បណ្ណាល័យ
មេរៀនទី 95 ៖ អាលម៉ា 38


មេរៀនទី 95

អាលម៉ា 38

សេចក្តី​ផ្ដើម

ស៊ិបឡុន​បាន​បម្រើ​ជាមួយ​នឹង​ឪពុក​របស់​គាត់ អាលម៉ា ជា​អ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ ( សូមមើលអាលម៉ា 31:7 ) ។ ក្រោយពី​បេសសកម្ម​នេះ អាលម៉ា​បាន​បង្ហាញ​សេចក្ដីអំណរ​នៅក្នុង​ការខ្ជាប់ខ្ជួន និង​សេចក្ដីស្មោះត្រង់​ដែល​ស៊ិបឡុន​បាន​បង្ហាញ ខណៈពេល​ដែល​រងទុក្ខ​នឹង​ការកាត់ទោស ។ អាលម៉ា​ក៏​បាន​ថ្លែងទីបន្ទាល់​ដល់​ស៊ិបឡុន​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ការដោះលែង និង​បាន​ផ្ដល់​ការប្រឹក្សា​ទាក់ទង​នឹង​ការបន្ដ​ការខិតខំប្រឹង​របស់​ស៊ិបឡុន​ក្នុង​ការបង្រៀន​ដំណឹងល្អ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 38:1–3

អាលម៉ា​បង្ហាញ​សេចក្ដីអំណរ​ចំពោះ​សេចក្ដីស្មោះត្រង់​របស់​ស៊ិបឡុន

ប្រសិនបើ​អ្នក​បាន​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​អនុវត្ត​នៅ​ផ្ទះ​នៅ ចុងបញ្ចប់​នៃ​មេរៀន​មុន សូម​រំឭក​ពួកគេ​អំពី​សំណួរ​ពីរ​ដែល​អ្នក​បាន​ឲ្យ​ពួកគេ​សួរ​ឪពុកម្ដាយ​របស់​ពួកគេ ឬ មជ្ឈិមវ័យ​ដែល​គេ​ទុកចិត្ត​ផ្សេង​ទៀត ៖

  • តើ​ការគោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ​បាន​ជួយ​អ្នក​ដោយ​របៀបណា ?

  • តើ​ដំបូន្មាន​អ្វី​ដែល​អ្នក​មាន​សម្រាប់​ខ្ញុំ ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​ឆ្លាតវៃ​ជាងមុន​នៅក្នុង​យុវវ័យ​របស់​ខ្ញុំ ?

សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​បទពិសោធន៍​របស់​ពួកគេ​នឹង​សកម្មភាព​នេះ ។ ក្រោយពី​សិស្ស​បាន​ចែកចាយ​ហើយ សូម​សួរ ៖

  • តើ​បទពិសោធន៍​នេះ​បាន​ជះឥទ្ធិពល​ដល់​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

សូម​ពន្យល់​ថា អាលម៉ា 38 កត់ត្រា​នូវ​ការណែនាំ​ដែល​អាលម៉ា​បាន​ធ្វើ​ដល់​កូនប្រុស​របស់​គាត់ ស៊ិបឡុន ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 38:1–3 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់មើល​តាម ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​របៀប​ដែល​អាលម៉ា​មាន​អារម្មណ៍​អំពី​ស៊ិបឡុនង និង​មូលហេតុ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី អាលម៉ា 38:2–3 អំពី​ឥទ្ធិពល​ដែល​កូនចៅ​សុចរិត​អាច​មាន​លើ​ឪពុកម្ដាយ​របស់​ពួកគេ ? ( សិស្ស​អាច​មាន​ចម្លើយ​ខុសៗ​គ្នា ។ សូម​ធានា​ថា ពួកគេ​រកឃើញ​នូវ​សេចក្ដីពិត​ថា នៅពេល​យុវវ័យ​ខ្ជាប់ខ្ជួន និង​ស្មោះត្រង់​ក្នុងការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ពួកគេ​អាច​នាំ​មក​នូវ​សេចក្ដីអំណរ​ដ៏​អស្ចារ្យ​ដល់​ឪពុកម្ដាយ​របស់​ពួកគេ ។

  • តើនៅពេល​ណា​ដែល​ឪពុកម្ដាយ​របស់​អ្នក​មាន​អារម្មណ៍​ពី​សេចក្ដីអំណរ ដោយសារតែ​ការសម្រេច​ចិត្ត​ដ៏​ល្អ​មួយ​ដែល​អ្នក​បាន​ធ្វើ ឬ ដោយសារតែ​ការខិតខំ​របស់​អ្នក​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​នោះ ?

