មេរៀនទី 72
អាលម៉ា 5:37–62
សេចក្តីផ្ដើម
នៅពេលអាលម៉ាបានបន្ដបង្រៀននៅក្នុងដែនដីសារ៉ាហិមឡា គាត់បានព្រមានប្រជាជនថា ការសម្រេចចិត្តដើម្បីធ្វើតាម ឬ បដិសេធពាក្យសម្ដីរបស់គាត់បាននាំមកនូវលទ្ធផលដ៏ធ្ងន់ធ្ងរជាច្រើន ។ អាលម៉ាក៏បានប្រៀបធៀបព្រះយេស៊ូវគ្រីស្ទទៅនឹងអ្នកគង្វាលចៀមដ៏ល្អម្នាក់ ដែលបានហៅពួកគេ ហើយចង់នាំពួកគេត្រឡប់ទៅកាន់ហ្វូងរបស់ទ្រង់វិញ ។ គាត់បានលើកទឹកចិត្តប្រជាជនឲ្យប្រែចិត្ត ហើយចៀសវាងអ្វីដែលមិនស្អាតនៃពិភពលោក ដើម្បីឲ្យពួកគេអាចគ្រងនគរស្ថានសួគ៌ជាមរតក ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា 5:37–42, 53–62
អាលម៉ាព្រមានដល់ពួកទុច្ចរិត ហើយអញ្ជើញអ្នកទាំងអស់គ្នាឲ្យស្ដាប់តាមសំឡេងនៃអ្នកគង្វាលល្អ
សូមបង្ហាញរូបភាព ព្រះយេស៊ូវបីចៀមដែលបាត់មួយ (សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 64 ) ។
-
តើតាមរបៀបណាដែលព្រះអង្គសង្គ្រោះជាអ្នកគង្វាលដ៏ល្អ ?
ក្រោយពីសិស្សពីរបីនាក់បានឆ្លើយហើយ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
“ នៅជំនាន់របស់ព្រះយេស៊ូវ អ្នកគង្វាលចៀមសាសន៍ប៉ាឡេស្ទីនត្រូវបានកត់ចំណាំចំពោះការការពារចៀមរបស់គាត់ ។ មិនដូចជាអ្នកគង្វាលចៀមសម័យទំនើបទាំងឡាយអ្នកគង្វាលនោះតែងតែដើរពីមុខហ្វូងចៀមជានិច្ច ។ គាត់បានដឹកនាំពួកវា ។ អ្នកគង្វាលស្គាល់ចៀមនីមួយៗ ហើយជាធម្មតាដាក់ឈ្មោះឲ្យចៀមមួយៗ ។ ចៀមស្គាល់សំឡេងរបស់គាត់ ហើយទុកចិត្តគាត់ ហើយនឹងមិនដើរតាមជនចម្លែកនោះទេ ។ ហេតុដូច្នេះហើយ នៅពេលឮសំឡេងហៅ ចៀមនោះនឹងរត់មករកគាត់ ។ ( សូមមើលយ៉ូហាន 10:14, 16 ) …
“ ព្រះយេស៊ូវបានប្រើការបង្ហាញសាមញ្ញនេះពីជំនាន់របស់ទ្រង់ដើម្បីប្រកាសថា ទ្រង់គឺជាអ្នកគង្វាលដ៏ល្អ ជាអ្នកគង្វាលដ៏ពិត ។ ដោយសារតែក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រីរបស់ទ្រង់ ទ្រង់នឹងដាក់ចុះនូវព្រះជន្មរបស់ទ្រង់ដោយមានឆន្ទៈ និង ដោយស័្មគ្រចិត្តសម្រាប់ពួកគេ ” ( “A Call to the Priesthood: ‘Feed My Sheep,’” Ensign,ខែ ឧសភា ឆ្នាំ 1983, ទំព័រ 43; សូមមើលផងដែរ John R. Lasater, “Shepherds of Israel,” Ensign, ខែ ឧសភា ឆ្នាំ 1988, ទំព័រ 74–75 ) ។
