មេរៀនទី 87
អាលម៉ា 27–29
សេចក្តីផ្ដើម
នៅពេលសាសន៍លេមិនមិនបានជោគជ័យក្នុងការវាយប្រហារលើសាសន៍នីហ្វៃ ពួកគេបានបង្វែរកំហឹងទៅកាន់ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ។ ដោយសារតែសេចក្ដីសញ្ញាដែលពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានធ្វើថានឹងមិនបង្ហូរឈាមអ្នកដទៃទៀតទេនោះ ពួកគេបានបដិសេធមិនបានលើកអាវុធការពារពួកគេឡើយ ។ អាំម៉ូនបានដឹកនាំពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃទៅកាន់ដែនដីសារ៉ាហិមឡា ជាកន្លែងដែលពួកគេបានទទួលការការពារពីសាសន៍នីហ្វៃ ហើយក្លាយជាទៅប្រជាជនអាំម៉ូន ។ នៅពេលសាសន៍នីហ្វៃបានការពារប្រជាជនអាំម៉ូនកុំឲ្យសាសន៍លេមិនសម្លាប់នោះ សាសន៍នីហ្វៃ និងសាសន៍លេមិនរាប់ពាន់នាក់បានស្លាប់នៅក្នុងសង្គ្រាម ។ ថ្វីបើមានការសោកសង្រេងពីការស្លាប់នៃមនុស្សជាទីស្រឡាញ់របស់សាសន៍នីហ្វៃ ពួកគេជាច្រើនបាននៅតែមានក្ដីសង្ឃឹម និងសេចក្ដីអំណរទៅលើសេចក្ដីសន្យារបស់ព្រះអម្ចាស់ថា ពួកសុចរិតនឹង « ត្រូវបានប្រោសឡើងវិញដើម្បីទៅនៅខាងស្ដាំព្រះហស្ដនៃព្រះនៅក្នុងស្ថានភាពនៃសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ( អាលម៉ា 28:12 ) ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 27
អាំម៉ូនដឹកនាំប្រជាជនអាន់តៃ-នីហ្វៃ-លីហៃទៅកាន់តំបន់សុវត្ថិភាពក្នុងចំណោមសាសន៍នីហ្វៃ
សូមឲ្យសិស្សលើកដៃ ប្រសិនបើពួកគេធ្លាប់មាននរណាម្នាក់បានសន្យានឹងពួកគេ ហើយបន្ទាប់មកភ្លេចសន្យានោះទេ ។ បន្ទាប់មក សូមឲ្យពួកគេលើកដៃ ប្រសិនបើពួកគេធ្លាប់សន្យានឹងនរណាម្នាក់ ហើយរក្សាការសន្យានោះ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះមនុស្សដែលរក្សាការសន្យារបស់ពួកគេ ? ហេតុអ្វី ?
-
តើអ្នកគិតថា ព្រះអម្ចាស់មានព្រះទ័យយ៉ាងណាអំពីអ្នកដែលរក្សាការសន្យារបស់ពួកគេចំពោះទ្រង់នោះ ?
សូមណែនាំ អាលម៉ា 27ដោយការពន្យល់ថា ក្រោយពីសាសន៍លេមិនបានបរាជ័យក្នុងការព្យាយាមបំផ្លាញសាសន៍នីហ្វៃ ពួកគេបានវាយប្រហារពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ គឺពួកសាសន៍លេមិនដែលបានប្រែចិត្តតាមរយៈការបម្រើរបស់អាំម៉ូន និងបងប្អូនប្រុសរបស់គាត់ ។ សូមឲ្យសិស្សប្រាប់ពីអ្វីដែលពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានធ្វើដើម្បីបង្ហាញដល់ព្រះអម្ចាស់ថា ពួកគេនឹងកាន់តាមសេចក្ដីសញ្ញារបស់ពួកគេថានឹងពុំ « ប្រើគ្រឿងសាស្ដ្រាវុធសម្រាប់ការខ្ចាយឈាមមនុស្សទៀតទេ » ( អាលម៉ា 24:18 ) ។ ( ពួកគេបានកប់គ្រឿងសាស្ដ្រាវុធសង្គ្រាមរបស់ពួកគេ ។ ដើម្បីរកឃើញពីការប្ដេជ្ញាចិត្តនៃពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានមានដើម្បីរក្សាការសន្យារបស់ពួកគេ សូមឲ្យសិស្សម្នាក់អានឮៗក្នុង អាលម៉ា 27:2–3 ។ ( អ្នកក៏អាចផ្ដល់យោបល់ថា សិស្សគួរអាន អាលម៉ា 24:18–19 ហើយសរសេរសេចក្ដីយោងនេះនៅគែមទំព័រក្បែរ អាលម៉ា 27:3 ។
-
ប្រសិនបើអ្នកជាប្រជាជនម្នាក់នៃពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ តើវានឹងពិបាកយ៉ាងណាសម្រាប់អ្នក ដើម្បីរក្សាសេចក្ដីសញ្ញារបស់អ្នក ហើយមិនទៅច្បាំងដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកនោះ ?
សូមឲ្យសិស្សអាន អាលម៉ា 27:4–10 ស្ងាត់ៗ ដោយរកមើលអ្វីដែលអាំម៉ូនបានស្នើសុំឲ្យធ្វើ ដើម្បីការពារដល់ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ និងដើម្បីជួយពួកគេឲ្យរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់សង្ខេបវគ្គនេះ ។
សូមឲ្យសិស្សម្នាក់អាន អាលម៉ា 27:11–12 ឮ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលការណែនាំដែលអាំម៉ូនបានទទួលពីព្រះអម្ចាស់ ។ សូមពន្យល់ថា ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានទៅតាមអាំម៉ូនទៅកាន់ដែនដីសារ៉ាហិមឡា ( សូមមើល អាលម៉ា 27:13–15 ) ។ ( អ្នកក៏អាចសង្ខេប អាលម៉ា 27:16–19 ដោយបង្ហាញថា វានៅក្នុងកាលៈទេសៈទាំងនេះដែលអាំម៉ូន និងពួកបុត្រារបស់ម៉ូសាយបានរួបរួមនឹងអាលម៉ា ដូចដែលបានប្រាប់នៅក្នុង អាលម៉ា17:1–4 ។
សូមពន្យល់ថា មេចៅក្រមនៃសាសន៍នីហ្វៃបានសួរដល់ប្រជាជនថា តើពួកគេនឹងអនុញ្ញាតឲ្យពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃរស់នៅក្នុងចំណោមពួកគេទេ ។ សូមឲ្យសិស្សអាន អាលម៉ា 27:22–24 ស្ងាត់ៗ ដោយរកមើលចម្លើយរបស់ពួកសាសន៍នីហ្វៃដល់ការប្រកាសរបស់មេចៅក្រម ។
-
តើពួកសាសន៍នីហ្វៃបាននិយាយដោយរបៀបណា ថាពួកគេនឹងជួយដល់ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាពួកសាសន៍នីហ្វៃមានចិត្តចង់ការពារសត្រូវពីមុនរបស់ពួកគេ ?
សូមឲ្យសិស្សអាន អាលម៉ា 27:26ដោយស្ងាត់ៗដើម្បីរកមើលពីអ្វីដែលពួកសាសន៍បានចាប់ផ្ដើមហៅដល់ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮពី អាលម៉ា 27:27–30 ។ សូមឲ្យសិស្សក្នុងថ្នាក់មើលតាម ដោយរកមើលអ្វីដែលប្រជាជនអាំម៉ូនបានដឹង ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើប្រជាជនអាំម៉ូនធ្វើឲ្យអ្នករំភើបលើអ្វីខ្លះ ? ហេតុអ្វី ?
