បណ្ណាល័យ
ការសិក្សា​នៅ​ផ្ទះ មេរៀន​ទី 21


មេរៀន​សិក្សា​នៅផ្ទះ

អាលម៉ា 45–63 ( មេរៀន​ទី 21 )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដីសង្ខេប​ខាងក្រោម​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​សិក្សា អាលម៉ា45–63( មេរៀនទី 21 ) មិន​មែន​សម្រាប់​បង្រៀន​ជាផ្នែក​នៃ​មេរៀន​របស់​អ្នក​ឡើយ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​លើ​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​ពីរ​បី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃទី 1 ( អាលម៉ា 45–49 )

អាលម៉ា​បាន​ពន្យល់​ដល់​កូនប្រុស​របស់​គាត់​ថា ព្រះអម្ចាស់​មិន​អាច​ទតមើល​អំពើបាប​សូម្បីតែ​បន្ដិចបន្ដួច​ឡើយ ។ ដោយ​ការប្រៀបធៀប​សង្គ្រាម​នៃ​សាសន៍​នីហ្វៃ​នឹង​សង្គ្រាម​ផ្ទាល់ខ្លួន​របស់​គេ សិស្ស​បាន​រៀន​ពី​សេចក្ដីពិត​ខាងក្រោម ៖ នៅពេល​យើង​ក្លាហាន​ក្នុង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដូចជា​មេទ័ព​មរ៉ូណៃ​បាន​ធ្វើ ព្រះ​នឹង​ពង្រឹង និង​ប្រទានពរ​ដល់​យើង ។ សាតាំង​ចង់​បំផ្លាញ​យើង ហើយ​វា​ទាក់ទាញ​យើង​ដោយ​បន្ដិចម្ដងៗ​ឲ្យ​យើង​បន្ទាប​បទដ្ឋាន​របស់​យើង ។

ថ្ងៃទី 2 (អាលម៉ា 50–52; 54–55)

ទោះបីជា​សាសន៍​នីហ្វៃ​បាន​រីកចម្រើន​ក្នុង​មួយ​រយៈពេល​ក្រោយពី​ការចាកចេញ​របស់​អាម៉ាលិកាយ មរ៉ូណៃ​បាន​បន្ដ​រៀបចំ​ប្រជាជន​សម្រាប់​ការវាយលុក​នា​ពេល​អនាគត ។ គំរូ​របស់​សាសន៍​នីហ្វៃ​អំឡុងពេល​មាន​ការលំបាក បាន​ជួយ​សិស្ស​ឲ្យ​យល់​ថា ភាពស្មោះត្រង់​នឹង​ព្រះ​នាំ​មក​នូវ​សុភមង្គល ទោះបីជាពួកគេ​នៅ​កណ្ដាល​ភាពច្របូកច្របលល់​ក្ដី —ប៉ុន្ដែ​ការបែកបាក់ និង​ការទាស់ទែង​គ្នា​អាច​បំផ្លាញ​សន្ដិភាព​របស់​យើង ។ សិស្ស​ក៏​បាន​រៀន​ដែរ​ថា នៅពេល​យើង​ឈរ​ដោយ​រឹងមាំ​ចំពោះ​អ្វី​ដែល​ត្រូវ យើង​អាច​រារាំង​ឥទ្ធិពល​ដ៏​អាក្រក់​ពី​ការមាន​អំណាច​មក​លើយើង ។

ថ្ងៃទី 3 (អាលម៉ា 53; 56–58)

អំឡុងពេល​ដ៏​លំបាក​បំផុត​ខ្លះ​ក្នុង​សង្គ្រាម ហេលេមិន​បាន​ដឹកនាំ​កងទ័ព​យុវជន​របស់​គាត់​ដែល​ជា​ប្រជាជន​អាំម៉ូន ។ កងពល​កំឡោះ​ទាំងនេះ​បាន​បង្ហាញ​ថា នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ យើង​អាច​ទទួល​បាន​កម្លាំង​ពី​ព្រះ ។ សិស្ស​បាន​រៀន​ពី​គំរូ​នៃ​កងពល​ដ៏​ក្លាហាន​ទាំងនេះ​ថា ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​គោរព​ដល់​ទ្រង់​ដោយ​ឥតល្អៀង ទ្រង់​នឹង​គាំទ្រ​យើង​នៅក្នុង​សង្គ្រាម​របស់​យើង ។ ទោះបីជា​មាន​អ្នករបួស​ជាច្រើន និង​មាន​ការលំបាក​ជាច្រើន​ដែល​ពួកគេ​បាន​ទទួល និង​តស៊ូ ក៏​កងទ័ព​សាសន៍​នីហ្វៃ និង​កងពល​កំឡោះ​នៅតែ​បង្ហាញ​ថា ប្រសិនបើ​យើង​បែរទៅរក​ព្រះ​ក្នុង​ពេល​លំបាក យើង​អាច​ទទួល​បាន​ការធានា​ពី​ស្ថានសួគ៌​ដែល​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង និង​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​យើង ។

ថ្ងៃទី 4 (អាលម៉ា 59–63)

ដោយសារតែ​ការបះបោរ​ផ្ទៃក្នុង សាសន៍​នីហ្វៃ​បាន​បាត់បង់​ទីក្រុង​ជាច្រើន ; ការណ៍​នេះ​បង្ហាញ​ដល់​សិស្ស​ថា វា​ងាយស្រួល​ក្នុង​ការបន្ដ​ស្មោះត្រង់​ជាង​ការត្រឡប់​មក​មាន​សេចក្ដីជំនឿ​ក្រោយពី​ការដើរ​វង្វេង ។ មរ៉ូណៃ​បាន​ចោទប្រកាន់​ដោយ​មិន​បាន​ដឹង​លើ​មេចៅក្រម​ពេហូរ៉ាន ថា​បាន​ធ្វេសប្រហែស​នឹង​កាតព្វកិច្ច​របស់​គាត់ ហើយ​សិស្ស​បាន​រៀន​ពី​ចម្លើយ​របស់​ពេហូរ៉ាន​ថា យើង​អាច​ជ្រើសរើស​មិន​ប្រកាន់​ខឹង​នឹង​ពាក្យ និង​សកម្មភាព​របស់​អ្នកដទៃ ។ បន្ថែមលើ​នេះ សិស្ស​បាន​រៀនថា នៅពេល​យើង​រួបរួមគ្នា​ក្នុង​សេចក្ដីសុចរិត​ជាមួយ​នឹង​អ្នកដទៃ យើង​នឹង​រឹងមាំ​ជាង​នេះ​នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើអាក្រក់​របស់​យើង ដូចដែល​បាន​បង្ហាញ​ដោយ​មរ៉ូណៃ និង​ពេហូរ៉ាន ។

សេចក្តី​ផ្ដើម

ដោយសារ​មេរៀន​នេះ​រួមមាន19 នៃ​គម្ពីរ​អាលម៉ា អ្នក​មិន​អាច​បង្រៀន ឬ​បញ្ជាក់​បរិបទ​ប្រវត្តិសាសន៍​ទាំងអស់ និង​គោលលទ្ធិ និង​គោលការណ៍​ទាំងអស់​ឲ្យ​សិស្ស​បាន​រៀន​ពេញ​មួយ​សប្ដាហ៍​នេះ​បាន​ទេ ។ យោបល់​ក្នុង​ការបង្រៀន​ខាងក្រោម​ផ្ដល់​ឱកាស​ដល់​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដីពិត ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​សង្គ្រាម​សាសន៍​នីហ្វៃ​ទៅនឹង​សង្គ្រាម​នៅក្នុង​ជីវិត​របស់​គេ​ផ្ទាល់ ។ សូម​សិក្សា​ព្រះគម្ពីរ​សម្រាប់​មេរៀនេះ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវបាន​បំផុស​ឲ្យ​បញ្ជាក់​លើ​សេចក្ដីពិត​ណា​ដែល​សិស្ស​ត្រូវការ​ផ្តោតលើ​ពេល​រៀន​ក្នុង​ថ្នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 45–63

ដោយការទុកចិត្ត​លើ​ព្រះ និង​ការធ្វើ​តាម​អ្នកដឹកនាំ​ដែល​ទទួល​បានការ​បំផុសគំនិត សាសន៍​នីហ្វៃ​អាច​យកឈ្នះ​លើសាសន៍​លេមិន

សូម​សរសេរ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​បង្រៀន ៖ « ពី​ព្រះគម្ពីរ​មរមន យើង​រៀន​ពី​របៀប​ដែល​សិស្ស​របស់​ព្រះគ្រីស្ទ​រស់នៅ​ក្នុង​ពេល​មាន​សង្រ្គាម » (“The Book of Mormon—Keystone of Our Religion,” Ensign,ខែ វិច្ឆិកា ឆ្នាំ 1986,ទំព័រ 7 ) ។

សូម​ឲ្យ​សិស្ស​សរសេរ​ឈ្មោះ​សង្គ្រាម​ខ្លះ នៃ​ប្រទេស​ដែក​គេ​រស់នៅ​បាន​ធ្វើ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ដាក់ឈ្មោះ​ឧបសគ្គ​ខ្លះ​ដែល​មនុស្ស​អាច​ជួប​អំឡុងពេល​សង្គ្រាម ។

សូម​សួរ ៖ ហេតុអ្វី​បានជា​វា​ពិបាក​ដើម្បី​ក្លាយជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ​អំឡុងពេល​មាន​សង្គ្រាម ?

សូម​ឲ្យ​សិស្ស​គិត​អំពី​សង្គ្រាម​ដែល​ពួកគេ​បាន​សិក្សា​ពី​សប្ដាហ៍​កន្លងទៅ ដូចដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 45–63 ។ អ្នក​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រំឭក​ខ្លីៗ​ពី​សេចក្ដីសង្ខេប​ជំពូក​ក្នុង អាលម៉ា 45–63 ។ សូម​ឲ្យ​ពួកគេ​ដាក់ឈ្មោះ​ឧបសគ្គ​ខ្លះ​ដែល​សាសន៍​នីហ្វៃ​បាន​ជួប​នៅក្នុង​សង្គ្រាម ។

សូម​រំឭក​សិស្ស​ថា ទោះបីជា​យើង​មិនដែល​ច្បាំង​នឹង​សង្គ្រាម​មែនទែន​ក្ដី យើង​ទាំងអស់​គ្នា​ស្ថិតនៅក្នុង​សង្គ្រាម​ខាងវិញ្ញណា ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ដែល​បាន​រៀបរាប់​សង្គ្រាម​ខាង​វិញ្ញាណ​ដែល​យើង​កំពុង​ធ្វើ ។ អ្នក​អាច​ចែក​ច្បាប់​ចម្លង​ដល់​សិស្ស​ម្នាក់ៗ ។

« អ្នក​បាន​ចូលជួរ​ទ័ព​របស់​ព្រះអម្ចាស់​នៅក្នុង​សម័យកាន់កាប់​ត្រួតត្រា​លើកចុងក្រោយ ។ នេះ​មិនមែន​ជា​ពេល​មាន​សន្ដិភាព​មួយ​ទេ ។ វា​បាន​ក្លាយជា​ដូច្នេះ តាំងពី​សាតាំង​បាន​ប្រមូល​កម្លាំង​របស់​វា​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី​នេះ ។ យើង​មិន​ដឹង​ពី​សេចក្ដីលម្អិត​នៃ​ការប្រយុទ្ធ​នោះ​ទេ ។ ប៉ុន្ដែ​យើង​ដឹង​ពី​លទ្ធផល​មួយ ។ សាតាំង និង​អ្នកដើរតាម​វា​ត្រូវ​បាន​បណ្ដេញ​ចុះ​មក​លើ​ផែនដី ។ ហើយ​តាំងពី​ការបង្កើត​អ័ដាម និង​អេវ៉ា វិបត្តិ​នេះ​នៅតែ​បន្ដ ។ យើង​បាន​ឃើញ​វា​កាន់តែ​រីកខ្លាំង​ទៅ ។ ហើយ​ព្រះគម្ពីរ​បាន​ប្រាប់​ថា សង្គ្រាម​នឹង​កាន់តែ​ហិង្សាទៅ ហើយ​ការចលាចល​ខាងវិញ្ញាណ​នៅខាង​ព្រះអម្ចាស់​នឹង​ដុះ​កាន់តែ​ខ្លាំង » ( « Man Down! » Ensignលេអាហូណា,ខែ ឧសភា ឆ្នាំ 2009,ទំព័រ 63 ) ។

សូម​ឲ្យ​សិស្ស​យោងទៅ​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន ប៊ែនសឹន នៅលើ​ក្ដារខៀន ។ សូម​ប្រាប់​ពួកគេ​ថា មិន​ថា​យើង​កំពុង​និយាយ​អំពី​សង្គ្រាម​ខាង​រាងកាយ ឬ សង្គ្រាម​ខាង​វិញ្ញាណ​ទេ សេចក្ដីថ្លែងការណ៍​នេះ​គឺពិត ។ សូម​ពន្យល់​ថា ដោយ​ការសិក្សា​ពី​ជីវិត​នៃ​សិស្ស​ទាំងឡាយ ដែល​បាន​រស់នៅ​ក្នុងពេល​សង្គ្រាម​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​ឲ្យ​មាន​ចរិត ដែល​នឹង​សំខាន់​នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ​របស់​យើង​ផ្ទាល់​កាន់តែ​ខ្លាំង ។

សូម​សរសេរ​ឈ្មោះ​ខាងក្រោម និង​សេចក្ដីយោង​ព្រះគម្ពីរ​នៅលើ​ក្ដារខៀន ឬ​រៀបចំ​វា​ជា​ក្រដាស​មួយ ។ សូម​ឲ្យ​សិស្ស​រើស​យក​បុគ្គល​ឬ​ជា​ក្រុម​ទាំងនេះ​មួយ​ដើម្បី​សិក្សា ។ សូម​ឲ្យ​សិស្ស​សិក្សា​ពី​បុគ្គល ឬ​ក្រុម​នីមួយៗ​យ៉ាងហោច​ណាស់​មួយ ។

  1. មរ៉ូណៃ—អាលម៉ា 46:11–21; 48:7–17

  2. ហេលេមិន—អាលម៉ា 48:19–20; 56:2–9; 58:4–12, 32–37

  3. កងពល​កំឡោះ 2,060—អាលម៉ា 53:16–22; 56:47–56; 57:19–27

  4. ពេហូរ៉ាន—អាលម៉ា 50:39–40; 51:1–7; 61:1–21

សូម​ឲ្យ​សិស្ស​មាន​ពេល​ខ្លះ​ដើម្បី​សិក្សា​ព្រះគម្ពីរ​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន​អំពី​បុគ្គល ឬ​ក្រុម​ដែល​ពួកគេ​បាន​រើស ។ សូម​ឲ្យ​ពួកគេ​រៀបចំ​ដើម្បី​បង្រៀន​ពី​គំនិត​ខាងក្រោម​ដល់​សិស្ស​ក្នុង​ថ្នាក់ ( អ្នក​អាច​សរសេរ​វា​នៅលើ​ក្ដារខៀន ឬ​ចែក​ជាក្រដាស​ដល់​សិស្ស ) ៖