សូមជួយសិស្សឲ្យចងចាំពីបរិបទនៃ អាលម៉ា 5 ដោយការពន្យល់ថា អាលម៉ាបានទៅបង្រៀនដល់ប្រជាជនសារ៉ាហិមឡា ដែលបីដូចជា “ ចៀមដែលគ្មានអ្នកគង្វាល ” ( អាលម៉ា 5:37 ) ។ សូមឲ្យសិស្សនឹកនាំពីឧបសគ្គដែលប្រជាជនសារ៉ាហិមឡាបានជួប និងអ្វីដែលអាលម៉ាបានលើកទឹកចិត្តពួកគេឲ្យធ្វើ ។ អ្នកអាចរំឭកដោយសង្ខេបពីខគម្ពីរគន្លឹះបីបួនពីមេរៀនមុន ដូចជា អាលម៉ា 5:14–20 ដើម្បីជួយសិស្សឲ្យចងចាំពីព័ត៌មាននេះខ្លះៗ ។ សូមធានាថា សិស្សយល់ថា ប្រជាជនសារ៉ាហិមឡាគឺស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់មួយ ដោយសារតែអំពើទុច្ចរិតរបស់ពួកគេ ( សូមមើល អាលម៉ា 7:3 ) ។
សូមអញ្ជើញឲ្យសិស្សពីរ ឬ បីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 5:37–42 ។ សូមឲ្យសិស្សរកមើលរបៀបដែលមនុស្សម្នាក់អាចប្រាប់ថាគេជាចៀមរបស់ព្រះអង្គសង្គ្រោះមួយដែរឬយ៉ាងណា ។ ក្រោយពីសិស្សបានចែកចាយអ្វីដែលពួកគេបានរកឃើញហើយ សូមសួរសំណួរខាងក្រោម ៖
-
តើប្រជាជនដូចជាចៀមដែលត្រូវការអ្នកគង្វាលមួយដោយរបៀបណា ?
-
យោងតាម អាលម៉ា 5:37–38 តើអ្នកគង្វាលចៀមល្អបង្ហាញក្ដីស្រឡាញ់របស់គាត់ និង ការបារម្ភដល់ចៀមរបស់គាត់ដោយរបៀបណា ? ( គាត់បន្ដស្រែកហៅពួកគេដោយឈ្មោះផ្ទាល់របស់គាត់
-
យោងតាម អាលម៉ា 5:41 តើយើងអាចប្រាប់ថា យើងកំពុងស្ដាប់តាមសំឡេងនៃអ្នកគង្វាលល្អដោយរបៀបណា ?
-
តើកិច្ចការអ្វីខ្លះដែលអាចបង្ហាញថា មនុស្សម្នាក់កំពុងធ្វើតាមអ្នកគង្វាលល្អនោះ ?
ក្រោយពីសិស្សបានឆ្លើយតបហើយ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែលបានពិពណ៌នាពីបុរស និងស្ដ្រីទាំងឡាយដែលពិតជាធ្វើតាមព្រះយេស៊ូវគ្រីស្ទមែន ។ ( អ្នកអាចចង់រៀបចំសេចក្ដីថ្លែងការណ៍នេះជាច្បាប់ចម្លងដល់សិស្សម្នាក់ៗ
“ នៅពេលអ្នកជ្រើសរើសធ្វើតាមព្រះគ្រីស្ទ អ្នកជ្រើសរើសដើម្បីបានផ្លាស់ប្ដូរ ។ …
“ បុរស [ និង ស្ដ្រី ] ផ្លាស់ប្ដូរសម្រាប់ព្រះគ្រីស្ទនឹងត្រូវបានបញ្ជាដោយព្រះគ្រីស្ទ ។ …
“ ឆន្ទៈរបស់ពួកគេនឹងស្របតាមឆន្ទៈរបស់ទ្រង់ ។ ( សូមមើលយ៉ូហាន 5:30
“ ពួកគេតែងតែធ្វើនូវអ្វីៗដែលធ្វើឲ្យព្រះអម្ចាស់សព្វព្រះហឬទ័យ ។ ( សូមមើលយ៉ូហាន 8:29 )
“ ពួកគេមិនត្រឹមតែនឹងស្លាប់ដើម្បីព្រះអម្ចាស់នោះទេ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះនោះគឺ ពួកគេចង់រស់នៅដើម្បីទ្រង់ ។
“ ចូលក្នុងផ្ទះរបស់ពួកគេ ហើយរូបភាពនានានៅលើជញ្ជាំង សៀវភៅនៅលើធ្នើរ តន្ដ្រីចាក់បន្ទរ សម្ដីនិងសកម្មភាពរបស់ពួកគេបង្ហាញថា ពួកគេជាគ្រិស្ដសាសនិក ។
“ ពួកគេឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង ។ ( សូមមើល ម៉ូសាយ 18:9