  • តើ​ការខិតខំ​របស់​អ្នក​ក្នុង​ការរកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​នឹង​ឪពុកម្ដាយ​របស់​អ្នក​ដោយ​របៀបណា ?

អ្នក​អាច​ចែកចាយ​គំរូ​មួយ​អំពី​របៀប​ដែល​គ្រួសារ​របស់​អ្នក បាន​ជះឥទ្ធិពល​ដោយ​ជម្រើស​ដ៏​សុចរិត​នៃ​កូនចៅ​នៅ​ក្នុង​គ្រួសារ​នោះ ។

អាលម៉ា 38:4–9

អាលម៉ា​ថ្លែងទីបន្ទាល់​អំពី​ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការដោះលែង

សូម​ពន្យល់​ថា អាលម៉ា​បាន​រំឭក​ស៊ិបឡុន​ថា ពួកគេ​បាន​ទទួល​ទាំង​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ការដោះលែង ។ សូម​រៀបចំ​តារាង​ខាងក្រោម​ជា​ក្រដាស​មួយ ឬ បង្ហាញ​វា​នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ចម្លង​វា​ចូល​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។

ស៊ិបឡុន ( អាលម៉ា 38:4–5 )

អាលម៉ា ( អាលម៉ា 38:6–8 )

តើ​គាត់​ត្រូវបាន​ដោះលែង​ចេញពី​អ្វី ?

ហេតុអ្វីបានជា​គាត់​បាន​ទទួល​ពរជ័យ​នៃ​ការដោះលេង ?

តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់​គាត់ ?

សូម​បំពេញ​តារាង​ក្នុង​ថ្នាក់​ទាំងមូល ឬ សូម​ឲ្យ​សិស្ស​បំពេញ​វា​ជា​ដៃគូ ។ សូម​ឲ្យ​សិស្ស​យោង​ទៅ​វគ្គ​ព្រះគម្ពីរ ដែល​មាន​នៅក្នុង​តារាង នៅពេល​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ទាំងឡាយ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រួមបញ្ចូល​អ្វី​ដែល​ពួកគេ​បាន​ដឹង​រួចហើយ​អំពី​ព្រះអម្ចាស់​ក្នុង​ការដោះលែង​ស៊ិបឡុន ( សូមមើល អាលម៉ា 38:2–3 ) និង អាលម៉ា ( សូមមើលម៉ូសាយ 27; អាលម៉ា 36 ) ។ ក្រោយពី​សិស្ស​បំពេញ​តារាង​ហើយ សូម​សួរ​សំណួរ​ខាងក្រោម​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ពិភាក្សា​ពី​គោលការណ៍​ដែល​ពួកគេ​បាន​រៀន ៖

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់​ស៊ិបឡុន ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ខុសគ្នា ។ សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្ដីពិត​ខាងក្រោម ៖ ប្រសិនបើ​យើង​ទ្រាំ​នឹង​អ្វីៗ​ទាំងអស់​ដោយ​សេចក្ដីអត់ធ្មត់ និង​ទុកចិត្ត​លើ​ព្រះ ទ្រង់​នឹង​ដោះលែង​យើង​ពី​ឧបសគ្គ បញ្ហា និង​ការរងទុក្ខ​ទាំងឡាយ ហើយ​លើក​យើង​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់​អាលម៉ា ? ( ទោះបីជា​សិស្ស​អាច​ឆ្លើយ​ខុសៗ​គ្នា សូម​ប្រាកដ​ថា ពួកគេ​បង្ហាញ​ថា ដើម្បី​ទទួល​បាន​ការផ្ដាច់​បាប​របស់​យើង និង​រក​សេចក្ដីសុខសាន្ដ​ដល់​ព្រលឹង​របស់​យើង យើង​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ស្វែងរក​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 38:9 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​តាម ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​កូនប្រុស​របស់​គាត់​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា « ផ្លូវ ឬ​មធ្យោបាយ​តែ​មួយ​គត់ ដែល​នាំ​ឲ្យ [ យើង ] បាន​សង្គ្រោះ » ?