  • ហេតុការណ៍​មួយ​ពី​ជីវិត​នៃ​បុគ្គល ឬ​ក្រុម​នេះ​ដែល​បង្ហាញ​ថា ប្រជាជន​គឺជា​សិស្ស​ដ៏​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ។

  • លក្ខណៈសម្បត្តិ​មួយ ឬ​ច្រើន​នៃ​បុគ្គល ឬ​ក្រុម​នេះ​ដែល​ជួយ​ពួកគេ​ឲ្យ​នៅ​បន្ដ​ក្លាហាន​ក្នុងពេល​មាន​សង្គ្រាម​ជាមួយ​នឹង​សាសន៍​លេមិន ។

  • គោលការណ៍​មួយ​នៃ​ដំណឹងល្អ​ដែល​យើង​អាច​រៀន​ពី​បុគ្គល ឬ​ក្រុម​នេះ​ដែល​អាច​ពង្រឹង​យើង​នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ​របស់​យើង​នា​សព្វថ្ងៃនេះ ។

សូម​ឲ្យ​សិស្ស​ជាច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​គោលការណ៍​ដំណឹងល្អ​ដែល​ពួកគេ​បាន​រៀន​នៅលើ​ក្ដារខៀន ។

សូម​គិត​ពី​ការសួរ​សំណួរ​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការសិក្សា​របស់​គេ​នៅក្នុងអាលម៉ា 45–63 ៖

  • សូម​គិត​អំពី​គុណសម្បត្តិ​នៃ​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ម្នាក់​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​មនុស្ស​ដែល​បាន​រស់នៅ​អំឡុងពេល​មាន​សង្គ្រាម​នឹង​សាសន៍​លេមិន ។ តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​នឹង​ធ្វើតាម​នៅក្នុង​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

  • តើ​សង្គ្រាម​ខាង​វិញ្ញាណ​ណាខ្លះ ដែល​យើង​ជួប​នា​ពេលសព្វថ្ងៃនេះ ? តើ​គំរូ​នៃ​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីជំនឿ និង​ទំនុកចិត្ត នៅពេល​អ្នក​ជួប​នឹង​សង្គ្រាម​ទាំងនេះ​ដោយ​របៀបណា ?

អ្នក​អាច​ចែកចាយ​វគ្គ​ដែល​អ្នកចូលចិត្ត​មួយ​ពី អាលម៉ា 45–63 ។ សូម​ថ្លែងទីបន្ទាល់​ថា គោលការណ៍​ដែល​យើង​រៀន​ពី​ជំពូក​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ក្លាយជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​អំឡុងពេល​មាន​សង្គ្រាម​ខាង​វិញ្ញាណ​នៅ​សម័យ​ចុងក្រោយ​នេះ ។

មេរៀន​បន្ទាប់ (ហេលេមិន 1–9)

សូម​ប្រាប់​សិស្ស​ថា ជំពូក​ដំបូង​នៃ​គម្ពីរ​ហេលេមិន​កត់ត្រា​ពី​ការស្លាប់​របស់​មេចៅក្រម​បី​រួប ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​រកចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ៖ តើ​ចៅក្រម​ទាំងនេះ​ស្លាប់​ដោយ​របៀបណា ? តើ​អព្ភូតហេតុ​អ្វី​បាន​កើតឡើង​ដល់​នីហ្វៃ និង​លីហៃ នៅពេល​ពួកគេ​នៅក្នុង​គុក ? តើ​ពួកគេ​បាន​ឮ​សំឡេង​របស់​អ្នកណា ? សូម​ប្រាប់​សិស្ស​ថា ព្យាការី​នីហ្វៃ​អាច​ដោះស្រាយ​ឃាតកម្ម​មួយ​តាមរយៈ​អំណាច​នៃ​ការព្យាករណ៍ ។