-
តើ អាលម៉ា 27:27–30 បង្រៀនអ្វីខ្លះអំពីទំនាក់ទំនងរវាងការប្រែចិត្តជឿដល់ព្រះអម្ចាស់ និងការកាន់តាមសេចក្ដីសញ្ញា ? ( សិស្សអាចប្រើពាក្យខុសៗគ្នា ប៉ុន្ដែពួកគេគួរបង្ហាញថា ពួកគេយល់ពីសេចក្ដីពិតខាងក្រោម ៖ នៅពេលយើងប្រែចិត្តជឿដល់ព្រះអម្ចាស់ដោយពេញលេញ យើងរក្សាសេចក្ដីសញ្ញាទាំងឡាយដែលយើងបានធ្វើជាមួយនឹងទ្រង់ ។អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
-
តើនរណានៅក្នុងជីវិតរបស់អ្នក ជាគំរូនៃគោលការណ៍នេះ ?
អាលម៉ា 28
ពួកសាសន៍នីហ្វៃបានបង្ក្រាបដល់ពួកសាសន៍លេមិននៅក្នុងចម្បាំងដ៏ខ្លាំងក្លាមួយ
សូមបង្ហាញថា ទោះបីជាសាសន៍នីហ្វៃជាច្រើនបានមានចិត្តស្មោះត្រង់ ក៏ពួកគេនៅតែជួបនឹងឧបសគ្គដ៏លំបាក ។
សូមពន្យល់ថា ប្រធាន ថូម៉ាស អេស. ម៉នសុន បានចែកចាយនូវរឿងខាងក្រោមអំពីបទពិសោធន៍មួយដែលគាត់បានមាននៅក្នុងយុវវ័យគាត់ ។ ក្រោយពីបានឮថាមិត្តរបស់គាត់ អាសើរ ផាតុន បានស្លាប់នៅក្នុងសង្គ្រាមលោកលើកទីពីរ ថូម៉ាស អេសម៉ុនវ័យក្មេងបានទៅសួរសុខទុក្ខម្ដាយរបស់អាសើរ ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។ ក្រោយមក គាត់បានរំឭកថា ៖
« ពន្លឺបានចាកចេញពីជីវិតរបស់អ្នកស្រី ផាតុន ។ គាត់បាននឹករកនៅក្នុងភាពងងឹតសូន្យសុង និងពិបាកចិត្តយ៉ាងខ្លាំង ។
« ដោយការអធិស្ឋាននៅក្នុងចិត្តខ្ញុំ ខ្ញុំបានស៊ាំនឹងការទៅលេងផ្ទះគ្រួសារផាតុន ដោយគិតក្នុងចិត្តថាតើពាក្យនៃការលួងលោមណាដែលគួរនិយាយពីមាត់ខ្ញុំដែលគ្រាន់តែជាក្មេងប្រុសម្នាក់ ។
« ទ្វារបានបើក ហើយអ្នកស្រីផាតុនបានឱបខ្ញុំដូចជាគាត់បានឱបកូនប្រុសរបស់គាត់ដែរ ។ ផ្ទះបានក្លាយជាសាលប្រជុំ នៅពេលដែលម្ដាយដែលរងទុក្ខដោយបាត់កូន និងក្មេងប្រុសម្នាក់បានលុតជង្គង់អធិស្ឋាន។
« ពេលងើបពីការអធិស្ឋាន អ្នកស្រីផាតុនបានមើលមកខ្ញុំ ហើយបាននិយាយថា ៖ ‹ ថមម៊ី ខ្ញុំមិនមែនជាសមាជិកនៃសាសនាចក្រណាទេ ប៉ុន្ដែឯងគឺជាសមាជិកម្នាក់ ។ សូមប្រាប់ខ្ញុំមកថា តើអាសើរនឹងរស់ម្ដងទៀតទេ ? › » ( « អ្នកស្រី ផាតុន —រឿងបន្ដ »Ensignឬលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2007, ទំព័រ 22 ) ។
-
តើអ្នកនឹងឆ្លើយតបសំណួរអ្នកស្រីផាតុនដោយរបៀបណា ?
