល់អាលម៉ាអំពីប្រជាជនដែលបានធ្វើអំពើបាបធ្ងន់ធ្ងរ ។ សូមអញ្ជើញឲ្យសិស្សអានខគម្ពីរទាំងនេះ ហើយរកមើលគោលការណ៍មួយយ៉ាងតិច ដែលអាចជួយដល់បុគ្គលមួយៗដែលបានពិពណ៌នានៅក្នុងបញ្ជីខាងលើ ។ សូមឲ្យសិស្សបីបួននាក់ចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ អ្នកក៏អាចចែកចាយចម្លើយមួយ និង ទីបន្ទាល់របស់អ្នកអំពីគោលការណ៍មួយនៃការប្រែចិត្តដែលមាននៅក្នុង ម៉ូសាយ 26 ។
សូមរំឭកសិស្សថា ពួកគេបានគ្រោងដើម្បីអនុវត្តគោលការណ៍មួយដែលពួកគេបានរៀនពី ម៉ូសាយ 26 ក្នុងការព្យាយាមរបស់ពួកគេផ្ទាល់ដើម្បីប្រែចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមគម្រោងរបស់ពួកគេ ។
ម៉ូសាយ 27–28
អាលម៉ាជាកូន និង បុត្រាទាំងឡាយរបស់ម៉ូសាយប្រែចិត្ត ហើយកើតជាថ្មីម្ដងទៀត
ដើម្បីផ្ដល់គំរូនៃនរណាម្នាក់ដែលបានជួបបទពិសោធន៍នៃការផ្លាស់ប្ដូរដួងចិត្តដ៏ធំដល់សិស្ស សូមអញ្ជើញឲ្យពួកគេពីរបីនាក់ប្ដូរវេនគ្នាអានឮៗនូវបទពិសោធន៍ខាងក្រោមដោយអែលឌើរ ខេស ឃេ. ហីលប៊ីហ្គ នៃក្រុមចិតសិបនាក់ ៖
“ [ អែលឌើរវ័យក្មេងម្នាក់ដែលកំពុងបម្រើនៅទ្វីបអឺរ៉ុបភាគខាងកើត ] និង ដៃគូរបស់គាត់បានរកឃើញ និងបង្រៀនដល់បុរសវ័យកណ្ដាលឈ្មោះ អ៊ីវ៉ាន ។ … អ្នករៀនរបស់ពួកគេចេញមកពីប្រវត្តិដ៏ពិបាក ដូចដែលបានឃើញលើសំលៀកបំពាក់ដ៏ល្អរបស់គាត់ ពុកចង្ការស្រមូវ និង អាកប្បកិរិយាស្ទាក់ស្ទើរ ។ ជីវិតពិបាក និង មិនសូវល្អចំពោះគាត់ទេ ។
“ ដោយគ្មានការហ្វឹកហ្វឺនខាងសាសនាចពីមុន អ៊ីវ៉ានមានរឿងជាច្រើនដែលត្រូវយកឈ្នះ ។ ការអនុវត្តដែលមិនស្របនឹងដំណឹងល្អដែលបានស្ដារឡើងវិញ ត្រូវបានដាក់នៅដោយឡែក ។ គោលការណ៍ថ្មីជាច្រើនដែលត្រូវទទួលយក ហើយបន្ទាប់មកអនុវត្តតាម ។ អ៊ីវ៉ានចង់រៀន ហើយគាត់បានរៀបចំខ្លួនគាត់ដោយឧស្សាហ៍ព្យាយាមសម្រាប់ពិធីបុណ្យជ្រមុជទឹក និងការបញ្ជាក់របស់គាត់ ។ សំលៀកបំពាក់របស់គាត់នៅតែពិបាកមើល ហើយពុកចង្ការរបស់គាត់នៅតែស្រមូវ ប៉ុន្ដែគាត់បានទទួលយកជំហានទីមួយ ។ មិនយូរប៉ុន្មានបន្ទាប់ពីការជ្រមុជទឹករបស់អ៊ីវ៉ាន អ្នកផ្សព្វផ្សាយសាសនាក៏បានផ្លាស់ប្ដូរតំបន់ ។ គាត់បានសង្ឃឹមថា គាត់អាចជួបនឹងអ៊ីវ៉ានម្ដងទៀត ។
“ ប្រាំមួយខែក្រោយមក ប្រធានបេសកកម្មបានចាត់តាំងអែលឌើរដ៏ក្មេងម្នាក់នោះទៅសាខាពីមុនរបស់គាត់ ។ ដោយភ្ញាក់ផ្អើល ប៉ុន្ដែទន្ទឹងចង់ត្រឡប់ទៅវិញ អែលឌើរនោះជាមួយនឹងដៃគូរបស់គាត់ បានមកការប្រជុំសាក្រាម៉ង់ពីព្រលឹមនៅថ្ងៃអាទិត្យទីមួយនៃការត្រឡប់មកសាខាដើមវិញរបស់គាត់ ។ …