“ ពួកគេមានព្រះគ្រីស្ទនៅក្នុងគំនិតដោយសារពួកគេមើលទៅទ្រង់ពេលគិតអ្វីៗទាំងអស់ ។ ( សូមមើល គ. & ស. 6:36
“ ពួកគេមានព្រះគ្រីស្ទនៅក្នុងចិត្តរបស់ពួកគេ ដោយសារក្ដីស្រឡាញ់របស់ពួកគេបានដាក់ទៅលើទ្រង់ជារៀងរហូត ។ ( សូមមើល អាលម៉ា 37:36
“ ស្ទើរតែរាល់សប្ដាហ៍ដែលយើងទទួលទានសាក្រាម៉ង់ ហើយធ្វើជាសាក្សីថ្មីដល់ព្រះវរបិតាសួគ៌ដ៏អស់កល្បរបស់ពួកគេថា ពួកគេនឹងលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ទ្រង់ តែងតែចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ( សូមមើលមរ៉ូណៃ 4:3 ” ( “Born of God,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1985, ទំព័រ 5, 6–7 ) ។
សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 5:53–56 ដោយស្ងាត់ៗ ដោយរកមើលឥរិយាបថ និងសកម្មភាពនានាដែលធ្វើឲ្យពិបាកដល់នរណាម្នាក់ដើម្បីស្ដាប់តាមសំឡេងរបស់ព្រះអង្គសង្គ្រោះ ។ ពីរបីនាទីក្រោយមក សូមអញ្ជើញឲ្យសិស្សពីរបីនាក់សរសេរពីការរកឃើញរបស់ពួកគេនៅលើក្ដារខៀន ។ សូមឲ្យពួកគេសរសេរចម្លើយរបស់ពួកគេ ដើម្បីពួកគេអាចបំពេញចន្លោះនៅលើក្ដារខៀនតាមដែលអាចធ្វើបាន ។ សូមឲ្យពួកគេបន្ថែមនូវឥរិយាបថ ឬ សកម្មភាពផ្សេងទៀតដែលពួកគេបានឃើញនៅជុំវិញពួកគេដែលធ្វើឲ្យវាពិបាកដើម្បីស្ដាប់តាមសំឡេងនៃព្រះអង្គសង្គ្រោះ ។ ( ចម្លើយរបស់សិស្សអាចរួមមាន ការដាក់ដោយឡែក [ ការព្រងើយកន្ដើយ ] នឹងការបង្រៀនរបស់ព្រះ អំនួត ការឥតប្រយោជន៍ ការដាក់ដួងចិត្តយើងលើទ្រព្យសម្បត្តិ និង វត្ថុដ៏មានតម្លៃ ការគិតថាយើងប្រសើរជាងអ្នកដទៃ ការបៀតបៀនពួកសុចរិត ឬ ការមិនរាប់រកអ្នកក្រីក្រ និងអ្នកត្រូវការ ។ អ្នកអាចនាំការយកចិត្តទុកដាក់របស់សិស្សទៅលើការប្រើពាក្យដដែលរបស់អាលម៉ា ប្រឹង ដែលបញ្ជាក់ថា ប្រជាជនសារ៉ាហិមឡាប្រឹងនៅក្នុងអាកប្បកិរិយា និងឥរិយាបថដ៏មានបាបទាំងនេះ ។
សូមទុកកន្លែងខ្លះដើម្បីសរសេរនៅកណ្ដាលក្ដារខៀនដោយការលុបចេញនូវផ្នែកខ្លះនៃចម្លើយរបស់់សិស្ស ។ នៅកន្លែងនោះ សូមសរសេរ ធ្វើតាមសំឡេងនៃអ្នកគង្វាលល្អ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន អាលម៉ា 5:57 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាដែលបង្រៀនពីរបៀបដែលយើងគួរឆ្លើយតបនឹងឥទ្ធិពលអាក្រក់ ។ ( “ ចូរអ្នករាល់គ្នាចេញពីពួកទុច្ចរិតមក” “ ញែកខ្លួន” ហើយ “ ចូរកុំប៉ះពាល់ដល់វត្ថុទាំងឡាយដែលឥតស្អាតរបស់ពួកនោះឡើយ” អ្នកអាចស្នើឲ្យសិស្សគូសចំណាំឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ សូមបង្ហាញថា ឃ្លាទាំងនេះបញ្ជាក់ពីតម្រូវការដើម្បីចៀសវាងពីអ្វីៗដែលពុករលួយ ឬ បំពុលយើងខាងវិញ្ញាណឡើយ ។ ដើម្បីជួយសិស្សឲ្យពិភាក្សាពីរបៀបដែលពួកគេអាចងាកចេញពីការរំខានទាំងឡាយ ចៀសវាងពីឥទ្ធិពលអាក្រក់ទាំងឡាយ និង ធ្វើតាមសំឡេងនៃអ្នកគង្វាលល្អ សូមសួរសំណួរដូចខាងក្រោម ៖
-
តើយុវជនបរិសុទ្ធថ្ងៃចុងក្រោយម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីនៅញែកចេញពីពួកទុច្ចរិត ? ( ដើម្បីបញ្ជាក់ចម្លើយរបស់សិស្ស សូមគិតពីការចែកចាយគំរូវិជ្ជមានមួយដែលអ្នកបានឃើញនៅក្នុងគំរូរបស់សិស្សមួយក្នុងថ្នាក់ ។ អ្នកក៏អាចអញ្ជើញឲ្យសិស្សចែកចាយគំរូល្អៗដែលពួកគេបានឃើញនៅក្នុងចំណោមគ្នា
-
យោងតាម អាលម៉ា 5:56–57 តើអ្វីខ្លះជាលទ្ធផលនៃការប្រឹងនៅក្នុងអំពើទុច្ចរិត ? ( ប្រសិនបើយើងប្រឹងនៅក្នុងអំពើទុច្ចរិត យើងនឹងមិនអាចឮសំឡេងនៃអ្នកគង្វាលល្អ ហើយយើងមិនអាចត្រូវបានរាប់ចូលក្នុងចំណោមពួកសុចរិតឡើយ
ប្រសិនបើមានពេល សូមឲ្យសិស្សមានពេលពីរបីនាទីដើម្បីសញ្ជឹងគិតពីសំណួរខាងក្រោម ។ អ្នកអាចឲ្យពួកគេឆ្លើយនឹងសំណួរនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ឬ សៀវភៅសរសេរក្នុងថ្នាក់របស់ពួកគេ ។
-
តើព្រះអម្ចាស់នឹងឲ្យអ្នកធ្វើអ្វីដើម្បីទទួលយកការអញ្ជើញរបស់ទ្រង់ឲ្យមកកាន់ទ្រង់នោះ ? ( អ្នកអាចស្នើថា ចម្លើយអាចជាអ្វីមួយដែលពួកគេមានអារម្មណ៍ថាត្រូវធ្វើអ្វីល្អជាងនេះ ឬ វាអាចជាអ្វីមួយដែលពួកគេត្រូវឈប់ធ្វើ
សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 5:58–62 ដោយស្ងាត់ៗ ដោយរកមើលពរជ័យដែលបានសន្យាដល់អស់អ្នកណាដែលរួបរួមគ្នាជាមួយនឹងព្រះអម្ចាស់ និងប្រជាជនរបស់ទ្រង់ ។ ( អ្នកអាចស្នើថា សិស្សគួរគូសចំណាំពរជ័យទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ
-
តើអ្នកនឹងសង្ខេបសេចក្ដីសន្យារបស់ព្រះអម្ចាស់ដល់អស់អ្នកណាដែលស្ដាប់តាមសំឡេងរបស់ទ្រង់ដោយរបៀបណា ? ( ទោះបីជាសិស្សអាចស្នើគោលការណ៍ខុសៗគ្នាក្ដី សូមប្រាកដថា ពួកគេយល់ថា ប្រសិនបើយើងធ្វើតាមសំឡេងរបស់ព្រះអម្ចាស់ [ អ្នកគង្វាលល្អ ] យើងនឹងត្រូវបានរួបរួមគ្នានៅក្នុងនគររបស់ទ្រង់ ។អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន
-
តើទម្លាប់អ្វីដែលអ្នកបានអភិវឌ្ឍដែលជួយអ្នកឲ្យស្ដាប់តាមសំឡេងនៃអ្នកគង្វាលល្អ ?