  • តើ​អ្នក​បាន​ទទួល​ការដោះលែង​តាមរយៈ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? ( អ្នក​អាច​ឲ្យ​ពេល​ដល់​សិស្ស​សញ្ជឹង​គិត​អំពី​សំណួរ​នេះ មុនពេល​សុំ​ឲ្យ​ពួកគេ​ឆ្លើយ ។ តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ការដោះលែង ?

សូម​ផ្ដល់​ពេលខ្លះ​ដល់​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​រកឃើញ​ជំនួយ​របស់​ព្រះអម្ចាស់​ក្នុង​ឧបសគ្គ​ផ្ទាល់ខ្លួន​មួយ ។

អាលម៉ា 38:10–15

អាលម៉ា​ណែនាំ​ស៊ិបឡុន​ឲ្យ​បន្ដ​ការបង្រៀន​ដំណឹងល្អ និង​អភិវឌ្ឍ​ឥរិយាបថ​ដ៏​សុចរិត​ទាំងឡាយ

សូម​ពន្យល់ថា អាលម៉ា​លើកទឹកចិត្ត​ស៊ិបឡុន​ឲ្យ​អភិវឌ្ឍ​គុណសម្បត្តិ​ដែល​នឹង​ជួយ​គាត់ នៅពេល​គាត់​បន្ដ​បង្រៀន​ដំណឹងល្អ និង​បម្រើ​ដល់​អ្នកដទៃ ។ ការប្រឹក្សា​របស់​អាលម៉ា​ដល់​ស៊ិបឡុន អាច​អនុវត្ត​ដល់​មនុស្ស​គ្រប់រូប​ដែល​ចង់​បម្រើ បង្រៀន ឬ ជះឥទ្ធិពល​ដល់​អ្នកដទៃ​សម្រាប់​សេចក្ដីល្អ ។ សូម​ឲយ​សិស្ស​អាន អាលម៉ា 38:10–15 ដោយ​ស្ងាត់ៗ ដោយរកមើល​ការណែនាំ​ដែល​នឹង​ជួយ​ដល់​ពួកគេ​ជាពិសេស ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ឲ្យ​សិស្ស​នូវ​ច្បាប់ចម្លង​នៃ​ការណែនាំ​ការសិក្សា​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។ សូម​ពន្យល់​ថា នៅពេល​ពួកគេ​ប្រើ​ការណែនាំ ពួកគេ​នឹង​ឃើញ​ពី​របៀប​ដែល ការខិតខំ​ប្រឹង​របស់​យើង​ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​ដ៏​សុចរិត​នឹង​រៀបចំ​យើង​ឲ្យ​បង្រៀន និង​បម្រើ​ដល់​អ្នកដទៃ ។សូម​ឲ្យ​ពួកគេ​ជ្រើសរើស​ការប្រឹក្សា​របស់​អាលម៉ា​មួយ​ផ្នែក​នៅក្នុង​កូឡោន​ខាង​ឆ្វេង​នៃ​ការណែនាំ ហើយ​បំពេញ​នូវ​សកម្មភាព​រៀន​ដែល​ត្រូវគ្នា​នឹង​កូឡោន​ខាង​ស្ដាំ ។ ( ប្រសិនបើ​អ្នក​មិន​អាច​ចម្លង​ការណែនាំ​ការសិក្សា​នោះ​ទេ សូម​សម្រប​សកម្មភាព ដោយ​ការដឹកនាំ​សិស្ស​ឲ្យ​ពិភាក្សា និង​ប្រើ​ព័ត៌មាន​នៅក្នុង​ការណែនាំ​ការសិក្សា​ជា​ធនធាន​មួយ ។

នៅពេល​សិស្ស​មាន​ពេល​ល្មម​ដើម្បី​បំពេញ​សកម្មភាព​នៃ​ការរៀន​មួយ​នៃ​សកម្មភាព​ទាំងឡាយ​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​នេះ សូម​គិតពី​ការសុំ​ឲ្យ​ពួកគេ​បីបួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរ​ៀន​ពី​សកម្មភាព​នេះ និង​របៀប​ដែល​ពួកគេ​គ្រោង​ដើម្បី​អនុវត្ត​វា ។ ប្រសិនបើ​អ្នក​ឲ្យបាន​ចែក​ដល់​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សៀវភៅណែនាំ​ការសិក្សា សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​យកវា​ទៅផ្ទះ ហើយ​រៀន​បន្ថែម​ទៀត​អំពី​ការប្រឹក្សា​របស់​អាលម៉ា​ដល់​ស៊ិបឡុន ។