សូមអានចម្លើយរបស់ប្រធាន ម៉នសុន ៖
« ដោយដឹងអស់ពីចិត្តខ្ញុំ ខ្ញុំបានថ្លែងទីបន្ទាល់ដល់គាត់ថា អាសើរនឹងពិតជារស់ឡើងវិញម្ដងទៀត » ( « អ្នកស្រី ផាតុន—រឿងបន្ដ » ទំព័រ 22 ) ។
-
តើការដឹងពីផែនការនៃសេចក្ដីសង្គ្រោះផ្លាស់ប្ដូរការគិតរបស់អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយរបៀបណា ?
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮពី អាលម៉ា 28:1–3 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីតម្លៃដែលសាសន៍នីហ្វៃបានជួយដល់ប្រជាជនអាំម៉ូនដើម្បីរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។ សូមឲ្យសិស្សអាន អាលម៉ា 28:4–6 ដោយស្ងាត់ៗ ដោយរកមើលពីរបៀបដែលការស្លាប់យ៉ាងច្រើនបានប៉ះពាល់ដល់សាសន៍នីហ្វៃ ។ សូមឲ្យសិស្សសិក្សា អាលម៉ា 28:11–12 រកមើលមូលហេតុដែលប្រជាជនខ្លះអាចភ័យខ្លាច នៅពេលមនុស្សជាទីស្រឡាញ់ស្លាប់ ខណៈពេលដែលអ្នកផ្សេងទៀតអាចមានសេចក្ដីសង្ឃឹមនោះ ។
-
ហេតុអ្វីបានជាមនុស្សខ្លះអាចភ័យខ្លាច នៅពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ ?
-
ហេតុអ្វីបានជាមនុស្សខ្លះអាចមានសេចក្ដីសង្ឃឹម នៅពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ ? ( សិស្សអាចប្រើពាក្យខុសៗគ្នា ប៉ុន្ដែពួកគេគួរបង្ហាញថា នៅពេលយើងមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងសេចក្ដីសន្យានៃព្រះអម្ចាស់ យើងអាចមានសេចក្ដីសង្ឃឹម និងសេចក្ដីអំណរនៅក្នុងពេលនៃការស្លាប់នោះ ។
សូមសរសេរប្រយោគមិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ ម្ល៉េះហើយ យើងឃើញ …
សូមសួរសិស្សថាតើពួកគេនឹងបំពេញប្រយោគដោយផ្អែកលើអ្វីដែលពួកគេបានសិក្សានៅក្នុង អាលម៉ា 28យ៉ាងដូចម្តេច ។
ក្រោយពីសិស្សបានមានពេលឆ្លើយហើយ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 28:13–14 ។ សូមឲ្យសិស្សប្រៀបធៀបចម្លើយរបស់ពួកគេទៅនឹងគោលការណ៍ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។ ( អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំឃ្លា « ម្ល៉ោះហើយ យើងឃើញ » រាល់ពេលដែលមានពាក្យនេះនៅក្នុងខគម្ពីរ ។ សូមពន្យល់ថា មរមនបានប្រើឃ្លានេះជាញឹកញាប់ដើម្បីបង្ហាញពីមេរៀនដ៏សំខាន់ ដែលយើងអាចរៀនពីដំណើររឿងនៅក្នុងព្រះគម្ពីរមរមន ។
-
តើអ្វីដែលអ្នកបានអាននៅក្នុង អាលម៉ា 27–28 ដែលគាំទ្រដល់ប្រយោគ « ម្ល៉េះហើយ យើងឃើញថា » របស់មរមន ?
-
តើនៅពេលណាដែលអ្នកបានឃើញនរណាម្នាក់ជួបនឹងការស្លាប់របស់ខ្លួនគេផ្ទាល់ ឬ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ម្នាក់ដោយមានក្ដីសង្ឃឹម ដោយសារតែសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទទេ ?