-
តើទម្លាប់ទាំងនេះបានជួយអ្នកឲ្យមិនយកចិត្តទុកដាក់នឹងឥទ្ធិពលអាក្រក់ទាំងឡាយដែលបានសរសេរនៅលើក្ដារខៀនដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ យើងនឹងស្ថិតនៅក្នុងចំណោមពួកសុចរិត ដែលរួបរួមគ្នានៅក្នុងនគររបស់ព្រះអម្ចាស់ ។
អាលម៉ា 5:43–52
អាលម៉ាបំពេញការទទួលខុសត្រូវរបស់គាត់ដើម្បីបង្រៀនពីការប្រែចិត្ត
សូមឲ្យសិស្សសរសេរញាណរាងកាយទាំងប្រាំ ( ការមើលឃើញ សំឡេង ការប៉ះ ក្លិន និង រសជាតិ ) ។ សូមគិតពីការនាំរបស់ខ្លះដែលនឹងឲ្យសិស្សប្រើញាណទាំងនេះ ។
-
តើអ្វីខ្លះដែលអ្នកបានរៀនពីញាណទាំងប្រាំរបស់អ្នកនីមួយៗ ?
-
តើមានរបៀបណាមួយដើម្បីដឹង ឬ រៀនពីអ្វីមួដោយគ្មានការប្រើញាណទាំងប្រាំរបស់អ្នកឬទេ ?
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗពី អាលម៉ា 5:44–48 ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលអាលម៉ាបាននិយាយថា គាត់បានដឹង និង ពីរបៀបដែលគាត់បាននិយាយថាគាត់បានដឹងពីវា ។
-
យោងតាម អាលម៉ា 5:48 តើអាលម៉ាបានដឹងអ្វី ?
-
តើអាលម៉ាបាននិយាយអ្វី ដែលជាប្រភពនៃទីបន្ទាល់របស់គាត់នោះ ?
-
តើអាលម៉ាបានធ្វើអ្វីខ្លះ ដើម្បីទទួលបានសាក្សីនេះពីព្រះវិញ្ញាណបរិសុទ្ធ ?
-
តើការអធិស្ឋាន និង ការតមអាហារអាចជួយយើងឲ្យទទួលបាន ឬ ពង្រឹងទីបន្ទាល់មួយអំពីដំណឹងល្អដោយរបៀបណា ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ទីបន្ទាល់របស់អ្នកត្រូវបានពង្រឹងតាមរយៈការអធិស្ឋាន ឬ ការតមអាហារនោះ ?
សូមថ្លែងទីបន្ទាល់ថា យើងអាចដឹងពីខ្លួនយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គប្រោសលោះនៃមនុស្សជាតិ ។ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរក និង ការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនមួយថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះនៃមនុស្សជាតិ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ ទីបន្ទាល់របស់បុគ្គល ផ្ទាល់ខ្លួននៃសេចក្ដីពិតពីដំណឹងល្អ ជាពិសេសជីវិតទេវភាព និង បេសកកម្មនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺសំខាន់ចំពោះជីវិតដ៏អស់កល្បរបស់យើង ។ … និយាយម្យ៉ាងទៀតថា ជីវិតដ៏អស់កល្បជានិច្ចត្រូវបានព្យាករណ៍ទៅលើបុគ្គលផ្ទាល់ខ្លួនរបស់យើង ចំណេះដឹងផ្ទាល់ខ្លួននៃព្រះវរបិតារបស់យើងនៅលើស្ថានសួគ៌ និង ព្រះរាជបុត្រាដ៏បរិសុទ្ធរបស់ទ្រង់ ។ ការដឹងដោយសាមញ្ញអំពីវា គឺមិនគ្រប់គ្រាន់នោះទេ ។ យើងត្រូវតែមានបទពិសោធន៍ផ្ទាល់ខ្លួន ខាងវិញ្ញាណដើម្បីបោះយុថ្កាក្នុងខ្លួនយើង ។ ទាំងនេះមកតាមរយៈការស្វែងរកពួកគេតាមរបៀបមួយដ៏ខ្លាំង មានគំនិតតែមួយដូចជាមនុស្សឃ្លានម្នាក់ស្វែងរកអាហារ ”( “Feasting at the Lord’s Table,” Ensign,ខែ ឧសភា ឆ្នាំ 1996, ទំព័រ 80 ) ។
សូមឲ្យសិស្សមានពេលសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។ សូមលើកទឹកចិត្តពួកគេផងដែរឲ្យសរសេរពីអ្វីដែលពួកគេនឹងធ្វើដើម្បីទទួលបាន ឬ ពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ លើកទឹកចិត្ត ពួកគេឲ្យសម្រេចគោលដៅរបស់ពួកគេ ទោះបីជាវាត្រូវការ “ ជាច្រើនថ្ងៃ ” ក្ដី ( អាលម៉ា 5:46 ) ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធធ្វើសាក្សីដល់អ្នកថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះនៃពិភពលោក ?
