បណ្ណាល័យ
សកម្មភាព​ចំណេះចំណានខគម្ពីរ


សកម្មភាព​ចំណេះចំណានខគម្ពីរ

សេចក្តីផ្ដើម

ផ្នែក​នេះ​ផ្ដល់​នូវ​គំនិត​ខ្លះៗ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​ដល់​សិស្ស​នៅក្នុង​ការទន្ទេញ​វគ្គ​ខគម្ពីរ​គន្លឹះៗ ។ នៅពេល​អ្នក​ជួយ និង​លើកទឹកចិត្ត​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​ទាំងនេះ អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ ។ សិស្ស​អាច​ប្រើ​ជំនាញ​ចំណាន​ទាំងនេះ​ពេញ​មួយ​ជីវិត​របស់​គេ​ដើម្បី​រក​ទីតាំង យល់ អនុវត្ត និង​ចងចាំ​ខគម្ពីរ​ទាំងនោះ​បាន​កាន់តែ​ប្រសើរ ។ គំនិត​ក្នុង​ការបង្រៀន​សម្រាប់មូលដ្ឋាន​​នៃ​ចំណេះចំណានខគម្ពីរ​នីមួយៗ​មាន​ដូចខាងក្រោម​នេះ ។ ការប្រើ​ប្រភេទ​សកម្មភាព​ទាំងនេះផ្សេងៗ​ជា​​ច្រើន​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ​វគ្គ​ខគម្ពីរ​កាន់តែ​ច្បាស់​ឡើង ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ រក​ទីតាំង នៃ​វគ្គ​ចំណេះចំណានខគម្ពីរ

វគ្គ​ដែល​គូសចំណាំ

ការគូស​ចំណាំ​វគ្គ​ចំណេះចំណានខគម្ពីរ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ​វគ្គ​ទាំងនេះ និង​រក​វា​បាន​ដោយ​ងាយស្រួល ។ សូម​គិត​ពី​ការលើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​គនឹ្លះ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ តាម​របៀប​មួយ​ដែល​បែងចែក​ពី​ខគម្ពីរ​ដទៃ​នៅពេល​ពួកគេ​គូសចំណាំ​វា ។

ការដឹង​ពី​គម្ពីរ​ទាំងឡាយ

ការទន្ទេញ​ចាំ​ឈ្មោះ និង​លំដាប់​នៃ​ព្រះគម្ពីរ​នៅក្នុង​ព្រះគម្ពីរមរមន អាច​ជួយ​សិស្ស​ឲ្យ​រកទីតាំង​នៃ​វគ្គ​ចំណេះចំណានខគម្ពីរ​បាន​យ៉ាង​លឿន ។ ខាងក្រោម​នេះ គឺជា​សកម្មភាព​គំរូ​ដែល​អាច​ជួយ​សិស្ស​ឲ្យស្គាល់​ព្រះគម្ពីរ​នៅក្នុង​ព្រះគម្ពីរមរមន ។

  • រក​តារាង​មាតិកា—ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​តារាង​មាតិកា​នៅក្នុង​ព្រះគម្ពីរមរមន ដែល​មាន​ចំណងជើង​ថា « ឈ្មោះ និង​លំដាប់​នៃ​ព្រះគម្ពីរ​នៅក្នុង​ព្រះគម្ពីរមរមន » ។

  • ច្រៀង​ចម្រៀង— បង្រៀន​សិស្ស​នូវ​ចម្រៀង « គម្ពីរ​នៅក្នុង​ព្រះគម្ពីរ​មរមន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ 119 ) ។ សូម​ឲ្យ​ពួកគេ​ច្រៀង​វា​ម្ដងម្ដាល​ពេញ​មួយ​ឆ្នាំ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​ឈ្មោះ និង​លំដាប់​នៃ​គម្ពីរ​នៅក្នុង​ព្រះគម្ពីរមរមន ។

  • ប្រើ​អក្សរ​ដំបូង— សរសេរ​តួ​អក្សរ​ដំបូង​នៃ​គម្ពីរ​នៅក្នុង​ព្រះគម្ពីរ​មរមន​នៅលើ​ក្ដារខៀន ( ន1, ន2, យ, អ ។ល។ ) ។ សូម​ឲ្យ​សិស្ស​អនុវត្ត​ដោយ​ការនិយាយ​ឈ្មោះ​គម្ពីរ​ដែល​ស៊ីគ្នា ។ សូម​ធ្វើ​សកម្មភាព​នេះ​សាឡើងវិញ រហូតដល់​ពួកគេ​អាច​ទន្ទេញ​ឈ្មោះ​នៃ​គម្ពីរ​ចាំ​អស់ ។

  • ការទាយ​គម្ពីរ—ហៅ​ឈ្មោះ​គម្ពីរ​មួយ​ដែល​មាន​វគ្គ​ចំណេះចំណានខគម្ពីរ ហើយ​សូម​ឲ្យ​សិស្ស​បើក​ព្រះគម្ពីរ​របស់​គេ​ទៅរក​ទំព័រណា​មួយ​ក៏​បាន​​នៅក្នុង​គម្ពីរ​នោះ ។ សូម​កំណត់ពេល​ដែល​សិស្ស​ទាំងអស់​អាច​រក​នូវ​គម្ពីរ​ទាំងនោះ ។ សកម្មភាព​នេះ​អាច​ធ្វើ​សាឡើងវិញ​ដើម្បី​ឲ្យ​សិស្ស​កាន់តែ​ចងចាំ និង​ជំនាញ​ក្នុងការ​រក​គម្ពីរ​នៅក្នុង​ព្រះគម្ពីរមរមន ។

ការចាំ​សេចក្ដីយោង និង​មាតិកា

នៅពេល​សិស្ស​រៀន​ពី​ទីតាំង និង​មាតិកា​នៃ​វគ្គ​ចំណេះចំណានខគម្ពីរ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​សេចក្ដីយោង​ព្រះគម្ពីរ​ដែល​ត្រូវការ ( សូមមើល យ៉ូហាន 14:26 ) ។ ពាក្យ ឬ​ឃ្លា​គន្លឹះ​ដូចជា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ » ( នីហ្វៃទី 1 3:7 ) និង « សិទ្ធិសេរីភាព​ដើម្បី​រើស » ( នីហ្វៃទី 2 2:27 ) អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ​មាតិកា និង​ការបង្រៀនគោលលទ្ធិ​នៃ​វគ្គ​នីមួយៗ ។ វិធីសាស្ដ្រ​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​សេចក្ដីយោង​ចំណេះចំណានខគម្ពីរ​ទៅនឹង​មាតិកា ឬ​ពាក្យ​គន្លឹះ​របស់​វា ។ ( អ្នក​អាច​ចង់ទុក​សកម្មភាព​ដែល​ទាក់ទង​ទៅនឹង​ការប្រកួត ការប្រណាំងប្រជែង ឬ​ការផ្ទៀង​នៅពេល​ក្រោយ​នៅ​ក្នុង​ឆ្នាំ​នេះ ក្រោយពី​សិស្ស​បាន​បង្ហាញ​ថា ពួកគេ​ដឹង​ពី​កន្លែង​នៃ​វគ្គ​ចំណេះចំណានខគម្ពីរ ។ សកម្មភាព​បែបនោះ​នឹង​ជួយ​ពង្រឹង​អ្វី​ដែល​ពួកគេ​បាន​រៀន ) ។