-
តើអ្នកនឹងពន្យល់ពីការរស់ឡើងវិញដើម្បីជួយដល់នរណាម្នាក់ឲ្យមានសេចក្ដីសង្ឃឹមដើម្បីប្រឈមមុខនឹងការស្លាប់របស់គេ ឬ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ម្នាក់ដោយរបៀបណា ?
អាលម៉ា 29
អាលម៉ាអួតនៅក្នុងការនាំព្រលឹងទៅរកព្រះ
សូមប្រាប់សិស្សថា អាលម៉ា 29 រួមមានការបង្ហាញរបស់អាលម៉ាពីបំណងប្រាថ្នារបស់គាត់ដើម្បីក្លាយជាគ្រឿងឧបករណ៍នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សម្នាក់អាន អាលម៉ា 29:1–3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលអាលម៉ាអាចនឹងបានធ្វើ ប្រសិនបើគាត់អាចបំពេញ « បំណងចិត្ត [ របស់គាត់ ] » ។ ( គាត់នឹង « [ប្រកាស ] ដល់មនុស្សគ្រប់រូបដូចជាផ្គរលាន់នូវការប្រែចិត្ត » ) ។
-
យោងតាម អាលម៉ា 29:2 ហេតុអ្វីបានជាអាលម៉ាមានបំណងនេះ ?
សូមឲ្យសិស្សអាន អាលម៉ា 29:4–5 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលព្រះអម្ចាស់ផ្ដល់ដល់អ្នកដែលមានបំណងសុចរិត ។ ( ប្រសិនបើសិស្សត្រូវការជំនួយក្នុងការឆ្លើយនឹងសំណួរនេះ អ្នកអាចបង្ហាញឃ្លា « ខ្ញុំដឹងថា ទ្រង់បានផ្ដល់ដល់មនុស្សយោងតាមបំណងរបស់ពួកគេ» ។ សូមពន្យល់ថា ប្រសិនបើយើងប៉ងអ្វីដែលសុចរិត ព្រះអម្ចាស់នឹងប្រទានពរយើងស្របតាមបំណងទាំងនេះ ។សូមបង្ហាញថា ប្រសិនបើបំណងសុចរិតរបស់យើងទាំងអស់មិនបានបំពេញនៅក្នុងជីវិតនេះទេ វានឹងត្រូវបានបំពេញនៅក្នុងភាពដ៏អស់កល្បជានិច្ច ។
សូមឲ្យសិស្សសិក្សា អាលម៉ា 29:10, 14, 16 រៀងៗខ្លួន ដោយរកមើលពរជ័យដែលអាលម៉ាបានទទួល នៅពេលដែលគាត់បានជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេរកឃើញ ។
-
តើពាក្យណាដែលអាលម៉ាបានប្រើដើម្បីរៀបរាប់ពីអារម្មណ៍អំពីការជួយដល់អ្នកដទៃឲ្យមករកព្រះគ្រីស្ទនោះ ? ( អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំការប្រើពាក្យនីមួយៗ សេចក្ដីអំណរ នៅក្នុងខគម្ពីរទាំងនេះ ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនពីបទពិសោធន៍របស់អាលម៉ា ក្នុងការជួយអ្នកដទៃឲ្យប្រែចិត្ត និងមករកព្រះយេស៊ូវគ្រីស្ទនោះ ? ( សិស្សអាចប្រើពាក្យខុសគ្នា ប៉ុន្ដែពួកគេគួរបង្ហាញថា ពួកគេយល់ពីគោលការណ៍ខាងក្រោមនេះ ៖ យើងនឹងទទួលបានសេចក្ដីអំណរ នៅពេលយើងជួយអ្នកដទៃឲ្យប្រែចិត្ត និងមករកព្រះយេស៊ូវគ្រីស្ទ ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាមានអំណរដែលមកពីការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ?
សូមលើកទឹកចិត្តសិស្សឲ្យរកឱកាសដើម្បីជួយអ្នកអ្នកដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ សូមគិតពីការចែកចាយបទពិសោធន៍បេសកកម្មដ៏មានអំណររបស់អ្នកផ្ទាល់ ។