សៀវភៅណែនាំ​ការសិក្សា​សម្រាប់ អាលម៉ា 38:10–12

សូម​មើល​ផ្នែក​ខុសៗគ្នា​នៃ​ការប្រឹក្សារបស់​អាលម៉ា​ខាងក្រោម ហើយ​សូម​រើស​យក​ការប្រឹក្សា​មួយ​ដែល​អ្នក​ចង់​អភិវឌ្ឍ ។ សូម​បំពេញសកម្មភាព​នៃ​ការរៀន​ដែល​ត្រូវគ្នា ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​ការប្រឹក្សា​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។

ការប្រឹក្សា​របស់​អាលម៉ា

សកម្មភាព​នៃ​ការរៀន

« ចូរ​មាន​ការព្យាយាម ហើយ​ចេះទប់​ចិត្ត​ក្នុង​គ្រប់​ការណ៍​ទាំងអស់ » ( អាលម៉ា 38:10 ) ។

ការព្យាយាម​គឺ​ជា​ការខិតខំ​ដ៏​ខ្ជាប់ខ្ជួន ប្រុងប្រយ័ត្ន និង​ប្រកប​ដោយ​មនសិការ ។ ការចេះ​ទប់ចិត្ត​គឺ « ការចេះ​ប្រើ​ការយល់យោគ​នៅក្នុង​គ្រប់ការណ៍​ទាំងអស់ ឬ ការអនុវត្ត​ការគ្រប់គ្រង​ខ្លួនឯង » ( Kent D. Watson « Being Temperate in All Things »Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2009, ទំព័រ 38 ) ។ សូម​សរសេរ​អំពី​មូលហេតុនៃ​លក្ខណៈ​ទាំងពីរ​នេះ​ចាំបាច់ នៅពេល​មនុស្ស​ម្នាក់​បង្រៀន​ដំណឹងល្អ និង​បម្រើ​ដល់​អ្នកដទៃ នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​ផងដែរ​អំពី​ផ្នែក​ខ្លះ​នៃ​ជិវិត​របស់​អ្នក ដែល​អ្នក​អាច​ព្យាយាម ឬ​ចេះ​ទប់ចិត្ត​ជាងនេះ និង​អំពី​របៀប​ដែល​ការអភិវឌ្ឍ​ផ្នែក​ទាំងនោះ​នឹង​ជួយ​អ្នក​ឲ្យ​បង្រៀន និង​បម្រើ​ដល់​អ្នកដទៃ​ឲ្យ​មាន​ប្រសិទ្ធិភាព​ជាងមុន ។

« ចូរ​ឲ្យ​ឃើញ​ថា កូន​មិនលើកខ្លួន​ឡើង​ទៅជា​ឆ្មើងឆ្មៃ ; …ចូរ​កុំ​អួតអាង » ( អាលម៉ា 38:11 ) ។

ធាតុមួយ​នៃ​អំនួត​គឺ​ការដាក់​ការទុកចិត្ត​ដ៏​សម្បើម​លើ​ខ្លួន​ឯង ជាជាង​លើ​ព្រះ ។ អំនួត​ក៏​ឃើញ​ច្បាស់ នៅពេល​មនុស្ស​ម្នាក់​គិត​ថា គាត់​ខ្លាំង​ជាង ឬ​សំខាន់​ជាង​អ្នកដទៃ ។ សូម​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អាច​កើតឡើង ប្រសិនបើ​សមាជិក​សាសនាចក្រ​ម្នាក់​មាន​អំនួត​នឹង​ការហៅបម្រើ​របស់​គេ ។ អែលឌើរ រ៉ូបឺត ឌី ហែលនៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​បង្រៀន​ថា « សិស្ស​ក៏​ពិត​និយាយ​ដោយ​ទំនុកចិត្ត​ដ៏​ស្ងប់ស្ងាត់ មិន​មែន​ដោយ​អំនួត​អួតអាង​នោះទេ » ( « Christian Courage: The Price of Discipleship »Ensignលេអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2008, ទំព័រ 73 ) ។ សូម​គិត​ពី​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បង្រៀន​ដំណឹងល្អ « ទំនុកចិត្តដ៏​ស្ងប់ស្ងាត់ » ។ នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​មនុស្ស​នេះ និង​ឥទ្ធិពល​ដែល​ការបង្រៀន​របស់​គេ​បាន​មាន​លើ​អ្នក ។ សូម​សរសេរ​ផងដែរ​នូវ​របៀប​មួយ ឬ​ពីរ​ដែល​អ្នកនឹង​ត្រូវ​ចៀសវាង​អំនួត ។

« ចូរ​ប្រើ​សេចក្ដីក្លាហាន ប៉ុន្ដែ​កុំ​កោងកាច» ( អាលម៉ា 38:12 ) ។

សូម​អាន​ប្រសាសន៍​របស់​សាវក​ប៉ុល​នៅក្នុង ភីលីព 1:14 ( នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ) ដើម្បី​ឃើញ​ពី​របៀប​ដែល​អ្នកបម្រើ​របស់​ព្រះ​អាច​បង្ហាញ​សេចក្ដីក្លាហាន ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ចៀសវាង​ការកោងកាច ៖ « ខ្ញុំ​មិន​ជឿ​ថា យើង​មិន​ចាំបាច់​ត្រូវ​និយាយ … ឮៗ សម្រុក ឬ ​គ្មាន​ស្មារតី​ពេល​យើង​បង្រៀន [ ដល់​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ] នោះទេ » ( នៅក្នុង James P. Bell, In the Strength of the Lord: The Life and Teachings of James E. Faust [ ឆ្នាំ 1999 ], 373 ) ។ នៅក្នុង​សៀវភៅកំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ក្លាហាន​ដោយ​មិន​កោងកាច ។ សូម​សរសេរ​របៀប​ដ៏​ជាក់លាក់​មួយ ដែល​អ្នក​នឹង​អនុវត្ត​ការប្រឹក្សា​ដើម្បី​ក្លាហាន ប៉ុន្ដែ​មិន​កោងកាច ។ សូម​សរសេរ​ផងដែរ​អំពី​របៀប​ដែល​ការប្រឹក្សា​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ជោគជ័យ​ក្នុង​ការបង្រៀន និង​បម្រើ​ដល់​អ្នកដទៃ ។

« ចូរ​ទប់​អស់​ទាំងតណ្ហា​របស់​កូន » ( អាលម៉ា 38:12 ) ។

ការទប់​មាន​ន័យ​ថា ការបញ្ឈប់ ដឹកនាំ ឬ គ្រប់គ្រង ។ តណ្ហា​គឺជា​អារម្មណ៍​ដ៏​ខ្លាំង​មួយ ។ សូម​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម ហើយ​សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ទប់​អស់​ទាំង​តណ្ហា​របស់​យើង ? តើ​អ្នក​គិត​ថា ការទប់​អស់ទាំង​តណ្ហា​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដោយ​របៀបណា ? តើ​អ្នក​នឹង​ធ្វើអ្វី​ដើម្បី​ធ្វើតាម​ការប្រឹក្សា​របស់​អាលម៉ា ដើម្បី​ទប់​អស់ទាំង​តណ្ហា​របស់អ្នក ?

« ចូរ​ទប់​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​ការខ្ជិល​ច្រអូស » ( អាលម៉ា 38:12 ) ។

សូម​រំឭក​វគ្គ​ព្រះគម្ពីរ​ដែល​មាន​នៅក្នុង​លិបិក្រម​សម្រាប់​បណ្ដុំព្រះគម្ពីរ​ក្រោម​ពាក្យ « ការខ្ជិល​ច្រអូស ខ្ជិលច្រអូស » ។ សូមរកមើល​ការប្រឹក្ស​អំពី​អត្ថន័យ​នៃពាក្យ​ខ្ជិលច្រអូស និង​អំពី​ពាក្យ​ផ្ទុយ​នឹង​ខ្ជិលច្រអូស ។ សូម​រើស​យក​ខគម្ពីរ​ពីរ​ដែល​មាន​នៅក្នុង​តារាង ហើយ​សិក្សា​វា ។ សូម​សរសេរ​នៅក្នុង​សៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​រៀន​ពី​ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​រើស ។ សូម​សរសេរ​អំពី​របៀប​ដែល​ការប្រឹក្សា​នេះ​ដើម្បី​បញ្ឈប់​ពី​ភាពខ្ជិលច្រអូស នឹង​ជួយ​អ្នក​ឲ្យ​បង្រៀន និង​បម្រើ​ដល់​អ្នកដទៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ជាងមុន ។ ជាទីបញ្ចប់ សូម​សរសេរ​របៀប​ដ៏​ជាក់លាក់​មួយ​ដែល​អ្នក​នឹង​បញ្ឈប់​ភាព​ខ្ជិលច្រអូស ។