“ អែលឌើរបានស្គាល់ស្ទើរគ្រប់គ្នានៅក្នុងការប្រជុំតូចមួយ ។ ទោះជាយ៉ាងណាក្ដី គាត់បានរកដោយឥតប្រយោជន៍ក្នុងចំណោមបុរសដែលគាត់ និងដៃគូរបស់គាត់បានបង្រៀន និង ជ្រមុជទឹកកាលពីប្រាំមួយខែមុន ។ អារម្មណ៍អន់ចិត្ត និង ក្រៀមក្រំបានលេចឡើងនៅលើមុខរបស់អែលឌើរនោះ ។ …
“ ការភ័យខ្លាច និង ការឆ្លុះបញ្ចាំងរបស់អែលឌើរត្រូវបានបង្អាក់ដោយការមកដល់នៃបុរសដែលមិនស្គាល់ម្នាក់ ដែលប្រញាប់មកឱបអ្នកផ្សព្វផ្សាយសាសនានោះ ។ បុរសដែលបានកោរពុកចង្ការយ៉ាងស្អាតបានមានស្នាមញញឹមពោរពេញដោយទំនុកចិត្ត និង មានសេចក្ដីល្អដ៏ច្បាស់ចែងចាំងពីទឹកមុខរបស់គាត់ ។ ដោយពាក់អាវស និង ក្រវ៉ាត់កចងយ៉ាងផ្ចិតផ្ចង់ គាត់បានមករៀបចំសាក្រាម៉ង់សម្រាប់ការប្រជុំដ៏តូចនាព្រឹកថ្ងៃសិល្ប៍នោះ ។ រហូតដល់បុរសនោះចាប់ផ្ដើមនិយាយ ទើបអែលឌើរនោះស្គាល់គាត់ ។ គាត់ជាអ៊ីវ៉ានថ្មី មិនមែនអ៊ីវ៉ានពីមុនដែលពួកគេបានបង្រៀន និង ជ្រមុជទឹកនោះទេ ។ អែលឌើរបានឃើញតំណាងនៅក្នុងមិត្តភក្ដិរបស់គាត់នូវអព្ភូតហេតុនៃសេចក្ដីជំនឿ ការប្រែចិត្ត និង ការអភ័យទោស គាត់បានឃើញភាពពិតនៃដង្វាយធួន ។
“ … [ អ៊ីវ៉ាន ] បានទទួលបទពិសោធន៍នៃ ‹ ការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ›(អាលម៉ា 5:26) គ្រប់គ្រាន់សម្រាប់ទាំងត្រូវជ្រមុជទឹក និង បន្ដទៅមុខក្នុងដំណើរជាបន្បន្ទាប់នៃការប្រែចិត្តជឿ ” (“Experiencing a Change of Heart,” Ensign,ខែ មិថុនា ឆ្នាំ 2008, ឆ្នាំ 29–31 ) ។
សូមសួរ ៖ តើមានភស្ដុតាងអ្វីនៅក្នុងរឿងនេះ ដែលបង្ហាញពីរបៀបដែលអ៊ីវ៉ានបានផ្លាស់ប្ដូរ ? ( សូមប្រាកដថា វាច្បាស់ថា ការផ្លាស់ប្ដូរខាងក្រៅដែលអ៊ីវ៉ានបានធ្វើ គឺជាការបង្ហាញនៃការផ្លាស់ប្ដូរដ៏ជ្រាលជ្រៅមួយនៅខាងក្នុងខ្លួនគាត់ ។ )
សូមរំឭកសិស្សថា ម៉ូសាយ 27 ពិពណ៌នាពីបទពិសោធន៍ផ្សេងទៀតនៃការផ្លាស់ប្ដូរតាមរយៈដង្វាយធួន ។ សូមអញ្ជើញឲ្យសិស្សម្នាក់ក្រោកឈរនៅខាងមុខថ្នាក់ ហើយសង្ខេប ម៉ូសាយ 27 ។ ប្រសិនបើមាន សិស្សក៏អាចបង្ហាញរូបភាពនៃការប្រែចិត្តជឿរបស់អាលម៉ាជាកូន ( សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 77 ) ។ សូមឲ្យសិស្សផ្សេងទៀតអាន ម៉ូសាយ 27:24–26 ។ បន្ទាប់មក សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្នកដែលត្រូវតែផ្លាស់ប្ដូរតាមរយៈដង្វាយធួន ឬ “ កើតពីព្រះ” ។ នៅពេលសិស្សឆ្លើយ ពួកគេគួរបង្ហាញពីការយល់ដឹងនៃសេចក្ដីពិតដួចខាងក្រោម ៖ ពួកយើងម្នាក់ៗត្រូវតែកើតជាថ្មីម្ដងទៀតតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សូមសួរ ៖ តើអ្នកឃើញនរណាម្នាក់ផ្លាស់ប្ដូរទៅជាល្អជាងមុនតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមអញ្ជើញឲ្យសិស្សសញ្ជឹងគិតពីសំណួរដែលអ្នកផ្សព្វផ្សាយសាសនានៅក្នុងរឿងបានសួរខ្លួនគាត់ ក្រោយពីការជួបជាថ្មីនឹងអ៊ីវ៉ានថា ៖ “ តើ “ ការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ” មួយដែលខ្ញុំបានជួបកាលពីប្រាំមួយខែមុននោះមានច្រើនប៉ុណ្ណា ? … ‘ តើខ្ញុំបាន “ កើតជាថ្មីម្ដងទៀត ” ឬ ? ’ ” ( ដកស្រង់នៅក្នុង ខេស ឃេ ហីលប៊ីហ្គ “Experiencing a Change of Heart,” 31 ) ។
សូមអញ្ជើញឲ្យសិស្សអាន ម៉ូសាយ 27:24, 28ដោយរកមើលអ្វីដែលអាលម៉ាបានធ្វើ និង អ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីនាំមកនូវការផ្លាស់ប្ដូរនៅក្នុងអាលម៉ា ។ សូមឲ្យពួកគេពន្យល់ពីមូលហេតុដែលពួកគេជឿថា បុគ្គលម្នាក់ៗ និង ព្រះអម្ចាស់ត្រូវចូលរួមទាំងសងខាងនៅក្នុងការផ្លាស់ប្ដូរនៅក្នុងដួងចិត្តដ៏ខ្លាំងមួយ ។
សូមរំឭកសិស្សថា ពួកគេបានបំពេញក្នុងតារាងមួយដោយឃ្លាដែលបង្ហាញពីភាពខុសគ្នានៅក្នុងអាលម៉ាពីមុន និង ក្រោយពីការផ្លាស់ប្ដូរនៅក្នុងចិត្តរបស់គាត់ ( នៅក្នុងមេរៀននៃថ្ងៃទី 2 ) ។ កិច្ចការទីពីរ សម្រាប់ថ្ងៃទីពីរ សិស្សបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេនូវឃ្លាមួយក្នុងកូឡោន “ ក្រោយមក” ដែលពួកគេសង្ឃឹមថានឹងពិពណ៌នាវាពេញមួយជីវិតរបស់ពួកគេ និង ពន្យល់ពីមូលហេតុ ។ សូមអញ្ជើញឲ្យសិស្សបីបួននាក់ចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ សូមថ្លែងទីបន្ទាល់ថា ការផ្លាស់ប្ដូរនៅក្នុងចិត្តដ៏ខ្លាំងមួយ អាចកើតមានដល់យើងតាមយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេបានផ្លាស់ប្ដូរតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញឲ្យពួកគេចែកចាយនូវគំនិតរបស់ពួកគេ ប្រសិនបើពួកគេចង់ ។ អ្នកក៏អាចចែកចាយពីរបៀបដែលអ្នកបានផ្លាស់ប្ដូរតាមរយៈដង្វាយធួនដែរ ។
សូមលើកទឹកចិត្តដល់សិស្សឲ្យខិតខំឆ្ពោះទៅការទទួលបាននូវការផ្លាស់ប្ដូរនៅក្នុងចិត្ត ដើម្បីពួកគេអាចខិតទៅជិតព្រះអម្ចាស់ និង អនុញ្ញាតឲ្យដង្វាយធួនផ្លាស់ប្ដូរជីវិតរបស់ពួកគេ ។
សូមចម្លងតារាងខាងក្រោមលើក្ដារខៀនមុនពេលចាប់ផ្ដើមថ្នាក់ ឬ សូមកូពីដល់សិស្សមួយៗម្នាក់ ។
តើអាលម៉ា និង បុត្រាទាំងឡាយនៃស្ដេចម៉ូសាយបានផ្លាស់ប្ដូរដោយរបៀបណា ? តើគោលការណ៍អ្វីដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ ? តើអ្នកគិតថា ហេតុអ្វីបានជាការសងវិញគឺជាផ្នែកដ៏សំខាន់មួយនៃការប្រែចិត្ត ? |
តើបុត្រាទាំងឡាយរបស់ស្ដេចម៉ូសាយបានផ្លាស់ប្ដូរដោយរបៀបណា ? តើគោលការណ៍អ្វីដែលអ្នកបានរៀនពីខគម្ពីរទាំងនេះ ? តើបទពិសោនធ៍អ្វីនៅក្នុងជីវិតរបស់អ្នក ដែលបានដឹកនាំអ្នកឲ្យចង់ចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ ? |
សូមឲ្យសិស្សពាក់កណ្ដាល់ថ្នាក់ឆ្លើយបឹងសំណួរនៅក្នុងកូឡោនទីមួយនៃតារាង និង សិស្សផ្សេងទៀតឆ្លើយនឹងសំណួរនៅក្នុងកូឡោនទីពីរ ។ សូមឲ្យសិស្សម្នាក់ៗធ្វើការរៀងៗខ្លួន ។ សូមអញ្ជើញឲ្យសិស្សពីរបីនាក់ពីក្រុមនីមួយៗ រាយការណ៍ពីចម្លើយរបស់ពួកគេ ។
សូមអញ្ជើញឲ្យសិស្សសញ្ជឹងគីតពីរបៀបដែលពួកគេអាចធ្វើការសងវិញចំពោះអំពើបាបរបស់ពួកគេ ហើយបង្កើនចំណង់ដើម្បីចែកចាយដំណឹងល្អជាមួយនឹងអ្នកដទៃ ។
ម៉ូសាយ 29; អាលម៉ា 4
ព្រះបានប្រទានពរដល់សាសន៍នីហ្វៃដែលនៅបន្ដភាពសុចរិតនៅក្នុងពេលនៃការបៀតបៀន
សូមរំឭកសិស្សថា ជំពូកទីមួយនៃអាលម៉ាពិពណ៌នាពីពេលនៃការពិបាក និង ការបៀតបៀនដល់សាសន៍នីហ្វៃសុចរិត ។ សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 1:25, 27 ដោយស្ងាត់ស្ងៀម ។ សូមឲ្យពួកគេរកមើលអ្វីដែលសាសន៍នីហ្វៃទាំងនេះបានធ្វើ អំឡុងពេលនៃការបៀតបៀន ។
សូមបង្ហាញថា ព្រះអម្ចាស់បានប្រទានពរដល់សាសន៍នីហ្វៃសុចរិត ដើម្បីឲ្យពួកគេបានចម្រើនឡើងជាងអ្នកដែលទុច្ចរិត ( សូមមើល អាលម៉ា 1:29–32 ) ។ សូមឲ្យសិស្សខិតខំធ្វើតាមគំរូនៃសាសន៍នីហ្វៃដ៏ស្មោះត្រង់ទាំងនេះ នៅពេលពួកគេជួបនឹងការលំបាកនៅក្នុងជីវិតរបស់ពួកគេ ។
មេរៀនបន្ទាប់ទៀត ( អាលម៉ា 5–10 )
តើអ្នកដឹងថា តើអ្នកបានកើតជាថ្មីម្ដងទៀតដោយរបៀបណា ? តើវាមានន័យយ៉ាងណា ដើម្បីកើតជាថ្មីម្ដងទៀត ? នៅពេលសិស្សសិក្សា អាលម៉ា 5–10 ពួកគេនឹងរកឃើញសំណួរខ្លះដែលពួកគេអាចសួរដល់ខ្លួនគេដើម្បីវាយតម្លៃថាតើពួកគេបានកើតជាថ្មីម្ដងទៀត និង ទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរចិត្តដ៏ខ្លាំងមួយ ។ បន្ថែមលើនេះ ពួកគេនឹងទទួលបានការយល់ដឹងដ៏ខ្លាំងអំពីជម្រៅនិងអំណាចនៃដង្វាយធួន ។