សូមអញ្ជើញឲ្យសិស្សអាន អាលម៉ា 5:49–52 ដោយស្ងាត់ៗ ដោយរកមើលអ្វីដែលអាលម៉ាបានប្រាប់ដល់ប្រជាជនថា ពួកគេត្រូវធ្វើដើម្បីរៀបចំគ្រងនគរស្ថានសួគ៌ជាមរតក ។
-
ហេតុអ្វីបានជាការប្រែចិត្តសំខាន់ដើម្បីចូលទៅក្នុងនគរនៃព្រះ ?
ដើម្បីជួយសិស្សឲ្យអនុវត្តការបង្រៀនរបស់អាលម៉ា អំពីការរៀបចំចូលទៅក្នុងនគរព្រះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាលិន អេក អូកស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
“ តើនឹងមានអ្វីកើតឡើង បើថ្ងៃស្អែកជាថ្ងៃនៃការយាងមករបស់ទ្រង់ ? ប្រសិនបើយើងបានដឹងថា យើងនឹងជួបព្រះអម្ចាស់នៅថ្ងៃស្អែក—តាមរយៈការស្លាប់តាមពេលវេលារបស់យើង ឬ តាមរយៈការយាងដោយឥតព្រាងទុករបស់ទ្រង់ —តើយើងនឹងធ្វើអ្វីនៅថ្ងៃនេះ ? តើការសារភាពអ្វីដែលអ្នកយើងនឹងធ្វើ ? តើការអនុវត្តអ្វីដែលយើងនឹងមិនបន្ដទៀតនោះ ? តើរឿងអ្វីដែលយើងនឹងដោះស្រាយ ? តើយើងនឹងអភ័យទោសដល់អ្វី ? តើយើងនឹងថ្លែងទីបន្ទាល់អំពីអ្វី ?
“ ប្រសិនបើយើងនឹងធ្វើរឿងទាំងនោះដូច្នោះ ហេតុអ្វីបានជាយើងមិនធ្វើនាពេលឥឡូវ ? ហេតុអ្វីបានជាយើងមិនស្វែងរកសន្ដិភាព ខណៈពេលសន្ដិភាពអាចទទួលបាននោះ ? ( “ ការរៀបចំសម្រាប់ការយាងជាលើកទីពីរ ” Ensignឬលេអាហូណា,ខែ ឧសភា ឆ្នាំ 2004, ទំព័រ 9 ) ។
សូមបញ្ចប់ដោយការឲ្យសិស្សមានពេលសញ្ជឹងគិតពីអ្វីដែលពួកគេនឹងត្រូវផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ពួកគេដើម្បីរៀបចំទៅជួបនឹងព្រះអង្គសង្គ្រោះ ហើយចូលទៅក្នុងនគររបស់ទ្រង់ ។ សូមឲ្យពួកគេសរសេរពីគំនិត និងអារម្មណ៍របស់ពួកគេ ដើម្បីឲ្យពួកគេអាចអានជាថ្មីពីគំនិតរបស់ពួកគេនាពេលក្រោយមក និង ត្រូវបានរំឭកឲ្យធ្វើតាមតាមរយៈការបំផុសគំនិតដែលពួកគេបានទទួល ។