  • សេចក្ដីយោង និង​ពាក្យ​គន្លឹះ— សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​សេចក្ដីយោង និង​ពាក្យ​គន្លឹះ​នៃ​វគ្គ​ចំណេះចំណានខគម្ពីរ​នីមួយៗ​ដែល​មាន​នៅក្នុង​កាត​ចំណេះចំណានខគម្ពីរ ។ ( កាត​ចំណេះចំណានខគម្ពីរ​អាច​បញ្ជា​ទិញ​បាន​តាម​អ៊ិនធើរណិត​នៅក្នុង store.lds.org ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​បង្កើត​កាត​ចំណេះចំណានខគម្ពីរ​ដោយ​ខ្លួនគេ​បាន​ដែរ ) ។ ​ទុក​ពេល​ឲ្យ​សិស្ស​​សិក្សា​ពី​កាត​ខគម្ពីរ​ជាមួយ​នឹង​ដៃគូ ហើយ​បន្ទាប់មក សួរ​គ្នា​ទៅវិញទៅមក ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​មាន​មាន​ភាព​​ច្នៃ​ប្រឌិត​ក្នុង​របៀប​ដែល​ពួកគេ​សិក្សា​ជាមួយ​នឹ​គ្នា និង​ពេល​សួរ​សាកល្បង​គ្នា​ទៅវិញទៅមក ។ នៅពេល​ពួកគេ​កាន់តែ​ចេះចាំ​ច្បាស់​នូវ​វគ្គ​ចំណេះចំណានខគម្ពីរ នោះ​អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ប្រើ​តម្រុយ​នានា ដែល​ទាក់ទង​ទៅនឹង​បរិបទ ឬ​ការអនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នានា​ពី​ខគម្ពីរ​ទាំងនោះ​បាន ។ បុគ្គល​ដែលត្រូវ​គេ​សួរ អាច​ឆ្លើយ​ក៏បាន ឬ​សរសេរ​ក៏​បាន ។

  • កាត​ចំណេះចំណានខគម្ពីរ—សកម្មភាព​នេះ​អាច​ត្រូវ​ប្រើ​ដើម្បី​ណែនាំ ឬ​រំឭក​ពី​វគ្គ​ចំណេះចំណានខគម្ពីរ​ទាំងឡាយ ។ សូម​ជ្រើសរើស​កាត​ចំណេះចំណានខគម្ពីរ​មួយ​ចំនួន ហើយ​រៀបចំ​ចែក​វា​ដល់​សិស្ស​របស់​អ្នក ។ ( សូមប្រាកដ​ថា​មាន​កាតច្រើន​ជម្រើស​ដើម្បី​ឲ្យ​សិស្ស​ម្នាក់ៗ​អាច​ទទួល​បាន​វគ្គ​ចំណេះចំណានខគម្ពីរ​ខុសគ្នា ។ អ្នកក៏​អាច​មាន​កាតច្រើន​​ល្មម​សម្រាប់​សិស្ស​ម្នាក់ៗអាច​មាន​​វគ្គ​ខគម្ពីរ​ពីរ ឬ​បី​ខុសៗគ្នា ។ ) សូម​ចែក​វា​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​មាន​ពេល​សិក្សា​វគ្គ​ចំណេះចំណានខគម្ពីរ សេចក្ដីយោង ពាក្យ​គន្លឹះ បរិបទ គោលលទ្ធិ ឬ​គោលការណ៍ និង​គំនិត​ក្នុង​ការអនុវត្ត​ចំពោះ​កាតនីមួយៗ ។ សូម​លើក​ឡើង​នូវ​​តម្រុយខ្លះ​ៗពី​កាតនីមួយៗ ( ឧទាហរណ៍ ពាក្យ​ចេញពី​វគ្គ​ចំណេះចំណានខគម្ពីរ ឬ​ពាក្យ​គន្លឹះ បរិបទ គោលលទ្ធិ ឬ​គោលការណ៍ ឬ​ការអនុវត្តន៍ ) ។ សិស្ស​ដែល​មាន​កាត​ដែល​ត្រូវនឹង​តម្រុយ​នោះ គួរ​ក្រោក​ឈរ ហើយ​អាន​សេចក្ដីយោង​ចំណេះចំណានខគម្ពីរ​នោះ​ឮៗ ។

  • ការទាយ​ព្រះគម្ពីរ— សូមប្រើ​តម្រុយ​​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការរក​ឃើញ​វគ្គ​ខគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​បាន​លឿន ។ សម្រាប់​តម្រុយ​នានា អ្នក​អាច​ប្រើ​ពាក្យ​គន្លឹះ បរិបទ គោលលទ្ធិ និង​គោលការណ៍​នានា និង​គំនិត​ក្នុង​ការអនុវត្ត​ពី​កាត​ចំណេះចំណានខគម្ពីរ ។ អ្នក​ក៏​អាចប្រើ​​តម្រុយរបស់​​អ្នក​បាន​ដែរ ។ សកម្មភាព​ទាយព្រះគម្ពីរ​ដែល​សិស្ស​ប្រកួត​ក្នុងការ​រក​ទីតាំង​វគ្គ​ខគម្ពីរ អាច​ជួយ​ពួកគេ​ឲ្យ​ចូលរួម​នៅក្នុង​ការរៀន​វគ្គ​ចំណេះចំណានខគម្ពីរ​យ៉ាង​សកម្ម ។ នៅពេល​ប្រើ​សកម្មភាព​សាកល្បង​ទាយ​ព្រះគម្ពីរ​ដើម្បី​ជួយ​ដល់​ការសិក្សា​ចំណេះចំណានខគម្ពីរ សូម​ធ្វើ​វា​តាម​របៀប​មួយ ដែល​មិន​បណ្ដាល​ឲ្យ​សិស្ស​មាន​អារម្មណ៍​ឈឺចាប់ ឬ​រារាំង​ព្រះវិញ្ញាណឡើយ ។ សូម​ជួយ​សិស្ស​ឲ្យ​ចៀសវាង​ការមិនគោរព​ដល់​ព្រះគម្ពីរ ឬមាន​ការ​ប្រកួត​ប្រជែង​ហួសពេក ។ សូម​គិត​ពី​ការឲ្យ​សិស្ស​ប្រកួត​តាម​ស្ដង់ដា ប៉ុន្ដែ​កុំ​ប្រជែង​នឹង​សមត្ថភាព​រវាង​គ្នា​និង​​គ្នា ។ ឧទាហរណ៍ សិស្ស​អាច​ប្រកួតប្រជែង​នឹង​គ្រូបង្រៀន ឬ​អ្នក​អាច​សុំ​ឲ្យ​សិស្ស​ប្រណាំង​គ្នា​រកមើលថា មាន​ប៉ុន្មាន​ភាគរយ​នៃ​សិស្ស​ដែល​រក​វគ្គ​ពិសេស​ណាមួយ​ក្នុងពេល​កំណត់ពិសេស​ណាមួយ ។

  • ការសាកល្បង​រឿង— សូម​ផ្ដល់​តម្រុយ​ដោយ​ការនិទាន​រឿង ដែល​បង្ហាញ​ពី​ការទាក់ទង​គ្នា​នៃ​វគ្គ​ចំណេះចំណានខគម្ពីរ​ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ ។ ឧទាហរណ៍ ជា​តម្រុយ​សម្រាប់ នីហ្វៃទី 1 3:7 អ្នក​អាច​និយាយ​ថា « ចន​ដឹង​ថា ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យុវជន​សក្តិសម​ទាំងអស់​ឲ្យ​ទៅ​បម្រើ​បេសកកម្ម ប៉ុន្ដែ​លោក​បារម្ភ​ថា ភាពអៀនខ្មាស់​របស់​លោក​នឹង​រារាំង​លោក​មិន​ឲ្យ​បម្រើ​ដោយ​មាន​ប្រសិទ្ធភាព ។ បន្ទាប់មក លោក​ចងចាំ​ពី​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយតបទៅនឹង​កិច្ចការ​ដ៏​លំបាក​ក្នុង​ការទៅរក​ផ្ទាំង​លង្ហិន ។ ចន​​មាន​ទំនុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ប្រទាន​នូវ​មធ្យោបាយ​មួយ​ដល់​លោក​ដើម្បី​ឲ្យ​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​មាន​សមត្ថភាព​មួយ​រូប ។ នៅពេល​សិស្ស​ស្ដាប់​រឿង​តំណាល​នេះ សូម​ឲ្យ​ពួកគេ​រក​នូវ​វគ្គ​ចំណេះចំណានខគម្ពីរ​ដែល​ទាក់ទង​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។

  • លំហាត់ និង​ការប្រឡង— សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​សាក​សូត្រ​វគ្គ​ចំណេះចំណានខគម្ពីរ ។ តម្រុយ​នានា​អាច​រួមមាន​ពាក្យ​គន្លឹះ ឬ​សេចក្ដីយោង​ព្រះគម្ពីរ សម្ដី​ដកស្រង់​ពី​វគ្គខគម្ពីរ ឬ​រឿង​ផ្សេង​ដែល​បង្ហាញ​ពី​សេចក្ដីពិត​ដែល​បង្រៀន​នៅក្នុង​ខគម្ពីរ​នោះ ។ លំហាត់ និង​ការប្រឡង​អាច​ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់ ធ្វើ​នៅលើ​ក្ដារខៀន ឬ​នៅលើ​ក្រដាស ។ ក្រោយពី​សិស្ស​បាន​ធ្វើ​លំហាត់ ឬ​ការប្រឡង​ហើយ សូម​គិត​ពី​ការចាប់ដៃ​គូ​សិស្ស​ដែល​មាន​ពិន្ទុខ្ពស់ជា​មួយ​នឹង​សិស្ស​ដែល​មាន​ពិន្ទុ​​ទាប ។ សិស្ស​ដែល​មាន​ពិន្ទុ​ខ្ពស់​អាច​ធ្វើ​ជា​គ្រូបង្រៀន​ម្នាក់​ដើម្បី​ជួយ​ដល់​សិស្ស​ដែល​មាន​ពិន្ទុ​ទាប​ឲ្យ​រៀនសូត្រ និង​រីកចម្រើន ។ ជា​ផ្នែក​នៃ​ការខិតខំ​នេះ ដៃគូ​សិស្ស​ក៏​អាច​ដាក់​គោលដៅ​ដើម្បី​ទទួល​បាន​នូវ​ពិន្ទុ​រួមគ្នា​ខ្ពស់​ជាងមុន​នៅក្នុង​ការប្រឡង​លើក​ក្រោយ ។ សូម​គិត​ពី​ការធ្វើ​តារាង​មួយ ឬ​សរសេរ​ចំណុច​គោល​បង្ហាញ​​គោលដៅរបស់​សិស្ស​ និង​ទទួល​ស្គាល់​ការរីកចម្រើន​របស់​ពួកគេ ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ យល់ ​វគ្គ​ចំណេះចំណានខគម្ពីរ

ការឲ្យ​និយមន័យ​ពាក្យ និង​ឃ្លា​ទាំងឡាយ

ការឲ្យ​និយមន័យ​ពាក្យ និង​ឃ្លា​ទាំងឡាយ​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ ( ឬការជួយ​សិស្ស​ឲ្យ​ស្គាល់​និយម​ន័យវា ) នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​វគ្គ​ខគម្ពីរ​ទាំងមូល ។ នៅពេលពិបាក​យល់​​និយមន័យ​ពី​គោលលទ្ធិ និង​គោលការណ៍​នានា​នៅក្នុង​ខគម្ពីរ​នេះ អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​និយមន័យ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​គេ ។ សូម​រំឭក​ពី​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា នៅពេល​អ្នក​រំឭក​វគ្គ​ចំណេះចំណានខគម្ពីរ ។

ការស្វែងរក​បរិបទ

ការស្វែងរក​បរិបទ​នៃ​វគ្គ​ខគម្ពីរ​ព្រះគម្ពីរ អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​វគ្គ​ខគម្ពីរ​នោះ ។ បរិបទ​រួមបញ្ចូល​នូវ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អ្នកណា​និយាយ​ទៅរក​អ្នកណា ហើយ​មូលហេតុ​អ្វី វា​រួមមាន​នូវ​ទីកន្លែង​នៃ​វគ្គ​ខគម្ពីរ ( ប្រវត្តិសាស្ដ្រ វប្បធម៌ និង​ភូមិសាស្ដ្រ ) និង​សំណួរ ឬ​ស្ថានភាព​ដែល​បរិបទ​នៃ​វគ្គ​ព្រះគម្ពីរ​នោះ​កើតឡើង ។ ឧទាហរណ៍ បរិបទ​នៃ នីហ្វៃទី 1 3:7 រួមមាន​ការពិត​ដែល​​នីហ្វៃ​ត្រូវបាន​សុំ​ដោយ​ឪពុក​លោកគឺ​ លីហៃ ដែល​ជា​ព្យាការី​ម្នាក់ ឲ្យ​ត្រឡប់​ទៅកាន់​ទីក្រុង​យេរូសាឡិម​វិញ ហើយ​នាំ​យក​ផ្ទាំងលង្ហិន​មក ។ ការដឹង​ពី​ព័ត៌មាន​នេះ អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​មូលហេតុ​ដែល​នីហ្វៃ​និយាយ​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា » ។ នៅពេល​អ្នក​បង្រៀន​មេរៀន​ដែល​រួមមាន​វគ្គ​ចំណេះចំណានខគម្ពីរ សូម​សង្កត់ធ្ងន់​ពី​បរិបទ​ដែល​នៅជុំវិញ​វគ្គ​ខគម្ពីរ​ទាំងនោះ ។ សកម្មភាព​បន្ថែម​ដូចជា​សកម្មភាព​ខាងក្រោម​នេះ​មួយ ក៏​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​វគ្គខគម្ពីរ​គន្លឹះ​ទាំងនេះ​ដែរ ។

  • ការស្វែងរក​បរិបទ—សូមសរសេរ​ចំណងជើង​ខាងក្រោម​នេះ​នៅលើ​ផ្នែក​ខាងលើ​នៃ​ក្ដារខៀន ៖ អ្នកឡើងនិយាយ អ្នកមើល គោលបំណង ការយល់ដឹង​ជំនួយ​ផ្សេងទៀត ។ សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ក្រុម ហើយ​ដាក់​កិច្ចការ​ដល់​ក្រុមនីមួយៗ​ឲ្យ​អាន​វគ្គ​ចំណេះចំណានខគម្ពីរ​មួយ ។ សូម​ឲ្យ​ពួកគេ​រក​មើល​បរិបទ​នៃ​វគ្គ​កិច្ចការ​ខគម្ពីរ​របស់​គេ ដោយការ​រកមើល​ព័ត៌មាន​ដែល​សមស្រប​ទៅនឹង​ចំណងជើង​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​សរសេរ​អ្វី​ដែលពួកគេ​រកឃើញ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​ឲ្យ​ក្រុមនីមួយៗ​ពន្យល់​ពី​បរិបទ​នៃ​វគ្គ​កិច្ចការខគម្ពីរ​របស់​គេ និង​របៀប​ដែល​ព័ត៌មាន​នេះ​មាន​ឥទ្ធិពល​ដល់​ការយល់ដឹង​ពី​សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​នីមួយៗ ។ ដើម្បី​ពង្រីក​ទំហំ​នៃ​សកម្មភាព​នេះ អ្នក​អាច​តាំងចិត្ត​សិស្ស​ឲ្យ​ទស្សន៍ទាយ​សេចក្ដីយោង​ចំណេះចំណានខគម្ពីរ​ដោយ​ផ្អែកលើ​ការពិពណ៌នា​នៅលើ​ក្ដារខៀន មុនពេល​ក្រុមនីមួយៗ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ធ្វើ​ការ​វិភាគ

ការវិភាគ​ទាក់ទង​ទៅនឹង​ការស្វែងរក​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅក្នុង​វគ្គ​ខគម្ពីរ ។ វា​ក៏​រួមមាន​ជំនួយ​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​ទាក់ទង​ទៅនឹង​ពួកគេ​ដែរ ។ ការណ៍​នេះ​អាច​នាំទៅរក​ការអនុវត្ត​ដ៏​ជ្រៅជ្រះ​មួយ​នៃ​គោលលទ្ធិ និង​គោលការណ៍​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​វិភាគ​វគ្គ​ចំណេះចំណានខគម្ពីរ​បាន ៖

  • សរសេរ​តម្រុយ— នៅពេលសិស្ស​កាន់​តែ​ស្គាល់​​វគ្គ​ចំណេះចំណានខគម្ពីរ​ហើយ សូម​ឲ្យពួកគេ​បង្កើត​សំណួរ រឿង ឬ​តម្រុយ​ផ្សេងទៀត​ដែល​បង្ហាញ​ពី​គោលលទ្ធិ និង​គោលការណ៍​នានា​ដែលបាន​បង្រៀន​នៅក្នុង​វគ្គ​ខគម្ពីរ​នោះ ។ ការណ៍​ទាំងនេះ​អាច​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​លំហាត់​នៅក្នុង​ថ្នាក់ ។

ការពន្យល់

ការសុំ​ឲ្យ​សិស្ស​ពន្យល់​ពី​វគ្គ​ព្រះគម្ពីរ នឹង​ជួយសិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ និង​អភិវឌ្ឍ​សមត្ថភាព​របស់​គេ​ក្នុងការ​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​ពី​ព្រះគម្ពីរ ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ដ្រ​ពីរ​ដែល​អាច​ជួយសិស្ស​ឲ្យ​រៀន​ពន្យល់​ពី​វគ្គ​ចំណេះចំណានខគម្ពីរ ៖

  • ពាក្យ និង​ឃ្លា​គន្លឹះ— សូម​ឲ្យ​សិស្ស​អាន​វគ្គ​ចំណេះចំណានខគម្ពីរ​ដូចគ្នា​ដោយ​ខ្លួនគេ ហើយ​ស្វែងរក​ពាក្យ ឬ​ឃ្លា​មួយ​ដែល​ពួកគេ​គិត​ថា មាន​ន័យ​សំខាន់​ជាពិសេស​នៅក្នុង​ខគម្ពីរ​នេះ ។ បន្ទាប់មក សូមឲ្យ​សិស្ស​ម្នាក់​អាន​វគ្គ​ខគម្ពីរ​នោះ​ដល់​សិស្ស ហើយ​ផ្ដល់​នូវ​ការបញ្ជាក់​ចំពោះ​ពាក្យ ឬ​ឃ្លា​ដែល​គេ​បាន​រើស ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពាក្យ ឬ​ឃ្លា​នេះ​សំខាន់​ដើម្បី​យល់​ពី​ខគម្ពីរ​នេះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ផ្សេង​ទៀត​ធ្វើ​ដូចគ្នា​នេះ​ដែរ ។ សិស្ស​អាច​រើស​ពាក្យ ឬ​ឃ្លា​ខុសគ្នា​សម្រាប់​វគ្គ​ខគម្ពីរ​ដូចគ្នា ។ នៅពេល​សិស្ស​ក្នុង​ថ្នាក់​ឃើញ​ពី​ទស្សនៈ​ខុសគ្នា​នេះ​ហើយ ពួកគេ​អាច​ទទួល​បាន​ការយល់ដឹង​ពី​វគ្គ​ខគម្ពីរ​នេះ​កាន់តែ​ច្បាស់​ថែមទៀត ។

  • រៀបចំខ្លួន​សម្រាប់​ការប្រជុំធម្មនិដ្ឋាន—សូម​ឲ្យ​សិស្ស​មាន​ឱកាស​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ នៅពេល​ពួកគេ​រៀបចំ និង​និយាយ​នៅក្នុង​ការប្រជុំធម្មនិដ្ឋាន​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ។ សូម​ជួយ​ពួកគេ​ឲ្យ​រៀបចំ​សង្ខេប​បរិបទ ពន្យល់​ពី​គោលលទ្ធិ និង​គោលការណ៍ ចែកចាយ​ពី​បទពិសោធន៍ ឬ​ឧទាហរណ៍​ដ៏​មានន័យ និង​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​វគ្គ​ខគម្ពីរ​នោះ ។ អ្នក​ក៏​អាចណែនាំ​ថា សិស្ស​គួរ​គិត​ពី​ការប្រើ​ការ​អនុវត្ត​ន៍ជាក់​ស្តែង​​ដើម្បី​ពន្យល់​ពី​គំនិត​នៅក្នុង​ខគម្ពីរ​នេះ​ដែរ ។

ការស្គាល់​ពី​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

សូម​ជួយ​សិស្ស​ឲ្យ​យល់ និង​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ ។ អែលឌើរ រ៉ូបឺត ឌី ហែល បាន​ពន្យល់​ថា « គ្រូបង្រៀន​ដ៏ពិត​ម្នាក់ នៅ​ពេល​គាត់​បាន​បង្រៀនពី​ការពិត [ នៃ​ដំណឹងល្អ ] … នោះ​គាត់​បាន​ជួយ​ ​​[ សិស្ស ] ឲ្យ​បោះ​ជំហាន​ទៅ​មុខ​មួយឲ្យ​បោះ​ឆ្ងាយ​ជាងមុន ​ដើម្បីទទួល​បាន​សាក្សី​ខាង​វិញ្ញាណ និង​ការយល់ដឹង​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ដែល​នាំ​ឲ្យ​មាន​សកម្មភាព ​និងការ​ធ្វើការ » ( « Teaching by Faith » [ សុន្ទរកថា​ទៅកាន់​អ្នកអប់រំ​សាសនា CES ថ្ងៃ​ទី 1 ខែ​កុម្ភៈ ឆ្នាំ 2002 ] ទំព័រ 5 si.lds.org ) ។នៅពេល​សិស្ស​ទទួល​អារម្មណ៍​ពី​សេចក្តីពិត សារៈសំខាន់ និង​ភាពបន្ទាន់នៃ​គោលការណ៍ ឬ គោលលទ្ធិ​តាមរយៈ​ឥទ្ធិពល​ពី​ព្រះវិញ្ញណ នោះ​ការតាំងចិត្ត​ដើម្បី​អនុវត្ត​សេចក្តីពិត​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ក៏លូតលាស់​ឡើងដែរ ។គ្រូបង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​អញ្ជើញ និង​ចិញ្ចឹម​អារម្មណ៍​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ទាំងនេះ ដោយ​ការផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន​នៅក្នុង​ការរស់នៅ​តាម​គោលការណ៍នៃដំណឹងល្អ ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ​នេះ ។ ការណ៍​​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ​នេះ ហើយ​ធានា​ថា​សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​ឆ្លាក់​ជាប់​នៅក្នុង​ចិត្ត​របស់​សិស្ស ។ សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មានដឹង​ពី​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ ៖

  • ការស្ដាប់​រក​វគ្គ​ខគម្ពីរ—អញ្ជើញ​ឲ្យ​សិស្ស​ស្ដាប់រក​នូវ​វគ្គ​ចំណេះចំណានខគម្ពីរ​នៅក្នុង​ការនិយាយ និង​មេរៀន​នានា​នៅក្នុង​សាសនាចក្រ នៅក្នុង​ការថ្លែង​សន្និសីទទូទៅ និង​នៅក្នុង​ការពិភាក្សា​ជាមួយ​នឹង​គ្រួសារ និង​មិត្ត​ទាំងឡាយ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ម្ដងម្ដាល​ពី​ខគម្ពីរ​ដែល​ពួកគេ​បាន​ស្ដាប់ របៀប​ដែល​ខគម្ពីរ​នោះ​ត្រូវបាន​ប្រើ សេចក្ដីពិត​ដែល​វា​បង្រៀន និង​បទពិសោធន៍​ដែល​ពួកគេ ឬ​អ្នកដទៃ​បាន​ទទួល​បាន​ពី​សេចក្ដីពិតដែល​បាន​បង្រៀន​នោះ ។ សូម​រកមើល​ឱកាស​ដើម្បី​ធ្វើទីបន្ទាល់ ( ហើយ​សូម​ឲ្យ​សិស្ស​ធ្វើទីបន្ទាល់ ) អំពី​សេចក្ដីពិត​ដែល​បង្រៀន​ដោយ​វគ្គ​ចំណេះចំណានខគម្ពីរ​នេះ ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ អនុវត្ត ​វគ្គ​ចំណេះចំណានខគម្ពីរ

ការ​បង្រៀន

វគ្គ​ចំណេះចំណានខគម្ពីរ និង​គោលលទ្ធិ​គ្រឹះ​ត្រូវបានបង្កើត​ឡើង​​ជា​មួយ​គ្នា ហើយ​មាន​បំណងដើរ​ទន្ទឹម​គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្ស ។ ( វគ្គ​ចំណេះចំណានខគម្ពីរ​ត្រូវបាន​បង្ហាញ​នៅក្នុង​ឯកសារ​គោលលទ្ធិ​គ្រឹះ ) ។ នៅពេល​សិស្ស​រៀន និង​បង្ហាញ​ពី​គោលលទ្ធិ និង​គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ នោះពួកគេ​ក៏​នឹង​អាច​រៀន និង​បង្ហាញ​ពី​គោលលទ្ធិ​គ្រឹះ​បាន​ដែរ ។ ហើយ​នៅពេល​សិស្ស​រៀន​ដើម្បី​បង្ហាញ​ពី​គោលលទ្ធិ​គ្រឹះ​ជា​សម្ដី​ខ្លួន​ឯង​នោះ ពួកគេ​អាច​ពឹងលើ​វគ្គ​ចំណេះចំណានខគម្ពីរ​ដែល​ទន្ទេញ​ចាំ​ដើម្បី​ជួយ​ដល់​ពួកគេ ។ ការ​ឲ្យ​សិស្ស​មាន​ឱកាស​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​ដោយ​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ អាច​ជួយ​បង្កើន​ទំនុកចិត្ត​សិស្ស​ទៅលើ​ខ្លួនគេ និង​ទៅលើ​ចំណេះដឹង​របស់​គេ​អំពី​ព្រះគម្ពីរ ។ នៅពេល​សិស្ស​បង្រៀន និង​ធ្វើទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ នោះ​ពួកគេ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​វគ្គ​ចំណេះចំណានខគម្ពីរ​ដើម្បី​បង្រៀន និង​ពន្យល់​ដំណឹងល្អ​នៅក្នុង​ថ្នាក់ និង​ក្នុង​ការសន្ទនា​ជាមួយ​នឹង​មិត្តភក្ដិ គ្រួសារ និង​អ្នកដទៃ ។

  • ការបង្ហាញ​សារលិខិត—សូម​ចាត់​ឲ្យ​សិស្ស​រៀបចំខ្លួន​ដើម្បី​និយាយ ឬ​បង្រៀន​ពី 3 ទៅ 5 នាទី​ដោយ​ផ្អែកលើ​វគ្គ​ចំណេះចំណានខគម្ពីរ ។ សូម​ឲ្យ​ពួកគេ​រៀបចំ​នៅក្នុង​ថ្នាក់ ឬ​នៅផ្ទះ ។ បន្ថែមទៅលើ​វគ្គ​ចំណេះចំណានខគម្ពីរ ពួកគេ​អាច​ប្រើ​ធនធាន​ផ្សេងទៀត​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ ដូចជា​កាត​ចំណេះចំណានខគម្ពីរ ការណែនាំតាមប្រធានបទ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ​ពិតចំពោះ​សេចក្ដីជំនឿ ៖ សេចក្ដីយោង​នៃ​ដំណឹងល្អ ។ ការនិយាយ ឬ​មេរៀន​នីមួយៗ​គួរ​រួមមាន​នូវ​បុព្វ​ប្រយោគ វគ្គ​ចំណេះចំណានខគម្ពីរ ការតំណាលរឿង ឬ​ឧទាហរណ៍​ពី​គោលការណ៍​ដែល​បាន​បង្រៀន និង​ទីបន្ទាល់​របស់​សិស្ស ។ សិស្ស​អាច​ស័្មគ្រចិត្ត​និយាយ​នៅក្នុង​ថ្នាក់ នៅក្នុង​រាត្រីជួបជុំក្រុមគ្រួសារ ឬ​ដល់​កូរ៉ុម ឬ​ថ្នាក់​របស់​គេ​ជា​ផ្នែក​នៃ​ការធ្វើ​សៀវភៅ​កាតព្វកិច្ចចំពោះព្រះ ឬ​ការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារី​របស់​គេ ។ ប្រសិនបើ​សិស្ស​ធ្វើការ​និយាយ ឬ​បង្រៀន​ខាងក្រៅ​ថ្នាក់ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​បទពិសោធន៍​របស់​គេ ។

  • ការសម្ដែង​​ជា​អ្នកផ្សព្វផ្សាយសាសនា—សូម​រៀប​ចំ​កាតមួយ​ចំនួន​ដោយ​មាន​សំណួរ​ដែល​អ្នករៀន​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយសាសនា​អាច​សួរ ដែល​អាច​ត្រូវ​ឆ្លើយ​ដោយ​មាន​ជំនួយ​ពី​វគ្គ​ចំណេះចំណានខគម្ពីរ ( ឧទាហរណ៍ « តើ​សមាជិក​នៃ​សាសនា​របស់​អ្នក​ជឿ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ » ? ) សូម​អញ្ជើញ​សិស្ស​មួយ​គូ​ឡើង​មក​ខាងមុខ​ថ្នាក់​ដើម្បី​ឆ្លើយនឹង​សំណួរ​ដែល​ជ្រើសរើស​ពី​កាត​ទាំងនោះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​អ្នកផ្សព្វផ្សាយសាសនា​អាច​ឆ្លើយ​នឹង​សំណួរ​ដូចគ្នា​នេះ អ្នក​អាច​បង្រៀន​វិធីសាស្ដ្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្រៀន​ពីរ​បី​ដូចជា (1) ការនិយាយ​ពី​បរិបទ​នៃ​វគ្គ​ខគម្ពីរ (2) ការពន្យល់​ពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ (3) ការសួរ​សំណួរដើម្បីដឹង​ថា​តើ​អ្នកដែល​ពួកគេ​បង្រៀន​នោះ​យល់ ឬ​ជឿ​ដល់​អ្វី​ដែល​ពួកគេ​បង្រៀន​ដែរ​ឬ​ទេ (4) ការចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់ ហើយ​និង (5) អញ្ជើញ​អ្នកដែល​ពួកគេ​បង្រៀន​ឲ្យ​ធ្វើសកម្មភាព​តាម​សេចក្ដីពិត​ដែល​បាន​បង្រៀន​នោះ ។ សូម​ឲ្យ​សិស្ស​ផ្ដល់​នូវ​មតិយោបល់​រិះគន់​ចំពោះ​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ពី​របៀប​ដែល​ដៃគូ​នីមួយៗ​បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់​គេ ។

  • ថ្លែង​ទីបន្ទាល់—អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​ចំណេះចំណានខគម្ពីរ ហើយ​ជ្រើសរើស​ខគម្ពីរ​មួយ​ដែល​រួមមាន​គោលលទ្ធិ ឬ​គោលការណ៍​ដែល​ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​បាន ។ សូម​ឲ្យ​ពួកគេ​ធ្វើទីបន្ទាល់​អំពី​សេចក្តីពិត ដែល​ពួកគេ​បាន​ជ្រើសរើស និង​ចែកចាយ​បទពិសោធន៍​ដែល​បាន​នាំ​ពួកគេ​ឲ្យ​អាច​ធ្វើទីបន្ទាល់​ពី​វា​បាន ។ នៅពេល​សិស្ស​ចែក​រំលែក​ទីបន្ទាល់​របស់​គេ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បញ្ជាក់​ពី​សេចក្តីពិត​នៃ​គោលលទ្ធិ ឬ​គោលការណ៍​ដែល​ពួកគេ​កំពុង​ធ្វើ​ទីបន្ទាល់​នោះ ។ ទីបន្ទាល់​របស់​គេ​ក៏​អាច​បំផុស​គំនិត​ដល់​អ្នកដទៃ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​បាន​ដែរ ។

    កំណត់ចំណាំ ៖ ឱកាស​សម្រាប់​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​គេ គួរ​ធ្វើ​ដោយ​ការស្ម័គ្រចិត្ត ។ សិស្ស​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​គេ ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវ​មាន​ចំណេះដឹង​ត្រឹមត្រូវ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​មិន​មាន​នោះ​ទេ ។ បន្ថែម​លើ​នេះ សិស្ស​ខ្លះ​អាច​ស្ទាក់ស្ទើរ​នឹង​ចែកចាយ​ទីបន្ទាល់​របស់​គេ ដោយសារ​ពួកគេ​គិត​ខុស​ថា ពួកគេ​ត្រូវ​ចាប់ផ្ដើម​ដោយ « ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ … » ឬ​ថា​ការបង្ហាញ​ទីបន្ទាល់​របស់​គេ​ត្រូវតែ​ប្រកប​ដោយ​អារម្មណ៍​ទោរទន់ ។ សូម​ជួយសិស្ស​ឲ្យយល់​ថា នៅពេល​ពួកគេ​ធ្វើទីបន្ទាល់ ពួគគេ​អាច​គ្រាន់តែ​ចែក​រំលែក​នូវ​គោលលទ្ធិ ឬ​គោលការណ៍​ដែល​ពួកគេ​ដឹង​ថា វា​ពិត​ប៉ុណ្ណោះ ។ ការ​ចែក​រំលែក​ទីបន្ទាល់ អាច​ធ្វើ​ដោយ​គ្រាន់តែ​និយាយ​ថា « ខ្ញុំ​ជឿ​ថា​ការណ៍​នេះ​គឺ​ពិត » ឬ « ខ្ញុំ​ដឹង​ថា​វា​ពិត » ឬ « ខ្ញុំ​ជឿ​ដល់​ការណ៍​នេះ​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ » ។

ការរស់នៅ

សូម​ស្នើ​ពី​របៀប​ដែល​សិស្ស​អាច​អនុវត្ត​នូវ​គោលលទ្ធិ និង​គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​ព្រះគម្ពីរ ( ឬ​សូម​ឲ្យ​សិស្ស​គិតពី​របៀបនានា ) ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​រៀន​ដោយ​ការអនុវត្ត​ន៍សេចក្ដីជំនឿ ។ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖

« អ្នករៀន​ម្នាក់​ដែល​អនុវត្ត​សិទ្ធិជ្រើសរើស​ដោយ​ការធ្វើ​សកម្មភាព​តាម​គោលការណ៍​ត្រឹមត្រូវ​បាន​បើក​​ដួងចិត្ត​របស់​គេ​ចំពោះ​ព្រះវិញ្ញាណបរិសុទ្ធ និង​អញ្ជើញ​ការបង្រៀន​របស់​ទ្រង់ ធ្វើទីបន្ទាល់​អំពី​ព្រះចេស្តា និង​បញ្ជាក់​ពី​ទីបន្ទាល់ ។ ការរៀន​ដោយ​សេចក្ដីជំនឿ​តម្រូវឲ្យ​មាន​ការខិតខំ​ខាងវិញ្ញាណ ស្មារតី និង​រាងកាយ ហើយ​មិនមែន​ការទទួល​ដោយ​អសកម្ម​នោះ​ទេ ។ « វា​គឺ​នៅក្នុង​សេចក្តីស្មោះត្រង់ និង​ភាពខ្ជាប់ខ្ជួន​នៃ​សេចក្តី​ជំនឿ​ដែល​បាន​បំផុស​គំនិត​របស់​យើង​ឲ្យ​ធ្វើ​សកម្មភាព​ដែល​យើង​បង្ហាញ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ នូវ​ការស្ម័គ្រ​ចិត្ត​របស់​យើង​ដើម្បី​រៀន និង​ទទួល​យក​ការបង្ហាត់បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Seek Learning by Faith » Ensign, ខែ កញ្ញា ឆ្នាំ 2007, ទំព័រ 64 ) ។

សូម​ឲ្យសិស្ស​មាន​ឱកាស​ចែកចាយ និង​ធ្វើទីបន្ទាល់​អំពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន​ក្នុង​ការអនុវត្ដ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ដ​វគ្គ​ចំណេះចំណានខគម្ពីរ​នៅក្នុង​ជីវិត​របស់​គេ ៖

  • ការដាក់​គោលដៅ—ដោយ​ផ្អែកលើ​ផ្នែក​ដែល​អនុវត្ត​នៃ​កាត​ចំណេះចំណានខគម្ពីរ សូម​ឲ្យ​សិស្ស​ដាក់​គោលដៅ​ជាក់លាក់​ដើម្បី​រស់នៅ​តាម​គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ​នេះ​បាន​កាន់តែ​ប្រសើរ ។ សូម​ឲ្យ​ពួកគេ​សរសេរ​គោលដៅ​របស់​គេ​នៅលើ​ក្រដាស​មួយ​យកតាម​ខ្លួន​គេ​ដើម្បី​រំឭក ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​ជោគជ័យ​របស់​គេ​នៅពេល​មានពេល​វេលា​សមរម្យ ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ ទន្ទេញចាំ ​វគ្គ​ចំណេះចំណានខគម្ពីរ

ការទន្ទេញចាំ

ការទន្ទេញចាំ​វគ្គ​ព្រះគម្ពីរ អាច​ពង្រីក​ការយល់ដឹង និង​ពង្រឹង​សមត្ថភាព​របស់​សិស្ស​ក្នុង​ការបង្រៀន​ដំណឹងល្អ ។ នៅ​ពេល​សិស្ស​ទន្ទេញ​បទ​គម្ពីរ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចាំឃ្លា និង​គំនិត​ នៅ​ពេល​ដែល​ពួក​គេ​ជួប​ការ​ពិបាក ( សូមមើល យ៉ូហាន 14:26; គ. និង ស. 11:21 ) ។ សូម​ចាំ​ថា​ត្រូវ​សម្រប​សកម្មភាព​ទន្ទេញ​ចាំ​នេះ​តាម​សមត្ថភាព​របស់​សិស្ស​អ្នក ។ អែលឌើរ រីឆាត ជី. ស្កត នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការទន្ទេញចាំ​ខគម្ពីរ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា ៖

« អំណាច​ដ៏​អស្ចារ្យ​អាច​ចេញមកពី​ការទន្ទេញ​ចាំ​ខគម្ពីរ ។ ការទន្ទេញចាំ​ខគម្ពីរ គឺ​ការបង្កើត​នូវ​មិត្តភាព​ថ្មី​មួយ ។ វា​ដូចជា​ការស្វែងរក​បុគ្គល​ថ្មី​មួយ ដែល​អាច​ជួយ​អ្នក​ក្នុងពេល​អាសន្ន ផ្ដល់​នូវ​ការបំផុសគំនិត និង​ការលួងលោម និង​ជា​ប្រភព​នៃ​ការជម្រុញទឹកចិត្ត​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ចាំបាច់ » ( « The Power of Scripture » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 6 ) ។

សកម្មភាព​ខាងក្រោម​នីមួយៗ​អាច​ធ្វើ​ដដែលៗ​បីបួន​ថ្ងៃ​ជាប់ៗគ្នា​នៅពេល​ចាប់ផ្ដើម​ថ្នាក់ ឬ​ពេល​បញ្ចប់​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញចាំ​វា​បាន​យូរ ៖

  • ការប្រកួត​តែ​មួយ​ពាក្យ— សូម​តាំង​ចិត្ត​សិស្ស​ឲ្យ​សូត្រ​វគ្គ​ចំណេះចំណានខគម្ពីរ តែ​មួយពាក្យ​ម្នាក់​ៗ ម្តង​ម្នាក់ៗ ។ ឧទាហរណ៍ នៅពេល​ជួយ​សិស្ស​ឲ្យទន្ទេញ អាលម៉ា 39:9 សិស្ស​ទីមួយ​នឹង​និយាយ​ពាក្យ ឥឡូវនេះ សិស្ស​ទីពីរ​នឹង​និយាយ​ថា ឱ​កូនប្រុស សិស្ស​ទីបី​និយាយ​ថា របស់​ឪពុក​អើយ ហើយ​បន្ដបន្ទាប់​រហូតដល់​ខគម្ពីរ​ទាំងមូល​បញ្ចប់ ។ សូម​​ផ្ទៀងពេល​ដល់​សិស្ស ហើយ​ឲ្យ​ពួកគេ​មាន​ព្យាយាម​ធ្វើ​ឲ្យ​បាន​ច្រើនដង​ដើម្បី​សម្រេច​ក្នុង​ពេល​កំណត់​មួយ ។ នៅពេល​អ្នក​ធ្វើ​សកម្មភាព​នេះ​សាឡើងវិញ សូម​គិត​ពី​ការប្ដូរ​លំដាប់​សិស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​និយាយ​ពាក្យ​ខុស​គ្នា ។

  • អក្សរ​ដំបូង—សរសេរ​នៅលើ​ក្ដារខៀន​នូវ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​នៅក្នុង​វគ្គ​ចំណេះចំណានខគម្ពីរ ។ សូម​ចង្អុល​អក្សរ នៅពេលសិស្ស​ថា​ខគម្ពីរ​ឡើង​វិញ​ជាមួយ​នឹង​អ្នក ដោយ​ប្រើ​ព្រះគម្ពីរ​របស់​គេ​ពេល​ត្រូវការ ។ សូម​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ រហូតដល់​សិស្ស​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​គេ​ក្នុង​ការទន្ទេញ​ចាំ​ខគម្ពីរ​មួយ​ដោយ​គ្រាន់តែ​មាន​ជំនួយ​ពី​អក្សរ​ដំបូង​មួយ​ប៉ុណ្ណោះ ។ អ្នក​អាច​លុប​អក្សរ​ពីរបី​រាល់ពេល​ដែល​សិស្ស​ទន្ទេញ​ខគម្ពីរ​នេះ ។ ការណ៍​នេះ​នឹង​បង្កើន​ការពិបាក​បន្ដិចម្ដងៗ​រហូតដល់​សិស្ស​អាច​ទន្ទេញចាំ​ខគម្ពីរ​ដោយ​មិន​ចាំបាច់​ប្រើ​អក្សរ​ដំបូង ។

  • ល្បែង​តម្រៀប​ពាក្យ— សរសេរ ឬ​សូម​ឲ្យសិស្ស​សរសេរ​ពាក្យ​មក​ពី​វគ្គ​ចំណេះចំណានខគម្ពីរ​នៅលើ​ក្រដាស​មួយ​ដែល​មាន​ជួរ ។ សូម​កាត់​ក្រដាស​នោះ​តាម​ជួរ ដោយ​ទុកជួរ​ខគម្ពីរ​ទាំងមូល ។ សូម​កាត់​ជួរ​ខ្លះ​ចេញឲ្យ​ខ្លី​ជាងមុន​ដើម្បី​បញ្ចូល​នូវ​ពាក្យ​ពីរ​បី​នៃ​ខគម្ពីរ​នៅលើ​ក្រដាស​នីមួយៗ ។ សូម​ច្របល់​ក្រដាស​ចូលគ្នា ហើយ​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ឬ​ក្រុមតូច​មួយ ។ សូម​ឲ្យ​សិស្ស​តម្រៀប​ក្រដាស​ជា​ជួរ​តាម​លំដាប់ ដោយ​ប្រើ​ព្រះគម្ពីរ​របស់​គេ​ជា​អ្នកណែនាំ ។ សូម​ឲ្យ​ពួកគេ​ធ្វើ រហូតដល់​ពួកគេ​លែង​ត្រូវការ​ប្រើ​ព្រះគម្ពីរ​របស់​គេ ។ ក្រោយ​ពី​ពួកគេ​បាន​បញ្ចប់​ហើយ សូម​ឲ្យ​ពួកគេ​ទន្ទេញ​ខគម្ពីរ​នោះ​ឮៗ ។ អ្នក​ក៏​អាច​កំណត់ពេល​ដល់​សិស្ស​ដើម្បី​ដឹង​ថា តើ​ក្រុមមួយ​ណា​អាច​រៀបចំ​ពាក្យ​ត្រឹមត្រូវ​តាម​លំដាប់​បាន​លឿន​ជាងគេ​បំផុត ។ ឬ អ្នក​អាច​កំណត់ពេល​ដល់​សិស្ស​ទាំងអស់​ដើម្បី​ដឹង​ថា​តើ​វា​ត្រូវការពេល​ប៉ុន្មាន​សម្រាប់​ក្រុម​ទាំងអស់​បញ្ចប់​ល្បែង​នេះ ( នៅពេល​ក្រុម​ទីមួយ​បញ្ចប់ សូម​ឲ្យពួកគេ​ជួយ​ដល់​ក្រុម​ដែល​យឺត​ជាង ) ។

បោះពុម្ព