សេចក្ដីផ្ដើមនៃគោលលទ្ធិគ្រឹះ
គោលលទ្ធិគ្រឹះខាងក្រោមគួរត្រូវបានបញ្ជាក់នៅក្នុងថ្នាក់សិក្ខាសាលា ៖
-
ក្រុមព្រះ
-
ផែនការនៃសេចក្តីសង្រ្គោះ
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
-
គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ
-
ព្យាការី និង វិវរណៈ
-
បព្វជិតភាព និង កូនសោនៃបព្វជិតភាព
-
ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា
-
អាពាហ៍ពិពាហ៍ និង គ្រួសារ
-
បទបញ្ញត្តិទាំងឡាយ
គ្រូបង្រៀនត្រូវជួយសិស្សឲ្យរកមើល យល់ ជឿតាម ពន្យល់ និងអនុវត្តគោលទ្ធិគ្រឹះនៃដំណឹងល្អទាំងនេះ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។ ការធ្វើដូច្នោះនឹងជួយសិស្សពង្រឹងទីបន្ទាល់ទាំងឡាយ ហើយបង្កើនអំណរគុណរបស់គេ ចំពោះដំណឹងល្អរបស់ព្រះយេស៊ូគ្រីស្ទដែលបានស្តារឡើងវិញ ។ការរៀនពីគោលលទ្ធិគ្រឹះក៏នឹងជួយសិស្សឲ្យរៀបចំខ្លួនកាន់តែប្រសើរដើម្បីរស់នៅតាមដំណឹងល្អ និងបង្រៀនសេចក្ដីពិតដ៏សំខាន់ទាំងនេះដល់អ្នកដទៃ ។ មេរៀននៅក្នុងសៀវភៅណែនាំនេះត្រូវបានធ្វើឡើងដោយបានគិតដល់គោលលទ្ធិគ្រឹះទាំងឡាយ ។ វាជាការណ៍សំខាន់ដើម្បីដឹងថា គោលលទ្ធិដ៏សំខាន់ផ្សេងទៀតនៃដំណឹងល្អក៏នឹងត្រូវបានបញ្ជាក់នៅក្នុងសៀវភៅណែនាំនេះ ទោះបីជាវាមិនបានសរសេរនៅក្នុងចំណោមគោលលទ្ធិគ្រឹះក្ដី ។
ការបង្រៀនគោលលទ្ធិគ្រឹះទាំងឡាយនៃដំណឹងល្អកើតឡើង នៅពេលអ្នកសិក្សាព្រះគម្ពីរប្រចាំថ្ងៃជាមួយនឹងសិស្ស និងនៅពេលអ្នកជួយពួកគេឲ្យចងចាំវគ្គខគម្ពីរគន្លឹះទាំងឡាយ ។ អ្នកមិនគួរចាកចេញពីការសិក្សាព្រះគម្ពីរប្រចាំថ្ងៃដើម្បីផ្ដោតលើគោលលទ្ធិទាំងនេះនោះឡើយ ។ ប៉ុន្ដែ អ្នកគួរយកចិត្តទុកដាក់ចំពោះពួកវា នៅពេលវាលេចឡើងមកក្នុងវគ្គសិក្សា និងនៅពេលអ្នកជួយសិស្សឲ្យចងចាំវគ្គខគម្ពីរគន្លឹះទាំងឡាយ ។ ឧទាហរណ៍ នៅពេលអ្នកបង្រៀនសេចក្ដីពិតថា « ព្យាការីព្រមានប្រឆាំងនឹងអំពើបាប និងបង្រៀនពីសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ » នៅក្នុង នីហ្វៃទី 1 1 អ្នកអាចបង្ហាញដល់សិស្សថា សេចក្ដីពិតនេះអាចជួយពួកគេឲ្យយល់ពីគោលលទ្ធិគ្រឹះនៃ « ព្យាការី និងវិវរណៈ » ។ អ្នកអាចសុំឲ្យសិស្សពន្យល់ពីអ្វីផ្សេងទៀតដែលពួកគេដឹងអំពីព្យាការី និងវិវរណៈ ។ នៅពេលសិស្សរៀនពីវគ្គចំណេះចំណានខគម្ពីរ នីហ្វៃទី 2 25:23, 26 អ្នកអាចជួយពួកគេឲ្យឃើញថា វគ្គនេះបង្ហាញពីរបៀបមួយដែលព្យាការីបំពេញកាតព្វកិច្ចរបស់លោកក្នុងការបង្រៀនពីសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ការរីកចម្រើនលើការយល់ដឹង ការជឿ និងការរស់នៅតាមគោលលទ្ធិគ្រឹះគឺជាដំណើការមួយដែលកើតឡើងក្នុងរយៈពេលបួនឆ្នាំនៃថ្នាក់សិក្ខាសាលា និងបន្ដរហូតពេញមួយជីវិតរបស់សិស្ស ។
អ្នកអាចចែកបញ្ជីគោលលទ្ធិគ្រឹះដល់សិស្ស ។
ការវាយតម្លៃគោលលទ្ធិគ្រឹះ
ការវាយតម្លៃគោលលទ្ធិគ្រឹះ ត្រូវបានធ្វើឡើងដើម្បីផ្ដល់ព័ត៌មានដល់គ្រូបង្រៀន នូវអ្វីដែលពួកគេអាចប្រើដើម្បីប្រទានពរដល់ជីវិតសិស្សរបស់គេ ។ យើងផ្ដល់អនុសាសន៍ថា គ្រូបង្រៀនគួរធ្វើការវាយតម្លៃនេះ នៅពេលសប្ដាហ៍ទីមួយ ហើយបន្ដរហូតដល់ចុងឆ្នាំសិក្សា ។ សូមរកមើលកម្មវិធីវាយតម្លៃគោលលទ្ធិគ្រឹះ និងកម្មវិធីវាយតម្លៃផ្សេងទៀតនៅក្នុងគេហទំព័រ ស&វ ( si.lds.org ) សូមប្រើពាក្យគន្លឹះ assessment ។
គ្រូបង្រៀនដែលបញ្ជូនលទ្ធផលនៃការវាយតម្លៃរបស់សិស្សខ្លួនទៅការិយាល័យស្រាវជ្រាវ ស&វនឹងទទួលបានរបាយការណ៍មួយដែលនឹងជួយពួកគេឲ្យសម្របការបង្រៀនរបស់គេឲ្យបំពេញតាមតម្រូវការរបស់សិស្សខ្លួនកាន់តែប្រសើរ ។ ឧទាហរណ៍ ប្រសិនបើលទ្ធផលបង្ហាញថា សិស្សមិនយល់ពីគោលលទ្ធិនៃការប្រែចិត្តនោះទេ នោះមេរៀនបីបួននៅក្នុងកម្មវិធីសិក្សាប្រចាំឆ្នាំនឹងលេចឡើង ដើម្បីជួយសិស្សឲ្យយល់ពីគោលលទ្ធិនេះកាន់តែច្បាស់ ។ នៅពេលគ្រូបង្រៀនប្រើព័ត៌មាននេះប្រកបដោយការអធិស្ឋាននៅក្នុងការបង្រៀនព្រះគម្ពីរតាមលំដាប់នោះ យុវវ័យ និងយុវមជ្ឈិមវ័យរបស់យើងនឹងត្រូវបានរៀបចំកាន់តែល្អប្រសើរដើម្បីសម្រេចបាននូវគោលដៅនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ។